សិស្ស
ដ៏ពិតរបស់
ព្រះយេស៊ូវ
លោកគ្រូ វិលាម មេកដានុល
William MacDonald
បោះពុម្ពលើកទី១ ឆ្នាំ១៩៦២
បោះពុម្ពជាភាសាខ្មែររក្សាសិទ្ធិ ២០១៤
លោកគ្រូ វិលាម មេកដានុល
រក្សាសិទ្ធិគ្រប់បែបយ៉ាង
First printing 1962
This edition copyright 2014
William MacDonald
All rights reserved
អ្នកនិពន្ធសៀវភៅ សិស្សដ៏ពិតរបស់ព្រះយេស៊ូវ មិនអាចផ្ដល់នូវម្ចាស់ដើមនៃសម្រង់សម្ដីមួយចំនួននៅក្នុងសៀវភៅនេះបានទៀតទេ។ ប្រសិនបើ គាត់អាចរកឃើញនូវម្ចាស់ដើមនៃសម្រង់សម្ដីទាំងនោះ យើងនឹងបញ្ចូលទៅក្នុងការបោះពុម្ពលើកក្រោយៗទៀត។ សម្រាប់សម្រង់សម្ដីតែមួយឃ្លាៗ គាត់បានដាក់តែឈ្មោះអ្នកនិពន្ធតែប៉ុណ្ណោះ។
ផលិតដោយ៖ សកម្មភាពកម្ពុជា [email protected]
ប្រអប់សំបុត្រលេខ ១១៧៨ រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
បកប្រែដោយ៖ លោក ផេង វណ្ណៈ, លោកអនុបណ្ឌិត ផេង ភារៈ និងលោក វ៉ែល ណាថាន
អ្នកបកប្រែកំណាព្យ៖ លោក ហេង ពិសិដ្ឋ
ពិនិត្យផ្ទៀងផ្ទាត់ដោយ៖ លោក ជួប ប៊ុនហាក់, លោក ឈាង បូរ៉ា និងលោក វ៉ែល ណាថាន
សូមថ្លែងអំណរគុណចំពោះ៖ លោកស្រី សំ ថាវី, លោកស្រី អ៊ែវិនសិន វន្នី, លោកស្រី កង សុគន្ធរ័ត្ន, កញ្ញា សុគន្ធ ចិន្ដាមណី និងលោក ផុន ស្រីអែម
យើងខ្ញុំបានរក្សាអក្ខរាវិរុទ្ធនៃសម្រង់ខគម្ពីរដែលមាននៅក្នុងព្រះគម្ពីរបកប្រែចាស់ឆ្នាំ១៩៥៤, ព្រះគម្ពីរសញ្ញាថ្មី កែសម្រួលឆ្នាំ២០១៤ (គកស), ព្រះគម្ពីរដ៏វិសុទ្ធជាភាសាខ្មែរបច្ចុប្បន្ន (គខប), ព្រះគម្ពីរគ្រិស្តបរិស័ទខ្មែរ (គគខ), ក៏ដូចជាអសាធារណនាមមួយចំនួន ប៉ុន្តែសំណេរនៅក្នុងអត្ថបទទាំងមូលយើងខ្ញុំបានខិតខំព្យាយាមគោរពតាមអក្ខរាវិរុទ្ធនៃវចនានុក្រមខ្មែររបស់សម្ដេចសង្ឃរាជ ជួន ណាត។
For ordering information please visit:
ប្រសិនបើលោកអ្នកចង់ជាវសៀវភៅនេះ សូមចូលទៅកាន់គេហទំព័រ៖
Cambodian Christian Resources
បុព្វកថា
សៀវភៅនេះកើតចេញមកពីការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ដើម្បីស្រង់យកនូវគោលការណ៍សំខាន់ៗនៃភាពជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទតាមកណ្ឌគម្ពីរសញ្ញាថ្មី។ ប្រហែលជាមានអ្នកខ្លះបានឃើញពីគោលការណ៍ទាំងនេះនៅក្នុងព្រះបន្ទូលជាយូរឆ្នាំមកហើយ ប៉ុន្តែទោះជាយ៉ាងនេះក្តីយើងខ្ញុំសន្និដ្ឋានថា គោលការណ៍ទាំងនេះហាក់ដូចជាខ្លាំងក្លា ហើយពិបាកអនុវត្តនៅយុគសម័យដ៏ស្មុគស្មាញដែលយើងខ្ញុំកំពុងរស់នៅសព្វថ្ងៃនេះ។ ហេតុដូច្នេះហើយបានជាយើងខ្ញុំមិនរវីរវល់នឹងព្រះបន្ទូលរបស់ទ្រង់។
