សិស្ស
ដ៏ពិតរបស់
ព្រះយេស៊ូវ

បុព្វកថា

សៀវភៅ​នេះ​កើត​ចេញ​មក​ពីការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​យកចិត្ត​ទុកដាក់ ដើម្បី​ស្រង់​យក​នូវ​គោលការណ៍​សំខាន់ៗ​នៃ​ភាព​ជា​សិស្ស​របស់​ព្រះ​យេស៊ូវគ្រីស្ទ​តាម​កណ្ឌគម្ពីរ​សញ្ញាថ្មី។ ប្រហែលជា​មាន​អ្នក​ខ្លះ​បាន​ឃើញ​ពី​គោលការណ៍​ទាំង​នេះ​នៅ​ក្នុង​ព្រះ​បន្ទូល​ជា​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ទោះជាយ៉ាង​នេះក្តី​យើងខ្ញុំ​សន្និដ្ឋាន​ថា គោលការណ៍​ទាំង​នេះ​ហាក់ដូចជា​ខ្លាំងក្លា ហើយ​ពិបាក​អនុវត្ត​នៅ​យុគសម័យ​ដ៏​ស្មុគស្មាញ​ដែល​យើងខ្ញុំ​កំពុង​រស់​នៅ​សព្វថ្ងៃ​នេះ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើងខ្ញុំ​មិន​រវីរវល់​នឹង​ព្រះ​បន្ទូល​របស់​ទ្រង់។

ក្រោយមក យើងខ្ញុំ​ក៏​បាន​ជួប​យុវជន​ជា​អ្នក​ជឿ​មួយ​ក្រុម​ដែល​បាន​ប្ដេជ្ញាចិត្ត​រស់នៅ​ តាម​លក្ខខណ្ឌ​នៃ​ភាព​ជា​សិស្ស​របស់​ព្រះ​សង្គ្រោះ ដោយ​សារ​ពួក​គេ​ជឿ​ថា លក្ខខណ្ឌ​ទាំង​នោះ​មិន​គ្រាន់តែ​មាន​ប្រយោជន៍​យ៉ាង​ក្រៃលែង​ដល់​យើង​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ជា​ផ្លូវ​តែ​មួយ​គត់​ដែល​យើង​អាច​ផ្សាយ​ដំណឹងល្អ​ដល់​មនុស្ស​លោក​ទាំង​អស់​បាន។

យើងខ្ញុំ​ទទួល​ស្គាល់​ថា យើងខ្ញុំ​អាច​និពន្ធ​សៀវភៅ​នេះ​បាន​ដោយសារ​តែ​មាន​យុវជន​ទាំង​នោះ​ជា​ជំនួយ តាមរយៈ​គំរូ​ដ៏​រស់​រវើក​របស់​ពួក​គេ​ទាក់ទង​នឹង​សេចក្តី​ពិត​ដែល​មាន​បញ្ជាក់​នៅ​ក្នុង​សៀវភៅ​នេះ។

ទោះបើ​សេចក្ដីពិត​ទាំង​នេះ​ខ្ពស់​ហួស​ពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​យើងខ្ញុំ​ក៏​ដោយ ក៏​យើងខ្ញុំ​នៅ​តែ​ចង់​បង្រៀន​សេចក្ដីពិត​ទាំង​នេះ​ទុក​ដូចជា​អ្វី​ដែល​យើងខ្ញុំ​ចង់​ប្រព្រឹត្ត​តាម​ដែរ។

— លោក វិលាម មេកដានុល

(William MacDonald)

សេចក្ដីផ្ដើម

ផ្លូវ​ដែល​មនុស្ស​អាច​ឈាន​ទៅ​ដល់​ភាព​ជា​គ្រីស្ទបរិស័ទ​ដ៏​ពិត​បាន ចាប់ផ្ដើម​នៅ​ពេល​ដែល​មនុស្ស​ម្នាក់​នោះ​កើត​ជា​ថ្មី។ ​ផ្លូវ​នោះ​អាច​ចាប់ផ្ដើម​បាន នៅ​ពេល​ដែល​បុគ្គល​ម្នាក់បាន​ព្រឹត្តិការណ៍​ដូច​ខាង​ក្រោម៖

  • នៅ​ពេល​ដែល​គាត់​ទទួល​ស្គាល់​ថា ខ្លួន​មាន​បាប បាន​វង្វេង​បាត់ ខ្វាក់​ងងឹត​សូន្យសុង ហើយ​នៅ​អាក្រាត​ចំពោះ​ព្រះ​ជាម្ចាស់។
  • នៅ​ពេល​ដែល​គាត់​បាន​ទទួល​ស្គាល់​ថា គាត់​មិន​អាច​សង្គ្រោះ​ខ្លួន​ឯង​ដោយ​សារ​ចរិត​ល្អ ឬ​អំពើ​ល្អ​របស់​គាត់​បាន​ឡើយ។
  • នៅ​ពេល​ដែល​គាត់​ជឿ​ថា ព្រះអម្ចាស់យេស៊ូវគ្រីស្ទ​បាន​សុគត​ជំនួស​គាត់​នៅ​លើ​ឈើឆ្កាង។
  • នៅ​ពេល ដែល​គាត់​បាន​សម្រេចចិត្ត​យ៉ាង​ច្បាស់លាស់​ដោយ​ជឿ​ថា ព្រះយេស៊ូវគ្រីស្ទ​ពិតជា​ព្រះ​អម្ចាស់ ហើយ​ជា​ព្រះ​សង្គ្រោះ​តែមួយ​អង្គ​គត់​របស់​គាត់។

