សិស្ស
ដ៏ពិតរបស់
ព្រះយេស៊ូវ

ជំពូកទី១១

ការ​លៃលក​មើល​ជា​មុន

ព្រះអម្ចាស់យេស៊ូវ​មិន​ដែល​បញ្ជោរ​អ្នក​ណា​ម្នាក់​ឲ្យ​និយាយ​ថា ខ្លួន​ជឿ​លើ​ទ្រង់​នោះ​ឡើយ។ ហើយ​ទ្រង់​ក៏​មិន​ដែល​ប្រើ​ការ​អធិប្បាយ​ដែល​ពេញនិយម ដើម្បី​ទាក់ទាញ​ឲ្យ​មាន​អ្នក​ដើរតាម​ទ្រង់​ជា​ច្រើន​នោះ​ឡើយ។ តាមពិត រាល់​ពេល​ដែល​ហ្វូង​មនុស្ស​ចាប់ផ្ដើម​នាំ​គ្នា​ដើរ​តាម​ទ្រង់ ទ្រង់​ក៏​លើក​លក្ខខណ្ឌ​នៃ​ភាព​ជា​សិស្ស​ដែល​ពិបាក​អនុវត្ត​ឡើង ដើម្បី​ញែក​អ្នក​ជឿ​ពី​អ្នក​មិន​ជឿ។

មាន​ពេល​មួយ​មាន​ហ្វូង​មនុស្ស​បាន​ដើរ​តាម​ព្រះ​យេស៊ូវ ហើយ​ទ្រង់​បាន​ព្រមាន​ដល់​អស់​អ្នក​នោះ​ថា ពួក​គេ​ត្រូវ​លៃលក​មើល​ជា​មុន។ ទ្រង់​មាន​បន្ទូល​ថា៖

ដ្បិត​ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​មាន​អ្នក​ណា​ចង់​សង់​ផ្ទះ​ពី​ថ្ម តើ​មិន​អង្គុយ​លៃលក​មើល​ជា​មុន​ទេ​ឬ​អី ដើម្បី​ឲ្យ​ដឹង​ជា​មាន​ល្មម​នឹង​ធ្វើ​បង្ហើយ​បាន​ឬ​មិន​បាន ក្រែង​កាល​ណា​ដាក់​ជើង​ជញ្ជាំង រួច​បង្ហើយ​មិន​បាន នោះ​អស់​អ្នក​ណា​ដែល​ឃើញ​ក៏​នឹង​សើច​ចំអក​ឲ្យ ដោយ​ពាក្យ​ថា អ្នក​នេះ​បាន​ចាប់ផ្តើម​សង់​ផ្ទះ តែ​បង្ហើយ​មិន​បាន ឬ​តើ​មាន​ស្ដេច​ឯ​ណា ដែល​រៀប​ចេញ​ទៅ​ច្បាំង​នឹង​ស្តេច១​ទៀត ឥត​អង្គុយ​ពិគ្រោះ​មើល​ជា​មុន​សិន ដើម្បី​ឲ្យ​ដឹង​ជា​ខ្លួន​នាំ​ពល១​ម៉ឺន ទៅ​ត​ទល់​នឹង​ស្ដេច ដែល​នាំ​ពល​២​ម៉ឺន មក​ច្បាំង​បាន​ឬ​មិន​បាន បើ​ឃើញ​ថា​មិន​បាន​ទេ នោះ​ទ្រង់​នឹង​ចាត់​រាជ​ទូត ឲ្យ​ទៅ​សើុបសួរ​ពី​កិច្ច ដែល​ចង​ស្ពាន​មេត្រី​នឹង​គ្នា​ជា​យ៉ាង​ណា​ក្នុង​កាល​ដែល​ស្ដេច​នោះ​នៅ​ឆ្ងាយ​នៅ​ឡើយ (លូកា ១៤:២៨-៣២)។

 

យោងតាម​បទគម្ពីរ​ខាងលើ​នេះ​យើង​ឃើញ​ថា ព្រះយេស៊ូវ​បាន​ប្រៀបប្រដូច​ជីវិត​ជា​គ្រីស្ទបរិស័ទ​ទៅ​នឹង​ដំណើរ​នៃ​ការ​សាងសង់ និង​ការ​ធ្វើសង្គ្រាម។