ក្រោយមក យើងខ្ញុំក៏បានជួបយុវជនជាអ្នកជឿមួយក្រុមដែលបានប្ដេជ្ញាចិត្តរស់នៅ តាមលក្ខខណ្ឌនៃភាពជាសិស្សរបស់ព្រះសង្គ្រោះ ដោយសារពួកគេជឿថា លក្ខខណ្ឌទាំងនោះមិនគ្រាន់តែមានប្រយោជន៍យ៉ាងក្រៃលែងដល់យើងប៉ុណ្ណោះនោះទេ ប៉ុន្តែវាថែមទាំងជាផ្លូវតែមួយគត់ដែលយើងអាចផ្សាយដំណឹងល្អដល់មនុស្សលោកទាំងអស់បាន។
យើងខ្ញុំទទួលស្គាល់ថា យើងខ្ញុំអាចនិពន្ធសៀវភៅនេះបានដោយសារតែមានយុវជនទាំងនោះជាជំនួយ តាមរយៈគំរូដ៏រស់រវើករបស់ពួកគេទាក់ទងនឹងសេចក្តីពិតដែលមានបញ្ជាក់នៅក្នុងសៀវភៅនេះ។
ទោះបើសេចក្ដីពិតទាំងនេះខ្ពស់ហួសពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់យើងខ្ញុំក៏ដោយ ក៏យើងខ្ញុំនៅតែចង់បង្រៀនសេចក្ដីពិតទាំងនេះទុកដូចជាអ្វីដែលយើងខ្ញុំចង់ប្រព្រឹត្តតាមដែរ។
— លោក វិលាម មេកដានុល
(William MacDonald)
សេចក្ដីផ្ដើម
ផ្លូវដែលមនុស្សអាចឈានទៅដល់ភាពជាគ្រីស្ទបរិស័ទដ៏ពិតបាន ចាប់ផ្ដើមនៅពេលដែលមនុស្សម្នាក់នោះកើតជាថ្មី។ ផ្លូវនោះអាចចាប់ផ្ដើមបាន នៅពេលដែលបុគ្គលម្នាក់បានព្រឹត្តិការណ៍ដូចខាងក្រោម៖
ព្រឹត្តិការណ៍ទាំងប៉ុន្មានមុននេះ គឺជារបៀបដែលមនុស្សម្នាក់អាចក្លាយទៅជាគ្រីស្ទបរិស័ទ។ ការបញ្ជាក់សេចក្តីទាំងនេះជាមុន គឺជាការសំខាន់ណាស់ ពីព្រោះមនុស្សជាច្រើនគិតថា ការក្លាយជាគ្រីស្ទបរិស័ទ គឺគ្រាន់តែអាស្រ័យទៅលើការរស់នៅបែបជាគ្រីស្ទបរិស័ទប៉ុណ្ណោះ។ ប៉ុន្តែតាមពិតមិនដូច្នោះទេ! ជាដំបូង លោកអ្នកត្រូវតែក្លាយទៅជាគ្រីស្ទបរិស័ទជាមុនសិន មុននឹងលោកអ្នកអាចរស់នៅបែបជាគ្រីស្ទបរិស័ទបាន។
ជីវិតនៃភាពជាសិស្សដែលបានរៀបរាប់ជូនក្នុងទំព័របន្តបន្ទាប់ គឺជាជីវិតអធិធម្មជាតិមួយ។ យើងគ្មានអំណាចអាចរស់នៅបែបនោះដោយខ្លួនយើងផ្ទាល់បានទេ។ យើងត្រូវការអំណាចដែលមកពីព្រះជាម្ចាស់។ មានតែនៅពេលដែលយើងបានកើតជាថ្មីតែប៉ុណ្ណោះ ទើបអាចឲ្យយើងទទួលអំណាច ហើយរស់នៅស្របតាមសេចក្តីបង្រៀនរបស់ព្រះយេស៊ូវបាន។
មុននឹងលោកអ្នកអានបន្តទៅមុខទៀត សូមសួរខ្លួនឯងជាមុនសិនថា៖ «តើខ្ញុំបានកើតជាថ្មីហើយឬនៅ? តើខ្ញុំបានក្លាយជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ដោយសារជំនឿនៅក្នុងព្រះអម្ចាស់យេស៊ូវហើយឬនៅ?»
