សិស្ស
ដ៏ពិតរបស់
ព្រះយេស៊ូវ

ជំពូកទី៩

អំណាច​គ្រប់គ្រង​ផែនដី

ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​យើង​មក​ឲ្យ​មាន​អំណាច​គ្រប់គ្រង​ផែនដី ហើយ​ទ្រង់​មិន​ដែល​មាន​បំណង​ព្រះ​ហឫទ័យ​ឲ្យ​យើង​ទៅ​ធ្វើ​ការ​តូចទាប​នោះ​ទេ។ ទ្រង់​ក៏​មិន​ដែល​មាន​បំណង​ព្រះ​ហឫទ័យ​ឲ្យ​យើង​ចំណាយ​ជីវិត​របស់​យើង​ជា​អ្នក​ធ្វើការ​តូចតាច​ដែល​មិន​ស្ថិតស្ថេរ​នោះ​ដែរ។

នៅពេល​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​មនុស្ស​នៅ​ដើមដំបូង ទ្រង់​បាន​ប្រទាន​អំណាច​ឲ្យ​គាត់​គ្រប់គ្រង​លើ​ផែនដី។ ទ្រង់​ក៏​បាន​បំពាក់​មកុដ​សិរីរុងរឿង និង​កិត្តិយស​ដល់​គាត់ ព្រមទាំង​បាន​បង្ក្រាប​គ្រប់​អ្វីៗទាំងអស់​ឲ្យ​នៅ​ក្រោម​ជើង​របស់​គាត់។ នៅពេល​នោះ​ព្រះ​ជាម្ចាស់​បាន​ប្រដាប់​កាយ​មនុស្ស​ដោយ​កិត្តិយស និង​អធិបតេយ្យ​ទាប​ជាង​ទេវតា​តែ​បន្តិច​ទេ។

ពេល​ដែល​អ័ដាម​បាន​ធ្វើ​បាប គាត់​បាន​ធ្វើ​ឲ្យ​បាត់បង់​អំណាច​របស់​គាត់ ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​ឲ្យ។ គាត់​មិន​បាន​ប្រើ​អំណាច​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រគល់​ឲ្យ​ទេ តែ​គាត់​បែរ​ជា​ទៅ​គ្រប់គ្រង​លើ​អាណាចក្រ​ដែល​មិន​ស្ថិតស្ថេរ​ទៅវិញ។

យើង​អាច​ទទួល​បាន​អំណាច​គ្រប់គ្រង​មក​វិញ​ខ្លះ​តាមរយៈ​ដំណឹង​ល្អ។ វា​មិនមែន​ដូចជា​ការ​ដែល​យើង​គ្រាន់តែ​គ្រប់គ្រង​លើ​ឆ្កែ​ដែល​កាច​សាហាវ ឬ​ពស់​អាសិរពិស​នោះ​ទេ តែ​វា​គឺ​ជា​ការ​ប្រមូល​អ្នក​មិន​ជឿ និង​អ្វីៗ​ទាំងអស់​នៅ​លើ​ផែនដី​នេះ​មក​ធ្វើ​ជា​មរតក​របស់​យើង។ លោក ចេ. អេឆ. ហ៊ូវ៉េតថ៍ (J. H. Jowett) បាន​លើក​ឡើង​ថា៖ «នៅពេល​ដែល​បុគ្គល​ម្នាក់​មាន​អធិបតេយ្យ​ខាង​ឯ​សីលធម៌ និង​ខាងឯវិញ្ញាណ នោះ​គាត់​មាន​ចក្រពត្តិ​និយម​ដ៏​ពិត​។ គាត់​គ្រប់គ្រង​បាន ​ដោយសារ​គាត់​មាន​ជីវិត​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ស្អាតស្អំ ហើយ​ជីវិត​នោះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​មនុស្ស»

តាមពិតទៅ កិត្តិយស​នៃ​ការ​ត្រាស់ហៅ​ដែល​គ្រីស្ទបរិស័ទបាន​ទទួល​ពី​ព្រះ​ជាម្ចាស់ គឺ​ជា​ការ​ដែល​លោក ​អ័ដាម ​មិន​ដឹង​សោះ។ យើង​គឺ​ជា​ដៃគូ​ជាមួយនឹង​ព្រះ​ជាម្ចាស់​ក្នុង​ការ​រំដោះ​លោកីយ៍​នេះ។ លោក ឌី​នស្ដែល ធី. យុាំង (Dinsdale T. Young) បាន​សរសេរ​ថា៖ «ព័ន្ធកិច្ច​របស់​យើង​គឺ ការ​ចាក់​ប្រេង​តាំង​ឲ្យ​មនុស្ស​ក្នុង​ព្រះ​នាម​ព្រះ​អម្ចាស់ ដើម្បី​ឲ្យ​ពួក​គេ​បាន​ជាប់​ជា​ពូជ​ស្ដេច ដើម្បី​ឲ្យ​ចេះ​គ្រប់គ្រង​ចិត្ត​ខ្លួនឯង និង​ដើម្បី​មក​បម្រើ​អាណាចក្រ​ព្រះ​ជាម្ចាស់»

ការ​បដិសេធ​នឹង​ការ​ត្រាស់ហៅ​ដ៏​ខ្ពង់ខ្ពស់​របស់​យើង​បាន​ផ្ដល់​សោកនាដកម្ម​ជា​ច្រើន​ក្នុង​ជីវិត​នាពេលបច្ចុប្បន្ន​នេះ។ យើង​ស្កប់ចិត្ត​នឹង​ការ​ឱបក្រសោប​យក​អ្វី​ដែល​គ្មាន​ប្រយោជន៍ ឬក៏​ជ្រើស​យក​អ្វី​ដែល​តូចតាច​មក​ធ្វើ​ជា​ចម្បង​វិញ។ ហើយ​យើង​ធ្វើ​តែ​អ្វី​ដែល​ធម្មតា ​ជាជាង​ធ្វើ​អ្វី​ដែល​អស្ចារ្យ។ យើង​ស្កប់ចិត្ត​នឹង​ឋានៈ​ជា​ទាសករ ជាជាង​ការ​សោយរាជ្យ​ជាមួយ​ព្រះ​គ្រីស្ទ។ មាន​មនុស្ស​តិច​ណាស់​ដែល​ចង់​ឃើញ​ជាតិសាសន៍​ផ្សេងៗ​ក្លាយ​ជា​រាស្ត្រ​របស់​ព្រះ​គ្រីស្ទ ​ដូចជា​លោក ស៊ី. អេឆ. ស្ពើចិន (C. H. Spurgeon)។ គាត់​បាន​សរសេរ​ពាក្យ​សម្ដី​ដ៏​អង់អាច​ទៅ​កាន់​កូន​ប្រុស​របស់​គាត់​ថា៖

