សិស្ស
ដ៏ពិតរបស់
ព្រះយេស៊ូវ

ជំពូក​ទី​៣

ឧបសគ្គ​នៃភាពជាសិស្ស

អស់​អ្នក​ណា​ដែល​ចាប់ផ្តើម​ដើរ​តាម​ព្រះ​គ្រីស្ទ​នឹង​ដឹង​ច្បាស់​ថា ពួក​គេ​នឹង​ឃើញ​ផ្លូវ​គេច​ចេញ​ពី​ការ​ដើរតាម​ទ្រង់​ជា​ច្រើន។ ពួក​គេ​នឹង​មាន​ឱកាស​ដើរ​ចេញ​ពី​ព្រះ​គ្រីស្ទ​ជា​ច្រើន​ដង។ ហើយ​មាន​ឮ​សំឡេង​ផ្សេងទៀត​ប្រាប់​ពួក​គេ​ថា «យើង​ចង់​ជួយ​ដក​លក្ខខណ្ឌ​ខ្លះៗ​នៃ​ឈើឆ្កាង​ចេញ»។ មាន​ទេវតា​ដប់ពីរ​កង​ឈរ​ត្រៀមខ្លួន​ជា​ស្រេច​ចាំ​រំដោះ​ពួក​គេ​ចេញពី​ការ​លះកាត់ចិត្ត​ចេញពី​ខ្លួនឯង និង​ការ​ពលី​ជីវិត។

ផ្លូវ​គេចចេញ​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ចេញ​ពី​រឿង​មនុស្ស​បី​នាក់​ដែល​ប៉ង​ធ្វើ​ជា​សិស្ស​របស់​ព្រះ​យេស៊ូវ តែ​ពួក​គេ​បាន​អនុញ្ញាត​ឲ្យ​សំឡេង​ដទៃ​មាន​អាទិភាព​ជាង​ការ​ត្រាស់ហៅ​របស់​ព្រះ​គ្រីស្ទ​វិញ។ កាល​កំពុង​តែ​ទៅ​តាម​ផ្លូវ នោះ​មាន​ម្នាក់​ទូល​ទ្រង់​ថា ព្រះអម្ចាស់​អើយ ទូលបង្គំ​នឹង​តាម​ទ្រង់ ទោះ​បើ​ទ្រង់​យាង​ទៅ​ក្នុង​ទី​ណា​ក៏​ដោយ ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល​តប​ថា កញ្ជ្រោង​មាន​រូង​វា ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មាន​សំបុក​ដែរ តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ម្នាក់​ទៀត​ថា ចូរ​មក​តាម​ខ្ញុំ អ្នក​នោះ​ទូល​ឆ្លើយ​ថា ព្រះអម្ចាស់​អើយ សូម​ទ្រង់​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ទៅ​កប់​ខ្មោច​ឪពុក​ទូលបង្គំ​សិន តែ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​អ្នក​នោះ​ថា ទុក​ឲ្យ​ពួក​មនុស្ស​ស្លាប់​កប់​ខ្មោច​ពួក​គេ​ចុះ ឯ​អ្នក ចូរ​ទៅ​ផ្សាយ​ដំណឹង​ពី​នគរ​ព្រះ​វិញ មាន​ម្នាក់​ទៀត​ទូល​ថា ព្រះអម្ចាស់​អើយ ទូលបង្គំ​នឹង​តាម​ទ្រង់​ទៅ​ដែរ តែ​សូម​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ទៅ​លា​ពួក​ផ្ទះ​ទូលបង្គំ​សិន ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​អ្នក​នោះ​ថា អ្នក​ណា​ដែល​ដាក់​ដៃ​កាន់​នង្គ័ល ហើយ​ងាក​បែរ​ទៅ​មើល​ក្រោយ អ្នក​នោះ​មិន​គួរ​នឹង​នគរ​ព្រះ​ទេ (លូកា ៩:៥៧-៦២)។

