ជំពូក​១០

សញ្ញាសម្គាល់​ដ៏​សំខាន់​ៗ​នៃ​ពួកជំនុំដែល​មាន​សុខភាពល្អ៖

ការ​យល់​ដ៏​ត្រឹមត្រូវ​ពី​សមាជិកភាព​ពួកជំនុំ​តាម​ព្រះគម្ពីរ

តើ​ព្រះគម្ពីរ​មាន​បាន​បង្រៀន​ថា ពួកជំនុំ​គួរ​តែ​មាន​សមាជិកភាព​ដែរ​ឬ​ទេ? មើលទៅ​ដូចជា ព្រះគម្ពីរ​មិន​បាន​ចែង​ដូច្នេះ​សោះ។ ប្រសិនបើ​លោកអ្នក​បើក​មើល​ព្រះគម្ពីរ​សញ្ញាថ្មី​ នោះ​លោកអ្នក​នឹង​មិន​ឃើញ​មាន​រឿងរ៉ាវ​របស់​លោក អ័គីឡា​ និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ ព្រីស៊ីល ស្ដី​ពី​ដំណើរ​ផ្លាស់​លំនៅ​ទៅ​ទីក្រុង​រ៉ូម និង​ដំណើរ​ដែល​ពួកគេ​សាកល្បង​ចូលរួម​ក្នុង​ពួកជំនុំ​មួយ​ ហើយ​សាកល្បង​ចូលរួម​ក្នុង​ពួកជំនុំ​មួយ​ទៀត​ ហើយ​បន្ទាប់មក​​ពួកគេ​សម្រេចចិត្ត​ចូលរួម​ក្នុង​ពួកជំនុំ​មួយ​ផ្សេង​ទៀត។ តាម​អ្វី​ដែល​យើង​ដឹង​គឺថា​ គ្មាន​នរណា​ម្នាក់​ដើរ​សាកល្បង​ពី​ពួកជំនុំ​មួយ​ទៅ​ពួកជំនុំ​មួយ​ទៀត​នោះ​ទេ ពីព្រោះ​នៅ​សម័យ​នោះ សហគមន៍​មួយ​មាន​តែ​ពួកជំនុំ​មួយ​ប៉ុណ្ណោះ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​យើង​មើល​ទៅ​ដូចជា ព្រះគម្ពីរ​មិន​បាន​លើក​ឡើង​ពី​សមាជិកភាព ក៏ដូចជា​លើកឡើង​ពី​បញ្ជី​ឈ្មោះ​សមាជិក​ពួកជំនុំ​នោះ​ឡើយ។

ប៉ុន្តែ ពួកជំនុំ​ក្នុង​សម័យកាល​ព្រះគម្ពីរ​សញ្ញាថ្មី ពិត​ជា​បាន​រក្សាទុក​បញ្ជី​ឈ្មោះ​មនុស្ស​មួយ​ចំនួន​ដូចជា បញ្ជី​ឈ្មោះ​ស្ត្រី​មេម៉ាយ​ដែល​ទទួល​ការ​ផ្គត់ផ្គង់​ពី​ពួកជំនុំ​ជាដើម (១ធីម៉ូថេ ៥)។ សំខាន់​ជាង​នេះ​ទៅទៀត អត្ថបទ​គម្ពីរ​ជា​ច្រើន​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី​ បាន​លើកឡើង​ថា​ ពួកជំនុំ​ពិតជា​បាន​ស្គាល់​ពី​សមាជិក​របស់​ពួកគេ​ប្រាកដ​មែន។ ពួកគេ​បាន​ដឹង​ថា​ នរណា​ជា​សមាជិក​របស់​ពួកជំនុំ​ពួកគេ និង​នរណា​មិនមែន​ជា​សមាជិក​របស់​ពួកជំនុំ​ពួកគេ។

ឧទាហរណ៍ បុរស​ម្នាក់​ក្នុង​ចំណោម​ពួកជំនុំ​ទីក្រុង​កូរិនថូស​បាន​ប្រព្រឹត្ត​ការ​កំផិត «ដែល​មិន​ដែល​ទាំង​មាន​ឮ​និយាយ​ក្នុង​សាសន៍​ដទៃ​ផង» (១កូរិនថូស ៥:១)។ លោក ប៉ុល បាន​សរសេរ​ទៅ​កាន់​ពួកជំនុំ​ទីក្រុង​កូរិនថូស ហើយ​លោក​បាន​ប្រាប់​ពួកគេ​ឲ្យ​បណ្តេញ​បុរស​នេះ​ចេញពី​ពួកជំនុំ​របស់​ខ្លួន។ ឥឡូវ​ សូម​ឈប់​បន្តិច ដើម្បី​គិត​អំពី​ការ​នេះ៖ យើង​មិនអាច​បណ្តេញ​នរណា​ម្នាក់​ ចេញ​ជា​ផ្លូវការ​បាន​នោះ​ទេ ប្រសិនបើ​យើង​​មិន​បាន​រាប់​ម្នាក់​នោះ​បញ្ចូល​ជា​ផ្លូវការ​តាំង​ពី​ដំបូង​មក​ទេ​នោះ។