ឳពុក​មិន​សប្បាយ​ចិត្ត​ទេ បើ​កូន​ទៅ​ធ្វើ​ជា​មហាសេដ្ឋី ស្របពេល​ដែល​ព្រះ​ជាម្ចាស់​សព្វព្រះហឫទ័យ​ឲ្យ​កូន​ទៅ​ធ្វើ​ជា​បេសកជន​នោះ។ ហើយ​ឳពុក​ក៏​មិន​សប្បាយ​ចិត្ត​នឹង​ឃើញ​កូន​ទៅ​ធ្វើ​ជា​ស្ដេច ស្រប​ពេល​ដែល​កូន​សម​ធ្វើ​ជា​បេសកជន​ដែរ។ ការ​ធ្វើ​ជា​ស្ដេច ធ្វើ​ជា​ឯកឧត្តម និង​ការ​មាន​គ្រប់​ទាំង​គ្រឿងអលង្ការ​របស់​លោកីយ៍​នេះ មិន​អាច​ប្រៀបផ្ទឹម​នឹង​ការ​ងារ​ផ្សាយ​ដំណឹងល្អ​ពី​ព្រះ​គ្រីស្ទ​បាន​នោះ​ឡើយ។ គ្មាន​ការ​អ្វី​ដែល​មាន​កិត្តិយស​ជាង​ការ​សាងសង់​រាជ្យ​របស់​ព្រះ​គ្រីស្ទ​នៅ​កន្លែង​ដែល​គ្មាន​អ្នក​ណា​សង់​ពី​មុន​នោះ​ទេ គឺ​ការ​ផ្សាយ​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​នៅ​តាម​តំបន់​ឆ្ងាយៗ។

លោក ចន ម៉ត់ (Jonh Mott) ដែល​ជា​អ្នក​តំណាង បេសកជន​ដ៏​ល្បី​ម្នាក់​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ចង់​ឃើញ​ជាតិសាសន៍​ផ្សេងៗ​ក្លាយ​ជា​រាស្ត្រ​របស់​ព្រះ​គ្រីស្ទ។ នៅពេល​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ឈ្មោះ ខាលវីន ខួលលិជ (Calvin Coolidge) ស្នើសុំ​ឲ្យ​គាត់​ទៅ​បម្រើការ​ជា​ឯកអគ្គរាជទូត​ប្រចាំ​នៅ​ប្រទេស​ជប៉ុន លោក ម៉ត់ (Mott) បាន​តប​ថា៖ «លោក​ប្រធានាធិបតី ចាប់តាំង​ពី​ពេល​ដែល​ព្រះ​ជាម្ចាស់​ត្រាស់​ហៅ​ខ្ញុំ​ឲ្យ​មក​ធ្វើ​ជា​ឯកអគ្គរាជទូត​របស់​ទ្រង់​មក ត្រចៀក​របស់​ខ្ញុំ​បាន​ប្រែ​ជា​ថ្លង់​លែង​ឮ​ការ​ត្រាស់ហៅ​ផ្សេង​ទៀត​ហើយ»។ លោក ប៊ីលី ហ្គ្រាម (Billy Graham) ក៏​បាន​លើក​ឡើង​ផងដែរ​ថា៖ មាន​ក្រុមហ៊ុន​ប្រេង​អន្តរជាតិ​មួយ​កំពុងតែ​ស្វែងរក​បុរស​ម្នាក់​ដែល​រស់នៅ​ភាគខាងកើត ពេល​នោះ​ក្រុមហ៊ុន​ក៏​ជ្រើសរើស​យក​បេសកជន​ម្នាក់​ឲ្យ​មក​ធ្វើ​ជា​តំណាង​ក្រុមហ៊ុន។ គេ​បាន​សន្យា​ថា​នឹង​ឲ្យ​គាត់​មួយម៉ឺន​ដុល្លារ ប៉ុន្តែ​គាត់​បាន​បដិសេធ។ រួច​គេ​ក៏​ថា​នឹង​ឲ្យ​គាត់​ពីរម៉ឺនប្រាំពាន់​ដុល្លារ តែ​គាត់​បាន​បដិសេធ​ទៀត។ ក្រោយមក​ទៀត​គេ​ក៏​ថា​នឹង​ឲ្យ​គាត់​ប្រាំម៉ឺន​ដុល្លារ ប៉ុន្តែ​គាត់​នៅ​តែ​បដិសេធ​ដដែល។ ដូច្នេះ​គេ​ក៏​សួរ​គាត់​ថា «ម៉េច​ក៏​លោក​មិន​ព្រម​ទទួល?» គាត់​បាន​តប​ថា «តម្លៃ​ដែល​លោក​ឲ្យ​នោះ​វា​ល្អ​ហើយ តែ​ការ​ងារ​នោះ​វា​តូច​ពេក ព្រោះ​ព្រះ​ជាម្ចាស់​បាន​ត្រាស់ហៅ​ខ្ញុំ​ឲ្យ​មក​ធ្វើ​ជា​បេសកជន​រួច​ទៅ​ហើយ»

ការ​ត្រាស់ហៅដែល​មក​ពី​ព្រះ​ជាម្ចាស់ គឺ​ជា​ការ​ប្រសើរ​លើស​ជាង​អ្វីៗ​ទាំងអស់ ហើយ​ប្រសិនបើ​យើង​បាន​ដឹង​អំពី​ការ​នេះ នោះ​ជីវិត​របស់​យើង​នឹង​ទទួល​បាន​នូវ​ភាព​ឧដុង្គឧត្តម​យ៉ាង​ល្អ​ក្រៃលែង។ យើង​នឹង​លែង​ហៅ​ខ្លួន​ឯង​ថា​ជា «អ្នក​ដែល​ទទួល​ការ​ត្រាស់ហៅ​ឲ្យ​មក​ធ្វើ​ជា​អ្នក​បូម​លូ»«អ្នក​ដែល​ទទួល​ការ​ត្រាស់​ហៅ​ឲ្យ​មក​ធ្វើ​ជា​សាស្ត្រាចារ្យ​រូបវិទ្យា» ឬ​ក៏​ជា «អ្នក​ដែល​ទទួល​ការ​ត្រាស់​ហៅ​ឲ្យ​មក​ធ្វើ​ជា​ពេទ្យ​ធ្មេញ» ទៀត​ហើយ។ ផ្ទុយទៅវិញ យើង​នឹង​រាប់​ខ្លួនឯង​ថា​ជា «អ្នក​ដែល​ទទួល​ការ​ត្រាស់ហៅ​ឲ្យ​មក​ធ្វើ​ជា​អគ្គរាជទូត​របស់​ព្រះ​ជាម្ចាស់» ហើយ​ការ​ងារ​ផ្សេងៗ គឺ​គ្រាន់តែ​ជា​មធ្យោបាយ​សម្រាប់​ជីវភាព​រស់នៅ​តែ​ប៉ុណ្ណោះ។ យើង​នឹង​ឃើញ​ថា យើង​គឺ​ជា​អ្នក​ដែល​ព្រះ​ជាម្ចាស់​បាន​ត្រាស់ហៅ​ឲ្យ​ចេញ​ទៅ​ផ្សាយ​ដំណឹងល្អ​ដល់​គ្រប់​ទាំង​មនុស្ស ហើយ​ទៅ​បង្កើត​សិស្ស​អស់​គ្រប់​ទាំង​សាសន៍។

