សិស្ស
ដ៏ពិតរបស់
ព្រះយេស៊ូវ

ជំពូក​ទី៤

សិស្ស​គឺ​ជា​អ្នក​មើល​ខុស​ត្រូវ

នៅ​ក្នុង​កណ្ឌគម្ពីរ លូកា ១៦:១-១៣ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​រឿង​អំពី​អ្នក​ត្រួតត្រា​ទុច្ចរិត​ដល់​សិស្ស​របស់​ទ្រង់។ នៅ​ក្នុង​រឿង​នេះ ព្រះសង្គ្រោះ​បាន​ដាក់​ចេញ​នូវ​គោលការណ៍​ដែល​ត្រូវ​នឹង​ជីវិត​របស់​សិស្ស​គ្រប់​សម័យកាល ក៏​ព្រោះ​តែ​សិស្ស​របស់​ព្រះ​គ្រីស្ទ​ប្រៀប​ដូច​ទៅ​នឹង​អ្នក​មើលខុសត្រូវ ដោយ​ទ្រង់​បាន​ប្រទាន​ឲ្យ​ពួក​គេ​ថែរក្សា​ទ្រព្យសម្បត្តិ​របស់​ទ្រង់ ក៏​ដូចជា​អ្វីៗ​ដែល​ទ្រង់​យកចិត្ត​ទុកដាក់​លើ​ផែនដី​នេះ​ផងដែរ។

រឿង​ដែល​ព្រះ​យេស៊ូវ​ប្រាប់​មើល​ទៅ​ដូចជា​មាន​ការ​ខុសឆ្គង​ជា​ច្រើន ហើយ​ពិបាក​នឹង​យល់។ បើ​គ្រាន់តែ​មើល​ត្រួសៗ រឿង​នេះ​ហាក់បីដូចជា​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​មនុស្ស​មាន​ចិត្ត​មុសា និង​វៀចវេរ។ ប៉ុន្តែ​នៅពេល​ដែល​យើង​យល់​រឿង​នេះ​ឲ្យ​ចំ​បរិបទ នោះ​យើង​នឹង​ឃើញ​ថា វា​មាន​ផ្ទុក​នូវ​សេចក្តី​បង្រៀន​ដ៏​សំខាន់ៗ​ជា​ច្រើន។

សរុបមក ​រឿង​នេះ​មាន​អ្នក​មាន​ស្ដុកស្ដម្ភ​ម្នាក់​បាន​ជួល​ខ្ញុំបម្រើ​ម្នាក់​ឲ្យ​មក​មើល​ការ​ខុសត្រូវ​មុខ​ជំនួញ​របស់​គាត់។ មួយ​រយៈកាល​កន្លង​ទៅ ចៅហ្វាយ​បាន​ឃើញ​ថា ខ្ញុំបម្រើ​ម្នាក់​នោះ​បាន​ចាយវាយ​ទ្រព្យសម្បត្តិ​របស់​គាត់​យ៉ាង​ខ្ជះខ្ជាយ។ ភ្លាមៗ​នោះ​គាត់​ក៏​ទាមទារ​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​បញ្ជី ហើយ​គាត់​ក៏​បាន​បណ្ដេញ​ខ្ញុំបម្រើ​នោះ​ឲ្យ​ឈប់​ពី​ការ​ងារ​តែ​ម្ដង។

