មាតិកា

បុព្វកថា៖ រឿង​ប្រៀបប្រដូច

សេចក្តី​ផ្តើម៖ តើ​លោកអ្នក​កំពុង​តែ​ស្វែងរកអ្វី​នៅ​ក្នុង​ពួកជំនុំ?

ផ្នែកទី១៖ តើ​ពួកជំនុំ​ដែល​មាន​សុខភាពល្អ​មាន​លក្ខណៈ​យ៉ាង​ដូចម្ដេច

១ គ្រីស្ទ​សាសនា​របស់​លោកអ្នក​និង​ពួកជំនុំរបស់​លោកអ្នក

២ លក្ខណៈ​ពួកជំនុំ​ និង​អ្វី​ដែល​មិន​មែន​​ជា​លក្ខណៈ​ពួកជំនុំ

៣ ពួកជំនុំ​គួរ​ប្រាថ្នា​ចង់បាន​សុខភាពល្អ

៤ របៀប​បង្ហាញ​ពី​ចរិតលក្ខណៈ​របស់​ព្រះជាម្ចាស់

គំនិត​ជំនួយ​ខ្លះៗ៖ ប្រសិនបើ​លោកអ្នក​​មាន​គំនិត​ចង់​ផ្លាស់ប្ដូរ​ពួកជំនុំ...

ផ្នែកទី២៖ សញ្ញាសម្គាល់​ដ៏​ចាំបាច់​នៃ​ពួកជំនុំ​​ដែល​មាន​សុខភាពល្អ

៥ សេចក្តី​អធិប្បាយ​តាម​អត្ថន័យ​ព្រះគម្ពីរ

៦ ទេវវិទ្យា​តាម​ព្រះគម្ពីរ

៧ ការ​យល់​ពី​ដំណឹងល្អ​តាម​ព្រះគម្ពីរ

គំនិត​ជំនួយ​ខ្លះៗ៖ របៀប​ស្វែងរក​​ពួកជំនុំ​មួយ​ដែល​ល្អ

ផ្នែកទី៣៖ សញ្ញាសម្គាល់​ដ៏​សំខាន់ៗ​នៃ​ពួកជំនុំ​ដែល​មាន​សុខភាពល្អ

៨ ការ​យល់​ពី​ការ​ក្លាយ​ជា​គ្រីស្ទបរិស័ទ​តាម​ព្រះគម្ពីរ

៩ ការ​យល់​ពី​ការ​ផ្សាយ​ដំណឹងល្អ​តាម​ព្រះគម្ពីរ

១០ ការ​យល់​ដ៏​ត្រឹមត្រូវ​ពី​សមាជិកភាព​​ពួកជំនុំ​តាម​ព្រះគម្ពីរ

១១ ការ​ដាក់​វិន័យ​ពួកជំនុំ​តាម​ព្រះគម្ពីរ

១២ ការ​បង្កើត​សិស្ស​ និង​ការ​លូតលាស់​តាម​ព្រះគម្ពីរ

១៣ ការ​ដឹកនាំ​ពួកជំនុំ​តាម​ព្រះគម្ពីរ

សេចក្តី​បញ្ចប់៖ ការអនុវត្ត​ជាក់​ស្ដែង

សេចក្តី​បន្ថែម៖ លក្ខន្តិកៈ​ដ៏​សាមញ្ញ​​ក្នុង​ពួកជំនុំ​ដែល​មាន​សុខភាពល្អ

ថ្លែង​អំណរ​គុណ​ជា​​ពិសេស

កំណត់យោង

បុព្វកថា៖ រឿង​ប្រៀបប្រដូច

ព្រះ​ទ្រង់​បាន​ដាក់​ចុះ​នូវ​អវយវៈ​នីមួយៗ ក្នុង​រូបកាយ​តាម​ព្រះ​ហឫទ័យ​ទ្រង់ បើ​គ្រប់​ទាំង​អស់​សុទ្ធ​តែ​ជា​អវយវៈ​តែ១ នោះ​តើ​រូបកាយ​នឹង​នៅ​ឯ​ណា តែ​មាន​អវយវៈ​ជា​ច្រើន​វិញ ប៉ុន្តែ​រូប​កាយ​តែ១​ទេ ហើយ​ភ្នែក​ពុំ​អាច​និយាយ​ទៅ​ដៃ​ថា អញ​មិន​ត្រូវ​ការ​នឹង​ឯង​ទេ ឬ​ក្បាល​និយាយ​ទៅ​ជើង​ថា​អញ​មិន​ត្រូវ​ការ​នឹង​ឯង​ដែរ​នោះ​ឡើយ។

១កូរិនថូស ១២:១៨-២១

ក្រោយ​ពី​កម្មវិធី​ថ្វាយបង្គំ​ពេលព្រឹក​ដែល​ដឹកនាំ​ដោយ​លោក​ត្រចៀក និង​លោក​មាត់​បាន​បញ្ចប់​ នោះ​លោក​ច្រមុះ និង​លោក​ដៃ​ក៏​បាន​អង្គុយ​ជជែក​គ្នា​នៅក្នុង​ព្រះវិហារ​។ ពេលនោះ​ លោក​ដៃ​បាន​ប្រាប់​លោក​ច្រមុះ​ថា ​រូបលោក និង​គ្រួសារ​របស់​លោក​បាន​សម្រេចចិត្ត​ស្វែងរក​ពួកជំនុំ​មួយទៀត​ហើយ។

លោក​ច្រមុះ​បាន​សួរ​ទៅកាន់​លោក​ដៃ​ថា «ពិត​មែន​ឬ? ហេតុ​អ្វី​បាន​ជា​ប្អូន​សម្រេចចិត្ត​បែប​ហ្នឹង?»។

ពេលនោះ​លោក​ដៃ​បាន​ឆ្លើយតប​ទៅ​វិញ​ដោយ​ឈ្ងោកមុខ​ថា «ហ៎! ខ្ញុំ​មិន​ដឹង​ទេ»។ តាម​ធម្មតា​ គាត់​ជា​មនុស្ស​យឺត​នឹង​និយាយ​ជាង​សមាជិក​ពួកជំនុំ​ដទៃ​ទៀត។ រួច​លោក​ដៃ​ក៏​បន្ត​ទៀត​ថា «ខ្ញុំ​គិត​ថា​ដោយសារ​តែ​ពួកជំនុំ​នេះ​មិន​មាន​អ្វី​ដែល​ខ្ញុំ និង​ប្រពន្ធ​របស់​ខ្ញុំ​កំពុង​តែ​ស្វែងរក​នោះ​ទេ»

លោក​ច្រមុះ​បាន​សួរ​ថា «អញ្ចឹង តើ​ប្អូន​កំពុងតែ​ស្វែងរក​អ្វី​នៅក្នុង​ពួកជំនុំ?»

លោក​ច្រមុះ​និយាយ​ពាក្យ​ទាំងនេះ​ដោយ​សំឡេង​ក្ដួល​អាណិត ប៉ុន្តែ ទោះបីជា​គាត់​និយាយ​ពាក្យ​ទាំង​នេះ ក៏​គាត់​នៅតែ​មិន​ឯកភាព​នឹង​ចម្លើយ​របស់​លោក​ដៃ​ដដែល។ ហើយ​ប្រសិនបើ​លោក​ដៃ និង​ប្រពន្ធ​របស់​គាត់ មិនបាន​មើល​ឃើញ​ថា​ លោក​ច្រមុះ និង​អ្នក​ដឹកនាំ​ឯទៀត​ដឹកនាំ​ពួកជំនុំ​បាន​យ៉ាង​ល្អ​ត្រឹមត្រូវ​ទេ​ នោះ​ពួកជំនុំ​ក៏​មិន​ត្រូវការ​គ្រួសារ​លោក​ដៃ​ដែរ។

នៅ​ពេល​ឮ​លោក​ច្រមុះ​សួរ​ដូច​នោះ លោក​ដៃ​បាន​ពិចារណា​បន្តិច​មុន​នឹង​គាត់​ឆ្លើយ។ លោក​ដៃ​ និង​ប្រពន្ធ​របស់​គាត់ ចូលចិត្ត​លោកគ្រូ​មាត់ និង​គ្រួសារ​របស់​គាត់។ ហើយ​លោក​ត្រចៀក​ដែល​ជា​អ្នក​នាំ​កម្មវិធី​ថ្វាយបង្គំ​ក៏​ជា​មនុស្ស​ល្អ​ មាន​គុណធម៌ ហើយ​សប្បុរស​ទៀត។

ចុងបញ្ចប់ លោក​ដៃ​បាន​ឆ្លើយ​ទាំង​រអាក់រអួល​ថា «តាម​ពិត​ទៅ​ ខ្ញុំ​គិត​ថា​យើង​កំពុងតែ​ស្វែងរក​ពួកជំនុំ​មួយ​ដែល​មនុស្ស​ភាគ​ច្រើន​មាន​លក្ខណៈ​ដូច​ពួក​យើង»។ គាត់​បាន​បន្ត​ថា «ពួក​យើង​បាន​សាកល្បង​ចំណាយ​ពេល​ជាមួយ​នឹង​គ្រួសារ​លោក​ជើង​ដែរ ប៉ុន្តែ​​ពួក​យើង​ហាក់ដូចជា​មិន​ស៊ីចង្វាក់​ជាមួយ​នឹង​ពួកគេទេ។ បន្ទាប់មក​ ពួក​យើង​បាន​ចូលរួម​ក្រុម​តូច​ដែល​មាន​សុទ្ធ​តែ​គ្រួសារ​លោក​ម្រាមជើង ប៉ុន្តែ​ ពួកគេគិត​តែ​និយាយ​ពី​ស្រោមជើង ស្បែកជើង និង​ក្លិន​របស់​វា​ទៅ​វិញ ហើយ​យើង​មិន​ចាប់​អារម្មណ៍​នឹង​ការ​នោះ​ទេ»។

លោក​ច្រមុះ​បាន​មើល​ទៅ​លោក​ដៃ​ម្តង​នេះ​ដោយ​ស្រងាក​ចិត្ត ហើយ​ក៏​សួរ​ថា «តើ​ប្អូន​មិន​សប្បាយ​ចិត្ត​ទេឬ​អី ដែល​ពួកគេបាន​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ក្លិន​នោះ?»

លោក​ដៃ​ក៏​ឆ្លើយ​ថា «ពិត​ប្រាកដ​ណាស់! ប៉ុន្តែ ពួក​យើង​មិន​សូវ​ខ្វល់​អំពី​ការ​នោះ​ប៉ុន្មាន​ទេ។ បន្ទាប់មក ពួក​យើង​បាន​ចូលរួម​រៀន​នៅ​សាលារៀន​ថ្ងៃអាទិត្យ​ដែល​មាន​សុទ្ធតែ​លោក​ត្រចៀក លោក​ភ្នែក​ លោក​ច្រមុះ និង​លោក​មាត់។ តើ​បង​ចងចាំ​ទេ​ថា ពួក​យើង​ចូលរួម​បាន​បួន​ប្រាំ​សបា្តហ៍​ដែរ​កាលពី​ប៉ុន្មាន​ខែមុន?»

លោក​ច្រមុះ​បាន​និយាយ​ថា «បាទ ល្អ​ដែល​ប្អូន​បាន​ចូលរួម​ជាមួយ​ពួក​យើង»។

លោក​ដៃ​ក៏​តប​ថា «អរគុណ! ប៉ុន្តែ​ពួកគេ​គ្រប់គ្នា​គ្រាន់​តែ​ចង់​និយាយ​ ស្តាប់​ ហិត​ក្លិន​ ហើយ​ភ្លក់​រសជាតិ​តែ​ប៉ុណ្ណោះ។ មើល​ទៅ ដូចជា​ពួកគេ​​មិន​ចង់​ធ្វើការ​ ហើយ​មិន​ចង់​ប្រឡាក់​ដៃ​សោះ។ និយាយ​អញ្ចឹង ប្រពន្ធ​ខ្ញុំ និង​ខ្ញុំ​គិតថា យើង​នឹង​សាក​ល្បង​ចូលរួម​ជាមួយ​ពួកជំនុំ​ថ្មី​មួយ​នៅ​ខាង​កើត​នេះ។ ពួក​យើង​ឮ​ថា ពួកគេ​ចូលចិត្ត​ទះ​ដៃ និង​លើកដៃ​សរសើរ​ព្រះជាម្ចាស់​ហើយ​នោះ​គឺ​ជា​អ្វី​ដែល​ពួក​យើង​ចង់​បាន​ឥឡូវ​នេះ»។

លោក​ច្រមុះ​បាន​ឆ្លើយ​តប​ថា «ហ៊ឺ!​ ខ្ញុំ​យល់​ពី​អ្វី​ដែល​ប្អូន​និយាយ​ហើយ ពួក​យើង​ពិត​ជា​មិន​ចង់​ឃើញ​ប្អូន​ចេញ​ទៅ​ទេ ប៉ុន្តែ​ខ្ញុំ​យល់​ថា ប្អូន​ត្រូវតែ​ធ្វើអ្វី​ដែល​ល្អ​សម្រាប់​ខ្លួន​ឯង»