មាន​បុរស​បី​នាក់​បាន​មក​ជួប​ព្រះ​យេស៊ូវគ្រីស្ទ​ដោយ​ផ្ទាល់ តែ​អ្នក​និពន្ធ​កណ្ឌគម្ពីរ​លូកា​មិន​បាន​ប្រាប់​ឈ្មោះ​ពួក​គេ​ទេ។ ពួក​គេ​មាន​គំនាប​សង្កត់​នៅក្នុង​ចិត្ត​ក្នុង​ការ​ដើរតាម​ទ្រង់។ ប៉ុន្តែ​ពួក​គេ​បាន​អនុញ្ញាត​ឲ្យ​រឿង​ផ្សេង​ទៀត​ចូល​មក​ជ្រៀតជ្រែក​ព្រលឹង​របស់​ខ្លួន និង​ការ​ថ្វាយខ្លួន​ទាំង​ស្រុង​ចំពោះ​ទ្រង់។

បុរស​ផ្លេកបន្ទោរ

បុរស​ដំបូង យើង​អាច​ឲ្យ​ឈ្មោះ​ថា​បុរស​ផ្លេកបន្ទោរ។ គាត់​ស្ម័គ្រចិត្ត​យ៉ាង​អន្ទះអន្ទែង​ក្នុង​ការ​ដើរតាម​ព្រះ​អម្ចាស់​ទៅ​គ្រប់​ទី​កន្លែង។ គាត់​បាន​មាន​ប្រសាសន៍​ថា «ព្រះអម្ចាស់​អើយ ទូលបង្គំ​នឹង​តាម​ទ្រង់ ទោះ​បើ​ទ្រង់​យាង​ទៅ​ក្នុង​ទី​ណា​ក៏​ដោយ»។ មើលទៅដូចជា​គ្មាន​តម្លៃ​អ្វី​ដែល​ថ្លៃ​ពេក​សម្រាប់​គាត់​នោះ​សោះ ហើយ​គ្មាន​ឈើឆ្កាង​ណា​ដែល​ធ្ងន់​ពេក​នោះ​ទេ ហើយ​ក៏​គ្មាន​ផ្លូវ​ណា​ដែល​រលាក់​ពេក​នោះ​ដែរ។

ចម្លើយ​របស់​ព្រះ​សង្គ្រោះ ពី​ដំបូង​ហាក់បីដូចជា​មិន​មាន​ភាព​ស៊ីគ្នា​ជាមួយនឹង​ការ​ស្ម័គ្រចិត្ត​របស់​បុរស​ផ្លេកបន្ទោរ​សោះ។ ព្រះ យេស៊ូវ​មាន​បន្ទូល​ថា៖ «កញ្ជ្រោង​មាន​រូង​វា ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មាន​សំបុក​ដែរ តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ»។ តាមពិតទៅ ចម្លើយ​របស់​ព្រះ​អម្ចាស់​នៅ​ត្រង់​នេះ​មាន​ភាព​ស័ក្ដិ​សម​ណាស់។ ​ទ្រង់​ហាក់បីដូច​ជា​មាន​បន្ទូល​ថា៖ «លោក​បាន​អះអាង​ថា​នឹង​តាម​ខ្ញុំ​ទៅ​គ្រប់​ទី​កន្លែង ប៉ុន្តែ​តើ​លោក​ហា៊ន​លះបង់​សម្ភារៈ​កម្សាន្តចិត្ត​ក្នុង​ជីវិត​របស់​លោក​ដែរឬទេ? សត្វ​កញ្ជ្រោង​រស់នៅ​លោកីយ៍​នេះ​ស្រួល​ជាង​ខ្ញុំ​ទៅ​ទៀត។ ហើយ​សត្វ​ស្លាប​មាន​សម្បុក​ផ្ទាល់​ខ្លួន​របស់​វា ប៉ុន្តែ​ឯ​ខ្ញុំ​វិញ ជា​អ្នក​ត្រាច់ចរ​ក្នុង​លោកីយ៍​ដែល​ខ្ញុំ​បានបង្កើត​នេះ ខ្ញុំ​គ្មាន​ទីលំនៅ​ពិតប្រាកដ​ឡើយ។ តើ​លោក​តាំងចិត្ត​នឹង​លះបង់​ផ្ទះសំបែង​ដ៏​សុខសាន្ត ដើម្បី​តាម​ខ្ញុំ​មែនអេ៎? តើ​លោក​តាំងចិត្ត​ចាកចោល​ភាព​ស្រណុក​សុខស្រួល​នៃ​ជីវិត​លោក ដើម្បី​បម្រើ​ខ្ញុំ​អស់​ពី​ចិត្ត​មែន​ឬ?»។