មើល​ទៅ​លោក ប៉ុល បាន​និយាយ​សំដៅ​លើ​រឿង​របស់​បុរស​ដដែល​នេះ​ម្ដងទៀត​នៅក្នុង​សំបុត្រ​បន្ទាប់​របស់​គាត់​ទៅកាន់​ពួកជំនុំ​ទីក្រុង​កូរិនថូស​ថា «ទោស​ដែល​អ្នករាល់គ្នា​ភាគច្រើន​បាន​ធ្វើ​ដល់​មនុស្ស​បែប​នេះ» (២កូរិនថូស ២:៦ គកស)។ សូម​ឈប់​បន្តិច ដើម្បី​គិត​ពី​ពាក្យ​ថា «ភាគច្រើន»។ ហេតុអ្វីបានជា​លោក ប៉ុល ហ៊ាន​ប្រើ​ពាក្យ​នេះ? យើង​មិន​អាច​ប្រើ​ពាក្យ​ថា ភាគច្រើន ដូច​លោក ប៉ុល បាន​ទេ លុះត្រាតែ​យើង​ដឹង​យ៉ាង​ច្បាស់​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់​បាន​ធ្វើ ឬ​មិន​បាន​ធ្វើ​នៅ​ក្នុង​ក្រុម​នោះ។ ហេតុដូច្នេះហើយ នៅពេល​ដែល​លោក ប៉ុល ប្រើ​ពាក្យ​នេះ​យើង​អាច​ដឹង​បាន​ថា គាត់​បាន​ដឹង​យ៉ាង​ច្បាស់​ពី​ចំនួន​សមាជិក​នៅ​ក្នុង​ពួកជំនុំ​កូរិនថូស។

លោក​ ប៉ុល បាន​យកចិត្ត​ទុកដាក់​ក្នុង​កិច្ចការ​ដែល​ដឹង​ថា «នរណា​ជា​សមាជិក» ហើយ​ «នរណា​មិនមែន​ជា​សមាជិក»។ លោក​បាន​យកចិត្ត​ទុកដាក់​លើ​ការ​នេះ​ ដោយ​ព្រោះ​ព្រះអម្ចាស់​យេស៊ូវ​ បាន​ប្រទាន​សិទ្ធិ​អំណាច​ដល់​ពួកជំនុំ​ដើម្បី​ដាក់​ដែន​កំណត់​មួយ​ថា អ្នកណា​នៅ​ក្នុង​ក្រុម​របស់​ពួកគេ ហើយ​អ្នកណា​នៅ​ក្នុង​ក្រុម​របស់​លោកីយ៍។

ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​ចង​ទុក​អ្វី‍ៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ចង​ទុក​នៅ​ស្ថាន​សួគ៌​ដែរ ហើយ​បើ​ស្រាយ​អ្វីៗ​នៅ​ផែនដី នោះ​ក៏​នឹង​ត្រូវ​ស្រាយ​នៅ​ស្ថាន​សួគ៌​ដែរ (ម៉ាថាយ ១៨:១៨; សូម​មើល​ផង​ដែរ​នៅ​ ម៉ាថាយ ១៦:១៩; យ៉ូហាន ២០:២៣)

យើង​បាន​និយាយ​រួច​ហើយ​ថា​ ពួកជំនុំ​ដែល​មាន​សុខភាពល្អ​ គឺ​ជា​ពួកជំនុំ​ដែល​បន្ត​បង្ហាញ​ឲ្យ​ឃើញ​ពី ​ចរិតលក្ខណៈ​របស់​ព្រះជាម្ចាស់​ច្រើន​ឡើងៗ។ ដូច្នេះ​ហើយ យើង​ចង់​ឲ្យ​កំណត់​ត្រា​របស់​យើង​នៅ​ផែនដី​នេះ ប្រហាក់​ប្រហែល​គ្នា​នឹង​កំណត់​ត្រា​នៅ​ស្ថានសួគ៌​ដែរ​ តាម​ដែល​យើង​អាច​ធ្វើ​បាន។ កំណត់​ត្រា​នៅ​ស្ថានសួគ៌​នោះ ​គឺជា​បញ្ជី​ឈ្មោះ​ដែល​បាន​កត់​ចុះ​នៅ​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម (ភីលីព ៤:៣; វិវរណៈ ២១:២៧)។

ពួកជំនុំ​ដែល​មាន​សុខភាពល្អ​មាន​បំណង​ចិត្ត​នឹង​ទទួល​ ឬក៏​បណ្តេញ អស់​អ្នកណា​ដែល​ប្រកាស​ថា ខ្លួន​ជា​អ្នកជឿ​ យោងតាម​ការ​បង្រៀន​អ្នកនិពន្ធ​កណ្ឌគម្ពីរ​សញ្ញាថ្មី​បាន​បង្គាប់​មក។ នេះ​មាន​ន័យ​ថា ពួកជំនុំ​ដែល​មាន​សុខភាពល្អ​ ត្រូវ​តែ​ប្រាថ្នា​ឲ្យ​មាន​ការ​យល់​ដ៏​ត្រឹមត្រូវ​ពី​សមាជិកភាព​ពួកជំនុំ​តាម​ព្រះគម្ពីរ។

