ជំពូក​១៣

សញ្ញាសម្គាល់​ដ៏​សំខាន់ៗ​នៃ​ពួកជំនុំ​ដែល​មាន​សុខភាពល្អ ៖

ការ​ដឹកនាំ​ពួកជំនុំ​តាម​ព្រះគម្ពីរ

តើ​ពួកជំនុំ​ដែល​មាន​សុខភាពល្អ​គួរ​មាន​ការ​ដឹកនាំ​បែប​ណា? តើ​ពួកជំនុំ​មាន​ចំណែក​ក្នុង​ការ​ដឹកនាំ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា គ្រូគង្វាល​អធិប្បាយ​ពី​ដំណឹងល្អ​បាន​ត្រឹមត្រូវ​ដែរ​ឬ​ទេ? ពិត​ប្រាកដ​ណាស់ ពួកជំនុំ​មាន​ចំណែក (កាឡាទី ១)។ តើ​អ្នកបម្រើ​មាន​ចំណែក​ក្នុង​ការ​ដឹកនាំ​ជា​គំរូ​ក្នុង​ការ​ធ្វើ​ព័ន្ធកិច្ច​ពួកជំនុំ​ដែរ​ឬ​ទេ? ជា​ការ​ពិត​ណាស់ (កិច្ចការ ៦)។ តើ​ការ​ដឹកនាំ​ពួកជំនុំ​តាម​ព្រះគម្ពីរ​តម្រូវ​ឲ្យ​មាន​គ្រូគង្វាល​ដែល​អធិប្បាយ​ព្រះបន្ទូល​យ៉ាង​ស្មោះត្រង់​ដែរ​ឬ​ទេ? ជា​ការ​ពិត​ណាស់ (២ធីម៉ូថេ ៤)។ ប៉ុន្តែ ព្រះគម្ពីរ​ក៏​បាន​លើកឡើង​នូវ​អំណោយទាន​ផ្នែក​ដឹកនាំ​មួយ​ទៀត​ដល់​ពួកជំនុំ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ក្លាយ​ជា​ពួកជំនុំ​ដែល​មាន​សុខភាព​ល្អ។ អំណោយទាន​នោះ​គឺ​ មុខងារ​ជា​ចាស់ទុំ។

ប្រាកដ​ណាស់ មាន​ចំណុច​សំខាន់ៗ​ជា​ច្រើន​ដែល​យើង​អាច​លើក​យក​មក​និយាយ​អំពី​ការ​ដឹកនាំ​ពួកជំនុំ​ដូច​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ព្រះគម្ពីរ ប៉ុន្តែ​ខ្ញុំ​ចង់​ផ្ដោត​សំខាន់​ទៅលើ​មុខងារ​ជា​ចាស់ទុំ ដ្បិត​ខ្ញុំ​គិត​ថា មាន​ពួកជំនុំ​ជា​ច្រើន​មិន​បាន​ដឹង​ថា ពួកគេ​កំពុងតែ​បាត់​បង់​អ្វី​ខ្លះ​នោះ​ទេ ដោយសារ​តែ​ពួកគេ​ពុំ​មាន​ចាស់ទុំ។ ក្នុង​នាម​ខ្ញុំ​ជា​គ្រូគង្វាល​ម្នាក់ ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​ព្រះជាម្ចាស់​ត្រាស់ហៅ​មនុស្ស​ដែល​មាន​អំណោយទាន​ខាងឯវិញ្ញាណ និង​ខាង​ឯ​កិច្ចការ​ជា​គ្រូគង្វាល​ឲ្យ​ធ្វើ​ជា​ពួក​ចាស់ទុំ​នៅក្នុង​ពួកជំនុំ។ សូម​ព្រះជាម្ចាស់​តែងតាំង​មនុស្ស​បែបហ្នឹង​ឲ្យ​បាន​ច្រើន​នាក់!

ប្រសិនបើ​ព្រះជាម្ចាស់​ពិតជា​បាន​ប្រទាន​អំណោយទាន​ដល់​បុគ្គល​ណា​ម្នាក់​នៅក្នុង​ពួកជំនុំ​ដែល​មាន​អត្តចរិត​គំរូ មាន​ប្រាជ្ញា​បែប​ជា​គ្រូគង្វាល និង​មាន​អំណោយទាន​ខាង​ការ​បង្រៀន ហើយ​ប្រសិនបើ​បន្ទាប់​ពី​ពួកជំនុំ​អធិស្ឋាន​ឲ្យ​គាត់​រួចហើយ ពួកគេ​ទទួល​ស្គាល់​លក្ខណ​សម្បត្តិ​ទាំង​នេះ នោះ​ពួកគេ​គួរតែ​ញែក​ម្នាក់​នោះ​ឲ្យ​ធ្វើ​ជា​អ្នក​ចាស់ទុំ។

តើ​ចាស់ទុំ​មាន​លក្ខណៈ​បែប​ណា?

នៅ​ក្នុង​កណ្ឌ​កិច្ចការ​ជំពូក៦ ពួកជំនុំ​ដ៏​ក្មេងខ្ចី​នៅ​ទីក្រុង​យេរូសាឡឹម​បាន​ចាប់ផ្ដើម​ឈ្លោះ​គ្នា​ពី​របៀប​ដែល​គេ​ចែក​អាហារ​ដល់​ស្ត្រី​មេម៉ាយ។ ដូច្នេះ​ហើយ​ ពួក​សាវ័ក​បាន​កោះហៅ​ពួកជំនុំ​ឲ្យ​ជ្រើសរើស​មនុស្ស​មួយ​ចំនួន​ដែល​អាច​ត្រួតមើល​ការ​ចែក​អាហារ​នេះ​ឲ្យ​បាន​ប្រសើរ​ជាង។ ពួក​សាវ័ក​បាន​ផ្ទេរ​កិច្ចការ​នេះ​ដល់​អ្នក​ផ្សេង​ទៀត ដើម្បី​ឲ្យ​ពួកគេ​អាច «ខំ​ព្យាយាម​ក្នុង​សេចក្ដី​អធិស្ឋាន និង​ការផ្សាយ​ព្រះបន្ទូល​វិញ» (កិច្ចការ ៦:៤)។

សរុប​សេចក្តី​មក ការ​ផ្ទេរ​ការងារ​បែប​នេះ​បាន​ក្លាយជា​ការ​បែងចែក​ការងារ​រវាង​ពួក​ចាស់ទុំ និង​អ្នក​ជំនួយ​ដែល​ពួកជំនុំ​ក្រោយៗ​មក​ទៀត​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី​បាន​អនុវត្ត​តាម។ ពួក​ចាស់ទុំ​គឺ​ជា​អ្នក​ដែល​ខំព្យាយាម​ក្នុង​សេចក្ដី​អធិស្ឋាន និង​ការ​ផ្សាយ​ព្រះបន្ទូល​ដល់​ពួកជំនុំ ខណៈ​ដែល​អ្នក​ជំនួយ​មើល​ការ​ខុស​ត្រូវ​លើ​ការរៀបចំ​កម្មវិធី​ផ្សេងៗ​ក្នុង​ពួកជំនុំ។

ពួកជំនុំ​រាល់គ្នា​អើយ! តើ​អ្នក​រាល់គ្នា​ចាប់​ផ្ដើម​មើលឃើញ​ពី​អត្ថប្រយោជន៍​នៃ​អំណោយទាន​ដ៏​អស្ចារ្យ​នេះ​ហើយ​ឬ​នៅ? និយាយ​ឲ្យ​ចំ​ទៅ ព្រះជាម្ចាស់​កំពុង​មាន​បន្ទូល​ថា «យើង​នឹង​ជ្រើសរើស​យក​មនុស្ស​មួយ​ចំនួន​ពី​ក្នុង​ចំណោម​ឯង​រាល់គ្នា ហើយ​យើង​នឹង​ញែក​គេ​ទុក​ដើម្បី​ឲ្យ​គេ​អធិស្ឋាន​សម្រាប់​ឯង​រាល់គ្នា និង​ដើម្បី​បង្រៀន​ឯង​រាល់គ្នា​អំពី​យើង»។

ពួក​ចាស់ទុំ និង​ពួកជំនុំ

គ្រប់​ទាំង​ពួកជំនុំ​បាន​ជ្រើសរើស​បុគ្គល​មួយ​ចំនួន​ទុក ដើម្បី​បំពេញ​មុខងារ​ជា​ពួក​ចាស់ទុំ​រួច​ទៅ​ហើយ ទោះ​បើ​គេ​ហៅ​ងារ​បុគ្គល​ទាំងនោះ​ផ្សេងៗ​គ្នា អ្នក​ជំនួយ ឬ​អ្នក​ដឹកនាំ​ព័ន្ធកិច្ច​ក៏​ដោយ។ ងារ​សម្រាប់​តំណែង​នេះ​មាន​បី​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី ជា​ងារ​ដែល​គេ​អាច​ប្រើ​ផ្លាស់​ប្ដូរ​គ្នា​បាន។ ងារ​ទាំង​នេះ​ក្នុង​ភាសា​ក្រិក​គឺ ប្រស់ប៊ូថេរស៍ (អ្នក​ត្រួតត្រា) ផូយមិន (ពួក​ចាស់ទុំ) និង​​អេភីសកាផស់ (គ្រូគង្វាល)។ ងារ​ទាំង​បី​នេះ គឺ​ប្រើ​សំដៅ​លើ​មុខងារ​តែ​មួយ (កិច្ចការ ២០:១៧, ២៨)។

