សិស្ស
ដ៏ពិតរបស់
ព្រះយេស៊ូវ

ជំពូក​ទី៥

ភាពឧស្សាហ៍

ទោះបើ​សិស្ស​របស់​ព្រះ​យេស៊ូវ​មិន​សូវ​ឆ្លាតវៃ​យ៉ាង​ណា​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​អាច​ទទួល​បាន​នូវ​ការ​អត់ទោស​ដែរ។ ពួក​គេ​នៅ​តែ​អាច​ទទួល​បាន​នូវ​ការ​អត់ទោស ទោះបើ​ពួក​គេ​មិន​មាន​កម្លាំងកាយ​ដ៏​ខ្លាំងក្លា​ក៏​ដោយ។ ប៉ុន្តែ​សិស្ស​មិន​អាច​យក​លេស​រួច​ខ្លួន​បាន​ទេ បើ​ពួក​គេ​មិន​ឧស្សាហ៍​សោះ។

ប្រសិនបើ ចិត្ត​របស់​ពួក​គេ​មិន​មាន​បំណង​ប្រាថ្នា​ដ៏​ឆេះឆួល​ចំពោះ​ព្រះ​សង្គ្រោះ នោះ​ព្រះ​ជាម្ចាស់​នឹង​ថ្កោលទោស​ពួក​គេ។

តាមពិត គ្រីស្ទបរិស័ទ​គឺ​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​ដែល​ទ្រង់​មាន​បន្ទូល​ថា៖ «សេចក្តី​ឧស្សាហ៍​ដល់​ដំណាក់​ទ្រង់ បាន​ស៊ី​បង្ហិន​ទូល​បង្គំ» (យ៉ូហាន ២:១៧)។ ព្រះសង្គ្រោះ​របស់​គ្រីស្ទបរិស័ទ​មាន​ពេញ​ទៅ​ដោយ​ភាព​ឆេះឆួល​ចំពោះ​ព្រះ​ជាម្ចាស់ និង​បំណងព្រះហឫទ័យ​របស់​ទ្រង់។ ទ្រង់​មិន​ទទួល​មនុស្ស​ចូល​ក្នុង​ជួរកងទ័ព​ទ្រង់​ដែល​មិន​ដើរ​តាម​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត​នោះ​ទេ។

ព្រះអម្ចាស់យេស៊ូវ​បាន​រស់​នៅ​ក្នុង​ស្ថានភាព​ប្រទាញប្រទង់​ខាងឯវិញ្ញាណ។ យើង​អាច​យល់​ការ​នេះ​បាន​ដោយ​សារ​ទ្រង់​មាន​បន្ទូល​ថា៖ «តែ​ខ្ញុំ​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​១​សិន ហើយ​ខ្ញុំ​ត្រូវ​ចង្អៀត​ចង្អល់​យ៉ាង​ដូច​ម្ដេច​ទៅ​ហ្ន៎ ទំរាំ​តែ​បុណ្យ​នោះ​បាន​សំរេច» (លូកា ១២:៥០)។ ហើយ​ម្យ៉ាង​ទៀត​តាម​រយៈ​ព្រះ​បន្ទូល​ក្នុង​ខគម្ពីរ​មួយ​ដែល​គួរ​ឲ្យ​កត់សម្គាល់​គឺ៖ «កំពុង​ដែល​ថ្ងៃ​នៅ​ភ្លឺ​នៅ​ឡើយ នោះ​ត្រូវ​តែ​ខ្ញុំ​ធ្វើ​ការ​របស់​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ដ្បិត​យប់​ដល់​មក នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ការ​បាន​ទេ» (យ៉ូហាន ៩:៤)។

ព្រះជាម្ចាស់​បាន​បញ្ជាក់​ពីភាព​ឧស្សាហ៍​របស់​យ៉ូហាន-បាទីស្ទ ត្រង់​កន្លែង​ដែល​ទ្រង់​មាន​បន្ទូល​ថា៖ «លោក​ជា​ចង្កៀង​ដែល​ឆេះ ហើយ​ភ្លឺ» (យ៉ូហាន ៥:៣៥)។

សាវ័ក ប៉ុល ​គឺ​ជា​មនុស្ស​ឧស្សាហ៍។ អ្នក​និពន្ធ​ដែល​យើង​មិន​បាន​ស្គាល់​ឈ្មោះ​ម្នាក់​បាន​ព្យាយាម​រៀបរាប់​ពី​ចិត្ដ​ក្លៀវក្លា​របស់​សាវ័ក ប៉ុល យ៉ាង​សង្ខេប​ដូច​ខាង​ក្រោម៖