នៅ​ពេល​នោះ​ប្រពន្ធ​របស់​លោក​ដៃ​ដែល​កំពុង​ជាប់​មាត់​សន្ទនា​ជាមួយ​​អ្នក​ផ្សេងទៀត​នោះ ​ក៏​បាន​ងាក​មក​ចូលរួម​ជាមួយ​នឹង​ប្តី​របស់​នាង​ និង​លោក​ច្រមុះ​វិញ។ លោក​ដៃ​បាន​ពន្យល់​ដោយ​សង្ខេប​ពី​អ្វី​ដែល​គាត់ និង​លោក​ច្រមុះ​ទើប​តែ​បាន​និយាយ។ បន្ទាប់មក​ លោក​ច្រមុះ​បាន​សម្ដែង​នូវ​ការ​សោកស្តាយ​របស់​លោក ពី​ការ​ចាក​ចេញ​របស់​គ្រួសារ​លោក​ដៃ។ ហើយ​លោក​ច្រមុះ​បាន​និយាយ​ម្ដង​ទៀត​ថា គាត់​យល់​ ពីព្រោះ​ស្តាប់​ទៅ​ដូច​ជា​ពួកជំនុំ​មិនបាន​បំពេញ​តម្រូវការ​របស់​លោក​ដៃ និង​គ្រួសារ​របស់​គាត់​ទេ។

ប្រពន្ធ​របស់​លោក​ដៃ​បាន​ងក់​ក្បាល​ឯកភាព។ នាង​ចង់​ធ្វើ​ជា​គួរ​សម ប៉ុន្តែ​តាមពិត​ទៅ នាង​មិន​មែន​មិន​សប្បាយ​ចិត្ត​នឹង​ចាកចេញ​នោះ​ទេ។ ប្តី​របស់​នាង​បាន​រិះគន់​​ពួកជំនុំ​ល្មម​គ្រប់គ្រាន់​ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ អញ្ចឹង​ហើយ​ ចិត្ត​របស់​នាង​ក៏​មិន​ខុស​ពី​ប្តី​របស់​នាង​នោះ​ដែរ។ ទោះ​ជា​យ៉ាង​នោះ​ក្ដី ប្តី​របស់​នាង​មិន​ដែល​និយាយ​រិះគន់​ទាស់​នឹង​រូបកាយ​នៃ​ពួកជំនុំ​ជា​ចំ​ហរ​នោះ​ទេ។ តាម​ពិត​ទៅ​ គាត់​ធ្លាប់​សុំទោស​ពី​ការ​ដែល​គាត់​មាន​គំនិត​អវិជ្ជមាន​ខ្លាំង​ពេក​ចំពោះ​ពួកជំនុំ​ជា​ច្រើន​មក​ហើយ ប៉ុន្តែ ការ​ត្អូញត្អែរ​បន្តិច​បន្តួច​ដែល​គាត់​បាន​និយាយ​ចេញ​មក​ត្រង់នេះ​បន្តិច និង​ត្រង់​នោះ​បន្តិច​ បាន​ជះ​ឥទ្ធិពល​លើ​ប្រពន្ធ​របស់​គាត់​រួច​ទៅ​ហើយ។ លោក​ដៃ​គិត​ថា ក្រុម​តូច​មាន​ ការ​ប្រកាន់​បក្សពួក​បន្តិច បទ​ចម្រៀង​គឺ​ ហួស​សម័យ​បន្តិច ហើយ​កម្មវិធី​ហាក់​ដូច​ជា​ខុស​ទំនង​បន្តិច។ ហើយ​ពួកគេ​ក៏​មិនសូវ​ ពេញចិត្ត​លើ​សេចក្តី​បង្រៀន​ដែរ។ ពួកគេ​មិន​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​ពួកគេ​ចង់​ចេញពី​ពួកជំនុំ​នេះ​ទេ ប៉ុន្តែ ពួកគេ​គិត​ថា ពួកជំនុំ​នេះ​មិន​ស៊ី​ចង្វាក់​នឹង​ពួកគេ​សោះ។

លើសពីនោះទៅទៀត ប្រពន្ធ​របស់​លោក​ដៃ​បាន​ដឹង​ថា កូនស្រី​របស់​ពួកគេ​មិន​សូវ​កក់ក្ដៅ​ជាមួយនឹង​ក្រុម​យុវជន​ឯទៀត​នោះ​ទេ។ គ្រប់​គ្នា​មាន​លក្ខណៈ​ខុស​ប្លែក​ពី​នាង ដូច្នេះ​ហើយ នាង​មាន​អារម្មណ៍​ថា​មិន​ស៊ីចង្វាក់​ជាមួយនឹង​ពួកគេ​ទាល់​តែ​សោះ។

បន្ទាប់មក ប្រពន្ធ​របស់​លោក​ដៃ​បាន​កោតសរសើរ​ជា​ខ្លាំង​ដល់​លោក​ច្រមុះ និង​អ្នក​ដឹកនាំ​ដទៃ​ទៀត។ ប៉ុន្តែ ការ​សន្ទនា​បាន​អូស​បន្លាយ​យូរ​ពេក​ហើយ​សម្រាប់​លោក​ច្រមុះ។ មិន​តែ​ប៉ុណ្ណោះ ក្លិន​ទឹកអប់​របស់​នាង​បាន​ធ្វើ​ឲ្យ​គាត់​ចង់​ឈ្លក់។ គាត់​បាន​អរគុណ​ដល់​នាង អំពី​ការ​លើកទឹកចិត្ត​របស់​នាង ហើយ​ក៏​បាន​បញ្ជាក់​ម្តង​ទៀត​ថា ​គាត់​សោកស្តាយ​ណាស់​ដោយ​បាន​ឮ​ពី​ការ​ចាកចេញ​របស់​ពួក​គេ រួច​ហើយ​ក៏​ដើរ​ចេញ​ទៅ។

តើ​មាន​នរណា​ត្រូវការ​គ្រួសារ​លោក​ដៃ​ឬ​ទេ? ពួកជំនុំ​នេះ​គិតថា ពួកគេ​មិន​ត្រូវការ​គ្រួសារ​លោក​ដៃ​នោះ​ឡើយ។

សេចក្តី​ផ្តើម៖

តើ​លោកអ្នក​កំពុង​តែ​ស្វែងរកអ្វី​នៅ​ក្នុង​ពួកជំនុំ?

តើ​លោកអ្នក​កំពុង​តែ​ស្វែងរក​អ្វី​នៅ​ក្នុង​ពួកជំនុំ? ប៉ុន្មាន​ថ្ងៃ​នេះ លោកអ្នក​ប្រហែល​ជា​មិនបាន​គិត​អំពី​សំណួរ​នេះ​នោះ​ទេ​។ ប៉ុន្តែ ឥឡូវ​នេះ​ សូម​ចំណាយ​ពេល​បន្តិច​ ដើម្បី​សួរ​ខ្លួន​ឯង​ថា តើ​ពួកជំនុំ​ដែល​ល្អ​ឥត​ខ្ចោះ​មាន​លក្ខណៈ​បែប​ណា? «ពួកជំនុំ​ដែល​ល្អ​ឥតខ្ចោះ គឺជា​កន្លែង​មួយ​ដែល​មាន...»

លោកអ្នក​ប្រហែល​ជា​គិត​ថា ពួកជំនុំ​ដែល​ល្អ​ឥត​ខ្ចោះ​គឺជា​កន្លែង​មួយ​ដែល​មាន​តន្ត្រី​ពីរោះ​ ដោយសារ​ពួកគេ​បាន​ហាត់​សម​យ៉ាង​ល្អ។ លោកអ្នក​ប្រហែលជា​មិន​ចង់​ឲ្យ​មានតន្ត្រី​សម័យទេ ប៉ុន្តែ​ចង់​ឲ្យ​មាន​ភ្លេង​ខ្មែរ​បុរាណ​វិញ ដោយ​គិត​ថា តន្ត្រី​បែប​នេះ​ពីរោះ​ ហើយ​អាច​លើក​តម្កើង​ព្រះជាម្ចាស់​បាន​ល្អ​ជាងគេ។ ឬក៏​លោកអ្នក​ប្រហែល​ជា​ចង់​ឲ្យ​មាន​ហ្គីតា និង​ស្គរ ឬ​ក៏​ឧបករណ៍​ដែល​ទាន់សម័យ ដោយសារ​នោះ​ជា​អ្វី​ដែល​បណ្តាជន​ស្តាប់​​​តាម​វិទ្យុ ដែល​នោះ​ហើយ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ពួកគេ​អរសប្បាយ។

ឬ​ប្រហែលជា​លោកអ្នក​គិត​ថា តន្ត្រី​មិន​សូវ​សំខាន់​ចំពោះ​លោកអ្នក​ដូច​ជា​សេចក្តី​អធិប្បាយ​នោះ​ទេ។ លោកអ្នក​ចង់បាន​ពួកជំនុំ​មួយ​ដែល​មាន​សេចក្តី​អធិប្បាយ​ល្អ គឺ​ជា​សេចក្តី​អធិប្បាយ​ដែល​មាន​អត្ថន័យ តែ​មិន​ថ្កោលទោស គឺជា​សេចក្តី​អធិប្បាយ​ដែល​ត្រឹមត្រូវ​តាម​ព្រះគម្ពីរ តែ​មិន​គួរ​ឲ្យ​ធុញទ្រាន់ គឺជា​សេចក្តី​អធិប្បាយ​ដែល​ងាយៗ​អាច​អនុវត្ត​បាន តែ​មិន​រើសអើង ហើយ​មិនមែន​បែប​ជា​ក្រឹត្យវិន័យ​និយម​នោះ​ទេ។ ហើយ​ចរិតលក្ខណៈ​របស់​គ្រូអធិប្បាយ​ដើរ​តួ​យ៉ាង​សំខាន់​នៅក្នុង​សេចក្តី​អធិប្បាយ​របស់​គាត់។ យើង​ដឹង​ហើយ​ថា មាន​គ្រូ​អធិប្បាយ​គ្រប់​ប្រភេទ​នៅក្នុង​សង្គម​យើង​ដូចជា គ្រូ​អធិប្បាយ​បែប​ជា​អ្នក​ប្រាជ្ញ​ដ៏​ម៉ឺងម៉ាត់​ដែល​ស្រឡាញ់​គោលលទ្ធិ ហើយ​មិន​ដែល​ញញឹម​សោះ។ មាន​គ្រូ​អធិប្បាយ​កំប្លុក​កំប្លែង​ដែល​មាន​រឿង​និទាន​ច្រើន​រាប់​មិន​អស់ ហើយក៏​មាន​គ្រូ​អធិប្បាយ​បែប​ជា​អ្នក​ប្រឹក្សា​យោបល់​ដែល​បាន​ឆ្លងកាត់​បទពិសោធន៍​ជីវិត​មុន​យើង។ ពិតណាស់ ខ្ញុំ​គ្រាន់​តែ​រៀបរាប់​ត្រួសៗ​ទេ ប៉ុន្តែ​ពួក​យើង​ភាគ​ច្រើន​ពិតជា​មាន​សេចក្តី​រំពឹង​មួយ​ចំនួន​ថា គ្រូគង្វាល​គួរតែ​មាន​ចរិតលក្ខណៈ​បែប​ណា​នោះ មិន​ថា​អញ្ចឹង?

ឬ​មួយ​ក៏ លោកអ្នក​កំពុង​តែ​ស្វែងរក​ពួកជំនុំ​មួយ​ដែល​មាន​ស្ថានភាព​ជីវិត​ដូចជា​លោកអ្នក​ដែរ ដោយសារ​លោកអ្នក​អាច​យល់​ពី​ពួកគេ​បាន។ ពួកគេ​យល់​ពី​អ្វី​ដែល​លោកអ្នក​កំពុង​តែ​ឆ្លងកាត់ ពីព្រោះ​ពួកគេ​កំពុង​តែ​ឆ្លងកាត់​ដូចជា​លោកអ្នក​ដែរ។ ពួកគេ​ទើប​តែ​បញ្ចប់​មហា​វិទ្យាល័យ​ដូចជា​លោកអ្នក​ដែរ។ ពួកគេ​មាន​កូន​តូចៗ​ដូច​ជា​លោកអ្នក​ដែរ។ ពួកគេ​ជិត​ដល់​ពេល​ចូលនិវត្តន៍​ដូចជា​លោកអ្នក​ដែរ។ ពួកគេ​ធ្លាប់​ចូល​ហាង​ជជុះ​ដូចជា​លោកអ្នក​ដែរ ឬក៏​ធ្លាប់​ចូល​ហាង​ទំនើបៗ​ដូចជា​លោកអ្នក​ដែរ។ ពួកគេ​មកពី​ទីក្រុង​ដូចជា​លោកអ្នក​ដែរ ឬ​ក៏​ប្រហែលជា​មកពី​ជនបទ​ដូចជា​លោកអ្នក​ដែរ។

ម្យ៉ាងទៀត ប្រហែល​អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​លោកអ្នក​នៅ​ក្នុង​ពួកជំនុំ​នោះ គឺ​ជា​ពួកជំនុំ​មួយ​ដែល​ផ្ដល់​ឱកាស​ឲ្យ​លោក អ្នក​ចូល​រួម​ចំណែក​ក្នុង​ព័ន្ធកិច្ច ឬ​ធ្វើ​ការ​មនុស្សធម៌​ផ្សេងៗ។ ប្រហែលជា​លោកអ្នក​ចង់​ដឹង​ថា តើ​ពួកជំនុំ​នោះ​ឲ្យ​តម្លៃ​ខ្ពស់​លើ​ការ​ផ្សាយ​ដំណឹងល្អ​ដែរ​ឬ​ទេ? តើ​ពួកជំនុំ​នោះ​ឲ្យ​តម្លៃ​ខ្ពស់​លើ​បេសកកម្ម​ដែរ​ឬ​ទេ? តើ​ពួកជំនុំ​នោះ​ឲ្យ​តម្លៃ​ខ្ពស់​លើ​ការ​ជួយ​ដល់​អ្នកក្រីក្រ​ដែរ​ឬ​ទេ? តើ​ពួកជំនុំ​ផ្ដល់​ឱកាស​ឲ្យ​លោកអ្នក និង​គ្រួសារ​លោកអ្នក​មាន​ពេលវេលា​ប្រកប​ជាមួយនឹង​គ្រួសារ​ផ្សេងៗ​ដែរឬទេ? ចុះ​ចំណែក​ឯ​ឱកាស​សម្រាប់​លោកអ្នក ដើម្បី​នឹង​ជួយ​នៅ​ក្នុង​ព័ន្ធកិច្ច​កុមារ​វិញ​នោះ? តើ​ពួកជំនុំ​មាន​កម្មវិធី​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​កូនតូចៗ ឬ​កូន​វ័យ​ជំទង់​របស់​លោកអ្នក​ដែរ​ឬទេ?

