ជំពូក១២
សញ្ញាសម្គាល់ដ៏សំខាន់ៗនៃពួកជំនុំដែលមានសុខភាពល្អ៖
ការបង្កើតសិស្ស និងការលូតលាស់តាមព្រះគម្ពីរ
សញ្ញាសម្គាល់ដ៏សំខាន់មួយទៀតនៃពួកជំនុំដែលមានសុខភាពល្អ គឺការដែលពួកជំនុំទាំងមូលប្រាថ្នាចង់បានការរីកចម្រើនតាមរបៀបដែលព្រះគម្ពីរបានចែង។ នេះមានន័យថា សមាជិកពួកជំនុំមានការរីកចម្រើនខាងឯវិញ្ញាណ មិនមែនរីកចម្រើនតែចំនួនសមាជិកប៉ុណ្ណោះទេ។
សព្វថ្ងៃនេះ មនុស្សមួយចំនួនគិតថា បុគ្គលម្នាក់អាចនៅតែជាគ្រីស្ទបរិស័ទក្មេងខ្ចីខាងឯវិញ្ញាណពេញមួយជីវិតក៏បាន។ ពួកគេចាត់ទុកការរីកចម្រើនខាងឯវិញ្ញាណថាជាការចាំបាច់សម្រាប់តែពួកសិស្សដែលមានចិត្តឆេះឆួលប៉ុណ្ណោះ។ ប៉ុន្តែភស្តុតាងនៃជីវិតខាងឯវិញ្ញាណ គឺការរីកចម្រើន។ ប្រសិនបើដើមឈើមួយដើមមានជីវិត នោះវានឹងលូតលាស់ធំឡើងជាមិនខាន។ ប្រសិនបើសត្វមួយក្បាលមានជីវិត នោះវានឹងធំធាត់ឡើង។ ការដែលមានជីវិតនោះមានន័យថា មានការរីកចម្រើនលូតលាស់ ហើយការរីកចម្រើនលូតលាស់ គឺមានន័យថា មានការជឿនឡើងទៅមុខ រហូតទាល់តែស្លាប់។
លោក ប៉ុល សង្ឃឹមថា ពួកជំនុំនៅទីក្រុងកូរិនថូសនឹងរីកចម្រើនឡើងខាងឯជំនឿរបស់ពួកគេ (២កូរិនថូស ១០:១៥)។ ហើយលោកក៏សង្ឃឹមផងដែរថា ពួកជំនុំនៅទីក្រុងអេភេសូរនឹង «បានធំឡើង ខាងឯគ្រប់ការទាំងអស់ក្នុងទ្រង់ ដែលទ្រង់ជាសិរសា គឺជាព្រះគ្រីស្ទ» (អេភេសូរ ៤:១៥; កូល៉ុស ១:១០; ២ ថែស្សាឡូនីច ១:៣)។ លោក ពេត្រុស បានដាស់តឿនដល់ពួកអ្នកអានសំបុត្ររបស់លោកថា «ចូរសង្វាតរកទឹកដោះសុទ្ធខាងវិញ្ញាណ ដូចជាទារកដែលទើបនឹងកើត ធ្វើដូច្នោះដើម្បីឲ្យអ្នករាល់គ្នាបានចម្រើនឡើង ដរាបដល់ទទួលបានសេចក្តីសង្គ្រោះ» (១ពេត្រុស ២:២ គគខ)។
គ្រូគង្វាល ក៏ដូចជាសមាជិកពួកជំនុំមួយចំនួនខ្វល់តែពីចំនួនមនុស្សដែលទទួលពិធីបុណ្យជ្រមុជទឹក ថ្វាយតង្វាយ និងចំនួនមនុស្សដែលចូលជាសមាជិកពួកជំនុំតែប៉ុណ្ណោះ។ ការរីកចម្រើនប្រភេទនេះ ងាយមើលឃើញផ្ទាល់នឹងភ្នែកណាស់។ ប៉ុន្តែ ស្ថិតិនៃការរីកចម្រើនបែបនេះមានការខ្វះចន្លោះច្រើន មិនដល់កម្រិតនៃការរីកចម្រើនដ៏ពិតប្រាកដដែលអ្នកនិពន្ធនៅក្នុងព្រះគម្ពីរសញ្ញាថ្មីបានពណ៌នា ហើយក៏មិនដល់កម្រិតដូចដែលព្រះជាម្ចាស់សព្វព្រះហឫទ័យនោះដែរ។