យោង​តាម​ប្រវត្តិសាស្ត្រ​ពួកជំនុំ យើង​ឃើញ​ថា មាន​ពួកជំនុំ​ជា​ច្រើន​និយម​យក​ពួក​ចាស់​ទុំ​ជា​អ្នកដឹកនាំ។ និកាយ ខនហ្គ្រើ-​ហ្គេហ្សិនណាលីស្ទ៍​ (Congregationalists) ដើមដំបូង​នៅ​សតវត្ស​ទី​១៦ បាន​បង្រៀន​ថា​ ចាស់​ទុំ​ គឺ​ជា​តំណែង​មួយ​សម្រាប់​ពួកជំនុំ​សញ្ញាថ្មី។ នៅ​សតវត្ស​ទី​១៨ និង​១៩ យើង​ក៏​ឃើញ​មាន​ពួក​ចាស់ទុំ​នៅ​ក្នុង​និកាយ បាទីស្ទ (Baptist) ជា​អ្នក​ដឹកនាំ​នៅ​ក្នុង​ប្រទេស​អាមេរិក​ផង​ដែរ។ តាម​ពិត នាយក​ដំបូង​នៃ​និកាយ សៅ​ឌើន​បាទីស្ទ (Southern Baptist Convention) លោក ដាប់បលយូ. ប៊ី. ចន​សុន​ (W. B. Johnson) បាន​សរសេរ​កិច្ចព្រមព្រៀង​មួយ​ក្នុង​ឆ្នាំ​១៨៤៦ ដោយ​ស្នើសុំ​ឲ្យ​ពួកជំនុំ​បាទីស្ទ (Baptist) ​ទាំងអស់​បង្កើត​ឲ្យ​មាន​រចនា​សម្ព័ន្ធ​ចាស់ទុំ​ ដ្បិត​ការអនុវត្ត​បែប​នេះ​ គឺ​ត្រឹម​ត្រូវ​តាម​ព្រះគម្ពីរ។

និកាយ បាទីស្ទ (Baptist) និងនិកាយ ប្រេសប៊ីធើរាន (Presbyterians) បាន​ខ្វែង​គំនិត​គ្នា​លើ​ចំណុច​ពីរ​ទាក់​ទង​ទៅ​នឹង​ពួក​ចាស់ទុំ។ ហើយ​ខ្ញុំ​គិត​ថា យើង​ទាំងអស់​គ្នា​គួរ​យល់​ពី​ការ​ខ្វែង​គំនិត​គ្នា​នេះ​ ទោះបើ​យើង​មិនមែន​ជា​ពួក​បាទីស្ទ (Baptist) ឬ​ពួក​ប្រេសប៊ីធើរាន (Presbyterian)។

ទីមួយ​និកាយ បាទីស្ទ (Baptists) ​គឺ​ជា​ពួក​ដែល​យក​ពួកជំនុំ​ជា​ធំ។ ពួកគេ​ជឿ​ថា ព្រះគម្ពីរ​បង្រៀន​ថា ការ​សម្រេច​ចិត្ត​ចុងក្រោយ​លើ​អ្វីៗ​ទាំង​អស់ គឺ​អាស្រ័យ​លើ​ពួកជំនុំ​ទាំង​មូល​ មិនមែន​អាស្រ័យ​លើ​ពួក​ចាស់ទុំ​ក្នុង​ពួកជំនុំ​ ឬ​អ្នក​ផ្សេង​ដែល​មិន​នៅ​ក្នុង​ពួកជំនុំ​នោះ​ទេ។ នៅពេល​ដែល​ព្រះយេស៊ូវ​កំពុង​តែ​បង្រៀន​សិស្ស​របស់​ទ្រង់​អំពី​ការ​ដោះស្រាយ​ជាមួយនឹង​បងប្អូន​ដែល​ប្រព្រឹត្ត​បាប ទ្រង់​បាន​មាន​បន្ទូល​ថា​ ពួកជំនុំ​ជា​សាលាឧទ្ធរណ៍​កាត់​ក្តី​ចុងក្រោយ គឺ​មិនមែន​ពួក​ចាស់ទុំ​ នាយក​សង្ឃ ឬ​ក្រុមប្រឹក្សាភិបាល​ណា​មួយ​ដែល​ត្រូវ​កាត់ក្តី​ចុងក្រោយ​នោះ​ទេ (ម៉ាថាយ ១៨:១៧)។ នៅពេល​ដែល​ពួក​សាវ័ក​ស្វែងរក​មនុស្ស​មួយ​ចំនួន​ ដើម្បី​ឲ្យ​ធ្វើ​ជា​អ្នក​ជំនួយ នោះ​ពួកគេ​បាន​ផ្តល់​ការ​សម្រេចចិត្ត​ដល់​ពួកជំនុំ ដូច​ដែល​យើង​ទើប​តែ​បាន​ពិភាក្សា​ខាង​លើ។

ដូចគ្នានេះដែរ នៅក្នុង​សំបុត្រ​របស់​លោក ប៉ុល គាត់​ក៏​បាន​សរសេរ​ថា ពួកជំនុំ​ជា​អ្នក​សម្រេចចិត្ត​ចុងក្រោយ។ កណ្ឌ​១កូរិនថូស​ជំពូក​៥ លោក​ប៉ុល មិន​បាន​ស្ដី​បន្ទោស​ដល់​គ្រូគង្វាល ពួក​ចាស់ទុំ ឬ​អ្នក​ជំនួយ​នោះ​ទេ​ ចំពោះ​ការ​ដែល​ពួកគេ​អត់​ឱន​ឲ្យ​បុគ្គល​ដែល​ធ្វើ​បាប ប៉ុន្តែ​លោក​បាន​ស្ដីបន្ទោស​ដល់​ពួកជំនុំ​ទាំងមូល​ទៅវិញ។ នៅក្នុង​កណ្ឌ​២កូរិនថូស​ជំពូក​២ លោក ប៉ុល បាន​និយាយ​សំដៅ​ទៅ​លើ​អ្វី​ដែល​ពួកជំនុំ​ភាគច្រើន​បាន​ធ្វើ​ ក្នុង​ការ​ដែល​ពួកគេ​ដាក់​វិន័យ​ដល់​សមាជិក​ពួកជំនុំ​ដែល​ប្រព្រឹត្ត​ខុស។ នៅក្នុង​កណ្ឌ​កាឡាទី​ជំពូក១ លោក ប៉ុល បាន​កោះហៅ​ពួកជំនុំ​ទាំង​មូល​ឲ្យ​ថ្កោលទោស​សេចក្តី​បង្រៀន​ក្លែងក្លាយ​ដែល​ពួកគេ​បាន​ឮ។ នៅក្នុង​កណ្ឌ​២ធីម៉ូថេ​ជំពូក៤ លោក​ ប៉ុល ​មិន​គ្រាន់តែ​ស្ដីបន្ទោស​ដល់​គ្រូបង្រៀន​ក្លែងក្លាយ​ប៉ុណ្ណោះ​ទេ លោក​ថែម​ទាំង​ស្ដីបន្ទោស​ដល់​អស់​អ្នក​ដែល​ចំណាយ​លុយ​ឲ្យ​គ្រូបង្រៀន​ក្លែងក្លាយ​ទាំង​នោះ​បង្រៀន​នូវ​អ្វី​ដែល​ត្រចៀក​ដ៏​រមាស់​របស់​ពួកគេ​ចង់​ស្តាប់​ឮ​ទៀត​ផង។ ពួក​ចាស់ទុំ​គឺ​ជា​អ្នក​ដឹកនាំ​ពួកជំនុំ​ ប៉ុន្តែ​តាម​ព្រះគម្ពីរ​ ពួកគេ​ចាំបាច់​ត្រូវ​ដឹកនាំ​ក្នុង​ដែន​កំណត់​មួយ​ដែល​ពួកជំនុំ​ទទួល​ស្គាល់។ នៅក្នុង​ន័យ​នោះ​ ពួក​ចាស់ទុំ​​ និង​ក្រុមប្រឹក្សា ឬ​គណៈកម្មការ​ដទៃ​ទៀត​នៅក្នុង​ពួកជំនុំ​បាទីស្ទ (Baptist) ​ គឺ​មាន​នាទី​ជា​អ្នក​ផ្តល់​យោបល់​ដល់​ពួកជំនុំ​ប៉ុណ្ណោះ។

