សិស្ស
ដ៏ពិតរបស់
ព្រះយេស៊ូវ

ជំពូក​ទី​២

ការ​លះ​អាល័យ​អ្វីៗ​ទាំង​អស់​ចោល

«ដូច្នេះ​អស់​អ្នក​ទាំងឡាយ​ណា​នៃ​អ្នក​រាល់គ្នា​ដែល​មិន​លះ​អាល័យ​ពី​របស់​ទ្រព្យ​ទាំង​អស់​នោះ​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មិន​បាន​ទេ»
(លូកា ១៤:៣៣)។

ដើម្បី​ធ្វើ​ជា​សិស្ស​របស់​ព្រះ​អម្ចាស់យេស៊ូវ​បាន យើង​ត្រូវតែ​លះ​អាល័យ​អ្វីៗ​ទាំង​អស់​ចោល។ នេះ​ហើយ​គឺ​ជា​អត្ថន័យ​ដ៏​ច្បាស់​លាស់​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​សង្គ្រោះ។ ទោះបីជា​យើង​បដិសេធ​ចំពោះ​ការ​ទាមទារ​ដែល​យើង​គិត​ថា ហួសហេតុ​យ៉ាង​ណា​ក៏​ដោយ ឬក៏​បះបោរ​ប្រឆាំង​នឹង​ច្បាប់​នេះ​ដែល​យើង​យល់​ថា ជា​ច្បាប់​ល្ងង់ខ្លៅ ហើយ​ជា​ច្បាប់​ដែល​មិន​អាច​ធ្វើ​បាន​យ៉ាង​ណាក៏ដោយ ក៏​ការ​ទាមទារ​នេះ​នៅ​តែ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​អម្ចាស់ ហើយ​ទ្រង់​ពិត​ជា​ចង់​មាន​ន័យ​តាម​ពាក្យ​ដែល​ទ្រង់​បាន​មាន​បន្ទូល​មែន។

យើង​ត្រូវតែ​ទទួល​យក​ការ​ពិត​ដែល​មិន​អាច​បត់បែន​ទាំង​នេះ​
ជា​មុន​សិន៖

  • ព្រះយេស៊ូវ​មិន​មែន​គ្រាន់តែ​ត្រាស់ហៅ​មនុស្ស​មួយ​ចំនួន​ចេញ​ពី​អ្នក​បម្រើ​ព័ន្ធកិច្ច​របស់​ទ្រង់​នោះ​ទេ តែ​ទ្រង់​បាន​ត្រាស់ហៅ៖ «អស់​អ្នក​ទាំងឡាយ...»។
  • ទ្រង់​មិន​បាន​មាន​បន្ទូល​ថា យើង​គ្រាន់តែ​ត្រូវ​មាន​ឆន្ទៈ​ព្រម​លះអាល័យ​អ្វីៗ​ទាំងអស់​ចោលនោះ​ទេ តែ​ទ្រង់​បាន​មាន​បន្ទូល​ថា៖ «អស់​អ្នក​ទាំងឡាយ​ណា​នៃ​អ្នក​រាល់គ្នា​ដែល​មិន​លះ​អាល័យ...»។
  • ទ្រង់​មិន​បាន​មាន​បន្ទូល​ថា យើង​គ្រាន់តែ​ត្រូវ​លះអាល័យ​ផ្នែក​ណា​មួយ​នៃ​ទ្រព្យសម្បត្តិ​របស់​យើង​ចោល​នោះ​ទេ តែ​ទ្រង់​បាន​មាន​បន្ទូល​ថា៖ «អស់​អ្នក​ទាំងឡាយ​ណា​នៃ​អ្នក​រាល់គ្នា​ដែល​មិន​លះ​អាល័យ​ពី​របស់​ទ្រព្យ​ទាំង​អស់...»។
  • ទ្រង់​មិន​បាន​មាន​បន្ទូល​ថា បុគ្គល​ណា​ដែល​មិន​ព្រម​លះបង់​ទ្រព្យសម្បត្តិ​អាច​នឹង​ធ្វើ​ជា​សិស្ស​តូច​ទាប​ម្នាក់​របស់​ទ្រង់​បាន​នោះ​ទេ តែ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា៖ អ្នក​នោះ «នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មិន​បាន​ទេ»។

តាម​ពិត យើង​មិន​គួរ​ភ្ញាក់ផ្អើល​ចំពោះ​ការ​ទាមទារ​ដ៏​ជាក់លាក់​នេះ​ទេ ព្រោះ​វា​មិន​មែន​ជា​សំណូមពរ​យ៉ាង​ជាក់លាក់​តែ​មួយ​គត់​នៅ​ក្នុង​ព្រះ​គម្ពីរ​ឯណា!

តើ​ព្រះ​យេស៊ូវ​មិន​បាន​មាន​បន្ទូល​ទេ​ឬ​អី​ថា៖ «កុំ​ឲ្យ​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​សំរាប់​ខ្លួន​នៅ​ផែនដី​ជា​កន្លែង​ដែល​មាន​កន្លាត​នឹង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ចោរ​ទំលុះ​ប្លន់​នោះ​ឡើយ ត្រូវ​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ឯ​ស្ថាន​សួគ៌​វិញ ដែល​ជា​កន្លែង​គ្មាន​កន្លាត ឬ​ច្រែះ​ស៊ី​បំផ្លាញ​ឡើយ ក៏​គ្មាន​ចោរ​ទំលុះ ឬ​ប្លន់​ផង» (ម៉ាថាយ ៦:១៩-២០)?