ការរីកចម្រើនក្នុងភាពបរិសុទ្ធ
តើយើងដឹងថា គ្រីស្ទបរិស័ទរីកចម្រើនក្នុងព្រះគុណបានយ៉ាងដូចម្តេច? យើងមិនអាចដឹងបានថាពួកគេរីកចម្រើន ឬមិនរីកចម្រើនក្នុងព្រះគុណ ដោយសារតែពួកគេមានចិត្តរំភើប ឬដោយសារពួកគេប្រើភាសាគ្រីស្ទបរិស័ទច្រើន ឬក៏ដោយសារពួកគេមានចំណេះដឹងច្រើនពីព្រះគម្ពីរនោះទេ។ ទោះបើពួកគេបង្ហាញសេចក្តីស្រឡាញ់កាន់តែច្រើនឡើងៗចំពោះពួកជំនុំ ឬពួកគេបង្ហាញពីទំនុកចិត្តក្នុងជំនឿរបស់ពួកគេ នោះក៏មិនមែនមានន័យថា ពួកគេកំពុងតែរីកចម្រើនក្នុងព្រះគុណនោះដែរ។ យើងថែមទាំងមិនអាចដឹងប្រាកដថា គ្រីស្ទបរិស័ទកំពុងតែរីកចម្រើនក្នុងព្រះគុណ ទោះបើយើងមើលឃើញពីភាពឆេះឆួលដែលគាត់មានចំពោះព្រះជាម្ចាស់ក៏ដោយ។ ការទាំងអស់នេះប្រហែល ជាភស្តុតាងបង្ហាញពីការរីកចម្រើនក្នុងព្រះគុណរបស់គ្រីស្ទបរិស័ទដ៏ពិតប្រាកដ។ ទន្ទឹមគ្នានេះដែរ សញ្ញាដ៏សំខាន់បំផុតមួយនៃការរីកចម្រើនដែលគេតែងមើលរំលង ប៉ុន្តែយើងត្រូវតែ កត់សម្គាល់ពីវា ព្រោះនោះគឺជាការរីកចម្រើនឡើងក្នុងភាពបរិសុទ្ធដែលកើតចេញពីការដែលគ្រីស្ទបរិស័ទលះកាត់ចិត្តខ្លួនឯងចោល (សូមមើល យ៉ាកុប ២:២០-២៤; ២ពេត្រុស ១:៥-១១)។ គេអាចសម្គាល់ពួកជំនុំមួយដែលមានសុខភាពល្អបានតាមរយៈការដែលពួកជំនុំយកចិត្តទុកដាក់ជាខ្លាំងទៅលើភាពបរិសុទ្ធក្នុងជីវិតសមាជិក។
ការដែលយើងធ្វេសប្រហែសនឹងភាពបរិសុទ្ធ គឺវាដូចជាការដែលយើងធ្វេសប្រហែសនឹងការដាក់វិន័យពួកជំនុំយ៉ាងដូច្នោះដែរ ហើយការធ្វើដូចនេះនឹងធ្វើឲ្យពួកជំនុំពិបាកនឹងរីកចម្រើនខាងឯវិញ្ញាណ។ នៅពេលដែលពួកជំនុំអនុញ្ញាតឲ្យអាកប្បកិរិយាមិនបរិសុទ្ធបន្តកើតមានដោយឥតពិនិត្យពិច័យឲ្យបានច្បាស់លាស់ នោះពួកជំនុំនឹងមានការយល់ច្រឡំ ហើយយល់មិនច្បាស់ពីជីវិតដែលថ្វាយសិរីល្អដល់ព្រះគ្រីស្ទឡើយ។ ពួកជំនុំប្រភេទនេះប្រៀបដូចជាសួនច្បារមួយដែលគេមិនដែលដកស្មៅឥតប្រយោជន៍ចោលទាល់តែសោះដែរ ឬប្រៀបដូចជាសួនច្បារមួយដែលគេមិនដែលដាំដើមឈើល្អដូច្នោះដែរ។
លក្ខណៈនិងអ្វីដែលមិនមែនជាលក្ខណៈ
នៃការរីកចម្រើន