ទីពីរ និកាយ បាទីស្ទ (Baptists) និង​និកាយ ប្រេសប៊ីធើរាន​ (Presbyterians) បាន​ខ្វែង​គំនិត​គ្នា​លើ​តួនាទី និង​ទំនួលខុសត្រូវ​របស់​ពួក​ចាស់ទុំ។ ហើយ​ការ​ខ្វែង​គំនិត​គ្នា​ធំ​បំផុត​នោះ​ គឺ​ដោយសារ​តែ​ការ​យល់​ខុស​គ្នា​លើ​ពាក្យ​មួយ​ចំនួន​ដែល​លោក ប៉ុល បាន​សរសេរ​ផ្ញើ​ទៅ​លោក ធីម៉ូថេ៖ «ចាស់ទុំ​ទាំងឡាយ​ណា​ដែល​ដឹកនាំ​បាន​ល្អ​ នោះ​ត្រូវ​រាប់​ជា​ស័ក្ដិសម​នឹង​ទទួល​កិត្ដិយស​ទ្វេដង​ ជា​ពិសេស ​ពួក​ចាស់ទុំ​ដែល​ធ្វើ​ការ​នឿយ​ហត់​ក្នុង​ការ​ប្រកាស​ព្រះបន្ទូល​ និង​ការ​បង្រៀន» (១ធីម៉ូថេ ៥:១៧ គគខ)។ និកាយ ប្រេសប៊ីធើរាន (Presbyterians) យល់​ឃើញ​ថា ខគម្ពីរ​នេះ​បែងចែក​ពួក​ចាស់ទុំ​ជា​ពីរ​ក្រុម គឺ​ពួក​ចាស់ទុំ​ដែល​ដឹកនាំ និង​ពួក​ចាស់ទុំ​ដែល​បង្រៀន​ព្រះបន្ទូល។ និកាយ បាទីស្ទ (Baptist) ​មិន​ទទួលស្គាល់​ការ​បែងចែក​នេះ​ទេ ប៉ុន្តែ​ ពួកគេ​យល់ឃើញ​ថា​ ខគម្ពីរ​នេះ​ស្នើ​ឡើង​ថា បុគ្គល​មួយ​ចំនួន​ក្នុង​ចំណោម​ក្រុម​នៃ​ពួក​ចាស់ទុំ​ គឺ​គ្រាន់​តែ​ផ្ដោត​ទៅលើ​ការ​អធិប្បាយ​ព្រះបន្ទូល និង​ការ​បង្រៀន​ពេញ​ទំហឹង​ជាង​តែ​ប៉ុណ្ណោះ។ ជា​រួម លោក ប៉ុល បាន​ប្រាប់​ដល់​លោក​ ធីម៉ូថេ​ យ៉ាង​ច្បាស់​នៅ​ដើម​សំបុត្រ​នេះ​ថា លក្ខណសម្បត្តិ​ជា​មូលដ្ឋាន​មួយ​របស់​ពួក​ចាស់ទុំ​គ្រប់​រូប​គឺ​ថា​ គាត់ «ប្រសប់​នឹង​ការ​បង្រៀន» (១ធីម៉ូថេ ៣:២, សូម​មើល​ផង​ដែរ​នៅ ទីតុស ១:៩)។ ដូច្នេះ ជា​ញឹកញាប់ និកាយ បាទីស្ទ (Baptist) ​បដិសេធ​ថា​ ពួកគេ​មិន​គួរ​នឹង​តែងតាំង​ពួក​ចាស់ទុំ​ណា​ដែល​មិន​ប្រសប់​នឹង​បង្រៀន​ព្រះបន្ទូល​នោះ​ឡើយ។

ការ​មាន​ពួក​ចាស់ទុំ

និកាយ បាទីស្ទ (Baptists) និង​និកាយ ប្រេសប៊ីធើរាន (Presbyterians) ភាគ​ច្រើន​បាន​ឯកភាព​គ្នា​នៅ​សតវត្ស​ទី​១៨​ថា ពួកជំនុំ​តាម​តំបន់​នីមួយៗ​គួរតែ​មាន​ចាស់ទុំ​ចាប់ពី​ពីរ​នាក់​ឡើង​ទៅ។ ព្រះគម្ពីរ​សញ្ញាថ្មី​មិន​ដែល​លើកឡើង​ថា ពួកជំនុំ​គួរ​តែ​មាន​ចំនួន​នៃ​ពួក​ចាស់ទុំ​ប៉ុន្មាន​នាក់​ក្នុង​ពួកជំនុំ​នោះ​ទេ។ ប៉ុន្តែ​ព្រះគម្ពីរ​សញ្ញាថ្មី​បាន​និយាយ​សំដៅ​លើ «ពួក​ចាស់ទុំ» នៅក្នុង​ពួកជំនុំ​តាម​តំបន់​ជា​ទម្រង់​ពហុ​វចនៈ (ឧទាហរណ៍ កិច្ចការ ១៤:២៣; ១៦:៤; ២០:១៧; ២១:១៨; ទីតុស ១:៥; យ៉ាកុប ៥:១៤)។

សព្វថ្ងៃ​នេះ មិនមែន​គ្រាន់តែ​និកាយ បាទីស្ទ (Baptist) ទេ​ដែល​ បាន​រក​ឃើញ​ការ​ដឹកនាំ​ដោយ​ពួក​ចាស់ទុំ​នៅ​ក្នុង​ព្រះគម្ពីរ លើស​ពី​នេះ​ទៀត មាន​និកាយ​ផ្សេងៗ ក៏​ដូច​ជា​ពួកជំនុំ​ឯករាជ្យ​ជាច្រើន ក៏​បាន​ឃើញ​ពី​អត្ថប្រយោជន៍​នេះ​ដែរ ព្រោះ​គំនិត​នេះ​ស្រប​តាម​ព្រះគម្ពីរ។

ការ​ដឹកនាំ​ដោយ​ពួក​ចាស់ទុំ​មិន​មែន​មានន័យ​ថា គ្រូគង្វាល​គ្មាន​តួនាទី​អ្វី​នោះ​ទេ។ មាន​ខគម្ពីរ​យោង​ជា​ច្រើន​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី​ដែល​និយាយ​សំដៅ​ទៅលើ​ការ​អធិប្បាយ​ព្រះបន្ទូល និង​គ្រូ​អធិប្បាយ ហើយ​ខគម្ពីរ​ទាំងនោះ​មិន​និយាយ​សំដៅ​ទៅលើ​ពួក​ចាស់ទុំ​ទាំងអស់​នៅក្នុង​ពួកជំនុំ​នោះ​ទេ។ ឧទាហរណ៍ នៅ​ទីក្រុង​កូរិនថូស លោក ប៉ុល បាន​ញែក​ខ្លួន​គាត់​ទុក​សម្រាប់​តែ​ការ​អធិប្បាយ​ព្រះបន្ទូល​នៅក្នុង​របៀប​មួយ​ដែល​ពួក​ចាស់​ទុំ​ដទៃ​ទៀត​ក្នុង​ពួកជំនុំ​មិន​អាច​ធ្វើ​បាន (កិច្ចការ ១៨:៥; ១កូរិនថូស ៩:១៤; ១ធីម៉ូថេ ៤:១៣; ៥:១៧)។ មើល​ទៅ គ្រូ​អធិប្បាយ​ហាក់ដូច​ជា​ប្តូរ​ទីតាំង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ក្នុង​គោលបំណង​អធិប្បាយ​ព្រះបន្ទូល ( រ៉ូម ១០:១៤-១៥)។ ប៉ុន្តែ ឯ​ពួក​ចាស់ទុំ​វិញ​មើល​ទៅ​គ្រាន់តែ​នៅ​ក្នុង​តំបន់​សហគមន៍​មួយ​ប៉ុណ្ណោះ (ទីតុស ១:៥)។

ពួកជំនុំ និង​ពួក​ចាស់ទុំ​ប្រហែល​នឹង​រាប់​​គ្រូ​អធិប្បាយ​ដែល​អធិប្បាយ​ព្រះបន្ទូល​យ៉ាង​ស្មោះត្រង់​ជា​ប្រចាំ ​ទុក​ដូចជា​អ្នក​ទីមួយ​ក្នុង​ចំណោម​អ្នក​ដឹកនាំ​ទាំងអស់​ថា គាត់​ស័ក្តិសម​នឹង​ទទួល​ការ «គោរព​ប្រតិបត្តិ​ជា​ទ្វេគុណ​ឡើង» (១ធីម៉ូថេ ៥:១៧)។ ទោះជា​យ៉ាងណា​ក៏​ដោយ យើង​គួរ​ចងចាំ​ថា គ្រូ​អធិប្បាយ ឬ​គ្រូគង្វាល គឺ​គ្រាន់តែ​ជា​ម្នាក់​ក្នុង​ចំណោម​ពួក​ចាស់ទុំ​ដែល​មាន​ឋានៈ​ស្មើគ្នា ហើយ​បាន​ទទួល​ការតែងតាំង​ដូចគ្នា​ពី​ពួកជំនុំ​ឲ្យ​ធ្វើ​ជា​ចាស់ទុំ​ម្នាក់។

អត្ថប្រយោជន៍​នៃ​ការ​មាន​ពួក​ចាស់ទុំ

តាម​បទពិសោធន៍​ខ្ញុំ​ផ្ទាល់​ជា​គ្រូគង្វាល​ម្នាក់ ខ្ញុំ​បាន​ឃើញ​ពី​អត្ថប្រយោជន៍​នៃ​ការអនុវត្ត​តាម​ព្រះគម្ពីរ​សញ្ញាថ្មី ក្នុង​ការ​ចែករំលែក​ទំនួលខុសត្រូវ​ចំពោះ​ការ​ដឹកនាំ​ពួកជំនុំ​តាម​តំបន់​ជាមួយ​នឹង​អ្នក​ដែល​បាន​ប្ដេជ្ញា​បម្រើ​ពួកជំនុំ​ក្នុង​នាម​ជា​ចាស់ទុំ។

