សិស្ស
ដ៏ពិតរបស់
ព្រះយេស៊ូវ

ជំពូកទី៨

សឹកសង្គ្រាម

ទោះបើ​បុគ្គល​ម្នាក់​គ្រាន់តែ​អាន​ព្រះ​គម្ពីរ​សញ្ញាថ្មី​តែ​បន្តិច​បន្តួច គង់​តែ​គាត់​ឃើញ​ថា ព្រះគម្ពីរ​តែង​ប្រើ​រូបភាព​ដែល​ទាក់ទង​ទៅ​នឹង​សឹកសង្គ្រាម​មក​ពណ៌នា​ពី​ការ​គ្រងរាជ្យ​របស់​ព្រះ​គ្រីស្ទ​នៅ​លើ​ផែនដី​នេះ​ដែរ។ បុព្វហេតុ​នៃ​ជំនឿ​គ្រីស្ទបរិស័ទក្លែងក្លាយ​គឺ​គ្រាន់តែ​សម្ដែង​ឲ្យ​មនុស្សលោក​ទស្សនា​ដើម្បី​កំដរ​អារម្មណ៍​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ជំនឿ​គ្រីស្ទបរិស័ទដ៏​ពិត​ផ្ទុយ​ស្រលះ​ពី​នេះ​ទាំងស្រុង។ ជំនឿ​គ្រីស្ទបរិស័ទដ៏​ពិត​មិន​មែន​នាំ​ឲ្យ​មនុស្ស​មាន​ជីវិត​ដ៏​ហ៊ឺហា ឬ​ជា​ជីវិត​ដែល​ចង់​បាន​តែ​ភាព​សម្បូរសប្បាយ ដូច​ដែល​មនុស្សលោក​នៅ​លោកីយ៍​នេះ​ភាគច្រើន​កំពុងតែ​ធ្វើ​នោះ​ឡើយ។ ផ្ទុយទៅវិញ វា​គឺ​ជា​ការ​តស៊ូ​រហូត​ដល់​ទីមរណា និង​ជា​ជម្លោះ​ដែល​គ្មាន​ទី​បញ្ចប់​ជាមួយនឹង​ពួក​អារក្ស​សាតាំង។ បុគ្គល​ដែល​រាប់ខ្លួន​ថា​ជា​សិស្ស​របស់​ព្រះ​យេស៊ូវ តែ​មិន​ដឹង​ថា ខ្លួន​កំពុង​ស្ថិត​ក្នុង​សមរភូមិ​សង្គ្រាម​ខាងឯវិញ្ញាណ បុគ្គល​នោះ​មិន​ស័ក្តិសម​នឹង​ទទួល​នាម​ថា​ជា​សិស្ស​របស់​ព្រះ​យេស៊ូវគ្រីស្ទ​ទេ។

យើង​ត្រូវតែ​ពួតដៃគ្នា​ក្នុង​សង្គ្រាម មិន​មែន​ទៅ​បង្ក​ជម្លោះ ច្រណែន​គ្នា ប្រកាន់​បក្សពួក ឬក៏​លាក់ពុត​គ្នា​នោះ​ឡើយ។ ក្រុម​គ្រួសារ​ណា​ដែល​ទាស់ទែង​គ្នា​មិន​អាច​នៅ​ជាមួយ​គ្នា​បាន​ស្ថិតស្ថេរ​នោះ​ទេ (ម៉ាថាយ ១២:​២៥)។ ហេតុដូច្នេះហើយ ទាហាន​របស់​ព្រះ​គ្រីស្ទ​ត្រូវ​ចេះ​សាមគ្គី​គ្នា។ ការ​បន្ទាបខ្លួន គឺជា​គន្លឹះ​នៃ​ការ​សាមគ្គី​គ្នា។ កណ្ឌគម្ពីរ​ភីលីព​ជំពូក២ ​បាន​បង្រៀន​ការ​នេះ​យ៉ាង​ច្បាស់លាស់។ វា​មិន​អាច​ទៅ​រួច​ទេ បើ​យើង​ទៅ​ទាស់​ជាមួយនឹង​អ្នក​ដែល​ពិត​ជា​បន្ទាបខ្លួន​នោះ។ ការ​ទាស់ទែង​គ្នា​ត្រូវ​ការ​គូបដិបក្ខ​ពីរ​នាក់។ «ផល​នៃ​សេចក្តី​ឆ្មើង​ឆ្មៃ នោះ​មាន​តែ​ការ​ទាស់​ទែង​គ្នា​ប៉ុណ្ណោះ...» (សុភាសិត ១៣:១០)។ ទីណា​ដែល​គ្មាន​សេចក្តី​ឆ្មើងឆ្មៃ ទីនោះ​នឹង​គ្មាន​ការ​ឈ្លោះប្រកែកគ្នា​នោះ​ឡើយ។