ខ្ញុំបម្រើ​នោះ​បាន​ភ្ញាក់​ខ្លួន​ថា អនាគត​របស់​គាត់​ត្រូវ​រលាយ​សាបសូន្យ​ហើយ។ គាត់​ក៏​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ​ក្នុង​ការ​ធ្វើ​ការ​ងារ​ដោយ​ប្រើ​កម្លាំង​ពលកម្ម ហើយ​គាត់​មាន​ការ​អៀនខ្មាស​ក្នុង​ការ​សុំទាន​គេ​ដែរ។ ដូច្នេះ​គាត់​ក៏​បាន​រៀបចំ​គម្រោង​មួយ ​ដើម្បី​ឲ្យ​គាត់​អាច​នឹង​មាន​មិត្តភក្ដិ​ច្រើន​នៅ​ពេល​ខាង​មុខ។ គាត់​បាន​ទៅ​ជួប​អ្នក​ជំពាក់បំណុល​ចៅហ្វាយ​របស់​គាត់​ម្នាក់​ហើយ​សួរ​ថា៖ «តើ​អ្នក​ជំពាក់​បំណុល​ចៅហ្វាយ​ខ្ញុំ​ប៉ុន្មាន?» អ្នក​នោះ​ឆ្លើយ​ថា៖ «ខ្ញុំ​ជំពាក់​ប្រេង​គាត់​ចំនួន​២៨៣៩​លីត្រ»។ ខ្ញុំបម្រើ​នោះ​និយាយ​ឡើង​ថា៖ «អើ បង់​ឲ្យ​ខ្ញុំ​ពាក់​កណ្ដាល​មក​រួច​គ្នា​ហើយ»។ គាត់​បាន​បន្ត​ទៅ​ជួប​អ្នក​ជំពាក់បំណុល​ចៅហ្វាយ​របស់​គាត់​ផ្សេង​ទៀត ហើយ​សួរ​ថា៖ «តើ​អ្នក​ជំពាក់​ប៉ុន្មាន?» អ្នក​នោះ​តប​វិញ​ថា៖ «ស្រូវ​៨០០​ថាំង»។ ខ្ញុំបម្រើ​នោះ​និយាយ​ឡើង​ថា៖ «អើ អញ្ចឹង​បង់​ឲ្យ​ខ្ញុំ​តែ​៦៤០​ថាំង ហើយ​ខ្ញុំ​នឹង​លុប​បំណុល​នេះ​ចោល»

ពាក្យ​សម្ដី​ខាង​ក្រោម​នេះ គឺ​វា​រឹត​តែ​ធ្វើ​ឲ្យ​យើង​រន្ធត់​ជាង​សកម្មភាព​របស់​ខ្ញុំបម្រើ​រមិលគុណ​ម្នាក់​នេះ​ទៅ​ទៀត៖

ចៅហ្វាយ ​ក៏​សរសើរ​អ្នក​ត្រួតត្រា​ទុច្ចរិត​នោះ ពីព្រោះ​គាត់​បាន​ប្រព្រឹត្ត​ដោយ​ឆ្លៀវឆ្លាត ដ្បិត​មនុស្ស​របស់​ផង​លោកីយ៍​នេះ គេ​មាន​ប្រាជ្ញា​ចំពោះ​ជំនាន់​គេ ជា​ជាង​មនុស្ស​របស់​ផង​ពន្លឺ​ទៅ​ទៀត (លូកា ១៦:៨)។

តើ​យើង​គួរ​នឹង​គិត​យ៉ាង​ណា​ចំពោះ​ការ​ដែល​មើល​ទៅ​ដូច​ជា​ព្រះ​ជាម្ចាស់​ក៏​ទទួល​យល់​ព្រម​ទៅ​នឹង​គំនិត​ដ៏​ទុច្ចរិត​នេះ​នោះ? រឿង​ជាក់ស្ដែង​មួយ​គឺ​ត្រង់​ថា ទាំង​ចៅហ្វាយ​របស់​គាត់ និង​ព្រះ​ជាម្ចាស់​របស់​យើង​មិន​បាន​សរសើរ​ភាព​ពុតត្បុត​នោះ​ទេ។ ផ្ទុយទៅវិញ មកពី​រឿង​នេះ​ហើយ​ដែល​បណ្ដាល​ឲ្យ​ចៅហ្វាយ​ដេញ​គាត់​ចេញ។ មនុស្ស​សុចរិត​មិន​គាំទ្រ​ចំពោះ​ទង្វើ​បោកប្រាស់ និង​ភាព​មិនស្មោះត្រង់​ដូច​នេះ​ឡើយ។ ទោះបី​សាច់​រឿង​នេះ​បង្រៀន​ពី​អ្វី​ផ្សេង​ទៀត​ក៏​ដោយ ក៏​វា​មិន​បាន​ស្នើ​ឲ្យ​យើង​យល់​ថា ការ​បន្លំលួច​ជា​រឿង​ដែល​ត្រឹមត្រូវ​នោះ​ទេ។