សាវ័ក ប៉ុល ជា​មនុស្ស​ម្នាក់​ដែល​មិន​ខ្វល់ខ្វាយ​អំពី​ការ​រាប់​ញាតិ មិន​រំពឹង ​ឬ​ប៉ងប្រាថ្នា​ចង់​បាន​ទ្រព្យ​នៅ​លោកីយ៍ មិន​ព្រួយបារម្ភ​ចំពោះ​ការ​បាត់បង់​ទ្រព្យ​ខាង​លោកីយ៍មិន​ខ្វល់ខ្វាយ​ពី​ជីវិត ហើយ​មិន​ភ័យខ្លាច​នឹង​សេចក្ដី​ស្លាប់​នោះ​ទេ។ គាត់​ជា​មនុស្ស​ដែល​រាប់​ខ្លួន​ថា មិន​មាន​ឋានៈ ប្រទេស ឬក៏​លក្ខខណ្ឌ​តម្រូវ​ណា​មួយ​ឡើយ។ គាត់​មាន​គោល​គំនិត​តែ​មួយ គឺ​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ ឯ​គោលបំណង​តែ​មួយ គឺ​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ជាម្ចាស់។ គេ​ហៅ​គាត់​ថា​ជា​មនុស្ស​ល្ងីល្ងើ ហើយ​គាត់​ពេញចិត្ត​ឲ្យ​គេ​រាប់​ខ្លួន​ថា​ជា​មនុស្ស​ល្ងីល្ងើ​សម្រាប់​ព្រះ​គ្រីស្ទ។ ចូរ​ឲ្យ​លោកីយ៍​នេះ​ហៅ​គាត់​ថា​ជា អ្នក​ងប់ងុល​អ្នក​ជឿស៊ប់ អ្នក​និយាយប៉ប៉ាច់ប៉ប៉ោច ឬ​ឈ្មោះ​ដែល​ចំឡែក​ខុស​គេ​ផ្សេងៗ​ទៀត​តាម​ន័យ​អ្វី​ដែល​គេ​ចង់​ហៅ​គាត់​ទៅចុះ។ ប៉ុន្តែ កុំ​ហៅ​គាត់​ថា​ជា​អ្នក​ត្រាប់តាម​លោកីយ៍​នេះ​ឡើយ។ ដរាប​ណា​គេ​ហៅ​គាត់​ថា​ជា អ្នក​ដោះដូរ ម្ចាស់​ផ្ទះ ពលរដ្ឋ អ្នក​មានទ្រព្យសម្បតិ្ត អ្នក​តាមខាងលោកីយ៍ អ្នក​បាន​រៀន​ជ្រៅជ្រះ ឬ​ក៏​ជា​អ្នក​ដែល​ចេះ​យល់​ហេតុការណ៍ នោះ​ខុសឆ្គង​នឹង​លក្ខណៈ​ដ៏​ពិត​របស់​គាត់​ហើយ។

គាត់​ត្រូវ​តែ​និយាយ​ឬ​ក៏​គាត់​ត្រូវ​តែ​ស្លាប់ ហើយ​ទោះបើ​គាត់​ត្រូវ​ស្លាប់ ក៏​គាត់​នៅតែ​និយាយ។ គាត់​មិន​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ឈប់​សម្រាក ប៉ុន្តែ​គាត់​តែង​ធ្វើ​ដំណើរ​យ៉ាង​រហ័ស លើ​ដី ​និង​សមុទ្រ លើ​ក្រួស​ថ្ម ​និង​វាល​ខ្សាច់​ដែល​គ្មាន​ផ្លូវ​ទៅ​មក ដើម្បី​ផ្សាយ​ដំណឹងល្អ។ គាត់​ស្រែក​ខ្លាំងៗ​ឲ្យ​អ្នក​គ្រប់គ្នា​បាន​ឮ ហើយ​ពុះពារ​ទៅ​មុខ​ដោយ​មិន​រួញរា។ នៅ​ក្នុង​គុក គាត់​បន្លឺ​សំឡេង​ឡើង ហើយ​នៅ​ពេល​ដែល​កំពុងតែ​ប្រឈមមុខ​នឹង​ព្យុះសង្ឃរា ក៏​គាត់​មិន​នៅ​ស្ងៀម​ដែរ។ នៅ​មុខ​ក្រុម​មន្ត្រី និង​រាជ​បល្ល័ង្ក គាត់​បាន​ធ្វើ​ទីបន្ទាល់​បញ្ជាក់​ពី​សេចក្ដីពិត។ គ្មាន​អ្វី​ដែល​អាច​នឹង​បញ្ឈប់​សំឡេង​របស់​គាត់​ក្រៅ​ពី​សេចក្តី​ស្លាប់​ប៉ុណ្ណោះ ហើយ​ទោះបើ​គាត់​ត្រូវ​ស្លាប់​មុន​ពេល​ដែល​កាំបិត​មក​កាត់​ក្បាល​គាត់​ចេញ​ពី​រូបកាយ​ក៏​ដោយ ក៏​គាត់​នៅ​តែ​និយាយ អធិស្ឋាន ធ្វើ​ទីបន្ទាល់ ប្រកាស ទទូច​អង្វរ និង​តយុទ្ធ ហើយ​នៅ​ទី​បញ្ចប់ គាត់​បាន​ជូនពរ​ដល់​មនុស្ស​ឃោរឃៅ​ទាំង​នោះ​ទៀត​ផង។

មាន​អ្នក​ផ្សេង​ទៀតដែល​ជឿ​លើ​ព្រះ​ជាម្ចាស់​បាន​បង្ហាញ​ពី​បំណង​ប្រាថ្នា​ដ៏​ឆេះឆួល​ដូច​នេះ ដើម្បី​ឲ្យ​បាន​សព្វព្រះហឫទ័យ​ព្រះ​ជាម្ចាស់។ ដូចជា​លោក ស៊ី. ធី. ស្ទឹដ (C. T. Studd) បាន​លើក​ឡើង​ថា៖

អ្នក​ខ្លះ​ចង់​រស់​ចំណោម​សំឡេង​ស្នូរ​ជួង​ជា​ភ្លេង​នៃ​ព្រះវិហារ
តែ​រូប​ខ្ញុំ​វិញ​មាន​ចិត្ត​ហាន​ក្លា​បើក​ហាង​សង្គ្រោះ​ជីវ៉ា
កៀក​នឹង​ទ្វារ​នរក។