សង្គ្រាម​ទាមទារ​ឲ្យ​យើង​រស់នៅ​យ៉ាង​សាមញ្ញ​តាម​បែប​ក្បិតក្បៀត។ ទោះបើ​តាម​រូបភាព​ណា​ក៏​ដោយ ការ​ធ្វើ​សង្គ្រាម​ដ៏​ធំ​មិន​អាច​គេច​ផុត​ពី​ការ​លៃលកធនធាន​សឹកសង្គ្រាម​បាន​នោះ​ឡើយ។ ​គ្រីស្ទបរិស័ទ​ត្រូវ​ដឹង​ថា យើង​កំពុង​ស្ថិត​ក្នុង​សមរភូមិ ​ហេតុដូច្នេះហើយ យើង​គួរ​តែ​កាត់បន្ថយ​រាល់​ការ​ចំណាយ​ផ្សេងៗ​ឲ្យ​ដល់​ចំណុច​អប្បបរមា ដើម្បី​ឲ្យ​មាន​ធនធាន​គ្រប់គ្រាន់​ក្នុង​ការ​ប្រយុទ្ធ។

មាន​មនុស្ស​តិច​ណាស់​ដែល​មើល​ឃើញ​ការ​នេះ​ច្បាស់​ដូច​ទៅ​នឹង​សិស្ស​វ័យក្មេង​ម្នាក់​ឈ្មោះ អរ. អិម (R. M)។ នៅ​ឆ្នាំ ១៩៦០ គាត់​គឺ​ជា​ប្រធាន​និស្សិត​ឆ្នាំ​ទី១ នៅ​សាលា​គ្រីស្ទបរិស័ទ​មួយ។ នៅក្នុង​អំឡុង​នៃ​អាណត្តិ​របស់​គាត់ សិស្ស​ផ្សេងៗ​បាន​លើក​សំណើ​នៃ​ការ​ចំណាយ​ទៅលើ​ពិធីជប់លៀង​ការ​ទិញ​អាវធំ និង​ការ​ទិញ​កាដូ​ប្រចាំ​ថ្នាក់​សម្រាប់​ពួក​គេ។ ប៉ុន្តែ​លោក អរ. អិម បាន​សុំលាឈប់​ពី​តំណែង​ជា​ប្រធាន ដោយសារ​គាត់​មិន​ឯកភាព​នឹង​ការ​ឲ្យ​សិស្ស​ចំណាយ​លុយ​ទៅ​លើ​អ្វី​ដែល​មិន​បាន​ជួយ​រួម​ចំណែក​ក្នុង​ការ​បន្ត​ពង្រឹង ហើយនិង​បង្កើន​ការ​ផ្សាយ​ដំណឹងល្អ។ ខាង​ក្រោម​នេះ​គឺ​ជា​សំបុត្រ​ដែល​បាន​ចែក​ជូន​ដល់​និស្សិត​ឆ្នាំទី១​ទាំងអស់​នៅ​ថ្ងៃ​ដែលគេ​ប្រកាស​ពី​ការ​លាឈប់​ពី​តំណែង​របស់​គាត់៖