ការ​សម្រេចចិត្ត​ទាំងឡាយ​ណា​ដែល​ទាក់ទង​នឹង​ពួកជំនុំ មិន​គួរ​ធ្លាក់​លើ​គ្រូគង្វាល​តែ​ម្នាក់​ឯង​នោះ​ទេ ប្រសិនបើ​ការសម្រេចចិត្ត​នោះ​មិន​តម្រូវ​សុំ​គំនិត​យោបល់​ពី​សមាជិក​ពួកជំនុំ​ទាំងអស់​ទេ។ ប៉ុន្តែ​ការ​សម្រេចចិត្ត​នោះ​គួរតែ​ធ្លាក់​លើ​ពួក​ចាស់ទុំ​ទាំងមូល​វិញ។ ពេលខ្លះ​ការ​ធ្វើ​ដូចនេះ​គឺ​មាន​ភាព​យឺតយ៉ាវ ហើយ​ស្មុគស្មាញ​បន្តិច ប៉ុន្តែ​វា​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន។ វា​ជួយ​ដុសខាត់​អំណោយទាន​របស់​គ្រូគង្វាល ដោយ​ពួក​ចាស់ទុំ​ជួយ​បំពេញ​បន្ថែម​ចំពោះ​ចំណុច​ខ្វះខាត​មួយ​ចំនួន និង​ជា​ជំនួយ​ដល់​ការ​សម្រេចចិត្ត​របស់​គាត់។ ការ​ដែល​មាន​ពួក​ចាស់ទុំ​បង្កើត​ឲ្យ​មាន​ការ​គាំទ្រ​នៅក្នុង​ពួកជំនុំ​ក្នុង​ការ​សម្រេចចិត្ត ហើយ​ជួយ​ពួកគេ​ឲ្យ​មាន​ការ​រួបរួម​គ្នា​មក​តែ​មួយ ព្រមទាំង​ការពារ​អ្នក​ដឹកនាំ​មិន​ឲ្យ​ទទួល​រង​ការ​រិះគន់​ដ៏​អយុត្តិធម៌។ ការ​មាន​ពួក​ចាស់ទុំ អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​ដឹកនាំ​ចាក់ឫស​មាំ និង​គង់វង្ស ហើយ​អាច​ជួយ​ខ្លួន​គេ​ឲ្យ​កាន់តែ​មាន​ប្រាជ្ញា​ក្នុង​ការ​ដឹកនាំ។ ការ​មាន​ពួក​ចាស់ទុំ​ អាច​ជួយ​ជំរុញ​ពួកជំនុំ​ឲ្យ​មាន​ទំនួលខុសត្រូវ​កាន់តែ​ច្រើនឡើង​ចំពោះ​ជីវិត​ខាងឯវិញ្ញាណ​របស់​ពួកគេ ហើយ​ថែម​ទាំង​ជួយ​ពួកជំនុំ កុំ​ឲ្យ​ពឹង​ផ្អែក​ខ្លាំង​ពេក​លើ​អ្នក​ដែល​ទទួល​ប្រាក់ខែ​ពី​ពួកជំនុំ។

សព្វថ្ងៃ​នេះ នៅក្នុង​ពួកជំនុំ​បាទីស្ទ (Baptist) មិន​សូវ​មាន​ពួក​ចាស់ទុំ​ជា​អ្នក​ដឹកនាំ​ច្រើន​ប៉ុន្មាន​ទេ ប៉ុន្តែ​និន្នាការ​ទៅ​រក​ការ​មាន​ពួក​ចាស់ទុំ​នេះ​កំពុង​តែ​រីក​ដុះដាល​នៅក្នុង​ចំណោម​ពួកជំនុំ​បាទីស្ទ (Baptist) ដោយ​ព្រោះ​ការ​មាន​ពួក​ចាស់ទុំ​មាន​អត្ថប្រយោជន៍​ច្រើន។ ពួកជំនុំ​នីមួយៗ​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី​ត្រូវការ​ពួក​ចាស់ទុំ ហើយ​ពួកជំនុំ​សព្វថ្ងៃ​នេះ​ក៏​ត្រូវការ​ពួក​ចាស់ទុំ​ដែរ។

ចុះ​ចំណែក​ឯ​អ្នក​ជំនួយ​វិញ?

បច្ចុប្បន្ន​នេះ មាន​ពួកជំនុំ​ជា​ច្រើន​តែងតែ​យល់​ច្រឡំ​ថា ពួក​ចាស់ទុំ​គឺជា​អ្នក​ដែល​ទទួល​ប្រាក់​ខែ​ពី​ពួកជំនុំ ឬក៏​ជា​អ្នក​ជំនួយ។ អ្នក​ជំនួយ​ក៏​ជា​មុខ​តំណែង​មួយ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី​ដែរ។ នៅក្នុង​កណ្ឌ​កិច្ចការ​ជំពូក៦ យើង​ឃើញ​ថា អ្នក​ជំនួយ​មាន​តួនាទី​ជាក់លាក់​នៅ​ក្នុង​ពួកជំនុំ។ ទោះបី​វា​ជា​ការ​លំបាក​ក្នុង​ការ​បែងចែក​មុខ​តំណែង​ទាំង​ពីរ​ឲ្យ​ដាច់​ស្រឡះ​ពី​គ្នា ប៉ុន្តែ​ជា​ទូទៅ អ្នក​ជំនួយ​ធ្វើ​ការ​ទាក់ទង​ទៅ​នឹង​ការ​ងារ​លម្អិត​ក្នុង​ជីវិត​ពួកជំនុំ​ដូចជា កិច្ចការ​រដ្ឋបាល ការ​ថែទាំ និង​ការ​មើលថែ​សមាជិក​ពួកជំនុំ​ដោយ​ទៅ​សួរ​សុខទុក្ខ​ពួកគេ​ នៅ​ពេល​ពួកគេ​ឈឺ ឬ​ដោយ​ផ្គត់ផ្គង់​អាហារ​ដល់​ពួកគេ​ នៅពេល​ពួកគេ​ខ្វះខាត​ជាដើម។ល។ នៅក្នុង​ពួកជំនុំ​ជាច្រើន​សព្វថ្ងៃ​នេះ យើង​សង្កេត​ឃើញ​ថា អ្នក​ជំនួយ​ជា​អ្នក​ទទួល​នាទី​មើល​ការ​ខុសត្រូវ​ជីវិត​ខាងឯវិញ្ញាណ​របស់​ពួកជំនុំ ឬ​ពួកគេ​ទុក​ការងារ​នោះ​ទាំងស្រុង​ទៅ​ក្នុង​ដៃ​​គ្រូគង្វាល​ម្នាក់​ឯង​តែ​ម្តង។ ពួកជំនុំ​នឹង​ទទួល​បាន​ផលប្រយោជន៍​ជា​ច្រើន​ ប្រសិនបើ​ពួកគេ​បែកចែក​តួនាទី​របស់​ពួក​ចាស់ទុំ និង​តួនាទី​របស់​អ្នក​ជំនួយ​ឲ្យ​ដាច់​ដោយឡែក​ពី​គ្នា​យ៉ាង​ច្បាស់លាស់។ សព្វថ្ងៃ​នេះ ពួកជំនុំ​ពិត​ជា​ត្រូវការ​អ្នក​បម្រើ​ទាំង​ពីរ​ប្រភេទ​នេះ​ណាស់។

ការ​ចែក​រំលែក​បន្ទុក និង​អភ័យឯកសិទ្ធិ

ក្នុង​នាម​ខ្ញុំ​ជា​គ្រូ​គង្វាល ខ្ញុំ​មាន​តំណែង​ស្របតាម​ព្រះគម្ពីរ​ជា​ចាស់ទុំ។ ខ្ញុំ​ជា​ចាស់ទុំ​ដែល​មាន​តួនាទី​ចម្បង​គឺ​អធិប្បាយ​ព្រះ​បន្ទូល។ ប៉ុន្តែ​ ខ្ញុំ​ធ្វើការ​រួម​ជាមួយ​ពួក​ចាស់ទុំ ដើម្បី​ស្អាង​ចិត្ត​ពួកជំនុំ។ ពួក​ចាស់ទុំ​មួយ​ចំនួន​ជា​អ្នក​ទទួល​ប្រាក់ខែ​ពី​ពួកជំនុំ​ ប៉ុន្តែ​ពួក​ចាស់ទុំ​ភាគ​ច្រើន​មិន​បាន​ទទួល​ប្រាក់ខែ​នោះ​ទេ។ យើង​ជួប​ប្រជុំ​គ្នា​ជា​ទៀងទាត់​ ដើម្បី​អធិស្ឋាន ជជែក​ពិភាក្សា និង​ផ្តល់​នូវ​គំនិត​យោបល់​ខ្លះៗ​ដល់​អ្នក​ជំនួយ ឬ​ដល់​ពួកជំនុំ​ទាំងមូល។ ខ្ញុំមាន​ការ​​ពិបាក​ណាស់​ក្នុង​ការ​រក​ពាក្យ​ពេចន៍​មក​ពណ៌នា​ពី​របៀប​ដែល​ពួក​ចាស់ទុំ​ទាំងនេះ​បាន​ស្រឡាញ់​ខ្ញុំ និង​ពួកជំនុំ​ទាំងមូល។ ពួកគេ​បាន​ចែក​រំលែក​បន្ទុក​ខ្ញុំ និង​ផ្ដល់​អភ័យ​ឯក​សិទ្ធិ​ដល់​ខ្ញុំ​ក្នុង​ការ​ដឹកនាំ​ពួកជំនុំ។ ខ្ញុំ​អរព្រះគុណ​ដល់​ព្រះជាម្ចាស់​មិន​ដាច់​ពី​មាត់​ដែល​ទ្រង់​បាន​ប្រទាន​គូកន​បម្រើ​ព័ន្ធកិច្ច​ដូចជា​ពួកគេ​ទាំងនេះ។