ដូច​ដែល​លោក ចន វេស្លី (John Wesley) បាន​មាន​ប្រសាសន៍​ត្រង់ៗ​ថា៖ «ព្រះជាម្ចាស់​របស់​យើង​បាន​ហាម​ឃាត់​ចំពោះ​ការ​ប្រមូល​ទ្រព្យសម្បត្តិ​ទុក​នៅ​លើ​ផែនដី​នេះ​យ៉ាង​ច្បាស់លាស់​ដូច​ដែល​ទ្រង់​បាន​ហាម​ចំពោះ​ការ​ផិតក្បត់ និង​ការ​ធ្វើ​ឃាត​យ៉ាង​ដូច្នោះ​ដែរ»។

តើ​ព្រះ​យេស៊ូវ​មិន​បាន​មាន​បន្ទូល​ទេ​ឬ​អី​ថា៖ «លក់​របស់​ដែល​អ្នក​រាល់គ្នា​មាន​ទាំង​ប៉ុន្មាន ហើយ​ចែក​ឲ្យ​ទៅ​ជា​ទាន​ចុះ» (លូកា ១២:៣៣)? តើ​ទ្រង់​មិន​បាន​ប្រាប់​នាម៉ឺន​ក្មេង​ដែល​ជា​អ្នក​មាន​ទេ​ឬ​អី​ថា៖ «...លក់​របស់​ទ្រព្យ​អ្នក​ទាំង​ប៉ុន្មាន​ចែក​ទាន​ឲ្យ​ដល់​ពួក​អ្នក​ក្រីក្រ​ទៅ នោះ​អ្នក​នឹង​មាន​ទ្រព្យសម្បតិ្ត​នៅ​លើ​ស្ថានសួគ៌​វិញ រួច​មក​តាម​ខ្ញុំ​ចុះ» (លូកា ១៨:២២)?

ប្រសិនបើ​ព្រះ​បន្ទូល​របស់​ទ្រង់​នៅ​ត្រង់​ចំណុច​នេះ​មិន​មាន​ន័យ​ត្រង់ៗ​យ៉ាង​ដូច្នេះ នោះ តើ​ទ្រង់​ចង់​មាន​ន័យ​យ៉ាង​ម៉េច​វិញ?

តើ​វា​មិន​ពិត​ទេ​ឬ​អី​ចំពោះ​អ្នក​ជឿ​ទាំងអស់​នៃ​ក្រុមជំនុំ​ដំបូង​ដែល​ពួក​គេ​បាន «...លក់​ទ្រព្យសម្បត្តិ និង​របស់​គេ​ទាំង​ប៉ុន្មាន ចែក​ដល់​គ្នា​តាម​ដែល​គ្រប់​គ្នា​ត្រូវការ​» (កិច្ចការ ២:៤៥)? តើ​ការ​ដែល​ពួក​បរិសុទ្ធ​ជា​ច្រើន​របស់​ព្រះ​ជាម្ចាស់​នា​ឆ្នាំ​កន្លង​ទៅ​បាន​លះបង់​អ្វីៗ​ទាំង​អស់​ចោល ដើម្បី​ដើរ​តាម​ព្រះ​យេស៊ូវ នោះ​មិន​មែន​ជា​ការ​ពិត​ទេ​ឬ​អី?

លោក អែន​ថូ​នី នូរីស៍ ហ្គ្រូវស៍ (Anthony Norris Groves) និង​ភរិយា​របស់​គាត់​ជា​បេសកជន​ក្នុង​ចំណោម​បេសកជន​ដំបូង​នៅ​ទី​ក្រុង បាដាដ (Baghdad) បាន​សម្រេច​ចិត្ត​ថា «ពួក​គេ​ត្រូវ​តែ​បញ្ឈប់​ការ​ប្រមូល​ទ្រព្យសម្បត្តិ​ទុក​នៅ​លើ​ផែនដី ហើយ​គួរតែ​សុខចិត្ដ​លះបង់​ប្រាក់​ចំណូល​ដ៏​ច្រើន​ទាំង​អស់​នោះ​ថ្វាយ​ចំពោះ​ព័ន្ធកិច្ច​របស់​ព្រះ​ជាម្ចាស់»។ យើង​អាច​មើល​ឃើញ​ពី​ជំនឿ​ស៊ប់​របស់​លោក ហ្គ្រូវស៍ (Groves) នៅ​ក្នុង​កូន​សៀវភៅ​របស់​គាត់​ដែល​មាន​ចំណងជើង​ថា Christian Devotedness

លោក ស៊ី. ធី. ស្ទឹដ (C. T. Studd) បាន​សម្រេចចិត្ត​ប្រគល់​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​របស់​គាត់​ទាំង​អស់​ថ្វាយ​ដល់​ព្រះ​គ្រីស្ទ ហើយ​មក​យក​ឱកាស​មាស​ដែល​នៅ​​​ខាង​​​មុខ​គាត់ ដើម្បី​ធ្វើ​អ្វី​ដែល​នាម៉ឺន​ក្មេង​នៅ​ក្នុង​ព្រះ​គម្ពីរ​មិន​ព្រម​ធ្វើ។ វា​​​គឺ​ជា​​​ការ​ស្តាប់បង្គាប់​ដ៏​សាមញ្ញ​តាម​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់។

បន្ទាប់ពី​បាន​ថ្វាយ​លុយ​រាប់​លាន​ដុល្លារ​ទៅ​ដល់​ព័ន្ធកិច្ច​របស់​ព្រះ​ជាម្ចាស់​គាត់​បាន​ទុក​ប្រាក់​បម្រុង​ដែល​មាន​ចំនួន​ប្រមាណ​ជា ៤០០,០០០ដុល្លារសម្រាប់​ប្រពន្ធ​របស់​គាត់។ នាង​ក៏​មិន​ឲ្យ​ចាញ់​ស្វាមី​របស់​នាង​ដែរ ដូច្នេះ​នាង​បាន​សួរ​ថា «បង! តើ​ព្រះ​ជាម្ចាស់​បាន​ប្រាប់​នាម៉ឺន​ក្មេង​ឲ្យ​ធ្វើ​យ៉ាង​ម៉េច?»