មកដល់មិត្តរួមថ្នាក់​ទាំងអស់​ជាទី​នឹករឭក

យោងតាម​សំណើ​នៃ​ការ​ចំណាយ​ទៅលើ​ពិធីជប់លៀង ការ​ទិញ​អាវធំ និង​ការ​ទិញ​កាដូ​ប្រចាំ​ថ្នាក់​ដែល​បាន​លើក​ជូន​ដល់​គណៈកម្មការ តាំង​នាម​ខ្ញុំ​ជា​ប្រធាន​និស្សិត​ឆ្នាំ​ទី១ ខ្ញុំ​បាន​ពិចារណា​លើ​អាកប្បកិរិយា​ដ៏​ត្រឹមត្រូវ​របស់​គ្រីស្ទបរិស័ទ​ចំពោះ​ការ​ស្នើសុំ​នោះ​ដូចតទៅ​នេះ៖

ខ្ញុំ​គិត​ថា យើង​អាច​ទទួល​អំណរ​ដ៏​អស្ចារ្យ​បាន តាមរយៈ​ការ​ថ្វាយ​ជីវិត ថវិកា និង​ពេលវេលា​របស់​យើង​ទាំង​អស់​ដាច់​ដល់​ព្រះ​គ្រីស្ទ ដើម្បី​បម្រើ​អ្នក​ដទៃ​ទៀត។ នៅពេល​ដែល​យើង​ធ្វើ​ដូច្នេះ នោះ​យើង​នឹង​យល់​ពី​សេចក្តី​ពិត​នៃ​ព្រះ​បន្ទូល​របស់​ទ្រង់ ដូច​ដែល​បាន​ចែង​ថា៖ «...អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​យល់​ដល់​ខ្ញុំ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ» (ម៉ាថាយ ១០:៣៩)។

ការ​ដែល​គ្រីស្ទបរិស័ទ​ចំណាយ​ថវិកា និង​ពេលវេលា​របស់​ពួក​គេ​ទៅ​លើ​ការ​ដែល​មិន​បាន​ផ្ដល់​ជា​លទ្ធផល​ដែល​ជា​ទីបន្ទាល់​ល្អ​ដ៏​ជាក់លាក់​ដល់​អ្នក​មិន​ជឿ ឬ​មិន​បាន​ស្អាង​បុត្រាបុត្រី​របស់​ទ្រង់​ដែល​នៅ​ក្នុង​ព្រះ​វត្តមាន​ទ្រង់ នោះ​ហាក់បីដូចជា​មិន​សម​សោះ ដ្បិត​មាន​មនុស្ស​ប្រមាណ​ជា ៧០០០​នាក់​ដែល​ស្លាប់​ជា​រៀងរាល់​ថ្ងៃ ហើយ​មនុស្ស​ជាង​ពាក់​កណ្ដាល​លើ​ពិភពលោក​នេះ​នៅ​មិន​ទាន់​បាន​ឮ​អំពី​សង្ឃឹម​ដែល​មក​ពី​ព្រះ​យេស៊ូវ​តែ​មួយ​គត់​នៅ​ឡើយ​នោះ​ទេ។

យើង​គិត​ទៅ​មើល​ថា តើ​ព្រះ​ជាម្ចាស់​នឹង​ទទួល​បាន​សិរីល្អ​ច្រើន​ប៉ុណ្ណា​ទៅ បើ​យើង​ជួយ​ផ្សាយ​ដំណឹងល្អ​ទៅ​កាន់​មនុស្ស​៦០%​ដែល​មិន​ទាន់​បាន​ឮ​ដំណឹងល្អ​អំពី​ព្រះ​គ្រីស្ទ ឬ​អ្នក​ជិតខាង​របស់​យើង​ជាជាង​ការ​ដែល​យើង​ជួបជុំ​គ្នា​ជប់លៀង​សម្រាប់​តែ​ខ្លួនឯង។ បើ​យើង​ចេះ​តែ​ជួបជុំ​ជប់លៀង​តែ​គ្នា​ឯង ហើយ​ខ្ជះខ្ជាយ​ថវិកា និង​ពេលវេលា ដើម្បី​តែ​ការ​សប្បាយ​សម្រាប់​ខ្លួន នោះ​យើង​មិន​បាន​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ជាម្ចាស់​បាន​ពេញ​ទំហឹង​នោះ​ទេ។

