សិស្ស
ដ៏ពិតរបស់
ព្រះយេស៊ូវ

ជំពូកទី១២

ស្រមោល​នៃ​ការ​ស្លាប់​ដោយសារ​ជំនឿ

នៅ​ពេល​ដែល​មនុស្ស​ម្នាក់​ពិត​ជា​បាន​ប្ដេជ្ញា​ចិត្ត​ដើរ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ ពេល​នោះ​ការ​ស្លាប់ ឬ​រស់​មិន​សំខាន់​ចំពោះ​គាត់​ឡើយ។ អ្វី​ដែល​សំខាន់​នោះ​គឺ​ឲ្យ​តែ​គាត់​បាន​ថ្វាយ​សិរីល្អ​ដល់​ព្រះ​អម្ចាស់ នោះ​គ្រប់គ្រាន់​ហើយ។

ពេល​ដែល​លោកអ្នក​អាន​សៀវភៅ The Triumph of John and Betty Stam នោះ​លោកអ្នក​នឹង​ឃើញ​ឃ្លា​មួយ​ដែល​សៀវភៅ​នោះ​បាន​លើកឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ថា «...គឺ​ឲ្យ​តែ​ខ្ញុំ​បាន​ដំកើង​ព្រះ​គ្រីស្ទ​ក្នុង​រូបកាយ​ខ្ញុំ​វិញ...ទោះ​រស់​ឬ​ស្លាប់​ក្តី» (ភីលីព ១:២០)។

នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​លោក ជីម អេលាត (Jim Elliot) ក៏​មាន​សម្រង់​សម្ដី​ដូចទៅនឹង​ខនេះ​ដែរ។ នៅពេល​ដែល​លោក​នៅ​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ វីតថឹន (Wheaton College) លោក​បាន​សរសេរ​រៀបរាប់​ថា «ខ្ញុំ​បាន​ត្រៀម​ខ្លួន​ស្លាប់​សម្រាប់​ជនជាតិ អ័ងខឹស (Aucas) រួចទៅ​ហើយ»។ មាន​ពេល​មួយ​គាត់​បាន​សរសេរ​ទៀត​ថា៖

ឱ! ព្រះវរបិតា សូម​ដក​យក​ជីវិត​ទូល​បង្គំ និង​ឈាម​របស់​ទូល​បង្គំ ប្រសិន​បើ​ទ្រង់​សព្វព្រះហឫទ័យ ហើយ​សូម​ឲ្យ​ភ្លើង​របស់​ទ្រង់​ទទួល​យក​ឈាម​នោះ​ទៅ​ដុត​ផង។ ទូល​បង្គំ​នឹង​មិន​ទុក​ឈាម​នោះ​ទេ ព្រោះ​វា​មិនមែន​ជា​របស់​ទូលបង្គំ​ដែល​ត្រូវ​ឲ្យ​ទូល​បង្គំ​រក្សាទុក​នោះ​ឡើយ។ សូម​ទ្រង់​ដក​ចុះ ឱ​ព្រះ​ដ៏​ជា​ម្ចាស់​អើយ សូម​ទ្រង់​យក​ទាំងអស់​ចុះ! សូម​ទ្រង់​បង្ហូរ​ជីវិត​ទូលបង្គំ​ឲ្យ​ទៅ​ជា​តង្វាយ​ដ៏​វិសុទ្ធ​សម្រាប់​លោកីយ៍​ទាំង​មូល ព្រោះ​ឈាម​ដែល​មាន​តម្លៃ​ជា​ឈាម​ដែល​ហូរ​នៅ​មុខ​អាសនា​របស់​ទ្រង់​តែ​ប៉ុណ្ណោះ។

វា​ហាក់​ដូច​ជា​បង្ហាញ​ឲ្យ​ឃើញ​ថា វីរបុរស​និង​វីរនារី​របស់​ព្រះ​ជាម្ចាស់​ភាគ​ច្រើន​បាន​រាប់​ជីវិត​របស់​ខ្លួន​ថា​គ្មាន​តម្លៃ​ទៀត ពេល​ដែល​ពួក​គេ​កាន់តែ​ស្គាល់​ទ្រង់ ​ដូច​គ្នា​នឹង​គំរូ​ខាង​លើ​ផងដែរ។ ពួក​គេ​ទទួល​ស្គាល់​ថា «បើ​គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី​មិន​ងាប់​ទេ នោះ​ក៏​នៅ​តែ​១​ដដែល តែ​បើ​ងាប់​វិញ នោះ​ក៏​បង្កើត​ផល​ជា​ច្រើន​ឡើង» (យ៉ូហាន ១២:២៤)។ ពួក​គេ​បាន​ដាក់​ចិត្ត​ដាក់​កាយ​ធ្វើ​ជា​គ្រាប់​ស្រូវ​ដែល​ងាប់ ហើយ​បង្កើត​ផល​ជា​ច្រើន។