អ្នក​ប្រហែល​នឹង​ពោល​ថា ការ​ងារ​នោះ​ធំ​មហិមា​យ៉ាង​ហ្នឹង​ផង! បាទ! ធំ​មហិមា​មែន! ប៉ុន្តែ​យើង​អាច​ធ្វើ​បាន។ តែ​ការ​នេះ​ទាមទារ​ឲ្យ​មាន​ការប្រតិបត្តិ​ភ្លាមៗ​ដែល​យើង​ត្រូវ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត។

ជាដំបូង សូម​គិត​អំពី​ចំនួន​ប្រជាជន​សរុប​នៅ​លើ​ពិភពលោក​ទាំង​មូល​សិន។ សព្វថ្ងៃ​នេះ​មាន​ប្រជាជន​ជាង​ប្រាំពីរ​កោដិ​នាក់​ដែល​កំពុង​រស់នៅ​លើ​ពិភពលោក​នេះ ហើយ​អត្រា​នៃ​ការ​កើត​ក៏​កំពុង​តែ​កើនឡើង​យ៉ាង​សន្ធឹកសន្ធាប់​ដែរ។ ចាប់តាំងពី​សម័យកាល​ព្រះ​យេស៊ូវ​រហូត​ដល់​មុន​សតវត្សរ៍​ទី១៨ ឃើញ​ថា ​ចំនួន​ប្រជាជន​សរុប​មិន​មាន​ដល់​មួយ​កោដិ​នាក់​ទេ តែ​មួយ​សតវត្សរ៍​ក្រោយមក យើង​ឃើញ​ថា ចំនួន​ប្រជាជន​សរុប​មាន​ដល់​ពីរ​កោដិ​នាក់។ នៅ​សតវត្សរ៍​ទី​២០ ​ចំនួន​ប្រជាជន​សរុប​បាន​កើន​ឡើង​រហូត​ដល់​ ៤.៤ កោដិនាក់។ សព្វថ្ងៃ​យើង​ឃើញ​ថា ចំនួន​មនុស្ស​កើន​ឡើង​ប្រមាណ​ជា ១៥០.០០០នាក់​ជា​រៀងរាល់​ថ្ងៃ​។

បើ​យើង​ធ្វើ​ស្ថិតិ​មនុស្ស​រាប់ពី​កំណើត​ពិភពលោក​រហូត​មក​ដល់​សតវត្សរ៍​ទី​១៨ យើង​ឃើញ​ថា មាន​មនុស្ស​ប្រមាណជា​៧០កោដិ​ធ្លាប់រស់រាន​មាន​ជីវិត​លើ​ផែនដី​នេះ ហើយ​សព្វថ្ងៃ​នេះ​អ្នក​ដែល​កំពុង​រស់នៅ​មាន​ប្រមាណ​ជា១០ភាគ​នៃ​ចំនួន​មនុស្ស​៧០កោដិនាក់នោះ ដោយសារ​ចំនួន​មនុស្ស​កើនឡើង​យ៉ាង​លឿន។

ទោះបើ​អាយុកាល​ជា​មធ្យម​នៃ​មនុស្ស​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​គឺ​ប្រមាណ​ជា ៧០ឆ្នាំ​ក៏​ដោយ យើង​គួរ​ផ្សាយ​ដំណឹង​ល្អ​ទៅកាន់​ពិភពលោក​ទាំងមូល​ជា​បន្ទាន់ ព្រោះ​មនុស្ស​ដែល​កំពុងរស់នៅ​ប្រទេសកំពុង​អភិវឌ្ឍ​មាន​អាយុ​កាល​ជា​មធ្យម​ក្រោម ៤០ឆ្នាំតែ​ប៉ុណ្ណោះ។ មនុស្ស​ជា​ច្រើន​កំពុងតែ​រកកល់នឹង​ចូល​ទៅ​ក្នុង​ស្ថាននរក​អស់កល្បជានិច្ច។ ដូច្នេះ បងប្អូន​អើយ កុំ​ពន្យារ​ពេល​ក្នុង​ការ​ផ្សាយ​ដំណឹងល្អ​ដល់​មនុស្ស​លោក​ឲ្យ​សោះ។

ព្រះគម្ពីរ​បាន​សង្កត់​ធ្ងន់​លើ​ការ​ផ្សាយ​ដំណឹងល្អ​ដល់​លោកីយ៍​ទាំងមូល។ «សេចក្តី​ជំនឿ ​កើត​ឡើង​ដោយ​ឮ ហើយ​ដែល​ឮ​នោះ គឺ​ដោយ​សារ​ព្រះ​បន្ទូល​នៃ​ព្រះ​» (រ៉ូម ១០:១៧)។ ក្នុង​ចំណោម​ភាសា​ជាង​៦៥០០​ដែល​មនុស្ស​ប្រើប្រាស់​នៅ​ក្នុង​ពិភពលោក​ទាំង​មូល​នេះ មាន​ប្រមាណ​ជា​២៥០០​ភាសា​ប៉ុណ្ណោះ​ដែល​មាន​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​បាន​បកប្រែ​ជា​ភាសា​របស់​ពួក​គេ។ ឯ​ពាក្យពេចន៍​ដែល​មាន​ប្រើ​នៅ​ក្នុង​ព្រះ​គម្ពីរ​ខ្លះ​ហាក់បីដូចជា​ប្រើ​ពាក្យ​បុរាណ​ពេក ហើយ​ពិបាក​យល់។ ជាងនេះទៅទៀត រឿង​ដែល​គួរ​ឲ្យ​ខ្លោចផ្សា​បំផុត​នោះ​គឺ មាន​ប្រជាជន​ប្រហែលជា​១៦​ភាគរយ​នៅ​លើ​ពិភពលោក​ជា​អនក្ខរជន។ ទោះបើ​ពួក​គេ​មាន​ព្រះ​គម្ពីរ​នៅ​ក្នុង​ដៃ ក៏​ពួក​គេ​មិន​អាច​អាន​បាន​ដែរ។

