ជំពូក​៩

សញ្ញាសម្គាល់​ដ៏​សំខាន់​ៗ​នៃ​ពួកជំនុំ​ដែល​មាន​សុខភាពល្អ៖

ការ​យល់​ពី​ការ​ផ្សាយ​ដំណឹងល្អ​តាម​ព្រះគម្ពីរ

មក​ដល់​ពេលនេះ​ យើង​បាន​ពណ៌នា​ពី​ពួកជំនុំ​ដែល​មាន​សុខភាពល្អ​ដោយសារ​ពួកជំនុំ​នោះ​មាន​សេចក្តី​អធិប្បាយ​តាម​ព្រះគម្ពីរ ទេវវិទ្យា​តាម​ព្រះគម្ពីរ និង​ការ​យល់​ពី​ដំណឹងល្អ​ និង​ការ​ក្លាយ​ជា​គ្រីស្ទបរិស័ទ​តាម​ព្រះគម្ពីរ។ នេះ​មាន​ន័យ​ថា នៅពេល​ដែល​ពួកជំនុំ​មិន​បង្រៀន​ព្រះគម្ពីរ និង​សេចក្តី​បង្រៀន​ដ៏​ត្រឹមត្រូវ​ទេ នោះ​ពួកជំនុំ​នឹង​មិន​មាន​សុខភាពល្អ​ទេ។

តើ​ពួកជំនុំ​ដែល​ឈឺ​មាន​លក្ខណៈ​យ៉ាង​ដូចម្តេច? ពួកជំនុំ​ដែល​មិន​មាន​សុខភាពល្អ គឺជា​ពួកជំនុំ​មួយ​ដែល​គ្រូគង្វាល​អធិប្បាយ​តាម​ចិត្តគំនិត​ខ្លួនឯង។ ហើយ​អ្វី​ដែល​កាន់​តែ​យ៉ាប់​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ថា សេចក្តី​អធិប្បាយ​ទាំង​នោះ​បង្រៀន​តែ​ពី​ការ​អប់រំ​ផ្នែក​សីលធម៌ ហើយ​ធ្វើ​ឲ្យ​អ្នកស្ដាប់​គិត​តែ​ពី​ខ្លួនឯង។ ចំណែក​ឯ​ដំណឹងល្អ​វិញ គេ​អធិប្បាយ​មិន​ខុស​ពី​អ្វី​ដែល​គេ​ហៅ​ថា «ខ្លួន​ទី​ពឹង​ខ្លួន» នោះ​ទេ។ គេ​រាប់​ការ​ក្លាយ​ជា​គ្រីស្ទបរិស័ទ​ថា​ជា​សកម្មភាព​មួយ​នៃ​ការ​ខិតខំប្រឹងប្រែង​របស់​មនុស្ស​ទៅ​វិញ។ ហើយ​កាន់តែ​អាក្រក់​ជាង​នោះ​ទៅ​ទៀត វប្បធម៌​នៅ​ក្នុង​ពួកជំនុំ​ដែល​មិន​មាន​សុខភាពល្អ​មួយ​ចំនួន គឺ​មិន​ខុស​អ្វី​ពី​វប្បធម៌​លោកីយ៍​ជុំវិញ​ពួកគេ​នោះ​ឡើយ។

ពួកជំនុំ​បែប​នេះ​មិន​បាន​ប្រកាស​ពី​ដំណឹង​ដ៏​អស្ចារ្យ​នៃ​សេចក្តី​សង្គ្រោះ​នៅ​ក្នុង​ព្រះយេស៊ូវគ្រីស្ទ​ទេ ហើយ​ក៏​មាន​បញ្ហា​ជា​ច្រើន​លើស​ពី​នេះ​ទៅ​ទៀត។