សមាជិកភាព​ពួកជំនុំ​តាម​ព្រះគម្ពីរ​ត្រូវ​មាន​ការ​ប្ដេជ្ញា

ព្រះវិហារ​សង់​ពី​ដុំ​ឥដ្ឋ។ ហ្វូង​ចៀម​មាន​ចៀម​នៅក្នុង​នោះ។ ដើម​ទំពាំង​បាយ​ជូរ​មាន​ខ្នែង​របស់​វា។ រូបកាយ​មាន​អវយវៈ។ ហើយ​ពួកជំនុំ​មាន​សមាជិក។ នៅ​ក្នុង​ន័យ​ម្យ៉ាង សមាជិកភាព​ពួកជំនុំ​បាន​ចាប់ផ្ដើម​លេច​ឡើង​ នៅពេល​ដែល​ព្រះគ្រីស្ទ​បាន​សង្គ្រោះ​យើង ហើយ​ទ្រង់​បាន​រាប់​យើង​ជា​អវយវៈ​មួយ​នៃ​រូបកាយ​ទ្រង់។ ប៉ុន្តែ​បន្ទាប់មក ការ​នេះ​តម្រូវ​ឲ្យ​អវយវៈ​នីមួយៗ​បង្ហាញ​ថា ពួកគេ​ជា​អវយវៈ​របស់​ព្រះគ្រីស្ទ​តាមរយៈ​ការ​ធ្វើ​ជា​សមាជិក​ពួកជំនុំ​តាមតំបន់។ ក្នុង​ន័យ​នេះ សមាជិកភាព​ពួកជំនុំ​ចាប់ផ្ដើម​មាន​ឡើង នៅ​ពេល​ដែល​យើង​ប្ដេជ្ញា​ធ្វើ​ជា​សមាជិក​នៅ​ក្នុង​ពួកជំនុំ​ជាក់លាក់​ណា​មួយ។ ក្នុង​នាម​យើង​ជា​គ្រីស្ទបរិស័ទ យើង​ត្រូវតែ​ប្ដេជ្ញា​ចូលរួម​ជាមួយនឹង​ពួកជំនុំ​ណា​មួយ​ឲ្យ​ជាក់លាក់។

ដូច្នេះ​ហើយ បាន​ជា​ព្រះគម្ពីរ​បង្គាប់​ឲ្យ​យើង​ប្រជុំ​គ្នា​ជា​ទៀងទាត់​ ដើម្បី​ឲ្យ​យើង​អាច​អរសប្បាយ​ជា​ប្រចាំ​នៅក្នុង​ក្ដីសង្ឃឹម​រួម​របស់​យើង​ ហើយ​ឲ្យ​យើង​ខ្ជាប់ខ្ជួន​ក្នុង​ការ​ដាស់តឿន​គ្នា​ទៅវិញ​ទៅមក ឲ្យ​ចេះ​ស្រឡាញ់​ ហើយនិង​ប្រព្រឹត្ត​ការ​ល្អ (ហេព្រើរ ១០:២៣-២៥)។ ការ​ចូល​ជា​សមាជិកភាព​ពួកជំនុំ​មិនមែន​គ្រាន់​តែ​ជា​ការ​ដែល​យើង​សរសេរ​ឈ្មោះ​យើង​ដាក់​ក្នុង​សៀវភៅ​សមាជិក​នោះ​ទេ។ វា​ក៏​មិន​មែន​ជា​អារម្មណ៍​មនោសញ្ចេតនា​ ហើយ​ក៏​មិនមែន​ជា​ការ​សម្ដែង​ពី​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ចំពោះ​កន្លែង​ណា​មួយ​ដែល​យើង​ស្គាល់​នោះ​ដែរ។ សមាជិកភាព​ពួកជំនុំ​ក៏​មិនមែន​ជា​ការ​សម្ដែង​ពី​ភាព​ស្មោះស្ម័គ្រ​ ឬ​ពី​ភាព​មិន​ស្មោះស្ម័គ្រ​ចំពោះ​ឪពុក​ម្តាយ​នោះ​ដែរ។ សមាជិកភាព​ពួកជំនុំ​គួរតែ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ប្ដេជ្ញា​ពិត​ប្រាកដ​ទាំង​ពាក្យ​សម្ដី​ ទាំង​ការ​ប្រព្រឹត្ត។ បើ​មិន​ដូច្នោះ​ទេ វា​ជា​ការ​ឥត​ប្រយោជន៍ ហើយ​វា​ជា​ការ​គ្រោះថ្នាក់​ណាស់។ បន្តិចទៀត យើង​នឹង​ពិចារណា​ពី​លក្ខណៈ​នៃ​ការ​ប្ដេជ្ញា​នេះ។

