ជំពូក​១១

សញ្ញាសម្គាល់​ដ៏​សំខាន់​ៗ​នៃ​ពួកជំនុំ​ដែល​មាន​សុខភាពល្អ ៖

ការ​ដាក់​វិន័យ​ពួកជំនុំ​តាម​ព្រះគម្ពីរ

ការ​ដាក់​វិន័យ​ពួកជំនុំតាម​ព្រះគម្ពីរ​គឺ​កើត​ចេញពី​ការ​យល់​ដ៏​ត្រឹមត្រូវ​ពី​សមាជិកភាព​ពួកជំនុំ​តាម​ព្រះគម្ពីរ។ សមាជិកភាព​ពួកជំនុំ​គូស​បន្ទាត់​កំណត់​ព្រំខណ្ឌ​ជុំវិញ​ពួកជំនុំ ដោយ​ញែក​ពួកជំនុំ​ចេញពី​លោកីយ៍។ ចំណែក​ឯ​ការ​ដាក់​វិន័យ​ គឺ​ជួយ​ពួកជំនុំ​ដែល​រស់នៅ​ក្នុង​បន្ទាត់​កំណត់​ព្រំខណ្ឌ​នោះ​ ឲ្យ​នៅតែ​រក្សា​បាន​នូវ​ភាព​ស្មោះត្រង់​ទៅ​នឹង​បុព្វហេតុដើម​ដែល​នាំ​ឲ្យ​មាន​ការ​គូស​បន្ទាត់​នោះ។ ការ​ដាក់​វិន័យ​ពួកជំនុំ​ផ្តល់​នូវ​អត្ថន័យ​ដល់​សមាជិក​ពួកជំនុំ ហើយ​វា​ជា​សញ្ញាសម្គាល់​ដ៏​សំខាន់​មួយ​ទៀត​នៃ​ពួកជំនុំ​ដែល​មាន​សុខភាពល្អ។

តើ​ការ​ដាក់​វិន័យ​ពួកជំនុំ​តាម​ព្រះគម្ពីរ​មាន​លក្ខណៈ​យ៉ាង​ដូចម្តេច? បើ​និយាយ​ឲ្យ​ខ្លី​ទៅ ការ​ដាក់​វិន័យ​ពួកជំនុំ​ជា​ការមិន​រាប់​នរណា​ម្នាក់​ដែល​ប្រកាស​ខ្លួន​ថា ជា​អ្នកជឿ​ចេញពី​សមាជិកភាព​ពួកជំនុំ ហើយ​មិន​អនុញ្ញាត​ឲ្យ​ម្នាក់​នោះ​ចូលរួម​ក្នុង​ពិធី​លៀង​ព្រះអម្ចាស់​ទេ ដោយ​ព្រោះ​ពួកគេ​មិន​ព្រម​កែ​ប្រែ​ពី​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ​របស់​ខ្លួន។

ការ​ឆ្លុះបញ្ចាំង​ឲ្យ​គេ​ឃើញ​
ពី​ចរិតលក្ខណៈ​របស់​ព្រះជាម្ចាស់

ដើម្បី​យល់​ពី​ការ​ដាក់​វិន័យ​ពួកជំនុំ លោកអ្នក​អាច​រំឭក​សារ​ឡើងវិញ​ពី​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​នៅ​ក្នុង​ជំពូក៣ ស្តី​អំពី​គោលបំណង​របស់​ព្រះជាម្ចាស់​ក្នុង​ការ​ដែល​ទ្រង់​បង្កើត​សកលលោក មនុស្សជាតិ ពួក​អ៊ីស្រាអែល និង​ពួកជំនុំ។ ព្រះជាម្ចាស់​បាន​បង្កើត​សកលលោក​ទាំងមូល​ ដើម្បី​បង្ហាញ​សិរីល្អ​របស់​ទ្រង់។ បន្ទាប់មក​ ទ្រង់​បាន​បង្កើត​មនុស្សជាតិ​ក្នុង​គោលបំណង​ដូចគ្នា ហើយ​អ្វី​ដែល​ពិសេស​នោះ​ គឺ​ទ្រង់​បាន​បង្កើត​យើង ដើម្បី​ឆ្លុះបញ្ចាំង​ពី​រូបអង្គ​ទ្រង់ (លោកុប្បត្ដិ ១:២៧)។ មនុស្សជាតិ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មុន​គេ​គឺ​លោក អ័ដាម និង​នាង អេវ៉ា។ ពួកគេ​មិន​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សិរីល្អ​របស់​ទ្រង់​ទេ ដូច្នេះ​ទ្រង់​បាន​បណ្ដេញ​ពួកគេ​ចេញពី​សួនច្បារ​អេដែន។