មើលទៅ ទំនងជា​គាត់​នោះ​មិន​បាន​តាំង​ចិត្ត​សោះ ពីព្រោះ​យើង​មិន​បាន​ឮ​អ្វី​ផ្សេង​ទៀត​អំពី​គាត់​នៅ​ក្នុង​ព្រះ​គម្ពីរ​ទេ។ គាត់​ស្រឡាញ់​ភាព​ស្រណុក​សុខស្រួល​នៅ​លោកីយ៍​នេះ​ជាជាង​ការ​ប្ដេជ្ញាចិត្ត​ដើរ​តាម​ព្រះ​គ្រីស្ទ​ទៅទៀត។

បុរស​មើកៗ

បុរស​ទី​ពីរ យើង​អាច​ឲ្យ​ឈ្មោះ​ថា​បុរស​មើកៗ។ គាត់​មិន​បាន​ស្ម័គ្រចិត្ត​ដូច​បុរស​ទីមួយ​ទេ ក៏​ប៉ុន្តែ​ព្រះ​សង្គ្រោះ​បាន​ហៅ​គាត់​ឲ្យ​តាម​ទ្រង់​វិញ។ ចម្លើយ​របស់​គាត់​មិន​បាន​ប្រកែក​ទាំងស្រុង​នោះ​ទេ។ នេះ​មិន​មែន​មាន​ន័យ​ថា គាត់​មិន​ចាប់​អារម្មណ៍​នឹង​ដើរ​តាម​ព្រះ​អម្ចាស់​ទាល់តែសោះ​នោះ​ទេ ក៏ប៉ុន្តែ​មាន​ការ​មួយ​ដែល​គាត់​ចង់​ធ្វើ​ជា​មុន​សិន។ ហើយ​ការ​នោះ​គឺជា​អំពើបាប​ដ៏​ធំ​របស់​គាត់។ គាត់​បាន​ឲ្យ​អាទិភាព​លើ​ការ​អះអាង​របស់​គាត់​ខ្ពស់ជាង​ការ​អះអាង​របស់​ព្រះ​គ្រីស្ទ​ទៅ​ទៀត។ សូម​កត់សម្គាល់​ចម្លើយ​របស់​គាត់៖ «ព្រះអម្ចាស់​អើយ សូម​ទ្រង់​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ទៅ​កប់​ខ្មោច​ឪពុក​ទូលបង្គំ​សិន»។ ​ការ​ដែល​កូន​ត្រូវ​គោរព​ឪពុកម្ដាយ គឺ​ជា​ការ​ស័ក្ដិ​សម​ណាស់។ ប្រសិនបើ​ឪពុក​របស់​គ្រីស្ទបរិស័ទ​ម្នាក់​បាន​បាត់បង់​ជីវិត នោះ​ការ​រៀបចំ​បញ្ចុះ​សព​ឪពុក​ឲ្យ​បាន​ត្រឹមត្រូវ​តាម​របៀប​គ្រីស្ទបរិស័ទ មិន​មែន​ជា​រឿង​ដែល​ខុស​ទេ។ ប៉ុន្តែ​ការ​ដែល​គួរសម​ដ៏​ពេញមុខ​ពេញ​មាត់​ក្នុង​ជីវិត​នោះ​នឹង​ក្លាយ​ទៅ​ជា​អំពើបាប​យ៉ាង​ជាក់​ស្ដែង នៅ​ពេល​ដែល​ការ​ទាំង​នោះ​ដណ្ដើម​យក​អាទិភាព​ចម្បង​នៃ​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​អម្ចាស់យេស៊ូវ។ ភាពលោភលន់​ដ៏​ពិត​របស់​បុរស​ម្នាក់​នេះ ក៏បាន​បង្ហាញ​ចេញ​តាមរយៈ​សំណូមពរ​ដ៏​ត្រង់ៗ​របស់​គាត់​ដូច​នេះ​ថា៖ «ព្រះអម្ចាស់​អើយ...ទូលបង្គំ...សិន»។ ពាក្យពេចន៍​ផ្សេង​ទៀត​ដែល​គាត់​បាន​និយាយ គ្រាន់តែ​ជា​ពាក្យ​ដើម្បី​បិទបាំង​នូវ​បំណង​ប្រាថ្នា​ដែល​ទុក​ខ្លួន​ឯង​សំខាន់​ជាង​អ្វីៗ​ផ្សេង​ទៀត។