សមាជិកភាព​ពួកជំនុំ​តាម​
ព្រះគម្ពីរ​ត្រូវ​មាន​ការ​ទទួលខុសត្រូវ

ការ​ដែល​ពួកជំនុំ​បង្ហាញ​ពី ការ​ទទួលខុសត្រូវ​ចំពោះ​គ្នា​នឹង​គ្នា ហើយ​ស្រឡាញ់​គ្នា​ទៅវិញទៅមក នោះ​ហើយ​ជា​អត្ថន័យ​នៃ​សមាជិកភាព​ពួកជំនុំ។ នៅពេល​ដែល​យើង​កំណត់​អត្តសញ្ញាណ​ខ្លួន​យើង​ជាមួយនឹង​ពួកជំនុំ​តាមតំបន់​ជាក់លាក់​ណា​មួយ នោះ​មាន​ន័យ​ថា យើង​កំពុងតែ​ប្រាប់​ដល់​គ្រូគង្វាល និង​សមាជិក​ដទៃ​ទៀត​នៃ​ពួកជំនុំ​នោះ​ថា​ យើង​មិន​គ្រាន់តែ​ប្ដេជ្ញា​ទៅ​នឹង​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ប្រាប់​ពួកគេ​ផង​ដែរ​ថា យើង​ប្ដេជ្ញា​ជាមួយនឹង​ពួកគេ​ក្នុង​ការ​ប្រជុំ​គ្នា​ ការ​ថ្វាយ​តង្វាយ​ ការ​អធិស្ឋាន និង​ការ​បម្រើ។ ការ​ធ្វើ​បែប​នេះ បង្ហាញ​ថា​យើង​កំពុងតែ​ប្រាប់​ពួកគេ​ឲ្យ​រំពឹង​ការ​មួយ​ចំនួន​ពី​យើង ហើយ​ពួកគេ​អាច​ជួយ​កែ​តម្រង់​យើង ប្រសិនបើ​យើង​មិនបាន​បំពេញ​តាម​ការ​រំពឹង​នោះ។ ការ​ចូលរួម​ជា​សមាជិក​ក្នុង​ពួកជំនុំ​មួយ​ គឺ​ជា​ការ​និយាយ​ថា «ឥឡូវនេះ​ ខ្ញុំ​ជា​ទំនួលខុសត្រូវ​របស់​អ្នក ហើយ​អ្នក​ជា​ទំនួល​ខុស​ត្រូវ​របស់​ខ្ញុំ»។ (ពិតប្រាកដ ការ​នេះ​ខុស​ពី​និស្ស័យ​បាប​របស់​យើង ហើយ​ប្រហែល​ជា​ខុស​ពី​វប្បធម៌​របស់​យើង​ផង​ដែរ)។

សមាជិកភាព​ពួកជំនុំ​តាម​ព្រះគម្ពីរ​មាន​ន័យ​ថា​ យើង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​គ្នា​ទៅវិញទៅមក។ អត្ថន័យ​នេះ​ ចេញ​មកពី​កាតព្វកិច្ច​របស់​យើង​ចំពោះ​គ្នា​ទៅវិញទៅមក ដូច​ដែល​មាន​ខ​គម្ពីរ​មួយ​ចំនួន​បាន​លើកឡើង​ក្នុង​ឃ្លា គ្នា​ទៅវិញទៅមក បែប​ដូចនេះ​ថា ចូរ​ស្រឡាញ់​គ្នា​ទៅវិញទៅមក ចូរ​បម្រើ​គ្នា​ទៅវិញទៅមក ចូរ​លើកទឹកចិត្ត​គ្នា​ទៅវិញទៅមក​ជាដើម។ យើង​គួរ​តែ​ដាក់បញ្ចូល​សេចក្តី​បង្គាប់​ទាំងនេះ​ក្នុង​លក្ខន្តិកៈ​នៃ​ពួកជំនុំ​ដែល​មាន​សុខភាពល្អ (សូម​មើល​សេចក្តី​បន្ថែម)។

បើសិន​ជា​ពួកជំនុំ​បាន​ធ្វើ​តាម​សញ្ញាសម្គាល់​ទី​ប្រាំពីរ​រហូតដល់​ទី​ប្រាំបួន​រួច​ហើយ នោះ​ពួកគេ​នឹង​អាច​ធ្វើតាម​សញ្ញាសម្គាល់​ទី​ដប់​នេះ​បាន​យ៉ាង​ងាយ។ ពេលនោះ​សមាជិក​នឹង​កាន់តែ​ទទួលស្គាល់​ពី​ទំនួលខុសត្រូវ​របស់​ពួកគេ ចំពោះ​គ្នា​ទៅវិញទៅមក ដោយសារ​ពួកគេ​ស្រឡាញ់​ដំណឹងល្អ និង​ទទួលស្គាល់​ថា ការ​ក្លាយ​ជា​គ្រីស្ទបរិស័ទ​ជា​កិច្ចការ​របស់​ព្រះជាម្ចាស់។ លើសពី​នោះ​ទៅ​ទៀត ពួកគេ​នឹង​ផ្សាយ​ដំណឹងល្អ​ដោយ​បង្រៀន​ដល់​ អ្នក​ដែល​ចាប់​អារម្មណ៍​ ពី​ព្រះគ្រីស្ទ​ថា គេ​ត្រូវតែ​ពិចារណា​ពី​ការ​លះបង់​ជា​មុន​សិន មុន​នឹង​ទទួល​ជឿ​ព្រះគ្រីស្ទ។ ពួកគេ​នឹង​លែង​គិត​ថា ពួកគេ​នឹង​ទៅ​ចូលរួម​ជាមួយ​ពួកជំនុំ តែ​ពេលណា​ដែល​ពួកគេ​ចង់​ចូលរួម ហើយ​ពួកគេ​នឹង​លែង​ចង់​បាន​អ្វី​ម្យ៉ាង​ពី​ពួកជំនុំ​នោះ​ទៀត​ហើយ។ ជាងនោះទៅទៀត ពួកគេ​នឹង​មិន​ប្រៀបធៀប​ការ​ចូលរួម​ជាមួយ​ពួកជំនុំ​ទៅ​នឹង​ការ​ដើរ​មើល​ទំនិញ​ល្អ​នោះ​ឡើយ។ ប៉ុន្តែ ពួកគេ​នឹង​រាប់​ពួកជំនុំ​ដូចជា​រូបកាយ ហើយ​អវយវៈ​របស់​រូបកាយ​នោះ​ នឹង​ថែរក្សា​គ្នា​ទៅវិញទៅមក។ ពួកគេ​នឹង​រាប់​ពួកជំនុំ​ដូចជា​គ្រួសារ​ដ៏​ជិតស្និទ្ធ​របស់​ខ្លួន​វិញ។