ខ្ញុំ​ដឹង​ប្រាកដ​ថា មាន​មនុស្ស​មួយចំនួន​កំពុងតែ​ស្វែងរក​ពួកជំនុំ​មួយ​ដែល​ស្ដាប់ឮ​សំឡេង​ព្រះវិញ្ញាណ​បរិសុទ្ធ​រៀងរាល់​ថ្ងៃ។ ព្រះវិញ្ញាណ​ជា​អ្នកនាំ​ផ្លូវ​យើង ដូច្នេះ​ហើយ លោកអ្នក​ចង់បាន​ពួកជំនុំ​មួយ​ដែល​ឆាប់​នឹង​ស្តាប់​ឮ​សំឡេង​របស់​ទ្រង់ ឆាប់​នឹង​មើល​ឃើញ​កិច្ចការ​របស់​ទ្រង់ ហើយ​ឆាប់​នឹង​ជឿ​លើ​កិច្ចការ​ដ៏​អស្ចារ្យ​ដែល​ទ្រង់​ធ្វើ។ លោកអ្នក​ប្រាកដ​ជា​ធុញទ្រាន់​នឹង​ការ​ដែល​នៅ​ក្បែរ​អ្នក​ដែល​ពន្លត់​ព្រះវិញ្ញាណ និង​អ្នក​ដែល​ស្រឡាញ់​ទំនៀមទំលាប់​ចាស់ៗ​នៅក្នុង​ពួកជំនុំ។ លោកអ្នក​ប្រហែលជា​គិត​ថា «ព្រះវិញ្ញាណ​កំពុងតែ​ធ្វើ​កិច្ចការ​ថ្មីៗ! ទ្រង់​កំពុង​តែ​ប្រទាន​ឲ្យ​យើង​នូវ​បទចម្រៀង​ថ្មីៗ!»។

ប្រហែលជា​លោកអ្នក​កំពុងតែ​ស្វែងរក​ពួកជំនុំ​មួយ​ដូច​ពួកជំនុំ​ចាស់​របស់​លោកអ្នក។ ទោះបើ​លោកអ្នក​មិន​ធ្លាប់​និយាយ​អញ្ចឹង​ក៏​ដោយ ប្រសិនបើ​លោកអ្នក​សុាំថ្នឹក​នឹង​ពួកជំនុំ​ដែល​មើល​ទៅ​ដូចជា​ទំនើប ឬ​ដូចជា​កន្លែង​ថ្វាយបង្គំ​ដ៏​ចាស់​បុរាណ​មួយ ឬ​ដូច​ហាង​កាហ្វេ នោះ​វា​មិន​ពិបាក​យល់​ពី​មូលហេតុ​ដែល​លោកអ្នក​ចង់​បាន​ពួកជំនុំ​ដូច​ពីមុន ដោយសារ​មនុស្ស​ទូទៅ​ចង់​បាន​អ្វី​ដែល​ពួកគេ​ធ្លាប់​មាន។ នៅពេល​ដែល​យើង​រើ​ចេញពី​ផ្ទះ​របស់​ឪពុកម្ដាយ​យើង តើ​យើង​មិន​មាន​អារម្មណ៍​នឹក​ស្រណោះ​ដល់​ទិដ្ឋភាព ក្លិន ឬ​សំឡេង​ដែល​ឪពុកម្ដាយ​របស់​យើង​បាន​ធ្វើ​ទេឬ?

យើង​មិន​អាច​ថា ការ​ចង់​បាន​បែប​នេះ​សុទ្ធតែ​ជា​ការ​អាក្រក់​ទេ តាមពិត​ភាគច្រើន​អាច​រាប់​ថា​ជា​ការ​ល្អ ប៉ុន្តែ ខ្ញុំ​លើក​ចំណុច​ខាងលើ​នេះ​ឡើង ដើម្បី​ឲ្យ​លោកអ្នក​ចាប់ផ្ដើម​គិត​អំពី​លក្ខណៈ​របស់​ពួកជំនុំ​ដែល​លោកអ្នក​គិត​ថា​សំខាន់។

តើ​លោកអ្នក​កំពុង​តែ​ស្វែងរក​ពួកជំនុំ​បែប​ណា? ពួកជំនុំ​មួយ​ដែល​មាន​ភាព​រួសរាយ​រាក់ទាក់​ ពួកជំនុំ​មួយ​ដែល​មាន​ភាព​ឆេះឆួល​ ពួកជំនុំ​មួយ​ដែល​ឥតពុតត្បុត ពួកជំនុំ​មួយ​ដែល​មាន​សមាជិក​ច្រើន ពួកជំនុំ​មួយ​ដែល​មាន​ភាពជិតស្និទ្ធ​ ពួកជំនុំ​មួយ​ដែល​មាន​ភាពទាន់សម័យ ពួកជំនុំ​មួយ​ដែល​មាន​ភាពរំភើប ឬ​ពួកជំនុំ​មួយ​ដែល​មាន​ភាពប្តូរផ្តាច់?

តើ​ពួកជំនុំ​គួរ​តែ​មាន​លក្ខណៈ​បែប​ណា?

ប្រធានបទ​មួយ​សម្រាប់គ្រីស្ទបរិស័ទ​ទាំងអស់

នៅ​ជំពូក​បន្ទាប់ៗ​នេះ​ ខ្ញុំ​បាន​សរសេរ​ពី​អ្វី​ដែល​ព្រះគម្ពីរ​បាន​ចែង​ពី​លក្ខណៈ​ដែល​ពួកជំនុំ​គួរ​តែ​មាន ប៉ុន្តែ ឥឡូវនេះ ខ្ញុំ​ចង់​ឲ្យ​លោកអ្នក​ពិចារណា​ទៅ​មើល​ថា ហេតុអ្វី​បាន​ជា​ខ្ញុំ​សួរ​លោកអ្នក​ថា តើ​ពួកជំនុំ​គួរ​តែ​មាន​លក្ខណៈ​បែប​ណា​ជា​ពិសេស​នោះ ប្រសិនបើ​លោកអ្នក​មិន​មែន​ជា​គ្រូគង្វាល​ផង​នោះ។ តើ​សៀវភៅ​ស្ដីពី​ពួកជំនុំ​ដែល​មាន​សុខភាពល្អ មិនមែន​ជា​សៀវភៅ​សម្រាប់​គ្រូគង្វាល និង​អ្នកដឹកនាំ​ពួកជំនុំ​តែ​ប៉ុណ្ណោះ​ទេ​ឬ?

បាទ ពិតប្រាកដ​ណាស់ សៀវភៅ​នេះ​គឺ​សម្រាប់​គ្រូគង្វាល ប៉ុន្តែ​វា​ក៏​សម្រាប់​គ្រីស្ទបរិស័ទ​គ្រប់​រូប​ផង​ដែរ។ ចូរ​ចងចាំ​ថា អ្នកនិពន្ធ​ព្រះគម្ពីរ​សញ្ញាថ្មី​ និពន្ធ​សម្រាប់​គ្រីស្ទបរិស័ទ​គ្រប់​រូប មិន​គ្រាន់តែ​សម្រាប់​គ្រូគង្វាល​នោះ​ទេ។ នៅពេល​ដែល​ពួកជំនុំ​នៅ​ស្រុក​កាឡាទី បាន​ចាប់ផ្តើម​ស្តាប់​សេចក្តី​បង្រៀន​គ្រូ​ខុសឆ្គង នោះ​លោក ប៉ុល បាន​សរសេរ​សំបុត្រ​ទៅ​ពួកគេ​ថា៖ «ខ្ញុំ​ឆ្ងល់​ណាស់ ពី​ដំណើរ​ដែល​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​ចេញពី​ព្រះ ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា​មក ក្នុង​ព្រះ​គុណ​នៃ​ព្រះគ្រីស្ទ ជា​ឆាប់​មេ៉្លះ» (កាឡាទី ១:៦)។

តើ​ពាក្យ​ថា «អ្នក​រាល់​គ្នា» ដែល​លោក ប៉ុល ឲ្យ​ពន្យល់​បក​ស្រាយ​ពី​សេចក្តី​បង្រៀន​ខុសឆ្គង​នៅ​ក្នុង​ពួកជំនុំ​កាឡាទី សំដៅ​លើ​នរណា? លោក ប៉ុល ​មិន​មែន​សំដៅ​ទៅលើ​តែ​គ្រូគង្វាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សំដៅ​ទៅលើ​រូបកាយ​ពួកជំនុំ​ទាំងមូល​ផង​ដែរ។ លោកអ្នក​ប្រហែល​ជា​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​គាត់​មិន​សរសេរ​ទៅ​កាន់​អ្នកដឹកនាំ​ពួកជំនុំ​ថា «ឈប់​បង្រៀន​សេចក្តី​បង្រៀន​ខុស​ឆ្គង​នោះ​ទៀត​ទៅ!» ក៏​ប៉ុន្តែ គាត់​មិនមែន​សរសេរ​ទៅ​កាន់តែ​អ្នកដឹកនាំ​ប៉ុណ្ណោះ​នោះ​ទេ គឺ​គាត់​សរសេរ​ទៅ​កាន់​ពួកជំនុំ​ទាំង​មូល ដោយ​គាត់​បាន​សុំ​ឲ្យ​ពួកជំនុំ​ទាំង​មូល​បញ្ឈប់​សេចក្តី​បង្រៀន​ខុសឆ្គង​នោះ។

ដូចគ្នានេះដែរ នៅពេល​ដែល​ពួកជំនុំ​នៅ​ក្នុង​ទីក្រុង​កូរិនថូស​អនុញ្ញាត​ឲ្យ​អំពើ​កំផិត​បន្ត​កើត​មាន​ឡើង​ដោយ​មិន​ព្រម​កែតម្រង់​អ្នក​នោះ​នៅក្នុង​ចំណោម​ពួកគេ​លោក ប៉ុល បាន​និយាយ​ទៅ​កាន់​ពួកជំនុំ​ដោយ​ផ្ទាល់ (១កូរិនថូស ៥)។ គាត់​មិន​បាន​ប្រាប់​គ្រូគង្វាល ឬក៏​អ្នកដឹកនាំ​ឲ្យ​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នោះ​ទេ។ ប៉ុន្តែ គាត់​បាន​ប្រាប់​ពួកជំនុំ​ឲ្យ​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នោះ​វិញ។

សំបុត្រ​ភាគ​ច្រើន​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី គឺ​មាន​លក្ខណៈ​ដូច្នេះ​ឯង។

ខ្ញុំ​ជឿ​ថា គ្រូគង្វាល​នៅ​ពួកជំនុំ​សតវត្សរ៍​ទី១​ទាំងនោះ​បាន​ស្តាប់​ដំបូន្មាន នៅពេល​ដែល​លោក​ ប៉ុល និង​លោក​ ពេត្រុស លោក​ យ៉ាកុប និង​លោក យ៉ូហាន បាន​ទូន្មាន​ពួកជំនុំ​របស់​ពួកគេ។ ហើយ​ខ្ញុំ​ជឿ​ទៀត​ថា គ្រូគង្វាល​បាន​ផ្ដួចផ្ដើម ហើយ​បាន​នាំ​មុខ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​គ្រប់​ទាំង​សេចក្តី​បង្រៀន​ដែល​ពួក​សាវ័ក​បាន​បង្រៀន​នៅក្នុង​សំបុត្រ​របស់​ពួកគេ។ ដូច្នេះ ខ្ញុំ​ជឿ​ថា ខ្ញុំ​បាន​ធ្វើ​តាម​គំរូ​របស់​ពួក​សាវ័ក នៅពេល​ដែល​ខ្ញុំ​និពន្ធ​សៀវភៅ​នេះ​សម្រាប់​លោកអ្នក ទោះបើ​លោកអ្នក​ជា​គ្រូគង្វាល ឬ​គ្រាន់តែ​ជា​សមាជិក​ក្ដី ដោយសារ​ព្រះជាម្ចាស់​ឲ្យ​សមាជិក​ទាំង​អស់​រួម​ចំណែក​ទទួល​ខុសត្រូវ​លើ​សុខភាព​របស់​ពួកជំនុំ​របស់​ពួកគេ។ នៅទីបំផុត លោកអ្នក​និង​សមាជិក​ពួកជំនុំ​ទាំងអស់​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ព្រះជាម្ចាស់​ពី​ស្ថានភាព​ពួកជំនុំ​របស់​លោកអ្នក គឺ​មិនមែន​គ្រាន់តែ​គ្រូគង្វាល និង​អ្នកដឹកនាំ​ដទៃ​ទៀត​របស់​លោកអ្នក ​ត្រូវ​ទទួល​ខុស​ត្រូវ​នោះ​ទេ។