យើង​ឃើញ​ច្បាស់​ណាស់​ថា ការ​មាន​ពួក​ចាស់ទុំ គឺជា​គំនិត​មួយ​ស្រប​តាម​ព្រះគម្ពីរ​ដែល​មាន​ប្រយោជន៍​ជា​ច្រើន។ ប្រសិនបើ​យើង​តាំង​ឲ្យ​មាន​ពួក​ចាស់ទុំ​ធ្វើ​ជា​អ្នក​ដឹកនាំ ការ​នេះ​អាច​នឹង​ជួយ​ដល់​គ្រូគង្វាល​យ៉ាង​ច្រើន ដោយសារ​ពួក​ចាស់ទុំ​អាច​ជួយ​ដក​បន្ទុក​ចេញពី​ស្មា​របស់​គាត់ ហើយ​ថែមទាំង​ជួយ​លុបបំបាត់​របប​ផ្ដាច់ការ​របស់​គាត់​ចេញពី​ពួកជំនុំ​ទៀត​ផង។ លើស​ពី​នេះ​ទៅ​ទៀត លក្ខណសម្បត្តិ​ទាំង​អស់នៃ​ចាស់ទុំ​ដែល​លោក ប៉ុល​ បាន​លើក​ឡើង (ក្រៅពី​ភាព​ប្រសប់​ក្នុង​ការ​បង្រៀន) ​ជា​​លក្ខណសម្បត្តិ​ដែល​គ្រីស្ទបរិស័ទ​គ្រប់​រូប​គួរ​តែ​ខំ​តម្រង់​ឆ្ពោះ​ទៅ​រក​ដែរ (១ធីម៉ូថេ ៣; ទីតុស ១)។ ដូច្នេះ នៅពេល​ដែល​យើង​ទទួលស្គាល់​បុគ្គល​មួយ​ចំនួន​ជា​សាធារណៈ​ថា​ ពួកគេ​ជា​មនុស្ស​គំរូ នោះ​វា​ជួយ​ឲ្យ​គ្រីស្ទបរិស័ទ​ផ្សេង​ទៀត ជាពិសេស​គ្រីស្ទបរិស័ទ​ប្រុសៗ​ឃើញ​នូវ​គំរូ​នោះ។ ពិត​ប្រាកដ​ណាស់ ការអនុវត្ត​នូវ​ការ​ទទួលស្គាល់​បុរស​ដែល​គួរ​ឲ្យ​ទុកចិត្ត មាន​តម្រិះ កោត​ខ្លាច​ព្រះជាម្ចាស់ ព្រមទាំង​ជា​អ្នក​ដែល​មិន​ទទួល​បាន​ប្រាក់​ខែ​ពី​ពួកជំនុំ​ទុក​ជា​ចាស់ទុំ គឺ​ជា​សញ្ញាសម្គាល់​មួយ​ទៀត​នៃ​ពួកជំនុំ​ដែល​មាន​សុខភាព​ល្អ។

សេចក្តី​បញ្ចប់៖

ការអនុវត្ត​ជាក់​ស្ដែង

ថ្មីៗ​នេះ មាន​ចាស់ទុំ​ម្នាក់​នៅក្នុង​ពួកជំនុំ​របស់​ខ្ញុំ​បាន​និយាយ​មក​ខ្ញុំ​ថា៖ «ខ្ញុំ​មាន​បំណង​ចង់​ចេញពី​ពួកជំនុំ​នេះ​ច្រើន​លើក​មក​ហើយ ដោយ​ព្រោះ​តែ​គ្រប់​ទាំង​ការ​ពិភាក្សា​និយាយ​តែ​ពី​ការតយុទ្ធ​នឹង​អំពើ​បាប និង​ការ​បម្រើ​អ្នក​ដទៃ។ មិន​តែ​ប៉ុណ្ណោះ ខ្ញុំ​ចង់​ចេញពី​ពួកជំនុំ​នេះ ព្រោះ​មាន​មនុស្ស​ជា​ច្រើន​កែ​តម្រង់​ខ្ញុំ​ពេល​ដែល​ខ្ញុំ​ធ្វើ​ខុស ហើយ​ពួកគេ​ក៏​ប្រព្រឹត្ត​បាប​ដែរ»។

គាត់​បាន​បន្ត​ថា «ប៉ុន្តែ ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​ត្រូវការ​ការ​ទាំង​អស់​នេះ​ ពីព្រោះ​ខ្ញុំ​នៅតែ​ជា​មនុស្ស​ប្រព្រឹត្ត​បាប ហើយ​ខ្ញុំ​ចង់​ឲ្យ​រួចផុត​ពី​បាប​នេះ។ ខ្ញុំ​ត្រូវ​ការ​ឲ្យ​គេ​ជួយ​កែ​តម្រង់​ខ្ញុំ​ពេល​ខ្ញុំ​ធ្វើ​ខុស ខ្ញុំ​ត្រូវការ​ឲ្យ​គេ​ធ្វើ​ជា​គំរូ ហើយ​ខ្ញុំ​ត្រូវ​ការ​សេចក្តី​ស្រឡាញ់ និង​ការ​យកចិត្ត​ទុកដាក់​ពី​ពួកគេ។ សាច់ឈាម​របស់​ខ្ញុំ​ស្អប់​ការ​ទាំងអស់​នេះ ប៉ុន្តែ​ បើ​អត់​មាន​ការ​ទាំងអស់​នេះ​ទេ ខ្ញុំ​ប្រហែល​ជា​លែងលះ​ជាមួយនឹង​ប្រពន្ធ​ខ្ញុំ​ហើយ ហើយ​បន្ទាប់មក​លែងលះ​ជាមួយនឹង​អ្នក​ទីពីរ អ្នក​ទីបី ហើយ​ខ្ញុំ​ប្រហែល​នឹង​មិន​បាន​រស់​នៅ​ជាមួយ​នឹង​កូនៗ​របស់​ខ្ញុំ​ទេ។ ព្រះជាម្ចាស់​បាន​បង្ហាញ​នូវ​ព្រះគុណ​ និង​ការ​ថែរក្សា​បីបាច់​របស់​ទ្រង់​ចំពោះ​ខ្ញុំ​តាមរយៈ​ពួកជំនុំ​របស់​ទ្រង់»។

ពួកជំនុំ​ដែល​មាន​សុខភាព​ល្អ គឺជា​ពួកជំនុំ​ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ចរិតលក្ខណៈ​របស់​ព្រះជាម្ចាស់​ច្រើនឡើងៗ ដូច​ដែល​ទ្រង់​បាន​បើកសម្ដែង​ឲ្យ​ឃើញ​នៅក្នុង​ព្រះបន្ទូល​របស់​ទ្រង់។ ទោះបើ​ពួកជំនុំ​មាន​សុខភាព​ល្អ​ក៏​ដោយ ពេល​ខ្លះ​យើង​នៅ​តែ​ពិបាក​នៅ​ជាមួយ​ពួកគេ​ដដែល។ យើង​ពិបាក​ប្រហែល​មក​ពី​ការ​អធិប្បាយ​វែង ឬ​មក​ពី​សេចក្តី​រំពឹង​ពី​អ្នក​ចូល​រួម​ខ្ពស់។ ចំពោះ​មនុស្ស​ជា​ច្រើន គេ​ប្រហែល​ជា​មាន​អារម្មណ៍​ថា ពួកជំនុំ​បែប​នេះ​និយាយ​ដដែលៗ​ពី​បាប​ដែល​គេ​ប្រព្រឹត្ត។ ហើយ​នៅពេល​ប្រកប​គ្នា មាន​អ្នក​ខ្លះ​ចេះ​តែ​សួរ​សំណួរ​ពី​ជីវិត​ផ្ទាល់ខ្លួន​ច្រើន​ពេក។ ប៉ុន្តែ ពាក្យ​ដែល​សំខាន់​ទាក់ទង​នឹង​ពួកជំនុំ​ដែល​មាន​សុខភាព​ល្អ​គឺ​ពាក្យ ច្រើនឡើងៗ។ ប្រសិនបើ​យើង​ឆ្លុះបញ្ចាំង​ចរិតលក្ខណៈ​របស់​ព្រះជាម្ចាស់​ច្រើនឡើងៗ នោះ​វា​បង្ហាញ​ថា ផ្នែក​ខ្លះ​នៃ​ជីវិត​របស់​យើង​ម្នាក់ៗ និង​ជីវិត​ពួកជំនុំ​ទាំង​មូល​មិន​ទាន់​បាន​ឆ្លុះបញ្ចាំង​ពី​ចរិតលក្ខណៈ​របស់​ទ្រង់​បាន​យ៉ាង​ពេញលេញ​នៅឡើយ​ដែរ។ ជីវិត​របស់​យើង​ប្រៀប​ដូចជា​កញ្ចក់​ដែល​មាន​ដាម​ប្រឡាក់ ដូច្នេះ​ហើយ​យើង​ត្រូវតែ​ជូត​វា​ឲ្យ​ស្អាត។ ហើយ​កញ្ចក់​នោះ​ច្បាស់​ជា​មាន​សភាព​កោង ដូច្នេះ​យើង​ត្រូវ​ពុត​វា​ឲ្យ​រាបស្មើ។ ការ​នេះ​តម្រូវ​ឲ្យ​យើង​ខិតខំ​ប្រឹងប្រែង​ខ្លាំង។