ខ្ញុំ​បាន​ឃើញ​ពី​តម្រូវការ​ដ៏​ជាក់លាក់ និង​ឱកាស​ក្នុង​ការ​ដែល​យើង​អាច​ចំណាយ​ថវិកា ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ​យេស៊ូវគ្រីស្ទ និង​ដើម្បី​ជួយ​ដល់​អ្នក​ជិតខាង​ទាំង​នៅ​ក្នុង​ស្រុក និង​នៅ​ក្រៅ​ស្រុក។ អាស្រ័យហេតុនេះហើយ បាន​ជា​ខ្ញុំ​មិន​អាច​នឹង​អនុញ្ញាត​ឲ្យ​លើក​គម្រោង​ចំណាយ​សម្រាប់​ខ្លួន​យើង​ដែល​វា​មិន​ចាំបាច់​នោះ​ឡើយ។ ប្រសិនបើ​ខ្ញុំ​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ខ្វះខាត ដូច​មនុស្ស​ជាច្រើន​នៅ​ពិភពលោក​នេះ នោះ​ខ្ញុំ​ប្រាថ្នា​ចង់​ឲ្យ​អ្នក​ដែល​មាន​លទ្ធភាព​ជួយ​ប្រាប់​ដំណឹងល្អ​ដល់​ខ្ញុំ ព្រមទាំង​ជួយ​ផ្គត់ផ្គង់​តម្រូវការ​ដែល​ខ្ញុំ​មាន តាម​ដែល​ពួក​គេ​អាច​ធ្វើ​ទៅ​បាន។

«បើ​អ្នក​រាល់គ្នា​ចង់​ឲ្យ​មនុស្ស​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់គ្នា​យ៉ាង​ណា ចូរ​ប្រព្រឹត្ត​ចំពោះ​គេ​យ៉ាង​នោះ​ដែរ» (លូកា ៦:៣១ គគខ)។

«បើ​អ្នក​ណា​មាន​ភោគ​សម្បត្តិ​របស់​លោកីយ៍​នេះ ហើយ​ឃើញ​បង​ប្អូន​ណា​ដែល​ខ្វះ​ខាត តែ​មិន​ចេះ​អាណិត​មេត្តា​សោះ នោះ​ធ្វើ​ដូចម្តេច ឲ្យ​សេចក្តី​ស្រឡាញ់​នៃ​ព្រះ បាន​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​បាន» (១យ៉ូហាន ៣:១៧)។

ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ឃើញ​ពី​ការ​លះបង់​អ្វីៗ​ទាំងអស់​របស់​ព្រះ​អម្ចាស់យេស៊ូវ (២កូរិនថូស ៨:៩)។ ដោយ​សេចក្ដីស្រឡាញ់ ខ្ញុំ​សូម​លា​ឈប់​ពី​តំណែង​ជា​ប្រធាន​ថ្នាក់​ឆ្នាំ ១៩៦៣ នេះ​ចាប់ពី​ពេល​នេះ​តទៅ។

ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវគ្រីស្ទដែល​គង់នៅ​ជាមួយ អ្នក​រាល់គ្នា៕

ប្រធាន​និស្សិត អរ. អិម (R. M)

 

