ជំពូក៣

ពួកជំនុំ​គួរ​ប្រាថ្នា​ចង់បាន​សុខភាពល្អ

ប្រសិនបើ​លោកអ្នកជា​ឪពុកម្ដាយ​ដែល​ជា​គ្រីស្ទបរិស័ទ តើ​លោកអ្នក​ប្រាថ្នា​ចង់​បាន​អ្វី​សម្រាប់​កូនៗ​របស់​លោកអ្នក? ប្រសិនបើ​លោកអ្នក​ជា​កូន​ដែល​ជា​គ្រីស្ទបរិស័ទ តើ​លោកអ្នក​ប្រាថ្នា​ចង់​បាន​អ្វី​សម្រាប់​គ្រួសារ​របស់​លោកអ្នក?

លោកអ្នក​ប្រហែលជា​ប្រាថ្នា​ចង់​ឲ្យ​គ្រួសារ​របស់​ខ្លួន​រីកចម្រើន​ខាង​ឯ​លក្ខណសម្បត្តិ​មួយ​ចំនួន​ដូចជា សេចក្តី​ស្រឡាញ់ អំណរ​ ភាព​ស្អាតស្អំ សេចក្តី​រួបរួម និង​ការ​កោតខ្លាច​ចំពោះ​ព្រះជាម្ចាស់។ លោកអ្នក​ប្រហែលជា​អាច​គិត​ពី​លក្ខណសម្បត្តិ​មួយ​ចំនួន ប៉ុន្តែ​យើង​នឹង​ព្យាយាម​សរុប​លក្ខណសម្បត្តិ​ទាំងអស់​នោះ​មក​ត្រឹម​ពាក្យ​មួយ​គឺ​ពាក្យ​ថា​សុខភាពល្អ ។ លោកអ្នក​ចង់​បាន​គ្រួសារ​មួយ​ដែល​មាន​សុខភាពល្អ​ គឺជា​គ្រួសារ​ដែល​ចុះសម្រុង​គ្នា រួមរស់​ជាមួយគ្នា និង​ចេះ​ស្រឡាញ់​គ្នា ស្របតាម​អ្វី​ដែល​ព្រះជាម្ចាស់​បាន​រៀបចំ​ចាត់ចែង​ឲ្យ​ក្រុម​គ្រួសារ​នោះ​យក​ទៅ​អនុវត្ត។

ចំណែក​ឯ ពួកជំនុំ​របស់​យើង​ក៏​ដូច្នោះ​ដែរ។ ខ្ញុំ​សូម​លើកទឹកចិត្ត​ឲ្យ​គ្រីស្ទបរិស័ទ​គួរ​ប្រាថ្នា​ចង់​បាន​ពួកជំនុំ​ដែល​មាន​សុខភាពល្អ មិន​ថា​យើង​ជា​គ្រូគង្វាល ឬ​សមាជិក​ពួកជំនុំ​នោះ​ទេ។

ប្រហែលជា​មាន​ពាក្យ​ដើម្បី​នឹង​ពណ៌នា​ថា ពួកជំនុំ​គួរតែ​មាន​លក្ខណៈ​បែប​ណា​ប្រសើរ​ជាង​ពាក្យ «សុខភាពល្អ» នេះ​ទៅ​ទៀត ដោយសារ​យើង​កំពុង​និយាយ​អំពី​មនុស្ស​ដែល​ព្រះរាជបុត្រា​ដ៏​គង់​នៅ​អស់កល្បជានិច្ច​ ជា​ស្តេច​លើ​អស់​ទាំង​ស្តេច និង​ព្រះអម្ចាស់​លើ​អស់​ព្រះអម្ចាស់​បាន​ទិញ​ពួកគេ​ដោយ​ព្រះ​លោហិត​របស់​ទ្រង់។ តើ​ពាក្យ​ថា សុខភាពល្អ គឺជា​ពាក្យ​ដ៏​ល្អ​បំផុត​ដែល​ខ្ញុំ​អាច​យក​មក​ពណ៌នា​ពី​ពួកជំនុំ​ឬ? ទោះជា​យ៉ាងណា ខ្ញុំ​ចូល​ចិត្ត​ពាក្យ សុខភាពល្អ ពីព្រោះ​ពាក្យ​នេះ​ទាក់ទង​នឹង​រូបកាយ​ដែល​មាន​ជីវិត​រស់នៅ ហើយ​លូតលាស់​ទៅ​តាម​ដំណើរ​របស់​វា។ រូបកាយ​នេះ​ប្រហែលជា​មាន​បញ្ហា​ខ្លះ​ដែរ ដ្បិត​វា​មិន​ទាន់​បាន​ល្អ​ឥតខ្ចោះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​វា​កំពុងតែ​ឈាន​ទៅ​រក​ភាពល្អឥតខ្ចោះ​នោះ​ហើយ។ វា​កំពុង​ធ្វើ​នូវ​អ្វី​ដែល​វា​គួរតែ​ធ្វើ ដ្បិត​ព្រះបន្ទូល​កំពុងតែ​នាំ​ផ្លូវ​វា។

ជាញឹកញាប់ ខ្ញុំ​ប្រាប់​ពួកជំនុំ​របស់​ខ្ញុំ​ថា នៅពេល​ដែល​យើង​និយាយ​ពី​ការ​តយុទ្ធ​ជាមួយនឹង​បាប​ក្នុង​ជីវិត​របស់​យើង នោះ​យើង​ត្រូវ​ដឹង​ថា លក្ខណៈ​ខុសគ្នា​រវាង​អ្នកជឿ និង​អ្នកមិនជឿ​គឺ​មិនមែនត្រង់​ថា អ្នកមិនជឿ​ប្រព្រឹត្ត​បាប​ តែ​អ្នកជឿ​មិន​ ប្រព្រឹត្ត​បាប​នោះ​ទេ។ លក្ខណៈ​ខុស​គ្នា​នោះ​គឺ​ត្រង់​ថា តើ​យើង​ឈរ​នៅ​ខាង​ណា​នៅ​ក្នុង​ការ​តយុទ្ធ​នោះ។ អ្នកជឿ​ឈរ​នៅ​ខាង​ព្រះជាម្ចាស់​ប្រឆាំង​នឹង​បាប ប៉ុន្តែ​អ្នកមិនជឿ​ឈរ​ខាង​បាប​ប្រឆាំង​នឹង​ព្រះជាម្ចាស់។ យើង​អាច​និយាយ​ម្យ៉ាងវិញទៀត​ថា អ្នកជឿ​នឹង​ប្រព្រឹត្ត​បាប ប៉ុន្តែ​នៅពេល​ពួកគេ​ប្រព្រឹត្ត​បាប ពួកគេ​នឹង​បែរ​ទៅ​រក​ព្រះជាម្ចាស់ និង​ព្រះបន្ទូល​របស់​ទ្រង់ ហើយ​ទូល​ថា «សូម​ជួយ​ទូលបង្គំ​ក្នុង​ការ​តយុទ្ធ​ទាស់​នឹង​បាប​នេះ​ផង»។ ប៉ុន្តែ​សម្រាប់​អ្នកមិនជឿ​វិញ ទោះបីជា​ពួកគេ​ទទួល​ស្គាល់​បាប​របស់​ខ្លួន​ក៏​ដោយ ក៏​ពួកគេ​នៅ​តែ​និយាយ​ថា «ខ្ញុំ​ចង់​បាន​បាប​របស់​ខ្ញុំ​ជាជាង​ចង់​បាន​ព្រះជាម្ចាស់​ទៅ​ទៀត»។

