ជំពូក​៧

សញ្ញាសម្គាល់​ដ៏​ចាំបាច់​នៃ​ពួកជំនុំ​ដែល​មាន​សុខភាពល្អ៖

ការ​យល់​ពី​ដំណឹងល្អ​តាម​ព្រះគម្ពីរ

ពួកជំនុំ​របស់​យើង​ត្រូវតែ​មាន​ភាពរឹងមាំ​ទៅ​នឹង​ផ្នែក​ដ៏​ពិសេស​មួយ​នៃ​ទេវវិទ្យា​តាម​ព្រះគម្ពីរ ហើយ​ផ្នែក​ដ៏​ពិសេស​នោះ​គឺ ការ​យល់​ពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​តាម​ព្រះគម្ពីរ​ទាំង​ស្រុង។ ដំណឹងល្អ​គឺជា​ចំណុច​ស្នូល​នៃ​ជំនឿ​គ្រីស្ទបរិស័ទ ហេតុដូច្នេះ​ហើយ វា​គួរតែ​ជា​ចំណុច​ស្នូល​នៃ​ពួកជំនុំ​របស់​យើង​ដែរ។

ពួកជំនុំ​ដែល​មាន​សុខភាពល្អ គឺជា​ពួកជំនុំ​ដែល​មានជំនឿ​ដូចគ្នា​លើ​ដំណឹងល្អ​ដ៏​អស្ចារ្យ​នៃ​សេចក្តី​សង្គ្រោះ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ទោះបើ​សមាជិក​ពួកជំនុំ​ជា​កូនក្មេង មនុស្សចាស់ ពេញវ័យ​ឬ​មិន​ពេញវ័យ​ខាងឯវិញ្ញាណ​ក្ដី។ គ្រប់​ទាំង​បទគម្ពីរ​នៅក្នុង​ព្រះគម្ពីរ​ចង្អុល​បង្ហាញ​ពី​ដំណឹងល្អ ឬ​ពី​ផ្នែក​ខ្លះ​នៃ​ដំណឹងល្អ។ ដូច្នេះ​ហើយ ពួកជំនុំ​ប្រជុំ​គ្នា​ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍ ដើម្បី​នឹង​ស្ដាប់​ដំណឹងល្អ​ម្តង​ហើយ​ម្តង​ទៀត។ នៅពេល​ដែល​យើង​យល់​ច្បាស់​ពី​ដំណឹងល្អ​តាម​ព្រះគម្ពីរ នោះ​វា​នឹង​មាន​ឥទ្ធិពល​លើ​គ្រប់​ទាំង​សេចក្តី​អធិប្បាយ គ្រប់​ទាំង​សកម្មភាព​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​ និង​ពិធី​លៀង​ព្រះអម្ចាស់ គ្រប់​ទាំង​បទចម្រៀង​ គ្រប់​ទាំង​សេចក្តី​អធិស្ឋាន​ និង​គ្រប់​ទាំង​ការ​សន្ទនា​របស់​យើង។ ពួកជំនុំ​ដែល​មាន​សុខភាពល្អ​នឹង​អធិស្ឋាន ហើយ​ចង់​ស្គាល់​ដំណឹងល្អ​នោះ​​ឲ្យ​កាន់តែ​ស៊ី​ជម្រៅ​លើស​ជាង​អ្វីៗ​ទាំងអស់។

ហេតុអ្វី​បាន​ជា​ដូច្នោះ? ពីព្រោះ​សង្ឃឹម​នៃ​ដំណឹងល្អ​ជា​សង្ឃឹម​នៃ​ការ​ស្គាល់​សិរីល្អ​របស់​ព្រះជាម្ចាស់​ដែល​ភ្លឺ​ចាំង​ពី​ព្រះ​ភក្ត្រ​ព្រះគ្រីស្ទ (២កូរិនថូស ៤:៤-៦)។ សង្ឃឹម​នៃ​ដំណឹងល្អ​ជា​សង្ឃឹម​នៃ​ការ​មើល​ទ្រង់​ឃើញ​យ៉ាង​ជាក់ច្បាស់ ហើយ​ស្គាល់​ទ្រង់ ដូចជា​ទ្រង់​ស្គាល់​យើង​យ៉ាង​ជាក់ច្បាស់​ដែរ (១កូរិនថូស ១៣:១២)។ សង្ឃឹម​នៃ​ដំណឹងល្អ​ជា​សង្ឃឹម​ដែល​យើង​នឹង​បាន​ដូច​ជា​ទ្រង់ ដ្បិត​ដែល​ទ្រង់​យ៉ាង​ណា នោះ​យើង​នឹង​ឃើញ​ទ្រង់​យ៉ាង​នោះ​ដែរ (១យ៉ូហាន ៣:២)។