សង្គ្រាម​ទាមទារ​ឲ្យ​មាន​ការ​រងទុក្ខ។ ប្រសិនបើ​យុវជន​សម័យ​នេះ​មាន​ចិត្ត​មោះមុត​ហ៊ាន​ពលី​ជីវិត​របស់​ពួក​គេ​ដើម្បី​ប្រទេស​ជាតិ នោះ​តើ​យើង​ដែល​ជា​គ្រីស្ទបរិស័ទ​គួរ​មាន​ចិត្ត​មោះមុត​ហ៊ាន​ពលី​ជីវិត ដើម្បី​ព្រះ​គ្រីស្ទ និង​ដំណឹងល្អ​ជាង​អម្បាលម៉ានទៅ។ ជំនឿ​ដែល​គ្មាន​ការ​លះបង់​អ្វី​សោះ នោះ​គ្មាន​តម្លៃ​ទេ។ ប្រសិនបើ​យើង​ជឿថា ព្រះអម្ចាស់យេស៊ូវ​មាន​តម្លៃ នោះយើង​ត្រូវ​ជឿ​ថា ​ទ្រង់​មាន​តម្លៃ​លើស​អ្វីៗ​ទាំងអស់។ យើង​មិន​គួរ​អនុញ្ញាត​ឲ្យ​ការ​ខ្វល់ខ្វាយ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ការ​ភ័យក្លាច​នឹង​ជួប​គ្រោះថ្នាក់​មក​រារាំង​យើង​ក្នុង​ការ​បម្រើ​ព្រះ​ជាម្ចាស់​ទេ។​

នៅពេល​ដែល​សាវ័ក ប៉ុល ព្យាយាម​ការ​ពារ​ភាព​ជា​សាវ័ក​របស់​គាត់​ពី​ការ​វាយប្រហារ​ពី​សំណាក់​ក្រុម​អ្នក​រិះគន់ គាត់​មិន​បាន​យក​ប្រវត្តិ​ក្រុម​គ្រួសារ​របស់​គាត់ ចំណេះ​ដឹង​របស់​គាត់ ឬក៏​សេចក្តី​សម្រេច​តាម​បែប​លោកីយ៍​មក​ប្រើ​នោះ​ឡើយ។ ផ្ទុយទៅវិញ គាត់​បាន​យក​ការ​រងទុក្ខ​របស់​គាត់​សម្រាប់​ព្រះ​អម្ចាស់​យេស៊ូវគ្រីស្ទ​មក​ប្រើ៖

គេ​ជា​អ្នក​បំរើ​ព្រះ​គ្រីស្ទ​ឬ​អី (ខ្ញុំ​និយាយ​បែប​ដូច​ជា​វង្វេង​ស្មារតី​ហើយ) ខ្ញុំ​ក៏​លើស​ជាង​គេ​ទៅ​ទៀត ក្នុង​ការ​នឿយហត់​លើស​ជាង​គេ ដោយ​ត្រូវ​រំពាត់​ហួស​ល្បត់ ទាំង​ត្រូវ​ជាប់​គុក​ច្រើន​ជាង​គេ ក៏​ដល់​នូវ​ភាព​ជិតស្លាប់​ជា​ញឹកញយ ប្រាំ​ដង​ហើយ សាសន៍​យូដា​វាយ​ខ្ញុំ៤០រំពាត់​ខ្វះ១ គេ​វាយ​ខ្ញុំ​នឹង​ដំបង៣ដង គេ​ចោល​ខ្ញុំ​នឹង​ថ្ម១ដង ខ្ញុំ​ត្រូវ​សំពៅ​លិច៣ដង ខ្ញុំ​នៅ​នា​សមុទ្រ​ជ្រៅ​អស់​១ថ្ងៃ១យប់ ខ្ញុំ​ដើរ​ដំណើរ​ជា​ច្រើន ក៏​មាន​សេចក្តី​អន្តរាយ​នៅ​ទន្លេ អន្តរាយ​ដោយ​ពួក​ចោរប្លន់ អន្តរាយ​ដោយ​សាសន៍​របស់​ខ្ញុំ អន្តរាយ​ដោយ​សាសន៍​ដទៃ ក៏​អន្តរាយ​ក្នុង​ទីក្រុង ក្នុង​ទី​រហោស្ថាន ក្នុង​សមុទ្រ ក្នុង​ពួក​បងប្អូន​ក្លែងក្លាយ​ដែរ ត្រូវ​នឿយហត់ ហើយ​លំបាក ត្រូវ​ចាំយាម​ជា​ញយ ត្រូវ​ស្រេកឃ្លាន ត្រូវ​អត់​ជា​ញឹកញយ ត្រូវ​រងា ហើយ​ត្រូវ​អាក្រាត​ផង ក្រៅ​ពី​ការ​ខាងសាច់ឈាម​ទាំង​នោះ ក៏​មាន​សេចក្តី​កង្វល់​ខាង​ឯ​ពួក​ជំនុំ​ទាំង​ប៉ុន្មាន ដែល​ប្រជ្រៀត​មក​លើ​ខ្ញុំ រាល់​តែ​ថ្ងៃ​ជានិច្ច​ថែម​ទៀត (២កូរិនថូស ១១:២៣-២៨)។

