ជំពូក២

លក្ខណៈ​ពួកជំនុំ​ និង​អ្វី​ដែល​មិន​មែន​ជា​លក្ខណៈ​ពួកជំនុំ

នៅក្នុង​សេចក្តី​ផ្តើម ខ្ញុំ​បាន​សួរ​ថា តើ​លោកអ្នក​កំពុងតែ​ស្វែងរក​អ្វី​នៅ​ក្នុង​ពួកជំនុំ? ហើយ​ក៏​បាន​សួរ​ដែរ​ថា តើ​ព្រះគម្ពីរ​លើកឡើង​ថា ពួកជំនុំ​គួរតែ​មាន​លក្ខណៈ​បែបណា? ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​បាន​ឆ្លើយ​សំណួរ​ទាំង​នេះ​នៅ​ឡើយ​ទេ។ ពិតប្រាកដ​ណាស់ សំណួរ​ទាំងនេះ​គឺជា​សំណួរ​ពិបាក​ឆ្លើយ ហើយ​សព្វថ្ងៃនេះ គ្រីស្ទបរិស័ទ​កំពុង​ស្វែងរក​លក្ខណៈ​ខុសៗ​គ្នា​ជា​ច្រើន​ដែល​ត្រូវ​តែ​ចិត្ត​ពួកគេ​នៅ​ក្នុង​ពួកជំនុំ។

កិច្ចសន្ទនា​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល

ក្នុងអំឡុងពេល​ដែល​ខ្ញុំ​សិក្សា​នៅ​ថ្នាក់​បរិញ្ញាប័ត្រ​ជាន់ខ្ពស់ ខ្ញុំ​នឹកចាំ​ពី​កិច្ចសន្ទនា​មួយ​ជាមួយនឹង​មិត្ត​ម្នាក់​ដែល​ធ្វើ​ការ​ឲ្យ​ព័ន្ធកិច្ច​គ្រីស្ទបរិស័ទ​មួយ​ដែល​ព័ន្ធកិច្ច​នោះ​មិន​នៅ​ក្រោម​ចំណុះ​ពួកជំនុំ​ណា​មួយ​នោះ​ទេ។ គាត់​និង​ខ្ញុំ​បាន​ចូល​រួម​ក្នុង​ពួកជំនុំ​តែមួយ​ជាមួយ​គ្នា​អស់​រយៈពេល​ពីរបី​ឆ្នាំ​ដែរ។ ប៉ុន្តែ​នៅពេល​ដែល​ខ្ញុំ​បាន​ធ្វើជា​សមាជិក​នៅក្នុង​ពួកជំនុំ​នោះ មិត្ត​របស់​ខ្ញុំ​មិន​បាន​ធ្វើ​ជា​សមាជិក​នៅក្នុង​ពួកជំនុំ​នោះ​ទេ។ តាមពិត គាត់​គ្រាន់​តែ​មក​ថ្វាយបង្គំ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​តែ​ប៉ុណ្ណោះ ហើយ​មិនតែប៉ុណ្ណោះ​គាត់​ចូល​មក​ថ្វាយបង្គំ​នៅ​ពាក់កណ្តាល​កម្មវិធី គឺ​ដល់​ពេល​គ្រូ​អធិប្បាយ​បាត់​ទៅ​ហើយ។

ថ្ងៃមួយ ខ្ញុំ​បាន​សម្រេច​ចិត្ត​សួរ​គាត់​ពី​ការ​ចូលរួម​មិន​អស់​ពី​ចិត្ត​ពី​ថ្លើម​របស់​គាត់។ គាត់​បាន​ឆ្លើយ​ថា «ខ្ញុំ​មិន​សូវ​ទទួល​បាន​អ្វី​សោះ​ពី​កម្មវិធី​ដទៃ​ទៀត»។

ខ្ញុំ​ក៏​បាន​សួរ​ទៀត​ថា «តើ​ឯង​ធ្លាប់​បាន​គិត​ពី​ការ​ធ្វើ​ជា​សមាជិក​ក្នុង​ពួកជំនុំ​នេះ​ដែរ​ទេ?»