ការ​យល់​ពី​ការ​ផ្សាយដំណឹងល្អ​
តាមរយៈ​ការ​យល់​ពី​ការ​ក្លាយ​ជា​គ្រីស្ទបរិស័ទ

ការ​យល់​ពី​ការ​ផ្សាយ​ដំណឹងល្អ​តាម​ព្រះគម្ពីរ គឺ​ជា​សញ្ញាសម្គាល់​ដ៏​សំខាន់​មួយ​ទៀត​នៃ​ពួកជំនុំ​ដែល​មាន​សុខភាពល្អ។ នៅពេល​ដែល​យើង​បែរ​ទៅ​ពិចារណា​លើ​សញ្ញាសម្គាល់​ដ៏​សំខាន់​មួយ​នេះ នោះ​យើង​គួរ​ពិចារណា​ថា តើ​ទស្សនៈ​របស់​យើង​ចំពោះ​សញ្ញាសម្គាល់​មួយ​នេះ​នឹង​ជួយ​ឲ្យ​យើង​យល់​ពី​សញ្ញាសម្គាល់​មុនៗ​បាន​ច្រើន​ប៉ុណ្ណា ជា​ពិសេស​នោះ​គឺ​ការ​យល់​ពី​ការ​ក្លាយ​ជា​គ្រីស្ទបរិស័ទ។

ម្យ៉ាងវិញទៀត ប្រសិនបើ​គំនិត​របស់​យើង​ទទួល​ឥទ្ធិពល​ខ្លាំង​ពី​អ្វី​ដែល​ព្រះគម្ពីរ​បង្រៀន​យើង​អំពី​ព្រះជាម្ចាស់ និង​ពី​របៀប​ដែល​ទ្រង់​ធ្វើ​ការ​ ​ពី​ដំណឹងល្អ និង​ពី​អ្វី​ដែល​មនុស្ស​មាន​បាប​ត្រូវការ​បំផុត នោះ​យើង​នឹង​កាន់តែ​យល់​បាន​ត្រឹមត្រូវ​ពី​ការ​ផ្សាយ​ដំណឹងល្អ។ ហើយ​យើង​នឹង​ជួយ​លើកទឹកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​ផ្សាយដំណឹងល្អ​តាមរយៈ​ការ​បង្រៀន និង​ការ​សញ្ជឹង​គិត​លើ​ដំណឹងល្អ​ផ្ទាល់ មិនមែន​តាមរយៈ​ការ​រៀន​ពី​វិធីសាស្ត្រ​ផ្សាយ​ដំណឹងល្អ​នោះ​ទេ។

ខ្ញុំ​តែងតែ​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​ខ្ញុំ​ឮ​អ្នកជឿ​ថ្មីៗ​និយាយ​ថា ពួកគេ​ទទួល​សេចក្តី​សង្គ្រោះ​ដោយសារ​ព្រះគុណ។ លោកអ្នក​ប្រហែល​ជា​បាន​ឮ​ពី​ទីបន្ទាល់​នៅ​ក្នុង​រយៈពេល​ពីរបី​ខែ​​នេះ​ដែល​រៀបរាប់​ថា ការ​ក្លាយ​ជា​គ្រីស្ទបរិស័ទ​ជា​កិច្ចការ​របស់​ព្រះជាម្ចាស់ (អេភេសូរ ២:៨-៩)។ អ្នកជឿ​ថ្មីៗ​តែង​តែ​លើក​ឡើង​ថា «ខ្ញុំ​បាន​វង្វេង​សូន្យ​ឈឹង​នៅ​ក្នុង​បាប ប៉ុន្តែ​ព្រះជាម្ចាស់...»

ប៉ុន្តែ ប្រសិនបើ​ពួកជំនុំ​មិន​យកចិត្តទុកដាក់​លើ​អ្វី​ដែល​ព្រះគម្ពីរ​បាន​រៀបរាប់​ អំពី​កិច្ចការ​របស់​ព្រះជាម្ចាស់​ ក្នុង​ការ​បំផ្លាស់​បំប្រែ​មនុស្ស​ឲ្យ​ក្លាយ​ជា​គ្រីស្ទបរិស័ទ នោះ​ការ​ផ្សាយ​ដំណឹងល្អ​ បាន​ក្លាយ​ជា​ការ​ធ្វើ​អ្វី​តាម​តែ​ចិត្ត​យើង​ដើម្បីនឹង​ធ្វើ​ឲ្យ​មាន​ការ​លន់តួ​ទទួល​ជឿ​តែ​មាត់។ សញ្ញា​មួយ​ដែល​បង្ហាញ​ថា ពួកជំនុំ​​មិន​យល់​បាន​ត្រឹមត្រូវ​តាម​ព្រះគម្ពីរ​ពី​ការ​ក្លាយ​ជា​គ្រីស្ទបរិស័ទ និង​ការ​ផ្សាយ​ដំណឹងល្អ​គឺ​ថា​ ចំនួន​នៃ​សមាជិក​របស់​ពួកជំនុំ​នោះ​មាន​ច្រើន​ជាង​ចំនួន​នៃ​អ្នក​ចូលរួម​ពិតប្រាកដ។ ពួកជំនុំ​បែប​នេះ​គួរតែ​សួរ​ខ្លួន​ឯង​ថា ​ហេតុអ្វី​បាន​ជា​ការ​ផ្សាយ​ដំណឹងល្អ​របស់​យើង​បង្កើត​បាន​ចំនួន​សមាជិក​ដ៏​ច្រើន​ដែល​មិន​សូវ​មាន​ទម្លាប់​ចូល​រួម​ថ្វាយបង្គំ​នៅ​ព្រះវិហារ តែ​ពួកគេ​មាន​អារម្មណ៍​ខ្លួនឯង​ថា ពួកគេ​បាន​សង្គ្រោះ។ តើ​យើង​បាន​ប្រាប់​ពួកគេ​ថា ភាពជាសិស្ស​នៅក្នុង​ព្រះគ្រីស្ទ​មាន​ន័យ​យ៉ាង​ដូចម្តេច? តើ​យើង​បាន​បង្រៀន​អ្វី​ខ្លះ​ដល់​ពួកគេ​អំពី​ព្រះជាម្ចាស់ បាប និង​លោកីយ៍?