ទ្រង់​បាន​មាន​បន្ទូល​ថា ការ​ចាប់ផ្តើម​សាងសង់​អគារ​ដែល​មិន​ដឹង​ថា​មាន​ថវិកា​គ្រប់គ្រាន់ ដើម្បី​បង្ហើយ​ការ​សាងសង់​នោះ វា​គឺ​ជា​រឿង​ដ៏​ល្ងង់ខ្លៅ​មួយ។ ជាងនេះទៅទៀត អគារ​ដែល​ពុំ​ទាន់​បាន​បញ្ចប់ នោះ​នឹង​ក្លាយ​ជា​សំណង់​ដែល​ឈរ​ទ្រឹង​មួយ​ដែល​វា​នឹង​បង្ហាញ​ពី​ភាព​ខ្វះចន្លោះ​នៃ​គំនិត​របស់​ម្ចាស់។

ពិតណាស់! បើ​បុគ្គល​ម្នាក់​សម្រេច​ចិត្ត​ដើរ​តាម​ព្រះ​គ្រីស្ទ​នៅ​កន្លែង​ប្រារព្ធ​ពិធី​ធំៗ​របស់​គ្រីស្ទបរិស័ទ និង​កន្លែង​ដែល​មាន​ភាព​កក់ក្ដៅ នោះ​ងាយ​នឹង​ឲ្យ​គាត់​សម្រេចចិត្ត​ដើរ​តាម​មែន។ ប៉ុន្តែ ការ​ពិបាក​គឺ​ការ​លះអាល័យ​ខ្លួនឯង និង​ការ​លីឈើឆ្កាង​ជា​ប្រចាំ​ថ្ងៃ ដើម្បី​ដើរ​តាម​ព្រះ​យេស៊ូវ។ ទោះបើ​ការ​ក្លាយជា​គ្រីស្ទបរិស័ទ​មិន​មាន​ការ​បង់ថ្លៃ​អ្វី​សោះ​ក៏​ដោយ តែ​ការ​ក្លាយជា​អ្នក​ជឿ​ដ៏​នឹងធឹង​ម្នាក់​ទាមទារ​ឲ្យ​មាន​ការ​លះបង់​ជា​ច្រើន​ដូចជា ការ​ពលីជីវិត ការ​ញែកខ្លួន​ចេញពី​លោកីយ៍ និង​ការ​រងទុក្ខ ដើម្បី​បម្រើ​ព្រះ​គ្រីស្ទ។ ការ​ចាប់ផ្ដើម​រស់នៅ​ជា​គ្រីស្ទបរិស័ទ​គឺ​ជា​ការ​ងាយស្រួល​មែន។ ប៉ុន្តែ​ការ​តស៊ូរស់នៅ​ជា​គ្រីស្ទបរិស័ទដែល​ប្រឈម​មុខ​នឹងការ​ល្អឬ​ការ​អាក្រក់ មានឬក្រ សប្បាយ​ឬ​កើតទុក្ខ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ នោះ​ជា​ការ​ពិបាក​ណាស់។