មាន​តែ​ការ​មួយ​ប៉ុណ្ណោះ​ដែល​អ្នក​ត្រួតត្រា​ទុច្ចរិត​នេះ​អាច​នឹង​ទទួល​ការ​សរសើរ​បាន គឺ​ត្រង់​ថា​គាត់​បាន​រៀប​គម្រោង​សម្រាប់​ពេល​អនាគត។ គាត់​បាន​រៀបចំ​ផែនការ​ដើម្បី​ឲ្យដឹង​ច្បាស់​ថា គាត់​នៅ​តែ​មាន​មិត្តភក្ដិ​បន្ទាប់ពី​គាត់​បាត់បង់​តំណែង​ជា​អ្នក​ត្រួតត្រា​នោះ។ គាត់​បាន​ត្រៀម​ទុក​សម្រាប់​អនាគត​ជាជាង​បច្ចុប្បន្ន។

នេះ​ហើយ​គឺ​ជា​ខ្លឹមសារ​នៃ​រឿង​នេះ។ មនុស្ស​ក្នុង​លោកីយ៍​នេះ​ខំប្រឹង​ព្យាយាម​ជា​ខ្លាំង ដើម្បី​ផ្គត់ផ្គង់​សម្រាប់​ថ្ងៃ​ខាង​មុខ។ ហើយ​អនាគត​ដែល​ពួក​គេ​មាន​ការ​ព្រួយបារម្ភ​គឺ​ពេល​ពួក​គេ​មាន​វ័យចាស់ និង​ពេល​ដែល​ពួក​គេ​ចូលនិវត្តន៍។ ដូច្នេះ​ហើយ​បានជា​ពួក​គេ​ខិតខំ​ធ្វើការ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ឲ្យ​ពួក​គេ​អាច​រស់នៅ​យ៉ាង​សុខ​ស្រួល​នៅពេល​ដែល​ពួក​គេ​មិន​មាន​លទ្ធភាព​ធ្វើការ​ចិញ្ចឹម​ជីវិត​បាន។ ពួក​គេ​បាន​ខំ​ស្វែងរក​គ្រប់​វិធី ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​បាន​សេចក្ដីសុខ។

ត្រង់​ចំណុច​នេះ អ្នក​មិន​ជឿ​ឆ្លាត​ជាង​គ្រីស្ទបរិស័ទ​ទៅ​ទៀត។ ទោះជាយ៉ាង​នេះក្ដី ដើម្បី​ឲ្យ​យើង​យល់​ពី​មូលហេតុ​ដែល​អ្នក​មិន​ជឿ​ឆ្លាត​ជា​ង​គ្រីស្ទបរិស័ទ​បាន យើង​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ថា អនាគត​របស់​គ្រីស្ទបរិស័ទ​មិនមែន​នៅ​លើ​ផែនដី​នេះ​ទេ ប៉ុន្តែ​គឺ​នៅ​ឯ​ស្ថានសួគ៌​ឯនោះ​វិញ​ទេ។ នេះ​ហើយ​ជា​ចំណុច​ស្នូល​របស់​វា។ អនាគត​របស់​អ្នក​មិន​ជឿ គឺ​គិត​ចាប់ពី​ចន្លោះ​នៃ​ពេលវេលា​នាពេល​បច្ចុប្បន្ន និង​ពេល​ដែល​ចូល​ក្នុង​មឈូស។ អនាគត​បុត្រាបុត្រី​របស់​ព្រះ​ជាម្ចាស់ គឺ​សំដៅ​លើ​ការ​រស់នៅ​អស់កល្បជានិច្ច​ជាមួយ​ព្រះ​គ្រីស្ទ។

ដូច្នេះ រឿង​នេះ​បង្រៀន​យើង​ឲ្យ​ដឹង​ថា មនុស្ស​ដែល​មិន​ទាន់​បាន​កើត​ជា​ថ្មី​ជា​ច្រើន​មាន​ភាព​ឆ្លាតវៃ ហើយ​ស្វះស្វែង​ក្នុង​ការ​រៀបចំ​អនាគត​នៅ​លើ​ផែនដី​នេះ​ខ្លាំង​ជាង​គ្រីស្ទបរិស័ទ​រៀបចំ​អនាគត​របស់​ពួក​គេ​នៅ​ឯ​ស្ថានសួគ៌​ទៅ​ទៀត។