ពួកជំនុំ​ដែល​មាន​សុខភាពល្អ​ មិនមែន​ជា​ពួកជំនុំ​ដែល​ល្អ​ឥតខ្ចោះ ហើយ​មិន​ប្រព្រឹត្ត​បាប​នោះ​ទេ។ ពួកគេ​មិនទាន់​បាន​ដោះស្រាយ​គ្រប់​ទាំង​បញ្ហា​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ពួកគេ​ជា​ពួកជំនុំ​ដែល​បន្ត​ការ​ព្យាយាម​ឈរ​នៅ​ខាង​ព្រះជាម្ចាស់​ក្នុង​ការ​តយុទ្ធ​ទាស់​នឹង​សេចក្តី​ប៉ងប្រាថ្នា​ដែល​ព្រះជាម្ចាស់​មិន​សព្វព្រះ​ហឫទ័យ ក៏​ដូចជា​ទាស់​នឹង​ការ​បោកបញ្ឆោត​នៃ​លោកីយ៍ សាច់ឈាម និង​សាតាំង។ ពួកគេ​ជា​ពួកជំនុំ​មួយ​ដែល​បន្ត​ការ​ខំប្រឹង​ត្រាប់តាម​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។

សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ផ្តល់​ជូន​លោកអ្នក​នូវ​និយមន័យ​មួយ​ដែល​ច្បាស់​ជាង​នេះ ហើយ​បន្ទាប់មក​យើង​នឹង​ពិនិត្យ​មើល​បទគម្ពីរ​មួយ​ចំនួន​ដែល​គាំទ្រ​និយមន័យ​នេះ៖ ពួកជំនុំ​ដែល​មាន​សុខភាពល្អ គឺជា​ពួកជំនុំ​ដែល​បន្ត​ការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ចរិតលក្ខណៈ​របស់​ព្រះជាម្ចាស់​ច្រើនឡើងៗ​ដូច​ទៅ​នឹង​ចរិតលក្ខណៈ​ដែល​ទ្រង់​បាន​បើកសម្ដែង​ឲ្យ​ឃើញ​នៅ​ក្នុង​ព្រះបន្ទូល​របស់​ទ្រង់។

ដូច្នេះ ប្រសិនបើ​មាន​គ្រូគង្វាល​ម្នាក់​សួរ​ខ្ញុំ​ថា តើ​ពួកជំនុំ​ប្រភេទ​ណា​ដែល​ខ្ញុំ​ចង់​លើកទឹកចិត្ត​ឲ្យ​គាត់​ប្រាថ្នា​ចង់​បាន នោះ​ខ្ញុំ​ប្រហែលជា​នឹង​ឆ្លើយ​ថា «ខ្ញុំ​លើកទឹកចិត្ត​ឲ្យ​លោកគ្រូ​ប្រាថ្នា​ចង់​បាន​ពួកជំនុំ​មួយ​ដែល​មាន​សុខភាពល្អ គឺជា​ពួកជំនុំ​ដែល​បន្ត​ការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ចរិតលក្ខណៈ​របស់​ព្រះជាម្ចាស់​កាន់តែ​ច្រើនឡើងៗ​ដូច​ទៅ​នឹង​ចរិតលក្ខណៈ​ដែល​ទ្រង់​បាន​បើកសម្ដែង​ឲ្យ​ឃើញ​នៅ​ក្នុង​ព្រះបន្ទូល​របស់​ទ្រង់»។

ចុះ​ចំណែក​ឯ​អ្នកជឿ​វិញ តើ​ខ្ញុំ​ប្រហែលជា​នឹង​លើកទឹកចិត្ត​ឲ្យ​លោកអ្នក​ចូលរួម បម្រើ និង​ខំ​អត់ធ្មត់​ជាមួយ​ពួកជំនុំ​ប្រភេទ​ណា? ចម្លើយ​គឺ​ពួកជំនុំ​ដែល​មាន​សុខភាពល្អ ជា​ពួកជំនុំ​ដែល​បន្ត​ការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ចរិតលក្ខណៈ​របស់​ព្រះជាម្ចាស់​កាន់តែ​ច្រើនឡើងៗ​ដូច​ទៅ​នឹង​ចរិតលក្ខណៈ​ដែល​ទ្រង់​បាន​បើកសម្ដែង​ឲ្យ​ឃើញ​នៅ​ក្នុង​ព្រះបន្ទូល​របស់​ទ្រង់។

បើ​លោកអ្នក​បាន​អាន​យ៉ាង​យក​ចិត្ត​ទុកដាក់ នោះ​លោកអ្នក​ច្បាស់​ជា ​កត់សម្គាល់​ឃើញ​ថា ខ្ញុំ​បាន​ប្រើ​ពាក្យ «ប្រហែល» ម្តង​ហើយ​ម្តង​ទៀត។ ខ្ញុំ​មាន​មូលហេតុ​ពីរ​យ៉ាង​ដែល​ខ្ញុំ​ប្រើ​ពាក្យ «ប្រហែល»។ ទីមួយ ខ្ញុំ​មិន​ចង់​ណែនាំ​ថា នេះ​គឺ​ជា​វិធី​តែ​មួយ​គត់​សម្រាប់​យើង ដើម្បី​នឹង​ពណ៌នា​ថា​ពួកជំនុំ​គួរតែ​មាន​លក្ខណៈ​បែបណា​នោះ​ទេ។ ពេល​យើង​ស្ថិត​នៅក្នុង​ស្ថានភាព​ផ្សេង ឬ​គោលបំណង​ផ្សេង នោះ​យើង​ប្រហែលជា​ឲ្យ​និយមន័យ​បែប​ផ្សេង​មួយ​ទៀត​ដែរ។ ប្រហែលជា​មាន​អ្នកនិពន្ធ ណា​ម្នាក់​ចង់​ឆ្លើយតប​ទាស់​ទៅ​នឹង​ក្រឹត្យវិន័យ​និយម ឬ​សេចក្តី​អាសអាភាស​នៅ​ក្នុង​ពួកជំនុំ ដូច្នេះ​ហើយ​គាត់​នឹង​ចាប់ផ្តើម​ឲ្យ​និយមន័យ​ដោយ​លើកឡើង​ថា «លក្ខណៈ​សំខាន់​បំផុត​ដែល​ពួកជំនុំ​យើង​គួរ​ផ្ដោត​លើ គឺ​ការ​យក​ឈើឆ្កាង​ជា​គោល»។ ខ្ញុំ​នឹង​ឯកភាព​ដោយ​បន្លឺ​ថា «អាម៉ែន» ត្រង់​ចំណុច​នេះ។ ឬ​ក៏​ប្រហែលជា​មាន​អ្នកនិពន្ធ​ម្នាក់​ផ្សេង​ទៀត​ចង់​ឆ្លើយតប​ទាស់​ទៅ​នឹង​ការ​ដែល​ពួកជំនុំ​មិន​យកចិត្ត​ទុកដាក់​ទៅ​នឹង​ព្រះបន្ទូល ក្នុង​ករណី​នេះ គាត់​នឹង​ដាស់តឿន​ពួកជំនុំ​ឲ្យ​យក​ព្រះគម្ពីរ​ជា​គោល។ នោះ​ខ្ញុំ​នឹង​ឯកភាព​ដោយ​បន្លឺ​ថា «អាម៉ែន» ម្ដង​ទៀត។

ទីពីរ ខ្ញុំ​មិន​ចង់​សន្មត​ថា មិន​មាន​នរណា​ម្នាក់​អាច​ពន្យល់​បាន​ប្រសើរ​ជាង​អ្វី​ដែល​ខ្ញុំ​កំពុង​តែ​ព្យាយាម​ពន្យល់​នោះ​ទេ។ អ្វី​ដែល​ខ្ញុំ​បាន​សរសេរ​នេះ គឺជា​អ្វី​ដែល​ល្អ​បំផុត​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​នៅពេល​នេះ ដើម្បី​នឹង​ពន្យល់​ពី​អ្វី​ដែល​ខ្ញុំ​ជឿ​ថា​ជា​គោលដៅ​ស្នូល​របស់​ពួកជំនុំ​ស្រប​តាម​ព្រះគម្ពីរ។ គោលដៅ​ស្នូល​នោះ​គឺ ការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ចរិតលក្ខណៈ​របស់​ព្រះជាម្ចាស់​ដូច​ទៅ​នឹង​ចរិតលក្ខណៈ​ដែល​ទ្រង់​បាន​បើកសម្ដែង​ឲ្យ​ឃើញ​នៅ​ក្នុង​ព្រះបន្ទូល​របស់​ទ្រង់។

តើ​មាន​គ្រីស្ទបរិស័ទ​ណា ​ដែល​មិន​ចង់​ធ្វើ​តាម​គោលដៅ​
ស្នូល​នេះ?