បន្ទាប់មក ព្រះជាម្ចាស់​បាន​ត្រាស់ហៅ​ពួក​អ៊ីស្រាអែល​ឲ្យ​បង្ហាញ​ពី​សិរីល្អ​របស់​ទ្រង់។ ជា​ពិសេស​នោះ ទ្រង់​ឲ្យ​ពួកគេ​បង្ហាញ​ពី​ភាព​បរិសុទ្ធ និង​ចរិតលក្ខណៈ​របស់​ទ្រង់​ដល់​ពួក​ជាតិសាសន៍​ដទៃ​ឲ្យ​ឃើញ​ ដូច​ដែល​ទ្រង់​បាន​បើកសម្ដែង​ឲ្យ​ឃើញ​នៅ​ក្នុង​ក្រឹត្យវិន័យ (សូម​មើល​ លេវន័យ ១៩:២; សុភាសិត ២៤:១, ២៥)។ ចាប់តាំង​ពី​ពេល​នោះ​មក ក្រឹត្យវិន័យ​នេះ​គឺ​ជា​មូលដ្ឋាន​សម្រាប់​កែ​តម្រង់ និង​បណ្ដេញ​មនុស្ស​មួយ​ចំនួន​ចេញពី​សហគមន៍ (ដូច​ជា​នៅក្នុង​ ជនគណនា ១៥:៣០-៣១)។ ហើយ​ក្រឹត្យវិន័យ​នេះ​គឺ​ជា​មូលដ្ឋាន​ក្នុង​ការ​បណ្ដេញ​ពួក​អ៊ីស្រាអែល​ចេញពី​ទឹកដី។

ចុង​ក្រោយ យើង​បាន​រៀបរាប់​ថា ព្រះជាម្ចាស់​បាន​បង្កើត​ពួកជំនុំ​ ដើម្បី​ឲ្យ​ពួកគេ​អាច​នឹង​ឆ្លុះ​បញ្ចាំង​ពី​ចរិតលក្ខណៈ​របស់​ទ្រង់​ច្រើន​ឡើងៗ ដូច​ដែល​ទ្រង់​បើកសម្ដែង​ឲ្យ​ឃើញ​ពី​ចរិតលក្ខណៈ​របស់​ទ្រង់​នៅ​ក្នុង​ព្រះបន្ទូល។ ដូច្នេះ ដូច​ដែល​បាន​ឃើញ​នៅ​ក្នុង​សាច់​រឿង​ជា​បន្តបន្ទាប់​ក្នុង​ព្រះគម្ពីរ​ទាំងមូល​ហើយ ការ​ដាក់​វិន័យ​ពួកជំនុំ គឺ​ជា​ការ​បណ្តេញ​បុគ្គល​ម្នាក់​​ដែល​នាំ​ភាព​អាម៉ាស់​ដល់​ដំណឹងល្អចេញ រួម​​ទាំង​មិន​បាន​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​នាំ​កិត្តិយស​ដល់​ដំណឹងល្អផងដែរ។ ការ​ដាក់​វិន័យ​ជួយ​ពួកជំនុំ​ឲ្យ​ឆ្លុះបញ្ចាំង​ពី​ចរិតលក្ខណៈ​ដ៏​ឧត្ដម​របស់​ព្រះជាម្ចាស់​បាន​យ៉ាង​ត្រឹមត្រូវ។ ការ​ដាក់​វិន័យ​ជួយ​ពួកជំនុំ​ឲ្យ​រក្សា​ភាព​បរិសុទ្ធ​ខាងឯវិញ្ញាណ។ ការ​ដាក់​វិន័យ​ពួកជំនុំ​គឺ​ប្រៀប​ដូចជា​ការ​ខិតខំ​ដុសខាត់​កញ្ចក់​ឆ្លុះ​ ហើយ​លុប​ស្នាម​ប្រឡាក់​ចេញ (សូម​មើល ២កូរិនថូស ៦:១៤-៧:១; ១៣:២; ១ធីម៉ូថេ ៦:៣-៥; ២ធីម៉ូថេ ៣:១-៥)។ ហេតុអ្វី​ត្រូវ​មាន​ការ​ដាក់​វិន័យ​ពួកជំនុំ? មូលហេតុ​នៃ​ការ​ដាក់​វិន័យ​ពួកជំនុំ​គឺ​ដើម្បី​ឲ្យ​ចរិតលក្ខណៈ​ដ៏​បរិសុទ្ធ និង​ពេញ​ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​អាច​លេច​ឡើង​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ និង​ជះ​ពន្លឺ​កាន់តែ​ភ្លឺ​ឡើងៗ​ដល់​លោកីយ៍​នេះ។

តើ​ការ​ដាក់​វិន័យ​ពួកជំនុំ​មាន​ដំណើរ​ការ​យ៉ាង​ដូចម្តេច?