ក្រោយពី​ព្រះ​យេស៊ូវ​បាន​លើក​ឡើង​ពី​រឿង​នេះ​មក ទ្រង់​បាន​បង្ហាញ​នូវ​ការ​អនុវត្ត​ជាក់ស្ដែង៖

ខ្ញុំ​ក៏​ប្រាប់​អ្នក​រាល់គ្នា​ថា ចូរ​ប្រើ​ទ្រព្យសម្បត្តិ​លោកីយ៍​នេះ ឲ្យ​បាន​មិត្ត​សំឡាញ់​ដល់​ខ្លួន ដើម្បី​កាល​ណា​អ្នក​រាល់គ្នា​ខាន​នៅ នោះ​នឹង​មាន​គេ​ទទួល​អ្នក​រាល់គ្នាឲ្យ​នៅ​ក្នុង​ទី​លំនៅ​ដ៏​ស្ថិត​ស្ថេរ​អស់​កល្ប​ជានិច្ច​វិញ (លូកា ១៦:៩)។

ទ្រព្យសម្បត្តិ​លោកីយ៍​នេះ គឺ​ជា​លុយ ឬ​កម្មសិទ្ធិ​លើ​របស់របរ​សព្វសារពើ។ យើង​អាច​ប្រើ​របស់​ទាំង​នេះ ដើម្បី​នាំ​មនុស្ស​ទាំង​ឡាយ​ឲ្យ​មាន​ជំនឿ​លើ​ព្រះ​គ្រីស្ទ។ អ្នក​ដែល​បាន​ទទួល​ជឿ​ព្រះ​គ្រីស្ទ​តាមរយៈ​ការ​ប្រើប្រាស់​លុយ​ដ៏​ស្មោះត្រង់​របស់​យើង​នេះ​ហៅ​ថា «មិត្តសម្លាញ់»

ថ្ងៃ​ដែល​យើង​លែង​បាន​នៅ​ផែនដី​នេះ​នឹង​មក​ដល់​ជា​មិន​ខាន (មិន​ថា​តាមរយៈ​សេចកី្តស្លាប់ ឬ​តាម​ការ​ដែល​ព្រះ​គ្រីស្ទ​យាង​មក​យក​យើង​ទៅ​ឯ​ស្ថានសួគ៌​នៅ​គ្រា​ឆក់​យក ១ថែស្សាឡូនីច ៤:១៧)។ មិត្តសម្លាញ់​ដែល​បាន​ទទួល​ជឿ​ដោយសារ​យើង​ប្រើប្រាស់​របស់​សព្វសារពើ ក្នុង​ការ​ផ្សាយ​ដំណឹងល្អ​ដល់​គាត់ នោះ​នឹង​ក្លាយ​ទៅ​ជា​អ្នក​ចាំ​ទទួល​ស្វាគមន៍​យើង​នៅ​ពេល​ដែល​យើង​ចូល​ទៅ​កាន់​ដំណាក់​ដ៏​អស់កល្បជានិច្ច​នៅ​ឯ​ស្ថានសួគ៌។