ព្រឹត្តិការណ៍​ទាំង​ប៉ុន្មាន​មុននេះ គឺ​ជា​របៀប​ដែល​មនុស្ស​ម្នាក់​អាច​ក្លាយ​ទៅ​ជាគ្រីស្ទបរិស័ទ។ ការ​បញ្ជាក់​សេចក្តី​ទាំង​នេះ​ជាមុន ​គឺជា​ការ​សំខាន់​ណាស់ ពីព្រោះ​មនុស្ស​ជា​ច្រើន​គិត​ថា ការ​ក្លាយជា​គ្រីស្ទបរិស័ទ គឺ​គ្រាន់តែ​អាស្រ័យ​ទៅ​លើ​ការ​រស់នៅ​បែប​ជា​គ្រីស្ទបរិស័ទ​ប៉ុណ្ណោះ។ ប៉ុន្តែ​តាម​ពិត​មិន​ដូច្នោះ​ទេ! ជាដំបូង លោកអ្នក​ត្រូវ​តែ​ក្លាយ​ទៅ​ជា​គ្រីស្ទបរិស័ទ​ជា​មុន​សិន មុន​នឹង​លោកអ្នក​អាច​រស់​នៅ​បែប​ជា​គ្រីស្ទបរិស័ទ​បាន។

ជីវិត​នៃ​ភាព​ជា​សិស្ស​ដែល​បាន​រៀបរាប់​ជូន​ក្នុង​ទំព័រ​បន្តបន្ទាប់ គឺ​ជា​ជីវិត​អធិធម្មជាតិ​មួយ។ យើង​គ្មាន​អំណាច​អាច​រស់នៅ​បែប​នោះ​ដោយ​ខ្លួន​យើង​ផ្ទាល់​បាន​ទេ។ យើង​ត្រូវការ​អំណាច​ដែល​មក​ពី​ព្រះ​ជាម្ចាស់។ មាន​តែ​នៅ​ពេល​ដែល​យើង​បាន​កើត​ជា​ថ្មី​តែ​ប៉ុណ្ណោះ ទើប​អាច​ឲ្យ​យើង​ទទួល​អំណាច ហើយ​រស់​នៅ​ស្រប​តាម​សេចក្តី​បង្រៀន​របស់​ព្រះ​យេស៊ូវ​បាន។

មុន​នឹង​លោកអ្នក​អាន​បន្ត​ទៅ​មុខ​ទៀត សូម​សួរ​ខ្លួន​ឯង​ជា​មុន​សិន​ថា៖ «តើ​ខ្ញុំ​បាន​កើត​ជា​ថ្មី​ហើយ​ឬ​នៅ? តើ​ខ្ញុំ​បាន​ក្លាយ​ជា​បុត្រាបុត្រី​របស់​ព្រះ​ជាម្ចាស់​ដោយ​សារ​ជំនឿ​នៅ​ក្នុង​ព្រះ​អម្ចាស់យេស៊ូវ​ហើយ​ឬ​នៅ?»

ប្រសិនបើ​លោកអ្នក​មិន​ទាន់​ទេ ចូរ​ទទួល​ទ្រង់​ធ្វើ​ជា​ព្រះ​អម្ចាស់ និង​ជា​ព្រះ​អង្គសង្គ្រោះ​របស់​លោកអ្នក​ឥឡូវ​នេះ​ចុះ។ បន្ទាប់មក ប្ដេជ្ញាចិត្ត​នឹង​ស្ដាប់បង្គាប់​ទ្រង់​នូវ​គ្រប់​ការ​ទាំង​អស់​ដែល​ទ្រង់​បាន​បង្គាប់​បញ្ជា​មក ទោះបីជា​ការ​នោះ​ទាមទារ​ឲ្យ​លោកអ្នក​លះបង់​យ៉ាង​ណា​ក៏​ដោយ។

ជំពូក​ទី​១

លក្ខខណ្ឌ​នៃ​ភាព​ជា​សិស្ស

ភាព​ជា​គ្រីស្ទបរិស័ទ​ដ៏​ពិត គឺ​ជា​ការ​ប្ដូរផ្តាច់​ចំពោះ​ព្រះ​អម្ចាស់​យេស៊ូវគ្រីស្ទ​យ៉ាង​អស់​ពី​កាយ​ពី​ចិត្ត។

ព្រះសង្គ្រោះ​មិន​មែន​រក​អស់​បុរស​ស្ត្រី​ទាំង​ឡាយ​ណា​ដែល​នឹង​ថ្វាយ​ពេល​ទំនេរ​នា​ពេល​ល្ងាច​របស់​ពួក​គេ ឬ​ក៏​ថ្ងៃ​ចុង​សប្ដាហ៍​របស់​ពួក​គេ ឬ​ក៏​អំឡុង​ឆ្នាំ​នៃ​ការ​ចូល​និវត្តន៍​របស់​ពួក​គេ​នោះ​ទេ តែ​ទ្រង់​ស្វែងរក​អស់​អ្នក​ទាំង​ឡាយ​ណា​ដែល​នឹង​យក​ទ្រង់​ជា​អាទិភាព​ចម្បង​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ​វិញ។