លោកីយ៍​កំពុងតែ​សង្កេត​មើល​ជីវិត​យើង។ ពួក​គេ​ដឹង​ក្នុង​វិញ្ញាណ​ថា ជីវិត​ជា​គ្រីស្ទបរិស័ទ​តម្រូវ​ឲ្យ​មាន​ភាព​ងប់ងុល​ក្នុង​ជំនឿ បើ​មិន​ដូច្នោះ​វា​គ្មាន​តម្លៃ​អ្វី​សោះ។ នៅពេល​ដែល​លោកីយ៍​ជួប​គ្រីស្ទបរិស័ទ​ដ៏​ឧស្សាហ៍​ម្នាក់ ប្រហែលជា​ពួក​គេ​នឹង​មើលងាយមើលថោក ជេរប្រមាថ ចំអក​ឲ្យ ប៉ុន្តែ​ពួក​គេ​គោរព​ឲ្យ​តម្លៃ​អ្នក​ឧស្សាហ៍​ក្នុង​ការ​ដើរតាម​ព្រះ​គ្រីស្ទ​នៅ​ក្នុង​ចិត្ត​ពួក​គេ​វិញ។ ប៉ុន្តែ​នៅ​ពេល​ដែល​លោកីយ៍​ជួប​គ្រីស្ទបរិស័ទ​មុខ​ពីរ​ដែល​មិន​បាន​បម្រើ​ព្រះ​ជាម្ចាស់​អស់​ពី​ចិត្ត​វិញ នោះ​ពួក​គេ​មាន​តែ​ការ​ស្អប់ខ្ពើម។ លោកីយ៍​ចាប់ផ្ដើម​ចំអកឡកឡឺយ​ឲ្យ​គ្រីស្ទបរិស័ទ​មុខ​ពីរ​នោះ​ដោយ​ការ​ឌឺដង​ថា «អា​មួយ​នេះ​វា​ចាប់ផ្ដើម​សាងសង់​ហើយ តែ​វា​មិន​មាន​លទ្ធភាព​បញ្ចប់​បាន​សោះ។ វា​រំភើប​ចិត្ត​នឹង​ប្រាប់​គេ​ពី​ជីវិត​ផ្លាស់ប្រែ​វា​ណាស់ ប៉ុន្តែ​ឥឡូវ​វា​នៅ​តែ​ដូច​ពី​មុន​ដដែល​ដូចតែគេតែឯង​ដែរ​ហ្នឹង។ វា​ចាប់ផ្តើម​ឡើង​លឿន​ដូច​ព្យុះ ប៉ុន្តែ​ឥឡូវ​វា​ជាប់​ភក់​ហើយ»

ហេតុ​ដូច្នេះ​ហើយ​ទើប​ព្រះ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា «ឯង​ត្រូវ​តែ​លៃលក​មើល​ជា​មុន»

ការ​ប្រៀបប្រដូច​ទី​ពី​របស់​ព្រះ​យេស៊ូវ​ទាក់ទងនឹង​ស្ដេច​មួយ​អង្គ​ដែល​ប្រុង​នឹង​ប្រកាស​សង្គ្រាម​ជាមួយ​ប្រទេស​ផ្សេង​ទៀត។ តើ​វា​មិន​មែន​ជា​ការ​សម្រេចចិត្ត​ដែល​ប្រកប​ដោយ​សុភវិនិច្ឆ័យ​ក្នុង​ការ​ដែល​ស្ដេច​នោះ​គន់គូរ​ថា ពល​ទាហាន​ទាំង​មួយ​ម៉ឺន​នាក់​របស់​ទ្រង់​អាច​មាន​លទ្ធភាព​វាយ​កំទេច​ខ្មាំង​សត្រូវ​ដែល​មាន​ចំនួន​ទ្វេ​ដង​នៃ​ចំនួន​ទាហាន​របស់​ទ្រង់​ទេ​ឬ​អី? តើ​វា​គួរ​ឲ្យ​អស់​សំណើច​យ៉ាង​ណា​ទៅ បើ​ស្ដេច​នោះ​ប្រកាស​សង្គ្រាម​ហើយ តែ​បែរជា​គិត​វិញ​ថា យើង​មិន​គួរ​ច្បាំង​ឡើយ ស្របពេល​ពល​ទាហាន​ទាំង​សង​ខាង​កំពុង​តែ​សម្រុកចូល​ប្រយុទ្ធ​គ្នា? បើ​ដូច្នោះ​គាត់​មាន​តែ​គ្រវី​ទង់ស​សុំ​ចុះ​ចាញ់ ហើយ​ឱនក្រាប​នៅ​លើ​ដី​សុំ​ក្ដី​មេត្តា​ពី​ពួក​គេ។