ព្រះគម្ពីរ​ធ្វើឲ្យ​យើង​មាន​គ្រប់​ទាំង​ចំណេះ

ការ​ដែល​យើង​កាន់តែ​មាន​ចរិតលក្ខណៈ​ដូចជា​ព្រះជាម្ចាស់​ដូច​ដែល​ទ្រង់​បាន​បើកសម្ដែង​ឲ្យ​យើង​ឃើញ​នៅ​ក្នុង​ព្រះបន្ទូល​របស់​ទ្រង់ មាន​ន័យ​ថា យើង​ត្រូវ​រៀន​ព្រះបន្ទូល​របស់​ទ្រង់។ ហេតុអ្វី​បាន​ជា​យើង​ត្រូវ​ត្រាប់តាម​ព្រះបន្ទូល ហើយ​មិន​ធ្វើ​តាម​អ្វី​​ដែល​អ្នក​ដទៃ​និយាយ​ថា វិធី​មួយ​នេះ​មាន​ប្រសិទ្ធភាព​ នៅ​ពេល​ដែល​យើង​សម្រេច​ថា​ពួកជំនុំ​របស់​យើង​គួរ​ធ្វើ​អ្វី និង​គួរ​មាន​លក្ខណៈ​បែបណា​នោះ? នៅក្នុង​សំបុត្រ​ទី​ពីរ​របស់​លោក ប៉ុល ផ្ញើ​ទៅ​កាន់​លោក ធីម៉ូថេ ដែល​ជា​គ្រូគង្វាល​នៃ​ពួកជំនុំ​នៅ​ក្នុង​ទីក្រុង​អេភេសូរ លោក ប៉ុល បាន​ប្រាប់​លោក ធីម៉ូថេ ថា ព្រះគម្ពីរ​នឹង​ធ្វើ​ឲ្យ​គាត់ «មាន​ចំណេះ​សម្រាប់​ធ្វើ​ការ​ល្អ​គ្រប់​ជំពូក» (គកស)។ ប្រសិនបើ​មាន​អ្វី​មួយ​ដែល​ពួកជំនុំ​យើង​គិត​ថា ពួកគេ​គួរ​តែ​ធ្វើ ប៉ុន្តែ​ពួកគេ​មិន​បាន​ឃើញ​វា​មាន​នៅ​ក្នុង​ព្រះបន្ទូល​ទេ នោះ​លោក ប៉ុល និយាយ​ខុស​ហើយ ដោយ​សារ​យើង​មិន​អាច​ថា ព្រះគម្ពីរ​ធ្វើ​ឲ្យ​យើង​មាន​គ្រប់​ទាំង​ចំណេះ​សម្រាប់​នឹង​ធ្វើ «ការ​ល្អ​គ្រប់​ជំពូក» នោះ​ទេ។

តើ​នោះ​មាន​ន័យ​ថា ខ្ញុំ​កំពុង​តែ​និយាយ​ថា យើង​មិន​គួរ​ប្រើ​ខួរក្បាល​ដ៏​ល្អ​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ឲ្យ​យើង​ទេ​ឬ? ទេ មិន​ដូច្នោះ​ទេ! ខ្ញុំ​គ្រាន់​តែ​និយាយ​ថា សូម​ឲ្យ​យើង​ចាប់ផ្តើម​ស្វែងយល់​ពី​ព្រះគម្ពីរ ហើយ​ចាំ​មើល​ថា យើង​នឹង​រក​ឃើញ​អ្វី​ខ្លះ។

ខ្ញុំ​ចង់​ពិនិត្យ​មើល​ត្រួសៗ​ទៅ​លើ​ព្រឹត្តិការ​ណ៍​ចំនួន​ប្រាំមួយ​នៅក្នុង​សាច់រឿង​នៃ​ព្រះគម្ពីរ​ដែល​នឹង​ជួយ​ឲ្យ​យើង​ឃើញ​នូវ​អ្វី​ដែល​យើង​ចង់​ឲ្យ​ពួកជំនុំ​កាន់តែ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ចរិតលក្ខណៈ​របស់​ព្រះជាម្ចាស់​ច្រើនឡើងៗ​ដូច​ទៅ​នឹង​ចរិតលក្ខណៈ​ដែល​ទ្រង់​បាន​បើកសម្ដែង​ឲ្យ​ឃើញ​នៅ​ក្នុង​ព្រះបន្ទូល​របស់​ទ្រង់។ ព្រះគម្ពីរ​ពិតជា​បាន​ប្រាប់​រឿង​មួយ​ដល់​យើង​មែន។ រឿង​នេះ​មាន​ឈុត​តូចៗ​ច្រើន​រាប់មិនអស់ ប៉ុន្តែ​ឈុត​តូចៗ​ទាំងអស់​នេះ​មាន​ចំណែក​នៅ​ក្នុង​រឿង​ធំ​តែ​មួយ។ គោលដៅ​នៃ​ការ​សង្ខេប​នេះ​គឺ ស្វែងយល់​ពី​អ្វី​ដែល​ព្រះជាម្ចាស់​សព្វព្រះ​ហឫទ័យ​ឲ្យ​ពួកជំនុំ​ធ្វើ និង​​លក្ខណៈ​បែបណា​ដែល​ពួកគេ​គួរ​មាន។

រូបអង្គ​ព្រះជាម្ចាស់​សំខាន់​បំផុត

) ការ​បង្កើត

នៅក្នុង​កណ្ឌ​លោកុប្បត្ដិ ព្រះជាម្ចាស់​បាន​បង្កើត​រុក្ខជាតិ និង​សត្វ «តាម​ពូជ» របស់​វា​នីមួយៗ។ គ្រប់​ទាំង​ផ្លែ​ស្វាយ​គឺ​មក​ពី​ពូជ​ស្វាយ​ផ្សេងទៀត ហើយ​គ្រប់​ទាំង​សេះ​គឺ​មក​ពី​ពូជ​សេះ​ផ្សេងទៀត។ ចំពោះ​មនុស្ស​វិញ ព្រះគម្ពីរ​ប្រាប់​ថា «ចូរ​យើង​ធ្វើ​មនុស្ស​ឲ្យ​ដូច​ជា​រូប​យើង ឲ្យ​មាន​ភាព​ដូច​យើង» (លោកុប្បត្ដិ ១:២៦)។ ដូច្នេះ ព្រះជាម្ចាស់​មិន​បាន​បង្កើត​មនុស្ស​មក​តាម​ពូជ​មនុស្ស​ណា​ផ្សេងទៀត​នោះ​ទេ។ ព្រះជាម្ចាស់​បាន​បង្កើត​មនុស្ស​មក​ដូច​រូប​អង្គ​ទ្រង់​និង​មាន​ភាព​ដូច​ទ្រង់។ មនុស្ស​ឆ្លុះបញ្ចាំង​ពី​លក្ខណៈ​របស់​ព្រះជាម្ចាស់​ក្នុង​របៀប​ដ៏​ពិសេស​មួយ។