ប្រាកដណាស់ គ្រូគង្វាល​របស់​លោកអ្នក​នឹង​ត្រូវ​ឈរ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់ ហើយ​ត្រូវ​រៀបរាប់​ពី​របៀប​ដែល​ពួកគេ​បាន​ដឹកនាំ​ពួកជំនុំ (ហេព្រើរ ១៣:១៧)។ ក៏ប៉ុន្តែ យើង​ម្នាក់ៗ​ដែល​ជា​សិស្ស​របស់​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ​នឹង​ត្រូវ​រៀបរាប់​ទូល​ដល់​ទ្រង់​ថា តើ​យើង​បាន​ប្រជុំ​គ្នា​ជា​ទៀងទាត់​ជាមួយ​ពួកជំនុំ​ដែរ​ឬ​អត់ បាន​កំឡា​ចិត្ត​ពួកគេ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ ហើយ​ប្រព្រឹត្ត​ការ​ល្អ​ដែរ​ឬ​អត់ ហើយ​បាន​តយុទ្ធ​ ដើម្បី​កាន់​ឲ្យ​ខ្ជាប់​តាម​សេចក្តី​បង្រៀន​ដ៏​ត្រឹមត្រូវ​នៃ​សេចក្តី​សង្ឃឹម​នៃ​ដំណឹងល្អ​ដែរ​ឬក៏​អត់ (ហេព្រើរ ១០:២៣-២៥)។

មិត្ត​អើយ! ប្រសិនបើ​មិត្ត​ហៅ​ខ្លួន​ឯង​ថា​ជា​គ្រីស្ទបរិស័ទ ប៉ុន្តែ​មិត្ត​គិតថា​សៀវភៅ​ស្តី​អំពី​ពួកជំនុំ​ដែល​មាន​សុខភាពល្អ គឺជា​សៀវភៅ​សម្រាប់​តែ​អ្នក​ដឹកនាំ​ពួកជំនុំ ឬ​សម្រាប់​តែ​ពួក​អ្នក​ប្រាជ្ញ​ខាង​ឯ​ព្រះគម្ពីរ ហើយ​មិត្ត​បែរ​ជា​ចូលចិត្ត​អាន​តែ​សៀវភៅ​អំពី​ជីវិត​ជា​គ្រីស្ទបរិស័ទ​វិញ នោះ​ប្រហែល​ជា​មិត្ត​ត្រូវ​ឈប់​សិន ហើយ​ពិចារណា​ឡើងវិញ​ថា តើ​ព្រះគម្ពីរ​ចែង​ពី​លក្ខណៈ​របស់​គ្រីស្ទបរិស័ទ​ដោយ​បែប​ណា​ឲ្យ​ពិត​ប្រាកដ​នោះ។ យើង​នឹង​គិត​អំពី​ការ​នេះ​បន្ថែម​ទៀត​នៅក្នុង​ជំពូក​១។

បន្ទាប់មក យើង​នឹង​ពិចារណា​ថា តើ​ពួកជំនុំ​មាន​លក្ខណៈ​យ៉ាង​ដូចម្ដេច (ជំពូក​២)? តើ​បំណង​ព្រះ​ហឫទ័យ​ចម្បង​របស់​ព្រះជាម្ចាស់​ចំពោះ​ពួកជំនុំ​គឺជា​អ្វី (ជំពូក៣)? ហើយ​តើ​ហេតុអ្វី​បាន​ជា​ពួកជំនុំ​ត្រូវតែ​ចុះចូល ហើយ​ត្រាប់តាម​ព្រះគម្ពីរ (ជំពូក​៤)?

ប្រសិនបើ​លោកអ្នក​បាន​ឯកភាព​រួចហើយ​ថា ពួកជំនុំ​ត្រូវតែ​ចុះចូល ហើយ​ត្រាប់តាម​ព្រះគម្ពីរ ដើម្បី​បង្ហាញ​ពី​សិរីល្អ​របស់​ព្រះជាម្ចាស់ នោះ​លោកអ្នក​អាច​រំលង​ទៅ​ជំពូក៥​តែម្តង ដែល​ខ្ញុំ​បាន​សរសេរ​ចំណុច​ប្រាំបួន​យ៉ាង​​ទាក់ទង​នឹង​សុខភាព​របស់​ពួកជំនុំ។ ឱ! ព្រះអម្ចាស់​អើយ! សូម​ទ្រង់​ប្រើ​ការ​សញ្ជឹងគិត​របស់​យើង​ទាំងអស់​គ្នា​ស្ដីពី​ពួកជំនុំ​ដែល​មាន​សុខភាពល្អ ដើម្បី​រៀបចំ​កូន​ក្រមុំ​របស់​ទ្រង់​សម្រាប់​ថ្ងៃ​យាង​មកវិញ​របស់​ទ្រង់។ (អេភេសូរ ៥:២៥-៣២)

 

ផ្នែកទី១

តើ​ពួកជំនុំ​ដែល​មាន​សុខភាពល្អ​មាន​លក្ខណៈ​យ៉ាង​ដូចម្ដេច?

 

ជំពូក​១

គ្រីស្ទ​សាសនា​របស់​លោកអ្នក និង​ពួកជំនុំរបស់​លោកអ្នក

ពេលខ្លះ ក្រុម​ធ្វើ​ព័ន្ធកិច្ច​នៅ​តាម​មហា​វិទ្យាល័យ​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ចែកចាយ​ទៅកាន់​សិស្ស​របស់​ពួកគេ។ ជួនកាល​ខ្ញុំ​ចាប់ផ្តើម​ចែកចាយ​ដូច្នេះ​ថា៖ «ប្រសិន​បើ អ្នករាល់គ្នា​ហៅ​ខ្លួនឯង​ថា​ជា​គ្រីស្ទបរិស័ទ ប៉ុន្តែ​អ្នករាល់គ្នា​មិនមែន​ជា​សមាជិក​នៃ​ពួកជំនុំ​ណាមួយ​ដែល​អ្នករាល់គ្នា​ចូលរួម​ជា​ទៀងទាត់​ទេ​ នោះ​ខ្ញុំ​បារម្ភ​ថា អ្នករាល់គ្នា​នឹង​ទៅ​ស្ថាននរក»។

មើលទៅ ការ​និយាយ​ដូច្នោះ​ពិតជា​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​ពួកគេ​មែន។

តើ​ខ្ញុំ​គ្រាន់តែ​និយាយ​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ពួកគេ​ឬ? ទេ​ខ្ញុំ​គិត​ថា​មិន​ដូច្នោះ​ឡើយ។ តើ​ខ្ញុំ​កំពុង​តែ​បន្លាច​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​ចូល​ជា​សមាជិក​ពួកជំនុំ​ឬ? ទេ មិន​ពិត​ទេ។ តើ​ខ្ញុំ​កំពុង​តែ​និយាយ​ថា ការ​ចូល​ធ្វើ​ជា​សមាជិក​ពួកជំនុំ​ណា​មួយ​អាច​ធ្វើ​ឲ្យ​បុគ្គល​នោះ​ក្លាយ​ជា​គ្រីស្ទបរិស័ទ​ឬ? ប្រាកដ​ណាស់ មិនមែន​ដូច្នេះ​ទេ! ចូរ​បោះចោល​សៀវភៅ ឬ​ដេញ​អ្នក​ចែកចាយ​ណា​ដែល​និយាយ​បែបហ្នឹង​ចេញទៅ។

អញ្ចឹង តើ​ហេតុអ្វី​បាន​ជា​ខ្ញុំ​ចាប់ផ្តើម​ដោយ​ការ​ព្រមាន​បែប​នេះ? នេះ​គឺ​ដោយសារ​តែ​ខ្ញុំ​ចង់​ឲ្យ​ពួក​អ្នក​ស្ដាប់​មើល​ឃើញ​ថា ពួកគេ​ពិតជា​ត្រូវការ​ពួកជំនុំ​​តាម​​តំបន់​ដែល​មាន​សុខភាពល្អ​ជា​បន្ទាន់​ក្នុង​នាម​ជា​គ្រីស្ទបរិស័ទ ក៏ដូចជា​ចង់​ឲ្យ​ពួកគេ​ចាប់ផ្តើម​មាន​ចិត្ត​ស្រឡាញ់​ពួកជំនុំ​ដូច​ព្រះគ្រីស្ទ និង​សិស្ស​របស់​ទ្រង់។

សព្វថ្ងៃនេះ មាន​គ្រីស្ទបរិស័ទ​ជា​ច្រើន​នៅ​ប្រទេស​លោក​ខាង​លិច និង​កន្លែង​ផ្សេង​ទៀត​គិត​ថា ការ​ធ្វើ​ជា​គ្រីស្ទបរិស័ទ​គ្រាន់តែ​ជា​ការ​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ព្រះជាម្ចាស់​ប៉ុណ្ណោះ ហើយ​មិន​ចាំបាច់​មាន​អ្វី​ផ្សេងទៀត​ឡើយ។ ជាទូទៅ ពួកគេ​ដឹង​ថា ទំនាក់ទំនង​នេះ​តម្រូវ​ឲ្យ​ពួកគេ​រស់នៅ​ក្នុង​របៀប​មួយ​ដែល​ត្រឹមត្រូវ។ ប៉ុន្តែ ក្ដី​បារម្ភ​របស់ខ្ញុំ​គឺ​ថា គ្រីស្ទបរិស័ទ​ជា​ច្រើន​មិន​បាន​ដឹង​ថា ការ​មាន​ទំនាក់ទំនង​ជាមួយ​ព្រះជាម្ចាស់​គឺ​តម្រូវ​ឲ្យ​ពួកគេ​មាន​ទំនាក់ទំនង​ជាមួយ​អ្នកជឿ​ជាច្រើន​ទៀត​នោះ​ទេ។ ទំនាក់ទំនង​ជាមួយ​អ្នកជឿ ជា​ទំនាក់ទំនង​ ដែល​ព្រះគ្រីស្ទ​បាន​បង្កើត​មក​រវាង​យើង និង​រូបកាយ​របស់​ទ្រង់​ដែល​ជា​ពួកជំនុំ​នោះ​ឯង។ ព្រះជាម្ចាស់​មិន​មាន​ព្រះ​ហឫទ័យ​ឲ្យ​យើង​គ្រាន់តែ​ជ្រើសរើស​គ្រីស្ទបរិស័ទ​ខ្លះៗ​ក្នុង​ចំណោម​គ្រីស្ទបរិស័ទ​ជា​ច្រើន​មក​ធ្វើ​ជា​មិត្ត​របស់​យើង​នោះ​ទេ ប៉ុន្តែ​ទ្រង់​មាន​បំណងព្រះ​ហឫទ័យ​ឲ្យ​យើង​មាន​ទំនាក់ទំនង​ជាមួយនឹង​ក្រុម​មនុស្ស ទោះបីជា​ពួកគេ​គួរឲ្យ​ស្រឡាញ់​ក្ដី ឬក៏​មិន​គួរ​ឲ្យ​ស្រឡាញ់​ក្ដី។

ហេតុអ្វី​បាន​ជា​ខ្ញុំ​បារម្ភ​ថា លោកអ្នក​នឹង​ទៅ​ស្ថាននរក ប្រសិនបើ​លោកអ្នក​ហៅ​ខ្លួនឯង​ថា​ជា​គ្រីស្ទបរិស័ទ​មួយ​រូប ប៉ុន្តែ​លោកអ្នក​មិនមែន​ជា​សមាជិក​នៃ​ពួកជំនុំ​ក្នុង​តំបន់​ដែល​លោកអ្នក​ចូលរួម​ជា​ប្រចាំ​ទេ? សូម​គិត​ជាមួយនឹង​ខ្ញុំ​ត្រង់​នេះ​បន្តិច​ថា «តើ​គ្រីស្ទបរិស័ទ​មាន​លក្ខណៈ​យ៉ាងដូចម្ដេច?»។

លក្ខណៈ​របស់​គ្រីស្ទបរិស័ទ

ដំបូង​បង្អស់ គ្រីស្ទបរិស័ទ​គឺ​ជា​បុគ្គល​ម្នាក់​ដែល​ទទួល​បាន​ការ​អត់ទោស​បាប ហើយ​បាន​ជាមេត្រី​នឹង​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ។ ការ​នេះ​កើតឡើង​នៅពេល​ដែល​បុគ្គល​ម្នាក់​នោះ​ប្រែចិត្ត​ពី​បាប​របស់​ខ្លួន ហើយ​ដាក់​ជំនឿ​របស់​គាត់​ទៅ​លើ​ជីវិត​ដ៏​គ្រប់លក្ខណ៍ ការ​សុគត​ជំនួស និង​ការ​មាន​ព្រះជន្មរស់​ពី​សុគត​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​ជា​ព្រះរាជបុត្រា​នៃ​ព្រះជាម្ចាស់។