តើ​ដំណើរ​ការ​នៃ​ការ​ដាក់​វិន័យ​ពួកជំនុំ​មាន​លំដាប់​លំដោយ​យ៉ាង​ដូចម្តេច? ដោយសារ​តែ​ស្ថានភាព​នៃ​ការ​ប្រព្រឹត្ត​បាប​របស់​ពួកជំនុំ​មាន​លក្ខណៈ​ខុសៗ​គ្នា នោះ​គ្រូគង្វាល​ចាំបាច់​ត្រូវ​ប្រើ​ប្រាជ្ញា​ ដើម្បី​ឲ្យ​ដឹង​ថា​ ត្រូវ​ដាក់​វិន័យ​ពួកជំនុំ​ក្នុង​ស្ថានភាព​នីមួយៗ​យ៉ាង​ណា​នោះ។

ប៉ុន្តែ​ទោះ​ជា​យ៉ាងណា ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​នៅក្នុង​កណ្ឌ​ម៉ាថាយ ១៨:១៥-១៧ បាន​ផ្តល់​នូវ​លក្ខខណ្ឌ​ទូទៅ​ ស្តី​ពី​ការ​ដាក់​វិន័យ​ពួកជំនុំ។ យោងតាម​ខគម្ពីរ​នេះ លោកអ្នក​ត្រូវ​ចាប់ផ្ដើម​ដោយ​ការ​ដោះស្រាយ​ជាមួយ​បងប្អូន​ដែល​ធ្វើ​បាប​តែ​ពីរ​នាក់​គាត់​ដោយ​ស្ងាត់ៗ​ជាមុនសិន។ ប្រសិនបើ​អ្នក​ដែល​ធ្វើ​បាប​នោះ​ប្រែចិត្ត នោះ​ដំណើរ​ការ​នៃ​ការ​ដាក់​វិន័យ​ត្រូវ​បញ្ចប់។ ប្រសិនបើ​អ្នក​ដែល​ធ្វើ​បាប​នោះ​មិន​ប្រែចិត្ត​ទេ នោះ​យើង​ត្រូវ​ដោះស្រាយ​ជាមួយ​ម្នាក់​នោះ​ជា​លើក​ទីពីរ​ ដោយ​មាន​អ្នកជឿ​ម្នាក់​ផ្សេងទៀត​ចូលរួម។ ប្រសិនបើ​ម្នាក់​នោះ​នៅតែ​មិន​ប្រែចិត្ត​ទៀត​នោះ ចូរ​យើង​ធ្វើ​ដូច​ដែល​ព្រះយេស៊ូវ​​បាន​មាន​បន្ទូល «នោះ​ត្រូវ​តែ​ប្រាប់​ដល់​ពួកជំនុំ ហើយ​បើ​មិន​ព្រម​ស្ដាប់​ពួកជំនុំ​ទៀត នោះ​ត្រូវ​តែ​រាប់​គាត់​ទុក​ជា​អ្នក​ក្រៅ​សាសន៍ ឬ​ជា​អ្នក​យក​ពន្ធ​វិញ» (ម៉ាថាយ ១៨:១៧)។ នេះ​មាន​ន័យ​ថា យើង​ត្រូវ​រាប់​ម្នាក់​នោះ​ទុក​ដូច​ជា​អ្នក​មិន​ជឿ។

តើ​លោកអ្នក​គួរ​តែ​ថ្កោលទោស​អ្នកដទៃ​ឬ?

សព្វថ្ងៃ​នេះ គំនិត​ទាំងមូល​ស្តី​ពី​ការ​ដាក់​វិន័យ​ពួកជំនុំ​មិន​ពីរោះ​ស្ដាប់​ទេ​ចំពោះ​មនុស្ស​ជា​ច្រើន។ លើស​ពី​នោះ​ទៀត តើ​ព្រះយេស៊ូវ​មិន​បាន​ហាម​សិស្ស​របស់​ទ្រង់​មិន​ឲ្យ​ថ្កោលទោស​អ្នក​ដទៃ​ទៀត​ទេ​ឬអី? ហើយ​តើ​ការ​ដាក់​វិន័យ​លើ​នរណា​ម្នាក់​នោះ​មិនមែន​ជា​ការ​ថ្កោលទោស​ទេ​ឬ​អី? ក្នុង​ន័យ​ម្យ៉ាង ទ្រង់​ពិតជា​បាន​ហាម​ពួកគេ​ដោយ​ទ្រង់​មាន​បន្ទូល​ថា «កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ ដើម្បី​មិន​ឲ្យ​មាន​គេ​ថ្កោល​អ្នក​វិញ» (ម៉ាថាយ ៧:១)។ ប៉ុន្តែ នៅក្នុង​កណ្ឌ​ដំណឹងល្អ​ដដែល​នោះ ព្រះយេស៊ូវ​ក៏​បាន​បង្រៀន​ពួកជំនុំ​ឲ្យ​កែ​តម្រង់​សមាជិក​របស់​ពួកគេ​ចំពោះ​អំពើបាប​ដែល​ពួកគេ​បាន​ធ្វើ​ជា​សាធារណៈ​ថែមទៀត​ផង (ម៉ាថាយ ១៨:១៥-១៧; លូកា ១៧:៣)។ ដូច្នេះ អត្ថន័យ​នៃ​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​ដែល​ថា «កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ» គឺ​មិនមែន​មាន​ន័យ​ថា ទ្រង់​ហាមឃាត់​យើង​មិន​ឲ្យ​ថ្កោលទោស​ក្នុង​គ្រប់​ទាំង​រឿង​នោះ​ទេ។