ដោយសារតែ​ព្រះជាម្ចាស់​បាន​បង្កើត​យើង​យ៉ាង​ពិសេស​ដូច​រូបអង្គ​នៃ​ទ្រង់ ដូច្នេះ​មនុស្ស​ត្រូវតែ​ឆ្លុះបញ្ចាំង​ពី​ទ្រង់ និង​សិរីល្អ​របស់​ទ្រង់​ក្នុង​លក្ខណៈ​មួយ​ដ៏​ពិសេស​នៅ​ចំពោះ​អ្វីៗ​ទាំងអស់​ដែល​ទ្រង់​បាន​បង្កើត​មក។ ដូចជា​កូន​ដែល​មាន​ចរិតលក្ខណៈ​ដូច​ឪពុក​របស់​ខ្លួន ហើយ​ដើរ​តាម​ជំហាន​របស់​ឪពុក​ខ្លួន​យ៉ាងដូច្នោះ​ដែរ (លោកុប្បត្ដិ ៥:១; លូកា ៣:៣៨) ព្រះជាម្ចាស់​បាន​បង្កើត​មនុស្ស​មក​ឲ្យ​ធ្វើ​ជា​អ្នកតំណាង​ឲ្យ​ ចរិតលក្ខណៈ​របស់​ទ្រង់ ហើយ​ឲ្យ​ពួកគេ​គ្រប់គ្រង​អ្វីៗ​ដែល​ទ្រង់​បាន​បង្កើត​មក៖ «ហើយ​ឲ្យ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស និង​សត្វ​ជើង​៤​ដែល​នៅ​លើ​ផែនដី​ទាំង​មូល ព្រម​ទាំង​សត្វ​លូន​វារ​ដែល​វារ​នៅ​លើ​ផែនដី​ផង» (លោកុប្បត្ដិ ១:២៦)។

) ការ​ធ្លាក់​ក្នុង​អំពើ​បាប

ប៉ុន្តែ​ មនុស្ស​បាន​សម្រេច​ចិត្ត​មិន​ព្រម​ធ្វើ​ជា​អ្នកតំណាង​ឲ្យ​ការ​គ្រប់គ្រង​របស់​ព្រះជាម្ចាស់​ទេ។ ពួកគេ​បាន​បះបោរ​ទាស់​នឹង​ព្រះ​ជាម្ចាស់ ហើយ​បាន​ធ្វើ​ជា​អ្នក​តំណាង​ឲ្យ​ការ​គ្រប់គ្រង​ខ្លួនឯង​វិញ។ ដូច្នោះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​ប្រទាន​នូវ​អ្វី​ដែល​ពួកគេ​ចង់​បាន ហើយ​បាន​បណ្តេញ​ពួកគេ​ចេញពី​ព្រះវត្តមាន​របស់​ទ្រង់។ ដោយសារ​មនុស្ស​បាន​ប្រព្រឹត្ត​បាប នោះ​មាន​ន័យ​ថា គេ​មិន​អាច​ចូល​ទៅ​ជិត​ព្រះជាម្ចាស់​ដោយ​ខ្លួន​ឯង​បាន​តទៅ​ទៀត​ទេ។

តើ​មនុស្ស​នៅ​តែ​មាន​លក្ខណៈ​ដូច​រូប​អង្គ​ព្រះជាម្ចាស់​ឬទេ​ ទោះបើ​ពួកគេ​បាន​ធ្លាក់​ក្នុង​អំពើបាប? ពិតណាស់ ពួកគេ​នៅ​តែ​មាន! កណ្ឌ​លោកុប្បត្ដិ​បាន​បញ្ជាក់​ម្តង​ទៀត​ថា ព្រះជាម្ចាស់​បាន​បង្កើត​មនុស្ស​មក​ដូច «រូបអង្គ» ទ្រង់ (លោកុប្បត្ដិ ៥:១; ៩:៦)។ ប៉ុន្តែ​ឥឡូវ រូប​អង្គ​ទ្រង់​ដែល​នៅ​ក្នុង​យើង​ បាន​ខូច​ហើយ។ យើង​អាច​ប្រៀបធៀប​ការ​ឆ្លុះបញ្ចាំង​ពី​រូប​អង្គ​ទ្រង់​នេះ​ទៅ​នឹង​កញ្ចក់ឆ្លុះ​ដែល​បាន​ប្រេះស្រាំ ដូច្នេះហើយ វា​បង្ហាញ​រូបភាព​ដ៏​អាក្រក់​ខុស​ពី​រូបភាព​ដើម។ យើង​នៅតែ​ឆ្លុះបញ្ចាំង​ពី​ចរិតលក្ខណៈ​របស់​ព្រះជាម្ចាស់​ដដែល ទោះបើ​យើង​ប្រព្រឹត្ត​បាប​ក៏​ដោយ។ ប៉ុន្តែ​ ការ​ឆ្លុះបញ្ចាំង​នោះ គឺ​ជា​ការ​បង្ហាញ​ពី​លក្ខណៈ​ពិត និង​លក្ខណៈ​មិន​ពិត​របស់​ទ្រង់​មក​លាយឡំ​គ្នា។ អ្នកប្រាជ្ញ​ខាង​ព្រះគម្ពីរ​ប្រើ​ពាក្យ​ដូច​នេះ​ថា មនុស្ស​បាន​ត្រឡប់ជា «ជាប់ទោស» ហើយ «ខូច»។

) សាសន៍អ៊ីស្រាអែល

ដោយសារ​សេចក្តី​មេត្តាករុណា​របស់​ព្រះជាម្ចាស់ ទ្រង់​មាន​ផែនការ​មួយ​ដើម្បី​សង្គ្រោះ​ មនុស្ស​មួយ​ក្រុម ក៏​ដូចជា​ប្រើ​ ពួកគេ​ឲ្យ​សម្រេច​នូវ​គោលបំណង​ដើម​របស់​ទ្រង់​សម្រាប់​អ្វីៗ​ដែល​ទ្រង់​បាន​បង្កើត​មក។ គោលបំណង​នោះ​គឺ​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​សិរីល្អ​របស់​ទ្រង់។ ព្រះជាម្ចាស់​បាន​សន្យា​នឹង​បុរស​ម្នាក់​ឈ្មោះ អាប់រ៉ាម ថា​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​គាត់ និង​កូនចៅ​របស់​គាត់។ ហើយ​ពួកគេ​ក៏​នឹង​ក្លាយទៅជា​ព្រះពរ​ដល់​គ្រប់​ទាំង​គ្រួសារ​នៅ​លើ​ផែនដី (លោកុប្បត្ដិ ១២:១-៣)។ ទ្រង់​បាន​ហៅ​ពួកគេ​ថា «សាសន៍​បរិសុទ្ធ» និង «នគរ​ដែល​សុទ្ធ​តែ​ជា​សង្ឃ» (និក្ខមនំ ១៩:៥-៧)។ នេះ​មាន​ន័យ​ថា ព្រះជាម្ចាស់​បាន​ញែក​ពួកគេ​ទុក ដើម្បី​នឹង​បង្ហាញ ហើយ​ឆ្លុះបញ្ចាំង​ពី​ចរិតលក្ខណៈ​របស់​ទ្រង់ និង​សិរីល្អ​របស់​ទ្រង់​ដល់​សាសន៍​ដទៃ​ទៀត​ដោយ​ការ​ធ្វើ​តាម​ក្រឹត្យវិន័យ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួកគេ (ដូច​ដែល​លោក អ័ដាម គួរតែ​បាន​ធ្វើ​ដែរ)។ ព្រះជាម្ចាស់​បាន​មាន​បន្ទូល​ទៅកាន់​សាសន៍​អ៊ីស្រាអែល​ឲ្យ​ពួកគេ​បង្ហាញ​ដល់​លោកីយ៍​ពី​លក្ខណៈ​របស់​ទ្រង់ «ចូរ​ឲ្យ​ឯង​រាល់​គ្នា​ញែក​ខ្លួន​ចេញ ហើយ​ឲ្យ​នៅ​ជា​បរិសុទ្ធ​ចុះ ដ្បិត​អញ​ជា​បរិសុទ្ធ» (លេវន័យ ១១:៤៤; ១៩:២; ២០:៧)។