សព្វ​ថ្ងៃ​នេះ​ទ្រង់​នៅ​តែ​បន្ត​ស្វែង​រក​ដូច​ជា​កាល​ដែល​ទ្រង់​ធ្លាប់​បាន​ស្វែង​រក​ជា​យូរ​មក​ហើយ​នោះ​ដែរ ទ្រង់​មិន​មែន​រក​ហ្វូង​មនុស្ស ​ដែល​អណ្ដែត​ត្រសែត​ឥត​គោលដៅ​នៅ​ក្នុង​ការ​ដើរ​តាម​គន្លង​របស់​ទ្រង់​នោះ​ទេ ប៉ុន្តែ​ទ្រង់​រក​អស់​បុគ្គល​ទាំង​ឡាយ​ណា ដែល​មាន​ភក្ដីភាព​ជា​អមតៈ​ចំពោះ​ទ្រង់ ហើយ​ភក្ដីភាព​នោះ​កើត​មាន​ឡើង​នៅ​ពេល​ដែល​បុគ្គល​ទាំង​នោះ​ទទួល​ស្គាល់​ថា ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ចំពោះ​អ្នក​ទាំង​ឡាយ​ណា​ដែល​បាន​ត្រៀម​ខ្លួន​ដើម្បី​ដើរ​តាម​គន្លង​នៃ​ការ​លះ​កាត់​ចិត្ត​ខ្លួន​ឯង។ ​គន្លង​នោះ​ទ្រង់​បាន​ដើរ​មុន​ពួក​គេ​រួច​ជា​ស្រេច​ហើយ។

— លោក អេឆ. អេ. អ៊ែវិន ហប់គិនស៍

(H. A. Evan Hopkins)

ការ​ឆ្លើយតប​ដ៏​ត្រឹមត្រូវ​ទៅនឹង​យញ្ញបូជា​របស់​ព្រះ​គ្រីស្ទ​នៅ​លើ​ភ្នំ​លលាដ៍ក្បាល​មាន​តែ​មួយ​គត់​គឺ យើង​ត្រូវ​ចុះចូល​ចំពោះ​ព្រះ​គ្រីស្ទ​ទាំងស្រុង​ដោយ​ឥតលក្ខខណ្ឌ។ ការ​ថ្វាយ​ព្រលឹង ជីវិត និង​គ្រប់​ទាំង​អស់​របស់​យើង​ដល់​ព្រះ​ជាម្ចាស់ គឺជា​ផ្លូវ​តែ​មួយ​គត់​ដែល​យើង​អាច​ឆ្លើយតប​ចំពោះ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​ក្រៃលែង​របស់​ទ្រង់​បាន។

ព្រះអម្ចាស់យេស៊ូវ​បាន​ទាមទារ​យ៉ាង​តឹងរ៉ឹង​លើ​ពួក​អ្នក​ដែល​នឹង​ក្លាយ​ទៅ​ជា​សិស្ស​របស់​ទ្រង់ ប៉ុន្តែ​មនុស្ស​គ្រប់​គ្នា​ក្នុង​សម័យ​ដ៏​ហ៊ឺហា​នា​ពេល​បច្ចុប្បន្ន​នេះ ​ស្ទើរតែ​មើល​រំលង​លើ​ការ​ទាមទារ​ទាំង​អស់​នោះ​បាត់​ទៅ​ហើយ។ ជារឿយៗ​យើង​ច្រឡំ​ដោយ​ស្មាន​ថា ការ​ធ្វើ​ជា​គ្រីស្ទបរិស័ទ​គឺ​ដូច​ជា​ការ​រត់គេច​ពី​ស្ថាននរក ហើយ​ធានា​ថា​នឹង​បាន​ទៅ​ស្ថានសួគ៌។ លើសពីនេះទៅទៀត យើង​គិត​ថា គ្រីស្ទបរិស័ទ​មាន​សិទ្ធិ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​តាម​ចិត្ត ដើម្បី​ធ្វើ​ឲ្យ​ជីវិត​សប្បាយ​រីករាយ។ យើង​បាន​ដឹង​ហើយ​ថា មាន​ខគម្ពីរ​តឹងរ៉ឹង​មួយ​ចំនួន​ស្ដីពី​ភាព​ជា​សិស្ស​នៅ​ក្នុង​ព្រះ​គម្ពីរ ប៉ុន្តែ​យើង​មាន​ការ​លំបាក​ណាស់​ក្នុង​ការ​ធ្វើ​ឲ្យ​ខគម្ពីរ​ទាំង​នោះ​ស្រប​ទៅ​នឹង​គំនិត​របស់​យើង​ដែល​គិត​ថា ជីវិត​ជា​គ្រីស្ទបរិស័ទ​គួរ​មាន​លក្ខណៈ​ល្អ​បែប​នេះ ឬ​បែប​នោះ។