ពិតប្រាកដ​ណាស់​ព្រះជាម្ចាស់​ គឺជា​មេ​ជំនុំជម្រះ។ ទ្រង់​ជំនុំ​ជម្រះ​លោក​ អ័ដាម​ នៅ​ក្នុង​សួន​អេដែន។ នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ទ្រង់​ជំនុំជម្រះ​ទាំង​ជាតិសាសន៍ និង​ទាំង​បុគ្គល​ម្នាក់ៗ។ នៅក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី ទ្រង់​មាន​បន្ទូល​សន្យា​ថា​ ទ្រង់​នឹង​ជំនុំជម្រះ​គ្រីស្ទបរិស័ទ​ទាំងអស់​ទៅតាម​ទង្វើ​របស់​ពួកគេ (សូម​មើល​ ១កូរិនថូស ៣)។ ហើយ​ទ្រង់​មាន​បន្ទូល​សន្យា​ថា នៅ​ថ្ងៃ​ចុងក្រោយ​ ទ្រង់​នឹង​បើកសម្ដែង​រូប​អង្គ​ទ្រង់​ជា​មេ​ជំនុំជម្រះ​ចុងក្រោយ​លើ​មនុស្សជាតិ​ទាំងអស់ (សូម​មើល វិវរណៈ ២០)។

នៅក្នុង​ការ​ជំនុំជម្រះ​របស់​ព្រះជាម្ចាស់ ទ្រង់​មិន​ដែល​ជំនុំជម្រះ​ខុស​នោះ​ទេ។ ទ្រង់​សុចរិត​ជា​និច្ច (សូម​មើល យ៉ូស្វេ ៧; ម៉ាថាយ ២៣; លូកា ២; កិច្ចការ​ ៥; រ៉ូម ៩)។ ពេលខ្លះ​ គោលបំណង​របស់​ទ្រង់​ក្នុង​ការ​ជំនុំជម្រះ គឺ​ដើម្បី​កែ​តម្រង់ ជួយ​សង្គ្រោះ និង​ស្ដារ​ឡើងវិញ ដូច​ដែល​ទ្រង់​ដាក់​វិន័យ​កូន​របស់​ទ្រង់។ ពេលខ្លះ គោលបំណង​របស់​ទ្រង់​ក្នុង​ការ​ជំនុំជម្រះ គឺ​ដើម្បី​សងសឹក ហើយ​ការ​ជំនុំជម្រះ​របស់​ទ្រង់​ គឺ​ជា​ការ​សម្រេច​ចុងក្រោយ​ដោយ​មិន​អាច​តវ៉ា​បាន ដូច​ពេល​ដែល​ទ្រង់​ចាក់​សេចក្តី​ក្រោធ​របស់​ទ្រង់​ទៅ​លើ​ពួក​មាន​បាប​ (សូម​មើល​ ហេព្រើរ ១២)។ ទោះ​បី​ក្នុង​គោលបំណង​ណា​ក៏​ដោយ ការ​ជំនុំជម្រះ​របស់​ព្រះជាម្ចាស់​គឺ​យុត្តិធម៌​ជានិច្ច។