ព្រះជាម្ចាស់​ថែម​ទាំង​បាន​ហៅ​សាសន៍​នេះ​ថា​ជា «កូន» របស់​ទ្រង់​ទៀត​ផង ដ្បិត​ក្នុង​ប្រពៃណី​សម័យ​នោះ គេ​រំពឹង​ថា កូន​នឹង​ដើរ​តាម​គន្លង​របស់​ឪពុក (និក្ខមនំ ៤:២២-២៣)។ ហើយ​ទ្រង់​ក៏​បាន​សន្យា​ថា​នឹង​គង់​នៅ​ជាមួយនឹង​ «កូន»​ មួយ​នេះ​នៅ​ក្នុង​ទឹកដី​ដែល​ទ្រង់​នឹង​ប្រទាន​ដល់​ពួកគេ។ នេះ​គឺ​ជា​ឱកាស​ដែល​សាសន៍​នេះ​អាច​បង្ហាញ​ពី​សិរីល្អ​របស់​ព្រះជាម្ចាស់​ដល់​សាសន៍​ដែល​នៅ​ជុំវិញ​ពួកគេ​បាន (១ពង្សាវតារក្សត្រ ៨:៤១-៤៣)។

ប៉ុន្តែ ​ព្រះជាម្ចាស់​ក៏​បាន​ព្រមាន​ដល់​ «កូន» នេះ​ដែរ​ថា ប្រសិន​បើ​គេ​មិន​ស្ដាប់បង្គាប់ ហើយ​មិន​បង្ហាញ​ពី​ចរិតលក្ខណៈ​បរិសុទ្ធ​របស់​ទ្រង់​ទេ នោះ​ទ្រង់​នឹង​បណ្តេញ​គេ​ចេញពី​ទឹកដី​នោះ។ និយាយ​ឲ្យ​ខ្លី​ទៅ «កូន» ​នេះ​មិន​បាន​ស្ដាប់បង្គាប់​ទេ ហេតុដូច្នេះហើយ​បាន​ជា​ព្រះជាម្ចាស់​បណ្តេញ​គេ​ចេញពី​ព្រះវត្តមាន​របស់​ទ្រង់ និង​ចេញពី​ទឹក​ដី​នោះ។

) ព្រះគ្រីស្ទ

មេរៀន​ដ៏​សំខាន់​មួយ​ពី​ពួក​អ៊ីស្រាអែល​ជំនាន់​ដើម​គឺ​ថា មនុស្ស​មាន​បាប​មិន​អាច​បង្ហាញ​ពី​រូប​អង្គ​ព្រះជាម្ចាស់​បាន​យ៉ាង​គ្រប់លក្ខណ៍​ដោយ​ខ្លួនឯង​នោះ​ទេ ទោះបីជា​ពួកគេ​មាន​ក្រឹត្យវិន័យ​របស់​ទ្រង់ មាន​ទឹកដី​របស់​ទ្រង់ និង​មាន​ព្រះវត្តមាន​របស់​ទ្រង់​ក៏​ដោយ។ រឿង​របស់​ពួក​អ៊ីស្រាអែល​នេះ​គួរតែ​ធ្វើ​ឲ្យ​យើង​ម្នាក់ៗ​បន្ទាប​ខ្លួន​ចុះ។ មាន​តែ​ព្រះជាម្ចាស់​ទេ​ដែល​អាច​បង្ហាញ​ពី​រូប​អង្គ​ទ្រង់​បាន​យ៉ាង​គ្រប់លក្ខណ៍ ហើយ​មាន​តែ​ព្រះជាម្ចាស់​ទេ​ដែល​អាច​សង្គ្រោះ​យើង​ចេញពី​បាប និង​សេចក្តី​ស្លាប់​បាន។

ដូច្នេះ​ហើយ ព្រះជាម្ចាស់​បាន​បញ្ជូន​ព្រះ​រាជបុត្រា​តែ​មួយ​របស់​ទ្រង់​ឲ្យ​ «ប្រសូត​មក​មាន​រូប​ជា​មនុស្ស» (ភីលីព ២:៧)។ កូន​ស្ងួនភ្ងា​មួយ​អង្គ​នេះ​ជា​កូន​ដែល​ព្រះវរបិតា​សព្វ​ព្រះ​ហឫទ័យ​ណាស់ ទ្រង់​បាន​ចុះ​ចូល​ទាំង​ស្រុង​ទៅ​នឹង​ការ​ដឹកនាំ និង​នគរ​របស់​ព្រះជាម្ចាស់។ កូន​ស្ងួនភ្ងា​មួយ​អង្គ​នេះ​បាន​ធ្វើ​នូវ​អ្វី​ដែល​លោក អ័ដាម មិន​បាន​ធ្វើ គឺ​ទ្រង់​មិន​ព្រម​ធ្វើ​តាម​ការ​ល្បួង​របស់​សាតាំង​ទេ។ ទ្រង់​បាន​មាន​បន្ទូល​ទៅ​កាន់​មេល្បួង ខណៈ​ដែល​ទ្រង់​កំពុង​តម​អាហារ​នៅក្នុង​ទីរហោស្ថាន​ថា៖ «មនុស្ស​មិនមែន​រស់ ដោយសារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយសារ​គ្រប់​ទាំង​ព្រះបន្ទូល ដែល​ចេញពី​ព្រះឱស្ឋ​ព្រះ​មក​ដែរ» (ម៉ាថាយ ៤:៤)។

ព្រះយេស៊ូវ​បាន​ធ្វើ​នូវ​អ្វី​ដែល​អ៊ីស្រាអែល​មិន​បាន​ធ្វើ។ ទ្រង់​រស់នៅ​ដោយ​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ និង​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះវរបិតា​ទាំង​ស្រុង។ «ខ្ញុំ​មិន​ធ្វើ​អ្វី​ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ តាម​តែ​ព្រះវរបិតា​បាន​បង្រៀន​ខ្ញុំ​វិញ» (យ៉ូហាន ៨:២៨ ហើយ​សូម​មើល​បន្ថែម​នៅ​កណ្ឌ​យ៉ូហាន ៦:៣៨; ១២:៤៩)។

ដោយសារ​ព្រះរាជបុត្រា​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​រូបអង្គ​ព្រះវរបិតា​ទ្រង់​យ៉ាង​ឥតខ្ចោះ ដូច្នេះ​ទ្រង់​អាច​មាន​បន្ទូល​ទៅ​កាន់​លោក ភីលីព ជា​សិស្ស​ទ្រង់​ថា «អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះវរបិតា​ដែរ» (យ៉ូហាន ១៤:៩)។