ប្រសិនបើលោកអ្នកមិនទាន់ទេ ចូរទទួលទ្រង់ធ្វើជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់លោកអ្នកឥឡូវនេះចុះ។ បន្ទាប់មក ប្ដេជ្ញាចិត្តនឹងស្ដាប់បង្គាប់ទ្រង់នូវគ្រប់ការទាំងអស់ដែលទ្រង់បានបង្គាប់បញ្ជាមក ទោះបីជាការនោះទាមទារឲ្យលោកអ្នកលះបង់យ៉ាងណាក៏ដោយ។
ជំពូកទី១
លក្ខខណ្ឌនៃភាពជាសិស្ស
ភាពជាគ្រីស្ទបរិស័ទដ៏ពិត គឺជាការប្ដូរផ្តាច់ចំពោះព្រះអម្ចាស់យេស៊ូវគ្រីស្ទយ៉ាងអស់ពីកាយពីចិត្ត។
ព្រះសង្គ្រោះមិនមែនរកអស់បុរសស្ត្រីទាំងឡាយណាដែលនឹងថ្វាយពេលទំនេរនាពេលល្ងាចរបស់ពួកគេ ឬក៏ថ្ងៃចុងសប្ដាហ៍របស់ពួកគេ ឬក៏អំឡុងឆ្នាំនៃការចូលនិវត្តន៍របស់ពួកគេនោះទេ តែទ្រង់ស្វែងរកអស់អ្នកទាំងឡាយណាដែលនឹងយកទ្រង់ជាអាទិភាពចម្បងនៅក្នុងជីវិតរបស់ពួកគេវិញ។
សព្វថ្ងៃនេះទ្រង់នៅតែបន្តស្វែងរកដូចជាកាលដែលទ្រង់ធ្លាប់បានស្វែងរកជាយូរមកហើយនោះដែរ ទ្រង់មិនមែនរកហ្វូងមនុស្ស ដែលអណ្ដែតត្រសែតឥតគោលដៅនៅក្នុងការដើរតាមគន្លងរបស់ទ្រង់នោះទេ ប៉ុន្តែទ្រង់រកអស់បុគ្គលទាំងឡាយណា ដែលមានភក្ដីភាពជាអមតៈចំពោះទ្រង់ ហើយភក្ដីភាពនោះកើតមានឡើងនៅពេលដែលបុគ្គលទាំងនោះទទួលស្គាល់ថា ទ្រង់សព្វព្រះហឫទ័យចំពោះអ្នកទាំងឡាយណាដែលបានត្រៀមខ្លួនដើម្បីដើរតាមគន្លងនៃការលះកាត់ចិត្តខ្លួនឯង។ គន្លងនោះទ្រង់បានដើរមុនពួកគេរួចជាស្រេចហើយ។
— លោក អេឆ. អេ. អ៊ែវិន ហប់គិនស៍
(H. A. Evan Hopkins)១
ការឆ្លើយតបដ៏ត្រឹមត្រូវទៅនឹងយញ្ញបូជារបស់ព្រះគ្រីស្ទនៅលើភ្នំលលាដ៍ក្បាលមានតែមួយគត់គឺ យើងត្រូវចុះចូលចំពោះព្រះគ្រីស្ទទាំងស្រុងដោយឥតលក្ខខណ្ឌ។ ការថ្វាយព្រលឹង ជីវិត និងគ្រប់ទាំងអស់របស់យើងដល់ព្រះជាម្ចាស់ គឺជាផ្លូវតែមួយគត់ដែលយើងអាចឆ្លើយតបចំពោះសេចក្តីស្រឡាញ់ដ៏អស្ចារ្យក្រៃលែងរបស់ទ្រង់បាន។
ព្រះអម្ចាស់យេស៊ូវបានទាមទារយ៉ាងតឹងរ៉ឹងលើពួកអ្នកដែលនឹងក្លាយទៅជាសិស្សរបស់ទ្រង់ ប៉ុន្តែមនុស្សគ្រប់គ្នាក្នុងសម័យដ៏ហ៊ឺហានាពេលបច្ចុប្បន្ននេះ ស្ទើរតែមើលរំលងលើការទាមទារទាំងអស់នោះបាត់ទៅហើយ។ ជារឿយៗយើងច្រឡំដោយស្មានថា ការធ្វើជាគ្រីស្ទបរិស័ទគឺដូចជាការរត់គេចពីស្ថាននរក ហើយធានាថានឹងបានទៅស្ថានសួគ៌។ លើសពីនេះទៅទៀត យើងគិតថា គ្រីស្ទបរិស័ទមានសិទ្ធិធ្វើអ្វីៗគ្រប់យ៉ាងតាមចិត្ត ដើម្បីធ្វើឲ្យជីវិតសប្បាយរីករាយ។ យើងបានដឹងហើយថា មានខគម្ពីរតឹងរ៉ឹងមួយចំនួនស្ដីពីភាពជាសិស្សនៅក្នុងព្រះគម្ពីរ ប៉ុន្តែយើងមានការលំបាកណាស់ក្នុងការធ្វើឲ្យខគម្ពីរទាំងនោះស្របទៅនឹងគំនិតរបស់យើងដែលគិតថា ជីវិតជាគ្រីស្ទបរិស័ទគួរមានលក្ខណៈល្អបែបនេះ ឬបែបនោះ។