តាមពិតទៅ វា​គឺ​ជា​ឯកសារ​ដែល​សរសេរ​ដោយ​អ្នក​មិន​ជឿ​ថា​មាន​ព្រះ ដែល​បណ្ដាល​ឲ្យ​លោក ស៊ី. ធី. ស្ទឹដ (C. T. Studd) តាក់តែង​ឡើង​យ៉ាង​អស់​ពី​ចិត្ត​ថ្វាយ​ព្រះ​គ្រីស្ទ។ ឯកសារ​នេះ​មាន​ដូច​ត​ទៅ៖

ប្រសិនបើ​ ខ្ញុំ​ជឿ​ជាក់​ថា ចំណេះ​ដឹង​ និង​ការ​ធ្វើតាម​សាសនា​នៅ​ក្នុង​ជីវិត​សព្វ​ថ្ងៃ​នេះ​ ជះ​ឥទ្ធិពល​ដល់​ជីវិត​នៅ​លោក​ខាង​មុខ ដូច​ដែល​មនុស្ស​រាប់​លាន​នាក់​ជឿ នោះ​ការ​ធ្វើតាម​សាសនា​នឹង​ក្លាយ​ទៅជា​ការ​ដែល​សំខាន់​ជាងគេ​បំផុត​ក្នុង​ជីវិត​ខ្ញុំ។ ខ្ញុំ​នឹង​បោះបង់ ការ​កម្សាន្ត​នៅ​លោកីយ៍​នេះ​ដូច​ជា​សំរាម ការ​ខ្វល់ខ្វាយ​ខាង​លោកីយ៍​ដូចជា​ការ​ចំកួត និង​គំនិត​អារម្មណ៍​នៃ​លោកីយ៍​ដូចជា​ការ​ឥតប្រយោជន៍​នេះ​ចោល​ចេញ។ សាសនា​នឹង​ក្លាយ​ជាគំនិត​ដំបូង​គេ​រាល់​ពេល​ដែល​ខ្ញុំ​ភ្ញាក់​ឡើង ហើយ​ជា​គំនិត​ចុងក្រោយ​គេ​បំផុត​មុន​នឹង​ខ្ញុំ​លង់​លក់​ទៅ​នៅ​ពេល​រាត្រី។ ខ្ញុំ​នឹង​ពុះពារ​គ្រប់​បែប​យ៉ាង​សម្រាប់​តែ​ប្រយោជន៍​សាសនា​តែ​ប៉ុណ្ណោះ។ ខ្ញុំ​នឹង​ពិចារណា​តែ​ពី​អនាគត​អស់កល្បជានិច្ច​តែ​ប៉ុណ្ណោះ។ ខ្ញុំ​នឹង​ស្ម័គ្រចិត្ត​ទទួល​យក​ជីវិត​ដែល​ពោរពេញ​ដោយ​ការ​រងទុក្ខ​នៅ​លោកីយ៍​នេះ ប្រយោជន៍​ឲ្យ​ព្រលឹង​មនុស្ស​ម្នាក់​បាន​ទៅ​កាន់​ស្ថានសួគ៌។ លទ្ធផល​អាក្រក់​នៅ​លោកីយ៍​នេះ មិន​អាច​បញ្ឈប់​សកម្មភាព ឬ​បិទ​មាត់​ខ្ញុំ​បាន​ឡើយ។ អំណរ និង​ទុក្ខព្រួយ​របស់​លោកីយ៍​មិន​អាច​ជ្រៀត​ចូល​មក​ក្នុង​គំនិត​ខ្ញុំ​បាន​ឡើយ។ ខ្ញុំនឹង​ព្យាយាម​ស្វែងរក​តែ​ភាព​អស់កល្ប​ជានិច្ច និង​ព្រលឹង​ដ៏​អមតៈ​នៅ​ជុំវិញ​ខ្លួន​ខ្ញុំ​ដែល​គេ​អាច​នឹង​មាន​ភាព​អរសប្បាយ ឬ​អាច​នឹង​រងទុក្ខ​វេទនា​អស់កល្បជានិច្ច​នាពេល​ឆាប់ៗ​នេះ។ ខ្ញុំ​នឹង​ចេញ​ទៅ​ផ្សាយ​ពី​សាសនា​ខ្ញុំ​ដល់​លោកីយ៍​ទាំង​មូល ទោះបើ​ត្រូវ​រដូវ ឬ​ខុស​រដូវ​ក្ដី។ ហើយ​បទគម្ពីរ​ដែល​ខ្ញុំ​នឹង​ផ្សាយ​នោះ​គឺ៖ «បើ​មនុស្ស​ណា​នឹង​បាន​លោកីយ៍​ទាំង​មូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ?»