ព្រះវរបិតា​យ៉ាងណា នោះ​ព្រះរាជបុត្រា​ក៏​យ៉ាង​នោះ​ដែរ។

នៅពេល​អ្នកនិពន្ធ​កណ្ឌគម្ពីរ​សំបុត្រ​នៅ​សញ្ញាថ្មី​បាន​គិត​ពី​អ្វី​ដែល​បាន​កើត​ឡើង​ទាក់ទង​នឹង​ព្រះយេស៊ូវ នោះ​ពួកគេ​បាន​ពណ៌នា​ពី​ទ្រង់​ថា​ជា «រូប​អង្គ​នៃ​ព្រះ​ដ៏​មើល​មិន​ឃើញ» (កូល៉ុស ១:១៥) ហើយ​ជា «រស្មី​ភ្លឺ​នៃ​សិរីល្អ​របស់​ព្រះ និង​ជា​រូបភាព​អង្គ​ព្រះ​សុទ្ធសាធ» (ហេព្រើរ ១:៣ គកស)។ ព្រះយេស៊ូវគ្រីស្ទ​ប្រៀប​ដូចជា លោក អ័ដាម​ថ្មី និង​អ៊ីស្រាអែល​ថ្មី ពីព្រោះ​ទ្រង់​បាន​ស្ដារ​នូវ​រូបអង្គ​របស់​ព្រះជាម្ចាស់​ដែល​មាន​នៅ​ក្នុង​មនុស្ស​ឡើង​វិញ។

ប៉ុន្តែ ព្រះគ្រីស្ទ​មិន​គ្រាន់តែ​បាន​បង្ហាញ​ពី​ភាពបរិសុទ្ធ​ដ៏​ឧត្តម​របស់ព្រះជាម្ចាស់​តាមរយៈ​ការ​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​តែ​ប៉ុណ្ណោះ​ទេ ទ្រង់​ថែម​ទាំង​បាន​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់ និង​ក្តី​មេត្តាករុណា​ដ៏​ឧត្តម​របស់​ព្រះជាម្ចាស់​តាមរយៈ​ការ​សុគត​នៅ​លើ​ឈើឆ្កាង​ជំនួស​មនុស្ស​មាន​បាប ដែល​ជា​ការ​បង់​ថ្លៃ​ដល់​ទោស​នៃ​អំពើ​បាប​ដែល​ពួកគេ​សម​តែ​នឹង​ទទួល​ទៀត​ផង (យ៉ូហាន ១៧:១-៣)។ ការ​បូជា​ជំនួស​នេះ​គឺជា​អ្វី​ដែល​ព្រះគម្ពីរ​សញ្ញាចាស់​បាន​ចង្អុល​ទៅ​រក​តាំងពី​ដើម​រៀង​មក។ សូម​គិត​ពី​សត្វ​ដែល​ព្រះជាម្ចាស់​យក​ទៅ​សម្លាប់​ដើម្បី​គ្រប​បាំង​ភាពអាក្រាត​របស់​លោក អ័ដាម និង​នាង អេវ៉ា បន្ទាប់ពី​ពួកគេ​បាន​ធ្វើ​បាប។ សូម​គិត​ពី​ពេល​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ចៀម​ឈ្មោល​មួយ​ក្បាល​ដល់​លោក អ័ប្រាហាំ​ និង​ អ៊ីសាក ដើម្បី​សង្គ្រោះ​អ៊ីសាក។ សូម​គិត​ពី​លោក យ៉ូសែប ជា​កូន​ដែល​ត្រូវ​បងៗ​បង្កើត​របស់​គាត់​បោះបង់ចោល ហើយ​លក់​ទៅ​ស្រុក​ឆ្ងាយ ដូច្នោះ​ហើយ​គាត់​អាច​ធ្វើ​ជា​អ្នក​សង្រួបសង្រួម​សម្រាប់​ជាតិ​សាសន៍​មួយ។ សូម​គិត​ដល់​រាស្ត្រ​អ៊ីស្រាអែល​ដែល​ពួកគេ​បាន​លាប​ឈាម​ចៀម​នៅ​លើ​ក្រប​ទ្វារ​ផ្ទះ​របស់​ពួកគេ ដើម្បី​ឲ្យ​កូនច្បង​របស់​ពួកគេ​រួច​ជីវិត។ សូម​គិត​ពី​ពួក​គ្រួសារ​អ៊ីស្រាអែល​ដែល​ពួកគេ​បាន​នាំ​យក​តង្វាយ​សម្រាប់​លោះ​បាប​មក​ដាក់​នៅ​ទីលាន​ព្រះវិហារ រួច​ពួកគេ​បាន​ដាក់​ដៃ​នៅ​លើ​ក្បាល​សត្វ ហើយ​បន្ទាប់មក​ពួកគេ​ក៏​អារ​ក​សត្វ​នោះ​ដោយ​និយាយ​ថា «ឈាម​សត្វ​ដែល​ខ្ចាយ​នោះ​គួរ​តែ​ជា​ឈាម​របស់​ខ្ញុំ»។ សូម​គិត​ពី​សម្ដេច​សង្ឃ​ដែល​គាត់​ចូល​ក្នុង​ទី​បរិសុទ្ធ​បំផុត​ម្តង​មួយ​ឆ្នាំ ដើម្បី​ថ្វាយ​យញ្ញបូជា​លោះ​បាប​ជំនួស​សាសន៍​អ៊ីស្រាអែល។ សូម​គិត​ពី​សេចក្តី​សន្យា​ដែល​ហោរា អេសាយ លើកឡើង៖ «តែ​ទ្រង់​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយ​ផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ទ្រង់ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា​ដោយសារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់» (អេសាយ ៥៣:៥)។

ការ​ទាំងអស់​នេះ និង​ការ​ជា​ច្រើន​ទៀត គឺ​ចង្អុល​ទៅ​រក​ព្រះ យេស៊ូវគ្រីស្ទ ដែល​ទ្រង់​បាន​យាង​ទៅ​ឯ​ឈើឆ្កាង​ក្នុង​នាម​ជា​កូន​ចៀម​នៃ​ព្រះជាម្ចាស់​ទុក​ជា​យញ្ញបូជា។ ដូចគ្នា​នេះ​ដែរ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​បញ្ជាក់​ដល់​សិស្ស​របស់​ទ្រង់​នៅ​ឯ​បន្ទប់​ខាង​លើ​ថា ទ្រង់​បាន​យាង​ទៅ​ដើម្បី​នឹង​ផ្តល់​នូវ «សញ្ញា​ថ្មី​មួយ​ ដែល​តាំង​ដោយ​នូវ​ឈាម​ទ្រង់» សម្រាប់​អស់​អ្នកណា​ដែល​ប្រែចិត្ត​ហើយ​ទទួល​ជឿ​ទ្រង់។

) ពួកជំនុំ

យើង​បាន​ស្លាប់​ក្នុង​អំពើ​បាប​របស់​យើង ប៉ុន្តែ​ទ្រង់​បាន​ប្រោស​យើង​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅពេល​ដែល​យើង​ជ្រមុជ​ក្នុង​ការ​សុគត និង​ការ​រស់ឡើង​វិញ​របស់​ព្រះគ្រីស្ទ។ ដូច្នេះ​ហើយ លោក ប៉ុល ប្រកាស​ថា «ដ្បិត​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​កូន​ព្រះ ដោយ​សារ​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ​យេស៊ូវ ព្រោះ​អស់​អ្នក​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​ប្រដាប់​កាយ​ដោយ​ព្រះគ្រីស្ទ​ហើយ» (កាឡាទី ៣:២៦-២៧)។ «ហើយ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ជា​កូន បាន​ជា​ព្រះ​ទ្រង់​ចាត់​ព្រះវិញ្ញាណ​នៃ​ព្រះរាជបុត្រា​ទ្រង់ ឲ្យ​មក​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​បន្លឺ​ឡើង​ថា អ័ប្បា ព្រះវរបិតា​អើយ» (កាឡាទី ៤:៦)។

តើ​កូន​របស់​ព្រះជាម្ចាស់​ដ៏​ច្រើន​ទាំង​នេះ​ត្រូវ​ធ្វើ​អ្វី​ខ្លះ? យើង​ត្រូវ​បង្ហាញ​នូវ​ចរិតលក្ខណៈ​ របស់​ព្រះរាជបុត្រា និង​ព្រះវរបិតា​ដែល​ទ្រង់​គង់​នៅ​ឯ​នគរ​ស្ថានសួគ៌ ហើយ​យើង​ក៏​ត្រូវ​បង្ហាញ​នូវ​ភាព​ដូច ជា​ព្រះ ព្រមទាំង​រូបអង្គ និង​សិរីល្អ​ របស់​ទ្រង់​ផង​ដែរ។