សម្រាប់​ជាតិ​សាសន៍​នៅ​លោក​ខាង​លិច​វិញ ពួក​គេ​មាន​សិទ្ធិ​សេរីភាព​មិន​ត្រឹម​តែ​ផ្នែក​សាសនា និង​ជា​ពន្លឺ​នៃ​ដំណឹងល្អ​ប៉ុណ្ណោះ​នោះ​ទេ លើសពីនោះទៅទៀត ​ពួក​គេ​ក៏​មាន​ធនធាន​ជា​ច្រើន​ផ្សេងៗ​ទៀត​ផង​ដែរ។ គ្រីស្ទបរិស័ទ​ដែល​មាន​ធនធាន​ច្រើន​គួរតែ​ប្រើ​វា​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​ដំណឹងល្អ​ដល់​លោកីយ៍​នេះ ក៏​ដូចជា​ជួយ​ផ្គត់ផ្គង់​តម្រូវការ​របស់​អ្នក​ក្រីក្រ។

មាន​មនុស្ស​មួយ​ភាគ​បី​នៅ​លើ​លោកីយ៍​នេះ​បាន​រាប់​ខ្លួន​ថា​ជា​គ្រីស្ទបរិស័ទ ប៉ុន្តែ​ក្នុង​ចំណោម​នោះ ក៏​មាន​គ្រីស្ទបរិស័ទ​ក្លែងក្លាយ​ដែរ។ គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ច្បាស់​ពី​ចំនួន​អ្នក​ជឿ​ដ៏​ពិត​នោះ​ឡើយ។ ប្រសិនបើ​គ្រីស្ទបរិស័ទ​ដ៏​ពិត​ទាំងអស់​ចេញ​ទៅ​ផ្សាយ​ដំណឹងល្អ​ទៅកាន់​អ្នក​ដែល​មិន​ទាន់​បាន​ឮ​ឲ្យ​បាន​តែ​សែសិប​នាក់ នោះ​ពិភព​លោក​ទាំងមូល​នឹង​បាន​ឮ​ដំណឹងល្អ​ពី​ព្រះ​យេស៊ូវ​សុសសាយ​ជា​មិន​ខាន។

សព្វថ្ងៃ​នេះ​ មាន​ពួក រ៉ូមុាំង​កាតូលិក (Roman Catholics) ប្រមាណ​ជា​មួយ​កោដិ​នាក់ ហើយ​ពួក អូថាដខស៍ (Orthodox) ប្រមាណ​ជា​២១៧​លាន​នាក់ និង​ពួក ប្រូតេស្តង់ (Protestants) ប្រមាណ​ជា​៣៥១​លាន​នាក់។

អ៊ីស្លាម​សាសនា​គឺជា​សាសនា​ដែល​មាន​ការ​លូតលាស់​លឿន​ជាង​គេ។ ក្នុង​ចំណោម​១.៣​កោដិ​នាក់​នៃ​អ្នក​កាន់​សាសនា​អ៊ីស្លាម ភាគ​ច្រើន​មាន​អាយុ​ក្រោម​២៥ឆ្នាំ។ មាន​ប្រទេស​ចំនួន​១៥​ដែល​ស្ទើរ​នឹង​ក្លាយ​ទៅ​ជា​ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម​ទាំង​អស់​ទៅ​ហើយ។ ក្នុង​ចំណោម​សាសនា​ខុសៗ​គ្នា​ទាំង​១០.២០០ ​នៃ​ទ្វីប​លោក​ទាំង​មូល សាសនា​ធំៗ​មាន​ដូចជា ព្រហ្មញ្ញ​សាសនា ពុទ្ធ​សាសនា សាសនា​ដែល​ជឿ​ថា​គ្មាន​ព្រះ (Atheism) សាសនា​ស៊ីក (Sikhism) និង​សាសនា​យូដា (Judaism)។ ហើយ​បើ​យើង​បូក​សាសនា​ទាំង​អស់​នេះ​ចូល​គ្នា វា​នឹង​មាន​ចំនួន​១.៤​កោដិ​នាក់​ដែល​មិន​បាន​ទទួល​ការ​សង្គ្រោះ។

លទ្ធិ​កុម្មុយនីស្ត​នៅ​តែ​ជា​សត្រូវ​នឹង​ជំនឿ​គ្រីស្ទបរិស័ទ។ លទ្ធិ​នេះ​បាន​ព្យាយាម​រារាំង​មនុស្ស​មួយ​ភាគ​ប្រាំ​នៃ​ចំនួន​ប្រជាជន​ក្នុង​ពិភពលោក​ទាំង​មូល មិន​ឲ្យ​ឮ​សេចក្តី​ពិត​ដូចជា​នៅ ប្រទេស​ចិន ប្រទេស​គុយបា ប្រទេស​វៀតណាម ប្រទេស​កូរ៉េ​ខាង​ជើង និង​ប្រទេស​ផ្សេងៗ​ទៀត។

រាល់​សមាជិក​នៃ​សាសនា និង​លទ្ធិ​ទាំង​អស់​មាន​តម្លៃ​ពេកក្រៃ​ចំពោះ​ព្រះ​អម្ចាស់យេស៊ូវ។ ទ្រង់​បាន​សុគត​សម្រាប់​ពួក​គេ​គ្រប់ៗគ្នា។ ពួក​គេ​ទាំងអស់​នោះ​គួរតែ​បាន​ឮ​ដំណឹងល្អ។ មនុស្ស​ដែល​ត្រូវការ​ឮ​ដំណឹងល្អ​មាន​ច្រើន​ក្រៃលែង។

ហេតុ​ដូច្នេះ តើ​ពិភព​លោក​ទាំង​មូល​បាន​ឮ​ដំណឹងល្អ​អំពី​ព្រះ​គ្រីស្ទ​ក្នុង​ជំនាន់​យើង​នេះ​តាមរយៈ​អ្វី? មាន​ចម្លើយ​តែ​មួយ​គត់​ដែល​ឲ្យ​ពិភព​លោក​ទាំង​មូល​បាន​ឮ​ដំណឹងល្អ​នោះ​គឺ ​តាមរយៈ​បុរស​និង​ស្ត្រី​ដែល​ស្រឡាញ់​ព្រះ​ជាម្ចាស់​អស់ពី​ដួង​ចិត្ត និង​ស្រឡាញ់​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​ដូច​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។ កិច្ចការ​នេះ​អាច​សម្រេច​បាន​តាមរយៈ​ភក្ដីភាព​ចំពោះ​ព្រះ​ជាម្ចាស់​ដែល​ចេញពី​សេចក្តី​ស្រឡាញ់​ដ៏​អមតៈ។