ចំណុច​ស្នូល​នៃ​ដំណឹងល្អ

ដំណឹងល្អ​មិនមែន​ជា​ដំណឹង​ដែល​ប្រាប់​ថា យើង​អត់​មាន​បញ្ហា​អ្វី​នោះ​ទេ។ វា​មិនមែន​ជា​ដំណឹង​ដែល​ថា ព្រះជាម្ចាស់​ជា​សេចក្តី​ស្រឡាញ់ ហើយ​វា​ក៏​មិនមែន​ជា​ដំណឹង​ដែល​ថា ព្រះយេស៊ូវ​សព្វព្រះទ័យ​នឹង​ធ្វើ​ជា​មិត្ត​សម្លាញ់​យើង​នោះ​ដែរ។ វា​មិនមែន​ជា​ដំណឹង​ដែល​ថា ទ្រង់​មាន​ផែនការ​ដ៏​អស្ចារ្យ​សម្រាប់​ជីវិត​របស់​យើង​នោះ​ទេ។ ប៉ុន្តែ​ដំណឹងល្អ គឺជា​ដំណឹង​ដែល​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​សុគត​នៅ​លើ​ឈើឆ្កាង​ទុក​ជា​យញ្ញបូជា​ជំនួស​មនុស្ស​មាន​បាប ហើយ​ទ្រង់​បាន​រស់​ពី​សុគត​ឡើង​វិញ​ដែល​បាន​បើក​ផ្លូវ​ឲ្យ​យើង​បាន​ជាមេត្រី​នឹង​ព្រះជាម្ចាស់​ឡើងវិញ។ វា​ជា​ដំណឹង​ដែល​ថា​ ព្រះ​ដ៏​ជា​ចៅក្រម​ដែល​នឹង​ជំនុំជម្រះ​មនុស្ស​លោក នឹង​ត្រឡប់ជា​ព្រះវរបិតា​ដែល​យើង​អាច​មាន​ទំនាក់ទំនង​នឹង​ទ្រង់​បាន ប្រសិនបើ​យើង​ប្រែចិត្ត ហើយ​ទទួល​ជឿ​លើ​ទ្រង់ (បើ​ចង់​យល់​ឲ្យ​បាន​លម្អិត សូម​មើល​ជំពូក១)។

មាន​ចំណុច​បួន​យ៉ាង​ដែល​ខ្ញុំ​ព្យាយាម​ចងចាំ នៅពេលណា​ដែល​ខ្ញុំ​ផ្សាយ​ដំណឹងល្អ មិន​ថា​ផ្សាយ​នៅ​កន្លែង​ឯកជន ឬ​នៅទី​សាធារណៈ​ក្ដី។ ចំណុច​ទាំង​នោះ​គឺ (១) ព្រះជាម្ចាស់ (២) មនុស្ស (៣) ព្រះគ្រីស្ទ និង (៤) ការ​ឆ្លើយតប។ ឬ​ម្យ៉ាង​ទៀត ខ្ញុំ​សួរ
​ខ្លួន​ឯង​ថា៖