យោង​តាម​សេចក្តី​សប្បុរស​របស់​ព្រះជាម្ចាស់ ទ្រង់​បាន​បង្រៀន​ឲ្យ​យើង​រស់​នៅ​បង្ហាញ​ពី ​ជីវិត​គ្រីស្ទបរិស័ទ​ជាមួយ​គ្នា ដោយសារ​ការ​ដែល​យើង​ស្រឡាញ់ ហើយ​យកចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ទៅវិញ ទៅមក នោះ​វា​ឆ្លុះបញ្ចាំង​ពី​សេចក្តី​ស្រឡាញ់ និង​ការ​យក​ព្រះទ័យ​ទុកដាក់​របស់​ព្រះជាម្ចាស់​ចំពោះ​យើង។ ជា​ទូទៅ ប្រសិនបើ​បុគ្គល​ម្នាក់​ចង់​បាន​ទំនាក់​ទំនង​ ជាមួយ​បុគ្គល​ម្នាក់​ទៀត បុគ្គល​ទាំង​ពីរ​នាក់​នោះ​ត្រូវ​តែ​មាន​ការប្ដេជ្ញា​ចំពោះ​គ្នា​នឹង​គ្នា។ ពិតប្រាកដ​ណាស់ នៅ​ក្នុង​ពួកជំនុំ​ក៏​ត្រូវ​ការ​ប្ដេជ្ញា​ចិត្ត​បែប​ដូច​នេះ​ដែរ។ ព្រះជាម្ចាស់​មិន​ដែល​មាន​ព្រះទ័យ​ឲ្យ​ការ​រីកចម្រើន​ខាងឯវិញ្ញាណ​របស់​យើង​កើតឡើង​តែ​ម្នាក់​ឯង​នោះ​ទេ ប៉ុន្តែ​ ទ្រង់​សព្វព្រះទ័យ​ឲ្យ​យើង​រីកចម្រើន​ជាមួយ​គ្នា​នឹង​គ្នា។

ដូច្នេះ តើ​ពួកជំនុំ​ដែល​មាន​សុខភាព​ល្អ​មាន​អំណរ​ឬ​ទេ? ពិត​ប្រាកដ​ណាស់ គេ​មាន​អំណរ។ គេ​មាន​អំណរ​ពី​ការ​ផ្លាស់​ប្រែ​ដ៏​ពិត​ប្រាកដ។ គេ​មាន​អំណរ​ដោយ​បាន​រួច​ពី​អំពើ​បាប។ គេ​មាន​អំណរ​ដោយ​បាន​ប្រកប​គ្នា​យ៉ាង​ជិតស្និទ្ធ ហើយ​បាន​រួបរួម​គ្នា​ដ៏​ពិតប្រាកដ។ ការ​រួបរួម​នោះ​មិនមែន​ជា​ការ​រួបរួម​ ដើម្បី​តែ​ការ​រួបរួម​នោះ​ទេ ប៉ុន្តែ​ជា​ការ​រួបរួម​ដែល​ឈរ​លើ​សេចក្តី​សង្គ្រោះ និង​ការ​ថ្វាយ​បង្គំ​ព្រះជាម្ចាស់​រួមគ្នា។ គេ​មាន​អំណរ​ក្នុង​ការ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ដែល​ព្រះគ្រីស្ទ​ស្រឡាញ់​ពួកគេ។ អ្វី​ដែល​ជា​ការ​អស្ចារ្យ​បំផុត​នោះ គឺ​គេ​មាន​អំណរ​ពី​ការ «ឆ្លុះ​ឲ្យ​ឃើញ​ពី​សិរីរុងរឿង​របស់​ព្រះអម្ចាស់» ហើយ​ការ «ផ្លាស់​ប្រែ​ពី​សិរីរុងរឿង​ទៅ​សិរី​រុងរឿង​ឲ្យ​មាន​រូប​រាង​ដូច​ព្រះអង្គ» (២កូរិនថូស ៣:១៨ គគខ)។

នៅក្នុង​បញ្ញត្តិ​ទី​បី ព្រះជាម្ចាស់​ហាម​រាស្ត្រ​របស់​ទ្រង់​មិន​ឲ្យ​ចេញ​ព្រះនាម​ទ្រង់​ជា​អាសាឥតការ​ឡើយ (និក្ខមនំ ២០:៧; ចោទិយកថា ៥:១១)។ ទ្រង់​មិន​គ្រាន់​តែ​ចង់​មាន​ន័យ​ថា ទ្រង់​ហាម​យើង​មិន​ឲ្យ​ប្រើ​ពាក្យ​អាក្រក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទ្រង់​ក៏​ចង់​មាន​ន័យ​ថា ​ទ្រង់​ហាម​យើង​មិន​ឲ្យ​ចេញ​ព្រះនាម​ទ្រង់​តាមរយៈ​ជីវិត​របស់​យើង​ជា​អាសាឥតការ​នោះ​ដែរ។ ទ្រង់​ហាម​មិន​ឲ្យ​ជីវិត​របស់​យើង​បង្ហាញ​រូបភាព​ខុស​អំពី​ទ្រង់​ឡើយ។ នេះ​ក៏​ជា​បញ្ញត្តិ​សម្រាប់​ពួកជំនុំ​ផង​ដែរ។

សព្វថ្ងៃ​នេះ មាន​ពួកជំនុំ​ជា​ច្រើន​មិន​មាន​សុខភាព​ល្អ​ទេ។ យើង​គិត​ខុស​ថា ការ​រីកចម្រើន​បែប​អាត្មានិយម​ជា​ការ​រីកចម្រើន​ខាង​ឯវិញ្ញាណ​ទៅ​វិញ។ យើង​គិត​ខុស​ថា ការ​មាន​អារម្មណ៍​រំជើបរំជួល គឺជា​ការ​ថ្វាយ​បង្គំ​ដ៏​ពិត។ យើង​សប្បាយ​រីករាយ​នឹង​ការ​ទទួល​ស្គាល់​ពី​លោកីយ៍​ជាជាង​ការ​ទទួលស្គាល់​ពី​ព្រះជាម្ចាស់ ប៉ុន្តែ​ជា​ទូទៅ ដោយសារ​ជីវិត​ដែល​ទទួល​ស្គាល់​ពី​ព្រះជាម្ចាស់ គឺ​មាន​ការ​ទាស់​ប្រឆាំង​ពី​លោកីយ៍។ សព្វថ្ងៃ​នេះ មិនថា​ពួកជំនុំ​មាន​គ្នា​តិច​ឬ​ច្រើន​នោះ​ទេ មើល​ទៅ​ពួកគេ​ភាគច្រើន​ហាក់​ដូចជា​មិន​ខ្វល់​ពី​សញ្ញាសម្គាល់​តាម​ព្រះគម្ពីរ​ដែល​សម្គាល់​យ៉ាង​ជាក់​ច្បាស់​ពី​ពួកជំនុំ​ដែល​រីកចម្រើន ហើយ​មាន​ជីវិត​រស់​ខាងឯវិញ្ញាណ។

គ្រីស្ទបរិស័ទ​គ្រប់រូប​គួរ​តែ​យកចិត្ត​ទុកដាក់​លើ​សុខភាព​ពួកជំនុំ ជា​ពិសេស អ្នក​ដែល​ព្រះជាម្ចាស់​ត្រាស់ហៅ​ឲ្យ​ធ្វើ​ជា​អ្នកដឹកនាំ​ក្នុង​ពួកជំនុំ។ ពួកជំនុំ​របស់​យើង​ត្រូវតែ​បង្ហាញ​ឲ្យ​ឃើញ​ព្រះជាម្ចាស់ និង​ដំណឹងល្អ​ដ៏​ឧត្ដម​របស់​ទ្រង់​ដល់​អស់​ទាំង​មនុស្ស​ដែល​ទ្រង់​បង្កើត​មក។ យើង​ត្រូវ​ថ្វាយ​សិរីល្អ​ដល់​ទ្រង់​តាមរយៈ​ជីវិត​របស់​យើង​ដែល​រស់​នៅ​ជាមួយ​គ្នា។ ការ​រស់​នៅ​ដែល​បង្ហាញ​ពី​សិរីល្អ​ទ្រង់ គឺ​ជា​ទំនួល​ខុសត្រូវ​ដ៏​អស្ចារ្យ ហើយ​ជា​អភ័យឯកសិទ្ធិ​មួយ​ដ៏​ធំ​នៅក្នុង​ជីវិត​គ្រីស្ទបរិស័ទ។