គួរ​ឲ្យ​សោកស្ដាយ វា​ជា​រឿង​សាមញ្ញ​ទៅ​ហើយ​ដែល​ពួកជំនុំ​មាន​អ្នក​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​សមាជិកភាព​ជា​ច្រើន​នាក់ ប៉ុន្តែ​មិន​មាន​មនុស្ស​ច្រើន​ដូច​ក្នុង​បញ្ជី​ដែល​មក​ចូល​រួម​ថ្វាយ​បង្គំ​នោះ​ទេ។ សូម​ស្រមៃ​មើល ពួកជំនុំ​មួយ​មាន​សមាជិក​ដល់​ទៅ​បីរយ​នាក់ តែ​មាន​អ្នក​ចូលរួម​ថ្វាយបង្គំ​ជា​ទៀងទាត់​តែ​ហុកសិប​នាក់។ សព្វថ្ងៃ​នេះ មាន​គ្រូគង្វាល​ជា​ច្រើន​ដែល​មាន​មោទនភាព​ចំពោះ​ការ​ដែល​មាន​សមាជិក​ច្រើន​នៅ​ក្នុង​បញ្ជី​សមាជិក ជាជាង​មាន​ការ​ថប់​បារម្ភ​ដោយសារ​តែ​ចំនួន​សមាជិក​ពួកជំនុំ​ជា​ច្រើន​អត់​មក​ចូល​រួម​ថ្វាយ​បង្គំ។ យោងទៅតាម​ការ​សិក្សា​មួយ​ថ្មីៗនេះ ធម្មតា​ពួកជំនុំ​សាវធើន​បាទីស្ទ (Southern Baptist Church) មាន​សមាជិក​២៣៣​នាក់ ប៉ុន្តែ​មាន​សមាជិក​តែ​៧០​នាក់​ប៉ុណ្ណោះ​ដែល​ចូលរួម​ថ្វាយ​បង្គំ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ។

ចុះ​ចំណែក​ឯ​ការ​ថ្វាយ​តង្វាយ​វិញ តើ​វា​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​នេះ​ដែរ​ឬ​ទេ? តើ​មាន​ពួកជំនុំ​ប៉ុន្មាន​ដែល​មាន​សមាជិក​បាន​ថ្វាយ​តង្វាយ​១០ភាគរយ​ ឬ​លើស​ពី​១០ភាគរយ​ពី​ប្រាក់​ចំណូល​របស់​ពួកគេ?

ការ​ដែល​សមាជិក​ពួកជំនុំ​ឈឺ​អាច​ជា​ឧបសគ្គ​ដល់​ចំនួន​អ្នក​ចូលរួម​ថ្វាយបង្គំ​ ហើយ​កង្វះ​ខាត​ថវិកា​ក៏​អាច​ជា​ឧបសគ្គ​ដល់​ការ​ថ្វាយ​តង្វាយ​ផង​ដែរ។ បើ​មិន​អញ្ចឹង​ទេ ពួកជំនុំ​ងាយ​នឹង​គិតតែ​ពី​ចំនួន​សមាជិក និង​ចំនួន​ប្រាក់​តង្វាយ​តែប៉ុណ្ណោះ។ ពួកជំនុំ​ងាយ​នឹង​ធ្លាក់​ក្នុង​ការ​យក​ចំនួន​សមាជិក និង​ចំនួន​តង្វាយ​ធ្វើ​ជា​ព្រះ​ជំនួស​ព្រះជាម្ចាស់​វិញ ដូច​ដែល​មនុស្ស​ថ្វាយបង្គំ​រូប​ព្រះ​ដូច្នោះ​ដែរ ហើយ​ការ​ទោរទន់​ទៅលើ​ចំនួន​ទិន្នន័យ​សមាជិក​ពួកជំនុំ​ប្រហែល​ជា​ងាយស្រួល​ជាង​គោរព​រូប​ព្រះ​ផង​មើល​ទៅ។ ប៉ុន្តែ ខ្ញុំ​គិត​ថា ព្រះជាម្ចាស់​នឹង​វាយ​តម្លៃ​ទៅលើ​ជីវិត​របស់​យើង និង​ថ្លឹងថ្លែង​​លើ​កិច្ច​ការ​ងារ​របស់​យើង ជាជាង​រាប់​ចំនួន​សមាជិក និង​ប្រាក់​តង្វាយ​ពួកជំនុំ​របស់​យើង។