នេះ​ហើយ​ជា​អាកប្បកិរិយា​ដែល​ព្រះ​សង្គ្រោះ​បាន​បង្រៀន​សិស្ស​របស់​ទ្រង់ «ដ្បិត​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​ជីវិត​វិញ» (លូកា ៩:២៤)។

នៅពេល​ដែល​យើង​កាន់តែ​គិត យើង​កាន់តែ​យល់ឃើញ​ថា បទគម្ពីរ​នេះ​ពិតជា​ត្រឹមត្រូវ​មែន។

ដំបូង យើង​ត្រូវ​ដឹង​ថា ជីវិត​របស់​យើង​នេះ​មិន​មែន​ជា​កម្មសិទ្ធិ​របស់​យើង​ឡើយ។ វា​ជា​កម្មសិទ្ធិ​របស់​ព្រះ​យេស៊ូវ​ដែល​បាន​ទិញ​យើង​ដោយ​ព្រះ​លោហិត​ដ៏​ថ្លៃ​វិសេស​របស់​ទ្រង់។ តើ​យើង​រាល់គ្នា​ស័ក្តិសម​នឹង​រក្សា​ជីវិត​ដែល​ជា​កម្មសិទ្ធិ​របស់​ព្រះ​ជាម្ចាស់​ឬ? លោក ស៊ី. ធី. ស្ទឹដ (C. T. Studd) បាន​ឆ្លើយ​សំណួរ​នេះ​សម្រាប់​ខ្លួន​គាត់ នៅ​ពេល​ដែល​គាត់​សរសេរ​រៀបរាប់​ពី ការ​នេះ​នៅ​សាកលវិទ្យាល័យ ខេម​ប្រ៊ីឆ (Cambridge University) ក្នុង​ប្រទេស​អង់គ្លេស​នៅ​ឆ្នាំ​១៨៨៣៖

ខ្ញុំ​បាន​ដឹង​ហើយ​ថា ព្រះយេស៊ូវ​សុគត​សម្រាប់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​យល់​យ៉ាង​ច្បាស់​ថា បើ​ទ្រង់​ពិត​ជា​សុគត​សម្រាប់​ខ្ញុំ​មែន នោះ​មាន​ន័យ​ថា​ខ្ញុំ​មិន​មែន​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ទៀត​ទេ។ ការ​ប្រោស​លោះ​មាន​ន័យ​ថា ការ​ទិញ​យក​មក​វិញ។ ហេតុ​ដូច្នេះ​ហើយ បើ​ខ្ញុំ​ជា​កម្មសិទ្ធិ​របស់​ព្រះ​ជាម្ចាស់ នោះ​មាន​ន័យ​ថា ខ្ញុំ​ត្រូវ​ថ្វាយ​គ្រប់​អ្វីៗ​ទាំង​អស់​ទៅ​ទ្រង់ តែ​បើ​ខ្ញុំ​ព្យាយាម​ទុក​អ្វី​ដែល​មិនមែន​ជា​កម្មសិទ្ធិ​របស់​ខ្ញុំ នោះ​មាន​ន័យ​ថា ខ្ញុំ​គឺ​ជា​ចោរ។ នៅ​ពេល​ដែល​ខ្ញុំ​បាន​យល់​យ៉ាង​ច្បាស់​ថា ព្រះយេស៊ូវគ្រីស្ទ​ពិត​ជា​បាន​សុគត​ជំនួស​ខ្ញុំ នោះ​គ្មាន​អ្វី​ដែល​ខ្ញុំ​ពិបាក​នឹង​លះបង់​សម្រាប់​ទ្រង់​ទៀត​សោះ​ឡើយ។