គាត់​បាន​ឆ្លើយ​ឡើង​ថា «លក់​អ្វីៗ​ទាំង​អស់»។

ប្រពន្ធ​បាន​តប​ថា «បើ​អញ្ចឹង ចាប់ពី​ថ្ងៃ​នេះ​ទៅ​យើង​នឹង​ចាប់ផ្ដើម​ស្ដាប់បង្គាប់​ព្រះ​ជាម្ចាស់​ឲ្យ​ពេញទី»។

ហើយ​ពួក​គេ​ក៏​បាន​ប្រគល់​ប្រាក់​ទាំង​អស់​នោះ​ទៅ​ឲ្យ​ក្រុម​បេសកកម្ម​គ្រីស្ទបរិស័ទ។

គំនិត​នៃ​ភក្ដីភាព​ដូច​គ្នា​នេះ​បាន​ដាស់​សតិ​លោក ជីម អេលាត (Jim Elliot)។ គាត់​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ប្រចាំ​ថ្ងៃ​របស់​គាត់​ថា៖

ឱ! ព្រះវរបិតា​អើយ សូម​ឲ្យ​ទូលបង្គំ​ចុះ​ខ្សោយ ដើម្បី​ឲ្យ​ទូលបង្គំ​អាច​របូត​ចេញពី​ការ​ឱបក្រសោប​របស់​ទូលបង្គំ​ទៅលើ​អ្វីៗ​ទាំង​អស់​ដែល​ជា​របស់​បណ្ដោះអាសន្ន​នេះ​ទៅ។ ព្រះអម្ចាស់​អើយ សូម​ឲ្យ​ទូលបង្គំ​រួច​ពី​កណ្ដាប់​ដៃ​ដ៏​តានតឹង ចំពោះ​ជីវិត​របស់​ទូលបង្គំ កេរ្តិ៍ឈ្មោះ​របស់​ទូលបង្គំ និង​ទ្រព្យសម្បត្តិ​របស់​ទូលបង្គំ​នេះ​ចុះ ហើយ​ថែមទាំង​ឲ្យ​ទូលបង្គំ​លះបង់​ចោល​នូវ​ចិត្ត​ចង់​មាន​ចង់បាន​របស់​ឥតប្រយោជន៍​ទាំង​នេះ​ផង។ ម្តងហើយម្តងទៀត ទូលបង្គំ​បាន​លះបង់​ការ​ចាប់កាន់​លើ​អ្វី​ដែល​ទូលបង្គំ​ចង់បាន​ចោល ប៉ុន្តែ​ទូលបង្គំ​បាន​ចាប់​វា​មក​វិញ​ដោយ​ចិត្ត​ចង់​មាន​ចង់​បាន​ជា​ខ្លាំង ហើយ​ស្មាន​ថា វា​គ្មាន​គ្រោះ​ថ្នាក់ បើ​គ្រាន់តែ​ស្ទាបអង្អែល។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​នោះ ឱ! ព្រះវរបិតា​អើយ សូម​លាត​ដៃ​របស់​ទូលបង្គំ ដើម្បី​ទទួល​ដែកគោល​នៃ​ភ្នំ​លលាដ៍​ក្បាល​ដូច​ដែល​ព្រះ​ហស្ដ​របស់​ព្រះ​គ្រីស្ទ​បាន​លាត ដើម្បីឲ្យ​ការ​លះបង់​នេះ​នាំ​ឲ្យ​ទូលបង្គំ​បាន​រួច ហើយ​លែង​ជាប់​ចំណង​នេះ​ទៀត។ ទ្រង់​មាន​ព្រះ​តម្រិះ​ថា នគរ​ស្ថានសួគ៌ និង​ភាព​ដែល​ស្មើ​នឹង​ព្រះ​ជាម្ចាស់​នោះ មិនមែន​ជា​អ្វី​ដែល​ទ្រង់​ត្រូវ​កាន់ខ្ជាប់​នោះ​ឡើយ។ ដូច្នេះ សូម​ឲ្យ​ទូលបង្គំ​បាន​លាតដៃ​របស់​ទូលបង្គំ​ដែល​កាន់​ក្តោប​នោះ​ចេញ​ទៅ។

ចិត្ត​ដែល​មិន​ចេះ​ជឿ​របស់​យើង​ប្រាប់​យើង​ថា យើង​មិន​អាច​ធ្វើ​តាម​ព្រះ​បន្ទូល​របស់​ព្រះ​អម្ចាស់​ត្រង់ៗ​នោះ​បាន​ទេ។ ប្រសិនបើ​យើង​បាន​លះអាល័យ​អ្វីៗ​ទាំង​អស់​ចោល នោះ​យើង​នឹង​ដាច់​ពោះ​ស្លាប់​ជា​មិន​ខាន​នោះ​ឡើយ។ មិន​ដឹង​ទេ​ឬ​អី​ថា យើង​ត្រូវ​តែ​ផ្គត់ផ្គង់​អនាគត​របស់​យើង​ផ្ទាល់ និង​អនាគត​របស់​មនុស្ស​ដែល​យើង​ស្រឡាញ់​នោះ? ប្រសិនបើ​គ្រីស្ទបរិស័ទ​ទាំង​អស់​បាន​លះអាល័យ​អ្វីៗ​ទាំង​អស់​ចោល​ហើយ ចុះ​តើអ្នក​ណា​នឹង​ផ្គត់ផ្គង់​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ព័ន្ធកិច្ច​របស់​ព្រះ​អម្ចាស់​ទៅ? ហើយ​ប្រសិនបើ​មិន​មាន​គ្រីស្ទបរិស័ទ​មួយ​ចំនួន​ដែល​មាន​ស្តុកស្ដម្ភ​ទេ​នោះ ចុះ​តើ​ធ្វើ​ដូចម្តេច​ទើប​ដំណឹងល្អ​នឹង​អាច​ទៅ​ដល់​មនុស្ស​ថ្នាក់​ខ្ពស់​ទាំង​អស់​នោះ​បាន? ដូច្នេះ​ពួក​គេ​បាន​ឲ្យ​ជា​លេស​ជា​ច្រើន ដើម្បី​បដិសេធ​ពី​អត្ថន័យ​ដើម​របស់​ព្រះ​អម្ចាស់យេស៊ូវ​ត្រង់​ខគម្ពីរ​នេះ។