  • តើ​ខ្ញុំ​បាន​ពន្យល់​ហើយ​ឬ​នៅ​ថា ព្រះជាម្ចាស់​ជា​ព្រះអាទិករ​របស់​យើង​ដែល​ទ្រង់​បរិសុទ្ធ ហើយ​គ្រប់​គ្រង​លើ​អ្វីៗ​ទាំងអស់?
  • តើ​ខ្ញុំ​បាន​បញ្ជាក់​ច្បាស់​ហើយ​ឬ​នៅ​ថា យើង​ជា​មនុស្ស​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​យ៉ាង​អស្ចារ្យ​ដូច​រូបអង្គ​ទ្រង់ ក៏​ប៉ុន្តែ​យើង​បាន​បាត់​សភាព​ដើម ត្រឡប់​ជា​មាន​បាប ហើយ​បាន​បែក​ចេញពី​ទ្រង់?
  • តើ​ខ្ញុំ​បាន​ពន្យល់​ហើយ​ឬ​នៅ​ថា​ ព្រះយេស៊ូវ​ជា​នរណា​ ហើយ​ទ្រង់​បាន​សម្រេច​អ្វី​ខ្លះ? ហើយ​តើ​ខ្ញុំ​បាន​ពន្យល់​ហើយ​ឬ​នៅ​ថា​ ព្រះយេស៊ូវ​ជា​មនុស្ស​ផង​ជា​ព្រះ​ផង ហើយ​ទ្រង់​ឈរ​នៅ​ចន្លោះ​មនុស្ស និង​ព្រះជាម្ចាស់ ក្នុង​នាម​ជា​អ្នកជំនួស​យើង ហើយ​ទ្រង់​ជា​ព្រះអម្ចាស់​ដែល​រស់​ពី​សុគត​ឡើងវិញ?
  • ជា​ចុងក្រោយ ទោះបើ​ខ្ញុំ​បាន​ចែកចាយ​ពី​ការ​ទាំងអស់​នេះ​រួចហើយ​ក៏​ដោយ តើ​ខ្ញុំ​បាន​និយាយ​ច្បាស់​ទេ​ថា បុគ្គល​ម្នាក់ៗ​ត្រូវ​តែ​ឆ្លើយតប​ទៅ​នឹង​ដំណឹងល្អ ហើយ​គាត់​ត្រូវតែ​ជឿ​លើ​ដំណឹងល្អ​នេះ ព្រមទាំង​បែរ​ចេញពី​បាប និង​ជីវិត​អាត្មានិយម​របស់​គាត់?

ពេល​ខ្លះ យើង​ចង់​ប្រកាស​តែ​ពី​អត្ថប្រយោជន៍​ដ៏​ពិត​តែ​មួយ​ចំនួន​នៃ​ដំណឹងល្អ ជាជាង​ប្រកាស​ពី​ដំណឹងល្អ​ទាំងមូល។ ហើយ​អត្ថប្រយោជន៍​ទាំង​នោះ ទំនង​ជា​អ្វី​ដែល​អ្នកមិនជឿ​តែងតែ​ប្រាថ្នា​ចង់បាន​ដូចជា អំណរ សុភមង្គល ភាពស្កប់ចិត្ត ការ​ឲ្យ​តម្លៃ​លើ​ខ្លួនឯង ឬ​សេចក្តី​ស្រឡាញ់។ ប៉ុន្តែ ការ​ដែល​យើង​ចែកចាយ​ពី​អត្ថប្រយោជន៍​ទាំង​នេះ​ឡើង​ថា​ជា​ដំណឹងល្អ នោះ​មាន​ន័យ​ថា យើង​ចែកចាយ​តែ​ផ្នែក​ខ្លះ​នៃ​សេចក្ដី​ពិត​តែ​ប៉ុណ្ណោះ។ លោក ជេ. អាយ. ផាកឃើរ (J. I. Packer) បាន​លើកឡើង​ថា «សេចក្ដី​ពិត​តែ​ពាក់កណ្តាល គឺ​មិនមែន​ជា​សេចក្តី​ពិត​នោះ​ទេ តែ​ជា​ការ​កុហក​ទៅវិញ»។