នា​ពេល​បច្ចុប្បន្ន​នេះ មនុស្ស​ខ្លះ​ប្រហែល​ជា​ភ្ញាក់ផ្អើល នៅពេល​ដែលគេ​ដឹង​ថា ពេលខ្លះ​ព្រះជាម្ចាស់​ប្រើ​មនុស្ស​ដើម្បី​ជំនុំជម្រះ​ជំនួស​ទ្រង់។ ព្រះជាម្ចាស់​បាន​ផ្ដល់​តួនាទី​ដល់​រដ្ឋ​អំណាច​ដើម្បី​ជំនុំជម្រះ​ប្រជាពលរដ្ឋ​របស់​ខ្លួន (សូម​មើល​ រ៉ូម ១៣)។ ទ្រង់​បង្គាប់​ឲ្យ​គ្រីស្ទបរិស័ទ​ជំនុំជម្រះ​ខ្លួនឯង (សូម​មើល ១កូរិនថូស ១១:២៨; ហេព្រើរ ៤; ២ពេត្រុស ១:៥)។ ពេលខ្លះ ព្រះជាម្ចាស់​ថែម​ទាំង​បង្គាប់​ឲ្យ​ពួកជំនុំ​ ជំនុំជម្រះ​សមាជិក​នៅ​ក្នុង​ពួកជំនុំ​ទៀត​ផង ទោះ​បី​ជា​ការ​ជំនុំ​ជម្រះ​នោះ​មិនមែន​ជា​ការ​សម្រេច​ចុងក្រោយ​ដែល​មិន​អាច​តវ៉ា​បាន​ដូចជា​ទ្រង់​ជំនុំជម្រះ​ក៏​ដោយ។

នៅ​ក្នុង​កណ្ឌ​ម៉ាថាយ​ជំពូក១៨ កណ្ឌ​១កូរិនថូស​ជំពូក​៥ និង​ជំពូក​៦ និង​នៅ​ក្នុង​អត្ថបទ​គម្ពីរ​ផ្សេង​ទៀត ព្រះជាម្ចាស់​បាន​បង្រៀន​ពួកជំនុំ​ឲ្យ​ជំនុំជម្រះ​សមាជិក​របស់​ខ្លួន។ ការ​ជំនុំជម្រះ​នេះ​ គឺ​ក្នុង​គោលបំណង​ជួយ​សង្គ្រោះ មិនមែន​ក្នុង​គោលបំណង​សងសឹក​នោះ​ទេ ( រ៉ូម ១២:១៩)។ លោក ប៉ុល បាន​បង្គាប់​ដល់​ពួកជំនុំ​នៅ​ទីក្រុង​កូរិនថូស​ឲ្យ​ប្រគល់​មនុស្ស​កំផិត​ទៅ​អារក្ស​សាតាំង «ឲ្យ​បំផ្លាញ​និស្ស័យ​សាច់​ឈាម​គេ ប្រយោជន៍​ឲ្យ​ព្រលឹង​វិញ្ញាណ​បាន​សង្គ្រោះ» (១កូរិនថូស ៥:៥)។ លោក​ក៏​បាន​បង្គាប់​ដូច​គ្នា​នេះ​ដែរ​ ដល់​លោក ​ធីម៉ូថេ​ ទាក់ទង​ទៅ​នឹង​ពួក​គ្រូ​ក្លែងក្លាយ​នៅ​ក្នុង​ទីក្រុង​អេភេសូរ (១ធីម៉ូថេ ១:២០)។

តើ​ត្រូវ​បិទ​ទ្វារ ឬ​បើក?

យើង​មិន​គួរ​ភ្ញាក់ផ្អើល​ទេ​ដែល​ព្រះជាម្ចាស់​ត្រាស់ហៅ​យើង​ឲ្យ​ថ្កោលទោស ឬ​ដាក់​វិន័យ​ពួកជំនុំ​ក្នុង​រូបភាព​ណាមួយ​នោះ។ ប្រសិនបើ​ពួកជំនុំ​រំពឹង​ចង់​បង្រៀន​ពី​របៀប​ដែល​គ្រីស្ទបរិស័ទ​គួរ​ធ្វើ នោះ​ពួកគេ​ត្រូវតែ​បង្រៀន​ពី​របៀប​ដែល​គ្រីស្ទបរិស័ទ​មិន​គួរ​ធ្វើ​ ដែរ។ ហើយ​អ្វី​ដែល​ខ្ញុំ​បារម្ភ​នោះ​គឺថា របៀប​ដែល​ពួកជំនុំ​ជា​ច្រើន​ដែល​បាន​អនុវត្ត​ទៅ​លើ​ការ​បង្កើត​សិស្ស​គឺ​ប្រៀប​ដូចជា​ការ​ចាក់​ទឹក​ទៅ​ក្នុង​ធុង​ដែល​ធ្លាយ​អញ្ចឹង ដោយសារ​ពួកគេ​ផ្ដោត​ការ​យកចិត្តទុកដាក់​ទាំងស្រុង​ ទៅលើ​តែ​អ្វី​ដែល​ពួកគេ​ចាក់​ចូល ប៉ុន្តែ​ ពួកគេ​មិន​បាន​គិត​ដល់​របៀប​ដែល​សិស្ស​ទទួល ហើយនិង​រក្សា​វា​នោះ​ទេ។ ដូច្នេះ​ហើយ​បានជា​នៅ​បច្ចុប្បន្ន​នេះ មាន​ពួកជំនុំ​ជា​ច្រើន​លែង​ដាក់​វិន័យ​លើ​សមាជិក។