ធាតុ​ពិត​ត្រង់​នោះ​គឺ​ថា ការ​ស្តាប់បង្គាប់​តាម​បញ្ញត្តិ​របស់​ព្រះ​ជាម្ចាស់ គឺ​ជា​ការ​ឆ្លាតវៃ និង​សមហេតុផល​បំផុត​ក្នុង​ជីវិត ហើយ​អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​នោះ​នឹង​ទទួល​បាន​អំណរ​ដ៏​អស្ចារ្យ​ក្រៃលែង។ ស្មរបន្ទាល់​នៃ​បទគម្ពីរ និង​បទពិសោធន៍​មនុស្ស​ផ្សេងទៀត​បាន​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា គ្មាន​នរណា​ម្នាក់​ដែល​ពលី​សម្រាប់​ព្រះ​គ្រីស្ទ ហើយ​ជួប​នឹង​ការ​ខ្វះខាត​នោះ​ទេ។ នៅពេល​ដែល​បុគ្គល​ណា​ម្នាក់​ស្ដាប់បង្គាប់​ព្រះ​ជាម្ចាស់ នោះ​ទ្រង់​នឹង​ថែរក្សា​អ្នក​នោះ។

បុគ្គល​ដែល​លះ​អាល័យ​អ្វីៗ​ទាំង​អស់​ចោល ដើម្បី​ដើរ​តាម​ព្រះ​គ្រីស្ទ​មិនមែន​សំដៅ​លើ​អ្នក​ក្រខ្សត់​ដែល​មិន​ធ្វើ​ការ​អី្វ​សោះ ហើយ​រំពឹង​ទៅ​លើ​គ្រីស្ទបរិស័ទ​នៅ​ជុំវិញ​គាត់​ដើម្បី​ទទួល​ការ​ឧបត្ថម្ភ​នោះ​ទេ ប៉ុន្តែ៖

  • គាត់​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ខំប្រឹង​ធ្វើ​ការ​។ គាត់​ធ្វើ​ការ​យ៉ាង​ឧស្សាហ៍ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​បច្ចុប្បន្ន​របស់​គាត់ និង​តម្រូវការ​របស់​គ្រួសារ​គាត់។
  • គាត់​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ចេះ​សន្សំសំចៃ។ គាត់​រស់​នៅ​ដោយ​មិន​សូវ​ចំណាយ​ប្រាក់​ច្រើន​តាម​ដែល​គាត់​អាច​ធ្វើ​បាន ដើម្បី​ឲ្យ​គាត់​អាច​ថ្វាយ​អ្វីៗ​ទាំង​អស់​ដែល​លើស​ពី​តម្រូវការ​របស់​គាត់​ដល់​ព័ន្ធកិច្ច​របស់​ព្រះ​អម្ចាស់។
  • គាត់​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ចេះ​គិត​គូរ​វែងឆ្ងាយពី​អនាគត។ ជំនួស​ឲ្យ​ការ​ប្រមែប្រមូល​ទ្រព្យសម្បត្តិ​នៅ​លើ​ផែនដី​នេះ គាត់​ប្រមូល​ទ្រព្យសម្បត្តិ​របស់​គាត់​ទុក​នៅ​ស្ថានសួគ៌​វិញ។
  • គាត់​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ជឿ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​ជាម្ចាស់​ពី​អនាគត​របស់​គាត់។ គាត់​សុខ​ចិត្ត​ថ្វាយ​អ្វីៗ​ដែល​ល្អ​ជាង​គេ​របស់​គាត់​ទៅ​ឯព័ន្ធកិច្ច​របស់​ព្រះ​គ្រីស្ទ​ជំនួស​ការ​ទុក​អ្វីៗ​ដែល​ល្អ​ជាង​គេ​របស់​គាត់​នោះ​សម្រាប់​ភាព​ងាយស្រួល​នៅពេល​ចាស់​ជរា ពីព្រោះ​គាត់​ជឿ​ទុក​ចិត្ត​ទៅ​លើ​ទ្រង់​ពី​អនាគត​របស់​គាត់។ គាត់​ជឿ​ថា ប្រសិនបើ​គាត់​ស្វែងរក​នគរ​របស់​ព្រះ​ជាម្ចាស់ និង​សេចក្តី​សុចរិត​របស់​ទ្រង់​ជា​ចម្បង​លើស​អ្វីៗ​ទាំង​អស់ នោះ​គាត់​នឹង​មិន​ចេះ​ខ្វះ​ម្ហូប​អាហារ និង​សំលៀកបំពាក់​ឡើយ (ម៉ាថាយ ៦:៣៣)។
  • គាត់​គិត​ថា​ការ​ប្រមែប្រមូល​ទ្រព្យសម្បត្តិ​សម្រាប់​ថ្ងៃ​ដែល​មាន​គ្រោះអាសន្ន​កើត​ឡើង​វា​មិន​សម​ហេតុ​ផល​ទេ។ គំនិត​គាត់​គឺ​យ៉ាង​ដូច្នេះ៖

តើ​ឲ្យ​យើង​ព្រម​នឹង​មិន​ចំណាយ​លុយ​ទាំង​នោះ​យ៉ាង​ដូចម្ដេច​បាន នៅពេល​ដែល​យើង​ដឹង​ថា យើង​អាច​យក​លុយ​នោះ​ទៅ​ប្រើប្រាស់​ភ្លាមៗ​ក្នុង​ព័ន្ធកិច្ច ដើម្បី​សង្គ្រោះ​ព្រលឹង​មនុស្ស​ជា​ច្រើន​នោះ? «បើ​អ្នក​ណា​មាន​ភោគ​សម្បត្តិ​របស់​លោកីយ៍​នេះ​ហើយ​ឃើញ​បងប្អូន​ណា​ដែល​ខ្វះ​ខាត​តែ​មិន​ចេះ​អាណិត​មេត្តា​សោះ​នោះ​ធ្វើ​ដូច​ម្ដេច​ឲ្យ​សេចក្តី​ស្រឡាញ់​នៃ​ព្រះ​បាន​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​បាន?» (១យ៉ូហាន ៣:១៧)។