គាត់​បែរ​ជា​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ពី​សំណួរ​របស់​ខ្ញុំ ហើយ​គាត់​បាន​តប​មក​វិញ​ថា «ស្អី​គេ! ធ្វើ​ជា​សមាជិក​ពួកជំនុំ? ខ្ញុំ​ពិតជា​មិនដឹង​ថា​ហេតុអ្វី​ខ្ញុំ​ត្រូវ​ធ្វើ​ជា​សមាជិក​ពួកជំនុំ​នេះ​ទេ។ ខ្ញុំ​ដឹង​ច្បាស់​ថា ខ្ញុំ​មក​ទីនេះ​ដើម្បី​អ្វី ហើយ​អ្នក​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ជីវិត​ខាងឯវិញ្ញាណ​របស់​ខ្ញុំ​រីកចម្រើន​យឺត​តែ​ប៉ុណ្ណោះ​ទេ»។

តាម​ដែល​ខ្ញុំ​បាន​ឃើញ​គឺ​ថា គាត់​មិន​បាន​និយាយ​ពាក្យ​ទាំងនោះ​ដោយ​ការ​មាក់ងាយ​នោះ​ទេ ប៉ុន្តែ​គាត់​និយាយ​ដោយ​ចេញពី​ចិត្ត​ពិត​ត្រង់​ក្នុង​នាម​ជា​គ្រូ​ប្រកាស​ដំណឹងល្អ​ដ៏​មាន​អំណោយ​ទាន​ម្នាក់ គឺ​គាត់​មិន​ចង់​ចំណាយ​ពេល​របស់​ព្រះជាម្ចាស់​ដោយ​ឥតប្រយោជន៍ សូម្បីតែ​មួយ​ម៉ោង​ក៏​មិន​បាន​ដែរ។ មើលទៅ​ខ្ញុំ​ឃើញ​ថា គាត់​ពិតជា​បាន​ផ្តល់​គំនិត​ខ្លះៗ​ទៅ​លើ​លក្ខណៈ​ដែល​គាត់​កំពុងតែ​ស្វែងរក​នៅ​ក្នុង​ពួកជំនុំ​រួច​ទៅ​ហើយ។ និយាយរួមទៅ អ្វី​ដែល​គាត់​បាន​គិត​ក្នុង​ការ​ចង់​បាន​នោះ​មិន​ទាក់ទង​ជាមួយនឹង​សមាជិក​នៅក្នុង​ពួកជំនុំ​នោះ​ទេ។ គាត់​ចង់​បាន​តែ​កន្លែង​មួយ​ដែល​គាត់​អាច​ស្តាប់​នូវ​សេចក្តី​អធិប្បាយ​ដែល​ល្អ​ចេញពី​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ហើយ​អាច​ធ្វើ​ឲ្យ​ជីវិត​ខាងឯវិញ្ញាណ​របស់​គាត់​មាន​ភាពរស់រវើក​ឡើង​ពេញ​មួយ​សបា្តហ៍​ហ្នឹង។

ប៉ុន្តែ ពាក្យ​សម្ដី​របស់​គាត់​នៅ​តែ​ឮ​ខ្ទរ​ក្នុង​គំនិត​របស់​ខ្ញុំ​គឺ​ពាក្យ​ថា «អ្នក​ទាំង​នោះ​នឹង​ធ្វើ​ឲ្យ​ជីវិត​ខាងឯវិញ្ញាណ​របស់​ខ្ញុំ​រីកចម្រើន​យឺត​តែ​ប៉ុណ្ណោះ»។ មាន​ការ​ជា​ច្រើន​ដែល​ខ្ញុំ​ចង់​និយាយ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​នោះ​គឺ​ថា «ប៉ុន្តែ​ឯង​មាន​ធ្លាប់​គិត​ទេ​ថា ប្រសិនបើ​ឯង​ធ្វើ​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ទាំងនោះ ពិតប្រាកដ ពួកគេ​អាច​នឹង​ធ្វើឲ្យ​ឯង​រីកចម្រើន​យឺត​ខាងឯវិញ្ញាណ ប៉ុន្តែ​ឯង​អាច​នឹង​ជួយ​ពួកគេ​ឲ្យ​រីកចម្រើន​លឿន​បាន។ តើ​ឯង​ធ្លាប់​បាន​គិត​ថា ការ​នោះ​អាច​ជា​ចំណែក​មួយ​នៃ​ផែនការ​របស់​ព្រះជាម្ចាស់​សម្រាប់​ពួកគេ​ និង​សម្រាប់​ឯង​ដែរ​ឬ​ទេ?»។

ខ្ញុំ​ក៏​ចង់​បាន​ពួកជំនុំ​មួយ​ដែល​ខ្ញុំ​អាច​ស្តាប់​សេចក្តី​អធិប្បាយ​ដែល​ល្អ​ជា​រៀងរាល់​អាទិត្យ​ដែរ។ ប៉ុន្តែ​ពាក្យ​ថា «រូបកាយ​របស់​ព្រះគ្រីស្ទ» មាន​អត្ថន័យ​លើស​ពី​នោះ​ទៅ​ទៀត មិន​ថា​អញ្ចឹង?