វាហាក់បីដូចជា​គាត់​មិន​ដឹង​ខ្លួន​សោះ​ពេល​គាត់​ថា «ព្រះអម្ចាស់​អើយ... ទូលបង្គំ...សិន»។ ពាក្យ​ដូច​នេះ​ជា​ពាក្យ​ផ្ដេសផ្ដាស​ខុស​នឹង​សីលធម៌ ហើយ​មិន​អាច​ទៅ​រួច​នោះ​ទេ​។ ប្រសិនបើ​ព្រះ​គ្រីស្ទ​ពិតជា​ព្រះ​អម្ចាស់​មែន នោះ​ទ្រង់​ត្រូវ​មាន​អាទិភាព​ចម្បង​ក្នុង​ជីវិត​យើង។ ប្រសិនបើ​សព្វនាមបុរិសៈ «ខ្ញុំ» នៅ​លើ​រាជបល្ល័ង្ក នោះ​មាន​ន័យ​ថា យើង​លែង​ឲ្យ​ព្រះ​គ្រីស្ទ​កាន់កាប់​អំណាច​លើ​យើង​ទៀត​ហើយ។

បុរស​មើកៗ មាន​ការ​ងារ​ដែល​គាត់​ត្រូវ​ធ្វើ ហើយ​ទុក​អាទិភាព​ការ​ងារ​នេះ​ជា​ចម្បង។ ដូច្នេះ វា​ស័ក្ដិ​សម​ណាស់​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ទៅកាន់​គាត់​ថា៖ «ទុក​ឲ្យ​ពួក​មនុស្ស​ស្លាប់​កប់​ខ្មោច​ពួក​គេ​ចុះ ឯ​អ្នក ចូរ​ទៅ​ផ្សាយ​ដំណឹង​ពី​នគរ​ព្រះ​វិញ» យើង​អាច​ពន្យល់​ពាក្យ​របស់​ទ្រង់​ដូច​នេះ​ថា៖ «មាន​ការ​ខ្លះ មនុស្ស​ដែល​ស្លាប់​ខាងឯវិញ្ញាណ​ក៏​អាច​ធ្វើ​បាន​ដូច​អ្នក​ជឿ​ផង​ដែរ។ ប៉ុន្តែ​មាន​ការ​ខ្លះ​ទៀត មាន​តែ​អ្នក​ជឿ​ទេ​ដែល​អាច​ធ្វើ​បាន។ ត្រូវដឹងថា លោក​មិន​ចាំបាច់​ចំណាយ​ជីវិត​របស់​ខ្លួន ដើម្បី​ធ្វើ​ការ​ដែល​អ្នក​មិន​ជឿ​អាច​ធ្វើ​បាន​នោះ​ទេ។ ចូរ​ទុក​ឲ្យ​មនុស្ស​ដែល​ស្លាប់​ខាងឯវិញ្ញាណ​កប់​សព​ខាង​ឯ​សាច់ឈាម​គេ​ទៅ​ចុះ។ ប៉ុន្តែ​ចំពោះ​លោក​ផ្ទាល់ ចូរ​ធ្វើ​ជា​អ្នក​ផ្ដល់​ប្រយោជន៍​សម្រាប់​ខ្ញុំ​វិញ។ ចូរ​យក​បុព្វហេតុ​របស់​ខ្ញុំ​ទុកជា​គោលបំណង​ចម្បង​របស់​លោក​ចុះ ដើម្បី​ឲ្យ​នគរ​ខ្ញុំ​បាន​រីកចម្រើន​ឡើង​នៅ​លើ​ផែនដី​នេះ»

មើលទៅ ការ​ដើរ​តាម​ព្រះ​យេស៊ូវ​ហាក់បីដូចជា​ថ្លៃ​ហួសហេតុ​ពេក​សម្រាប់​បុរស​មើកៗ។ តាំង​ពី​ពេល​នោះ​មក គាត់​បាន​បាត់​មុខ​ពី​ឆាក​នៃ​ប្រវត្តិសាស្ត្រ​សូន្យ​ឈឹង។

ប្រសិនបើ​បុរស​ទី​មួយ​ជា​ឧទាហរណ៍​ដែល​បង្ហាញ​ថា សម្ភារៈ​កម្សាន្តចិត្ត​ជា​ឧបសគ្គ​ក្នុង​ការ​ធ្វើ​ជា​សិស្ស​របស់​ព្រះ​យេស៊ូវ នោះ​យើង​ក៏​អាច​និយាយ​ដែរ​ថា ​បុរស​ទី​ពីរ​បាន​ឲ្យ​អាទិភាព​ខ្ពស់​ទៅ​លើ​ការ​ងារ​ជាង​ការ​ធ្វើ​ជា​គ្រីស្ទបរិស័ទ។