បើ​និយាយ​ម្យ៉ាងទៀត គ្រីស្ទបរិស័ទ​គឺជា​អ្នក​ដែល​ទទួលស្គាល់​ថា គាត់​មិន​អាច​សង្គ្រោះ​ខ្លួនឯង​បាន​ដោយ​អំពើល្អ​របស់​ខ្លួន​ឡើយ។ ហើយ​គាត់​ត្រូវ​ទទួល​ស្គាល់​ទៀត​ថា គាត់​បាន​ពលី​ជីវិត​ដើម្បី​ថ្វាយបង្គំ ហើយនិង​ស្រឡាញ់​អ្វី​ផ្សេង​ទៀត​ជាជាង​ព្រះជាម្ចាស់ ហើយ​ការ​ទាំង​នោះ​សុទ្ធតែ​ជា​ការ​រឹងទទឹង​ទាស់នឹង​ក្រឹត្យវិន័យ​របស់​ព្រះជាម្ចាស់​ដែល​ទ្រង់​បាន​បើកសម្ដែង​ឲ្យ​គាត់​ឃើញ​យ៉ាង​ច្បាស់។ ឧទាហរណ៍៖ គាត់​ថ្វាយបង្គំ ហើយ​ស្រឡាញ់​មុខរបរ គ្រួសារ របស់របរ​ដែល​លុយ​អាច​ទិញ​បាន ទស្សនៈ​របស់​អ្នកដទៃ កិត្តិយស​គ្រួសារ សហគមន៍ ការ​ផ្គាប់ចិត្ត​ដល់​ព្រះ​របស់​សាសន៍​ដទៃ​ដែល​មិន​មែន​ជា​ព្រះ​ពិត វិញ្ញាណ​នៅ​លោកីយ៍ ឬ​ការ​ល្អ​ដែល​មនុស្ស​អាច​ធ្វើ​បាន។ គាត់​ក៏​ត្រូវ​ទទួលស្គាល់​ផង​ដែរ​ថា អ្វីៗ​ដែល​គាត់​ថ្វាយបង្គំ ហើយ​ស្រឡាញ់​ជាជាង​ព្រះជាម្ចាស់ ទាំងអស់​នោះ​គឺ​ជា​ចៅហ្វាយ​ដែល​នាំ​ឲ្យ​គាត់​ធ្លាក់​ចូល​នរក​ផ្ទួនៗ គឺ​នរក​នៅ​លោកីយ៍​នេះ​ផង និង​នរក​ក្រោយ​ពី​គាត់​ស្លាប់​ទៅ​ផង។ សេចក្តី​ស្រេកឃ្លាន​របស់​ចៅហ្វាយ​គាត់​នៅក្នុង​ជីវិត​នេះ ​មិន​ចេះ​ស្កប់ស្កល់​ទេ។ ហើយ​ចៅហ្វាយ​គាត់​បាន​បង្ក​ឲ្យ​ព្រះជាម្ចាស់​ចាក់​សេចក្តី​ក្រោធ​ដ៏​យុត្តិធម៌​របស់​ទ្រង់​ទៅលើ​គាត់​ក្រោយពេល​ដែល​គាត់​ស្លាប់ ។ គ្រីស្ទបរិស័ទ​បាន​ស្គាល់​ពី​សេចក្តី​ក្រោធ​ដ៏​យុត្តិធម៌​ដែល​ជា​សេចកី្តស្លាប់ និង​ការ​ជំនុំជម្រះ​ទាំង​នោះ​ខ្លះ​ហើយ​តាមរយៈ​ទុក្ខវេទនា​ក្នុង​លោកីយ៍​នេះ។

ដូច្នេះ គ្រីស្ទបរិស័ទ​ដឹង​ថា ប្រសិនបើ​គាត់​ត្រូវ​ស្លាប់​យប់​នេះ ហើយ​ត្រូវ​ឈរ​នៅ​ចំពោះ​ព្រះជាម្ចាស់ ហើយ​ប្រសិនបើ​ព្រះជាម្ចាស់​មាន​បន្ទូល​សួរ​ថា «ហេតុអ្វី​យើង​គួរ​តែ​អនុញ្ញាត​ឲ្យ​ឯង​ចូល​នគរ​ស្ថានសួគ៌​របស់​យើង?» នោះ​គ្រីស្ទបរិស័ទ​នឹង​ឆ្លើយតប​វិញ​ថា «ទ្រង់​មិន​គួរ​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ចូល​ទេ ដ្បិត​ទូលបង្គំ​មាន​បាប ហើយ​ជំពាក់​បំណុល​ទ្រង់​ដែល​ទូលបង្គំ​មិន​អាច​សង​វិញ​បាន»។ ប៉ុន្តែ​គាត់​នឹង​មិន​ឈប់​និយាយ​ត្រឹម​នោះ​ទេ។ គាត់​នឹង​បន្ត​ទៀត​ថា «ប៉ុន្តែ ដោយសារ​សេចក្តី​មេត្តាករុណា​ និង​សេចក្តី​សន្យា​ដ៏​អស្ចារ្យ​របស់​ទ្រង់ ទូលបង្គំ​ពឹង​អាង​លើ​ព្រះ​លោហិត​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ខ្ចាយ​ជំនួស​ទូលបង្គំ ដោយ​បង់​លោះ​បាប​ទូលបង្គំ ហើយ​បាន​បំពេញ​នូវ​សេចក្តី​តម្រូវ​ដ៏​សុចរិត និង​បរិសុទ្ធ​របស់​ទ្រង់ ព្រមទាំង​បាន​ដក​សេចក្តី​ក្រោធ​របស់​ទ្រង់​ទាស់​នឹង​បាប​ទូលបង្គំ​ចេញ»។

យោងតាម​ ការ​ទូល​អង្វរ​ឲ្យ​ព្រះជាម្ចាស់​ប្រកាស​ថា គាត់​សុចរិត​ដោយសារ​ព្រះគ្រីស្ទ នោះ​មាន​ន័យ​ថា គាត់​គឺជា​ម្នាក់​ដែល​បាន​រក​ឃើញ​ដើមចម​នៃ​សេរីភាព​រួចពី​ទាសភាព​នៃ​ការ​បម្រើ​អំពើ​បាប។ ព្រះ​ក្លែងក្លាយ​មិន​ដែល​ស្កប់ស្កល់​នឹង​បុណ្យ​ដែល​មនុស្ស​ឧទិស្ទ​ឲ្យ​ឡើយ ប៉ុន្តែ​ព្រះជាម្ចាស់​​ស្កប់​ព្រះទ័យ​នឹង​អ្វី​ដែល​ព្រះគ្រីស្ទ​បាន​ធ្វើ នេះ​មានន័យ​ថា អ្នក​ដែល​ព្រះគ្រីស្ទ​បាន​ទិញ​ឲ្យ​រួច​ពី​ការ​ជំនុំជម្រះ គឺ​ពិតជា​មាន​សេរីភាព​ហើយ​ពេលនេះ។ នេះជាលើកដំបូងហើយ​ដែល​គ្រីស្ទបរិស័ទ​មាន​សេរីភាព ដើម្បី​នឹង​បដិសេធ​អំពើបាប។ ការ​បដិសេធ​នេះ​មិន​មែន​មានន័យ​ថា គាត់​យក​អំពើបាប​ណា​មួយ​ផ្សេងទៀត​មក​ដាក់​ជំនួស​នោះ​ទេ ប៉ុន្តែ​មាន​ន័យ​ថា គាត់​យក​ព្រះវិញ្ញាណបរិសុទ្ធ​មក​ដាក់​ជំនួស​វិញ។ ហើយ​ព្រះវិញ្ញាណបរិសុទ្ធ​នឹង​ប្រទាន​ឲ្យ​គាត់​មាន​ចិត្ត​ចង់​បាន​ព្រះយេស៊ូវគ្រីស្ទ និង​ការ​ដឹកនាំ​របស់​ទ្រង់​នៅក្នុង​ជីវិត។ លោក អ័ដាម បាន​ព្យាយាម​រុញ​ព្រះជាម្ចាស់​ចេញពី​បល្ល័ង្ក​ចិត្ត​របស់​គាត់ ហើយ​លើក​ខ្លួនឯង​ជា​ព្រះ​វិញ ប៉ុន្តែ​គ្រីស្ទបរិស័ទ​អរសប្បាយ​ដែល​ព្រះគ្រីស្ទ​គង់​លើ​បល្ល័ង្ក​ចិត្ត​របស់​គាត់។ គាត់​ពិចារណា​ពី​ជីវិត​នៃ​ការ​ចុះចូល​ដ៏​គ្រប់លក្ខណ៍​របស់​ព្រះយេស៊ូវ​ទៅ​នឹង​បំណង​ព្រះ​ហឫទ័យ និង​ព្រះបន្ទូល​របស់​ព្រះ​វរបិតា​ទ្រង់ ហើយ​គាត់​រក​វិធី​ធ្វើ​តាម ដើម្បី​ឲ្យ​គាត់​កាន់តែ​មាន​លក្ខណៈ​ដូចជា​ព្រះសង្គ្រោះ​របស់​គាត់​ថែម​ទៀត។

ចំណុច​ទីមួយ គ្រីស្ទបរិស័ទ​គឺ​ជា​ម្នាក់​ដែល​បាន​ជាមេត្រី​នឹង​ព្រះជាម្ចាស់​តាមរយៈ​ព្រះគ្រីស្ទ។ ព្រះគ្រីស្ទ​បាន​រំដោះ​គាត់​ចេញពី​សេចក្តី​ក្រោធ​របស់​ព្រះជាម្ចាស់ ហើយ​ឥឡូវ​ព្រះជាម្ចាស់​បាន​រាប់​គាត់​ជា​សុចរិត​នៅ​ចំពោះ​ទ្រង់។ ទ្រង់​ត្រាស់​ហៅ​គាត់​ឲ្យ​រស់​នៅ​ក្នុង​ជីវិត​មួយ​ដែល​សុចរិត ហើយ​រស់នៅ​ដោយ​សង្ឃឹម​ថា ថ្ងៃ​មួយ​គាត់​នឹង​ចូល​ក្នុង​វត្តមាន​របស់​ទ្រង់​នៅ​នគរ​ស្ថានសួគ៌។

ប៉ុន្តែ វា​មិន​ទាន់​ចប់​ត្រឹម​ហ្នឹង​ទេ! ចំណុច​ទីពីរ ដោយសារតែ​គាត់​បាន​ជា​មេត្រី​ជាមួយនឹង​ព្រះជាម្ចាស់ ដូច្នេះ​គាត់​ក៏​បាន​ជា​មេត្រី​ជាមួយនឹង​រាស្ត្រ​របស់​ទ្រង់​ផង​ដែរ។ តើ​លោកអ្នក​ចងចាំ​ពី​រឿង​ដំបូង​នៅក្នុង​ព្រះគម្ពីរ​បន្ទាប់ពី​ការ​ធ្លាក់​ក្នុង​អំពើបាប និង​ការ​ដែល​ព្រះជាម្ចាស់​បណ្តេញ​លោក អ័ដាម និង​នាង អេវ៉ា ចេញពី​សួនច្បារ​អេដែន​ដែរឬទេ? រឿង​ដែល​កើត​ឡើង​បន្ទាប់ពី​ការ​ធ្លាក់​ចុះ​នោះ គឺ​ជា​រឿង​ដែល​មនុស្ស​​ម្នាក់​បាន​សម្លាប់​មនុស្ស​ម្នាក់​ទៀត ពោល​គឺ​លោក កាអ៊ីន បាន​សម្លាប់​លោក អេបិល។ ប្រសិនបើ​ការ​ដែល​យើង​ព្យាយាម​រុញ​ព្រះជាម្ចាស់​ចេញពី​បល្ល័ង្ក​ចិត្ត ពិតជា​ការ​ដែល​ព្យាយាម​ដាក់​ខ្លួន​យើង​នៅ​លើ​បល្ល័ង្ក​នោះ នោះ​យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ផ្សេង​ទៀត​យក​វា​ចេញពី​យើង​បាន​ឡើយ។ គឺ​យើង​មិន​ផ្តល់​ឱកាស​ឲ្យ​ទេ​សូម្បី​តែ​ម្តង។ ការ​ដែល​លោក អ័ដាម ផ្តាច់​មេត្រីភាព​ជាមួយនឹង​ព្រះជាម្ចាស់​បាន​បណ្តាល​ឲ្យ​មនុស្ស​ផ្សេងៗ​ដាច់​មេត្រីភាព​នឹង​ព្រះជាម្ចាស់​ដែរ។ ការ​នេះ​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់ៗ​គិត​តែ​ពី​ខ្លួនឯង។

ដូច្នេះ វា​មិន​គួរ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​នោះ​ទេ​ ពេលដែល​ព្រះយេស៊ូវ​មាន​បន្ទូល​ថា «គ្រប់​ទាំង​គម្ពីរ​ក្រឹត្យវិន័យ និង​គម្ពីរ​ហោរា​មាន​ឫសគល់​ចេញពី​បទបញ្ញត្តិ​ទាំង​ពីរ​នេះ​ឯង»៖ ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង និង​ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង (សូម​អាន ម៉ាថាយ ២២:៣៤-៤០)។ បទបញ្ញត្តិ​ទាំងពីរ​ប្រការ​នេះ​ដើរ​ទន្ទឹម​គ្នា។ បញ្ញត្តិ​ទីមួយ​បណ្តាល​ឲ្យ​មាន​បញ្ញត្តិ​ទីពីរ ហើយ​បញ្ញត្តិ​ទីពីរ​ជា​ភស្តុតាង​បញ្ជាក់​ពី​បញ្ញត្តិ​ទីមួយ។

ដូច្នេះ តាមរយៈ​ព្រះគ្រីស្ទ ការ​ដែល​បាន​ជាមេត្រី​នឹង​ព្រះជាម្ចាស់​គឺ​មាន​ន័យ​ថា​ យើង​បាន​ជា​មេត្រី​នឹង​អ្នក​ឯទៀត​ដែល​បាន​ជាមេត្រី​នឹង​ព្រះជាម្ចាស់​ដែរ។ នៅក្នុង​កន្លះ​ជំពូក​ដំបូង​នៃ​កណ្ឌ​អេភេសូរ​ជំពូក២​លោក ប៉ុល បាន​ពណ៌នា​ពី​សេចក្តី​សង្គ្រោះ​ដ៏​អស្ចារ្យ​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​មក​ឲ្យ​យើង​តាមរយៈ​ព្រះគ្រីស្ទ​យេស៊ូវ។ បន្ទាប់មក គាត់​បាន​ពណ៌នា​ពី​អត្ថន័យ​នៃ​ទំនាក់ទំនង​រវាង​ពួក​សាសន៍​យូដា និង​ពួក​សាសន៍​ដទៃ និង​រវាង​អស់​អ្នក​ដែល​ជឿ​លើ​ព្រះគ្រីស្ទ​នៅក្នុង​កន្លះ​ជំពូក​ចុង​ក្រោយ​នៃ​កណ្ឌ​អេភេសូរ​ជំពូក២​ដដែល​នោះ។ គាត់​បាន​សរសេរ​ថា៖