ពួកជំនុំ​គឺជា​រាស្ត្រ​របស់​ព្រះជាម្ចាស់

ពួកជំនុំ​មិនមែន​គ្រាន់តែ​មក ​ដើម្បី​ស្ដាប់​ការ​អធិប្បាយ ឬ​ទទួល​ការ​លើកទឹកចិត្ត​ខាងឯវិញ្ញាណ​នោះ​ទេ។ ពួកជំនុំ​គឺ​ជា​រាស្ត្រ​របស់​ព្រះជាម្ចាស់ ហើយ​ជា​រាស្ត្រ​នៃ​ការ​តាំងសញ្ញា​ថ្មី​ដែល​ទ្រង់​បាន​ទិញ​ដោយ​ព្រះលោហិត​របស់​ព្រះយេស៊ូវ។ អញ្ចឹង​ហើយ​បាន​ជា​លោក ប៉ុល មាន​ប្រសាសន៍​ថា «ព្រះគ្រីស្ទ​បាន​ស្រឡាញ់​ដល់​ពួកជំនុំ ហើយ​បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ជំនួស​ផង» (អេភេសូរ ៥:២៥)។ ព្រះយេស៊ូវ​បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ជំនួស​មនុស្ស​ដើម្បី​ឲ្យ​ពួកគេ​ក្លាយ​ទៅ​ជា​រាស្ត្រ​របស់​ទ្រង់។

ហេតុដូច្នេះ​ហើយ​បាន​ជា​ពួកជំនុំ​ដែល​ខ្ញុំ​ជា​គ្រូគង្វាល​នៅ​ទីនោះ មិន​បាន​ចាប់ផ្តើម​ជួបជុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ដោយ​គ្រាន់តែ​និយាយ «ស្វាគមន៍​មក​កាន់​ពួកជំនុំ កាពីតូល​ហ៊ៀល​បាប់ទីស្ទ (Capitol Hill Baptist Church)» តែ​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ពួក​យើង​និយាយ​ថា «ស្វាគមន៍​មក​កាន់​​ពួកជំនុំ​ កាពីតូល​ហ៊ៀល​បាប់ទីស្ទ ដែល​ជា​ផ្នែក​មួយ​នៃ​រាស្ត្រ​ របស់​ព្រះជាម្ចាស់» វិញ។ យើង​គឺ​ជា​ផ្នែក​មួយ​នៃ​រាស្ត្រ​របស់​ទ្រង់​ដែល​ជួបជុំគ្នា។ ពិតមែនហើយ ការ​ជ្រើសរើស​ពាក្យ​ក្នុង​ការ​ស្វាគមន៍ គឺ​ជា​រឿង​ដ៏​តូចតាច​ទេ ប៉ុន្តែ​យើង​ចង់​លើកឡើង​ពី​ការ​ពិត​ដ៏​ធំធេង​មួយ គឺ​ថា​ពួកជំនុំ​ក្នុង​តំបន់​គឺ​ជា​ផ្នែក​មួយ​នៃ​រាស្ត្រ​របស់​ទ្រង់ ដូច្នេះហើយ​បាន​ជា​យើង​លើកឡើង​ពី​ការ​ពិត​ដ៏​ធំធេង​នេះ សូម្បីតែ​ក្នុង​ពាក្យ​ស្វាគមន៍​របស់​យើង​រៀងរាល់​ថ្ងៃ​អាទិត្យ​ក៏​ដោយ។