យើង​ព្រម​ទទួល​យក​ការ​ពិត​ដែល​ថា ពួក​ទាហាន​ហ៊ាន​ប្ដូរ​ជីវិត​របស់​ពួក​គេ​ដោយ​បុព្វហេតុ​ស្នេហាជាតិ ហើយ​យើង​មិន​គិត​ថា​វា​ជា​រឿង​ចម្លែក​នោះ​ទេ ដែល​ពួក​អ្នក​កាន់​លទ្ធិ​កុម្មុយនីស្ត (Communists) ឬ​ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម ហ៊ាន​ប្ដូរ​ជីវិត​របស់​ពួក​គេ​ដោយ​សារ​ហេតុផល​នយោបាយ ឬ​សាសនា​របស់​ពួក​គេ​នោះ។ ប៉ុន្តែ​បើ​ថា ជីវិត​គ្រីស្ទបរិស័ទ​ត្រូវ​តែ​ទទួល​រង​នូវ​ភាព​វេទនា​នោះ ស្ដាប់​ទៅ​ហាក់​បី​ដូច​ជា​មិន​ទំនង ហើយ​ពិបាក​នឹង​យល់។

ទោះបើយ៉ាង​នេះក្តី ព្រះបន្ទូល​របស់​ព្រះ​អម្ចាស់​យេស៊ូវ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​ហើយ​ពី​លក្ខខណ្ឌ​នៃ​ភាព​ជា​សិស្ស​របស់​ទ្រង់។ វា​មិន​គួរ​នឹង​ពិបាក​យល់​សោះ ប្រសិនបើ​យើង​ព្រម​ទទួល​ស្គាល់​នូវ​អត្ថន័យ​ជាក់ស្ដែង​នៃ​ខគម្ពីរ​ទាំង​នោះ។ ខាង​ក្រោម​នេះ​គឺ​ជា​លក្ខខណ្ឌ​នៃ​ភាព​ជា​សិស្ស​ដូច​ដែល​ព្រះ​សង្គ្រោះ​របស់​មនុស្សលោក​បាន​ចែង​ទុក​មក៖

សិស្ស​ដ៏​ពិត​ត្រូវ​មាន​សេចក្តី​ស្រឡាញ់​ដ៏​ធំ​ក្រៃលែង​
ចំពោះ​ព្រះ​យេស៊ូវគ្រីស្ទ

«បើ​អ្នក​ណា​មក​ឯ​ខ្ញុំ ដោយ​មិន​ស្អប់​ឪពុកម្ដាយ ប្រពន្ធ​កូន បង​ប្អូន​ប្រុសស្រី និង​សូម្បីតែ​ជីវិត​របស់​ខ្លួន​ទេ អ្នក​នោះ​មិន​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ» (លូកា ១៤:២៦ គបខ)។ នេះ​មិន​មែន​មាន​ន័យ​ថា យើង​ត្រូវតែ​មាន​សម្អប់ ឬ​បំណង​អាក្រក់​ចំពោះ​ញាតិសន្តាន​របស់​យើង​នោះ​ទេ ប៉ុន្តែ​មាន​ន័យ​ថា សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​គ្រីស្ទ​គឺ​ធំ​ក្រៃលែង ហើយ​សេចក្តី​ស្រឡាញ់​ចំពោះ​ញាតិសន្តាន​មិន​អាច​ប្រៀប​ស្មើ​នឹង​សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ទ្រង់​បាន​ឡើយ។ តាម​ពិត​ឃ្លា​ដែល​ពិបាក​ជាង​គេ​នៅ​ក្នុង​ខគម្ពីរ​នេះ​គឺ៖ «សូម្បីតែ​ជីវិត​របស់​ខ្លួន»។ ការ​ស្រឡាញ់​ខ្លួន​ឯង​គឺ​ជា​ឧបសគ្គ​មួយ​ដ៏​មុត​ស្រួច​ជាងគេ​ក្នុង​ការ​ធ្វើ​ជា​សិស្ស​របស់​ទ្រង់។ ដរាបណា​យើង​មិន​សុខ​ចិត្ត​ប្រគល់​ជីវិត​របស់​យើង​ដើម្បី​ទ្រង់​ទេ នោះ​យើង​ក៏​មិន​ទាន់​រស់នៅ​តាមរបៀប​ដែល​ព្រះ​ជាម្ចាស់​សព្វព្រះហឫទ័យ​នៅ​ឡើយ។

សិស្ស​ដ៏​ពិត​ត្រូវតែ​
លះ​កាត់ចិត្ត​ខ្លួន​ឯង

«បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ នោះ​ត្រូវ​ឲ្យ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល​ចេញ ហើយ​ផ្ទុក​ឈើឆ្កាង​ខ្លួន...» (ម៉ាថាយ ១៦:២៤)។ ការ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​មិន​មែន​មាន​ន័យ​ថា ត្រូវ​ប្រព្រឹត្ត​ដូច​តាបស​នោះ​ទេ។ ការ​ធ្វើ​ដូចជា​តាបស​មាន​ន័យ​ថា ការ​តម​អាហារ​មួយ​ចំនួន តម​នូវ​ការ​សប្បាយរីករាយ ឬ​ការ​លះបង់​ទ្រព្យសម្បត្តិ​ផ្សេងៗ។ ផ្ទុយទៅវិញ ការ​លះ​កាត់​ចិត្ត​ខ្លួនឯង​នោះ​មាន​ន័យ​ថា យើង​ត្រូវ​ចុះចូល​យ៉ាង​ពេញលេញ​ចំពោះ​ការ​យក​ព្រះ​គ្រីស្ទ​ធ្វើ​ជា​ម្ចាស់ ហើយ​ខ្លួន​ឯង​មិន​មាន​សិទ្ធិ​អំណាច​អ្វី​ទាល់​តែ​សោះ នោះ​មាន​ន័យ​ថា ខ្លួន​ឯង​ដាក់រាជ្យ​ថ្វាយ​ទ្រង់។ ការ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​មាន​បញ្ជាក់​នៅ​ក្នុង​សម្រង់សម្ដី​របស់​លោក ហេនរី ម័រធីន (Henry Martyn)៖ «ឱ! ព្រះជាម្ចាស់​អើយ សូម​កុំ​ឲ្យ​ទូលបង្គំ​មាន​ឆន្ទៈ​ដែល​កើត​ចេញ​ដោយ​ខ្លួន​ឯង ឬ​ក៏​ចាត់​ទុក​សុភមង្គល​ពិត​របស់​ខ្លួន ដោយ​ការ​ពឹងផ្អែក​ទៅ​លើ​ស្ថានភាព​ខាង​សាច់ឈាម​ទូលបង្គំ​នោះ​ឡើយ ទោះបើ​វា​ស្ថិត​នៅ​ក្នុង​កម្រិត​ដ៏​តូច​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​សូម​ឲ្យ​ទាំងអស់​កើត​មាន​ឡើង​ដោយ​អនុលោម​ទៅ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់​វិញ»។