បន្ទាប់មក យើង​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ លុះត្រាតែ​ព្រះ​អម្ចាស់​យាងមកវិញ ទាល់​ពេល​យើង​នៅ​មាន​ជីវិត​នៅ​ឡើយ។ តើ​ការ​ដែល​យើង​ស៊ូ​ស្លាប់ ដើម្បី​បម្រើ​ព្រះ​ជាម្ចាស់ មិនមែន​ជា​ការ​ល្អ​ជាង​ការ​ដែល​យើង​គ្រាន់តែ​ស្លាប់​ហើយ​មាន​ឈ្មោះ​ក្នុង​បញ្ជី​មរណភាព​ទេ​ឬអី? តើ​សម្រង់សម្ដី​របស់​លោក ជីម អេលាត (Jim Elliot) ដែល​គាត់​លើក​ឡើង​ថា «បុគ្គល​ម្នាក់​ដែល​ឲ្យ​នូវ​អ្វី​ដែល​គាត់​មិន​អាច​រក្សា​ទុក​បាន ដើម្បី​ឈោងចាប់​យក​នូវ​អ្វី​ដែល​គាត់​នឹង​មិន​អាច​បាត់បង់​បាន បុគ្គល​នោះ​មិន​មែន​ជា​មនុស្ស​ល្ងីល្ងើ» មិន​ត្រឹមត្រូវ​ទេ​ឬអី?

ចំណុច​ទី​បី បើ​ព្រះ​យេស៊ូវ​ពិតជា​បាន​សុគត​ជំនួស​យើង​មែន ដូច្នេះ​ការ​ដែល​យើង​ស៊ូ​ស្លាប់​ថ្វាយ​ទ្រង់​វិញ នោះ​ជា​ការ​ស័ក្តិសម​ណាស់។ បើ​អ្នក​បម្រើ​មិន​មាន​សិទ្ធិ​លើស​ចៅហ្វាយ​របស់​ខ្លួន ចុះ​តើ​យើង​មាន​សិទ្ធិ​អ្វី​ឲ្យ​យើង​ចូល​ទៅ​ស្ថានសួគ៌​ដោយ​គ្មាន​ទុក្ខលំបាក​ដូច​ដែល​ព្រះ​អម្ចាស់យេស៊ូវ​បាន​ប្រឈមមុខ​នោះ? បន្ទាប់ពី​លោក ស៊ី. ធី. ស្ទឹដ (C. T. Studd) បាន​ពិចារណា​លើ​ទស្សនៈ​ខាង​លើ​នេះ រួច​មក​គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា «ប្រសិន​បើ​ព្រះ​យេស៊ូវ​ដ៏​ជា​ព្រះ​ពិត​បាន​សុគត​ជំនួស​ខ្ញុំ​មែន នោះ​គ្មាន​ការ​លះបង់​ណាមួយ​ដែល​ធំ​ហួស​ពេក​សម្រាប់​ខ្ញុំ ដើម្បី​ធ្វើ​ថ្វាយ​ទ្រង់​វិញ​នោះ​ឡើយ»

ចំណុចបញ្ចប់ ​ការ​ដែល​យើង​ឱប​ក្រសោប​ជីវិត​ខ្លួន​ឯង ស្រប​ពេល​ដែល​យើង​អាច​ប្រើ​ជីវិត​នោះ ​ដើម្បី​នាំ​ព្រះ​ពរ​ដ៏​អស់​កល្ប​ជានិច្ច​ទៅ​កាន់​មនុស្ស​ក្នុង​លោកីយ៍​នេះ នោះ​គឺ​ជា​បទឧក្រិដ្ឋ​មួយ។ មនុស្ស​ភាគ​ច្រើន​បាន​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​របស់​ខ្លួន ដើម្បី​ស្រាវជ្រាវ​រក​ឱសថ​ដែល​គ្រាន់តែ​ជា​ចំណង់​របស់​ពួក​គេ។ អ្នក​ផ្សេង​ទៀត​ហ៊ាន​ស្លាប់ ដើម្បី​ជួយ​សង្គ្រោះ​អ្នក​ដែល​ខ្លួន​ស្រឡាញ់​ចេញ​ពី​អគារ​ដែល​កំពុង​ឆាបឆេះ។ ហើយ​មាន​អ្នក​ខ្លះ​ទៀត​បាន​ពលី​ជីវិត​ក្នុង​សឹក​សង្គ្រាម ដើម្បី​ជួយ​សង្គ្រោះ​មាតុភូមិ​របស់​ខ្លួន​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ខ្មាំង​សត្រូវ។ ចុះ​ចំពោះ​ព្រលឹង​របស់​មនុស្ស​វិញ តើ​វា​មាន​តម្លៃ​ប៉ុណ្ណា​សម្រាប់​យើង? តើ​យើង​ហាន​និយាយ​ដូច​លោក អេហ្វ. ដាប់ប៊លយូ. អេឆ. មៃយុ័រស៍ (F. W. H. Myers) ថា៖