តាមពិត យើង​មិនមែន​គ្រាន់​តែ​ត្រូវការ​អំណរ មេត្រីភាព ឬ​គោលដៅ​នៃ​ជីវិត​តែ​ប៉ុណ្ណោះ​ទេ គឺ​យើង​ត្រូវការ​ព្រះជាម្ចាស់​ផ្ទាល់។ ដោយសារ​យើង​ជា​មនុស្ស​មាន​បាប​ដែល​ត្រូវ​ទទួល​ការ​ជំនុំ​ជម្រះ​ពី​ព្រះជាម្ចាស់ នោះ​យើង​ពិតជា​ត្រូវការ​ការ​អត់ទោស​ពី​ទ្រង់​លើស​ជាង​អ្វីៗ​ទាំងអស់​ទៅ​ទៀត។ យើង​ត្រូវការ​ជីវិត​ខាងឯវិញ្ញាណ។ នៅពេល​ដែល​យើង​ប្រកាស​ដំណឹងល្អ​មិន​បាន​គ្រប់ជ្រុងជ្រោយ​ទេ នោះ​យើង​គ្រាន់​តែ​សុំ​ឲ្យ​មាន​អ្នកជឿ​ក្លែងក្លាយ និង​តារាង​បញ្ជី​ឈ្មោះ​សមាជិក​ពួកជំនុំ​ច្រើន​ឥត​ន័យ​ប៉ុណ្ណោះ។ ទាំង​អ្នកជឿ​ក្លែងក្លាយ ទាំង​បញ្ជី​ឈ្មោះ​សមាជិក​ដ៏​ច្រើន​ឥត​ន័យ​នេះ ធ្វើ​ឲ្យ​ការ​ប្រកាស​ដំណឹងល្អ​ដល់​លោកីយ៍​ជុំវិញ​យើង​កាន់តែ​ពិបាក​ឡើងៗ។

ការ​ហៀរហូរ​នៃ​ដំណឹងល្អ

នៅពេល​ដែល​ពួកជំនុំ​មួយ​មាន​សុខភាពល្អ ហើយ​សមាជិក​ពួកជំនុំ​នោះ​ស្គាល់ ហើយ​ស្រឡាញ់​ដំណឹងល្អ​លើស​អ្វីៗ​ផ្សេង​ទៀត នោះ​ពួកគេ​នឹង​កាន់​តែ​ចង់​ផ្សាយដំណឹងល្អ​នោះ​ដល់​លោកីយ៍។ លោក ចច ដាប់បលយូ. ទ្រូអេត (George W. Truett) ដែល​ជា​អ្នក​ដឹកនាំ​គ្រីស្ទបរិស័ទ​ដ៏​អស្ចារ្យ​ម្នាក់​នៅ​ជំនាន់​មុន ហើយ​ជា​គ្រូគង្វាល​នៅ​ពួកជំនុំ​ហ្វើសត៍​បាប់ទីស្ទ (First Baptist Church) នៅ​ក្រុង​ដាឡាស់ (Dallas) ក្នុង​រដ្ឋ​តិចសាស់ (Texas) នៃ​សហរដ្ឋអាមេរិក​បាន​លើកឡើង​ថា៖

ការ​ចោទប្រកាន់​ដ៏​ធំ​បំផុត​ដែល​អ្នក​អាច​យក​មក​ទាស់​ប្រឆាំង​នឹង​ពួកជំនុំ​មួយ...​គឺថា ពួកជំនុំ​បែប​នោះ​ខ្វះ​នូវ​ចិត្ត​ឆេះឆួល​ និង​សេចក្តី​ក្ដួល​អាណិត​ដល់​ព្រលឹង​មនុស្ស​ដែល​បាត់បង់។ ពួកជំនុំ​គឺ​គ្មាន​អ្វី​ល្អ​ប្រសើរ​ជាង​ក្រុម​មួយ​ដែល​បង្រៀន​ពី​សីលធម៌​នោះ​ទេ ប្រសិនបើ​សេចក្តី​ក្ដួល​អាណិត​របស់​ពួកគេ​ចំពោះ​ព្រលឹង​ដែល​បាត់បង់​មិន​មាន​ភាព​ខ្លាំងក្លា ហើយ​ប្រសិនបើ​ពួកគេ​មិន​ចេញទៅ ដើម្បី​ប្រកាស​ពី​ផ្លូវ​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដល់​ព្រលឹង​ដែល​បាត់បង់​ទេ​នោះ។