សាវ័ក ប៉ុល បាន​ដាស់តឿន​លោក ធីម៉ូថេ ដែល​ជា​កូន​ក្នុង​ជំនឿ​របស់​គាត់​យ៉ាង​មុតមាំ​ថា «ដូច្នេះ ចូរ​ឲ្យ​អ្នក​ទ្រាំទ្រ​ទុក្ខលំបាក ដូច​ជា​ទាហាន​យ៉ាង​ល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ​ចុះ» (២ធីម៉ូថេ ២:៣)។

សង្គ្រាម​ទាមទារ​ឲ្យ​មាន​ការ​ស្ដាប់បង្គាប់​ដែល​មិន​អាច​តវ៉ា​បាន។ ទាហាន​ល្អ​នឹង​ស្តាប់​តាម​មេបញ្ជាការ​របស់​ខ្លួន​ដោយ​គ្មាន​ការ​សួរ​តវ៉ា ឬ​យឺតយ៉ាវ​នោះ​ឡើយ។ បើ​យើង​គិត​ថា ព្រះយេស៊ូវ​សព្វព្រះហឫទ័យ​ឲ្យ​យើង​ស្ដាប់បង្គាប់​ទ្រង់មិន​ដូច​កូនទាហាន​ស្ដាប់បង្គាប់​មេបញ្ជាការ​យ៉ាង​អស់ពីចិត្ត នោះយើង​យល់​ច្រឡំ​ហើយ។ ក្នុងនាម​ទ្រង់​ជា​ព្រះ​អាទិករ និង​ជា​ព្រះ​ប្រោសលោះ ទ្រង់​មាន​សិទ្ធ​លើ​អស់​អ្នក​ដែល​ដើរ​តាម​ទ្រង់​ទៅ​កាន់​ទីលាន​ប្រយុទ្ធ​គ្រប់បែបយ៉ាង ក្នុង​ការ​បង្គាប់បញ្ជា​ឲ្យ​ពួក​គេ​ស្ដាប់​តាម​ព្រះ​រាជបញ្ជា​របស់​ទ្រង់​ដោយ​មិន​អាច​ប្រកែក​បាន ហើយ​ដោយ​គ្មាន​ការ​បង្អែបង្អង់។