ព្រះអម្ចាស់​ខ្ញុំ​រុងរឿង​អស្ចារ្យ ទ្រង់​ឱបក្រសោប​ក្នុង​ព្រះហត្ថា
ឆន្ទៈ​នៃ​ខ្ញុំ​គឺ​អង្គក្សត្រា អំណរ​គ្រប់គ្រា​បាន​បម្រើ​ទ្រង់។

— លោក អេឆ. ជី. ស៊ី. ម៉ូល

(H. G. C. Moule)

សិស្ស​ដ៏​ពិត​ត្រូវតែ​ជ្រើសយក
​ឈើឆ្កាង​ដោយ​ចេតនា

«បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ នោះ​ត្រូវ​ឲ្យ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល​ចេញ ហើយ​ផ្ទុក​ឈើឆ្កាង​ខ្លួន...» (ម៉ាថាយ ១៦:២៤)។ ឈើ​ឆ្កាង​មិន​នឹង​ពិការ​ភាព​ខាង​ផ្លូវ​កាយ ឬ​ក៏​ការ​ឈឺចាប់​ខាង​ផ្លូវ​ចិត្ត​នោះ​ទេ ព្រោះ​បញ្ហា​ទាំង​នេះ​វា​កើត​មាន​ជា​ធម្មតា​ចំពោះ​មនុស្ស​គ្រប់ៗ​រូប​ទៅ​ហើយ។ ផ្លូវ​នៃ​ឈើឆ្កាង​គឺ​ជា​គន្លង​មួយ​ដែល​យើង​ត្រូវ​ជ្រើសរើស​ដើរ​ដោយ​ចេតនា គឺ​ដូច​ដែល​លោក ស៊ី. អេ. ខូតស៍ (C. A. Coates) បាន​លើក​ឡើង​ថា «ផ្លូវ​នៃ​ឈើឆ្កាង គឺជា​គន្លង​មួយ​ដែល​លោកីយ៍​បាន​គិត​ថា ជា​គន្លង​នៃ​សេចក្តី​អាប់យស និង​សេចក្តី​បន្ទោស»។ ឈើ​ឆ្កាង​តំណាង​ពី ភាពអាម៉ាស់ ការ​បៀតបៀន និង​ការ​ធ្វើ​ទុក្ខ​ទោស​ដែល​លោកីយ៍​បាន​ផ្ទុក​លើ​ព្រះ​រាជបុត្រា​របស់​ព្រះ​ជាម្ចាស់ ហើយ​ដែល​លោកីយ៍​នឹង​ផ្ទុក​លើ​អស់​អ្នក​ទាំង​ឡាយ​ណា​ដែល​សម្រេចចិត្ត​ក្រោក​ឈរ ​ប្រឆាំង​នឹង​ទំនោរ​ដែល​នៅ​ជុំវិញ​ពួក​គេ។ យើង​អាច​គេច​ពី​ភាព​អាម៉ាស់​នៃ​ឈើឆ្កាង​បាន​យ៉ាង​ងាយ ដោយ​គ្រាន់តែ​ត្រាប់តាម​របៀប​នៃ​លោកីយ៍។