សព្វថ្ងៃ​នេះ សមាជិក​នៃ​ពួកជំនុំ​របស់​យើង​ចំណាយ​ពេល​ជាមួយនឹង​អ្នកមិនជឿ​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ នៅ​ការ​ិយាល័យ​របស់​ពួកគេ​ និង​នៅ​ផ្ទះ​អ្នក​ជិតខាង​ពួកគេ​ច្រើនជាង​ការ​ដែល​ពួកគេ​ចំណាយ​ពេល​ជាមួយនឹង​គ្រីស្ទបរិស័ទ​ដទៃ​ទៀត​នៅ​រៀងរាល់​ថ្ងៃ​អាទិត្យ​ទៅ​ទៀត។ ធម្មតា ការ​ផ្សាយ​ដំណឹងល្អ​មិនមែន​ជា​ការ​ដែល​យើង​អញ្ជើញ​នរណា​ម្នាក់​មក​ព្រះវិហារ​នោះ​ទេ។ យើង​ម្នាក់ៗ​មាន​ដំណឹង​ដ៏​អស្ចារ្យ​ពី​សេចក្តី​សង្គ្រោះ​នៅ​ក្នុង​ព្រះគ្រីស្ទ។ ចូរ​យើង​កុំ​ដូរ​ដំណឹងល្អ​នេះ​ជាមួយនឹង​អ្វី​ផ្សេង​ទៀត​ឡើយ។ នៅ​ថ្ងៃ​នេះ សូម​ចែកចាយ​ពី​ដំណឹងល្អ​ទៅ!

ពួកជំនុំ​ដែល​មាន​សុខភាពល្អ​ស្គាល់​ដំណឹងល្អ ហើយ​ក៏​ចែកចាយ​ពី​ដំណឹងល្អ​នោះ។

១. ដកស្រង់​ពី «សេចក្តី​ផ្ដើម» នៃ​សៀវភៅ The Death of Death in the Death of Christ (Edinburgh: Banner of Truth, ១៩៥៩, បោះពុម្ព​លើក​ទី២ ឆ្នាំ១៩៨៣), ទំព័រ២។

២. លោក George W. Truett, A Quest for Souls (New York: Harper & Brothers, ឆ្នាំ១៩១៧), ទំព័រ៦៧។

គំនិត​ជំនួយ​ខ្លះៗ៖
របៀប​ស្វែងរក​ពួកជំនុំ​មួយ​ដែល​ល្អ

១. សូម​អធិស្ឋាន។

២. សូម​ប្រឹក្សា​យោបល់​ពី​គ្រូគង្វាល​ដែល​កោតខ្លាច​ព្រះជាម្ចាស់ ឬ​ពី​ពួក​ចាស់ទុំ។

៣. សូម​រក្សា​អាទិភាព​របស់​លោកអ្នក​ឲ្យ​ត្រឹមត្រូវ​តាម​ព្រះគម្ពីរ។

  • ពួកជំនុំ​នោះ​ត្រូវ​តែ​ជឿ​ដំណឹងល្អ​តាម​ព្រះគម្ពីរ ហើយ​អធិប្បាយ​ដំណឹងល្អ​នោះ​ឲ្យ​បាន​ច្បាស់ ព្រមទាំង​អនុវត្ត​ដំណឹងល្អ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ។ ប្រសិនបើ​ពួកជំនុំ​ខ្វះ​ផ្នែក​ណា​មួយ​ក្នុង​ចំណោម​ផ្នែក​ទាំង​បី​នេះ នោះ​ពួកជំនុំ​នោះ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ណាស់។
  • សេចក្តី​អធិប្បាយ​នៅ​ក្នុង​ពួកជំនុំ​ត្រូវតែ​ស្មោះត្រង់​ទៅ​នឹង​ព្រះគម្ពីរ​ដែល​ដាស់តឿន​ឲ្យ​សមាជិក​លូតលាស់​ខាងឯវិញ្ញាណ។ លោកអ្នក​មិន​អាច​លូតលាស់​ខាងឯវិញ្ញាណ បើ​លោកអ្នក​ចូល​រួម​ក្នុង​ពួកជំនុំ​ដែល​មិន​យក​ព្រះបន្ទូល​ជា​គោល។
  • អ្វី​ដែល​សំខាន់​ផង​ដែរ​នោះ​គឺ​លោកអ្នក​ត្រូវ​គិត​ថា ​តើ​ពួកជំនុំ​នោះ​រៀបចំ​ពិធី​បុណ្យ​ជ្រមុជទឹក ពិធី​លៀង​ព្រះអម្ចាស់ ការ​ក្លាយ​ជា​សមាជិក​ពួកជំនុំ និង​ការ​ដាក់​វិន័យ​ដល់​ពួកជំនុំ​ដោយ​របៀបណា ហើយ​ត្រូវ​គិត​ដែរ​ថា​ តើ​នរណា​មាន​សិទ្ធិ​​ក្នុង​ការ​សម្រេច​ចិត្ត​ចុងក្រោយ​ក្នុង​ការ​ទាំង​អស់​នេះ។
  • សរុបមក សូម​អាន​ជំពូក​៥​ដល់​ជំពូក​១៣​នៅក្នុង​សៀវភៅ​នេះ!