ការ​យល់​ពី​ការ​ផ្សាយ​ដំណឹងល្អ​តាម​ព្រះគម្ពីរ​ គឺ​សំខាន់​ណាស់​ ចំពោះ​សមាជិក​ទាំងអស់​នៃ​ពួកជំនុំ​ ប៉ុន្តែ​វា​កាន់តែ​សំខាន់​ទៅ​ទៀត​ចំពោះ​អ្នក​ដឹកនាំ​ដែល​មាន​ទំនួលខុសត្រូវ​លើ​ការ​បង្រៀន។

តើ​អ្វី​ទៅ​ជា​ការ​ផ្សាយ​ដំណឹងល្អ?

យោងទៅតាម​ព្រះគម្ពីរ ព្រះជាម្ចាស់​ត្រាស់ហៅ​គ្រីស្ទបរិស័ទ​មក​ឲ្យ​យកចិត្តទុកដាក់​ ទូល​អង្វរ និង​ផ្លាស់ប្ដូរ​ផ្នត់គំនិត​អ្នកមិនជឿ (២កូរិនថូស​ ៥:១១)។ ហើយ​យើង​ត្រូវ​ធ្វើ​ដូច្នោះ​ដោយ «សម្តែង​សេចក្ដី​ពិត» ដែល​មាន​ន័យ​ថា «លះ​ចោល​អស់​ទាំង​ការ​លាក់​កំបាំង​ដែល​គួរ​ខ្មាស» (២កូរិនថូស ៤:២)។

និយាយ​ឲ្យ​ស្រួល​ស្តាប់​ទៅ ការ​ផ្សាយ​ដំណឹងល្អ​មិន​មែន​ជា​ការ​ធ្វើ​អ្វី​តាម​តែ​ចិត្ត​យើង ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​សម្រេចចិត្ត​ទទួល​ជឿ​ព្រះគ្រីស្ទ​នោះ​ទេ ហើយ​ក៏​មិនមែន​ជា​ការ​ដាក់បញ្ចូល​នូវ​ការ​យល់ឃើញ​របស់​យើង​បន្ថែម​លើ​ដំណឹងល្អ​នោះ​ដែរ។ មិន​មាន​បុគ្គល​ណា​ម្នាក់​អាច​បង្កើត​ឲ្យ​មាន​កំណើត​ខាងឯវិញ្ញាណ​ដោយ​ខ្លួនឯង​បាន​ទេ បើ​ទោះ​ជា​លោក អេសេគាល ព្យាយាម​ដាក់​ភ្ជាប់​ឆ្អឹង​សព​ដ៏​ស្ងួត​ហែង​ឲ្យ​ជាប់​គ្នា​ដោយ​ខ្លួន​គាត់ ដើម្បី​ឲ្យ​ឆ្អឹង​នោះ​ក្លាយ​ជា​មនុស្ស​ម្នាក់​ក៏​មិន​អាច​ដែរ (អេសេគាល ៣៧) ឬ​ដូចជា​លោក នីកូដេម បើ​គាត់​ព្យាយាម​កើត​ជា​ថ្មី​ខាងឯវិញ្ញាណ​ដោយ​ខ្លួន​ឯង​នោះ​ក៏​មិន​អាច​ទៅ​រួច​ដែរ (យ៉ូហាន ៣)។