ជីវិត​គ្រីស្ទបរិស័ទ ​មាន​លក្ខណៈ​ស្រដៀងគ្នា​នឹង​អ្នក​ធ្វើ​សឹក​សង្គ្រាម​មែនទែន។ ជីវិត​ជា​គ្រីស្ទបរិស័ទ​មាន​សត្រូវ​ដ៏​សាហាវ​ឃោរឃៅ​គឺ លោកីយ៍ សាច់ឈាម និង​អារក្ស​សាតាំង ហើយ​ក៏​មាន​ទាំង​ការ​បង្អាក់ទឹកចិត្ត ការ​កាប់ចាក់ និង​ការ​ឈឺចាប់​ខ្លោចផ្សា មាន​ផ្ទុក​ដោយ​ជំងឺ​រសាប់រសល់​ដេក​មិន​លក់ ហើយ​ប្រាថ្នា​ចង់​ឲ្យ​តែ​ភ្លឺ​ឆាប់ៗ មាន​តែ​ទឹកភ្នែក អម្រែក​យ៉ាង​លំបាកលំបិន និង​ការ​ល្បងល​ជា​ច្រើន។ ហើយ​នៅ​ជុំវិញ​ខ្លួន​ឃើញ​មាន​តែ​អ្នក​ស្លាប់​រាល់តែថ្ងៃ។

អស់​អ្នក​ដែល​ចាប់ផ្ដើម​ដើរតាម​ព្រះ​គ្រីស្ទ​គួរតែ​ចងចាំ​ពី​ព្រឹត្តិការណ៍​នៅ ច្បារគែតសេម៉ានី ទី​ក្រាល​ថ្ម កាបាថា (យ៉ូហាន ១៩:១៣) និង​ភ្នំ​លលាដ៍ក្បាល។ បន្ទាប់មក​គាត់​គួរតែ​លៃលក​ពី​ការ​លះបង់​ក្នុង​ការ​ដើរតាម​ទ្រង់​ជាមុនសិន។ ក្រោយនោះមក​គាត់​មាន​ជម្រើស​ពីរ​យ៉ាង​ដែល​គាត់​អាច​ជ្រើស​យក ការ​ប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​ដើរតាម​ព្រះ​គ្រីស្ទ ឬ​ក៏បោះបង់​ទ្រង់​ចោល ព្រោះគាត់​គិត​ថា​ការ​លះបង់​ក្នុង​ការ​ដើរតាមទ្រង់​ហួសហេតុ​ពេក។

យោងតាម​ការ​ប្រៀបប្រដូច​ទាំង​ពីរ​ខាង​លើ​នេះ ព្រះ​អម្ចាស់​យេស៊ូវ​បាន​ក្រើនរំឭក​ដល់​អស់អ្នក​ដែល​ស្ដាប់​ទ្រង់​ថា ពួក​គេ​មិន​គួរ​សម្រេចចិត្ត​មក​ធ្វើ​ជា​សិស្ស​របស់​ទ្រង់​លឿន​ពេក​នោះ​ទេ។ ទ្រង់​បាន​មាន​បន្ទូល​ទៀត​ថា ពួក​គេ​នឹង​ជួប​ការ​បៀតបៀន ភាពខ្លោចផ្សា និង​ការ​រងទុក្ខវេទនា​ផ្សេងៗ។ ដូច្នេះ មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​ជា​សិស្ស​របស់​ទ្រង់ ពួក​គេ​គួរតែ​លៃលក​ជាមុន​សិន។

តើ​អ្វី​ទៅ​ជា​តម្លៃ​នៃ​ការ​ដើរ​តាម​ព្រះ​យេស៊ូវ? ខ​ខាងក្រោម​នេះ​នឹង​ប្រាប់​ពី​ចម្លើយ​យ៉ាង​ដូច្នេះ​ថា៖ «ដូច្នេះ អស់​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​មិន​លះ​អាល័យ​ពី​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់ នោះ​ធ្វើ​ជា​សិស្ស​ខ្ញុំ​មិន​បាន​ទេ» (លូកា ១៤:៣៣)។