យើងព្រមទទួលយកការពិតដែលថា ពួកទាហានហ៊ានប្ដូរជីវិតរបស់ពួកគេដោយបុព្វហេតុស្នេហាជាតិ ហើយយើងមិនគិតថាវាជារឿងចម្លែកនោះទេ ដែលពួកអ្នកកាន់លទ្ធិកុម្មុយនីស្ត (Communists) ឬពួកអ្នកកាន់សាសនាអ៊ីស្លាម ហ៊ានប្ដូរជីវិតរបស់ពួកគេដោយសារហេតុផលនយោបាយ ឬសាសនារបស់ពួកគេនោះ។ ប៉ុន្តែបើថា ជីវិតគ្រីស្ទបរិស័ទត្រូវតែទទួលរងនូវភាពវេទនានោះ ស្ដាប់ទៅហាក់បីដូចជាមិនទំនង ហើយពិបាកនឹងយល់។
ទោះបើយ៉ាងនេះក្តី ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវបានបញ្ជាក់យ៉ាងច្បាស់លាស់ហើយពីលក្ខខណ្ឌនៃភាពជាសិស្សរបស់ទ្រង់។ វាមិនគួរនឹងពិបាកយល់សោះ ប្រសិនបើយើងព្រមទទួលស្គាល់នូវអត្ថន័យជាក់ស្ដែងនៃខគម្ពីរទាំងនោះ។ ខាងក្រោមនេះគឺជាលក្ខខណ្ឌនៃភាពជាសិស្សដូចដែលព្រះសង្គ្រោះរបស់មនុស្សលោកបានចែងទុកមក៖
សិស្សដ៏ពិតត្រូវមានសេចក្តីស្រឡាញ់ដ៏ធំក្រៃលែង
ចំពោះព្រះយេស៊ូវគ្រីស្ទ
«បើអ្នកណាមកឯខ្ញុំ ដោយមិនស្អប់ឪពុកម្ដាយ ប្រពន្ធកូន បងប្អូនប្រុសស្រី និងសូម្បីតែជីវិតរបស់ខ្លួនទេ អ្នកនោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ» (លូកា ១៤:២៦ គបខ)។ នេះមិនមែនមានន័យថា យើងត្រូវតែមានសម្អប់ ឬបំណងអាក្រក់ចំពោះញាតិសន្តានរបស់យើងនោះទេ ប៉ុន្តែមានន័យថា សេចក្តីស្រឡាញ់របស់យើងចំពោះព្រះគ្រីស្ទគឺធំក្រៃលែង ហើយសេចក្តីស្រឡាញ់ចំពោះញាតិសន្តានមិនអាចប្រៀបស្មើនឹងសេចក្តីស្រឡាញ់ដែលយើងមានចំពោះទ្រង់បានឡើយ។ តាមពិតឃ្លាដែលពិបាកជាងគេនៅក្នុងខគម្ពីរនេះគឺ៖ «សូម្បីតែជីវិតរបស់ខ្លួន»។ ការស្រឡាញ់ខ្លួនឯងគឺជាឧបសគ្គមួយដ៏មុតស្រួចជាងគេក្នុងការធ្វើជាសិស្សរបស់ទ្រង់។ ដរាបណាយើងមិនសុខចិត្តប្រគល់ជីវិតរបស់យើងដើម្បីទ្រង់ទេ នោះយើងក៏មិនទាន់រស់នៅតាមរបៀបដែលព្រះជាម្ចាស់សព្វព្រះហឫទ័យនៅឡើយ។
សិស្សដ៏ពិតត្រូវតែ
លះកាត់ចិត្តខ្លួនឯង
«បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួន...» (ម៉ាថាយ ១៦:២៤)។ ការលះកាត់ចិត្តខ្លួនឯងមិនមែនមានន័យថា ត្រូវប្រព្រឹត្តដូចតាបសនោះទេ។ ការធ្វើដូចជាតាបសមានន័យថា ការតមអាហារមួយចំនួន តមនូវការសប្បាយរីករាយ ឬការលះបង់ទ្រព្យសម្បត្តិផ្សេងៗ។ ផ្ទុយទៅវិញ ការលះកាត់ចិត្តខ្លួនឯងនោះមានន័យថា យើងត្រូវចុះចូលយ៉ាងពេញលេញចំពោះការយកព្រះគ្រីស្ទធ្វើជាម្ចាស់ ហើយខ្លួនឯងមិនមានសិទ្ធិអំណាចអ្វីទាល់តែសោះ នោះមានន័យថា ខ្លួនឯងដាក់រាជ្យថ្វាយទ្រង់។ ការលះកាត់ចិត្តខ្លួនឯងមានបញ្ជាក់នៅក្នុងសម្រង់សម្ដីរបស់លោក ហេនរី ម័រធីន (Henry Martyn)៖ «ឱ! ព្រះជាម្ចាស់អើយ សូមកុំឲ្យទូលបង្គំមានឆន្ទៈដែលកើតចេញដោយខ្លួនឯង ឬក៏ចាត់ទុកសុភមង្គលពិតរបស់ខ្លួន ដោយការពឹងផ្អែកទៅលើស្ថានភាពខាងសាច់ឈាមទូលបង្គំនោះឡើយ ទោះបើវាស្ថិតនៅក្នុងកម្រិតដ៏តូចយ៉ាងណាក៏ដោយ ប៉ុន្តែសូមឲ្យទាំងអស់កើតមានឡើងដោយអនុលោមទៅតាមព្រះហឫទ័យរបស់ទ្រង់វិញ»។
ព្រះអម្ចាស់ខ្ញុំរុងរឿងអស្ចារ្យ ទ្រង់ឱបក្រសោបក្នុងព្រះហត្ថា
ឆន្ទៈនៃខ្ញុំគឺអង្គក្សត្រា អំណរគ្រប់គ្រាបានបម្រើទ្រង់។
— លោក អេឆ. ជី. ស៊ី. ម៉ូល
(H. G. C. Moule)
សិស្សដ៏ពិតត្រូវតែជ្រើសយក
ឈើឆ្កាងដោយចេតនា
«បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួន...» (ម៉ាថាយ ១៦:២៤)។ ឈើឆ្កាងមិននឹងពិការភាពខាងផ្លូវកាយ ឬក៏ការឈឺចាប់ខាងផ្លូវចិត្តនោះទេ ព្រោះបញ្ហាទាំងនេះវាកើតមានជាធម្មតាចំពោះមនុស្សគ្រប់ៗរូបទៅហើយ។ ផ្លូវនៃឈើឆ្កាងគឺជាគន្លងមួយដែលយើងត្រូវជ្រើសរើសដើរដោយចេតនា គឺដូចដែលលោក ស៊ី. អេ. ខូតស៍ (C. A. Coates) បានលើកឡើងថា «ផ្លូវនៃឈើឆ្កាង គឺជាគន្លងមួយដែលលោកីយ៍បានគិតថា ជាគន្លងនៃសេចក្តីអាប់យស និងសេចក្តីបន្ទោស»។ ឈើឆ្កាងតំណាងពី ភាពអាម៉ាស់ ការបៀតបៀន និងការធ្វើទុក្ខទោសដែលលោកីយ៍បានផ្ទុកលើព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ហើយដែលលោកីយ៍នឹងផ្ទុកលើអស់អ្នកទាំងឡាយណាដែលសម្រេចចិត្តក្រោកឈរ ប្រឆាំងនឹងទំនោរដែលនៅជុំវិញពួកគេ។ យើងអាចគេចពីភាពអាម៉ាស់នៃឈើឆ្កាងបានយ៉ាងងាយ ដោយគ្រាន់តែត្រាប់តាមរបៀបនៃលោកីយ៍។
សិស្សដ៏ពិតត្រូវតែចំណាយជីវិត
ដើរតាមព្រះគ្រីស្ទ
«បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ» (ម៉ាថាយ ១៦:២៤)។ ដើម្បីឲ្យយើងយល់ពីអត្ថន័យពីថាសេចក្តីទាំងនេះមានន័យយ៉ាងដូចម្តេច គឺយើងគ្រាន់តែត្រូវសួរខ្លួនឯងថា «តើជីវិតរស់នៅរបស់ព្រះអម្ចាស់យេស៊ូវមានលក្ខណៈបែបណា?» ជីវិតរស់នៅរបស់ទ្រង់មានលក្ខណៈពេញដោយ ការស្ដាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ការរស់នៅក្នុងអំណាចរបស់ព្រះវិញ្ញាណបរិសុទ្ធ ការបម្រើមនុស្សដទៃដោយមិនមានភាពអាត្មានិយម ព្រមទាំងចេះអត់ធ្មត់ និងការស៊ូប្រឈមមុខចំពោះសេចក្តីអាក្រក់ដ៏ធ្ងន់ធ្ងរ មានភាពឆេះឆួល ចេះចំណាយប្រាក់កាស និងពេលវេលាបានយ៉ាងត្រឹមត្រូវ ដឹងខ្នាត ស្លូតបូត ហើយសប្បុរស និងស្មោះត្រង់ ព្រមទាំងមានភក្ដីភាព (កាឡាទី ៥:២២-២៣)។ ដើម្បីធ្វើជាសិស្សរបស់ទ្រង់ យើងត្រូវតែដើរឲ្យដូចជាទ្រង់បានដើរដែរ។ យើងត្រូវតែបង្ហាញផលផ្លែដូចជាព្រះគ្រីស្ទ (យ៉ូហាន ១៥:៨)។
សិស្សដ៏ពិតត្រូវមានសេចក្តីស្រឡាញ់ដ៏ក្លៀវក្លា
ចំពោះអ្នកដែលជាកម្មសិទ្ធិរបស់ព្រះគ្រីស្ទ
«គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំដោយសារសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក» (យ៉ូហាន១៣:៣៥)។ នេះគឺជាសេចក្តីស្រឡាញ់ដែលចាត់ទុកអ្នកដទៃប្រសើរជាងខ្លួនឯង។ ហើយនេះក៏ជាសេចក្តីស្រឡាញ់ដែលគ្របបាំងអំពើបាបជាអនេកអនន្ត (១ពេត្រុស ៤:៨)។ សេចក្តីស្រឡាញ់បែបនេះតែងតែអត់ធ្មត់ ហើយសប្បុរស ក៏មិនចេះអួតខ្លួន ហើយមិនមានចិត្តធំផង មិនដែលប្រព្រឹត្តបែបមិនគួរសម មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង និងមិនដែលមានគំនិតអាក្រក់ទេ គឺគ្របបាំងទាំងអស់ ទ្រាំទ្រទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ (១កូរិនថូស ១៣:៤-៧)។ ប្រសិនបើគ្មានក្តីស្រឡាញ់បែបនេះទេ ភាពជាសិស្សច្បាស់ជាគ្មានប្រយោជន៍ ហើយបដិសេធខ្លួនឯងចោលទទេ ដោយគ្រាន់តែទៅតាមបញ្ញត្តិរបស់សាសនាតែប៉ុណ្ណោះ។
សិស្សដ៏ពិតត្រូវតែបន្តរស់នៅក្នុង
ព្រះបន្ទូលទ្រង់ដោយមិនរាថយ