ព្រះយេស៊ូវ​ប្រាប់​យើង​ឲ្យ​ធ្វើ​ជា «អ្នក​ផ្សះផ្សា» ដោយ​ព្រោះ​ព្រះវរបិតា​ទ្រង់​បាន​ផ្សះផ្សា​យើង​ជាមួយនឹង​ទ្រង់​តាមរយៈ​យញ្ញបូជា​របស់​ព្រះរាជបុត្រា​ទ្រង់ (ម៉ាថាយ ៥:៩)។

ព្រះយេស៊ូវ​ប្រាប់​យើង​ឲ្យ «ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ​របស់​យើង» ដោយ​ព្រោះ​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ឯ​នគរ​ស្ថានសួគ៌​ទ្រង់​បាន​ស្រឡាញ់​យើង ទោះបើ​ពីមុន​មក យើង​ជា​ខ្មាំង​សត្រូវ​របស់​ទ្រង់​ក៏​ដោយ (ម៉ាថាយ ៥:៤៤; រ៉ូម ៥:៨)។

ព្រះយេស៊ូវ​ប្រាប់​យើង​ឲ្យ «ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក» ដោយ​ព្រោះ​ទ្រង់​ស្រឡាញ់​យើង​បាន​ជា​ទ្រង់​ប្រទាន​ជីវិត​របស់​ទ្រង់​ផ្ទាល់​ដល់​យើង ហើយ​ចេញពី​ការ​ដែល​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​អាច​បង្ហាញ​ដល់​លោកីយ៍​ឃើញ​ថា ទ្រង់​មាន​លក្ខណៈ​បែប​ណា (យ៉ូហាន ១៣:៣៤-៣៥)។

ព្រះយេស៊ូវ​អធិស្ឋាន​ឲ្យ​យើង​បាន «រួម​មក​តែ​មួយ» ដ្បិត​ទ្រង់ និង​ព្រះវរបិតា​ទ្រង់​ក៏​រួម​មក​តែ​មួយ​ដែរ (យ៉ូហាន ១៧:២០-២៣)។

ព្រះយេស៊ូវ​ប្រាប់​យើង «ឲ្យ​បាន​គ្រប់លក្ខណ៍» ដូច​ដែល​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ឯ​នគរ​ស្ថានសួគ៌​ទ្រង់​គ្រប់លក្ខណ៍​ដែរ (ម៉ាថាយ ៥:៤៨)។

ព្រះយេស៊ូវ​ប្រាប់​យើង​ឲ្យ​ធ្វើ​ជា «អ្នក​នេសាទ​មនុស្ស» និង​អ្នក​បង្កើត​សិស្ស​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ (ម៉ាថាយ ៤:១៩; ២៨:១៩)។ ទ្រង់​បាន​ចាត់​ឲ្យ​យើង​ទៅ​ដូច​ដែល​ព្រះវរបិតា​ចាត់​ទ្រង់​ឲ្យ​មក​ដែរ (យ៉ូហាន ២០:២១)។

ព្រះវរបិតា​យ៉ាង​ណា នោះ​ព្រះរាជបុត្រា​ក៏​យ៉ាង​នោះ ហើយ​ពួក​កូន​របស់​ទ្រង់​ក៏​ដូច្នោះ​ដែរ។ ព្រះជាម្ចាស់​បាន​សម្អាត​អំពើបាប​រាស្ត្រ​របស់​ទ្រង់​ដោយ​ព្រះ​លោហិត​របស់​ព្រះគ្រីស្ទ ព្រមទាំង​ប្រទាន​ឲ្យ​ពួកគេ​មាន​ចិត្ត​ថ្មី​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ហេតុដូច្នេះ​ហើយ​បាន​ជា​ពួកគេ​ចាប់ផ្តើម​ស្ដារ​រូប​អង្គ​ដ៏​ល្អឥតខ្ចោះ​របស់​ទ្រង់​ឡើង​វិញ។ ព្រះគ្រីស្ទ​ជា​ផល​ដំបូង​របស់​យើង (១កូរិនថូស ១៥:២៣)។ ទ្រង់​បាន​ដោះ​ស្បៃ​ចោល ហើយ​បាន​បើក​ផ្លូវ​ឲ្យ​ពួកជំនុំ​មើល​ឃើញ​រូប​អង្គ​របស់​ព្រះវរបិតា​ម្តង​ទៀត (២កូរិនថូស ៣:១៤, ១៦)។ ឥឡូវនេះ យើង​មើល​ឃើញ​រូបអង្គ​ទ្រង់​ដោយ​ជំនឿ ហើយ «យើង​កំពុង​តែ​ផ្លាស់​ប្រែ​ទៅ ឲ្យ​ដូច​ជា​រូប​ឆ្លុះ​នោះ​ឯង ពី​សិរីល្អ​ទៅ​ដល់​សិរីល្អ» (២កូរិនថូស ៣:១៨)។

តើ​លោកអ្នក​ចង់​ឃើញ​បំណងព្រះ​ហឫទ័យ​របស់​ព្រះជាម្ចាស់​សម្រាប់​ពួកជំនុំ​ដែល​សរុប​មក​ត្រឹម​តែ​ពីរ​ខ​នេះ​ដែរ​ឬទេ? លោក ប៉ុល បាន​មាន​ប្រសាសន៍​ថា៖

ដើម្បី​ឲ្យ​ពួក​គ្រប់​គ្រង និង​ពួក​មាន​អំណាច​នៅ​ស្ថាន​ដ៏​ខ្ពស់ បាន​ស្គាល់​ពី​ប្រាជ្ញា​នៃ​ព្រះ​ដ៏​មាន​ជា​ច្រើន​យ៉ាង​ណាស់ ដោយសារ​ពួក​ជំនុំ តាម​គំនិត​សំរេច​តាំង​ពី​អស់​កល្ប​រៀង​មក ដែល​ទ្រង់​បាន​គិត​ស្រេច​ក្នុង​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង។ (អេភេសូរ ៣:១០-១១)

តើ​ពួកជំនុំ​អាច​បង្ហាញ​ពី​ប្រាជ្ញា​ដ៏​មាន​ជា​ច្រើន​យ៉ាង​នៃ​ព្រះជាម្ចាស់​ដោយ​របៀប​ណា? មាន​តែ​ព្រះ​ដែល​មាន​គ្រប់​ទាំង​ប្រាជ្ញា​ទេ​ដែល​អាច​បង្កើត​នូវ​ផ្លូវ​មួយ​ដើម្បី​ជួយ​សម្រួល​រវាង​សេចក្តី​ស្រឡាញ់​ និង​ភាព​យុត្តិធម៌​របស់​ទ្រង់​ ខណៈ​ដែល​ទ្រង់​សង្គ្រោះ​មនុស្ស​មាន​បាប​ដែល​ពួកគេ​បាន​ដាច់​ទំនាក់​ទំនង​ចេញពី​ទ្រង់ និង​ពី​គ្នា​ទៅវិញ​ទៅមក​ហើយ​នោះ។ ហើយ​មាន​តែ​ព្រះ​ដែល​មាន​គ្រប់​ទាំង​ប្រាជ្ញា​ទេ​ដែល​អាច​បង្កើត​នូវ​ផ្លូវ​មួយ​ដើម្បី​នឹង​ផ្លាស់​ប្តូរ​ពី​ចិត្ត​រឹង​ដូច​ថ្ម​ឲ្យ​ក្លាយ​ជា​ចិត្ត​ទន់​ដែល​ចេះ​ស្រឡាញ់ ហើយនិង​សរសើរ​តម្កើង​ទ្រង់។ ចូរ​ឲ្យ​ពួកទេវតា​ទាំង​មូល​ឃើញ ហើយ​ស្ញប់ស្ញែង​ពី​ការ​អស្ចារ្យ​នេះ។