តម្លៃ​នោះ​គឺ គ្រប់​អ្វីៗ​ទាំង​អស់ មិន​ថា​ជីវិត​ឬ​ទ្រព្យសម្បត្តិ​នោះ​ឡើយ។ យើង​ឃើញ​ថា ព្រះសង្គ្រោះ​បាន​លះបង់​គ្រប់ទាំង​អស់ ហេតុដូច្នេះ​ហើយ អស់​អ្នក​ដែល​នឹង​ដើរ​តាម​ទ្រង់​ត្រូវតែ​លះបង់​គ្រប់អ្វីៗ​ទាំងអស់​ដូច​ទ្រង់​ដែរ។ ប្រសិនបើ​ទ្រង់ ដែល​ជា​អ្នក​មាន​ស្កឹមស្កៃ​បំផុត ហើយ​ទ្រង់​បាន​ស្ម័គ្រព្រះទ័យ​យាង​មក​ធ្វើ​ជា​អ្នក​ក្រខ្សត់​ទៅ​ហើយ​នោះ តើ​សិស្ស​របស់​ទ្រង់​សម​នឹង​ទទួល​បាន​មកុដ​ដោយ​គ្រាន់តែ​លះបង់​បន្តិចបន្តួច​ឬ?

ព្រះអម្ចាស់យេស៊ូវ​ក៏​បាន​បញ្ចប់​សេចក្តី​បង្រៀន​ដោយ​សង្ខេប​យ៉ាង​ខ្លី​ថា៖ «អំបិល​ជា​របស់​ល្អ តែ​បើ​បាត់​ជាតិ​ប្រៃ​ហើយ តើ​នឹង​យក​អ្វី​ធ្វើ​ឲ្យ​ប្រៃ​ឡើង​វិញ​បាន» (លូកា ១៤:៣៤)។

គ្រា​សម័យ​ដើម​នៃ​ព្រះ​គម្ពីរ មនុស្ស​នៅ​ជំនាន់​នោះ​មើល​ទៅ​ហាក់ដូចជា​មិន​មាន​អំបិល​ស្អាត ដូច​ជា​អំបិល​ដែល​យើង​មាន​រាល់​ថ្ងៃ​នេះ​សោះ។ អំបិល​របស់​គេ​ហាក់​ដូច​ជា​មាន​ភាព​ប្រឡូកប្រឡាក់​ខ្លះ ដូចជា​មាន​លាយ​ខ្សាច់។ល។ ហើយ​មិន​ដឹង​មកពី​ហេតុ​អ្វី​បាន​ជា​នាំ​ឲ្យ​អំបិល​បាត់បង់​ជាតិ​ប្រៃ ដែល​បណ្ដាល​ឲ្យ​អំបិល​បាត់បង់​តម្លៃ​អស់​រលីង។ វា​មិន​អាច​យក​មក​ប្រើ​ការ​បាន​ទៀត​ឡើយ សូម្បី​តែ​ធ្វើ​ជា​ដី ឬ​ជា​ជី​ដាំ​ដំណាំ​ផ្សេងៗ​ក៏​មិន​បាន​ដែរ។ ពេល​ខ្លះ​គេ​យក​វា​មក​ចាក់​បំពេញ​ថ្លុក​តាម​ផ្លូវ​ដើរ​ប៉ុណ្ណោះ។ ដូច្នេះ​វា «...គ្មាន​ប្រយោជន៍​ទៀត​សោះ មាន​តែ​បោះបង់​ចោល​ទៅ​ក្រៅ ឲ្យ​មនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ» (ម៉ាថាយ ៥:១៣)។

ការ​ប្រៀបប្រដូច​ខាង​លើ​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា គោលបំណង​ចម្បង​របស់​គ្រីស្ទបរិស័ទ​គឺ ថ្វាយ​សិរីល្អ​ដល់​ព្រះ​ជាម្ចាស់ តាមរយៈ​ការ​ថ្វាយ​ជីវិត​បម្រើ​ទ្រង់​ឲ្យ​អស់​ពី​ដួងចិត្ត។ គ្រីស្ទបរិស័ទ​អាច​បាត់បង់​ភាព​ឆេះឆួល​នៃ​ការ​បម្រើ​ព្រះ​ជាម្ចាស់ បើ​គាត់​នៅ​តែ​ប្រមូល​ទ្រព្យសម្បត្តិ​ទុក​នៅ​ផែនដី​នេះ ហើយ​ស្វែងរក​តែ​ភាព​សុខស្រួល​សម្រាប់​តែ​ខ្លួនឯង ក៏​ដូចជា​ព្យាយាម​ធ្វើ​ឲ្យ​កិត្តិយស​កេរ្តិ៍​ឈ្មោះ​ខ្លួន​បាន​ល្បី​រន្ទឺ ព្រមទាំង​យក​ជីវិត និង​ទេពកោសល្យ​របស់​ខ្លួន​ទៅ​បម្រើ​លោកីយ៍​ដ៏​មិន​ស្ថិតស្ថេរ​នេះ។