បើ​លោក​អ្នក​មាន​ការ​ងារធ្វើ នោះ​មិនមែន​ជា​ការ​ខុសឆ្គង​ទេ ព្រោះ​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់​គឺ​ចង់​ឲ្យ​យើង​ធ្វើការ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​របស់​ខ្លួន​និង​គ្រួសារ។ ប៉ុន្តែ ជីវិត​នៃ​ភាព​ជាសិស្ស​ដ៏​ពិត​ទាមទារ​ការ​ស្វែងរក​នគរ​របស់​ព្រះ​ជាម្ចាស់ និង​សេចក្ដីសុចរិត​របស់​ទ្រង់​ជា​អាទិភាព​ចម្បង​បំផុត។ ហើយ​ជីវិត​នៃ​ភាព​ជាសិស្ស​ក៏​ទាមទារ​ឲ្យ​អ្នក​ជឿ​កុំ​ចំណាយ​ជីវិត​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​អ្វី​ដែល​អ្នក​មិន​ជឿ​អាច​ធ្វើ​បាន​ដូច​គ្នា ឬ​ក៏​ល្អ​ជាង​ទៅ​ទៀត​នោះ​ឡើយ។ ដូចគ្នានេះដែរ មូលហេតុ​នៃ​ការ​ធ្វើ​ការ​ងារ​គឺ​គ្រាន់តែ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​នា​ពេល​បច្ចុប្បន្ន​ប៉ុណ្ណោះ។ ឯ​ការ​ងារ​ដ៏​ចម្បង​បំផុត​របស់​គ្រីស្ទបរិស័ទ​គឺ​ការ​ផ្សាយ​ពី​នគរ​របស់​ព្រះ​ជាម្ចាស់។

បុរស​គិតងាយ

បុរស​ទី​បី យើង​អាច​ឲ្យ​ឈ្មោះ​ថា​បុរស​គិតងាយ។ គាត់​ស្រដៀង​នឹង​បុរស​ទីមួយ​ដែរ ដោយសារ​គាត់​បាន​ស្ម័គ្រចិត្ត​ដើរ​តាម​ព្រះ​អម្ចាស់។ ​ប៉ុន្តែ​គាត់​ក៏​ដូច​ជា​បុរស​ទីពីរ​ដែរ ដោយសារ​គាត់​ប្រើ​ពាក្យ​មិន​គួរ​សម​ដូច​គ្នា៖ «ព្រះអម្ចាស់​អើយ...ទូលបង្គំ...សិន»។ គាត់​ទូល​ថា «ព្រះ​អម្ចាស់​អើយ ទូលបង្គំ​នឹង​តាម​ទ្រង់​ទៅ​ដែរ​តែ​សូម​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ទៅ​លា​ពួក​ផ្ទះ​ទូលបង្គំ​សិន»

ជាថ្មីម្តងទៀត ​យើង​ត្រូវតែ​ទទួល​ស្គាល់​ថា បើ​គ្រាន់តែ​ស្តាប់​សំណើ​ដែល​គាត់​លើក​ឡើង វា​ដូច​ជា​គ្មាន​អ្វី​ខុស​នោះ​ទេ។ វា​ក៏​មិន​មែន​ប្រឆាំង​នឹង​ក្រឹត្យវិន័យ​របស់​ព្រះ​ជាម្ចាស់​នោះ​ដែរ ក្នុង​ការ​ដែល​យើង​បង្ហាញ​សេចក្តី​ស្រឡាញ់​ជាមួយ​នឹង​សាច់ញាតិ ឬ​ក៏​តាម​ក្រមសីលធម៌​នៅពេល​ដែល​យើង​លា​ពួក​គេ។ តើ​ចំណុច​ណា​ដែល​បណ្ដាល​ឲ្យ​បុរស​ម្នាក់​នេះ​មិន​បាន​ជោគជ័យ​លើ​ការ​សាកល្បង​នេះ? វា​ស្ថិត​នៅ​ត្រង់​ចំណុច​ដែល​គាត់​បាន​បណ្ដោយ​ឲ្យ​ទំនាក់ទំនង​របស់​គាត់​ជាមួយ​គ្រួសារ​ចូល​មក​ជំនួស​ព្រះ​គ្រីស្ទ។