សង្គ្រាម​ទាមទារ​ឲ្យ​មាន​ជំនាញ​ក្នុង​ការ​ប្រើប្រាស់​អាវុធ។ ការ​អធិស្ឋាន និង​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ គឺជា​អាវុធ​របស់​គ្រីស្ទបរិស័ទ។ អ្នក​នោះ​ត្រូវតែ​អធិស្ឋាន​ដោយ​ចិត្ត​ក្លៀវក្លា ពេញ​ដោយ​ជំនឿ ហើយ​ឥតឈប់ឈរ។ មានតែ​ការ​នេះ​ទេ ទើប​អាច​កំទេច​បន្ទាយ​ខ្មាំងសត្រូវ​របស់​យើង​បាន។ ជាមួយគ្នានេះដែរ អ្នក​នោះ​ត្រូវតែ​មាន​ភាព​ប៉ិនប្រសប់​ក្នុង​ការ​ប្រើប្រាស់​ដាវ​របស់​ព្រះ​វិញ្ញាណ​ដែល​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់។ ខ្មាំងសត្រូវ​នឹង​ប្រើ​វិធីសាស្ត្រ​គ្រប់បែបយ៉ាង​ដែល​វា​អាច​ធ្វើ​បាន ដើម្បី​បោកបញ្ឆោត​គាត់​ឲ្យ​ទម្លាក់​ដាវ​នោះ​ចោល។ វា​នឹង​ធ្វើ​ឲ្យ​យើង​សង្ស័យ​ថា ព្រះជាម្ចាស់​មិន​បាន​តែង​ព្រះ​បន្ទូល​របស់​ទ្រង់​ទេ។ វា​នឹង​ធ្វើ​ឲ្យ​យើង​គិត​ថា ព្រះគម្ពីរ​ហាក់បីដូចជា​មាន​ភាព​ច្របូកច្របល់ ហើយ​មិន​មាន​ភាព​ស៊ីគ្នា។ វា​នឹង​យក​ការ​ទាស់ប្រឆាំង​ទាក់ទង​ផ្នែក​វិទ្យាសាស្ត្រ ទស្សនវិជ្ជា និង​ប្រពៃណី​ទំនៀមទម្លាប់​មក​បំភាន់​ព្រះ​បន្ទូល។ ប៉ុន្តែ​ទាហាន​របស់​ព្រះ​គ្រីស្ទ​ត្រូវតែ​ឈរ​ឲ្យ​រឹងមាំ ហើយ​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ដាវ​របស់​គាត់ ដោយ​ប្រើប្រាស់​វា​គ្រប់​កាលៈទេសៈ។

អាវុធ​សម្រាប់​ធ្វើ​សង្គ្រាម​របស់​គ្រីស្ទបរិស័ទ មើល​ទៅ​គឺជា​រឿង​ដ៏​គួរ​ឲ្យ​អស់​សំណើច​សម្រាប់​លោកីយ៍​នេះ។ អ្នក​ដឹកនាំ​ពលទាហាន​នា​សម័យ​បច្ចុប្បន្ន​នេះ​នឹង​សើច​ចំអក​លើ​គម្រោងការ​ដ៏​មាន​ប្រសិទ្ធភាព​ដែល​សាសន៍​អ៊ីស្រាអែល​បាន​ប្រើ ដើម្បី​វាយ​យក​ក្រុង​យេរីខូរ។ ហើយ​ពួក​គេ​ក៏​នឹង​សើចចំអក​ចំពោះ​ទាហាន​ដ៏​តិចតួច​ស្តួចស្តើង​របស់​លោក គេឌាន​ដែរ (ពួក​ចៅហ្វាយ ៦-៨)។ ចុះ​តើ​យើង​អាច​និយាយ​យ៉ាង​ម៉េច​ដែរ​ទាក់ទងនឹង​ខ្សែ​ដង្ហក់​របស់​ដាវីឌ ជន្លួញ​ចាក់​គោ​របស់​លោក សាំកើរ និង​ទាហាន​មិន​សូវ​មាន​ភាព​ឆ្លាតវៃ​របស់​ព្រះ​ជាម្ចាស់​ជា​ច្រើន​សតវត្សរ៍​កន្លង​មក​នេះ (១សាំយូអែល ១៧; ពួក​ចៅហ្វាយ ៣:៣១)? គំនិត​ដែល​ពេញ​ដោយ​ព្រះ​វិញ្ញាណ​ដឹង​ថា ព្រះជាម្ចាស់​មិនមែន​នៅ​ខាង​ទាហាន​មួយ​កង​ធំ​នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ​ទ្រង់​សព្វព្រះទ័យ​នឹង​ប្រើ​អ្នក​ទន់ខ្សោយ អ្នក​ក្រីក្រ និង​អ្វីៗ​ដែល​លោកីយ៍​នេះ​ស្អប់ខ្ពើម ដើម្បី​បង្កើន​សិរីល្អ​របស់​ទ្រង់​តាមរយៈ​ពួក​គេ។