ខ្ញុំ​ដូច​ជា​មើល​ឃើញ​ព្រលឹង​របស់​មនុស្ស
ដែល​សម​នឹង​យក​ឈ្នះ​តែ​ជាប់​ឃុំ
ទោះ​ជា​ទាសករ ក៏​អាច​សម​ធ្វើ​ជា​ស្ដេច​ធំ
ចែកចាយ​នូវ​ក្តី​សង្ឃឹម​តែ​មួយ​គត់​ដែល​គ្មាន​ខ្លឹមសារ។
គួរ​ឲ្យ​អាណិត​ណាស់​ដោយ​សារ​គេ​ស្កប់​ជាក់​ច្បាស់​នឹង​ការ​សម្ដែង
ភ្លាម​នោះ​មាន​សេចក្តី​ប្រាថ្នា​ដ៏​ខ្លាំងក្លា​ជ្រៀត​ចូល​ប្រជែង
មក​អង្រួន​ដួង​ចិត្ត​ខ្ញុំ​ដូច​ជា​សំឡេង​ត្រែ​លាន់​រំពង។
ឱ! ខ្ញុំ​ចង់​សង្គ្រោះ​អ្នក​ទាំង​នេះ និង​ស្ម័គ្រ​បូជា​ជីវិត​ដើម្បី​សង្គ្រោះ​គេ
ស៊ូ​ស្លាប់​ដើម្បី​ជីវិត​របស់​គេ
និង​ស្ម័គ្រ​វិនាស​ខ្លួន​ឯង​ដើម្បី​គេ​ទាំង​អស់​គ្នា។

ស៊ូ​ស្លាប់​ដើម្បី​ជីវិត​របស់​គេ និង​ស្ម័គ្រ​វិនាស​ខ្លួន​ឯង​ដើម្បី​គេ​ទាំង​អស់​គ្នា។ នោះ​មិន​មែន​មាន​ន័យ​ថា មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ត្រូវ​ស្លាប់​ដើម្បី​ជំនឿ​នោះ​ទេ។ ព្រះជាម្ចាស់​បាន​បម្រុង​ទុក​មនុស្ស​មួយ​ចំនួន​តូច ដើម្បី​ស្លាប់​ដោយ ត្រូវ​គេ​ដុត​នឹង​ភ្លើង ចាក់​ដោយ​លំពែង និង​កាត់​ក្បាល​ចោល។ ប៉ុន្តែ​សម្រាប់​យើង​រាល់​គ្នា​វិញ យើង​អាច​មាន​អាកប្បកិរិយា​ស៊ូ​ស្លាប់ ចិត្ត​ឆេះឆួល ហើយ​ប្ដេជ្ញា​ចិត្ត​ដើម្បី​ជំនឿ​ដូច​ពួក​មរណសាក្សី។ យើង​រាល់​គ្នា​អាច​រស់​នៅ​ក្នុង​នាម​ជា​អ្នក​ដែល​បាន​ថ្វាយ​ជីវិត​ខ្លួន​ដល់​ព្រះ​គ្រីស្ទ​រួច​ទៅ​ហើយ។

 

ទោះ​ឈឺ​ឬ​ជា​មាន​ឈើឆ្កាង​មាន​ម្កុដ
ឥន្ទធនូ​ពែន​ពត់ រួម​ទាំង​ផ្គរលាន់
បង្ក្រាប​រូប​កាយ​ព្រលឹង​ខ្ញុំ​ឲ្យ​ទាន់
ឲ្យ​ទ្រង់​រួស​រាន់​ភ្ជួរ​រាស់​ជីវិត​ខ្ញុំ​ទៅ។

— មិន​ស្គាល់​អ្នក​និពន្ធ