«...បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យខ្ញុំ នោះអ្នករាល់គ្នាជាសិស្សខ្ញុំមែន» (យ៉ូហាន ៨:៣១)។ ការធ្វើជាសិស្សដ៏ពិតតម្រូវឲ្យបុគ្គលនោះបន្តរស់នៅក្នុងភាពជាសិស្សជាដរាប។ ការចាប់ផ្តើមធ្វើជាសិស្សល្អគឺងាយស្រួលទេ ប្រៀបបានដូចជាអណ្ដាតភ្លើងកាំជ្រួចដែលបានផ្ទុះបែកផ្កាភ្លើងយ៉ាងស្អាត រួចក៏រលាយបាត់ទៅវិញមួយរំពេច។ ប៉ុន្តែការសាកល្បងជាក់ស្តែង ដើម្បីឲ្យដឹងថា បុគ្គលម្នាក់បានក្លាយជាសិស្សដ៏ពិត គឺគាត់ត្រូវស៊ូទ្រាំរហូតដល់ទីបំផុត។ បុគ្គលណាដែលបានដាក់ដៃកាន់នង្គ័លហើយងាកមើលទៅក្រោយគឺមិនស័ក្តិសមទៅនឹងនគររបស់ព្រះជាម្ចាស់ឡើយ (លូកា ៩:៦២)។ ការស្តាប់បង្គាប់តាមបទគម្ពីរតែម្ដងម្កាលនោះមិនគ្រប់គ្រាន់ទេ។ ព្រះគ្រីស្ទសព្វព្រះហឫទ័យឲ្យអ្នកដែលចង់ដើរតាមទ្រង់ ស្ដាប់បង្គាប់ឲ្យខ្ជាប់ខ្ជួនដោយមិនប្រឆាំង ឬសង្ស័យអ្វីឡើយ។
សូមកុំឲ្យខ្ញុំ បែរចេញពីទ្រង់ ដងនង្គ័លជន់ ដោយទឹកនេត្រា
កណ្ដៀវវិនាស ច្រែសចាប់យ៉ាងណា សូមទ្រង់រក្សា កុំឲ្យបែកបែរ។
— មិនស្គាល់អ្នកនិពន្ធ
សិស្សដ៏ពិតត្រូវតែលះអាល័យអ្វីៗ
ទាំងអស់ដើម្បីតាមទ្រង់
«ដូច្នេះ អស់អ្នកណានៃអ្នករាល់គ្នាដែលមិនលះអាល័យពីរបស់ទ្រព្យខ្លួនទាំងអស់នោះនឹងធ្វើជាសិស្សខ្ញុំមិនបានទេ» (លូកា ១៤:៣៣)។ មនុស្សភាគច្រើនគិតថា លក្ខខណ្ឌនៃភាពជាសិស្សរបស់ព្រះគ្រីស្ទក្នុងខគម្ពីរមួយនេះពិបាកអនុវត្តជាងគេ។ តាមពិត មានមនុស្សជាច្រើនមិនសូវចូលចិត្តខគម្ពីរនេះនោះទេ។ អ្នកទេវវិទូអាចបង្កើតលេសបានជាងមួយពាន់ហេតុផលដែលថា ខគម្ពីរនេះមិនមែនមានន័យថា ត្រូវលះអាល័យពីរបស់ទ្រព្យខ្លួនទាំងអស់នោះទេ ប៉ុន្តែយើងដែលជាសិស្សសាមញ្ញៗងាយនឹងទទួលយកខគម្ពីរនេះ ហើយទទួលស្គាល់ថា ព្រះគ្រីស្ទជ្រាបពីអ្វីដែលទ្រង់បានមានបន្ទូល។ តើការលះអាល័យពីរបស់ទ្រព្យខ្លួនទាំងអស់មានន័យយ៉ាងដូចម្ដេច? នេះមានន័យថា សិស្សរបស់ទ្រង់ត្រូវលះបង់ទ្រព្យសម្បត្តិដែលមិនចាំបាច់របស់ខ្លួនទាំងអស់ចោល ដើម្បីយកវាមកប្រើប្រាស់ក្នុងការផ្សាយដំណឹងល្អ។ បុគ្គលណាដែលលះបង់គ្រប់អ្វីៗទាំងអស់ចោល នោះមិនមែនមានន័យថា គាត់ចំណាយពេលដោយឥតប្រយោជន៍នោះទេ។ គាត់នៅតែខំប្រឹងធ្វើការ ដើម្បីផ្គត់ផ្គង់តម្រូវការចាំបាច់នាពេលបច្ចុប្បន្នរបស់គ្រួសារគាត់ និងខ្លួនគាត់ផ្ទាល់។ ប៉ុន្តែ ចាប់តាំងពីគាត់បានមានចិត្តឆេះឆួល ដើម្បីផ្សព្វផ្សាយពីព្រះគ្រីស្ទមក គាត់បានដាក់ចិត្តដាក់កាយទាំងស្រុងក្នុងការងាររបស់ព្រះជាម្ចាស់ខ្ពស់ជាងការផ្គត់ផ្គង់តម្រូវការបច្ចុប្បន្នរបស់គាត់ទៅទៀត