នេះ​ហើយ​គឺជា​មធ្យោបាយ​ដែល​អ្នក​មើលខុសត្រូវ​ដ៏​ឆ្លាតវៃ​ត្រូវ​រៀប​គម្រោង​របស់​ខ្លួន​សម្រាប់​អនាគត មិន​មែន​ដោយ​ការ​ចំណាយ​ជីវិត​របស់​ខ្លួន​ក្នុង​ការ​ស្វែងរក​ភាព​សុខសាន្ត​ក្នុង​លោកីយ៍​នេះ​ដោយ​ឥតប្រយោជន៍​នោះ​ទេ។ តែ​ពួក​គេ​បាន​រៀបចំ​ដោយ​ការ​ប្ដេជ្ញា​ថា​នឹង​មាន​មិត្តសម្លាញ់​ចាំ​ទទួល​ស្វាគមន៍​ខ្លួន​នៅ​ឯ​ស្ថានសួគ៌​ជា​អ្នក​ដែល​ពួក​គេ​បាន​នាំ​ឲ្យ​ជឿ​ព្រះ​គ្រីស្ទ​តាមរយៈ​លុយដែល​ពួក​គេ​បាន​ចំណាយ​ទិញ​ដូច​ជា ព្រះគម្ពីរ ព្រះគម្ពីរ​សញ្ញាថ្មី កូន​សៀវភៅ​ខគម្ពីរ ខិត្តប័ណ្ណ និង​ឯកសារ​គ្រីស្ទបរិស័ទ​ផ្សេង​ទៀត ក៏ដូចជា លុយ​ដែល​ពួក​គេ​ប្រើ​សម្រាប់​ទំនុកបម្រុង​បេសកជន និង​អ្នក​ធ្វើការ​ជា​គ្រីស្ទបរិស័ទ​ផ្សេង​ទៀត។ ជា​លុយ​ដែល​ពួក​គេ​ប្រើ​សម្រាប់​ជួយ​ផ្គត់ផ្គង់​ផ្នែក​ហិរញ្ញវត្ថុ​ដល់​កម្មវិធី​វិទ្យុ​គ្រីស្ទបរិស័ទ និង​សកម្មភាព​ដ៏​មាន​សារប្រយោជន៍​ផ្សេងៗ​ទៀត​ជា​ច្រើន។ សរុបមក គឺ​ជា​លុយ​ដែល​ពួក​គេ​ប្រើ​សម្រាប់​ការ​ផ្សព្វផ្សាយ​ដំណឹងល្អ​តាម​គ្រប់​មធ្យោបាយ​សព្វ​បែប​យ៉ាង​។ «មធ្យោបាយ​តែ​មួយ​គត់​ដែល​អាច​ឲ្យ​យើង​ប្រមូល​ទ្រព្យសម្បត្តិ​របស់​យើង​នៅ​ស្ថានសួគ៌​បាន គឺ​យើង​ត្រូវ​វិនិយោគ​លុយ​នោះ​ក្នុង​អ្វី​ដែល​អាច​ចូល​ទៅ​ស្ថានសួគ៌​បាន»

នៅពេល​ដែល​គ្រីស្ទបរិស័ទ​ឃើញ​ថា កម្មសិទ្ធិ​លើ​របស់របរ​សព្វសារពើ​របស់​ពួក​គេ​អាច​នឹង​ប្រើ​ក្នុង​ការ​សង្គ្រោះ​មនុស្ស​ជាច្រើន នោះ​ពួក​គេ​នឹង​បាត់បង់​នូវ​អារម្មណ៍​ស្រឡាញ់​ដល់​របស់របរ​ទាំង​អស់​នោះ​ដោយ​ឯកឯង។ ភាពហ៊ឺហា ទ្រព្យសម្បត្តិ និង​សម្ភារៈ​ប្រណីតៗ​ប្រៀប​បាន​ទៅ​នឹង​ម្ហូប​ដែល​ជូរ​ផ្អូម​នៅ​ក្នុង​ពោះ​របស់​ពួក​គេ​យ៉ាង​ដូច្នោះ​ដែរ។ ពួក​គេ​អន្ទះសា​ចង់​ឃើញ​ព្រះ​ជាម្ចាស់​ប្រើប្រាស់​ទ្រព្យសម្បត្តិ​លោកីយ៍​នេះ ដើម្បី​នាំ​មនុស្ស​ជា​ច្រើន​ក្លាយ​ទៅ​ជា​អ្នក​ថ្វាយបង្គំ​ព្រះ​គ្រីស្ទ​រៀងរហូត។ ពួក​គេ​ជាប់ជំពាក់​ក្នុង​ការ​ជួយ​មនុស្ស ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ជាម្ចាស់ ព្រមទាំង​ផ្ដល់​ពរ​ដ៏​អស់កល្ប​ដល់​អស់អ្នក​ដែល​ពួក​គេ​បាន​ជួយ​នោះ។ ចិត្តថ្លើម​នៃ​ការ​ទន្ទឹង​រង់ចាំ​របស់​ពួក​គេ​ប្រហាក់ប្រហែល​នឹង​ចិត្តថ្លើម​របស់​លោក សាំយ៉ូអែល រឺទឺហ្វត (Samuel Rutherford) ដែល​ជា​គ្រូអធិប្បាយ​ជនជាតិ​ស្កុតឡែន (Scotland) នៅ​ក្នុង​ទសវត្សរ៍​ទី១៦ នៅ​ក្រុង​អែនវោធ (Anwo'th)៖