ប្រសិនបើ​អ្នក​ជឿ​យល់​ច្រឡំ​ពី​គោលបំណង​ចម្បង​របស់​ខ្លួន នោះ​គាត់​ក៏​នឹង​យល់​ច្រឡំ​ពី​អ្វីៗ​ផ្សេង​ទៀត​ដែរ។ គាត់​គ្មាន​ប្រយោជន៍​ទាល់តែ​សោះ លើកលែង​តែ​ប្រើ​ដូចជា​អំបិល​ដែល​បាត់បង់​រសជាតិ​ទុក​សម្រាប់​ឲ្យ​មនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ។ ប្រយោជន៍​របស់​គាត់​មាន​តែ​ឲ្យ​លោកីយ៍​សើច​ចំអក ជាន់ឈ្លី ហើយ​មើលងាយ​តែ​ប៉ុណ្ណោះ។

ព្រះបន្ទូល​ចុងក្រោយ​នៃ​រឿង​នេះ​គឺ​យ៉ាង​ដូច្នេះ៖ «...អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ» (លូកា ១៤:៣៥)។

ជារឿយៗ នៅពេល​ដែល​ព្រះ​អម្ចាស់​បន្លឺ​ព្រះ​បន្ទូល​យ៉ាង​ធ្ងន់​ដូចនេះ ទ្រង់​តែងតែ​បន្ថែម​ពាក្យពេចន៍​ដូច​ខាង​លើ​នេះ។ មើល​ទៅ​ហាក់​បី​ដូចជា​ទ្រង់​ជ្រាប​ថា មនុស្ស​ភាគច្រើន​នឹង​បដិសេធ​ព្រះ​បន្ទូល​របស់​ទ្រង់។ ទ្រង់​ជ្រាប​ថា នឹង​មាន​អ្នក​ខ្លះ​ព្យាយាម​កាត់ស្រាយ​ព្រះ​បន្ទូល​របស់​ទ្រង់​ខុស ដើម្បី​ព្យាយាម​ដក​យក​លក្ខខណ្ឌ​ដ៏​ពិបាក​នៃ​ភាព​ជាសិស្ស​ដែល​ទ្រង់​តម្រូវ​ឲ្យ​មាន​ចេញ។

ប៉ុន្តែ​ទ្រង់​ក៏​ជ្រាប​ដែរ​ថា នឹង​មាន​មនុស្ស​ក្មេង​ចាស់​បើក​ចិត្ត ហើយ​ចុះចូល​នឹង​លក្ខខណ្ឌ​ដ៏​ឧត្តុង្គឧត្តម​របស់​ទ្រង់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ទ្រង់​ទុក​ទ្វារ​ចំហ ដើម្បី​ទុក​ជម្រើស​ឲ្យ​ពួក​គេ​ចូល។ «...អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ» អស់​អ្នក​ដែល​បាន​ឮ គឺ​ជា​អ្នក​ដែល​បាន​លៃលក​ជាមុន ហើយ​នៅ​ពោល​ថា៖

ខ្ញុំបានសម្រេចចិត្ត ដើរតាមព្រះយេស៊ូវ
បើសិនគ្មានគេតាម ខ្ញុំនៅតែតាមទ្រង់
ឈើឆ្កាងនៅខាងមុខ លោកីយ៍នៅខាងក្រោយ
ខ្ញុំមិនបែរក្រោយ ខ្ញុំមិនបែរក្រោយ។