ដ្បិត​ទ្រង់​ជា​ស្ពាន​មេត្រី​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​ធ្វើ​ឲ្យ​ទាំង​២​រួម​គ្នា​តែ​១ ហើយ​បាន​រុះ​ជញ្ជាំង​ដែល​ខ័ន​កណ្ដាល​ចេញ....ដើម្បី​ឲ្យ​បាន​យក​ទាំង​២​មក បង្កើត​ជា​មនុស្ស​ថ្មី​តែ​១​ក្នុង​ព្រះអង្គ​ទ្រង់ ដោយ​តាំង​ជា​ស្ពាន​មេត្រី​ឲ្យ ហើយ​ឲ្យ​ទ្រង់​បាន​ផ្សះ​ផ្សា​ទាំង​២​នឹង​ព្រះ ក្នុង​រូប​កាយ​តែ​១ ដោយ​សារ​ឈើ​ឆ្កាង ព្រម​ទាំង​រំងាប់​សេចក្ដី​សំអប់​គ្នា ដោយ​ឈើ​ឆ្កាង​នោះ​ឯង។ (អេភេសូរ ២:១៤-១៦)

ដូច្នេះ អស់​អ្នក​ដែល​ជា​របស់​ព្រះជាម្ចាស់ គឺ​ជា «ជាតិ​តែ​១» និង​ជា «ពួក​បរិសុទ្ធ ជា​ពួក​ដំណាក់​ព្រះ» (អេភេសូរ ២:១៩)។ ព្រះជាម្ចាស់​បាន «ផ្គុំ» យើង​ភ្ជាប់​ជាមួយ​ព្រះគ្រីស្ទ​ឲ្យ​ទៅ​ជា «វិហារ​បរិសុទ្ធ» តែ​មួយ (អេភេសូរ ២:២១)។ ជំពូក​នេះ​មាន​ពាក្យ​ប្រៀបធៀប​ល្អៗ​ជា​ច្រើន​ដែល​យើង​អាច​លើកឡើង​មក​ពណ៌នា​បាន។

គ្រួសារ សេចក្តី​ប្រកប និង​រូបកាយ

ការ​ដែល​យើង​សញ្ជឹងគិត​ទៅ​លើ​ពាក្យ​ថា ពួកដំណាក់ ដែល​ជា​ពាក្យ​ប្រៀបធៀប​អាច​នឹង​ជួយ​ឲ្យ​យើង​យល់ឃើញ​ថា ការ​ដែល​យើង​បាន​ជាមេត្រី​នឹង​ព្រះជាម្ចាស់​ក៏​មានន័យ​ថា យើង​បាន​ជា​មេត្រី​ជាមួយ​រាស្ត្រ​ផ្សេងៗ​ទៀត​ផង​ដែរ។ ប្រសិនបើ​លោកអ្នក​ជា​ក្មេងកំព្រា នោះ​លោកអ្នក​មិនមែន​ជ្រើសរើស​ឪពុកម្ដាយ​មក​ចិញ្ចឹម​ទេ ប៉ុន្តែ ពួកគាត់​ទេ​ដែល​ជ្រើសរើស​លោកអ្នក​មក​ចិញ្ចឹម​នោះ។ ប្រសិនបើ​ឪពុកម្ដាយ​ដែល​រើស​យក​លោកអ្នក​មក​ចិញ្ចឹម​​មាន​នាម​ត្រកូល​ថា​សុខ នោះ​លោកអ្នក​ឥឡូវ​ក៏​មាន​នាមត្រកូល​សុខ​ដែរ ហើយ​អាច​ចូលរួម​ញុាំ​អាហារ​ជាមួយ​គ្រួសារ​ត្រកូល​សុខ​ដែល​មាន​ឪពុកម្ដាយ​ និង​កូនៗ​ទាំងអស់។ នៅពេល​យប់​ លោកអ្នក​គេង​ក្នុង​ផ្ទះ​ជាមួយ​គ្រួសារ​ត្រកូល​សុខ។ នៅពេល​ដែល​គ្រូ​នៅ​សាលា​ហៅ​បញ្ជី​ឈ្មោះ​វត្តមាន​ ហើយ​ហៅ​ចំ​ត្រកូល «សុខ» នោះ​លោកអ្នក​ក៏​លើក​ដៃ​ដូចជា​បងប្រុស​របស់​លោកអ្នក​បាន​លើក​ពីមុន​លោកអ្នក ហើយ​ដូចជា​ប្អូនស្រី​របស់​លោកអ្នក​ ដែល​នឹង​លើក​ដៃ​បន្ទាប់ពី​លោកអ្នក​ដែរ។ ហើយ​លោកអ្នក​ធ្វើ​ដូច្នេះ​មិនមែន​ដោយ​សារ​តែ​​លោកអ្នក​បាន​សម្រេច​ចិត្ត​ថា​នឹង​ដើរ​តួនាទី​ជំនួស​មុខ​ឲ្យ​ត្រកូល​សុខ​នោះ​ទេ ប៉ុន្តែ​ដោយសារតែ​មាន​មនុស្ស​ម្នាក់​បាន​ទៅ​មណ្ឌល​កុមារ​កំព្រា​ ហើយ​និយាយ​ថា «ឯង​នឹង​ក្លាយ​ជា​កូន​យើង​ក្នុង​គ្រួសារ​ត្រកូល​សុខ»។ នៅ​ថ្ងៃ​នោះ លោកអ្នក​បាន​ក្លាយ​ជា​កូន​របស់​មនុស្ស​ម្នាក់​នោះ​ ហើយ​ជា​បងប្អូន​របស់​អ្នក​ផ្សេងទៀត​ក្នុង​គ្រួសារ​នោះ​ដែរ។

ដូចគ្នា​នេះ​ដែរ ពេល​ដែល​លោកអ្នក​ក្លាយ​ជា​កូន​ចិញ្ចឹម​របស់​ព្រះជាម្ចាស់​នោះ​លោកអ្នក​លែង​ជា​កូន​របស់​លោកីយ៍​ទៀត​ហើយ ហើយ​យក​នាម​តាម​ព្រះគ្រីស្ទ​ដែល​យក​យើង​​មក​ចិញ្ចឹម គឺ «គ្រីស្ទបរិស័ទ» (អេភេសូរ ១:៥)។ ឥឡូវនេះ លោកអ្នក​ជា​សមាជិក​មួយ​នៃ​គ្រួសារ​របស់​ព្រះជាម្ចាស់។ «ព្រះអង្គ​ដែល​ញែក​មនុស្ស​ជា​បរិសុទ្ធ និង​អស់អ្នក​ដែល​ព្រះអង្គ​បាន​ញែក​ជា​បរិសុទ្ធ​មាន​ព្រះវរបិតា​តែ​មួយ​ទេ» (ហេព្រើរ ២:១១ គកស)។

ហើយ​នេះ​មិនមែន​ជា​គ្រួសារ​ដែល​មាន​បញ្ហា​ដែល​សមាជិក​គ្រួសារ​ឈប់​រស់នៅ​ជាមួយ​គ្នា ឬ​ឈប់​ទាក់ទង​គ្នា​នោះ​ទេ។ វា​ជា​សេចក្តី​ប្រកប​មួយ។ នៅពេល​ដែល​ព្រះជាម្ចាស់ «បាន​ហៅ​អ្នក​រាល់​គ្នា​មក​ឲ្យ​មាន​សេចក្ដី​ប្រកប​នឹង​ព្រះ​រាជ​បុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង» (១កូរិនថូស​ ១:៩) ទ្រង់​ក៏បាន​ហៅ​លោកអ្នក​ឲ្យ​មាន «សេចក្តី​ប្រកប» ជាមួយនឹង​គ្រួសារ​ទាំងមូល​ដែរ (១កូរិនថូស ៥:២)។

ហើយ​សេចក្តី​ប្រកប​នេះ​មិន​គ្រប់លក្ខណ៍​នោះ​ទេ។ សេចក្តី​ប្រកប​នេះ​ជា​រូបកាយ​មួយ​ដែល​មិន​គ្រាន់តែ​ចងភ្ជាប់​គ្នា​ដោយ​ការ​សម្រេចចិត្ត​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ចងភ្ជាប់​គ្នា​លើស​ពី​ការ​សម្រេចចិត្ត​របស់​មនុស្ស​ទៅ​ទៀត គឺ​ចងភ្ជាប់​គ្នា​ដោយ​អង្គ​ព្រះគ្រីស្ទ​ និង​កិច្ចការ​របស់​ទ្រង់​ថែម​ទៀត​ផង។ បើ​សមាជិក​នៃ​គ្រួសារ​នេះ​និយាយ​ថា «ខ្ញុំ​មិនមែន​ជា​សមាជិក​គ្រួសារ​នេះ​ទេ» ការ​ដែល​និយាយ​ដូច្នេះ​ប្រៀប​ដូចជា​មនុស្ស​ឆ្កួត​ដែល​កាត់​ដៃ ឬ​ច្រមុះ​របស់​ខ្លួន​ចោល​អញ្ចឹង។ លោក ប៉ុល បាន​និយាយ​ទៅ​កាន់​ពួកជំនុំ​នៅ​ទីក្រុង​កូរិនថូស​ថា «ភ្នែក​ពុំ​អាច​និយាយ​ទៅ​ដៃ​ថា អញ​មិន​ត្រូវ​ការ​នឹង​ឯង​ទេ ឬ​ក្បាល​និយាយ​ទៅ​ជើង​ថា អញ​មិន​ត្រូវ​ការ​នឹង​ឯង​ដែរ​នោះ​ឡើយ» (១កូរិនថូស ១២:២១)។

សរុបសេចក្ដី​មក យើង​មិន​អាច​ឆ្លើយ​សំណួរ​ដែល​ថា «តើ​គ្រីស្ទបរិស័ទ​មាន​លក្ខណៈ​យ៉ាង​ដូចម្ដេច?» បាន​ដោយ​មិន​និយាយ​ពី​ពួកជំនុំ​នោះ​ទេ ជាពិសេស​បើ​យើង​ចង់​ឆ្លើយ​ឲ្យ​ត្រូវ​តាម​ព្រះគម្ពីរ។ មិន​តែ​ប៉ុណ្ណោះ ការ​ផ្ដោត​ទៅលើ​ពាក្យ​ប្រៀបធៀប​តែមួយ​សម្រាប់​ពួកជំនុំ គឺជា​ការ​ពិបាក ពីព្រោះ​ព្រះគម្ពីរ​សញ្ញា​ថ្មី​ប្រើ​ពាក្យ​ប្រៀបធៀប​ច្រើន​ដូចជា៖ គ្រួសារ និង​សេចក្តី​ប្រកប រូបកាយ និង​កូនក្រមុំ បណ្តាជន និង​ព្រះវិហារ ស្ត្រី​និង​កូន​របស់​នាង។ ព្រះគម្ពីរ​សញ្ញាថ្មី​មិន​ដែល​លើក​ឡើង​ពី គ្រីស្ទបរិស័ទ​ពិត​ដែល​មិន​មាន​ទម្លាប់​ ប្រកបគ្នា​ជាមួយនឹង​ពួកជំនុំ​ក្នុង​តំបន់​នោះ​ទេ។ ពួកជំនុំ​ជា​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់​នៅក្នុង​ព្រះគ្រីស្ទ។

ការ​ចូលរួម​ក្នុង​ពួកជំនុំ

នៅពេល​ដែល​មនុស្ស​ម្នាក់​ក្លាយជា​គ្រីស្ទបរិស័ទ ការ​ដែល​គាត់​ចូល​រួម​ជាមួយ​ពួកជំនុំ​ក្នុង​តំបន់​មិនមែន​ដោយសារតែ​វា​ជា​ទម្លាប់​ដែល​នាំ​ឲ្យ​គាត់​រីកចម្រើន​ខាងឯវិញ្ញាណ​នោះ​ទេ ប៉ុន្តែ គាត់​ចូល​រួម​ជាមួយ​ពួកជំនុំ​ក្នុង​តំបន់ ព្រោះ​នេះ​ជា​ការ​បង្ហាញ​ពី​ការ​ដែល​ព្រះគ្រីស្ទ​បាន​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​សមាជិក​ម្នាក់​ក្នុង​រូបកាយ​ព្រះគ្រីស្ទ។ ការ​ដែល​យើង​នៅ​ជាប់​ជាមួយនឹង​ព្រះគ្រីស្ទ​មាន​ន័យ​ថា ​យើង​នៅ​ជាប់​ជាមួយ​នឹង​គ្រីស្ទបរិស័ទ​គ្រប់រូប​ផង​ដែរ។ ប៉ុន្តែ​ ការ​រួបរួម​ជា​សកល​នោះ​ដាច់​ខាត​ត្រូវ​តែ​មាន​ភាពរស់រវើក​នៅក្នុង​ពួកជំនុំ​ក្នុង​តំបន់។