៤. សូម​សួរ​ខ្លួនឯង​នូវ​សំណួរ​បែប​វិភាគ​ដូចជា៖

  • តើ​ខ្ញុំ​នឹង​ចង់​ស្វែង​រក​ដៃគូ​ជីវិត​ដែល​រីកចម្រើន​ពេញវ័យ​ឡើង​ក្រោម​ការ​បង្ហាត់​បង្រៀន​របស់​ពួកជំនុំ​នេះ​ដែរ​ឬទេ?
  • តើ​កូន​របស់​ខ្ញុំ​នឹង​មើលឃើញ​លក្ខណសម្បត្តិ​អ្វី​ខ្លះ​នៅ​ក្នុង​ពួកជំនុំ​នេះ? តើ​ពួកគេ​នឹង​មើលឃើញ​ពី​លក្ខណៈ​របស់​ពួកជំនុំ​ដូច​ដែល​មាន​ចែង​ក្នុង​ព្រះគម្ពីរ ឬ​មើលឃើញ​តែ​លក្ខណៈ​ដែល​ដូច​គ្នា​នឹង​លោកីយ៍?
  • តើ​ខ្ញុំ​រីករាយ​នឹង​អញ្ជើញ​អ្នកមិនជឿ​មក​ពួកជំនុំ​នេះ​ដែរ​ឬ​ទេ? តើ​ពួកគេ​អាច​នឹង​ស្តាប់​ឮ​ដំណឹងល្អ​យ៉ាង​ច្បាស់ ហើយ​មើលឃើញ​ជីវិត​រស់នៅ​របស់​ពួកជំនុំ​ស៊ីគ្នា​ទៅ​នឹង​ដំណឹងល្អ​ដែរ​ឬ​ទេ? តើ​ពួកជំនុំ​នឹង​មាន​ចិត្ត​ស្វាគមន៍ ហើយ​ឈោងចាប់​អ្នកមិនជឿ​ដែរ​ឬ​ទេ?
  • តើ​ពួកជំនុំ​នេះ​ជា​កន្លែង​ដែល​ខ្ញុំ​អាច​ធ្វើ​ព័ន្ធកិច្ច​បាន​ដែរ​ឬ​ទេ?

៥. សូម​គិត​ទៅ​លើ​ទីតាំង​នៃ​ពួកជំនុំ។ តើ​ចម្ងាយ​ពី​ផ្ទះ​របស់​លោក​អ្នក​ទៅ​កាន់​ពួកជំនុំ​ដែល​លោកអ្នក​ត្រូវ​ជិះ​ទៅ​មក​ជា​ញឹកញាប់​ ដើម្បី​ចូល​រួម​កម្មវិធី​ផ្សេងៗ​នោះ ធ្វើ​ឲ្យ​លោកអ្នក​បាក់ទឹកចិត្ត​លែង​ចង់​ទៅទៀត ឬ​ក៏​លោកអ្នក​ពេញចិត្ត​នឹង​ទៅ​ទៀត? ប្រសិនបើ​លោកអ្នក​ផ្លាស់​ទី​លំនៅ​ទៅ​កន្លែង​ថ្មី​ នោះ​ចូរ​ព្យាយាម​កំណត់​រក​ទី​តាំង​ពួកជំនុំ​មួយ​ដែល​ល្អ​ជាមុន​សិន មុន​ពេល​លោកអ្នក​ទិញ​ ឬ​ជួល​ផ្ទះ។