) សិរីល្អ

យើង​នឹង​កាន់តែ​ឆ្លុះបញ្ចាំង​រូបអង្គ​ទ្រង់​បាន​យ៉ាង​ឥតខ្ចោះ នៅពេល​ដែល​យើង​មើលឃើញ​ទ្រង់​កាន់តែ​ច្បាស់​ក្នុង​សិរីល្អ​ទ្រង់៖ «ប៉ុន្តែ យើង​ដឹង​ថា កាល​ណា​ទ្រង់​លេច​មក នោះ​យើង​នឹង​បាន​ដូច​ជា​ទ្រង់ ដ្បិត​ដែល​ទ្រង់​យ៉ាង​ណា នោះ​យើង​នឹង​ឃើញ​ទ្រង់​យ៉ាង​នោះ​ឯង» (១យ៉ូហាន ៣:២)។ យើង​នឹង​បាន​បរិសុទ្ធ​ដូចជា​ទ្រង់ មាន​សេចក្តី​ស្រឡាញ់​ដូច​ជា​ទ្រង់ និង​រួម​មក​តែ​មួយ​ដូច​ជា​ទ្រង់។ ខគម្ពីរ​នេះ​មិន​បាន​សន្យា​ថា យើង​នឹង​ក្លាយ​ជា​ព្រះ​នោះ​ទេ។ តែ​ខគម្ពីរ​នេះ​សន្យា​ថា ព្រលឹង​របស់​យើង​នឹង​បញ្ចេញ​ពន្លឺ​យ៉ាង​ចិញ្ចាចចិញ្ចែង​ជាមួយនឹង​ចរិតលក្ខណៈ និង​សិរីល្អ​របស់​ទ្រង់​ដែល​ប្រៀប​ដូចជា​កញ្ចក់​ដ៏​ល្អ​ឥតខ្ចោះ​បែរ​តម្រង់​ទៅ​រក​ព្រះអាទិត្យ​អញ្ចឹង។

ការ​សង្ខេប​រឿង​ឡើង​វិញ

តើ​លោកអ្នក​តាម​សាច់រឿង​នេះ​ទាន់​ឬទេ? ខ្ញុំ​ចង់​សង្ខេប​រឿង​នេះ​ឡើង​វិញ។ ព្រះជាម្ចាស់​បាន​បង្កើត​លោកីយ៍​នេះ និង​មនុស្ស​មក​ដើម្បី​បង្ហាញ​ពី​សិរីល្អ​របស់​ទ្រង់។ លោក អ័ដាម និង​នាង អេវ៉ា គួរតែ​បាន​បង្ហាញពី​ចរិតលក្ខណៈ​របស់​ព្រះជាម្ចាស់ ប៉ុន្តែ​ពួកគេ​មិន​បាន​បង្ហាញពី​ចរិតលក្ខណៈ​របស់​ទ្រង់​នោះ​ទេ។ ហើយ​សាសន៍​អ៊ីស្រាអែល​ក៏​មិន​បាន​បង្ហាញ​ពី​ ចរិតលក្ខណៈ​របស់​ទ្រង់​ដែរ។ ហេតុដូច្នេះហើយ​បានជា ព្រះជាម្ចាស់​បញ្ជូន​ព្រះរាជបុត្រា​របស់​ទ្រង់ ដើម្បី​នឹង​បង្ហាញ​ពី​ចរិតលក្ខណៈ​ដែល​ពេញ​ដោយ​សេចក្តី​ស្រឡាញ់ ភាពបរិសុទ្ធ​របស់​ទ្រង់ ក៏ដូចជា​ដើម្បី​នឹង​លុបចោល​នូវ​សេចក្តី​ក្រោធ​របស់​ព្រះជាម្ចាស់​ដែល​ទាស់​នឹង​បាប​នៃ​លោកីយ៍​នេះ។ ក្នុង​ព្រះគ្រីស្ទ ព្រះជាម្ចាស់​បាន​យាងមក ដើម្បី​បង្ហាញពី​លក្ខណៈ​របស់​ព្រះជាម្ចាស់ ហើយ​ក្នុង​ព្រះគ្រីស្ទ ព្រះជាម្ចាស់​បាន​យាងមក ដើម្បី​សង្គ្រោះ​មនុស្ស​លោក។

ឥឡូវ​នេះ ព្រះជាម្ចាស់​បាន​ត្រាស់ហៅ​ពួកជំនុំ​ដែល​បាន​ទទួល​ជីវិត​របស់​ព្រះគ្រីស្ទ និង​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ឲ្យ​បង្ហាញពី​ចរិតលក្ខណៈ​និង​សិរីល្អ​របស់​ទ្រង់​ដល់​ចក្រវាឡ​ទាំង​មូល។ ពួកគេ​អាច​បង្ហាញ​ពី​ចរិតលក្ខណៈ​របស់​ទ្រង់​ដោយ​ការ​ធ្វើ​បន្ទាល់​ទាំង​ពាក្យ​សម្ដី និង​ការ​ប្រព្រឹត្ត​ដែល​បង្ហាញ​ពី​ព្រះបញ្ញាញាណ​របស់​ទ្រង់ និង​កិច្ចការ​ខាង​ឯ​សេចក្តី​សង្គ្រោះ​របស់​ទ្រង់​ថែម​ទៀត​ផង។

មិត្ត​អើយ! តើ​មិត្ត​កំពុងតែ​ស្វែងរក​អ្វី​នៅក្នុង​ពួកជំនុំ? តើ​មិត្ត​កំពុង​តែ​ស្វែង​រក​ពួកជំនុំ​មួយ​ដែល​មាន​តន្ត្រី​ពីរោះ​ឬ? ឬ​ពួកជំនុំ​ដែល​មាន​បរិយាកាស​ដែល​ពេញ​ដោយ​ព្រឹត្តិការ​ណ៍​សប្បាយៗ​ច្រើន​ឬ? ឬ​ពួកជំនុំ​ដែល​មាន​លំដាប់​កម្មវិធី​ថ្វាយបង្គំ​តាម​បែប​បុរាណ​ឬ? ចុះ​ចំណែក​ឯ​ពួកជំនុំ​ដែល​មាន​លក្ខណៈ​ដូចនេះ​វិញ៖

ពួកជំនុំ​ដែល​សុទ្ធតែ​ជា​អ្នកបះបោរ​ដែល​
ទទួល​បាន​ការ​អត់ទោស...
ហើយ​ព្រះជាម្ចាស់​សព្វព្រះ​ហឫទ័យ​ចង់​ប្រើ​ពួកគេ
ដើម្បី​បង្ហាញ​សិរល្អ​របស់​ទ្រង់...
ដល់​អស់​ទាំង​ពួក​ពលបរិវារ​នៅ​ស្ថានសួគ៌...
ដោយ​ព្រោះ​ពួកគេ​និយាយ​សេចក្តី​ពិត​អំពី​ទ្រង់...
ហើយ​ពួកគេ​មើលទៅ​កាន់​តែ​មាន​លក្ខណៈ​ដូច​ជា​ទ្រង់​បន្តិច​ម្តងៗ ពោលគឺ​កាន់តែ​បរិសុទ្ធ កាន់តែ​មាន​សេចក្តី​ស្រឡាញ់ ក៏ដូចជា​កាន់តែ​មាន​ការ​រួបរួម​មក​តែ​មួយ​វិញ?