នា​ពេល​ថ្មីៗ​នេះ អ្នកនិពន្ធ​ម្នាក់​ដែល​សរសេរ​សៀវភៅ​ទាក់ទង​ទៅ​នឹង​ការ​រីកចម្រើន​នៃ​ពួកជំនុំ លោក​បាន​ធ្វើការ​សន្និដ្ឋាន​ពី​​យុទ្ធសាស្ត្រ​របស់​លោក​ លើ​ការ​ធ្វើ​ឲ្យ​ពួកជំនុំ​រីកចម្រើន​ដោយ​និយាយ​ថា «ចូរ​បើក​ទ្វារ​មុខ ហើយ​បិទ​ទ្វារ​ក្រោយ»។ និយាយ​ដូច្នេះ លោក​ចង់​មាន​ន័យ​ថា​ ពួកជំនុំ​គួរតែ​បង្កើត​ឲ្យ​មាន​ភាពរាក់ទាក់​ចំពោះ​អ្នក​មិន​ជឿ ហើយ​ត្រូវ​មាន​ផែនការ​ថែបំប៉ន​អ្នក​ទាំងនោះ​ឲ្យ​បាន​ល្អ។ ទាំងនេះ​គឺ​ជា​គោលដៅ​ល្អ ហើយ​សព្វថ្ងៃ​នេះ ខ្ញុំ​ជឿ​ថា​ គ្រូគង្វាល និង​ពួកជំនុំ​ភាគ​ច្រើន​ប្រាថ្នា​ចង់​ធ្វើ​ដូចនេះ​រួច​ទៅ​ហើយ។ ប៉ុន្តែ​ពួកជំនុំ​ខ្លះ​ផ្ដោត​ទៅ​លើ​ការ​នេះ​ខ្លាំង​ពេក។ ដូច្នេះ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ផ្តល់​ជូន​នូវ​អ្វី​ដែល​ខ្ញុំ​ជឿ​ថា វា​ជា​យុទ្ធសាស្ត្រ​តាម​ព្រះគម្ពីរ៖ យាម​ទ្វារ​មុខ​ឲ្យ​បាន​ហ្មត់ចត់ ហើយ​បើក​ចំហ​ទ្វារ​ក្រោយ ។ នេះ​មាន​ន័យ​ថា យើង​ត្រូវ​ធ្វើ​ឲ្យ​អ្នក​ខាងក្រៅ​ពិបាក​ចូល​ជា​សមាជិក​ពួកជំនុំ​យើង ហើយ​ងាយ​នឹង​បណ្ដេញ​ពួកគេ​ចេញ​វិញ។ ចូរ​ចងចាំ​ថា ផ្លូវ​ដែល​នាំ​ទៅ​រក​ជីវិត គឺ​តូច​ចង្អៀត មិន​មែន​ធំ​ទូលាយ​នោះ​ទេ។ ខ្ញុំ​ជឿ​ថា ការ​ធ្វើ​ដូចនេះ​នឹង​ជួយ​ឲ្យ​ពួកជំនុំ​ស្ដារ​ឡើង​វិញ​ នូវ​លក្ខណៈ​ខុស​ប្លែក​របស់​ពួកគេ​ពី​លោកីយ៍​ដូចដែល​ព្រះជាម្ចាស់​បាន​កំណត់​មក។

ដើម្បី​ចាប់ផ្ដើម​ដាក់​វិន័យ​ពួកជំនុំ យើង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ទទួល​សមាជិក​ថ្មី​ជាងមុន។ ពួកជំនុំ​គួរ​តែ​សួរ​គ្រប់​ទាំង​បុគ្គល​ដែល​ចង់​ធ្វើ​ជា​សមាជិក​ថា តើ​អ្វី​ទៅ​ជា​ដំណឹងល្អ ហើយ​សូម​ឲ្យ​ម្នាក់ៗ​ផ្ដល់​នូវ​ភស្តុតាង​មួយ​ចំនួន​ ពី​ការ​យល់​នូវ​លក្ខណៈ​នៃ​ជីវិត​ដែល​ថ្វាយ​សិរីល្អ​ដល់​ព្រះគ្រីស្ទ។ អ្នក​ដែល​ចង់​ធ្វើ​ជា​សមាជិក​នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​នៅពេល​ដែល​ពួកគេ​ដឹង​ថា ពួកជំនុំ​រំពឹង​ចង់បាន​អ្វី​ពី​ពួកគេ និង​ដឹង​ពី​សារៈសំខាន់​នៃ​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ពួកជំនុំ។ ប្រសិនបើ​ពួកជំនុំ​កាន់តែ​មាន​ការ​ប្រុងប្រយ័ត្ន​ទៅលើ​ការ​ទទួលស្គាល់​ ក៏​ដូច​ជា​ការ​ទទួល​នូវ​សមាជិក​ថ្មីៗ នោះ​ពួកគេ​នឹង​មិន​នឿយហត់​ក្នុង​ការ​ដាក់​វិន័យ​ពួកជំនុំ ដើម្បី​កែ​តម្រង់​ពួកគេ​ច្រើនលើក​ច្រើនសា​នៅពេល​ក្រោយ​នោះ​ទេ។