ការ​ដែល​យើង​ចងចាំ​ថា ពួកជំនុំ​គឺ​ជា​​រាស្ត្រ​របស់​ព្រះជាម្ចាស់ អាច​ជួយ​ឲ្យ​យើង​ស្គាល់​នូវ​អ្វី​ដែល​សំខាន់ និង​អ្វី​ដែល​មិន​សំខាន់។ ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវការ​ការ​រំឭក​បែប​នេះ។ ឧទាហរណ៍ ទំនោរ​របស់​ខ្ញុំ​គឺ ខ្ញុំ​តែងតែ​អនុញ្ញាត​ឲ្យ​ប្រភេទ​តន្ត្រី​ដែល​ពួកជំនុំ​មួយ​ប្រគំ ជា​អ្នក​កំណត់​ពី​អារម្មណ៍​ដែល​ខ្ញុំ​មាន​ចំពោះ​ពួកជំនុំ​នោះ។ ជាធម្មតា ប្រភេទ​តន្ត្រី​ដែល​ពួកជំនុំ​មួយ​ប្រគំ គឺជា​ចំណុច​ដំបូងគេ​ដែល​យើង​នឹង​កត់​សម្គាល់​ពី​ពួកជំនុំ​នោះ ហើយ​ទំនោរ​របស់​យើង បណ្ដែត​បណ្ដោយ​ដោយ​ប្រើ​អារម្មណ៍​ទៅ​លើ​តន្ត្រី​នោះ។ តន្ត្រី​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ ឬ​មិន​ល្អ​បាន។ ប៉ុន្តែ តើ​គេ​នឹង​និយាយ​យ៉ាងម៉េច​អំពី​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ព្រះគ្រីស្ទ និង​ចំពោះ​រាស្ត្រ​របស់​ទ្រង់ ប្រសិនបើ​ខ្ញុំ​សម្រេច​ចិត្ត​ចាកចេញពី​ពួកជំនុំ​ដោយ​ព្រោះតែ​ប្រភេទ​នៃ​តន្ត្រី​នោះ? ឬ​តើ​គេ​នឹង​និយាយ​យ៉ាងម៉េច ពី​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ព្រះគ្រីស្ទ និង​ចំពោះ​រាស្ត្រ​របស់​ទ្រង់ ប្រសិនបើ​ខ្ញុំ​ដែល​ជា​គ្រូគង្វាល បដិសេធ​គំនិត​របស់​សមាជិក​ភាគច្រើន​ដែល​ចូល​ចិត្ត​ភ្លេងបុរាណ ព្រោះតែ​ខ្ញុំ​គិតថា ពួកជំនុំ​គួរតែ​រៀបចំ​តន្ត្រី​ឲ្យ​ទាន់សម័យ​នោះ? យើង​អាច​និយាយ​ថា អូ៎! ខ្ញុំ​បាន​ភ្លេច​ថា ប្រភេទ​តន្ត្រី​មិន​សំខាន់​ដូចជា​ការ​មាន​ទំនាក់ទំនង​ជាមួយ​រាស្ត្រ​របស់​ព្រះជាម្ចាស់។

ដូចគ្នានេះដែរ ព្រះគម្ពីរ​ក៏​បាន​បង្រៀន​ផង​ដែរ​ថា គ្រីស្ទបរិស័ទ​គួរ​យកចិត្ត​ទុកដាក់​លើ​សកម្មភាព​ដែល​កើត​ឡើង​នៅក្នុង​ពួកជំនុំ ក៏​ដូចជា​អ្វីៗ​ដែល​ពួកគេ​ធ្វើ​ ផង​ដែរ។ តាមពិតទៅ យើង​នឹង​ពិភាក្សា​អំពី​សកម្មភាព​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ពួកជំនុំ​ចាប់ពី​ពាក់កណ្ដាល​សៀវភៅ​នេះ​ទៅ។