អស់​អ្នក​ដែល​នៅ​ជាប់​នឹង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​នឹង​មិន​ខ្លាច​លះបង់​អ្វី​ឡើយ​ក្នុង​ការ​បម្រើ​ទ្រង់។ ដោយសារ​ពួក​គេ​ស្រឡាញ់​ទ្រង់ នោះ​ពួក​គេ​ហ៊ាន​លះបង់​ដើម្បី​ទ្រង់ លើស​ពី​អ្វី​ដែល​ពួក​គេ​ហ៊ាន​លះបង់​ដើម្បី​ប្រមូល​ទ្រព្យសម្បត្តិ​នៅ​លោកីយ៍​នេះ។ ពួក​គេ​នឹង​លែង​រាប់​ជីវិត​របស់​ពួក​គេ​ថា សំខាន់​សម្រាប់​ខ្លួន​ទៀត​ឡើយ។ បំណងចិត្ត​ដ៏​ចម្បង​របស់​ពួក​គេ​គឺ​ចង់​ឃើញ​មនុស្ស​ទទួល​សេចក្តី​សង្គ្រោះ​រួច​ផុតពី​បឹងភ្លើង ទោះបើ​ត្រូវ​លះបង់​ជីវិត​របស់​ខ្លួន​ក៏​ដោយ។

ឱ! ព្រះជាម្ចាស់​ដែល​ត្រូវ​គេ​ឆ្កាង​អើយ
សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ចិត្ត​ដូច​ទ្រង់
បង្រៀន​ទូលបង្គំ​ឲ្យ​ចេះ​ស្រឡាញ់
អស់​ទាំង​ព្រលឹង​ដែល​កំពុង​តែ​សាបសូន្យ។
សូម​រក្សា​ចិត្ត​ទូលបង្គំ​នែបនិត្យ​នឹង​ទ្រង់
មាន​ទាំង​ក្ដី​ស្រឡាញ់​ផង​ដូច​នៅ​កាល់វ៉ារី
នាំ​ទាំង​ព្រលឹង​អ្នក​វង្វេង​ដល់​ទី​ដែល​ព្រះអង្គ​គង់។

— លោក ចេមស៍ អេ. ស្ទីវវើត (James A. Stewart)

 

ប្រសិនបើ​សេចក្តី​ស្រឡាញ់​មិន​មែន​ជា​កត្តា​ជំរុញ​ចិត្ត​យើង​ទេ នោះ​កុំ​សង្ឃឹម​ថា យើង​អាច​បំពេញ​បេសកកម្ម​របស់​ព្រះ​គ្រីស្ទ​បាន​ឡើយ។ ហើយ​ព័ន្ធកិច្ច​របស់​យើង​ក៏​គ្មាន​ប្រយោជន៍​ដែរ ប្រៀប​ដូចជា​សំឡេង​ឆូងឆាង ដូច​គង ឃ្មោះ​យ៉ាង​ដូច្នេះ​ដែរ។ ប៉ុន្តែ​នៅពេល​ដែល​សេចក្តី​ស្រឡាញ់​បាន​ចូល​មក​ធ្វើ​ជា តារា​នាំ​ផ្លូវ និង​នៅពេល​ដែល​មនុស្ស​ចេញ​ទៅ​ដោយ​មាន​ភក្ដីភាព​ដ៏​ឆេះឆួល​ចំពោះ​ព្រះ​គ្រីស្ទ នោះ​គ្មាន​អំណាច​ណា​មួយ​លើ​ផែនដី​នេះ​អាច​មក​បញ្ឈប់​ការ​សាបព្រោះ​ដំណឹងល្អ​បាន​ឡើយ។

សូម​នឹកស្រមៃ​ពី​អ្នក​ដើរតាម​ព្រះ​យេស៊ូវ​មួយ​ក្រុម​ដែល​ប្ដូរផ្ដាច់​ជីវិត​ចំពោះ​ទ្រង់ ស្រឡាញ់​ទ្រង់ ហើយ​ក៏​បាន​ឆ្លង​ភ្នំ កាត់​សមុទ្រ ​ដើម្បី​ផ្សាយ​ដំណឹងល្អ​ដ៏​អស្ចារ្យ​នេះ។ ពួក​គេ​នៅតែ​រុករក​កន្លែង​ថ្មី​ៗដោយ​មិន​ចេះ​នឿយហត់ ដើម្បី​ផ្សាយ​ដំណឹងល្អ ហើយ​រាប់​មនុស្ស​ដែល​ពួក​គេ​បាន​ជួប​ថា ជា​មនុស្ស​ដែល​ព្រះ​យេស៊ូវ​បាន​សុគត​ជំនួស ព្រមទាំង​រំពឹង​ចង់​ឲ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​ដែល​គោរព​ថ្វាយបង្គំ​ព្រះ​អង្គសង្គ្រោះ​រហូត​តរៀងទៅ។

តើ​សិស្ស​ទាំង​នេះ​ប្រើ​វិធី​សាស្ត្រ​បែប​ណា ដើម្បី​ឲ្យ​មនុស្ស​បាន​ស្គាល់​ព្រះ​គ្រីស្ទ?

ព្រះគម្ពីរ​សញ្ញាថ្មី​ហាក់ដូចជា​ចង់​បង្ហាញ​ពី​គោលការណ៍​ធំ​ពីរ​យ៉ាង ដើម្បី​ឈោងចាប់​លោកីយ៍​ដោយ​ដំណឹងល្អ។ ទីមួយ គឺ​តាមរយៈ​ការ​ប្រកាស​ជា​សាធារណៈ ចំណែក​ឯ​ទី​ពីរ​នោះ គឺ​តាមរយៈ​ការ​បង្កើត​សិស្ស​ដោយ​ផ្ទាល់​តែ​ម្ដង (សូម​មើល​ឧទាហរណ៍​នៅ​ក្នុង កិច្ចការ ២០:២០)។

ព្រះអម្ចាស់យេស៊ូវ និង​សិស្ស​របស់​ទ្រង់​បាន​ប្រើ​វិធីសាស្ត្រ​ទីមួយ​នេះ​ជាច្រើនលើកច្រើនសារ​រួច​មក​ហើយ។ ទី​ណា​ដែល​មាន​មនុស្ស​ប្រមូល​ផ្តុំ​គ្នា ទី​នោះ​គឺ​ជា​ឱកាស ដើម្បី​ផ្សាយ​ដំណឹងល្អ​ហើយ។ ហេតុដូច្នេះហើយ យើង​ឃើញ​ថា ការ​ផ្សាយ​ដំណឹងល្អ​កើតឡើង​នៅ​តាម ផ្សារ ពន្ធនាគារ សាលាប្រជុំ នៅ​តាម​ឆ្នេរសមុទ្រ ក៏​ដូចជា​ច្រាំង​ទន្លេ​ផង​ដែរ។ ដោយសារ​ដំណឹងល្អ​មាន​ភាព​បន្ទាន់ និង​ជា​សារ​ដ៏​សំខាន់​បំផុត ហេតុដូច្នេះ​បាន​ជា​ព្រះ​យេស៊ូវ និង​សិស្ស​ទ្រង់​ចេះ​តែ​ផ្សាយ​នៅ​គ្រប់​ទីកន្លែង។