សមាជិកភាព​ពួកជំនុំ​តាម​
ព្រះគម្ពីរ​បញ្ជាក់​ពី​ការ​ទទួល​សេចក្តី​សង្គ្រោះ

តើ​អ្វី​ជា​គ្រោះថ្នាក់​ចំពោះ​សមាជិក​ពួកជំនុំ​ដែល​មិន​ចូលរួម​ថ្វាយបង្គំ និង​សមាជិក​ពួកជំនុំ​ដែល​គេចវេស​ពី​ទំនួលខុសត្រូវ​របស់​ខ្លួន​នោះ? នៅពេល​ដែល​សមាជិក​ពួកជំនុំ​ដែល​មិន​ចូលរួម​ក្នុង​កិច្ចការ​ណា​មួយ​ក្នុង​ពួកជំនុំ នោះ​ពួកគេ​ធ្វើ​ឲ្យ​សមាជិក​ពួកជំនុំ​ដ៏​ពិត និង​អ្នកមិនជឿ​យល់​ច្រឡំ​ថា​ តើ​ការ​ធ្វើ​ជា​គ្រីស្ទបរិស័ទ​មាន​ន័យ​យ៉ាង​ដូច​ម្តេច។ ហើយ​សមាជិក​ពួកជំនុំ​ដែល​សកម្ម​ មិន​បាន​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​សមាជិក​ពួកជំនុំ​ដែល​អសកម្ម​នោះ​ឡើយ​ នៅពេល​ដែល​ពួកជំនុំ​អនុញ្ញាត​ឲ្យ​សមាជិក​អសកម្ម​ទាំងនោះ​នៅ​តែ​ធ្វើ​ជា​សមាជិក​ពួកជំនុំ​ដដែល​នោះ។ ដ្បិត​អី​ការ​ក្លាយ​ជា​សមាជិក​ពួកជំនុំ​ គឺជា​ការ​ទទួលស្គាល់​ជា​រួម​របស់​ពួកជំនុំ​ទៅលើ​សេចក្តី​សង្គ្រោះ​របស់​មនុស្ស​ម្នាក់។ តើ​លោកអ្នក​ពិតជា​យល់​ពី​ការ​នេះ​ទេ? នៅពេល​ដែល​លោកអ្នក​រាប់​នរណា​ម្នាក់​ថា​ជា​សមាជិក​នៃ​ពួកជំនុំ​របស់​លោកអ្នក នោះ​លោកអ្នក​កំពុង​តែ​ទទួលស្គាល់​ថា​ ពួកជំនុំ​របស់​លោកអ្នក​ទទួលស្គាល់​បុគ្គល​នោះ​ថា​ជា​គ្រីស្ទបរិស័ទ​ហើយ។

ដូច្នេះ ប្រសិនបើ​ក្រសែ​ភ្នែក​របស់​ពួកជំនុំ​មិន​បាន​សម្លឹង​មើល​បុគ្គល​ម្នាក់​អស់​រយៈពេល​ជា​ច្រើន​ខែ ឬ​ច្រើន​ឆ្នាំ​មក​ហើយ​នោះ អញ្ចឹង​តើ​ពួកជំនុំ​នោះ​អាច​អះអាង​ថា​ បុគ្គល​នោះ​បាន​រត់​ប្រណាំង​យ៉ាង​ស្មោះត្រង់​នៅ​ក្នុង​ពួកជំនុំ​នោះ​បាន​យ៉ាង​ដូចម្តេច? ប្រសិនបើ​បុគ្គល​ម្នាក់​ឈប់​មក​ចូល​រួម​ជាមួយ​ពួកជំនុំ ហើយ​ថែមទាំង​មិន​បាន​ចូលរួម​ជាមួយ​ពួកជំនុំ​ណា​មួយ​ផ្សេងទៀត​ទេ នោះ​ប្រហែល​បុគ្គល​នោះ​ មិន​មែន​ជា​សមាជិក​ដ៏​ពិត​នៃ​ពួកជំនុំ​យើង​នោះ​ទេ (យ៉ូហាន ២:១៩)? យើង​មិន​អាច​ដឹង​បាន​ពី មនុស្ស​ដែល​មិន​ចូលរួម​សកម្មភាព​ក្នុង​ពួកជំនុំ​ជា​គ្រីស្ទបរិស័ទ ឬ​ក៏​អត់​នោះ​ទេ ប៉ុន្តែ​យើង​គ្រាន់​តែ​មិន​អាច​អះអាង​ថា ពួកគេ​ជា​គ្រីស្ទបរិស័ទ​ប៉ុណ្ណោះ។ យើង​មិន​ចាំបាច់​ប្រាប់​បុគ្គល​នោះ​ថា «អ្នក​នឹង​ទៅ​ស្ថាន​នរក» នោះ​ទេ។ យើង​គ្រាន់តែ​និយាយ​ថា​ «យើង​មិន​មាន​ទំនុកចិត្ត​ថា​អ្នក​នឹង​ទៅ​ស្ថានសួគ៌​នោះ​ទេ»។ នៅពេល​ដែល​មនុស្ស​ម្នាក់​មិន​បាន​ចូលរួម​ថ្វាយបង្គំ​ជា​យូរ​មក​ហើយ ប៉ុន្តែ​ពួកជំនុំ​នៅតែ​ទទួលស្គាល់​ម្នាក់​នោះ​ជា​សមាជិក​ពួកជំនុំ​ទៀត នោះ​មានន័យ​ថា ពួកគេ​មិន​សូវ​មាន​ប្រាជ្ញា ឬ​ក៏​ពួកគេ​កុហក​ខ្លួន​ឯង។