លោក ចន វេស្លី (John Wesley) គឺ​ជា​មនុស្ស​ដ៏​ឧស្សាហ៍​ម្នាក់។ គាត់​បាន​មាន​ប្រសាសន៍​ថា៖ «ចូរ​ឲ្យ​អ្នក​ដែល​ស្រឡាញ់​ព្រះ​ជាម្ចាស់​អស់​ពី​ចិត្ត​ចំនួន​មួយ​រយ​នាក់ ហើយ​មិន​ខ្លាច​អ្វី​ទាំង​អស់​ក្រៅតែ​ពី​អំពើបាប​មក​ឯ​ខ្ញុំ នោះ​ខ្ញុំ​នឹង​បំផ្លាស់បំប្រែ​លោកីយ៍​នេះ»

លោក ជីម អេលាត (Jim Elliot) ដែល​ជា​មរណសាក្សី​នៅ​ប្រទេស អេក្វាទ័រ (Ecuador) គឺ​ជា​ចន្លុះ​បំភ្លឺ​ថ្វាយ​ព្រះ​យេស៊ូវគ្រីស្ទ។ មាន​ថ្ងៃ​មួយ ពេល​ដែល​គាត់​កំពុងតែ​សញ្ជឹងគិត​ពី​បទគម្ពីរ​ដែល​ចែង​ថា៖ «ទ្រង់​យក​ពួក​...អ្នក​បំរើ​ទ្រង់​ធ្វើ​ជា​អណ្ដាត​ភ្លើង» (ហេព្រើរ ១:៧) នោះ​គាត់​ក៏​បាន​សរសេរ​ការ​នេះ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ប្រចាំថ្ងៃ​របស់​គាត់​ដូចតទៅ៖

តើ​ខ្ញុំ​មាន​ភាព​ឆេះឆួល​សម្រាប់​ព្រះ​ជាម្ចាស់​ឬ​ទេ? ព្រះអង្គ​អើយ សូម​ទ្រង់​ដក​រនាំង​នៃ​លោកីយ៍​នេះ​ដែល​រារាំង​ទូលបង្គំ​មិន​ឲ្យ​មាន​ភាព​ឆេះឆួល​នឹង​ទ្រង់​ចេញ​ផង។ សូម​ចាក់​ប្រេង​នៃ​ព្រះ​វិញ្ញាណ​ទ្រង់​តាំង​ទូលបង្គំ​ឲ្យ​បាន​ជោគជាំ ដើម្បី​ឲ្យ​ទូលបង្គំ​ក្លាយ​ជា​អណ្តាត​ភ្លើង​ដែល​ងាយ​នឹង​ឆេះ​សម្រាប់​ទ្រង់។ ប៉ុន្តែ​អណ្ដាត​ភ្លើង​ឆេះ​បាន​តែ​មួយ​ឆាវ។ ធម្មតា វា​ឆេះ​តែ​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ ឱ! ព្រលឹង​ខ្ញុំ​អើយ តើ​ឯង​អាច​នឹង​អត់​ទ្រាំ​នឹង​ជីវិត​ដ៏​ខ្លី​នេះ​បាន​ដែរ​ឬ​យ៉ាង​ណា? ក្នុង​រូបកាយ​ខ្ញុំ​នេះ​មាន​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អង្គ​ដ៏​គង់នៅ​ផែនដី​នេះ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី ហើយ​ភាព​ឧស្សាហ៍​របស់​ទ្រង់​ចំពោះ​តំណាក់​របស់​ព្រះ​ជាម្ចាស់បាន​ធ្វើ​ឲ្យ​ទ្រង់​ឆេះឆួល។ ឱ​! អណ្ដាត​ភ្លើង​ព្រះ​ជាម្ចាស់​អើយ សូម​ធ្វើ​ឲ្យ​ទូលបង្គំ​ក្លាយ​ជា​ប្រេង​របស់​ទ្រង់​ផង។

ឃ្លា​ចុង​ក្រោយ​នេះ គឺ​ជា​ឃ្លា​ដែល​គាត់​បាន​បង្រួម​ពី​ឃ្លា​កំណាព្យ​ដ៏​ឆេះឆួល​របស់​លោកស្រី អេមី ខរម៉ាយខល (Amy Carmichael)៖

ចេញ​ពី​ពាក្យ​អធិស្ឋាន ខ្ញុំ​បាន​ទូល​សូម​ទ្រង់
ជ្រក​ក្រោម​បារមី​ព្រះអង្គ គេច​ពី​ព្យុះ​បោក​បក់
សូម​កុំ​មាន​ចិត្ត​ស្ទាក់ស្ទើរ​ពេល​ឡើង​ទី​ខ្ពស់
កុំ​ឲ្យ​អួត​អាង​ហួស លោះ​ខ្ញុំ​មាន​សេរី
ដើម្បី​ឲ្យ​ខ្ញុំ​ស្មោះស្ម័គ្រ​ដើរ​តាម​ទ្រង់។
ឱ​ព្រះជាម្ចាស់​អើយ
សូម​ឲ្យ​ទូលបង្គំ​ក្លាយ​ជា​ទាហាន​ស្មោះស្ម័គ្រ​នៃ​ទ្រង់។
 
ចេញ​ពី​សេចក្ដី​ស្រឡាញ់​បន្ទន់​គ្រប់​រឿង
ងាយ​ស្រួល​នោះ​ឡើង​ទាំង​ភាព​កម្សោយ
ទោះ​តាម​ការ​នេះ​ព្រលឹង​មិន​មាំ​ក៏​ដោយ
មិន​ដោយ​របៀប​នេះ​ឡើយ​ដែល​ទ្រង់​ត្រូវ​ឆ្កាង។
ចេញ​ពី​ការ​លាក់​ពន្លឺ​កាល់វ៉ារី
កូន​ចៀម​ព្រះ​ដ៏​មាន​បារមី សូម​សង្គ្រោះ​ខ្ញុំ​ផង!
 