តើ​យើង​អាច​ថ្លឹងថ្លែង​ពី​ការ​ទាំង​ពីរ​នេះ​យ៉ាងដូចម្តេច ដើម្បី​ឲ្យ​មាន​តុល្យភាព​រវាង ការ​យកចិត្តទុកដាក់​ទៅលើ​រាស្ត្រ​របស់​ព្រះជាម្ចាស់ និង​ការ​យកចិត្តទុកដាក់​ទៅលើ​អ្វី​ដែល​ពួកគេ​ធ្វើ? ប្រសិនបើ​នេះ​ជា​សៀវភៅ​ស្តី​អំពី​របៀប​ដែល​គ្រីស្ទបរិស័ទ​ថែទាំ​គ្រួសារ​វិញ នោះ​យើង​នឹង​រៀបរាប់​អំពី​ការ​ធ្វើ​ កិច្ចការ​ជាក់លាក់​មួយ​ចំនួន​ដូចជា ការ​ញុាំអាហារ​ជាមួយគ្នា ការ​អាន​ព្រះបន្ទូល​ជាមួយ​គ្នា ការ​លេងសើច​ជាមួយ​គ្នា ការ​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក និង​កិច្ចការ​ផ្សេងៗ​ទៀត​ហើយ។ ប៉ុន្តែ​គ្រប់​ទាំង​ការ​ពិភាក្សា ខ្ញុំ​សង្ឃឹម​ថា​យើង​ទាំង​អស់​គ្នា​នឹង​ចងចាំ​ថា ឪពុកម្ដាយ​នៅ​តែ​អាច​ធ្វើខុស ហើយ​ក្មេង​គឺ​នៅ​តែ​ជា​ក្មេង។ គ្រួសារ​មិនមែន​ជា​ស្ថាប័ន​មួយ​នោះ​ទេ ប៉ុន្តែ គ្រួសារ​ជា​មនុស្ស​មួយ​ក្រុម។

ដូចគ្នានេះដែរ ពួកជំនុំ​ក៏​ជា​ក្រុម​មនុស្ស​ដែរ។ តើ​មាន​ពួកជំនុំ​ណា​មួយ​ដែល​មិន​បាន​បំពេញ​នូវ​សេចក្តី​រំពឹងទុក​របស់​លោកអ្នក​ដែរ​ឬ​ទេ ទាក់ទង​ទៅ​នឹង​អ្វី​ដែល​ពួកគេ​ធ្វើ ទោះបើ​ពួកគេ​ធ្វើ​តាម ឬ​មិន​ធ្វើ​តាម​អ្វី​ដែល​ព្រះគម្ពីរ​បាន​ចែង​អំពី​របៀប​ដឹកនាំ​ក្នុង​ពួកជំនុំ (ខ្ញុំនឹង​រៀបរាប់​ពី​ប្រធានបទ​នេះ​បន្ថែម​នៅ​ជំពូក​ក្រោយៗ)? ប្រសិនបើ​ដូច្នោះ​មែន សូម​ចងចាំ​ថា នេះ​គឺ​ជា​រាស្ត្រ​របស់​ព្រះជាម្ចាស់​ដែល​កំពុងតែ​រីកចម្រើន​លូតលាស់​ក្នុង​ព្រះគុណ។ ចូរ​ស្រឡាញ់​ពួកគេ បម្រើ​ពួកគេ ហើយ​អត់ធ្មត់​ជាមួយនឹង​ពួកគេ​ចុះ។ ជាថ្មីម្ដងទៀត សូម​ពិចារណា​ទៅ​លើ​ទំនាក់ទំនង​របស់​គ្រួសារ។ នៅពេល​ណា​ដែល​ឪពុកម្ដាយ បងប្អូន ឬ​កូនៗ​របស់​លោកអ្នក​មិន​បាន​បំពេញ​នូវ​ក្តីរំពឹង​របស់​លោកអ្នក តើ​លោកអ្នក​នឹង​បណ្តេញ​ពួកគេ​ចេញពី​គ្រួសារ​ភ្លាមៗ​ឬ? ខ្ញុំ​សង្ឃឹម​ថា លោកអ្នក​នឹង​អត់ទោស ហើយ​អត់ធ្មត់​ជាមួយនឹង​ពួកគេ។ តាមពិត បើ​ពួកគេ​ដែល​ជា​សមាជិក​គ្រួសារ​លោកអ្នក​មិន​បាន​បំពេញ​នូវ​ក្តីរំពឹង​របស់​លោកអ្នក នោះ​លោកអ្នក​ប្រហែល​ជា​ត្រូវ​សួរ​ខ្លួនឯង​ថា តើ​ខ្ញុំ​គួរ​តែ​សម្របសម្រួល​ក្តីរំពឹង​របស់​ខ្ញុំ​ឬ​យ៉ាងណា? ដូចគ្នានេះដែរ យើង​គួរតែ​សួរ​ខ្លួនឯង​ថា តើ​យើង​ត្រូវ​ស្រឡាញ់​សមាជិក​ពួកជំនុំ​យ៉ាងម៉េច ហើយ​ត្រូវ​អត់ធ្មត់​ជាមួយនឹង​ពួកគេ​យ៉ាងម៉េច ក្នុង​ការ​ដែល​ពួកគេ​មាន​គំនិត​យោបល់​ខុស​ពី​យើង ឬ​ពួកគេ​មិន​បាន​បំពេញ​នូវ​ក្តី​រំពឹង​របស់​យើង ឬក៏​ពួកគេ​បាន​ធ្វើ​បាប​ទាស់​នឹង​យើង​នោះ។ ចុះ​តើ​លោកអ្នក ក៏​ដូចជា​រូប​ខ្ញុំ​មិន​ដែល​ប្រព្រឹត្ត​បាប​ទាស់​នឹង​ព្រះជាម្ចាស់ ហើយ​ទ្រង់​អត់ទោស​ឲ្យ​យើង​ទេ​ឬអី?