ពួកជំនុំ​ដែល​អនុវត្ត​សមាជិកភាព​ពួកជំនុំ​តាម​ព្រះគម្ពីរ​ មិន​តម្រូវ​ឲ្យ​សមាជិក​របស់​ខ្លួន​មាន​លក្ខណៈ​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ប៉ុន្តែ ពួកជំនុំ​នោះ​តម្រូវ​ឲ្យ​ពួកគេ​មាន​ការ​បន្ទាបខ្លួន​ និង​ភាព​ស្មោះត្រង់។ ពួកជំនុំ​នោះ​មិន​បាន​ហៅ​ពួកគេ​មក​ឲ្យ​បង្ហាញ​ពី​ការ​សម្រេចចិត្ត​ជឿ​របស់​ពួកគេ​ទេ ប៉ុន្តែ​ពួកជំនុំ​នោះ​ហៅ​ពួកគេ​មក​ឲ្យ​ធ្វើ​ជា​សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវ​វិញ។ ធ្វើ​ដូច​នេះ​ ពួកជំនុំ​នៅ​តែ​ឲ្យ​តម្លៃ​លើ​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ម្នាក់ៗ​ជាមួយនឹង​ព្រះជាម្ចាស់ ហើយ​ពួកគេ​ក៏​មិន​រំពឹង​អ្វី​ខ្លាំងពេក​ទៅលើ​អស់​អ្នក​ដែល​មិនទាន់​គ្រប់​លក្ខណ៍​ទាំង​នោះ​ដែរ។ អញ្ចឹង​ហើយ​បាន​ជា ព្រះគម្ពីរ​សញ្ញាថ្មី​បង្ហាញ​ឲ្យ​ឃើញ​ពី​តួនាទី​មួយ ដើម្បី​ទទួលស្គាល់​សមាជិកភាព​ពួកជំនុំ​ជា​រួម​តាមរយៈ​អស់​អ្នក​ដែល​នៅក្នុង​ការ​តាំង​សញ្ញា​ជាមួយនឹង​ព្រះជាម្ចាស់ និង​គ្នា​ទៅវិញទៅមក។

សមាជិកភាព​ពួកជំនុំ​តាម​ព្រះគម្ពីរ​ពិតជា​មាន​តម្លៃ

ខ្ញុំ​សង្ឃឹម​ថា​យើង​នឹង​ឃើញ​ស្ថិតិ​សមាជិកភាព​នៅក្នុង​ពួកជំនុំ​កាន់​តែ​មាន​អត្ថន័យ​ខ្លាំង​ឡើងៗ​ រហូត​ទាល់​តែ​សមាជិក​ពួកជំនុំ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី គឺ​ជា​សមាជិក​ពួកជំនុំ​ដែល​ចូលរួម​ពិតប្រាកដ។ ពេល​ខ្លះ​ ការ​ធ្វើ​ដូចនេះ​បណ្ដាល​ឲ្យ​ពួកជំនុំ​លុប​ឈ្មោះ​មនុស្ស​មួយ​ចំនួន​ដែល​អសកម្ម​ចេញពី​បញ្ជី​ឈ្មោះ​សមាជិក​ពួកជំនុំ ប៉ុន្តែ​នេះ​មិនមែន​មាន​ន័យ​ថា​យើង​លុប​ឈ្មោះ​គេ​ចេញពី​ចិត្ត​របស់​យើង​​ដោយ​បំភ្លេច​គេ​ចោល​នោះ​ទេ។ ជា​ញឹកញាប់​ ការ​ធ្វើ​ដូចនេះ​មានន័យ​ថា ពួកជំនុំ​ត្រូវ​បង្រៀន​សមាជិក​ថ្មីៗ​ពី​អ្វី​ដែល​ព្រះជាម្ចាស់​សព្វព្រះទ័យ​សម្រាប់​ពួកគេ ហើយ​ពួកជំនុំ​ត្រូវ​រំឭក​យ៉ាង​ខ្ជាប់ខ្ជួន​ដល់​សមាជិក​ពួកជំនុំ​ដែល​ចូលរួម​បច្ចុប្បន្ន​ពី​ការ​ប្ដេជ្ញា​របស់​ពួកគេ​នៅក្នុង​សកម្មភាព​ផ្សេងៗ​របស់​ពួកជំនុំ។ នៅ​ក្នុង​ពួកជំនុំ​ផ្ទាល់​របស់ខ្ញុំ យើង​ធ្វើ​ដូចនេះ​តាម​វិធី​ផ្សេងៗ​ដូចជា យើង​មាន​បង្រៀន​ថ្នាក់​សមាជិកភាព​ពួកជំនុំ ហើយ​យើង​ឲ្យ​ពួកជំនុំ​អាន​លក្ខន្តិកៈ​ពួកជំនុំ​ឲ្យ​ឮៗ​នៅពេល​ណា​ដែល​យើង​ធ្វើ​ពិធី​លៀង​ព្រះអម្ចាស់។

នៅពេល​ដែល​ពួកជំនុំ​របស់​យើង​កាន់តែ​មាន​សុខភាពល្អ នោះ​ចំនួន​មនុស្ស​ចូលរួម​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នឹង​កើន​ឡើង​លើស​ចំនួន​ឈ្មោះ​ជា​ផ្លូវការ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​សមាជិក​ពួកជំនុំ​របស់​យើង​ទៅ​ទៀត។ ពិតប្រាកដ​ណាស់​ នេះ​គួរតែ​ជា​បំណង​ប្រាថ្នា​របស់​លោកអ្នក​សម្រាប់​ពួកជំនុំ​លោកអ្នក​ផង​ដែរ។