សូម​ក្ដី​ស្រឡាញ់​ជួយ​ដឹក​នាំ​ផ្លូវ
ជំនឿ​ដែល​ត្រូវ​គ្មាន​អ្វី​អាច​ផ្ដួល​រលំ
សេចក្តី​សង្ឃឹម​ដែល​ឋិតថេរ​នៅ​ងំ
ក្ដី​ប្រាថ្នា​ប៉ង​ឆេះឆួល​ដូច​ភ្លើង​គ្មាន​ផ្សែង។
សូម​កុំ​ឲ្យ​ទូលបង្គំ​ធ្លាក់​ទៅ​ជា​មនុស្ស​ឆោតល្ងង់​ឡើយ
ឱ! អណ្ដាត​ភ្លើង​ព្រះជាម្ចាស់​អើយ
សូម​ធ្វើ​ឲ្យ​ទូលបង្គំ​ក្លាយ​ជា​ប្រេង​របស់​ទ្រង់​ផង។

 

ភាពអាម៉ាស់​របស់​ក្រុមជំនុំ​នៅ​សតវត្សរ៍​ទី​២១នេះ​គឺត្រង់ថា អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត និង​អ្នក​កាន់​សាសនា​ខុស​ឆ្គង​មាន​ភាព​ឧស្សាហ៍​ជាង​គ្រីស្ទបរិស័ទ​ទៅ​ទៀត។

នៅ​ឆ្នាំ ១៩០៣ មាន​បុរស​ម្នាក់​រួម​ជាមួយនឹង​អ្នក​ដើរ​តាម​គាត់​ចំនួន​ដប់ប្រាំពីរ​នាក់​បាន​ចាប់ផ្តើម​វាយប្រហារ​ពិភពលោក។ គាត់​ឈ្មោះ វ៉ា្លឌីមៀរ លេនីន (Vladimir Lenin)។ មក​ដល់​ឆ្នាំ ១៩១៨ ក្រុម​របស់​គាត់​បាន​កើន​ឡើង​រហូត​ទៅ​ដល់​បួនម៉ឺន​នាក់ ហើយ​គាត់​បាន​គ្រប់គ្រង​មនុស្ស​ចំនួន​ហុកសិបលាន​នាក់​នៅ​ប្រទេស រុស្ស៊ី (Russia) ជាមួយនឹង​ក្រុម​នោះ។ បើទោះជា​ចលនា​នោះ​មាន​ការ​ថយចុះ​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ក៏​ដោយ ចលនា​នោះ​នៅ​តែ​គ្រប់គ្រង​មនុស្ស​ជាង​មួយ​ភាគ​ប្រាំ​នៃ​ពិភពលោក​ទាំង​មូល។ ទោះបីជា​យើង​ប្រឆាំង​នឹង​គោលការណ៍​របស់​គេ​ក៏​ដោយ ក៏​ភាព​ឧស្សាហ៍​របស់​គេ​គួរ​ឲ្យ​សរសើរ​ដែរ។

គ្រីស្ទបរិស័ទ​ជា​ច្រើននាក់​មាន​អារម្មណ៍​ថា ​លោក ប៊ីលី ហ្គ្រាម (Billy Graham) បាន​ស្ដីបន្ទោស​ឲ្យ​ខ្លួន នៅ​ពេល​ដែល​គាត់​បាន​អាន​សំបុត្រ​ដូច​ខាង​ក្រោម​នេះ​ដែល​សរសេរ​ឡើង​ដោយ​និស្សិត​មហាវិទ្យាល័យ​សញ្ជាតិ​អាមេរិក​ម្នាក់​ដែល​បាន​ផ្លាស់ប្ដូរ​ចិត្ត​គំនិត​ខ្លួន​ទៅ​កាន់​លទ្ធិកុម្មុយនីស្ដ ខណៈពេល​ដែល​គាត់​នៅ​ក្នុង​ប្រទេស ម៉ិកស៊ីកូ (Mexico)។ អត្ថន័យ​ក្នុង​សំបុត្រ​នេះ​វា​ប្រហាក់ប្រហែល​ទៅ​នឹង​គំនិត​របស់​ភេរវជន​នា​សម័យ​បច្ចុប្បន្ន​នេះ​ដែរ។ គោល​បំណង​នៃ​សំបុត្រ​នេះ​គឺ​ចង់​ពន្យល់​ដល់​គូដណ្ដឹង​របស់​គាត់​ពី​មូលហេតុ​នៃ​ការ​ដែល​គាត់​សម្រេច​ចិត្ត​ផ្ដាច់​ពាក្យ៖

យើង​ដែល​ជា​អ្នក​កាន់​លទ្ធិកុម្មុយនីស្ដ​ប្រឈមមុខ​នឹង​អត្រា​ស្លាប់​ខ្ពស់។ យើង​ត្រូវ​គេ​បាញ់​ប្រហារ ព្យួរ​ក ឃុំឃាំង និយាយ​បង្កាច់​បង្ខូច ចំអកឡកឡឺយ បណ្ដេញ​ឈប់​ពី​ការ​ងារ និង​តាម​របៀប​គ្រប់​យ៉ាង​ផ្សេង​ទៀត​ដែល​គេ​អាច​ធ្វើ​ទុក្ខបុកម្នេញ​បាន​ដោយ​មិន​ឲ្យ​យើង​មាន​សេចក្ដីសុខ។ គេ​បាន​សម្លាប់ ឬ​ឃុំឃាំង​ពួក​យើង​មួយ​ចំនួន។ យើង​រស់​នៅ​ក្នុង​ភាព​ក្រីក្រ។ យើង​វេរ​លុយ​ស្ទើរ​អស់​ពី​ខ្លួន​ទៅ​បក្ស​កុម្មុយនីស្ត ហើយ​គ្រាន់តែ​ទុក​លុយ​ខ្លះ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ចាំបាច់​របស់​យើង​តែ​ប៉ុណ្ណោះ។ យើង​ដែល​ជា​អ្នក​កាន់​លទ្ធិ កុម្មុយនីស្ដ​មិន​មាន​ពេលវេលា ឬ​លុយ​សម្រាប់​មើល​កុន ការ​ប្រគំតន្ត្រី ញុាំ​អាហារ​ថ្លៃៗ ឬ​ទិញ​ផ្ទះ​វីឡា និង​ឡាន​ថ្មីៗ​នោះ​ទេ។ គេ​ថា​យើង​ជា​អ្នក​ងប់ងុល​នឹង​លទ្ធិ​កុម្មុយនីស្ត​ខ្លាំង។ ពិតណាស់ យើង​ពិត​ជា​អ្នក​ងប់ងុល​មែន។ ជីវិត​របស់​យើង​គ្រប់គ្រង​ដោយ​គោលបំណង​ដ៏​ធំ​បំផុត​មួយ​គឺ៖ ការ​តស៊ូ​ដើម្បី​ឲ្យ​លទ្ធិកុម្មុយនីស្ដ​បាន​រីកសាយ​ពាសពេញ​ពិភពលោក។