ឱ! បើ​មាន​មនុស្ស​ណា​មក​ពី​ក្រុង​អែនវោធ
បាន​មក​ជួប​ខ្ញុំ​នៅ​ព្រះហស្ដា​ទ្រង់​ខាង​ស្ដាំ
នោះ​ស្ថានសួគ៌​នៃ​ខ្ញុំ​នឹង​ទ្វេ​ជា​ពីរ
នៅ​ក្នុង​ទឹក​ដី​ទី​អេម៉ាញូអែល។

— លោកស្រី​ អាន រ៉ស ខឹស៊ីន

(Anne Ross Cousin)

អស់​ទាំង​មាស​ពេជ្រ​កែវកង និង​លុយ​តម្កល់​ក្នុង​ធនាគារ ប័ណ្ណ ធានារ៉ាប់រង ផ្ទះ​វីឡា និង​នាវា​សម្រាប់​ជិះ​លេង​កម្សាន្ត ព្រមទាំង​ឡាន​ថ្លៃៗ ចំពោះ​គ្រីស្ទបរិស័ទ​នោះ​គ្រាន់តែ​ជា​ទ្រព្យសម្បត្តិ​លោកីយ៍​ដែល​បោកបញ្ឆោត​ចិត្ត​ប៉ុណ្ណោះ។ បើ​គ្រាន់​តែ​ប្រើ​សម្រាប់​រូបកាយ វា​នឹង​រលាយ​សាបសូន្យ​ទៅ ប៉ុន្តែ​បើ​ប្រើ​សម្រាប់​ព្រះ​គ្រីស្ទ​វិញ វា​នឹង​រីក​ដុះដាល​អស់​កល្ប​ជានិច្ច។

របៀប​ដែល​យើង​ប្រើប្រាស់​របស់របរ​សព្វសារពើ និង​កម្រិត​នៃ​ការ​ចង់​បាន​វា ​នោះ​សបង្ហាញ​ឲ្យ​ឃើញ​ពី​ចរិតលក្ខណៈ​របស់​យើង។ ព្រះជាម្ចាស់​បាន​សង្កត់​ធ្ងន់​ទៅ​លើ​ចំណុច​នេះ​នៅ​ក្នុង​កណ្ឌគម្ពីរ លូកា ១៦:១០​ថា៖

អ្នក​ណា​ដែល​ស្មោះ​ត្រង់​ក្នុង​ការ​តូច​បំផុត​នោះ​ក៏​ឈ្មោះ​ថា ស្មោះ​ត្រង់​ក្នុង​ការ​ធំ ហើយ​អ្នក​ណា​ដែល​ទុច្ចរិត​ក្នុង​ការ​តូច​បំផុត នោះ​ក៏​ឈ្មោះ​ថា​ទុច្ចរិត​ក្នុង​ការ​ដ៏​ធំ​ដែរ។