វិធី​សាស្ត្រ​ទី​ពីរ​ក្នុង​ការ​បណ្តុះបណ្តាល​ជំនឿ​របស់​គ្រីស្ទបរិស័ទ គឺ​តាមរយៈ​ការ​បង្កើត​សិស្ស​ម្នាក់​ទល់​ម្នាក់ ឬ​តាម​ក្រុម​តូច។ នេះ​គឺ​ជា​វិធីសាស្ត្រ​ដែល​ព្រះ​អម្ចាស់យេស៊ូវ​បាន​ប្រើ​ពេល​ទ្រង់​ហ្វឹកហ្វឺន​សាវ័ក​ទាំង​១២​នាក់។ ទ្រង់​បាន​ត្រាស់​ហៅ​សាវ័ក​ទាំង​នោះ​ឲ្យ​មក​នៅ​ជាប់​ជាមួយនឹង​ទ្រង់ ដើម្បី​បញ្ជូន​ពួក​គេ​ឲ្យ​ចេញ​ទៅ​ផ្សាយដំណឹងល្អ​នៅ​កន្លែង​ផ្សេងៗ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទ្រង់​បាន​បង្រៀន​ពួក​គេ​ពី​សេចក្ដីពិត​នៃ​ព្រះ​ជាម្ចាស់។ ទ្រង់​បាន​រៀបចំ​ព័ន្ធកិច្ច ដើម្បី​ឲ្យ​ពួក​គេ​យក​ទៅ​បំពេញ​តាម​មុខងារ​រៀងៗ​ខ្លួន។ ទ្រង់​បាន​ប្រាប់​ពួក​គេ​យ៉ាង​លម្អិត​ពី​គ្រោះថ្នាក់​ដែល​នឹង​កើត​ឡើង ក៏​ដូច​ជា​ការ​លំបាក​ផ្សេងៗ​ទៀត​ដែល​ពួក​គេ​នឹង​ជួប​ប្រទះ។ ទ្រង់​ក៏​បាន​បង្រៀន​ពួកគេ​ពី​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​ដែល​ពី​មុន​ជា​រឿង​អាថ៌កំបាំង។ ទ្រង់​ក៏​បាន​ឲ្យ​ពួកគេ​ធ្វើ​ជា​ដៃគូ​នឹង​ទ្រង់​ក្នុង​ព័ន្ធកិច្ច​ដ៏​អស្ចារ្យ។ បន្ទាប់មក​ទ្រង់​ក៏​បាន​ចាត់​ពួក​គេ​ឲ្យ​ចេញ​ទៅ ដូចជា​ចៀម​នៅ​កណ្ដាល​ហ្វូង​ស្វាន​យ៉ាង​ដូច្នោះ​ដែរ (ម៉ាថាយ ១០:១៦)។ ដោយសារ​ព្រះ​វិញ្ញាណបរិសុទ្ធ​បាន​ប្រទាន​អំណាច​ដល់​ពួក​គេ នោះ​ពួក​គេ​ក៏​បាន​ចេញ​ទៅ​ប្រកាស​ប្រាប់​លោកីយ៍​ពី​ព្រះ​យេស៊ូវគ្រីស្ទ​ដ៏​ជា​ព្រះ​ដែល​មាន​ព្រះ​ជន្មរស់​ឡើង​វិញ បាន​យាង​ទៅ​ស្ថានសួគ៌ និង​ពី​ការ​ដែល​ព្រះ​ជាម្ចាស់​បាន​តម្កើង​ទ្រង់​ឡើង។ យើង​ឃើញ​ថា វិធី​សាស្ត្រ​នេះ​មាន​ប្រសិទ្ធភាព​ណាស់ ព្រោះ​តាមរយៈ​ពួក​សាវ័ក​តែ​១១នាក់ (ដោយ​សារ​ម្នាក់​បាន​ក្បត់​ទ្រង់) ពួក​គេ​បាន​ក្រឡាប់​ចាក់​ពិភពលោក​នេះ​ថ្វាយ​ដល់​ព្រះ​អម្ចាស់​យេស៊ូវគ្រីស្ទ (កិច្ចការ ១៧:៦)។

សាវ័ក ប៉ុល ក៏​បាន​អនុវត្ត​វិធីសាស្ត្រ​នេះ​ដោយ​ផ្ទាល់​ដែរ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ គាត់​បាន​លើកទឹកចិត្ត​ឲ្យ​លោក ធីម៉ូថេ​ ប្រើ​ប្រាស់​វិធីសាស្ត្រ​នេះ​ទៀត​ផង។ «ឯ​អស់​ទាំង​សេចក្តី​ដែល​អ្នក បាន​ឮ​អំពី​ខ្ញុំ នៅ​មុខ​ស្មរ​បន្ទាល់​ជា​ច្រើន​នោះ​ក៏​ត្រូវ​ផ្ញើ​ទុក​នឹង មនុស្ស​ស្មោះ​ត្រង់ ដែល​អាច​នឹង​បង្វឹក​បង្រៀន​ត​ទៅ​អ្នក​ឯ​ទៀត​ដែរ» (២ធីម៉ូថេ ២:២)។ ជំហាន​ទី​មួយ គឺ​ជ្រើសរើស​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​ព្រះ​ជាម្ចាស់​ដោយ​ប្រុងប្រយ័ត្ន និង​ដោយ​ការ​អធិស្ឋាន។ ជំហាន​ទី​ពីរ គឺ​ចែកចាយ​និមិត្ត​ដ៏​ល្អ​នេះ​ដល់​ពួក​គេ។ ជំហាន​ទី​បី គឺ​បញ្ជូន​ពួក​គេ​ឲ្យ​ចេញ​ទៅ​បង្កើត​សិស្ស​ដោយ​ផ្ទាល់ (ម៉ាថាយ ២៨:១៩)។

ចំពោះ​អស់​អ្នក​ដែល​ត្រេកត្រអាល​តែ​នឹង​តួ​លេខ​នៃ​ចំនួន​មនុស្ស ឬ​មនុស្ស​ដ៏​សន្ធឹកសន្ធាប់ នោះ​ការ​ប្រើ​វិធី​សាស្ត្រ​បែប​នេះ​មើល​ទៅ​ដូច​ជា​គ្មាន​អ្វី​អស្ចារ្យ​សោះ ហើយ​ត្រូវ​ចំណាយ​កម្លាំង​ច្រើន​ពេក។ ប៉ុន្តែ​ព្រះ​ជាម្ចាស់​ទ្រង់​ជ្រាប​នូវ​ការ​ដែល​ទ្រង់​កំពុង​តែ​ធ្វើ ហើយ​វិធីសាស្ត្រ​របស់​ទ្រង់​គឺ​ជា​វិធីសាស្ត្រ​ដែល​ល្អ​បំផុត។