កាតព្វកិច្ចមួយរបស់ពួកជំនុំ គឺធ្វើជាឧបករណ៍សម្រាប់ព្រះជាម្ចាស់ប្រើ ដើម្បីជួយឲ្យរាស្ត្ររបស់ទ្រង់រីកចម្រើនក្នុងព្រះគុណ។ ព្រះ ជាម្ចាស់អាចប្រើមនុស្សពេញវ័យខាងឯវិញ្ញាណដែលប្រាថ្នាចង់ញែកខ្លួនជាបរិសុទ្ធ ដើម្បីជួយឲ្យពួកជំនុំរីកចម្រើនខាងឯវិញ្ញាណ។ នៅពេលដែលព្រះជាម្ចាស់សង់រាស្ត្ររបស់ទ្រង់ឡើង ស្របពេលដែលពួកគេរីកចម្រើនជាមួយគ្នាក្នុងភាពបរិសុទ្ធ និងក្នុងសេចក្តីស្រឡាញ់ដែលចេះលះបង់ នោះពួកគេនឹងបង្កើនសមត្ថភាពក្នុងការដាក់វិន័យពួកជំនុំ ក៏ដូចជាជួយពួកគេក្នុងការបង្កើតសិស្ស។
នៅពេលដែលលោកអ្នកពិនិត្យមើលទៅលើជីវិតពួកជំនុំណាមួយ នោះលោកអ្នកនឹងឃើញថា ការរីកចម្រើនមានច្រើនប្រភេទ។ ខាងក្រោមនេះ គឺជាផ្នែកមួយចំនួនទាក់ទងនឹងការរីកចម្រើនដែលលោកអ្នកអាចមើលឃើញ៖
ទាំងនេះគ្រាន់តែជាឧទាហរណ៍មួយចំនួន ស្ដីពីការរីកចម្រើនរបស់ពួកជំនុំដែលគ្រីស្ទបរិស័ទទូលសូមពីព្រះជាម្ចាស់ ហើយព្យាយាមអនុវត្តតាម។ តើពួកជំនុំដែលមានសុខភាពល្អនឹងកើនចំនួនសមាជិកដែរឬទេ? ជាធម្មតា ពួកជំនុំដែលមានសុខភាពល្អនឹងកើនចំនួនសមាជិកដែរ ដោយព្រោះពួកគេបានបង្ហាញពីទីបន្ទាល់ដែលធ្វើឲ្យអ្នកមិនជឿចាប់អារម្មណ៍ទៅនឹងដំណឹងល្អ។ ប៉ុន្តែ យើងមិនគួរសន្មតថា ពួកជំនុំដែលមានសុខភាពល្អត្រូវតែកើនចំនួនសមាជិកនោះទេ ពីព្រោះពេលខ្លះ ព្រះជាម្ចាស់មានគោលបំណងផ្សេងទៀត ដូចជាទ្រង់បង្រៀនរាស្ត្ររបស់ទ្រង់ឲ្យចេះអត់ធ្មត់។ យើងត្រូវផ្ដោតការយកចិត្តទុកដាក់របស់យើងទៅលើភាពស្មោះត្រង់ និងការរីកចម្រើនខាងឯវិញ្ញាណដ៏ពិត។
តើអ្វីទៅជាមូលហេតុដែលបណ្ដាលឲ្យមានការរីកចម្រើនបែបហ្នឹង? មូលហេតុដែលបណ្ដាលឲ្យមានការរីកចម្រើនបែបហ្នឹងគឺ៖ ការអធិប្បាយតាមព្រះគម្ពីរ ទេវវិទ្យាតាមព្រះគម្ពីរដ៏ត្រឹមត្រូវ ការយកដំណឹងល្អជាគោល ការយល់ពីការក្លាយជាគ្រីស្ទបរិស័ទតាមព្រះគម្ពីរ ការយល់ពីការផ្សាយដំណឹងល្អតាមព្រះគម្ពីរ ការយល់ពីសមាជិកភាពពួកជំនុំតាមព្រះគម្ពីរ ការយល់ពីការដាក់វិន័យពួកជំនុំតាមព្រះគម្ពីរ និងការយល់ពីភាពជាអ្នកដឹកនាំតាមព្រះគម្ពីរ។