ដូច្នេះ ចូរ​យើង​វិលត្រឡប់​ទៅ​ចំណុច​ដែល​យើង​បាន​ចាប់​ផ្ដើម​វិញ។ តើ​លោកអ្នក​កំពុងតែ​ស្វែងរក​អ្វី​នៅក្នុង​ពួកជំនុំ? តើ​លោកអ្នក​កំពុងតែ​ស្វែងរក​ពួកជំនុំ​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី​គុណ​តម្លៃ​របស់​លោកអ្នក និង​គុណ​តម្លៃ​របស់​សហគមន៍​លោកអ្នក ឬ​មួយ​លោកអ្នក​ស្វែងរក​ពួកជំនុំ​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី​ចរិតលក្ខណៈ​ដ៏​ឧត្តម​របស់​ព្រះជាម្ចាស់​ឬ? នៅក្នុង​ចំណោម​ជម្រើស​ទាំង​ពីរ​នេះ តើ​មួយ​ណា​នឹង​បញ្ចេញ​ពន្លឺ​ដល់​លោកីយ៍​ដែល​វង្វេង​នៅក្នុង​ភាព​ងងឹត​នេះ​ប្រសើរ​ជាង?

ដើម្បី​សិក្សា​បន្ថែម...

សូម​អាន​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា Nine Marks of a Healthy Church (Crossway, 2004) ដើម្បី​ពិភាក្សា​ឲ្យ​បាន​ពេញលេញ​ទៅលើ​សញ្ញាសម្គាល់​នីមួយៗ ​ក្នុង​ចំណោម​សញ្ញា សម្គាល់​ទាំង​ប្រាំបួន​នេះ។ សូម​អាន​សៀវភៅ The Deliberate Church ដែល​និពន្ធ​ដោយ​លោក​ ប៉ូល អាឡិកហ្សានឌើរ (Paul Alexander) និង​ខ្ញុំ ដើម្បី​ទទួល​បាន​ការអនុវត្ត​ងាយៗ ​បន្ថែម​ទៀត​ក្នុង​ការ​បង្កើត​ពួកជំនុំ​ដែល​មាន​សុខភាពល្អ ។ សូម​អាន​សៀវភៅ A Display of Gods Glory (9Marks, 2001) ដើម្បី​ឲ្យ​ស្គាល់​បន្ថែម​លើ​រចនាសម្ព័ន្ធ​ពួកជំនុំ ជា​ពិសេស​ការ​កំណត់​សម្គាល់​សមាជិកភាព​ពួកជំនុំ​ ពួក​ចាស់ទុំ អ្នក​ជំនួយ និង​របៀប​ដឹកនាំ​ដែល​យក​ពួកជំនុំ​ជា​ធំ ។ ចុង​ក្រោយ លោកអ្នក​​ប្រហែល​ជាចង់​អាន​អត្ថបទ សៀវភៅ ឬ​ស្ដាប់​សេចក្ដី​អធិប្បាយ ឬ​ទស្សនា​ការ​បង្រៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​និយាយ​ពី​ជីវិត​ពួកជំនុំ​នៅ​គេហទំព័រ www.9marks.org

 

បណ្ដាំ​ជូន​ចំពោះ​សមាជិក​ពួកជំនុំ

ប្រសិនបើ​លោកអ្នក​បាន​ទទួល​ការ​លើកទឹកចិត្ត​ តាមរយៈ​សេចក្តី​បង្រៀន​ណា​មួយ​នៅក្នុង​សៀវភៅ​នេះ សូម​លោកអ្នក​​ប្រុងប្រយ័ត្ន​ចំពោះ​របៀប​ស្នើ​សុំ​ដល់​គ្រូគង្វាល​ឲ្យ​​ផ្លាស់​ប្តូរ​អ្វី​មួយ។ សូម​អធិស្ឋាន បម្រើ អត់ធ្មត់ លើកទឹកចិត្ត និង​ធ្វើ​ជា​គំរូ​ល្អ​ក្នុង​ជីវិត​របស់​លោកអ្នក។ ពួក​ជំនុំដែល​មាន​សុខភាព​ល្អ​គឺ​ជា​រាស្រ្តរបស់ព្រះជាម្ចាស់​ដែល​ចេះ​ស្រឡាញ់​គ្នា​យ៉ាង​ត្រឹមត្រូវ។ ហើយ​ជា​ទូទៅ​ យើង​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​យើង​បាន​ល្អ​បំផុត​ នៅពេល​ដែល​យើង​ផ្តល់​សេចក្តី​ស្រឡាញ់​នោះ​ក្នុង​ស្ថានភាព​ដែល​យើង​មិន​ពេញ​ចិត្ត។ អ្នកជឿ​រាល់គ្នា​អើយ! សូម​គិត​មើល​ពី​របៀប​ដែល​ព្រះជាម្ចាស់​បាន​ស្រឡាញ់​យើង​ក្នុង​ព្រះគ្រីស្ទ។

 

បណ្ដាំ​ជូន​ចំពោះ​គ្រូគង្វាល

ប្រសិនបើ​លោកគ្រូ​ទទួល​ការ​លើកទឹកចិត្ត​តាមរយៈ​សេចក្តី​បង្រៀន​ណាមួយ​នៅក្នុង​សៀវភៅ​នេះ សូម​លោកគ្រូ​ប្រុងប្រយ័ត្ន​ចំពោះ​របៀប​ដែល​លោកគ្រូ​ចង់​ផ្លាស់ប្ដូរ​អ្វី​មួយ​នៅ​ក្នុង​ពួកជំនុំ។ សូម​លោកគ្រូ​ព្យាយាម​អត់ធ្មត់ ស្រឡាញ់​ពួកជំនុំ និង​អធិប្បាយ​ព្រះបន្ទូល។

 

សេចក្តី​បន្ថែម៖

លក្ខន្តិកៈ​ដ៏​សាមញ្ញ​ក្នុង​ពួកជំនុំ​ដែល​មាន​សុខភាពល្អ

យើង​ជឿ​ថា ​តាម​រយៈ​ព្រះគុណ ព្រះជាម្ចាស់​បាន​នាំ​យើង​ឲ្យ​ប្រែចិត្ត ហើយ​ឲ្យ​ជឿ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ហើយ​ទ្រង់​បាន​នាំ​យើង​ឲ្យ​ថ្វាយ​ខ្លួន​ទៅ​ចំពោះ​ទ្រង់ ។ មិន​តែ​ប៉ុណ្ណោះ យើង​បាន​ទទួល​ពិធី​ជ្រមុជទឹក​ដោយ​ការ​បញ្ជាក់​អះអាង​ពី​ជំនឿ​របស់​យើង ក្នុង​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​រួចហើយ។ ដូច្នេះ ពេលនេះ យើង​ខ្ញុំ​សូម​សន្យា​យ៉ាង​មុតមាំ និង​ដោយ​អំណរ​ចំពោះ​គ្នា​ទៅវិញ​ទៅមក​ជាថ្មី​ឡើង​វិញ ដោយ​ពឹង​លើ​ជំនួយ​ប្រកប​ដោយ​ព្រះគុណ​ករុណា​របស់​ព្រះជាម្ចាស់។

យើង​នឹង​ខិតខំ​ប្រឹងប្រែង ហើយ​អធិស្ឋាន​ ដើម្បី​ឲ្យ​ពួក​ជំនុំ​យើង​បាន​នូវ​ភាព​រួបរួម​ខាង​ឯ​ព្រះវិញ្ញាណ​នៅ​ក្នុង​ចំណង​នៃ​មេត្រីភាព។

យើង​នឹង​ដើរ​ជាមួយ​គ្នា​ក្នុង​សេចក្តី​ស្រឡាញ់​ជា​បងប្អូន​ក្នុង​ព្រះគ្រីស្ទ​ នៅ​ពេល​ដែល​យើង​ក្លាយ​ជា​សមាជិក​ពួកជំនុំ។ យើង​នឹង​យកចិត្តទុកដាក់ ហើយ​មើល​ខុស​ត្រូវ​គ្នា​ទៅវិញទៅមក ថែម​ទាំង​ដាស់តឿន ក៏ដូចជា​ទទូច​អង្វរ​ចំពោះ​គ្នា​ទៅវិញទៅមក​យ៉ាង​ខ្ជាប់ខ្ជួន នៅ​ពេល​ដែល​កាលៈទេសៈ​តម្រូវ​ឲ្យ​យើង​ធ្វើ​ដូច្នោះ។

យើង​នឹង​មិន​បោះបង់​ការ​ប្រជុំ​គ្នា ឬ​ឈប់​អធិស្ឋាន​សម្រាប់​ខ្លួន​ឯង​ និង​អ្នក​ដទៃ​នោះ​ឡើយ។