លើស​ពី​នេះ​ទៅ​ទៀត ការ​ផ្សាយ​ដំណឹងល្អ វា​មិន​ដូច​គ្នា​ទៅ​នឹង​ការ​ចែកចាយ​ទីបន្ទាល់​ផ្ទាល់ខ្លួន​នោះ​ទេ។ ការ​ផ្សាយ​ដំណឹងល្អ​មិន​ដូចគ្នា​នឹង​ការ​បង្ហាញ​ពី​ការ​ការ​ពារ​ជំនឿ​ដោយ​សមហេតុសមផល​នោះ​ដែរ។ វា​ក៏​មិនមែន​ជា​ការ​ធ្វើ​កិច្ចការ​មនុស្សធម៌​នោះ​ដែរ។ កិច្ចការ​ទាំង​បី​នេះ​អាច​ដើរ​ទន្ទឹម​គ្នា​ជាមួយ​នឹង​ការ​ផ្សាយ​ដំណឹងល្អ​បាន ប៉ុន្តែ​កិច្ចការ​ទាំង​បី​នេះ​មិនមែន​ជា​ការ​ផ្សាយ​ដំណឹងល្អ​នោះ​ទេ។ យើង​ក៏​មិន​គួរ​យល់​ច្រឡំ​ពី​ការ​ផ្សាយ​ដំណឹងល្អ​ជាមួយនឹង​លទ្ធផល​នៃ​ការ​ផ្សាយ​ដំណឹងល្អ​ឡើយ។ បើ​ដូច្នោះ​មែន​នោះ យើង​នឹង​មាន​គំនិត​ខុសឆ្គង​ថា​ យើង​បាន​ផ្សាយ​ដំណឹងល្អ​យ៉ាង​ជោគជ័យ តែ​នៅពេល​ដែល​នរណា​ម្នាក់​ក្លាយ​ជា​គ្រីស្ទបរិស័ទ។

ការ​ផ្សាយ​ដំណឹងល្អ​ គឺ​ជា​ការ​និយាយ​ចេញ​ជា​ពាក្យ​សម្ដី ហើយ​​ជា​ការ​ចែកចាយ​ដំណឹង។ មួយ​វិញ​ទៀត ការ​ផ្សាយ​ដំណឹងល្អ​ គឺ​ជា​ការ​ស្មោះត្រង់​ចំពោះ​ព្រះជាម្ចាស់​ដោយ​ចែកចាយ​ពី​អ្វី​ដែល​យើង​បាន​ពិភាក្សា​នៅក្នុង​ជំពូក​៨​ថា ព្រះគ្រីស្ទ​បាន​រៀបចំ​ផ្លូវ​មួយ​សម្រាប់​ព្រះ​ដ៏​បរិសុទ្ធ និង​មនុស្ស​មាន​បាប​ ឲ្យ​បាន​ជា​មេត្រី​នឹង​គ្នា​តាមរយៈ​ការ​សុគត និង​ការ​រស់​ពី​សុគត​ឡើងវិញ​របស់​ទ្រង់។ ព្រះជាម្ចាស់​នឹង​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ​ជា​គ្រីស្ទបរិស័ទ​ដ៏​ពិតប្រាកដ នៅពេល​ដែល​យើង​ចែកចាយ​ដំណឹងល្អ​នេះ (សូម​មើល​យ៉ូហាន ១:១៣; កិច្ចការ​ ១៨:៩-១០)។ សរុប​មក​ ការ​ផ្សាយ​ដំណឹងល្អ​ជា​ការ​ចែកចាយ​ដំណឹងល្អ​ដោយ​សេរី ហើយ​ជា​ការ​ទុកចិត្ត​លើ​ព្រះជាម្ចាស់​ឲ្យ​ទ្រង់​បំផ្លាស់បំប្រែ​មនុស្ស​ឲ្យ​ក្លាយ​ជា​គ្រីស្ទបរិស័ទ (សូម​មើល​ កិច្ចការ​ ១៦:១៤)។ «ឯ​សេចក្ដី​សង្គ្រោះ នោះ​កើត​មក​តែ​ពី​ព្រះយេហូវ៉ា​ទេ» (យ៉ូណាស ២:១០; យ៉ូហាន ១:១២-១៣)។