ពេលខ្លះ​អ្នកប្រាជ្ញ​ខាង​ព្រះគម្ពីរ​បែងចែក​ពួកជំនុំ​សកល និង​ពួកជំនុំ​ក្នុង​តំបន់​ដាច់​ពី​គ្នា។ ពួកជំនុំ​សកល​សំដៅ​លើ​គ្រីស្ទបរិស័ទ​ទាំងអស់​នៅ​គ្រប់​ទីកន្លែង​ក្នុង​គ្រប់​សម័យកាល ហើយ​ពួកជំនុំ​ក្នុង​តំបន់​សំដៅលើ​អស់​អ្នក​ដែល​ប្រជុំ​គ្នា​នៅ​ក្បែរ​កន្លែង​ដែល​លោកអ្នក​រស់នៅ ដើម្បី​នឹង​ស្តាប់​ព្រះបន្ទូល និង​ដើម្បី​ទទួល​ពិធី​ជ្រមុជទឹក ក៏​ដូចជា​ពិធី​លៀង​ព្រះអម្ចាស់។ ព្រះគម្ពីរ​សញ្ញាថ្មី​មាន​រៀបរាប់​ពី​ពួកជំនុំ​សកល​តែ​ម្ដងម្កាល​ទេ (កណ្ឌគម្ពីរ ម៉ាថាយ ១៦:១៨ និង​អេភេសូរ) តែ​ភាគច្រើន​ព្រះគម្ពីរ​សញ្ញាថ្មី​មាន​រៀបរាប់​ច្រើន​ពី​ពួកជំនុំ​តាមតំបន់​វិញ ឧទាហរណ៍៖ នៅពេល​ដែល​សាវ័ក ប៉ុល សរសេរ​ថា «ផ្ញើ​មក​ពួកជំនុំ​នៃ​ព្រះ នៅ​ក្រុង​កូរិនថូស» ឬ «ផ្ញើ​មក​ពួកជំនុំ​ទាំង​ប៉ុន្មាន នៅ​ស្រុក​កាឡាទី» ត្រង់​នេះ​គាត់​សំដៅ​លើ​ពួកជំនុំ​តាម​តំបន់។

អ្វី​ដែល​លើក​ឡើង​នៅ​ខាង​ក្រោម​នេះ​គឺ​ខ្លាំង​បន្តិច ប៉ុន្តែ​វា​សំខាន់​ណាស់។ ទំនាក់ទំនង​រវាង​សមាជិកភាព​នៅក្នុង​ពួកជំនុំ​សកល និង​សមាជិកភាព​នៅ​ក្នុង​ពួកជំនុំ​​តាម​តំបន់ គឺ​មាន​លក្ខណៈ​ដូចគ្នា​ច្រើន​ទៅ​នឹង​ទំនាក់ទំនង​រវាង​សេចក្តី​សុចរិត​ដែល​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​យើង​តាមរយៈ​ជំនឿ និង​ការ​អនុវត្ត​សេចក្តី​សុចរិត​ជាក់ស្តែង​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​យើង។ នៅពេល​ដែល​យើង​ក្លាយ​ជា​គ្រីស្ទបរិស័ទ​ដោយ​ជំនឿ នោះ​ព្រះជាម្ចាស់​រាប់​យើង​ជា​សុចរិត។ ប៉ុន្តែ​ទ្រង់​នៅតែ​ត្រាស់​ហៅ​យើង​ឲ្យ​រស់នៅ​ដោយ​សុចរិត។ បុគ្គល​ណា​ដែល​អរសប្បាយ​ក្នុង​ការ​រស់នៅ​​ដោយ​ទុច្ចរិត នោះ​គេ​អាច​ចោទ​ជា​សំណួរ​ថា តើ​គាត់​ពិតជា​បាន​ទទួល​សេចក្តី​សុចរិត​របស់​ព្រះគ្រីស្ទ​កាល​ពី​ដំបូង​ដែរ​ឬ​អត់ (សូម​មើល រ៉ូម ៦:១-១៨; ៨:៥-១៤; យ៉ាកុប ២:១៤-១៥)។ ចំពោះ​អ្នក​ដែល​បដិសេធ​មិន​ប្ដេជ្ញា​ចូល​រួម​ក្នុង​សមាជិក​ពួកជំនុំ​ក្នុង​តំបន់​ណា​មួយ​ ក៏​មិន​ខុស​នឹង​អ្នក​ដែល​អរសប្បាយ​ក្នុង​ការ​រស់នៅ​ដោយ​ទុច្ចរិត​ដែរ។ ការ​ប្ដេជ្ញាចិត្ត​ចូលរួម​ជាមួយ​ពួកជំនុំ​ក្នុង​តំបន់ នោះ​គឺ​ជា​ផលផ្លែ​នៃ​ជំនឿ។ ការ​នោះ​បញ្ជាក់​ពី​អ្វី​ដែល​ព្រះគ្រីស្ទ​បាន​ធ្វើ។ ប្រសិនបើ​លោកអ្នក​មិន​ចាប់អារម្មណ៍​ក្នុង​ការ​ប្ដេជ្ញាចិត្ត​ចូលរួម​ក្រុម​គ្រីស្ទបរិស័ទ​ដែល​ជឿ​លើ​ដំណឹងល្អ និង​បង្រៀន​តាម​ព្រះគម្ពីរ​ទេ នោះ​សូម​សួរ​ខ្លួនឯង​ថា តើ​ខ្ញុំ​ជា​អវយវៈ​មួយ​នៃ​រូបកាយ​ព្រះគ្រីស្ទ​ដែរ​ឬ​ក៏​អត់។ សូម​អាន​កណ្ឌ​ហេព្រើរ ១០:២៣-២៧ ដោយ​យកចិត្ត​ទុកដាក់៖

ត្រូវ​ឲ្យ​យើង​រាល់​គ្នា​កាន់​ខ្ជាប់ តាម​សេចក្តី​បន្ទាល់​របស់​សេចក្តី​សង្ឃឹម​នោះ ឥត​រវើរវាយ ដ្បិត​ព្រះ​ដែល​បាន​សន្យា​នោះ ទ្រង់​ស្មោះត្រង់ ហើយ​ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្តាល​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង ឥត​លែង​ប្រជុំ​គ្នា ដូច​ជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ផង តាម​ដែល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ ដ្បិត​ក្រោយ​ដែល​យើង​បាន​ទទួល​ស្គាល់​សេចក្តី​ពិត​ហើយ បើ​យើង​ធ្វើ​បាប ស្ម័គ្រ​ពី​ចិត្ត​ទៀត នោះ​គ្មាន​យញ្ញបូជា​ណា សំរាប់​នឹង​លោះ​បាប​ទៀត​ទេ មាន​តែ​រង់ចាំ ដោយ​ស្ញែង​ខ្លាច​ចំពោះ​សេចក្តី​ជំនុំ​ជំរះ និង​សេចក្តី​សហ័ស​នៃ​ភ្លើង ដែល​រៀប​នឹង​ឆេះ​ដល់​អស់​ទាំង​ពួក​ទាស់​ទទឹង​ផង​ប៉ុណ្ណោះ។

បើ​យើង​មាន​ទំនាក់ទំនង​យ៉ាងជាក់​លាក់​ច្បាស់​លាស់​ជាមួយ​ព្រះជាម្ចាស់ ការ​នោះ​នឹង​មាន​ឥទ្ធិពល​ទៅ​លើ​ការ​រស់នៅ​របស់​យើង​ជា​ប្រចាំថ្ងៃ ទោះបើ​ការ​សម្រេច​ចិត្ត​នោះ​មាន​ការ​យឺតយ៉ាវ ឬ​មិន​គ្រប់លក្ខណ៍​ក៏​ដោយ។ ព្រះជាម្ចាស់​ពិតជា​បំផ្លាស់បំប្រែ​រាស្ត្រ​របស់​ទ្រង់​ប្រាកដ​មែន។ តើ​នោះ​មិនមែន​ជា​ដំណឹងល្អ​ទេ​ឬ​អី? ដូច្នេះ​ មិត្ត​អើយ! សូម​កុំ​ឲ្យ​ត្រឡប់​ជា​ក្តៅ​មិន​ក្តៅ​ត្រជាក់​មិន​ត្រជាក់​ដោយ​មាន​គំនិត​មិន​ច្បាស់លាស់​ណា​មួយ​ដែល​ថា លោកអ្នក​ទទួល​បាន​សេចក្តី​សុចរិត​របស់​ព្រះគ្រីស្ទ ទោះបើ​ជីវិត​រស់នៅ​របស់​លោកអ្នក​មិន​ពេញ​ដោយ​សេចក្តី​សុចរិត​ក៏​ដោយ។ ដូចគ្នានេះដែរ កុំ​ស្មាន​ថា លោកអ្នក​ជា​សមាជិក​ពួកជំនុំសកល​នោះ​ឡើយ បើ​លោកអ្នក​មិន​មែន​ជា​សមាជិក​នៃ​ពួកជំនុំ​ក្នុង​តំបន់​ណា​មួយ​។

ជាទូទៅ គ្រីស្ទបរិស័ទ​ដ៏​ពិត សង់​ជីវិត​របស់​ខ្លួន​ឡើង​នៅក្នុង​ជីវិត​អ្នកជឿ​ដទៃ​ទៀត​តាមរយៈ​ការ​ប្រកប​ដ៏​រឹងមាំ​ជាមួយ​ពួកជំនុំ​ក្នុង​តំបន់ លើកលែង​តែ​ក្នុង​ស្ថានភាព​ដែល​មិន​មាន​អ្នកជឿ​នៅ​ជុំវិញ​គាត់​ប៉ុណ្ណោះ។ គាត់​ដឹង​ថា​គាត់​មិនទាន់​គ្រប់លក្ខណ៍​នៅឡើយ​ទេ។ គាត់​នៅតែ​ធ្វើ​បាប​ ហើយ​ត្រូវការ​ការ​កែតម្រង់ ក៏​ដូចជា​សេចក្តី​បង្រៀន​របស់​ពួកជំនុំ​ក្នុង​តំបន់។ ហើយ​ពួកជំនុំ​ក្នុង​តំបន់​ក៏​ត្រូវការ​គាត់​ដែរ។

នៅពេល​ដែល​យើង​ប្រជុំ​គ្នា​ថ្វាយ​បង្គំ​ព្រះជាម្ចាស់ ហើយ​បង្ហាញ​សេចក្តី​ស្រឡាញ់​ ព្រមទាំង​ធ្វើ​ល្អ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក នោះ​យើង​បង្ហាញ​នៅ​ក្នុង​ជីវិត​ពិត​ជាក់​ស្តែង​ថា ព្រះជាម្ចាស់​បាន​ផ្សះផ្សា​យើង​នឹង​ព្រះអង្គ​ទ្រង់ ហើយ​ទ្រង់​ក៏​បាន​ផ្សះផ្សា​យើង​រវាង​គ្នា​នឹង​គ្នា​ផង​ដែរ។ យើង​បាន​បង្ហាញ​ដល់​លោកីយ៍​ថា ព្រះជាម្ចាស់​ពិតជា​បាន​បំផ្លាស់បំប្រែ​ យើង​មែន ហើយ​ការ​នេះ​មិនមែន​ដោយសារ​យើង​ទន្ទេញ​ខគម្ពីរ​បាន​ច្រើន អធិស្ឋាន​រាល់​ពេល​ញុាំ​បាយ ថ្វាយ​តង្វាយ​ចេញពី​ប្រាក់​ចំណូល​របស់​យើង ឬក៏​ស្តាប់​វិទ្យុ​គ្រីស្ទបរិស័ទ​នោះ​ទេ ប៉ុន្តែ​ដោយសារ​យើង​បង្ហាញ​ពី​បំណង​ចិត្ត​ក្នុង​ការ​ទ្រាំទ្រ ការ​អត់ទោស ហើយ​ថែមទាំង​ស្រឡាញ់​ពួកជំនុំ​ក្នុង​តំបន់ ទោះបើ​ពួកយើង​នៅតែ​ប្រព្រឹត្តិ​បាប​ក្ដី។

លោកអ្នក​និង​ខ្ញុំ​មិន​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់ អំណរ​អរ មេត្រីភាព អត់ធ្មត់ ឬ​សប្បុរស​ដោយ​អង្គុយ​នៅ​លើ​កោះ​តែម្នាក់ឯង​បាន​នោះ​ទេ។ តែ​យើង​អាច​បង្ហាញ​ការ​ណា​មួយ​ខាងលើ​នេះ​ចំពោះ​មនុស្ស​ដែល​យើង​បាន​ប្ដេជ្ញា​ថា​នឹង​ស្រឡាញ់​បាន ក្នុង​កាល​ដែល​ពួកគេ​មិន​ មាន​លក្ខណៈ​គួរ​ឲ្យ​យើង​ស្រឡាញ់ ប៉ុន្តែ​ទោះជាយ៉ាងណា​ក៏​ដោយ ក៏​យើង​នៅតែ​ស្រឡាញ់​ពួកគេ​ដដែល។

នៅពេល​ដែល​ពួកជំនុំ​ប្ដេជ្ញាចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​កាល​ដែល​ពួកយើង​នៅ​តែ​ជា​មនុស្ស​ដែល​ប្រព្រឹត្តិ​បាប នោះ​នឹង​បណ្ដាល​ឲ្យ​លោកីយ៍​ឃើញ​ពី​ដំណឹងល្អ​យ៉ាងច្បាស់។ ពួកជំនុំ​បង្ហាញ​ពី​ដំណឹងល្អ​ដែល​លោកីយ៍​អាច​មើលឃើញ​នឹង​ភ្នែក​បាន នៅពេល​ដែល​ពួកជំនុំ​អត់ទោស​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ដូច​ដែល​ព្រះគ្រីស្ទ​បាន​អត់​ទោស​ឲ្យ​ពួកគេ និង​នៅពេល​ដែល​ពួកគេ​បាន​ប្ដេជ្ញា​ចំពោះ​គ្នា​ទៅវិញទៅមក​ដូច​ដែល​ព្រះគ្រីស្ទ​បាន​ប្ដេជ្ញា​ចំពោះ​ពួកគេ ហើយ​នៅពេល​ដែល​ពួកគេ​លះបង់​ជីវិត​ជំនួស​គ្នា​ទៅវិញទៅមក​ដូច​ដែល​ព្រះគ្រីស្ទ​បាន​លះបង់​ព្រះជន្ម​របស់​ទ្រង់​ជំនួស​ពួកគេ​ដែរ។