ចូរ​ពិចារណា​អំពី​សេចក្តី​បង្គាប់​ដ៏​សំខាន់​នេះ​ម្តង​ទៀត «គឺ​ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង​វិញ» (លេវីវិន័យ ១៩:១៨)។ តើ​យើង​អាច​ហៅ​ខ្លួនឯង​ថា​ជា​អ្នក​ស្រឡាញ់​អ្នក​ជិតខាង​ដូច​ខ្លួនឯង​យ៉ាង​ពិត​ប្រាកដ​ដូចម្តេច​បាន បើ​យើង​បណ្ដោយ​ឲ្យ​ពួក​គេ​ឃ្លាន​ស្ទើរ​ស្លាប់ នៅ​ពេល​ដែល​យើង​មាន​គ្រប់គ្រាន់ ហើយ​ថែមទាំង​មាន​បម្រុង​ទុក​សម្រាប់​ថ្ងៃ​ក្រោយ​ទៀត​ផង​នោះ? សូម​ឲ្យ​ខ្ញុំ​សួរ​សំណួរ​មួយ​ចំពោះ​អ្នក​ដែល​ធ្លាប់​មាន​អំណរ​ដោយសារ​គេ​ស្គាល់​អំណោយទាន​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ពី​ព្រះ​ជាម្ចាស់​ថា៖ «តើ​លោកអ្នក​សុខ​ចិត្ត​ដូរ​អំណរ​នោះ​ជាមួយនឹង​ការ​ធ្វើ​ជា​ស្តេច​លើ​នគរ​រាប់​រយ​ដែរ​ឬទេ?» បង​ប្អូន​អើយ សូម​កុំ​ឲ្យ​យើង​ដក​យក​ឱកាស​ដែល​នាំ​ឲ្យ​អ្នក​ដទៃ​ទៀត​បាន​ទទួល​នូវ​អំណរ​ដែល​ញែក​ពួក​គេ​ទៅ​ជា​វិសុទ្ធ ហើយ​ជា​ទី​កម្សាន្ត​ចិត្ត​ដែល​មក​ពី​ស្ថានសួគ៌​នោះ​ឡើយ។

ប្រសិនបើ​យើង​ជឿ​ជាក់​ថា ព្រះគ្រីស្ទ​ពិត​ជា​ជិត​យាង​មក​វិញ​ហើយ នោះ​យើង​ប្រាកដ​ជា​នឹង​ចង់​យក​លុយ​របស់​យើង​ទៅ​ចំណាយ​ភ្លាមៗ​ជា​មិន​ខាន។ បើ​មិន​ដូច្នោះ​ទេ លុយ​ដែល​គួរ​នឹង​បាន​ប្រើ​ដើម្បី​បាន​ព្រះ​ពរ​អស់​កល្ប​ជានិច្ច​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់ដៃ​របស់​អារក្ស។

តើ​យើង​អាច​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ផ្គត់ផ្គង់​ថវិកា​សម្រាប់​ព័ន្ធកិច្ច​របស់​គ្រីស្ទបរិស័ទ​យ៉ាង​ណា​បាន នៅ​ពេល​ដែល​ខ្លួន​យើង​ផ្ទាល់​មាន​ប្រាក់ តែ​មិន​ព្រម​ប្រើប្រាស់​វា​សម្រាប់​ព័ន្ធកិច្ច​ទ្រង់​ផង​នោះ? ការ​លះ​អាល័យ​អ្វីៗ​ទាំង​អស់​ចោល​ថ្វាយ​ព្រះ​គ្រីស្ទ​នោះ​នឹង​ជួយ​យើង​ឲ្យ​ចាកផុតពី​ការ​មាន​ពុតត្បុត​ពេល​យើង​អធិស្ឋាន។

តើ​យើង​អាច​នឹង​បង្រៀន​ឱវាទ​ទាំង​អស់​របស់​ព្រះ​ជាម្ចាស់​ទៅ​អ្នក​ដទៃ​យ៉ាង​ដូចម្តេច ប្រសិនបើ​យើង​នៅ​មាន​ចំណុច​ខ្លះៗ​នៃ​សេចក្ដីពិត​ដែល​យើង​មិន​ព្រម​ធ្វើ​តាម​ដូច​ជា​ការ​លះបង់​អ្វីៗ​ចោល​ជា​ដើម​នោះ? បើអញ្ចឹងមែន ចូរ​ឲ្យ​យើង​បិទមាត់​ទៅ​ចុះ ដ្បិត​យើង​ខ្លួនឯង​មិន​បាន​ទាំង​ស្ដាប់បង្គាប់​តាម​ឱវាទ​ព្រះ​ជាម្ចាស់​ផង។

មនុស្ស​ឆ្លាតវៃ​ក្នុង​លោកីយ៍​នេះ​ប្រមូល​ប្រាក់​សន្សំ​ជា​ច្រើន​ក្រៃលែង​ទុក​សម្រាប់​ថ្ងៃ​អនាគត។ ការ​នេះ​មិន​មែន​ជា​ការ​ដើរ​ដោយ​ជំនឿ​ទេ ប៉ុន្តែ​ជា​ការ​ដើរ​តាម​អ្វី​ដែល​ពួក​គេ​មើល​ឃើញ​ទៅ​វិញ។ ព្រះជាម្ចាស់​បាន​ត្រាស់ហៅ​គ្រីស្ទបរិស័ទ​ឲ្យ​រស់នៅ​ក្នុង​ជីវិត​ដែល​ពឹង​ផ្អែក​ទៅ​លើ​ទ្រង់​ទាំងស្រុង។ ប្រសិនបើ គ្រីស្ទបរិស័ទ​ណា​ម្នាក់​ប្រមូល​ទ្រព្យសម្បត្តិ​ទុក​នៅ​លើ​ផែនដី​នេះ នោះ​គាត់​ក៏​ដូច​មនុស្ស​លោកីយ៍​ដែរ។

មាន​អ្នក​ជជែក​វែកញែក​ជា​ញឹកញាប់​ត្រង់​ចំណុច​នេះ​ថា យើង​ត្រូវតែ​ផ្គត់ផ្គង់ ​តម្រូវការ​អនាគត​របស់​គ្រួសារ​យើង ហើយ​បើ​មិន​ដូច្នោះទេ យើង​នឹង​ទៅ​ជា​អាក្រក់​ជាង​អ្នក​អត់​សាសនា​ទៅ​ទៀត។ ​អ្នក​ជជែក​វែកញែក​នោះ​តែងតែ​ប្រើ​ខគម្ពីរ​ពីរ​ខាង​ក្រោម​នេះ ដើម្បី​គាំទ្រ​ទស្សនៈ​របស់​ខ្លួន៖