សិស្ស​ដ៏​ពិត​ត្រូវតែ​ចំណាយ​ជីវិត
​ដើរ​តាម​ព្រះ​គ្រីស្ទ

«បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ នោះ​ត្រូវ​ឲ្យ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល​ចេញ ហើយ​ផ្ទុក​ឈើឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ» (ម៉ាថាយ ១៦:២៤)។ ដើម្បី​ឲ្យយើង​យល់ពី​អត្ថន័យ​ពី​ថា​សេចក្តី​ទាំង​នេះ​មាន​ន័យ​យ៉ាង​ដូចម្តេច គឺយើង​គ្រាន់​តែ​ត្រូវ​សួរ​ខ្លួន​ឯង​ថា «តើ​ជីវិត​រស់​នៅ​របស់​ព្រះ​អម្ចាស់យេស៊ូវ​មាន​លក្ខណៈ​បែបណា?» ជីវិត​រស់នៅ​របស់​ទ្រង់​មាន​លក្ខណៈ​ពេញដោយ ការ​ស្ដាប់បង្គាប់​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់ ការ​រស់​នៅ​ក្នុង​អំណាច​របស់​ព្រះ​វិញ្ញាណបរិសុទ្ធ ​ការ​បម្រើ​មនុស្ស​ដទៃ​ដោយ​មិន​មាន​ភាព​អាត្មានិយម ព្រមទាំង​ចេះ​អត់ធ្មត់ និង​ការ​ស៊ូ​ប្រឈមមុខ​ចំពោះ​សេចក្តី​អាក្រក់​ដ៏​ធ្ងន់ធ្ងរ មាន​ភាព​ឆេះឆួល ចេះ​ចំណាយ​ប្រាក់កាស និង​ពេលវេលា​បាន​យ៉ាង​ត្រឹមត្រូវ ដឹងខ្នាត ស្លូតបូត ហើយ​សប្បុរស និង​ស្មោះត្រង់ ព្រមទាំង​មាន​ភក្ដីភាព (កាឡាទី ៥:២២-២៣)។ ដើម្បី​ធ្វើ​ជា​សិស្ស​របស់​ទ្រង់ យើង​ត្រូវ​តែ​ដើរ​ឲ្យ​ដូច​ជា​ទ្រង់​បាន​ដើរ​ដែរ។ យើង​ត្រូវ​តែ​បង្ហាញ​ផលផ្លែ​ដូច​ជា​ព្រះ​គ្រីស្ទ (យ៉ូហាន ១៥:៨)។

សិស្ស​ដ៏​ពិត​ត្រូវ​មាន​សេចក្តី​ស្រឡាញ់​ដ៏​ក្លៀវក្លា​
ចំពោះ​អ្នក​ដែល​ជា​កម្មសិទ្ធិ​របស់​ព្រះ​គ្រីស្ទ

«គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ​ដោយ​សារ​សេចក្តី​នេះឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅវិញ​ទៅមក» (យ៉ូហាន​១៣:៣៥)។ នេះ​គឺ​ជា​សេចក្តី​ស្រឡាញ់​ដែល​ចាត់ទុក​អ្នក​ដទៃ​ប្រសើរ​ជាង​ខ្លួន​ឯង។ ហើយ​នេះ​ក៏​ជា​សេចក្តី​ស្រឡាញ់​ដែល​គ្រប​បាំង​អំពើ​បាប​ជា​អនេកអនន្ត (១ពេត្រុស ៤:៨)។ សេចក្តី​ស្រឡាញ់​បែបនេះ​តែង​តែ​អត់ធ្មត់ ហើយ​សប្បុរស ក៏​មិន​ចេះ​អួតខ្លួន ហើយ​មិន​មាន​ចិត្ត​ធំ​ផង មិន​ដែល​ប្រព្រឹត្ត​បែប​មិន​គួរ​សម មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រហ័ស​ខឹង និង​មិន​ដែល​មាន​គំនិត​អាក្រក់​ទេ គឺ​គ្រប​បាំង​ទាំងអស់ ទ្រាំទ្រ​ទាំង​អស់ ជឿ​ទាំង​អស់ សង្ឃឹម​ទាំង​អស់ (១កូរិនថូស ១៣:៤-៧)។ ប្រសិនបើ​គ្មាន​ក្តី​ស្រឡាញ់​បែប​នេះ​ទេ ភាព​ជា​សិស្ស​ច្បាស់​ជា​គ្មាន​ប្រយោជន៍ ហើយ​បដិសេធ​ខ្លួន​ឯង​ចោលទទេ ដោយ​គ្រាន់តែ​ទៅ​តាម​បញ្ញត្តិ​របស់​សាសនា​តែប៉ុណ្ណោះ។

សិស្ស​ដ៏​ពិត​ត្រូវតែ​បន្ត​រស់​នៅ​ក្នុង​
ព្រះបន្ទូល​ទ្រង់​ដោយ​មិន​រាថយ

«...បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន» (យ៉ូហាន ៨:៣១)។ ការ​ធ្វើ​ជា​សិស្ស​ដ៏​ពិត​តម្រូវ​ឲ្យ​បុគ្គល​នោះ​បន្ត​រស់នៅ​ក្នុង​ភាព​ជា​សិស្ស​ជា​ដរាប។ ការ​ចាប់ផ្តើម​ធ្វើ​ជា​សិស្ស​ល្អ​គឺ​ងាយ​ស្រួល​ទេ ប្រៀប​បាន​ដូច​ជា​អណ្ដាត​ភ្លើង​កាំជ្រួច​ដែល​បាន​ផ្ទុះ​បែក​ផ្កាភ្លើង​យ៉ាង​ស្អាត រួច​ក៏​រលាយ​បាត់​ទៅ​វិញ​មួយ​រំពេច។ ប៉ុន្តែ​ការ​សាក​ល្បង​ជាក់ស្តែង ដើម្បី​ឲ្យ​ដឹង​ថា បុគ្គល​ម្នាក់​បាន​ក្លាយ​ជា​សិស្ស​ដ៏​ពិត គឺ​គាត់​ត្រូវ​ស៊ូទ្រាំ​រហូត​ដល់​ទី​បំផុត។ បុគ្គល​ណា​ដែល​បាន​ដាក់​ដៃ​កាន់​នង្គ័ល​ហើយ​ងាក​មើល​ទៅ​ក្រោយ​គឺ​មិន​ស័ក្តិសម​ទៅ​នឹង​នគរ​របស់​ព្រះ​ជាម្ចាស់​ឡើយ (លូកា ៩:៦២)។ ការ​ស្តាប់បង្គាប់​តាម​បទគម្ពីរ​តែ​ម្ដងម្កាល​នោះ​មិន​គ្រប់គ្រាន់​ទេ។ ព្រះគ្រីស្ទ​សព្វព្រះហឫទ័យ​ឲ្យ​អ្នក​ដែល​ចង់​ដើរ​តាម​ទ្រង់ ស្ដាប់បង្គាប់​ឲ្យ​ខ្ជាប់​ខ្ជួន​ដោយ​មិន​ប្រឆាំង ឬ​សង្ស័យ​អ្វី​ឡើយ។