សិស្ស​ដ៏​ស្មោះត្រង់​តែ​មួយ​ក្រុម​តូច​អាច​មាន​ឥទ្ធិពល​ក្នុង​ការ​បំផ្លាស់បំប្រែ​ពិភពលោក​ជា​ង​ក្រុម​ធំ បើ​ពួក​គេ​ប្រើ​វិធីសាស្ត្រ​របស់​ព្រះ​ជាម្ចាស់។

នៅពេល​ដែល​សិស្ស​ទាំងអស់​នេះ​ចេញ​ដំណើរ​ទៅ​ដោយ​នូវ​ព្រះ​នាម​ព្រះ​គ្រីស្ទ ពួក​គេ​បាន​ត្រាប់​តាម​គោលការណ៍​គ្រឹះ​យ៉ាង​ច្បាស់លាស់​ដែល​មាន​ចែង​នៅក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់។ ជាដំបូង​យើង​ឃើញ​ថា ពួក​គេ​មាន​ភាព​វៃឆ្លាត​ដូច​ពស់ ហើយ​សុភាព​ដូច​ព្រាប​ដែល​មិន​ដែល​ចេះ​បង្ក​រឿង​ទាស់​អ្នក​ដទៃ។ ពួក​គេ​ទីពឹង​លើ​ប្រាជ្ញា​របស់​ព្រះ​ជាម្ចាស់ ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​លំបាក​ដែល​ពួក​គេ​ជួបប្រទះ។ ស្របពេល​ជាមួយ​គ្នា​នេះដែរ ពួក​គេ​ក៏​មាន​ឥរិយាបថ​ទន់ភ្លន់ និង​ចេះ​បន្ទាប​ខ្លួន​ក្នុង​ទំនាក់ទំនង​ជាមួយនឹង​អ្នក​ផ្សេងៗ​ដែរ។ ដូច្នេះ​មិន​គួរ​ឲ្យ​មាន​អ្នកណា​ម្នាក់​ភ័យខ្លាច​ថា ពួក​គេ​នឹង​វាយ​ធ្វើ​បាប​ខ្លួន​ឡើយ តែ​គួរ​ភ័យខ្លាច​នឹង​ការ​អធិស្ឋាន និង​ការ​ដែល​ពួក​គេ​ចែកចាយ​ដំណឹងល្អ​មិនចេះឈប់មិនចេះឈរ​ដែល​នាំ​ឲ្យ​មនុស្ស​ជឿ​លើ​ព្រះ​គ្រីស្ទ​វិញ។

ពួក​សិស្ស​ទាំង​នេះ​មិន​បាន​ប្រឡូក​ខ្លួន​នឹង​នយោបាយ​ក្នុង​លោកីយ៍​នេះ​ទេ។ ហើយ​ក៏​មិន​បាន​គិត​ថា ព្រះជាម្ចាស់​ត្រាស់ហៅ​ពួក​គេ​ឲ្យ​ទៅ​ធ្វើ​សង្គ្រាម​តតាំង​នឹង​រដ្ឋាភិបាល ឬក៏​មនោគមន៍​នយោបាយ​អ្វី​នោះ​ឡើយ។ ពួក​គេ​អាច​សម្រប​ខ្លួន​នៅ​ក្រោម​របៀបរបប​រដ្ឋាភិបាល​មួយ​ណា​ក៏​បាន ហើយ​ស្មោះត្រង់​ទៅ​នឹង​ប្រព័ន្ធ​គ្រប់គ្រង​នោះ​រហូត លើកលែង​តែ​ចំណុច​ដែល​រដ្ឋាភិបាល​តម្រូវ​ឲ្យ​ពួក​គេ​បង្ខូច​ទីបន្ទាល់ ឬក៏​បដិសេធ​ព្រះ​ជាម្ចាស់​របស់​ពួក​គេ​ទេ ទើប​ពួក​គេ​នឹង​មិន​ស្ដាប់បង្គាប់ ហើយ​សុខចិត្ត​ទទួល​ទោស​វិញ។ ពួក​គេ​មិន​ចូល​រួម​គំនិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ប្រឆាំង​នឹង​អំណាច​រដ្ឋាភិបាល​នោះ​ទេ ក៏​មិន​ដែល​ធ្វើ​បដិវត្តន៍​អ្វី​ឡើយ។ តើ​ព្រះ​អម្ចាស់​មិន​បាន​មាន​បន្ទូល​នៅ​ក្នុង​កណ្ឌគម្ពីរ យ៉ូហាន ១៨:៣៦ ទេ​ឬ​អីថា៖ «...នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​លោកីយ៍​នេះ​ទេ បើ​សិន​ជា​នគរ​ខ្ញុំ​ត្រូវ​ខាង​លោកីយ៍​នេះ នោះ​ពួក​អ្នក​បំរើ​ខ្ញុំ គេ​នឹង​បាន​ត​យុទ្ធ​ហើយ...»? ពួក​គេ​គឺ​ជា​អគ្គរាជទូត​នៃ​នគរ​ស្ថានសួគ៌ ហើយ​រស់​នៅ​បែប​ជា​អ្នក​ធម្មយាត្រា និង​​ជា​ជន​ចម្លែក​ក្នុង​លោកីយ៍​នេះ​ផង​ដែរ។

ពួក​គេ​ពិត​ជា​ស្មោះត្រង់​ចំពោះ​គ្រប់​ទាំង​កិច្ចការ ហើយ​មិន​ចេះ​ស៊ីសំណូកសូកប៉ាន់​អ្វី​ឡើយ។ ចម្លើយ​ថា «បាទ» របស់​ពួក​គេ​នៅ​តែ​បាទ ហើយ​ចម្លើយ​ថា «ទេ» របស់​ពួក​គេ​នៅ​តែ​ទេ។ ពួក​គេ​មិន​ត្រាប់តាម​របៀប​លោកីយ៍​ដែល​គិត​ថា យើងអាច​ធ្វើ​អ្វី​ក៏​បាន​ឲ្យ​តែ​យើង​ទទួល​បាន​ផល​ល្អ​នៅ​ទី​បញ្ចប់។ ទោះក្នុងស្ថានភាព​ណា​ក៏​ដោយ ក៏​ពួក​គេ​នឹង​មិន​ប្រើ​វិធី​​អាក្រក់ ដើម្បី​ឲ្យ​មាន​ការ​ល្អ​ណា​មួយ​កើត​ឡើង​នោះ​ឡើយ។ ពួក​គេ​ម្នាក់ៗ​គឺ​ជា​រូបកាយ​ដែល​បាន​ប្រដាប់​ដោយ​បញ្ញាចិត្ត​ដែល​សុខចិត្ត​ស្លាប់ ជាជាង​ធ្វើ​បាប​ទៅ​ទៀត។