ការ​ដាក់​វិន័យ​ពួកជំនុំ​ឲ្យ​សមហេតុ​សមផល

ចូរ​ប្រយ័ត្ន! ពួកជំនុំ​អាច​ដាក់​វិន័យ​សមាជិក​របស់​ខ្លួន​ដោយ​មិន​សមហេតុ​សមផល។ ព្រះគម្ពីរ​សញ្ញាថ្មី​បង្រៀន​យើង​មិន​ឲ្យ​ថ្កោល ទោស​ចិត្តគំនិត​របស់​អ្នក​ដទៃ (សូម​មើល​ ម៉ាថាយ ៧:១) ឬ​ក៏​ថ្កោលទោស​គ្នា​ទៅវិញទៅមក​អំពី​កំហុស​តូចតាច (សូម​មើល​ រ៉ូម ១៤-១៥)។ នៅ​ក្នុង​ការ​ដាក់​វិន័យ​ពួកជំនុំ យើង​មិន​ត្រូវ​មាន​ចេតនា​ចង់​សងសឹក​នោះ​ទេ ប៉ុន្តែ​ចេតនា​របស់​យើង​ត្រូវ​ពេញ​ដោយ​សេចក្តី​ស្រឡាញ់ ដោយ​បង្ហាញ​នូវ «ចិត្ត​មេត្តាករុណា​ដល់​មនុស្ស​ឯ​ទៀត ទាំង​ភ័យ​ខ្លាច» (យ៉ូដាស ១:២៣ គកស)។ ជា​ការ​ពិត​ណាស់ ការ​ដាក់​វិន័យ​ពួកជំនុំ​ពោរពេញ​ដោយ​បញ្ហា​ដែល​យើង​ត្រូវ​ដោះស្រាយ​ដោយ​ប្រាជ្ញា និង​ដោយ​យកចិត្ត​ទុកដាក់។ ប៉ុន្តែ យើង​ត្រូវ​ចងចាំ​ថា​ ជីវិត​ជា​គ្រីស្ទបរិស័ទ​មិន​ងាយស្រួល​នោះ​ទេ ហើយ​យើង​ងាយ​នឹង​ធ្វើ​ខុស​ណាស់។ ប៉ុន្តែ យើង​មិន​គួរ​យក​លេស​ដោយ​មិន​ព្រម​អនុវត្ត​ការ​ណា​មួយ ដោយសារ​ការ​លំបាក​របស់​យើង​នោះ​ឡើយ។

ពួកជំនុំ​តាម​តំបន់​នីមួយៗ​ មាន​ទំនួល​ខុសត្រូវ ​ក្នុង​ការ​ថ្កោលទោស​ជីវិត​រស់នៅ​របស់​អ្នក​ដឹកនាំ​ខ្លួន និង​សេចក្តី​បង្រៀន​របស់​ពួកគាត់ ហើយ​ក៏​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការ​ថ្កោលទោស​ជីវិតរស់នៅ​របស់​សមាជិក​ពួកជំនុំ​ផង​ដែរ ជាពិសេស នៅពេល​ដែល​អ្នកដឹកនាំ ឬ​សមាជិក​ពួកជំនុំ​ធ្វើ​ឲ្យ​ទីបន្ទាល់​របស់​ពួកជំនុំ​ខូច​ឈ្មោះ (សូម​មើល កិច្ចការ​ ១៧; ១កូរិនថូស ៥; ១ធីម៉ូថេ ៣; យ៉ាកុប ៣:១; ២ពេត្រុស ៣; ២យ៉ូហាន)។