សូម​កុំ​ឲ្យ​ខ្ញុំ បែរ​ចេញ​ពី​ទ្រង់ ដង​នង្គ័ល​ជន់ ដោយ​ទឹក​នេត្រា
កណ្ដៀវ​វិនាស ច្រែស​ចាប់​យ៉ាង​ណា សូម​ទ្រង់​រក្សា កុំ​ឲ្យ​បែកបែរ។

— មិន​ស្គាល់​អ្នក​និពន្ធ

សិស្ស​ដ៏​ពិត​ត្រូវតែ​លះអាល័យ​អ្វីៗ​
ទាំង​អស់​ដើម្បី​តាម​ទ្រង់

«ដូច្នេះ អស់​អ្នក​ណា​នៃ​អ្នក​រាល់គ្នា​ដែល​មិន​លះអាល័យ​ពី​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់​នោះ​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មិន​បាន​ទេ» (លូកា ១៤:៣៣)។ មនុស្ស​ភាគ​ច្រើន​គិត​ថា លក្ខខណ្ឌ​នៃ​ភាព​ជាសិស្ស​របស់​ព្រះ​គ្រីស្ទ​ក្នុង​ខគម្ពីរ​មួយ​នេះ​ពិបាក​អនុវត្ត​ជាងគេ។ តាម​ពិត មាន​មនុស្ស​ជា​ច្រើន​មិន​សូវ​ចូលចិត្ត​ខគម្ពីរ​នេះ​នោះ​ទេ។ អ្នក​ទេវវិទូ​អាច​បង្កើត​លេស​បាន​ជាង​មួយពាន់​ហេតុផល​ដែល​ថា ខគម្ពីរ​នេះ​មិនមែន​មាន​ន័យ​ថា ​ត្រូវ​លះអាល័យ​ពី​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់​នោះទេ ប៉ុន្តែ​យើង​ដែល​ជា​សិស្ស​សាមញ្ញៗ​ងាយ​នឹង​ទទួល​យក​ខគម្ពីរ​នេះ ហើយ​ទទួល​ស្គាល់​ថា ព្រះគ្រីស្ទ​ជ្រាប​ពី​អ្វី​ដែល​ទ្រង់​បាន​មាន​បន្ទូល។ តើការ​លះអាល័យ​ពី​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់​មាន​ន័យ​យ៉ាង​ដូចម្ដេច? នេះ​មាន​ន័យ​ថា សិស្ស​របស់​ទ្រង់​ត្រូវ​លះបង់​ទ្រព្យសម្បត្តិ​ដែល​មិន​ចាំបាច់​របស់​ខ្លួន​ទាំង​អស់​ចោល ដើម្បី​យក​វា​មក​ប្រើប្រាស់​ក្នុង​ការ​ផ្សាយ​ដំណឹងល្អ។ បុគ្គល​ណា​ដែល​លះបង់​គ្រប់​អ្វីៗ​ទាំង​អស់​ចោល នោះ​មិនមែន​មាន​ន័យ​ថា គាត់​ចំណាយ​ពេល​ដោយ​ឥតប្រយោជន៍​នោះ​ទេ។ គាត់​នៅ​តែ​ខំប្រឹង​ធ្វើ​ការ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ចាំបាច់​នា​ពេល​បច្ចុប្បន្ន​របស់​គ្រួសារ​គាត់ និង​ខ្លួន​គាត់​ផ្ទាល់។ ប៉ុន្តែ ចាប់តាំង​ពី​គាត់​បាន​មាន​ចិត្ត​ឆេះឆួល ដើម្បី​ផ្សព្វផ្សាយ​ពី​ព្រះ​គ្រីស្ទ​មក គាត់​បាន​ដាក់​ចិត្ត​ដាក់​កាយ​ទាំងស្រុង​ក្នុង​ការ​ងារ​របស់​ព្រះ​ជាម្ចាស់​ខ្ពស់ជាង​ការ​ផ្គត់ផ្គង់​តម្រូវការ​បច្ចុប្បន្ន​របស់​គាត់​ទៅ​ទៀត ហើយ​បាន​ផ្ញើ​អនាគត​ទាំង​ស្រុង​នឹង​ព្រះ​ជាម្ចាស់​តែ​ម្ដង។ នៅក្នុង​ការ​ស្វែងរក​នគរ និង​សេចក្តី​សុចរិត​នៃ​ព្រះ​ជាម្ចាស់​ជាចម្បង គាត់​ជឿ​ថា គាត់​នឹង​មិន​ចេះ​ខ្វះ​ម្ហូបអាហារ និង​សំលៀក​បំពាក់​សោះឡើយ។ គាត់​មិន​សុខចិត្ត​ក្ដោប​លុយ​របស់​គាត់ ស្របពេល​ដែល​គាត់​ដឹង​ថា មាន​មនុស្ស​ដែល​ត្រូវការ​ដំណឹងល្អ​ជា​ច្រើន​កំពុងតែ​វិនាស។ គាត់​មិន​ចង់​ខ្ជះខ្ជាយ​ជីវិត​របស់​គាត់​ដោយ​ការ​បង្កើត​ទ្រព្យសម្បត្តិ​ដែល​នឹង​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​អារក្ស នៅពេល​ដែល​ព្រះ​គ្រីស្ទ​យាង​មក​យក​ពួក​បរិសុទ្ធ​របស់​ទ្រង់​នោះ​ឡើយ។ គាត់​ចង់​ស្ដាប់​តាម​សេចក្តី​បង្គាប់​របស់​ព្រះ​អម្ចាស់​ដែល​ទាស់​នឹង​ការ​ប្រមូល​ទ្រព្យសម្បត្តិ​ទុក​នៅ​លើ​ផែនដី​នេះ។ គាត់​បាន​ឯកភាព​នឹង​សម្ដី​របស់​លោក ដេវីឌ លីវីងស្តូន (David Livingstone) ទាក់ទង​នឹង​ការ​លះអាល័យ​អ្វីៗ​ទាំង​អស់​ចោល​ថា «ខ្ញុំ​សោកស្ដាយ​ណាស់​ដែល​ខ្ញុំ​គ្មាន​អ្វី​សេសសល់​ថ្វាយ​ទៅ​ទ្រង់​ទៀត»។