...ដ្បិត​មិន​គួរ​ឲ្យ​កូន​ចៅ​ត្រូវ​ប្រ​មូល​ទុក​ឲ្យ​ឪ​ពុក​ម្តាយ​ទេ គឺ​ឪពុកម្តាយ​ទេ​តើ​ដែល​ត្រូវ​ប្រ​មូល​ទុក​ឲ្យ​កូន​វិញ (២កូរិនថូស ១២:១៤)។

បើ​មាន​អ្នក​ណា​ដែល​មិន​ផ្គត់ផ្គង់​ឲ្យ​ពួក​ញាតិសន្តាន​ខ្លួន គឺ​ឲ្យ​ពួក​អ្នក​ផ្ទះ​ខ្លួន​ជា​ដើម អ្នក​នោះ​ឈ្មោះ​ថា​បាន​បោះ​បង់​ចោល​សេចក្តី​ជំនឿ​ហើយក៏ អាក្រក់​ជាង​មនុស្ស​ដែល​មិន​បាន​ជឿ​ទៅ​ទៀត (១ធីម៉ូថេ ៥:៨)។

បើ​យើង​សិក្សា​ខគម្ពីរ​ទាំង​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ នោះ​យើង​នឹង​យល់​ថា ខគម្ពីរ​ទាំង​នេះ​ទាក់ទង​នឹង​តម្រូវការ​នា​ពេល​បច្ចុប្បន្ន មិន​មែន​ទាក់ទង​នឹង​តម្រូវការ​អនាគត​នោះ​ទេ។

នៅ​ក្នុង​កណ្ឌគម្ពីរ ២កូរិនថូស ១២:១៤ សាវ័ក ប៉ុល ​បាន​ប្រើ​ពាក្យ​បង្កប់ន័យ។ គាត់​ប្រៀបធៀប​ខ្លួន​ឯង​ដូច​ជា​ឪពុក ហើយ​អ្នក​ក្រុង​កូរិនថូស​ទាំង​អស់​ប្រៀប​ដូច​ជា​កូន​របស់​គាត់។ គាត់​មិន​បាន​ដាក់​បន្ទុក​លើ​ពួក​គេ​ក្នុង​រឿង​លុយ​នោះ​ទេ ទោះបីជា​គាត់​មាន​សិទ្ធិ​គ្រប់បែបយ៉ាង ដើម្បី​ធ្វើ​ដូច្នោះ​ក្នុង​នាម​ជា​អ្នក​បម្រើ​ព្រះ​អម្ចាស់​យ៉ាង​ណា​ក៏​ដោយ។ ពិតណាស់ គាត់​គឺ​ជា​ឪពុក​ខាង​ឯ​ជំនឿ​របស់​ពួក​គេ ហើយ​ជា​ធម្មតា​ឪពុកម្ដាយ​តែងតែ​ផ្គត់ផ្គង់​ដល់​កូន​របស់​ខ្លួន មិនមែន​កូន​ដែល​ត្រូវ​ផ្គត់ផ្គង់​ដល់​ឪពុកម្ដាយ​ខ្លួន​នោះ​ឡើយ។ ខគម្ពីរនេះ​មិនមែន​ទាក់ទង​ទៅ​នឹង​ការ​ដែល​ឪពុកម្ដាយ​ប្រមូល​ទ្រព្យសម្បត្តិ​ទុក​សម្រាប់​អនាគត​កូន​របស់​ខ្លួន​ទាល់​តែ​សោះ។ ខគម្ពីរ​នេះ​ទាក់ទង​ទៅ​នឹង​ការ​ផ្គត់ផ្គង់​តម្រូវការ​បច្ចុប្បន្ន​របស់​លោក​សាវ័ក ប៉ុល ​មិនមែន​តម្រូវការ​អនាគត​របស់​គាត់​នោះ​ទេ។

នៅ​ក្នុង​កណ្ឌគម្ពីរ ១ធីម៉ូថេ ៥:៨ សាវ័ក ប៉ុល ​ចង់​និយាយ​ពី​ការ​ផ្គត់ផ្គង់​ស្ត្រី​មេម៉ាយ​ក្រីក្រ​ទៅ​វិញ​ទេ។ គាត់​ចង់​និយាយ​ថា សាច់ញាតិ​របស់​ស្ត្រី​មេម៉ាយ​ទាំង​នោះ​គឺ​ជា​អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្គត់ផ្គង់ ហើយ​ថែរក្សា​ពួក​គាត់។ ប្រសិនបើ ស្ត្រី​មេម៉ាយ​នោះ​គ្មាន​សាច់​ញាតិ ឬក៏​សាច់ញាតិ​របស់​គាត់​មិន​ទទួល​ខុស​ត្រូវ នោះ​ក្រុមជំនុំ​ត្រូវតែ​ផ្គត់ផ្គង់​ថែរក្សា​ស្ត្រី​មេម៉ាយ​ដែល​ជា​គ្រីស្ទបរិស័ទ​នោះ។ ប៉ុន្តែ​ដូចគ្នា​ទៅ​នឹង​កណ្ឌគម្ពីរ ២កូរិនថូស ១២:១៤ ខគម្ពីរ​នេះ​ក៏​និយាយ​អំពី​តម្រូវការ​បច្ចុប្បន្ន មិនមែន​តម្រូវការ​អនាគត​នោះ​ឡើយ។

ព្រះជាម្ចាស់​សព្វព្រះហឫទ័យ​ឲ្យ​អវយវៈ​នៃ​រូបកាយ​របស់​ព្រះ​គ្រីស្ទ​ធ្វើ​ជា​អ្នក​ផ្គត់ផ្គង់​តម្រូវការ​បន្ទាន់​របស់​អ្នក​ជឿ​ដូច​គ្នា៖

ដើម្បី​កាល​ណា​គេ​មាន​បរិបូរ នោះ​នឹង​បាន​បំពេញ​ការ ដែល​អ្នក​រាល់​គ្នា​ខ្វះ​ខាត​វិញ ប្រយោជន៍​ឲ្យ​បាន​ស្មើ​គ្នា​ឡើង ដូច​ជា​សេចក្តី​ដែល​ចែង​ទុក​មក​ថា «អ្នក​ណា​ដែល​រើស​បាន​ច្រើន នោះ​គ្មាន​សល់​ឡើយ ឯ​អ្នក​ដែល​រើស​បាន​តិច នោះ​មិន​បាន​ខ្វះ​ទេ» (២កូរិនថូស ៨:១៤-១៥)។