លុយ​មិន​អាច​ទិញ​គោលលទ្ធិ​កុម្មុយនីស្ត​របស់​យើង​បាន​ទេ ព្រោះ​វា​មាន​តម្លៃ​ខ្ពស់​បំផុត។ យើង​មាន​បុព្វហេតុ​ជាក់លាក់​ចង់​ឃើញ​លទ្ធិ​នេះ​រីកចម្រើន ហើយ​យើង​ក៏​មាន​គោលបំណង​ដ៏​ច្បាស់លាស់​ក្នុង​ជីវិត​ដែរ។ យើង​ស្ម័គ្រចិត្ត​ដាក់​រូបកាយ​ដែល​មិន​ស្ថិតស្ថេរ​នេះ​ទៅ​ក្នុង​ចលនា​ដ៏​អស្ចារ្យ​របស់​មនុស្ស​ជាតិ។ ហើយ​ទោះបើ​ជីវិត​ផ្ទាល់ខ្លួន​របស់​យើង​មាន​ការ​លំបាក ឬ​ក៏​រូបកាយ​យើង​ទទួល​រងការ​ឈឺចាប់​តាមរយៈ​ការ​ស្ថិតនៅ​ក្រោម​បង្គាប់​បក្ស​កុម្មុយនីស្ត​ក៏​ដោយ ក៏​យើង​នៅតែ​តស៊ូ ដោយ​សារ​យើង​ដឹង​ថា យើង​រាល់​គ្នា​បាន​រួមចំណែក​ជាមួយនឹង​ការ​ដែល​ថ្មី ពិត ហើយ​ជា​ប្រយោជន៍​ដ៏​ល្អ​បំផុត​ដល់​មនុស្ស​ជាតិ។

ខ្ញុំ​មានបំណង​តែ​មួយ​ប៉ុណ្ណោះ គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​បំពេញ​តាម​បុព្វហេតុ​នៃ​បក្ស​កុម្មុយនីស្ត។ បុព្វហេតុ​នៃ​បក្ស​កុម្មុយនីស្ត​គឺ​ជា ជីវិត​ខ្ញុំ ការងារ​ខ្ញុំ សាសនា​ខ្ញុំ ចំណង់ចំណូលចិត្ត​ខ្ញុំ សង្សារ​ខ្ញុំ ប្រពន្ធ​ខ្ញុំ ស្រី​កំណាន់​ខ្ញុំ និង​អាហារ​ដែល​ខ្ញុំ​ញុាំជាប្រចាំ​ថ្ងៃ។ ពេល​ថ្ងៃ​ខ្ញុំ​ធ្វើការ​ជា​ប្រយោជន៍​ដល់​បុព្វហេតុ​នៃ​បក្ស​កុម្មុយនីស្ត ហើយ​ពេល​យប់​ខ្ញុំ​គេង​ស្រមៃ​អំពី​បុព្វហេតុ​នៃ​បក្ស​កុម្មុយនីស្ត។ ពេល​ដែល​ពេលវេលា​កាន់តែ​ដើរ​ទៅ​មុខ បុព្វហេតុ​នៃ​បក្ស​កុម្មុយនីស្ត​កាន់តែ​ជ្រាប​ចូល​ក្នុង​គំនិត​ខ្ញុំ​ជ្រៅ​ទៅៗ វា​មិន​ជ្រាប​ចេញ​ឡើយ។ ហេតុដូច្នេះហើយ ខ្ញុំ​មិន​អាច​បន្ត​មិត្តភាព ស្នេហា ឬ​ក៏​ទំនាក់ទំនង​ដោយ​គ្មាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​បុព្វហេតុ​នេះ​ដែល​ជំរុញ និង​ដឹកនាំ​ជីវិត​ខ្ញុំ​បាន​ទៀត​ទេ។ ខ្ញុំ​វាយ​តម្លៃ​មនុស្ស សៀវភៅ គំនិត និង​សកម្មភាព​ទាំង​ឡាយ​ដោយ​ផ្អែក​ទៅ​តាម​អាកប្បកិរិយា និង​ការ​ដែល​គេ​មាន​ឥទ្ធិពល​មក​លើ​បុព្វហេតុ​នៃ​បក្ស​កុម្មុយនីស្ត។ គេ​បាន​ឃុំឃាំង​ខ្ញុំ​នៅ​ក្នុង​គុក​ម្ដង​រួច​ទៅ​ហើយ ដោយសារ​តែ​ខ្ញុំ​កាន់​តាម​លទ្ធិ​កុម្មុយនីស្ត ហើយ​ប្រសិនបើ​គេ​ចាំបាច់​សម្លាប់​ខ្ញុំ​មែន ខ្ញុំ​ក៏​មិន​ខ្លាច​ឲ្យ​ក្រុម​ទាហាន​ពេជ្ឈឃាត​បាញ់​សម្លាប់​ខ្ញុំ​ដែរ។