គោលការណ៍​មួយ​ផ្សេង​ទៀត​ដែល​សិស្ស​ទាំងនេះ​ត្រាប់តាម​គឺ​ថា ពួក​គេ​ចុះចូល​ហើយ​សហការ​ធ្វើ​ព័ន្ធកិច្ច​ជាមួយ​ក្រុមជំនុំ​តាម​តំបន់។ ពួក​គេ​ចេញ​ទៅ​វាល​ចម្រូត​ក្នុង​លោកីយ៍​ទាំង​មូល ដើម្បី​ច្រូត​យក​អ្នក​ជឿ​ថ្មីៗ​ថ្វាយ​ព្រះ​អម្ចាស់យេស៊ូវ រួច​ហើយ​នាំ​អស់​អ្នក​ដែល​បាន​ជឿ​ទាំង​នោះ​ឲ្យ​ប្រកប​ជាមួយ​នឹង​ក្រុម​ជំនុំ​តាម​តំបន់ ដើម្បី​ពង្រឹង​ជំនឿ​ដ៏​បរិសុទ្ធ​របស់​អ្នក​ជឿ​ទាំង​នោះ។ សិស្ស​ដ៏​ពិត​របស់​ព្រះ​យេស៊ូវ​ដឹង​ថា ក្រុមជំនុំ​តាមតំបន់​នៅ​លើ​ផែនដី​នេះ​គឺ​ជា​ឧបករណ៍​របស់​ទ្រង់​ក្នុង​ការ​ផ្សព្វផ្សាយ​ជំនឿ។ ហើយព័ន្ធកិច្ច​ដែល​ធ្វើ​តាមរយៈ​ក្រុមជំនុំ​ជា​ព័ន្ធកិច្ច​ដ៏​ស្ថិតស្ថេរ ព្រមទាំង​មាន​ផលប្រយោជន៍​ល្អ​ជាងគេ។

ដោយសារ​សិស្ស​របស់​ព្រះ​យេស៊ូវ​ឆ្លាតវៃ ដូច្នេះ​ពួក​គេ​អាច​គេច​ចេញ​ពី​ភាព​ជំពាក់ជំពិន​នៃ​សម្ពន្ធ​គ្រប់​បែបយ៉ាង​ដែល​មិន​ត្រាប់តាម​ព្រះ​បន្ទូល។ ពួក​គេ​ជំទាស់​ជា​ដាច់​ខាត​ក្នុង​ការ​អនុញ្ញាត​ឲ្យ​​អង្គការ​ណា​មួយ​មក​បញ្ជា​លើ​ព័ន្ធកិច្ច​របស់​ពួក​គេ​នោះ​ឡើយ។ តែ​ពួក​គេ​ទទួល​ព្រះ​រាជឱង្ការ​ឲ្យ​ចេញ​ទៅ​ដោយ​ផ្ទាល់​ពី​ទីបញ្ជាការ​ដ្ឋាន​កំពូល​នៅ​នគរ​ស្ថានសួគ៌។ នេះ​មិនមែន​មាន​ន័យ​ថា ពួក​គេ​ចាប់ផ្ដើម​ចេញ​ទៅ​ដោយ​មិន​មាន​ទំនុក​ចិត្ត ឬ​គ្មាន​ប្រឹក្សា​ពី​សំណាក់​គ្រីស្ទបរិស័ទ​ក្នុង​ក្រុមជំនុំ​តាមតំបន់​របស់​ពួក​គេ​នោះ​ឡើយ។ ផ្ទុយទៅវិញ ​ការ​ប្រឹក្សា​នេះ​ពួក​គេ​រាប់​ជា​ការ​អះអាង​ថា ព្រះជាម្ចាស់​ពិត​ជា​បាន​ត្រាស់​ហៅ​ពួក​គេ​ឲ្យ​ធ្វើ​ព័ន្ធកិច្ច​មែន។ លើសពីនេះទៅទៀត ពួក​គេ​គិត​ថា ការ​បម្រើ​ព្រះ​គ្រីស្ទ​ស្រប​តាម​ព្រះ​បន្ទូល​របស់​ទ្រង់ និង​ការ​ណែនាំ​របស់​ទ្រង់​គឺ​ជា​ការ​ចាំបាច់​ណាស់។

ជាទីបញ្ចប់ ពួក​សិស្ស​ទាំង​នេះ​ព្យាយាម​ចៀសចេញ​ពី​ការ​បង្ហាញ​មុខមាត់​ជា​សាធារណៈ។ ហើយ​បើ​មាន​ជម្រើស​ពីរ នោះ​ពួក​គេ​នឹង​ជ្រើស​យក​ការ​បម្រើ​ដែល​មិន​ទាមទារ​មុខមាត់។ គោលបំណង​របស់​ពួក​គេ​គឺ ធ្វើ​យ៉ាង​ណា​នាំ​សិរីល្អ​ថ្វាយ​ព្រះ​គ្រីស្ទ និង​ឲ្យ​មនុស្ស​គ្រប់​គ្នា​បាន​ស្គាល់​ទ្រង់។ ពួក​គេ​មិនមែន​ស្វែង​រក​កេរ្តិ៍ឈ្មោះ​សម្រាប់​ខ្លួនឯង​នោះ​ឡើយ ហើយ​ក៏​មិន​ចង់​បង្ហាញ​ពី​យុទ្ធសាស្ត្រ​របស់​ខ្លួន​ដល់​សាតាំង​ដែរ។ ហេតុ​ដូច្នេះ​ហើយបានជា​ពួក​គេ​បម្រើ​ព្រះ​ជាម្ចាស់​យ៉ាង​ស្ងៀមស្ងាត់​មិន​ទាមទារ​យក​មុខមាត់ ហើយ​ក៏​មិន​អើពើ​នឹង​ការ​លើក​សរសើរ ឬក៏​ការ​ចោទប្រកាន់​ពី​មនុស្ស​ក្នុង​លោកីយ៍​នេះ​ឡើយ។ ពួក​គេ​ដឹង​ហើយ​ថា «នគរ​ស្ថានសួគ៌​គឺ​ជា​កន្លែង​ដ៏​ល្អ ហើយ​មាន​សុវត្ថិ​ភាព​បំផុត​សម្រាប់​ពួក​គេ ក្នុង​ការ​យល់​ពី​លទ្ធផល​នៃ​ការ​បម្រើ​ព្រះ​ជាម្ចាស់​យ៉ាង​នឿយ​ហត់​របស់​ពួក​គេ»