ការ​តូច​បំផុត​ដែល​មាន​បង្ហាញ​នៅ​ក្នុង​ខ​គម្ពីរ​នេះ ​គឺ​ជា​ការ​មើល​ខុសត្រូវ​ទៅ​លើ​របស់របរ​សព្វសារពើ។ អស់អ្នក​ណា​ដែល​ព្រះ​ជាម្ចាស់​អាច​ពឹង​ពាក់​បាន គឺ​ជា​អ្នក​ដែល​ប្រើ​របស់​របរ​ទាំង​នោះ​ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ទ្រង់ និង​ដើម្បី​ផ្ដល់​ជា​ព្រះ​ពរ​ដល់​អ្នក​ដែល​នៅ​ជុំវិញ​ពួក​គេ។ ឯ​អស់អ្នក​ណា​ដែល​ព្រះ​ជាម្ចាស់​មិន​អាច​ពឹងពាក់​បាន គឺ​ជា​អ្នក​ដែល​ប្រើ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​សម្រាប់​តែ​ភាព​សុខសាន្ត ការ​រស់នៅ​យ៉ាង​ហ៊ឺហា និង​ការ​អរសប្បាយ​ជាមួយនឹង​ភាព​អាត្មានិយម​របស់​ខ្លួន​ប៉ុណ្ណោះ។ បើ​បុគ្គល​ម្នាក់​មិន​អាច​ធ្វើ​ឲ្យ​ព្រះ​ជាម្ចាស់​ទុកចិត្ត​បាន​សូម្បី​តែ​ការ​តូចតាច​បំផុត (ការ​មើលខុសត្រូវ​របស់របរសព្វសារពើ) ផង​នោះ តើ​ឲ្យ​ទ្រង់​អាច​នឹង​ទុក​ចិត្ត​គាត់​ក្នុង​ការ​ធំ (ការ​មើលខុសត្រូវ​ខាងឯវិញ្ញាណ) បាន​យ៉ាង​ដូចម្ដេច? បើ​បុគ្គល​ម្នាក់​មិន​ស្មោះ​នឹង​ទ្រព្យសម្បត្តិ​លោកីយ៍​នេះ តើ​គាត់​អាច​គិត​ថា​ ខ្លួន​គាត់​អាច​នឹង​ស្មោះត្រង់​ក្នុង​ការ​ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះ​គ្រីស្ទ​ព្រមទាំង​ធ្វើ​ជា​អ្នក​មើលខុសត្រូវ​ចំពោះ​អាថ៌កំបាំង​របស់​ព្រះ​ជាម្ចាស់​បាន​យ៉ាង​ដូចម្ដេច (១កូរិនថូស ៤:១)?

ហេតុ​ដូច្នេះ​ហើយ​ព្រះ​សង្គ្រោះ​បាន​បន្ថែម​ការ​ជជែកវែកញែក​ទៀត​ថា៖ «ដូច្នេះ បើ​អ្នក​រាល់គ្នា​មិន​ស្មោះ​ត្រង់ ចំពោះ​ទ្រព្យ​សម្បត្តិ​របស់​លោកីយ៍​ទេ តើ​អ្នក​ណា​ហ៊ាន​ផ្ញើ​សម្បត្តិ​ដ៏​ពិត​ទុក​នឹង​អ្នក​រាល់គ្នា​បាន?» (លូកា ១៦:១១)។

ទ្រព្យសម្បត្តិ​ខាង​លោកីយ៍​មិនមែន​ជា​ទ្រព្យសម្បត្តិ​ពិតប្រាកដ​ទេ តម្លៃ​របស់​វា គឺ​មាន​ដែនកំណត់ ហើយ​មិន​ស្ថិតស្ថេរ​ទេ។ ទ្រព្យសម្បត្តិ​ខាងឯវិញ្ញាណ ទើបបានជា​ទ្រព្យសម្បត្តិ​ពិតប្រាកដ តម្លៃ​របស់​វា​គ្មាន​ដែនកំណត់ ហើយ​ក៏​នៅ​ស្ថិតស្ថេរ​។ បើ​បុគ្គល​ម្នាក់​មិន​ស្មោះត្រង់​ក្នុង​ការ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​លោកីយ៍​នេះ នោះ​គាត់​មិន​អាច​នឹង​រំពឹង​ឲ្យ​ព្រះ​ជាម្ចាស់​ទុកចិត្ត​លើ​គាត់​ជាមួយនឹង​ទ្រព្យសម្បត្តិ​ខាងឯវិញ្ញាណ​នៅក្នុង​ជីវិត​សព្វ​ថ្ងៃ​នេះ ឬក៏​នៅ​ស្ថានសួគ៌​នោះ​ឡើយ។

ជាថ្មីម្តងទៀត ព្រះអម្ចាស់​បាន​បន្ត​ការ​ជជែកវែកញែក​ទៀត​ថា៖ «ហើយ​បើ​អ្នក​រាល់គ្នា​មិន​ស្មោះ​ត្រង់​នឹង​របស់​គេ​ទេ តើ​អ្នក​ណា​នឹង​ហ៊ាន​ឲ្យ​របស់​អ្វី​ដាច់​ជា​របស់​ផង​អ្នក​បាន?» (លូកា ១៦:១២)។