សង្គ្រាម​ទាមទារ​ឲ្យ​មាន​សេចក្តី​ក្លាហាន​ក្នុង​ការ​ប្រឈម​នឹង​គ្រោះ​ថ្នាក់។ «ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​យក​គ្រប់​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទប់​ទល់​ក្នុង​ថ្ងៃ​អាក្រក់​បាន រួច​កាល​ណា​បាន​តតាំង​សព្វ​គ្រប់​ហើយ នោះ​ឲ្យ​បាន​នៅ​តែ​ឈរ​មាំមួន​ដដែល ដូច្នេះ ចូរ​ឲ្យ​ឈរ​មាំមួន​ចុះ...» (អេភេសូរ ៦:១៣-១៤)។ ជាទូទៅ គ្រូបង្រៀន​ព្រះ​បន្ទូល​តែងតែ​លើកឡើង​ថា គ្រឿង​សឹក​ទាហាន​របស់​ព្រះ​គ្រីស្ទ​នៅ​ក្នុង​កណ្ឌគម្ពីរ អេភេសូរ ៦:១៣-១៨ មិន​មាន​ប្រដាប់​ការ​ពារ​ខ្នង​នោះ​ទេ នេះ​សឲ្យឃើញថា ទាហាន​គ្មាន​ជម្រើស​នឹង​ដកថយ​នោះ​ឡើយ។ ហេតុអ្វី​ចាំបាច់​ដកថយ ប្រសិនបើ «...យើង​មាន​ជ័យជំនះ​លើស​ពី​អ្នក​មាន​ជ័យជំនះ​ទៅ​ទៀត...» (រ៉ូម ៨:៣៧)។

ប្រសិនបើ​គ្មាន​អ្នក​ណា​ម្នាក់​អាច​យក​ជ័យជម្នះ​លើ​យើង​បាន ដោយសារតែ​ព្រះ​ជាម្ចាស់​ជួយ​យើង ហើយ​ប្រសិនបើ​យើង​មាន​ជ័យជម្នះ​តាំង​ពី​មុន​យើង​ចាប់ផ្ដើម​ប្រយុទ្ធ ​នោះ​តើ​យើង​អាច​គិត​ពី​ការ​ដកថយ​យ៉ាង​ម៉េច​បាន?

 

បើ​ទោះ​ជា​ខ្ញុំ​ឈរ​ជាប់​អ្នក​ឈ្នះ
ឬ​ក្លាយ​ជា​ផេះ​ដូច​ជា​អ្នក​ចាញ់?
មនុស្ស​បាប​កំសាក​សែន​ទោម្នេញ
គឺ​មាន​តែ​ការ​តតាំង​គ្នា​ប៉ុណ្ណោះ។
សត្រូវ​ដ៏​ខ្លាំង​បាន​វាយ​សម្រុក
ផ្លែ​ដាវ​ខ្ញុំ​បាក់​មុខ​ហើយ​ព្រះអើយ
សូម​ទតមើល​ចុះ​ទង់​ជ័យ​ខ្មាំង​លើក​ហើយ
ទោះ​ដាវ​តូច​មួយ​ក៏​ដោយ​សូម​ប្រទាន​ផង។

លើកឡើង​ដោយ​លោកស្រី អេមី ខរម៉ាយខល

(Amy Carmichael)