របៀប​ដែល​យើង​បង្ហាញ​ពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​គ្នា គឺ​ខុស​ប្លែក​ពី​របៀប​ដែល​មនុស្ស​តែ​ម្នាក់​បង្ហាញ​ពី​ដំណឹងល្អ។

ជាញឹកញាប់ ខ្ញុំ​ឮ​គ្រីស្ទបរិស័ទ​និយាយ​អំពី​អំណោយ​ទាន​ខាងឯវិញ្ញាណ​ខុសៗ​គ្នា​របស់​ពួកគេ។ ប៉ុន្តែ ខ្ញុំ​ឆ្ងល់​ណាស់​ថា តើ​ពួកគេ​បាន​ពិចារណា​ញឹកញាប់​ប៉ុណ្ណា​ពី​ការ​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​នូវ​អំណោយ​ទាន​ជាច្រើន​ ហើយ​ជាក់លាក់ ដើម្បី​ឲ្យ​ពួកគេ​ប្រើ​អំណោយ​ទាន​ទាំងនោះ ទុកជា​យាន​ក្នុង​ការ​កែតម្រង់​គ្រីស្ទបរិស័ទ​ដទៃទៀត​ដែល​បាន​ប្រព្រឹត្តិ​បាប​នៅក្នុង​ពួកជំនុំ។ អំពើបាប​របស់​ខ្ញុំ​ផ្តល់​ឱកាស​ដល់​លោកអ្នក ដើម្បី​នឹង​អនុវត្ត​អំណោយទាន​របស់​លោកអ្នក។

ដូច្នេះ សូម​ប្រមូល​ក្រុម​មនុស្ស​មួយ​ក្រុម​ដែល​មាន​ទាំង​ប្រុស ទាំង​ស្រី ក្មេង និង​ចាស់ ស្បែក​ស និង​ស្បែក​ខ្មៅ ជនជាតិ​អាស៊ី និង​ជនជាតិ​អាហ្វ្រិក អ្នកមាន និង​អ្នកក្រ អ្នកមាន​ចំណេះដឹង​ និង​អ្នកអត់​ចំណេះដឹង​ដែល​មាន​គ្រប់​ទាំង​ទេពកោសល្យ អំណោយទាន និង​ជំនាញ​ខុសៗគ្នា។ ប៉ុន្តែ សូម​ឲ្យ​ប្រាកដ​ថា ពួកគេ ​ដឹង​ថា ពួកគេ​មាន​បញ្ហា និង​មាន​បាប ហើយ​ទទួល​សេចក្តី​សង្គ្រោះ​ដោយសារ​តែ​ព្រះគុណ​មួយ​ប៉ុណ្ណោះ។ ដូច្នេះ តើ​យើង​ហៅ​ពួកគេ​ថា​យ៉ាងដូចម្ដេច? យើង​ហៅ​ថា​ពួកជំនុំ!

ប្រសិនបើ​ លោកអ្នក​មាន​បំណងចិត្ត​ចង់​ស្រឡាញ់​គ្រីស្ទបរិស័ទ​គ្រប់ៗ​រូប ជាដំបូង ខ្ញុំ​សូម​ស្នើ​ឲ្យ​លោកអ្នក​ប្ដេជ្ញាចិត្ត​ចូលរួម​ជាមួយនឹង​ពួកជំនុំ​ក្នុង​តំបន់​ដែល​ពួកគេ​មាន​ពេញ​ដោយ​ចំណុច​ខ្សោយ និង​ភាពល្ងីល្ងើ​ជាមុន​សិន។ សូម​ប្ដេជ្ញាចិត្ត​រួបរួម​ជាមួយ​ពួកគេ​យ៉ាងតិច​ឲ្យ​បាន​រយៈពេល​៨០​ឆ្នាំ ទោះបីជា​ត្រូវ​ឆ្លងកាត់​ទុក្ខលំបាក ឬ​ការ​ស្រណុកសុខស្រួល​យ៉ាងណាក៏ដោយ។ បន្ទាប់ពី​លោកអ្នក​បាន​ចំណាយ​ពេល​៨០ឆ្នាំ​ជាមួយ​ពួកគេ​រួច​ហើយ នោះ​លោកអ្នក​នឹង​បាន​ចម្រើនឡើង​ខាងឯសេចក្តី​ស្រឡាញ់​ចំពោះ​គ្រីស្ទបរិស័ទ​គ្រប់ៗ​រូប​ជាមិនខាន។

ការ​រៀបរាប់​ពី​អំពើ

តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​សម្រេច​ថា តើ​ពួកជំនុំ​គួរ​តែ​មាន​លក្ខណៈ​បែប​ណា​នោះ? តើ​គ្រូគង្វាល និង​អ្នកដឹកនាំ​ពួកជំនុំ​ជា​អ្នក​ទទួលខុសត្រូវ​ឬ? ពិតប្រាកដ​ណាស់។ ចុះ​ចំណែក​គ្រីស្ទបរិស័ទ​ដទៃ​ទៀត​វិញ? ពិត​ប្រាកដ​ណាស់ ពួកគេ​ក៏​អញ្ចឹង​ដែរ។ ក្នុង​នាម​ជា​គ្រីស្ទបរិស័ទ​មួយ​រូប យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ជីវិត និង​សុខភាព​របស់​រូបកាយ​ព្រះគ្រីស្ទ​ ដែល​ជា​ពួកជំនុំ​នោះ​ឯង។ វា​មាន​ន័យ​ថា យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថា តើ​អ្វីទៅ​ជា​ពួកជំនុំ ហើយ​ពួកជំនុំ​គួរ​តែ​មាន​លក្ខណៈ​បែប​ណា ដោយ​ព្រោះ​លោកអ្នក​ជា​សមាជិក​ម្នាក់​នៃ​ពួកជំនុំ​នោះ។

ពិតប្រាកដ​ណាស់ យើង​ថែរក្សា​ពួកជំនុំ ដោយ​ព្រោះ​ពួកជំនុំ​ជា​រូបកាយ​នៃ​ព្រះអង្គ​សង្គ្រោះ​របស់​យើង។ តើ​លោកអ្នក​បាន​កត់សម្គាល់​លើ​ពាក្យ​ដែល​ព្រះយេស៊ូវ​បាន​ប្រើ​ជាមួយនឹង​លោក សុល (លោក​ជា​អ្នក​បៀតបៀន​គ្រីស្ទបរិស័ទ​ដែល​ក្រោយ​មក​គេ​ហៅ​លោក​ថា ប៉ុល) នៅពេល​ដែល​ទ្រង់​លេច​មក​តទល់​នឹង​លោក​នៅ​តាម​ផ្លូវ​ទៅ​ឯ​ទីក្រុង​ដាម៉ាស​ដែរ​ឬ​ទេ? «សុល នែ​សុល ហេតុ​អ្វី​បាន​ជា​អ្នក​បៀតបៀន​ដល់​ខ្ញុំ​ ដូច្នេះ?» (កិច្ចការ​ ៩:៤)។ ព្រះយេស៊ូវ​បាន​រាប់​រូប​អង្គ​ទ្រង់​ដូច​ជា​ពួកជំនុំ​របស់​ទ្រង់ ម្ល៉ោះហើយ​បាន​ជា​ទ្រង់​ហៅ​ពួកជំនុំ​ថា​ជា​រូបអង្គ​ទ្រង់​ផ្ទាល់! ឱ! អ្នកជឿ​រាល់គ្នា​អើយ! តើ​មាន​រាប់​ខ្លួន​ឲ្យ​ដូចជា​ពួក​អ្នក​ដែល​ព្រះគ្រីស្ទ​បាន​រាប់​រូបអង្គ​ទ្រង់​ដែរ​ឬ​ទេ? តើ​ចិត្ត​របស់​លោកអ្នក​មាន​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ដូចគ្នា​ទៅ​នឹង​ព្រះ​ហឫទ័យ​របស់​ទ្រង់​ដែរឬទេ?

ថ្មីៗ​នេះ ខ្ញុំ​បាន​ទទួល​សំបុត្រ​មួយ​ច្បាប់​ពី​គ្រូគង្វាល​ម្នាក់ ហើយ​នៅ​ក្នុង​សំបុត្រ​នោះ​គាត់​បាន​បង្ហាញ​ពី​បំណងចិត្ត​នៃ​ការ​ចង់​ឲ្យ​សមាជិក​ពួកជំនុំ​ដឹង​ថា តើ​ពួកជំនុំ​គួរ​តែ​មាន​លក្ខណៈ​បែប​ណា។ លោកគ្រូ​ដែល​មាន​ការ​បន្ទាបខ្លួន​ម្នាក់​នេះ​ចង់​ឲ្យ​ពួកជំនុំ​ជួយ​កែតម្រង់​គាត់​ពេល​គាត់​ធ្វើខុស​ខណៈ​ដែល​គាត់​ដឹកនាំ​ពួកគេ​ទៅ​កាន់​ព្រះគុណ និង​ការ​គោរព​ប្រតិបត្តិ​ដល់​ព្រះ។ គ្រូគង្វាល​នេះ​យល់​ពី​គំរូ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​បាន​ច្បាស់​ណាស់។ គាត់​យល់​ថា​ថ្ងៃមួយ ព្រះជាម្ចាស់​នឹង​ហៅ​គាត់​ឲ្យ​រៀបរាប់​ពី​របៀប​ដែល​គាត់​បាន​ដឹកនាំ​ពួកជំនុំ​របស់​គាត់។ ហើយ​ដូចជា​អ្នកគង្វាល​ដ៏​ស្មោះត្រង់​ម្នាក់​ដែរ គាត់​ចង់​ឲ្យ​កូនចៀម​ទាំងអស់​នៅ​ក្នុង​ក្រោល​របស់​គាត់​ដឹង​ថា ថ្ងៃមួយ​ព្រះជាម្ចាស់​នឹង​ហៅ​ពួកគេ​ម្នាក់​ម្តងៗ​ឲ្យ​រៀបរាប់​ពី​របៀប​ដែល​ពួកគេ​បាន​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក និង​ពី​របៀប​ដែល​ពួកគេ​បាន​ស្រឡាញ់​គាត់​ដែរ។

ព្រះជាម្ចាស់​នឹង​សួរ​សមាជិក​នីមួយៗ​នៃ​រូបកាយ​ថា៖ «តើ​ឯង​បាន​អរសប្បាយ​ជាមួយ​នឹង​សមាជិក​នៃ​រូបកាយ​ខ្ញុំ នៅពេល​ដែល​ពួកគេ​អរសប្បាយ ​ដែរ​ឬទេ? តើ​ឯង​បាន​យំសោក​ជាមួយ​នឹង​អ្នក​ដែល​យំសោក​ដែរឬទេ? តើ​ឯង​បាន​ប្រព្រឹត្ត​ចំពោះ​អវយវៈ​ដែល​ខ្សោយ​ជាង​ឯង​ឲ្យ​ដូច​ជា​អវយវៈ​មួយ​ដែល​ឯង​មិនអាច​ខ្វះ​បាន​ដែរ​ឬ​ទេ? ហើយ​តើ​ឯង​បាន​ផ្ដល់​កិត្តិយស​ពិសេស​ដល់​អវយវៈ​ដែល​មនុស្ស​ភាគ​ច្រើន​មិន​ឲ្យ​តម្លៃ​ខ្ពស់​ដែរ​ឬ​ទេ? តើ​ឯង​បាន​លើក​កិត្តិយស​មួយ​ទ្វេ​ជា​ពីរ​ដល់​អ្នកដឹកនាំ និង​អ្នកបង្រៀន​ឯង​ដែរ​ឬទេ?» (សូម​អាន ១កូរិនថូស ១២:២២-២៦ និង១ធីម៉ូថេ ៥:១៧)

អ្នកជឿ​រាល់​គ្នា​អើយ! តើ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច សម្រាប់​ថ្ងៃ​ដែល​ព្រះជាម្ចាស់​នឹង​ហៅ​អ្នករាល់គ្នា​ឲ្យ​រៀបរាប់​ពី​របៀប​ដែល​អ្នករាល់គ្នា​បាន​ស្រឡាញ់ និង​បម្រើ​ពួកជំនុំ រួម​ទាំង​អ្នកដឹកនាំ​ពួកជំនុំ​របស់​អ្នករាល់គ្នា​ហើយ​ឬ​នៅ? តើ​អ្នករាល់គ្នា​ជ្រាប​ទេ​ថា ​ព្រះជាម្ចាស់​មាន​បន្ទូល​ថា ពួកជំនុំ​គួរតែ​មាន​លក្ខណៈ​បែប​ណា?

ចំណែក​ឯ​គ្រូគង្វាល​វិញ តើ​លោកគ្រូ​មាន​បាន​រៀបចំ​ហ្វូង​ចៀម​របស់​លោកគ្រូ​សម្រាប់​ការ​ដែល​ពួកគេ​ត្រូវ​រៀបរាប់​ចំពោះ​ព្រះជាម្ចាស់​ដោយ​បង្រៀន​ពួកគេ​ឲ្យ​ដឹង​ថា ​ពួកជំនុំ​គួរ​តែ​មាន​លក្ខណៈ​បែប​ណា​ហើយ​ឬនៅ? តើ​លោកគ្រូ​បាន​បង្រៀន​ពួកគេ​ទេ​ថា ព្រះជាម្ចាស់​នឹង​សួរ​ពួកគេ​ថា តើ​ពួកគេ​បាន​ជឿ​ដំណឹងល្អ​យ៉ាង​រឹងមាំ​ដែរឬអត់?