ដូច្នេះ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ដោយ​យោគយល់​ត្រង់ៗថា៖ «អ្នក​ណា​ដែល​ដាក់​ដៃ​កាន់​នង្គ័ល​ហើយ​ងាក​បែរ​ទៅ​មើល​ក្រោយ​អ្នក​នោះ​មិន​គួរ​នឹង​នគរ​ព្រះ​ទេ» ត្រង់​នេះ​ទ្រង់​ចង់​មានន័យ​ថា៖ «សិស្ស​របស់​ខ្ញុំ​មិន​គួរ​គិតតែ​ពី​ខ្លួនឯង ហើយ​មិន​ចេះ​សម្រេចចិត្ត​ដោយ​ខ្លួនឯង។ ខ្ញុំ​ចង់​បាន​សិស្ស​ដែល​មាន​ឆន្ទៈ​លះបង់​ចំណង់​ផ្ទាល់​ខ្លួន ហើយ​មិន​បែក​អារម្មណ៍​ដោយសារ​សាច់ញាតិ​ដែល​មាន​មនោសញ្ចេតនា​នឹង​គ្នា។ ហើយ​ខ្ញុំ​ចង់​បាន​សិស្ស​ដែល​ទុក​ខ្ញុំ​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ជីវិត»

យើង​សន្និដ្ឋាន​ថា បុរស​គិតងាយ​បាន​ចាកចោល​ព្រះ​យេស៊ូវ ហើយ​បាន​ដើរ​ចេញ​ទៅ​ដោយ​មុខ​ស្រងូតស្រងាត់។ សេចក្ដីប្រាថ្នា​ក្នុង​ការ​ក្លាយ​ជា​សិស្ស​ដ៏​លើសលប់​របស់​គាត់​បាន​បែក​ខ្ចាយ ដោយ​សារ​ចំណង​នៅ​ក្នុង​គ្រួសារ​គាត់ ប្រៀប​បាន​នឹង​កែវ​បោក​ផ្ទប់​នឹង​ផ្ទាំង​សិលា​យ៉ាង​ដូច្នោះ​ដែរ។ យើង​មិន​ដឹង​ច្បាស់​ថា​យ៉ាង​ណា​នោះ​ទេ ប្រហែល​ជា​គាត់​មាន​ម្ដាយ​ដែល​កំពុង​យំ​ខ្សឹកខ្សួល​ថា «កូន​អើយ! កូន​នឹង​ធ្វើ​ឲ្យ​ម្ដាយ​គ្រាំគ្រា​ចិត្ត​ស្លាប់​បើ​កូន​ចាកចោល​ម្ដាយ ហើយ​ទៅ​បម្រើ​បេសកកម្ម​របស់​ព្រះ​យេស៊ូវ​នៅ​ប្រទេស​ផ្សេង​ទៀត​នោះ»។ អ្វី​ដែល​យើង​ដឹង​គឺ​ត្រង់​ថា ព្រះជាម្ចាស់​មាន​សមានចិត្ត​ក្នុង​ការ​មិន​ឲ្យ​យើង​ស្គាល់​ឈ្មោះ​របស់​បុរស​ដ៏​ទន់​ខ្សោយ​ខាង​ឯ​ព្រលឹងវិញ្ញាណ​ម្នាក់​នេះ។ គាត់​បាន​បាត់​ឱកាស​ដ៏​ធំ​ក្រៃលែង​ក្នុង​ជីវិត​ដោយ​សារ​តែ​ការ​បែរចេញ​ពី​ព្រះ​យេស៊ូវ ហើយ​គាត់​សម​នឹង​ទទួល​ងារ​ចុងក្រោយ​ថា «មិន​គួរ​នឹង​នគរ​ព្រះ​ទេ»

ការ​សង្ខេប

រឿង​ទាំង​នេះ​បង្ហាញ​ពី​ឧបសគ្គ​ដ៏​ចម្បង​បី​យ៉ាង​ដែល​រារាំង​បុគ្គល​ម្នាក់​មិន​ឲ្យ​ធ្វើ​ជា​សិស្ស​របស់​ព្រះ​យេស៊ូវ។ តាមរយៈ​បុរសទាំងបី​នាក់​នេះ យើង​ឃើញ​ថា ពួក​គាត់​មិន​មាន​ឆន្ទៈ​មុតមាំ​ក្នុង​ការ​ដើរតាម​ព្រះ​យេស៊ូវ​ទេ។