សេចក្តី​ទាំងនេះ​ គឺ​ជា​លក្ខខណ្ឌ​ទាំង​ប្រាំពីរ​យ៉ាង​នៃ​ភាព​ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ។ លក្ខខណ្ឌ​ទាំង​ប្រាំពីរ​នេះ​មាន​ភាព​ច្បាស់លាស់ ហើយ​ក៏​មិន​មាន​មន្ទិលសង្ស័យ​អ្វី​នោះ​ដែរ។ ពិតប្រាកដណាស់ យើង​បាន​ដាក់​ទោស​ខ្លួនឯង​ថា​ជា​អ្នក​បម្រើ​ដែល​គ្មាន​បាន​ផល​ចំណេញ ដោយសារ​យើង​មិន​បាន​អនុវត្ត​តាម​លក្ខខណ្ឌ​ទាំងនេះ​បាន​ទាំងស្រុង។ ប៉ុន្តែ តើ​សេចក្តី​ពិត​របស់​ព្រះ​ជាម្ចាស់​នឹង​ត្រូវ​បង្ខាំង​ជា​រៀង​រហូត​ដោយ​សារ​ការ​បរាជ័យ​នៃ​ប្រជារាស្ត្រ​របស់​ទ្រង់​ឬ? តើ​វា​មិន​មែន​ជា​ការ​ពិត​ទេ​ឬ​អី​ដែល​ថា សារ​លិខិត​តែង​តែ​ធំ​ជាង​អ្នក​នាំ​សារ​នោះ? តើ​វា​មិន​មែន​ជា​ការ​ត្រឹម​ត្រូវ​ទេ​ឬ​អី​ដែល​ថា ​ព្រះ​ជាម្ចាស់​ទ្រង់​ពិត​ត្រង់ ហើយ​មនុស្ស​គ្រប់ៗ​គ្នា​គឺ​ជា​អ្នក​ភូតភរ? តើ​យើង​មិន​គួរ​និយាយ​ឲ្យ​ដូច​អ្វី​ដែល​អ្នក​ជឿ​ជំនាន់​មុន​លើក​ឡើង​ថា «សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​សម្រេច ទោះបើ​ខ្ញុំ​ត្រូវ​វិនាស​ក៏​ដោយ» ទេ​ឬអី?

ស្របពេល​ដែល​យើង​សារភាព​ពី​ការ​បរាជ័យ​កន្លង​មក​របស់​យើង នោះ​ចូរ​ឲ្យ​យើង​ហ៊ាន​ប្រឈមមុខ​នឹង​បញ្ញត្តិ​របស់​ព្រះ​គ្រីស្ទ​ចំពោះ​យើង ហើយ​សូម​ឲ្យ​យើង​ទាំងអស់​គ្នា​ព្យាយាម​ធ្វើ​ជា​សិស្ស​ដ៏​ពិត​ប្រាកដ​របស់​ព្រះ​អម្ចាស់​ដ៏​រុងរឿង​នៃ​យើង​ចាប់​ពី​ពេល​នេះ​ត​ទៅ។

ឱ! ម្ចាស់​ខ្ញុំ​អើយ​នាំ​ខ្ញុំ​ទៅ​ទ្វារ​ទ្រង់​ផង
ខ្ញុំ​ត្រៀម​ត្រាប់​ត្រង​ចោះ​ត្រចៀក​សាជាថ្មី
សូម​ចង​ខ្ញុំ​ឲ្យ​ជាប់​នូវ​ចំណង​សេរី
ស៊ូទ្រាំ​ឃ្មាតខ្មី​នឿយ​ហត់​ស្ដាប់​បង្គាប់​ទ្រង់។

— លោក អេឆ. ជី. ស៊ី. ម៉ូល

(H. G. C. Moule)