យើង​មិន​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​សមាជិក​ចាស់​ដែល​ជា​ទីស្រឡាញ់​របស់​យើង​ក្នុង​របៀប​ដ៏​ត្រឹមត្រូវ​នោះ​ទេ ប្រសិនបើ​យើង​អនុញ្ញាត​ឲ្យ​ពួកគេ​បន្ត​ធ្វើ​ជា​សមាជិក​នៅក្នុង​ពួកជំនុំ​របស់​យើង​ដោយសារ​តែ​ហេតុផល​មនោសញ្ចេតនា​នោះ។ ប៉ុន្តែ យើង​ស្រឡាញ់​ពួកគេ​ នៅ​ពេល​ដែល​យើង​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ចូលរួម​ជាមួយ​នឹង​ពួកជំនុំ​មួយ​ផ្សេង​ទៀត​ ដែល​ពួកគេ​អាច​ស្រឡាញ់​ និង​ទទួល​សេចក្តី​ស្រឡាញ់​ជា​រៀង​រាល់​សប្ដាហ៍ ឬ​ជា​រៀងរាល់​ថ្ងៃ។ ដូច្នេះហើយ នៅក្នុង​លក្ខន្តិកៈ​របស់​ពួកជំនុំ​ខ្ញុំ យើង​សន្យា​ថា «នៅពេល​ដែល​យើង​ចាកចេញពី​ពួកជំនុំ​នេះ​ទៅ យើង​នឹង​ចូលរួម​ជាមួយនឹង​ពួកជំនុំ​ណា​មួយ​ផ្សេង​ទៀត ដែល​យើង​អាច​បន្ត​អនុវត្ត​លក្ខន្តិកៈ​នេះ​​ ហើយ​អាច​បន្ត​អនុវត្ត​នូវ​គោលការ​ណ៍​នៃ​ព្រះបន្ទូល ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន»។ ការ​ប្ដេជ្ញា​ចិត្ត​នេះ ជា​ផ្នែក​មួយ​នៃ​ដំណើរការ​នៃ​ភាព​ជា​សិស្ស​ដែល​មាន​សុខភាពល្អ ជា​ពិសេស​នៅ​ក្នុង​សម័យ​បណ្ដោះអាសន្ន​យើង​នេះ។

ការ​អនុវត្ត​សមាជិកភាព​ពួកជំនុំ​ដោយ​យកចិត្ត​ទុកដាក់​នឹង​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន។ ការ​អនុវត្ត​បែប​នេះ​នឹង​ធ្វើ​ឲ្យ​អ្នកមិនជឿ​មើលឃើញ​កាន់តែ​ច្បាស់​ពី​ទីបន្ទាល់​នៃ​ពួកជំនុំ​យើង។ ប្រសិនបើ​ពួកជំនុំ​នោះ​អនុវត្ត​សមាជិកភាព នោះ​នឹង​ការ​ពារ​អ្នក​មាន​ជំនឿ​ទន់ខ្សោយ​ពី​ការ​ស្មាន​ខុស​ថា ខ្លួនគេ​បាន​សង្គ្រោះ ដូច្នេះ​មិន​ចាំបាច់​មាន​ទម្លាប់​ចូល​រួម​ជាមួយ​ពួកជំនុំ​នោះទេ។ ម្យ៉ាង​វិញ​ទៀត ការ​អនុវត្ត​សមាជិកភាព​ពួកជំនុំ​ដោយ​ប្រុងប្រយ័ត្ន​នឹង​ជួយ​ឲ្យ​ពួកជំនុំ​ចេះ​បង្កើត​សិស្ស​ដែល​កាន់តែ​មាន​ភាព​ពេញវ័យ​ខាងឯវិញ្ញាណ។ ការ​អនុវត្ត​បែប​នេះ​នឹង​ជួយ​ដល់​អ្នកដឹកនាំ​ពួកជំនុំ​ឲ្យ​ដឹង​យ៉ាង​ប្រាកដ​ថា ពួកគេ​មាន​ទំនួលខុសត្រូវ​ចំពោះ​អ្នកណា​ខ្លះ។ ព្រះជាម្ចាស់​នឹង​ទទួល​សិរីល្អ​តាមរយៈ​ការ​ទាំងអស់​នេះ។

សូម​អធិស្ឋាន​ឲ្យ​ពួកជំនុំ​កាន់តែ​ផ្តល់​តម្លៃ​ដល់​សមាជិកភាព​ឲ្យ​បាន​ល្អប្រសើរ​ជាង​បច្ចុប្បន្ន​នេះ​ទៅ​ទៀត។ តាម​វិធី​នេះ យើង​អាច​ដឹង​កាន់តែ​ច្បាស់​ថា​ យើង​គួរ​អធិស្ឋាន​ឲ្យ​អ្នកជឿ​ណា​ខ្លះ លើកទឹកចិត្ត​ដល់​អ្នកជឿ​ណា​ខ្លះ​ ក៏​ដូចជា​ជំរុញចិត្ត​អ្នកជឿ​ណា​ខ្លះ។ សមាជិកភាព​ពួកជំនុំ​មានន័យ​ថា​ យើង​មាន​ការ​រួបរួម​គ្នា​យ៉ាង​ជាក់លាក់​នៅក្នុង​រូបកាយ​ព្រះគ្រីស្ទ។ សមាជិកភាព​ពួកជំនុំ​មានន័យ​ថា យើង​ធ្វើ​ដំណើរ​ជាមួយ​គ្នា​ប្រៀប​ដូចជា​ជន​បរទេស និង​ពួក​អ្នក​ដែល​គ្រាន់តែ​សំណាក់​នៅ​ផែនដី​នេះ ខណៈ​ដែល​យើង​តម្រង់​ឆ្ពោះ​ទៅ​ផ្ទះ​ដ៏​ពិត​របស់​យើង​នៅ​ឯ​នគរ​ស្ថានសួគ៌។ ពិតប្រាកដ​ណាស់ សញ្ញាសម្គាល់​មួយ​នៃ​ពួកជំនុំ​ដែល​មាន​សុខភាពល្អ គឺ​ការ​យល់​ដ៏​ត្រឹមត្រូវ​ពី​សមាជិកភាព​ពួកជំនុំ​តាម​ព្រះគម្ពីរ។