ហើយបានផ្ញើអនាគតទាំងស្រុងនឹងព្រះជាម្ចាស់តែម្ដង។ នៅក្នុងការស្វែងរកនគរ និងសេចក្តីសុចរិតនៃព្រះជាម្ចាស់ជាចម្បង គាត់ជឿថា គាត់នឹងមិនចេះខ្វះម្ហូបអាហារ និងសំលៀកបំពាក់សោះឡើយ។ គាត់មិនសុខចិត្តក្ដោបលុយរបស់គាត់ ស្របពេលដែលគាត់ដឹងថា មានមនុស្សដែលត្រូវការដំណឹងល្អជាច្រើនកំពុងតែវិនាស។ គាត់មិនចង់ខ្ជះខ្ជាយជីវិតរបស់គាត់ដោយការបង្កើតទ្រព្យសម្បត្តិដែលនឹងធ្លាក់ក្នុងកណ្ដាប់ដៃរបស់អារក្ស នៅពេលដែលព្រះគ្រីស្ទយាងមកយកពួកបរិសុទ្ធរបស់ទ្រង់នោះឡើយ។ គាត់ចង់ស្ដាប់តាមសេចក្តីបង្គាប់របស់ព្រះអម្ចាស់ដែលទាស់នឹងការប្រមូលទ្រព្យសម្បត្តិទុកនៅលើផែនដីនេះ។ គាត់បានឯកភាពនឹងសម្ដីរបស់លោក ដេវីឌ លីវីងស្តូន (David Livingstone) ទាក់ទងនឹងការលះអាល័យអ្វីៗទាំងអស់ចោលថា «ខ្ញុំសោកស្ដាយណាស់ដែលខ្ញុំគ្មានអ្វីសេសសល់ថ្វាយទៅទ្រង់ទៀត»។
សេចក្តីទាំងនេះ គឺជាលក្ខខណ្ឌទាំងប្រាំពីរយ៉ាងនៃភាពជាសិស្សរបស់ព្រះគ្រីស្ទ។ លក្ខខណ្ឌទាំងប្រាំពីរនេះមានភាពច្បាស់លាស់ ហើយក៏មិនមានមន្ទិលសង្ស័យអ្វីនោះដែរ។ ពិតប្រាកដណាស់ យើងបានដាក់ទោសខ្លួនឯងថាជាអ្នកបម្រើដែលគ្មានបានផលចំណេញ ដោយសារយើងមិនបានអនុវត្តតាមលក្ខខណ្ឌទាំងនេះបានទាំងស្រុង។ ប៉ុន្តែ តើសេចក្តីពិតរបស់ព្រះជាម្ចាស់នឹងត្រូវបង្ខាំងជារៀងរហូតដោយសារការបរាជ័យនៃប្រជារាស្ត្ររបស់ទ្រង់ឬ? តើវាមិនមែនជាការពិតទេឬអីដែលថា សារលិខិតតែងតែធំជាងអ្នកនាំសារនោះ? តើវាមិនមែនជាការត្រឹមត្រូវទេឬអីដែលថា ព្រះជាម្ចាស់ទ្រង់ពិតត្រង់ ហើយមនុស្សគ្រប់ៗគ្នាគឺជាអ្នកភូតភរ? តើយើងមិនគួរនិយាយឲ្យដូចអ្វីដែលអ្នកជឿជំនាន់មុនលើកឡើងថា «សូមឲ្យព្រះហឫទ័យទ្រង់បានសម្រេច ទោះបើខ្ញុំត្រូវវិនាសក៏ដោយ» ទេឬអី?
ស្របពេលដែលយើងសារភាពពីការបរាជ័យកន្លងមករបស់យើង នោះចូរឲ្យយើងហ៊ានប្រឈមមុខនឹងបញ្ញត្តិរបស់ព្រះគ្រីស្ទចំពោះយើង ហើយសូមឲ្យយើងទាំងអស់គ្នាព្យាយាមធ្វើជាសិស្សដ៏ពិតប្រាកដរបស់ព្រះអម្ចាស់ដ៏រុងរឿងនៃយើងចាប់ពីពេលនេះតទៅ។
ឱ! ម្ចាស់ខ្ញុំអើយនាំខ្ញុំទៅទ្វារទ្រង់ផង
ខ្ញុំត្រៀមត្រាប់ត្រងចោះត្រចៀកសាជាថ្មី
សូមចងខ្ញុំឲ្យជាប់នូវចំណងសេរី
ស៊ូទ្រាំឃ្មាតខ្មីនឿយហត់ស្ដាប់បង្គាប់ទ្រង់។
— លោក អេឆ. ជី. ស៊ី. ម៉ូល
(H. G. C. Moule)