ប្រសិនបើពួកជំនុំបង្រៀនតែអ្វីដែលជាគំនិតរបស់គ្រូគង្វាល ឬពួកគេមានការសង្ស័យពីព្រះជាម្ចាស់ច្រើនជាងថ្វាយបង្គំទ្រង់ ឬមិនបង្រៀនដំណឹងល្អឲ្យបានត្រឹមត្រូវ ហើយផ្សាយដំណឹងល្អមិនត្រឹមត្រូវ ឬមិនឲ្យតម្លៃដល់សមាជិកពួកជំនុំ ឬពួកគេធ្វើតាមគ្រូគង្វាលជាជាងព្រះជាម្ចាស់ នោះពួកគេពិបាករំពឹងថា ពួកគេនឹងអាចរកបាននូវសហគមន៍មួយដែលរួបរួមគ្នា ឬសហគមន៍មួយដែលចេះស្អាងចិត្តគ្នាណាស់។ ពួកជំនុំបែបនេះនឹងមិនថ្វាយសិរីល្អដល់ព្រះជាម្ចាស់នោះទេ។
ព្រះជាម្ចាស់ទទួលសិរីល្អតាមរយៈ
ការរីកចម្រើននៃពួកជំនុំ
នៅពេលដែលយើងជួបប្រទះពួកជំនុំដែលកាន់តែមានលក្ខណៈដូចជាព្រះគ្រីស្ទនោះ តើអ្នកណាទទួលសិរីល្អ? ព្រះជាម្ចាស់ជាអ្នកទទួលសិរីល្អ។ ដូចដែលលោក ប៉ុល បានរៀបរាប់ថា «តែព្រះបានធ្វើឲ្យដុះ ដូច្នេះ អ្នកដាំ និងអ្នកដែលស្រោចទឹកមិនមែនជាអ្វីទេ គឺមានតែព្រះដែលធ្វើឲ្យដុះប៉ុណ្ណោះទើបសំខាន់» (១កូរិនថូស ៣:៦-៧; កូល៉ុស ២:១៩ គកស)។
ដូចគ្នានេះដែរ លោក ពេត្រុស ធ្វើសេចក្តីសន្និដ្ឋានក្នុងសំបុត្រទីពីររបស់លោកដែលលោកសរសេរទៅកាន់គ្រីស្ទបរិស័ទដំបូងមួយក្រុមថា «សូមអ្នករាល់គ្នាចម្រើនឡើងក្នុងព្រះគុណ និងការស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។ សូមថ្វាយសិរីល្អដល់ព្រះអង្គ នៅពេលឥឡូវនេះ និងដរាបដល់អស់កល្បជានិច្ច។ អាម៉ែន» (២ពេត្រុស ៣:១៨ គកស)។ យើងប្រហែលជាច្រឡំថា ការរីកចម្រើនរបស់យើងនឹងនាំសិរីល្អដល់ខ្លួនឯង។ ប៉ុន្តែលោក ពេត្រុស បានដឹងច្បាស់ជាងយើង ដោយលោកបានសរសេរថា «ត្រូវប្រព្រឹត្តដោយទៀងត្រង់នៅក្នុងចំណោមពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណាដែលគេនិយាយដើមអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះគេបានឃើញអំពើល្អរបស់អ្នករាល់គ្នា ហើយលើកតម្កើងព្រះ នៅថ្ងៃដែលទ្រង់យាងមក» (១ពេត្រុស ២:១២ គកស)។ លោក ពេត្រុស ចាំព្រះបន្ទូលរបស់ព្រះយេស៊ូវយ៉ាងច្បាស់ថា «ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរអ្នករាល់គ្នា? » មិនដូច្នេះទេ! គឺ សរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ វិញ (ម៉ាថាយ ៥:១៦ គកស)។ ការដែលពួកជំនុំព្យាយាមបង្កើតសិស្ស និងការដែលពួកគេព្យាយាមឲ្យមានការរីកចម្រើន គឺជាសញ្ញាសម្គាល់មួយទៀតនៃពួកជំនុំដែលមានសុខភាពល្អ។