ប្រសិនបើ​អ្នក​កាន់​លទ្ធិកុម្មុយនីស្ដ​ធ្វើ​សម្រាប់​បុព្វហេតុ​របស់​គេ​អស់​ពី​ចិត្ត​យ៉ាង​នេះ តើ​គ្រីស្ទបរិស័ទ​គួរ​នឹង​លះបង់​សម្រាប់​សេចក្តី​ស្រឡាញ់ ហើយ​ប្តូរផ្តាច់​ចំពោះ​ព្រះ​ជាម្ចាស់​របស់​គេ​យ៉ាង​ណា​ដែរ? ប្រាកដ​ណាស់​ថា ប្រសិនបើ​ព្រះ​អម្ចាស់យេស៊ូវ​មាន​តម្លៃ នោះ​ទ្រង់​ត្រូវ​មាន​តម្លៃ​លើស​អ្វីៗ​ទាំងអស់។ លោក ហ្វាញដ្លេ (Findlay) បាន​មាន​ប្រសាសន៍​ថា «ប្រសិនបើ​ជំនឿ​របស់​គ្រីស្ទបរិស័ទ​ស័ក្ដិសម​នឹង​ឲ្យ​យើង​ជឿ នោះ​វា​ក៏​ស័ក្តិសម​នឹង​ឲ្យ​យើង​ជឿ​អស់​ពី​ចិត្ត​ដែរ ទោះបើ​ត្រូវ​ស្លាប់ក៏​ដោយ»

លោក ចេមស៍ ដែននី (James Denney) បាន​មាន​ប្រសាសន៍​ថា «បើ​ព្រះ​ជាម្ចាស់​បាន​រៀបចំ​ផ្លូវ​ដើម្បី​សង្គ្រោះ​លោកីយ៍​នេះ​តាមរយៈ​ព្រះ​គ្រីស្ទ ព្រមទាំង​បាន​បើកសម្ដែង​ពី​ដំណឹង​នេះ​ពិត​ប្រាកដមែន នោះ​គ្រីស្ទបរិស័ទ​គ្រប់រូប​ត្រូវ​ប្រឆាំង​គ្រប់​ទាំង​អ្វី​ដែល​មើលងាយ បដិសេធ ឬ​បង្វែរ​សេចក្ដីពិត​នេះ»

ព្រះជាម្ចាស់​សព្វព្រះទ័យ​នឹង​មនុស្ស​ណា​ដែល​អនុញ្ញាត​ឲ្យ​ព្រះ​វិញ្ញាណបរិសុទ្ធ​ដឹកនាំ​ចិត្ត​របស់​ពួក​គេ​ទាំងស្រុង។ ពេល​លោកីយ៍​មើល​អ្នក​ទាំង​នោះ ពួក​គេ​គិត​ថា អ្នក​ទាំង​នោះ​ជា​អ្នក​ស្រវឹង​ខួប ប៉ុន្តែ​ចំពោះ​អ្នក​ដែល​ស្គាល់​អ្នក​ទាំង​នោះ​ច្បាស់ គេ​នឹង​ដឹង​ថា អ្នក​ទាំងនោះ​កំពុង​រស់នៅ​ដោយ​ការ​ស្រេក​ឃ្លាន​យ៉ាង​ខ្លាំង​ក្រៃ​ដែល​មិន​ចេះ​ស្កប់​នឹង​ព្រះ​ជាម្ចាស់។

ចូរ​ឲ្យ​អស់​អ្នក​ដែល​ចង់​ធ្វើ​ជា​សិស្ស​របស់​ព្រះ​យេស៊ូវ​ទួល​ស្គាល់​ថា ពួក​គេ​ត្រូវ​តែ​មាន​ភាព​ឧស្សាហ៍​នៅ​ក្នុង​ជីវិត​របស់​ខ្លួន។ ចូរ​យើង​យក​គំរូ​តាម​ការ​ពណ៌នា​អំពី​អ្នក​ឧស្សាហ៍​ដែល​គ្រូគង្វាល ចេ. ស៊ី. រែល (J. C. Ryle) បាន​និពន្ធ៖