ការ​ដាក់​វិន័យ​ពួកជំនុំ​តាម​ព្រះគម្ពីរ​ គឺ​ជា​ការ​ស្ដាប់បង្គាប់​ដ៏​សាមញ្ញ​ដល់​ព្រះជាម្ចាស់ ហើយ​ជា​ការ​ទទួល​ស្គាល់​ថា យើង​ត្រូវការ​ជំនួយ​ពី​ទ្រង់។ សូម​លោកអ្នក​ស្រមៃ​មើល​ តើ​មាន​អ្វី​កើតឡើង​ ប្រសិនបើ​ព្រះជាម្ចាស់​មិន​ដែល​ប្រើ​មនុស្ស​ណា​ម្នាក់​ក្នុង​ចំណោម​យើង ដើម្បី​នឹង​អនុម័ត​ការ​ជំនុំជម្រះ​របស់​ទ្រង់​ទេ​នោះ? តើ​មាន​អ្វី​កើតឡើង​ ប្រសិនបើ​ឪពុក​ម្តាយ​មិន​ដែល​ដាក់​វិន័យ​កូនៗ​របស់​ខ្លួន​ទេ​នោះ? តើ​មាន​អ្វី​កើតឡើង ប្រសិនបើ​រដ្ឋអំណាច មិន​ដែល​ដាក់​ទោស​ដល់ជន​ល្មើស​ច្បាប់​សោះ​នោះ? ចុះ! តើ​មាន​អ្វី​កើតឡើង​ ប្រសិនបើ​ពួកជំនុំ​មិន​ដែល​ទូន្មាន​ប្រៀន​ប្រដៅ​សមាជិក​របស់​ខ្លួន​ទេ​នោះ? បើ​ដូច្នោះ​មែន នៅពេល​ដែល​យើង​ឈរ​នៅ​ទី​ជំនុំជម្រះ​ចុងក្រោយ យើង​ទាំងអស់​គ្នា​នឹង​ទទួល​ការ​ជំនុំជម្រះ​ដ៏​ខ្លាំងក្លា​ពី​ព្រះជាម្ចាស់ ដោយសារ​យើង​មិន​ដែល​ទទួល​ការ​ជំនុំជម្រះ​ដ៏​តិចតួច​ណាមួយ​ពី​បងប្អូន​យើង​នៅ​លើ​ផែនដី​នេះ​ទាល់តែ​សោះ។ នេះ​ហើយ​ជា​ក្ដី​មេត្តា​ដ៏​ធំធេង​របស់​ព្រះជាម្ចាស់​មាន​​​ចំពោះ​យើង ​គឺ​ថា​ទ្រង់​បង្រៀន​យើង​ពី​ការ​ជំនុំជម្រះ​នៅ​ផែនដី​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​ការ​ជំនុំជម្រះ​នេះ​ឆ្លុះបញ្ចាំង​ពី​ការ​ជំនុំជម្រះ​នៅ​ថ្ងៃ​ចុងក្រោយ​ដែល​មិន​អាច​កែប្រែ​បាន (សូម​មើល លូកា ១២:៤-៥)។

ខាងក្រោម​នេះ​ជា​ហេតុផល​វិជ្ជមាន​ប្រាំ​យ៉ាង​ក្នុង​ការ​ដាក់​វិន័យ​ពួកជំនុំ​ ក្នុង​គោលបំណង​កែ​តម្រង់​ពួកគេ។ ការ​ដាក់​វិន័យ​បែប​នេះ​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់៖

១) ដល់​ការ​ស្ដារ​បុគ្គល​ដែល​ទទួល​ការ​ដាក់​វិន័យ​ឡើង​វិញ

២) ចំពោះ​គ្រីស្ទបរិស័ទ​ដទៃ​ទៀត ដោយសារ​ពួកគេ​នឹង​មើល​ឃើញ​ពី​ផល​អវិជ្ជមាន​នៃ​អំពើ​បាប

៣) ដល់​សុខភាព​នៃ​ពួកជំនុំ​ទាំងមូល

៤) ចំពោះ​អ្នក​មិន​ជឿ​នៅ​ក្នុង​សហគមន៍​យើង ដោយសារ​ពួកជំនុំ​បាន​រក្សា​ទីបន្ទាល់​យ៉ាង​ល្អ

៥) ចំពោះ​សិរីល្អ​នៃ​ព្រះជាម្ចាស់។ ភាព​បរិសុទ្ធ​ខាងឯវិញ្ញាណ​របស់​យើង​គួរ​តែ​ឆ្លុះបញ្ចាំង​ពី​ភាព​បរិសុទ្ធ​របស់​ទ្រង់

 

ការ​ដែល​ក្លាយ​ជា​សមាជិក​ម្នាក់​នៅ​ក្នុង​ពួកជំនុំ គួរ​តែ​មាន​តម្លៃ​ចំពោះ​យើង មិនមែន​សម្រាប់​សេចក្តី​អំនួត​របស់​យើង​នោះ​ទេ ប៉ុន្តែ​សម្រាប់​កិត្តិនាម​ព្រះជាម្ចាស់​វិញ។ ការ​ដាក់​វិន័យ​ពួកជំនុំ​តាម​ព្រះគម្ពីរ​ គឺជា​សញ្ញាសម្គាល់​ដ៏​សំខាន់​មួយ​នៃ​ពួកជំនុំ​ដែល​មាន​សុខភាពល្អ។