របៀប​ផ្សាយ​ដំណឹងល្អ

នៅពេល​ដែល​ខ្ញុំ​ផ្សាយ​ដំណឹងល្អ ខ្ញុំ​ព្យាយាម​បង្ហាញ​ឲ្យ​​អ្នក​មិន​ជឿ​យល់​នូវ​សេចក្ដី​បី​យ៉ាង​ មុន​ពេល​ដែល​ពួកគេ​សម្រេចចិត្ត​ជឿ​លើ​ដំណឹងល្អ៖

  • ការ​សម្រេចចិត្ត​ជឿ​គឺ​ត្រូវ​លះបង់​ខ្ពស់ ដូច្នេះ​ពួកគេ​ត្រូវ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ (សូម​មើល លូកា ៩:៦២)។
  • ការ​សម្រេចចិត្ត​ជឿ​គឺ​​ត្រូវ​សម្រេច​ជា​បន្ទាន់ ដូច្នេះ​ត្រូវ​សម្រេចចិត្ត​ឲ្យ​បាន​ឆាប់ (សូម​មើល​ លូកា ១២:២០)។
  • ការ​សម្រេចចិត្ត​ជឿ​របស់​យើង​គឺ​មាន​តម្លៃ​ណាស់ ដូច្នេះ​លោកអ្នក​គួរ​សម្រេចចិត្ត​ជឿ (សូម​មើល​ យ៉ូហាន ១០:១០)។

អ្វី​ដែល​បាន​រៀបរាប់​ខាងលើ​នេះ​គឺជា​សារ​ដែល​យើង​ចាំបាច់​ត្រូវ​ប្រាប់​ដល់​គ្រួសារ​ និង​មិត្តភក្ដិ​ឲ្យ​ដឹង​។ នេះ​គឺជា​សារ​ដែល​យើង​ចាំបាច់​ត្រូវ​តែ​ប្រាប់​ពួកជំនុំ​ទាំងមូល​ឲ្យ​ដឹង។

មាន​ធនធាន​ល្អៗ​ជា​ភាសា​អង់គ្លេស​មួយ​ចំនួន​ស្ដីពី​ការផ្សាយ​ដំណឹងល្អ​ដែល​បាន​បោះពុម្ព​រួច​ហើយ។ ដើម្បី​ពិចារណា​ពី​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​ការ​យល់​ពី​ដំណឹងល្អ​របស់​យើង​ និង​វិធីសាស្ត្រ​ក្នុង​ការ​ផ្សាយ​ដំណឹងល្អ​ដែល​យើង​ប្រើ ខ្ញុំ​សូម​ណែនាំ​សៀវភៅ​របស់​លោក​ វីល មិតហ្ស៍ជើរ (Will Metzger) ដែល​មាន​ចំណងជើង​ថា Tell the Truth (​បោះពុម្ព​ដោយ InterVarsity Press)។ ហើយ​សៀវភៅ​ពីរ​ក្បាល​ទៀត​គឺ​និពន្ធ​ដោយ​លោក អៀន មើររ៉េ (Iain Murray) ដែល​មាន​ចំណងជើង​ថា The Invitation System និង Revival and Revivalism (បោះពុម្ព​ដោយ Banner of Truth Trust)។ ហើយ​សៀវភៅ​ចុងក្រោយ​ជា​សៀវភៅ​របស់​ខ្ញុំ​ផ្ទាល់ ដែល​មាន​ចំណងជើង​ថា The Gospel and Personal Evangelism (បោះពុម្ព​ដោយ​ Crossway នឹង​ចេញ​ឆាប់ៗ​នេះ) ។

ដូច្នេះ សញ្ញាសម្គាល់​ដ៏​សំខាន់​មួយ​នៃ​ពួកជំនុំ​ដែល​មាន​សុខភាព​ល្អ គឺ​ការ​យល់​ និង​ការ​អនុវត្ត​ដ៏​ត្រឹមត្រូវ​តាម​ព្រះគម្ពីរ​ទៅលើ​ការ​ផ្សាយ​ដំណឹងល្អ។ ការ​រីកចម្រើន​ដ៏​ពិតប្រាកដ​ គឺ​ជា​ការ​រីកចម្រើន​ដែល​មកពី​ព្រះជាម្ចាស់​តាមរយៈ​រាស្ត្រ​របស់​ទ្រង់។