យើង​នឹង​ខិតខំ​ប្រឹងប្រែង​អប់រំ ហើយ​ដាស់តឿន​ដល់​អ្នក​ដែល​យើង​មើលថែ​តាម​របៀប​របស់​ព្រះអម្ចាស់។ ហើយ​គោលបំណង​របស់​យើង ​គឺ​ចង់​ឃើញ​គ្រួសារ និង​មិត្តភក្ដិ​ទទួល​បាន​សេចក្តី​សង្គ្រោះ​ដោយ​យើង​ធ្វើ​ជា​គំរូ ហើយ​រស់នៅ​ក្នុង​ជីវិត​បរិសុទ្ធ​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់។

យើង​នឹង​អរសប្បាយ​ចំពោះ​សុភមង្គល​របស់​គ្នា​ទៅវិញទៅមក ហើយ​យើង​នឹង​ពុះពារ​ ដើម្បី​នឹង​ចែករំលែក​បន្ទុក ក៏​ដូចជា​ភាព​សោកសៅ​របស់​គ្នា​ទៅវិញទៅមក ដោយ​ភាព​ទន់ភ្លន់ និង​ការ​យល់​ចិត្ត​គ្នា។

ដោយ​មាន​ជំនួយ​ពី​ព្រះជាម្ចាស់ យើង​នឹង​ខិតខំ​រស់​នៅ​យ៉ាង​ប្រុងប្រយ័ត្ន​នៅក្នុង​លោកីយ៍​នេះ។ យើង​នឹង​បដិសេធ​នូវ​សេចក្ដី​ទមិឡ​ល្មើស ចោល និង​ភាព​ត្រេកត្រអាល​តាម​បែប​លោកីយ៍​នេះ។ មិន​តែ​ប៉ុណ្ណោះ យើង​នឹង​ចងចាំ​ថា ដោយ​ព្រោះ​យើង​ស្ម័គ្រ​ចិត្ត​កប់​ខ្លួន​យើង​តាមរយៈ​ពិធីបុណ្យ​ជ្រមុជទឹក ហើយ​បាន​ងើប​ឡើងវិញ​ពី​ផ្នូរ​និមិត្តរូប​រួចហើយ។ ដូច្នេះ ពេល​នេះ យើង​មាន​កាតព្វកិច្ច​ដ៏​ពិសេស​ក្នុង​ការ​រស់នៅ​ជា​ថ្មី​ ហើយ​បរិសុទ្ធ។

យើង​នឹង​ធ្វើការ​រួមគ្នា​សម្រាប់​និរន្តរភាព​នៃ​ព័ន្ធកិច្ច​ដំណឹងល្អ​យ៉ាង​ទៀងត្រង់​នៅក្នុង​ពួកជំនុំ​នេះ ខណៈ​ដែល​យើង​រក្សា​នូវ​ការ​ថ្វាយបង្គំ ពិធី​ផ្សេងៗ​ក្នុង​ពួកជំនុំ ការ​ដាក់​វិន័យ និង​គោលលទ្ធិ។ យើង​នឹង​ថ្វាយ​តង្វាយ​ដោយ​អរសប្បាយ និង​ទៀងទាត់​ ដើម្បី​ជា​ការ​ផ្គត់ផ្គង់​ដល់​ព័ន្ធកិច្ច សម្រាប់​ការ​ចំណាយ​ផ្សេងៗ​ក្នុង​ពួកជំនុំ ការ​ជួយ​ដល់​អ្នក​ក្រីក្រ និង​សម្រាប់​ការ​ផ្សព្វផ្សាយ​ដំណឹងល្អ​ឲ្យ​ដល់​ជាតិ​សាសន៍​ផ្សេងៗ។

នៅពេល​ដែល​យើង​ចេញពី​ពួកជំនុំ​នេះ​ទៅ យើង​នឹង​រួបរួម​ជាមួយ​នឹង​ពួកជំនុំ​ដទៃ​ទៀត ដើម្បី​បន្ត​អនុវត្ត​លក្ខន្តិកៈ​នេះ និង​គោលការណ៍​នៃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ឲ្យ​បាន​ឆាប់​តាម​ដែល​យើង​អាច​ធ្វើ​បាន។

សូម​ឲ្យ​ព្រះគុណ​នៃ​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ និង​សេចក្តី​ប្រកប​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ជាប់​ជាមួយ​យើង​ទាំងអស់​គ្នា! អាម៉ែន។

ថ្លែង​អំណរ​គុណ​ជា​​ពិសេស

មាន​មនុស្ស​ជាច្រើន​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់ ព្រម​ទាំង​ផ្ដល់​ពិសោធន៍​អំពី​ពួកជំនុំ​ដែល​មាន​សុខភាពល្អ​ដល់​ខ្ញុំ ប៉ុន្តែ​មាន​មនុស្ស​ពីរ​នាក់​បាន​រួមចំណែក​យ៉ាង​ពិសេស​ក្នុង​សៀវភៅ​នេះ។

អ្នក​ទី​មួយ​ឈ្មោះ​លោក ម៉េត ស្មឹកឃើ (Matt Schmucker) បាន​ស្នើ​សុំ​ឲ្យ​ខ្ញុំ​ប្រមូល​សំបុត្រ​ផ្សេងៗ​ដែល​ខ្ញុំ​បាន​ផ្ញើ​ទៅ​ពួកជំនុំ​ចងក្រង​ជា​កូន​សៀវភៅ​អាន​មួយ​ក្បាល​ជា​លើក​ទី​មួយ​ដែល​មិន​បាន​ផ្សព្វផ្សាយ​ឲ្យ​ទូលាយ។ ក្រោយមក លោក​បាន​លើកទឹកចិត្ត​ខ្ញុំ​ជា​រឿយៗ​ឲ្យ​យក​សៀវភៅ​ដែល​បាន​ចងក្រង​លើក​ទី​មួយ​នោះ​ទៅ​ច្រងក្រង​ជា​សៀវភៅ​មួយ​ក្បាល​នេះ។ បើ​គ្មាន​គាត់​ទេ សៀវភៅ​នេះ​មិន​អាច​លេចចេញ​ជា​រូបរាង​បាន​ដែរ។

អ្នក​ទី​ពីរ​ឈ្មោះ​លោក ចនណាថាន លីមែន (Jonathan Leeman) គាត់​បាន​ជួយ​ច្រើន​នៅក្នុង​សៀវភៅ​នេះ ដូច្នេះ​ខ្ញុំ​គិត​ថា​ប្រហែល​ជា​ការ​ល្អ​ប្រសិន​បើ​ខ្ញុំ​ដាក់​ឈ្មោះ​របស់​គាត់​នៅ​លើក្រប​មុខ​ទន្ទឹម​នឹង​ឈ្មោះ​ខ្ញុំ​ដែរ។ ទីបំផុត ដោយ​សារ​សេចក្តី​បង្រៀន​ភាគច្រើន​ជា​របស់​ខ្ញុំ ហើយ​សៀវភៅ​នេះ​ដូចគ្នា​នឹង​កូនសៀវភៅ​មុន​ដែល​មាន​ចំណងជើង​ថា 9Marks និង​របៀប​ដែល​ខ្ញុំ​សរសេរ​សៀវភៅ​នេះ («ខ្ញុំ» សំដៅ​លើ​ខ្ញុំ​ផ្ទាល់ ព្រម​ទាំង​មាន​ឧទាហរណ៍​ពី​ជីវិត​របស់​ខ្ញុំ) ដូច្នេះ អ្នក​ដែល​ជួយ​ពិនិត្យ​សៀវភៅ​នេះ​ក៏​សម្រេចចិត្ត​ដាក់​ត្រឹម​ឈ្មោះ​របស់​ខ្ញុំ។ ខ្ញុំ​គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា លោក​ ចនណាថាន បាន​សរសេរ​រឿង​ប្រៀបប្រដូច​ពី​លោក​ច្រមុះ និង​គ្រួសារ​លោក​ដៃ ហើយ​លោក​ក៏​បាន​សរសេរ​យ៉ាង​វែង​ពី​អ្វី​ដែល​ព្រះគម្ពីរ​សញ្ញាថ្មី​រៀបរាប់​អំពី​ការ​ប្រើ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែរ។ លោក​ក៏​បាន​សរសេរ​ផ្នែក​ផ្សេងៗ​ទៀត​នៅ​ប៉ុន្មាន​ជំពូក​ដំបូង​ដែរ។ មិន​តែ​ប៉ុណ្ណោះ លោក​បាន​ធ្វើ​កិច្ចការ​យ៉ាង​ល្អ ក្នុង​ការ​រៀបចំ​កូន​សៀវភៅ​ចាស់​នោះ​ឡើងវិញ ហើយ​បាន​កែសម្រួល​កូន​សៀវភៅ​នោះ​ឲ្យ​ក្លាយ​ជា​ទម្រង់​ថ្មី ហើយ​ធំ​មួយ​នេះ។ ជាមួយគ្នា​នេះ​ដែរ យើង​សង្ឃឹម​ថា សៀវភៅ​ថ្មី​នេះ​នឹង​មាន​សារប្រយោជន៍​ជាង​មុន។ លោក​ជា​មនុស្ស​ម្នាក់​ដែល​មាន​ទេពកោសល្យ ហើយ​ខ្ញុំ​ទទួល​បាន​ជំនួយ​ដ៏​ធំធេង​ពី​លោក។ តាមរយៈ​សៀវភៅ​នេះ លោកអ្នក​នឹង​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ជាង​ពី​គាត់​ផងដែរ៕៚