បុរស​ផ្លេកបន្ទោរ — ស្រឡាញ់​ភាព​ស្រណុក​សុខស្រួល​ខាង​

ឯលោកីយ៍។

បុរស​មើកៗ — ឲ្យ​អាទិភាព​ចម្បង​ទៅ​លើ​ការ​ងារ។

បុរស​គិតងាយ — ឲ្យ​អាទិភាព​ចម្បង​ទៅ​លើ​ទំនាក់ទំនង​ ​​​ជាមួយគ្រួសារ។

ព្រះអម្ចាស់យេស៊ូវ​នៅ​តែ​ត្រាស់​ហៅ​បុរស និង​ស្ត្រី​សព្វ​ថ្ងៃ​នេះ ឲ្យ​តាម​ទ្រង់​យ៉ាង​អង់អាច​ក្លាហាន ហើយ​ហ៊ាន​លះបង់​អ្វីៗ​គ្រប់យ៉ាង​ដូច​ដែល​ទ្រង់​ធ្លាប់​បាន​ត្រាស់​ហៅ​ជា​យូរ​មក​ហើយ​ដែរ។ ផ្លូវ​គេច​ចេញ​នៅ​តែ​មាន​ដដែល ហើយ​តែងតែ​បន្លឺ​សំឡេង​ឡើង​ថា «ចូរ​ជួយ​ខ្លួន​ឯង​ទៅ! ហើយ​គេច​ចេញ​ពី​ផ្លូវ​របស់​ព្រះ​យេស៊ូវ​ទៅ!» មាន​មនុស្ស​តិច​ណាស់​ដែល​មាន​ឆន្ទៈ​ឆ្លើយតប​ទៅ​នឹង​ការ​ត្រាស់ហៅ​របស់​ទ្រង់​ដូច​ទៅ​នឹង​កំណាព្យ​ខាង​ក្រោម​នេះ៖

ព្រះយេស៊ូវ​អើយ ខ្ញុំ​បាន​លី​ឈើ​ឆ្កាង​រួច​ហើយ
មិន​នៅ​កន្តើយ លះបង់​តាម​ទ្រង់​លុះ​មរណា
ទោះបី​អាក្រាត ក្រកី គួរ​ស្អប់ រស់​ឯ​កា
អ្វី​ខ្ញុំ​ត្រូវ​ការ គឺ​ទ្រង់​ចាប់​ពី​ពេល​នេះ​ទៅ។
សូម​ទ្រង់​កំចាត់ មហិច្ឆតា​នៃ​ទូលបង្គំ
អ្វី​ដែល​ខ្ញុំ​ខំ ប៉ង​ប្រាថ្នា​សង្ឃឹម​និង​ស្គាល់
ទោះបី​ខ្ញុំ​មាន ទ្រព្យធន​ហូរហៀរ​មិន​ចេះ​ទ័ល
សូម​ឲ្យ​ខ្ញុំ​ស្គាល់ ព្រះអង្គ​ដែល​ជា​ម្ចាស់​សួគ៌ា។

សូម​ឲ្យ​លោកា​ចាកចោល​ទៅ​ណា​ពី​ទូលបង្គំ
ដូច​គេ​ចោល​ទ្រង់​ព្រះសង្គ្រោះ
ដួង​ចិត្ត​រូបកាយ​បញ្ឆោត​មិន​លោះ
ទ្រង់​មិន​មាន​ពុត​សោះ ដូច​គេ​ឯង​ឡើយ។
សូម​ទ្រង់​បែរ​មក​ញញឹម​រក​ទូលបង្គំ
ព្រះ​មាន​ក្ដី​ស្រឡាញ់ ចេស្ដា និង​ប្រាជ្ញា។
ទោះ​មារ​សត្រូវ​មិត្រភក្ដិ​នោះ​នៅ​ស្អប់​ទូលបង្គំ
សូម​បង្ហាញ​ព្រះភក្ត្រ​ព្រះអង្គ​ឲ្យ​ភ្លឺ​ចាំង​ចែង។

— លោក អេឆ. អេហ្វ. ឡែថ៍​

(H. F. Lyte )