អ្នក​ឧស្សាហ៍​នឹង​សាសនា ​គឺ​ជា​អ្នក​ដែល​គិត​តែ​ពី​រឿង​សាសនា​មួយ​ប៉ុណ្ណោះ។ បើ​យើង​គ្រាន់តែ​ថា គាត់​ជា​មនុស្ស​ដែល​ស្មោះអស់ពីចិត្ត រួសរាយ​រាក់ទាក់ មិន​ចេះ​ស៊ីសំណូកសូកប៉ាន់ ជា​មនុស្ស​ដែល​យកចិត្ត​ទុកដាក់ ផ្ចង់​អារម្មណ៍​ខ្ពស់ និង​មាន​ស្មារតី​ក្លៀវក្លា នោះ​មិនទាន់​គ្រប់គ្រាន់​នឹង​ហៅ​គាត់​ជា​អ្នក​ឧស្សាហ៍​នៅ​ឡើយ​ទេ។ អ្នក​ឧស្សាហ៍​ផ្ដោត​អារម្មណ៍​តែ​លើ​រឿង​មួយ ខ្វល់ខ្វាយ​តែ​លើ​រឿ​ង​មួយ រស់នៅ​ដើម្បី​តែ​រឿង​មួយ ហើយ​គាត់​នៅ​ក្រាញននៀល​ជាមួយ​តែ​រឿង​មួយ​ហ្នឹង ហើយ​រឿង​មួយ​ហ្នឹង ​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​តែ​បាន​គាប់​ព្រះ​ហឫទ័យ​ព្រះ​ជាម្ចាស់។ គាត់​មិន​ខ្វល់​ពី​រឿង​ផ្សេង​ទៀត ទោះបើ​គាត់​រស់​ឬ​ស្លាប់​ក្តី ឈឺ​ឬ​ជា​ក្តី ទោះបើ​គាត់​មាន​ឬ​ក្រ​ក្តី ហើយ​បើ​ទោះ ជា​ធ្វើ​ឲ្យ​គេ​សប្បាយ​ចិត្ត ​ឬ​ពិបាក​ចិត្ត​ក្តី មិនថា​គេ​គិត​ថា​គាត់​ឆ្លាត​ឬ​ល្ងង់​ក្តី មិនថា​គេ​ស្តី​បន្ទោស ឬ​ស្ងើច​សរសើរ​គាត់​ក្តី ហើយ​បើ​ទោះជា​គេ​លើកមុខ ​ឬ​បំបាក់មុខ​ក្តី ក៏​គាត់​មិន​ខ្វល់​ពី​ការ​ទាំងអស់​នោះ​ដែរ ព្រោះ​គាត់​ខ្វល់​តែ​ពី​ការ​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​ជាម្ចាស់ ដើម្បីថ្វាយ​សិរីល្អ​ដល់​ទ្រង់​តែ​មួយ​ប៉ុណ្ណោះ។

ទោះបីជា​គាត់​ត្រូវ​លះបង់​ជីវិត ក៏​គាត់​មិន​ខ្វល់​ដែរ ព្រោះ​គាត់​ពេញចិត្ត​ពេញ​ថ្លើម​នឹង​ព្រះ​ជាម្ចាស់។ គាត់​មាន​អារម្មណ៍​ថា ខ្លួន​គាត់​ប្រៀប​បាន​ដូច​ជា​ចង្កៀង​ដែលទុក​សម្រាប់​ដុត​អញ្ចឹង​ដែរ ហើយ​បើ​គាត់​ត្រូវ​ឆេះ​អស់ នោះ​ក៏​មិនចម្លែក​អ្វី​ដល់​គាត់ដែរ ពីព្រោះ​គាត់​ធ្វើ​អ្វី​តាម​តែ​ការ​កំណត់​របស់​ព្រះ​ជាម្ចាស់​ប៉ុណ្ណោះ។ បុគ្គល​ប្រភេទ​នេះ​ប្រាកដ​ជា​នឹង​រក​ឃើញ​វិធី ដើម្បី​ឲ្យ​ភាព​ឧស្សាហ៍​របស់​គាត់​ចេញ​ជា​សកម្មភាព​ជា​មិនខាន។ បើ​គាត់​មិន​អាច​អធិប្បាយ មិនអាច​ធ្វើការ ឬក៏​មិនអាច​ថ្វាយ​តង្វាយ នោះ​គាត់​នឹង​អង្គុយ​យំ ​ដក​ដង្ហើមធំ ហើយ​អធិស្ឋាន​ជាមិនខាន។ មែន​ហើយ ទោះបើ​គាត់​ក្រីក្រ ឬ​ឈឺ​ធ្ងន់ធ្ងរ​ក្ដី ក៏​គាត់​នឹង​ធ្វើ​ឲ្យ​សេចក្តី​អាក្រក់​ជាប់គាំង ដោយសារ​ការ​អធិស្ឋាន​ដ៏​ខ្លាំងក្លា​របស់​គាត់។ ប្រសិនបើ​គាត់​មិន​អាច​ចូល​រួម​តយុទ្ធ​នៅ​ក្នុង​ជ្រលង​ភ្នំ​ជាមួយ​លោក យ៉ូស្វេ ​ទេ នោះ​គាត់​នឹង​ធ្វើការ​ដូច​លោក ម៉ូសេ លោក អើរ៉ុន និង លោក ហ៊ើរ នៅ​លើ​កំពូល​ភ្នំ (និក្ខមនំ ១៧:៩-១៣)។ ប្រសិនបើ​គាត់​មិន​អាច​បន្ត​ធ្វើ​ព័ន្ធកិច្ច នោះ​គាត់​នឹង​អធិស្ឋាន​ទៅកាន់​ព្រះ​ជាម្ចាស់​រហូត​ទាល់តែ​ទ្រង់​ចាត់​នរណា​ម្នាក់​ផ្សេង​ទៀត​មក​ធ្វើ​ជា​ជំនួយ​របស់​គាត់ ដើម្បី​បំពេញ​ព័ន្ធកិច្ច​នោះ។ នេះ​ហើយ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​បញ្ជាក់​ជូន​ពី​អត្ថន័យ​នៃ​ពាក្យ «ឧស្សាហ៍» ក្នុង​ជីវិត​ជា​គ្រីស្ទបរិស័ទ។