ទ្រព្យសម្បត្តិ​ដែល​យើង​មាន នោះ​យើង​មាន​ដោយសារ​ព្រះ​ជាម្ចាស់​បាន​ប្រទាន​មក ដើម្បី​ឲ្យ​យើង​មើល​ខុសត្រូវ ប៉ុន្តែ​អ្វី​ដែល​យើង​អាច​ហៅ​ថា​ជា​របស់​ផង​ខ្លួន​បាន ​គឺ​ចំណេះដឹង​នៃ​ការ​រៀន​ព្រះ​គម្ពីរ និង​ផលផ្លែ​នៃ​ការ​បម្រើ​នៅ​លោកីយ៍​នេះ ព្រមទាំង​រង្វាន់​ដែល​យើង​នឹង​ទទួល​នៅ​ឯ​ស្ថានសួគ៌ ​ដោយសារ​យើង​បាន​មើល​ខុសត្រូវ​រាល់​អ្វី​ដែល​ទ្រង់​បាន​ប្រទាន​មក​យើង​យ៉ាង​ស្មោះត្រង់។ ប្រសិនបើ​យើង​មិន​បាន​បង្ហាញ​ថា ​យើង​ជា​អ្នក​ដែល​ព្រះ​ជាម្ចាស់​អាច​ទុក​ចិត្ត​បាន​ក្នុង​ការ​ទទួល​ខុសត្រូវ​លើ​ទ្រព្យសម្បត្តិ​របស់​ទ្រង់​ទេ​នោះ នោះ​កុំ​រំពឹង​ថា​យើង​អាច​យល់​ពី​សេចក្ដីពិត​នៃ​ព្រះ​បន្ទូល​ដ៏​ជ្រាលជ្រៅ​របស់​ទ្រង់​ក្នុង​ជីវិត​នេះ ឬ​ទទួល​បាន​រង្វាន់​នៅ​ឯ​ស្ថានសួគ៌​នោះ​ឡើយ។

ព្រះអម្ចាស់​បាន​បង្រួម​សេចក្តី​បង្រៀន​អំពី​រឿង​អ្នក​មើលខុសត្រូវ​នេះ ដូចខាងក្រោម៖

គ្មាន​បាវ​ណា​ដែល​បំរើ​ចៅហ្វាយ​២ ​បាន​ទេ ពីព្រោះ​បាវ​នោះ​នឹង​ស្អប់​១ ស្រឡាញ់​១ ឬ​នឹង​កាន់​ខាង​១ ហើយ​មើល​ងាយ​១ ដូច្នេះ អ្នក​រាល់គ្នា​ក៏​បំរើ​ព្រះ​ផង ទ្រព្យ​សម្បត្តិ​ផង​ពុំ​បាន​ដែរ (លូកា ១៦:១៣)។

សិស្ស​របស់​ព្រះ​យេស៊ូវ​ក៏​មិន​អាច​បែងចែក​ភក្ដីភាព​បាន​ដែរ។ សិស្ស​របស់​ទ្រង់​មិន​អាច​រស់នៅ​ដើម្បី​សម្បត្តិ​លោកីយ៍​ផង និង​សម្បត្តិ​ស្ថានសួគ៍​ផង​នោះ​ទេ។ អ្នក​មើលខុសត្រូវ​អាច​ស្រឡាញ់​បាន​តែ​ព្រះ​ជាម្ចាស់ ​ឬ​ក៏​ទ្រព្យសម្បត្តិ​តែ​មួយ​ប៉ុណ្ណោះ។ ប្រសិនបើ​គាត់​ស្រឡាញ់​ទ្រព្យសម្បត្តិ នោះ​មាន​ន័យ​ថា គាត់​ស្អប់​ព្រះ​ជាម្ចាស់​ហើយ។

ត្រូវ​ចងចាំ​ថា​ខគម្ពីរ​ទាំង​នេះ គឺ​សរសេរ​សំដៅ​ទៅ​កាន់​សិស្ស​ព្រះ​យេស៊ូវ​មិនមែន​ទៅ​កាន់​អ្នក​ដែល​មិន​ជឿ​នោះ​ទេ។