គ្រីស្ទបរិស័ទ​ណា​ដែល​គិត​ថា គាត់​ត្រូវតែ​ផ្គត់ផ្គង់​នូវ​តម្រូវការ​នាពេលអនាគត នោះ​គាត់​នឹង​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ថា តើ​គាត់​មាន​តម្រូវការ​ប៉ុណ្ណា​ទើប​គ្រប់គ្រាន់​សម្រាប់​ថ្ងៃ​អនាគត។ ដូច្នេះ គាត់​ចំណាយពេល​ពេញ​មួយ​ជីវិត ដើម្បី​ស្វែងរក​លុយ​ដែល​គាត់​មិន​ដឹង​ថា​មាន​ប៉ុណ្ណា​ទើប​គ្រប់គ្រាន់ ព្រមទាំង​បោះបង់​អភ័យឯកសិទ្ធិ​នៃ​ការ​ថ្វាយ​អ្វីៗ​ដែល​ល្អ​ជាងគេ​របស់​គាត់​ដល់​ព្រះ​អម្ចាស់យេស៊ូវគ្រីស្ទ​ចោលចេញ។ នៅពេល​ដែល​ជីវិត​នៃ​ការ​ប្រមូល​ទ្រព្យសម្បត្តិ​ទុក​សម្រាប់​អនាគត​ដ៏​ឥតប្រយោជន៍​របស់​គាត់​ជិត​ដល់​ទី​បញ្ចប់ នោះ​គាត់​បាន​ភ្ញាក់​ខ្លួន​ថា ព្រះជាម្ចាស់​អាច​ផ្គត់ផ្គង់​តម្រូវការ​អស់​មួយ​ជីវិត​របស់​គាត់​បាន​យ៉ាង​បរិបូរ បើ​គាត់​គ្រាន់តែ​រស់នៅ​សម្រាប់​ព្រះ​សង្គ្រោះ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត តែ​ឥឡូវ​ហួស​ពេល​ហើយ។

ប្រសិនបើ គ្រីស្ទបរិស័ទ​ទាំង​អស់​បាន​ទទួល​យក​ព្រះ​បន្ទូល​របស់​ព្រះ​អម្ចាស់យេស៊ូវ​តាម​ន័យ​ត្រង់ៗ នោះ​ព័ន្ធកិច្ច​របស់​ព្រះ​ជាម្ចាស់​នឹង​មិន​ខ្វះខាត​ថវិកា​នោះ​ឡើយ ហើយ​ដំណឹងល្អ​ក៏​នឹង​ត្រូវ​ផ្សាយ​ចេញ​ទៅ​ដោយ​មាន​អំណាច ហើយ​ក៏​នឹង​មាន​មនុស្ស​ជា​ច្រើន​បាន​ឮ​ផង​ដែរ។ ប្រសិនបើ សិស្ស​ណា​ម្នាក់​មាន​ការ​ខ្វះខាត នោះ​សិស្ស​ផ្សេង​ទៀត​នឹង​មាន​អំណរ ហើយ​រាប់​ការ​ជួយ​ផ្គត់ផ្គង់​ដល់​សិស្សដែល​ខ្វះខាត​នោះ​ជា​អភ័យ​ឯកសិទ្ធិ​។

ប្រសិនបើ​យើង​ឲ្យ​យោបល់​ថា ត្រូវតែ​មាន​គ្រីស្ទបរិស័ទ​ខ្លះ​ជា​អ្នក​មាន ដើម្បី​ឈោង​ចាប់​ពួក​អ្នក​មាន​ដូច​គ្នា​នៃ​លោកីយ៍​នេះ នោះ​វា​ជា​រឿង​ដែល​គួរ​ឲ្យ​អស់​សំណើច​ណាស់។ សូម​ចងចាំ​ថា សាវ័ក ប៉ុល បាន​ឈោងចាប់​អ្នក​នៅ​ក្នុង​ដំណាក់​ស្ដេច សេសារ ​ក្នុង​អំឡុង​ពេល​ដែល​គាត់​កំពុង​ជាប់​គុក​នៅ​ឡើយ (ភីលីព ៤:២២)។ ប្រសិនបើ យើង​ស្ដាប់បង្គាប់​ព្រះ​ជាម្ចាស់ យើង​អាច​ជឿ​ទុកចិត្ត​ថា ទ្រង់​នឹង​រៀបចំ​អនាគត​របស់​យើង​បាន​យ៉ាង​ល្អិតល្អន់។

គំរូ​របស់​ព្រះ​អម្ចាស់យេស៊ូវ​នៅ​ត្រង់​ចំណុច​នេះ គួរតែ​បាន​បង្ហាញ​ឲ្យ​យើង​ឃើញ​យ៉ាង​ច្បាស់​រួច​ទៅ​ហើយ។ អ្នក​បម្រើ​មិន​លើស​ជាង​ចៅហ្វាយ​របស់​ខ្លួន​នោះ​ទេ។ លោក ជច ម្យូល័រ (George Müller) បាន​ជឿ​ថា «វា​មិន​មែន​ជា​រឿង​សមរម្យ​នោះ​ទេ បើ​អ្នក​បម្រើ​ព្រះ​យេស៊ូវ​ម្នាក់ៗ​ខំ​ស្វះស្វែង​ដើម្បី​ក្លាយ​ជា​អ្នក​មាន ជា​អ្នក​ធំ និង​ជា​អ្នក​មាន​កិត្តិយស​នៅ​លើ​ផែនដី ជា​កន្លែង​ដែល​ព្រះ​អម្ចាស់​របស់​ពួក​គេ ធ្លាប់​ជា​អ្នក​ក្រីក្រ លំបាកលំបិន ហើយ​មាន​គេ​ស្អប់ខ្ពើម​នោះ»

លោក អែនថូនី នូរីស៍ ហ្គ្រូវស៍ (Anthony Norris Groves) បាន​លើកឡើង​ថា៖

ការ​រងទុក្ខ​របស់​ព្រះ​គ្រីស្ទ រួម​បញ្ចូល​ទាំង​ភាព​ក្រីក្រ​ផង​ដែរ (២កូរិនថូស ៨:៩)។ ប្រាកដ​ហើយ​ថា ភាពក្រីក្រ​នេះ​មិនមែន​មាន​ន័យ​ថា យើង​ត្រូវ​ស្លៀក​កន្ទប ហើយ​រស់​នៅ ​យ៉ាង​គគ្រិច​នោះ​ទេ ប៉ុន្តែ​ភាព​ក្រីក្រ​ត្រង់​នេះ​សំដៅ​ទៅ​លើ​ការ​មិន​យក​ទ្រព្យសម្បត្តិ និង​ភាព​ហ៊ឺហា​ជា​ធំ។ លោក អេនឌ្រូ មឺរេយ (Andrew Murray) ក៏​បាន​លើក​ឡើង​ដែរ​ថា ព្រះអម្ចាស់ និង​សាវ័ក​របស់​ទ្រង់​មិន​អាច​សម្រេច​ការ​ងារ​ដែល​ពួក​គេ​ត្រូវ​ធ្វើ​នោះ​បាន​ទេ ប្រសិនបើ​ពួក​គេ​មិនមែន​ជា​អ្នក​ក្រ។ អស់​អ្នក​ណា​ដែល​ចង់​លើក​អ្នក​ដទៃ​ឡើង ​ត្រូវតែ​បន្ទាប​ខ្លួន​ឯង​ជា​មុន​សិន ដូច​ដែល​ព្រះ​គម្ពីរ​បាន​ចែង​ពី​សាសន៍​សាម៉ារី​។ តាំងតែពីដើម​រហូត​មក​ដល់​សព្វថ្ងៃ​នេះ មនុស្ស​ច្រើន​ក្រៃលែង​លើ​លោកីយ៍​នេះ គឺ​សុទ្ធ​តែ​ជា​អ្នក​ក្រ។

មនុស្ស​ទូទៅ​តែងតែ​ទទូច​ថា យើង​ចាំបាច់​ត្រូវ​មាន​ទ្រព្យសម្បត្តិ​ខ្លះៗ​សម្រាប់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​នេះ។ នេះ​គឺ​ជា​ការ​ពិតមែន។

មនុស្ស​តែងតែ​ទទូច​ថា អ្នក​ជំនួញ​ដែល​ជា​គ្រីស្ទបរិស័ទ​ត្រូវតែ​មាន​ដើមទុន​មួយ​ចំនួន​ដើម្បី​បន្ត​អាជីវកម្ម​របស់​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន។ នេះ​ក៏​ជា​ការ​ពិត​ដែរ។

មនុស្ស​តែងតែ​ទទូច​ថា មាន​ទ្រព្យសម្បត្តិ​ផ្សេងៗ​ដូចជា​ឡាន ម៉ូតូ​ដែល​អាច​ប្រើ​សម្រាប់​សិរីល្អ​របស់​ព្រះ​ជាម្ចាស់​បាន។ ហើយ​នោះ​ក៏​ជា​ការ​ពិត​ដែរ។ ប៉ុន្តែ​លើសពី​តម្រូវការ​ទាំង​អស់​នេះ គ្រីស្ទបរិស័ទ​គួរតែ​រស់នៅ​ចេះ​សន្សំសំចៃ ហើយ​លះបង់​ទ្រព្យសម្បត្តិ​នោះ​ដើម្បី​ដំណឹងល្អ​វិញ។ បាវចនា​របស់​គ្រីស្ទបរិស័ទ​គួរតែ​ដូច​លោក អែនថូនី នូរីស៍ ហ្គ្រូវស៍ (Anthony Norris Groves) ដែល​គាត់​បាន​លើកឡើង​ថា «ចូរ​ខំប្រឹងប្រែង​ធ្វើការ ចាយវាយតិច ធ្វើទានច្រើន ហើយ​ថ្វាយ​អ្វីៗ​ទាំង​អស់​ដល់​ព្រះ​គ្រីស្ទ»

ពួក​យើង​ម្នាក់ៗ​ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​ព្រះ​ជាម្ចាស់​ទាក់ទង​ទៅ​នឹង​ការ​លះអាល័យ​អ្វីៗ​ទាំងអស់​ចោល។ អ្នក​ជឿ​ម្នាក់​មិន​អាច​បង្កើត​ច្បាប់​ទាក់ទង​នឹង​ការ​លះអាល័យ​សម្រាប់​នរណា​ម្នាក់​ផ្សេង​ទៀត​បាន​ទេ។ បុគ្គល​ម្នាក់ៗ​ត្រូវតែ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ក្នុង​ការ​ថ្វាយ​ដល់​ព្រះ​អម្ចាស់។ នេះ​គឺ​ជា​ការ​សម្រេចចិត្ត​ផ្ទាល់ខ្លួន។

ប្រសិនបើ ព្រះអម្ចាស់​បាន​ដឹកនាំ​អ្នក​ជឿ​ម្នាក់​ទៅ​ដល់​កម្រិត​នៃ​ភក្ដីភាព​ដ៏​ខ្ពង់ខ្ពស់ អ្នក​ជឿ​នោះ​មិន​គួរ​អួត​ពី​ការ​នោះឡើយ។ យើង​នឹង​ដឹង​ថា​ការ​លះបង់​របស់​យើង​នៅ​លោកីយ៍​នេះ​មិន​មែន​ជា​ការ​លះបង់​ទាល់​តែ​សោះ​នៅ​ពេល​ដែល​យើង​ប្រៀបធៀប​ការ​លះបង់​របស់​យើង​ទៅ​នឹង​យញ្ញបូជា​របស់​ទ្រង់​នៅ​ភ្នំ​លលាដ៍ក្បាល។ អ្វី​ដែល​យើង​ថ្វាយ​ដល់​ព្រះ​អម្ចាស់​គឺ​គ្រាន់តែ​ជា​របស់ដែល​យើង​មិន​អាច​រក្សាទុក​នៅ​លោកីយ៍​នេះ និង​ជា​របស់​ដែល​យើង​លែង​ស្រឡាញ់​ហើយ​ប៉ុណ្ណោះ។