ពិតមែន យើង​គួរ​តែ​ដាក់​ព្រំខណ្ឌ​ចំពោះ​ការ​ដែល​យើង​រស់នៅ​ក្នុង​ចំណោម​ពួកជំនុំ។ មាន​ពួកជំនុំ​មួយ​ចំនួន​ដែល​លោកអ្នក​ប្រហែល​ជា​មិន​គួរ​នឹង​ចូល​ជា​សមាជិក ឬ​មិន​គួរ​ធ្វើ​ជា​គ្រូគង្វាល ឬ​ក៏​បន្ត​ធ្វើ​ជា​សមាជិក​តទៅ​ទៀត​ឡើយ។ យើង​នឹង​ពិចារណា​អំពី​រឿង​នេះ​បន្ថែម​ទៀត​នៅ​ក្នុង​ផ្នែកទី២​ដែល​និយាយ​ពី​សញ្ញា​សម្គាល់​ដ៏​ចាំបាច់​នៃ​ពួកជំនុំ។ រឿង​ដែល​សំខាន់​នោះ​គឺ​ថា ពួកជំនុំ​គឺជា​រាស្ត្រ​របស់​ព្រះជាម្ចាស់។ ហើយ​អ្វី​ដែល​យើង​កំពុងតែ​ស្វែងរក ឬ​អ្វី​ដែល​យើង​សួរ​ថា តើ​ពួកជំនុំ​គួរតែ​មាន​លក្ខណៈ​យ៉ាង​ណា​នោះ យើង​ត្រូវ​តែ​យក​តាម​សេចក្ដី​ពិត​នេះ​ដែល​ចេញ​ព្រះគម្ពីរ។

រាស្ត្រ​របស់​ព្រះជាម្ចាស់ មិនមែន​ស្ថិតិ

ខ្ញុំ​ចង់​លើក​ពី​សេចក្ដី​ពិត​មួយ​ទៀត​ ដើម្បី​ការ​ពារ​លោកអ្នក​ពី​គំនិត​ខុសឆ្គង​មួយ​ទៀត​ដែល​មនុស្ស​មួយ​ចំនួន​មាន​លើ​ពួកជំនុំ ភាគ​ច្រើន​គ្រូគង្វាល​ជា​អ្នក​មាន​គំនិត​បែប​នេះ។ ពួកជំនុំ​មិនមែន​ជា​ស្ថិតិ​ទេ តែ​ជា​រាស្ត្រ​របស់​ព្រះជាម្ចាស់​វិញ។

នៅពេល​ដែល​ខ្ញុំ​សិក្សា​នៅ​ថ្នាក់​បរិញ្ញាប័ត្រ​ជាន់ខ្ពស់ ខ្ញុំ​ចាំ​ថា ខ្ញុំ​បាន​ប្រទះ​ឃើញ​សំបុត្រ​ប្រឹក្សា​យោបល់​មួយ​ច្បាប់​ដែល​សរសេរ​ដោយ​លោក ចន ប្រោន (John Brown) លោក​ជា​គ្រូគង្វាល​ម្នាក់​នៅ​ក្នុង​សតវត្សរ៍​ទី​១៩។ លោក​បាន​សរសេរ​សំបុត្រ​នោះ​ទៅកាន់​សិស្ស​របស់​លោក​ម្នាក់​ដែល​ទទួល​ការ​ចាក់​ប្រេង​តាំង​ឲ្យ​ដឹកនាំ​ពួកជំនុំ​តូច​មួយ។ នៅ​ក្នុង​សំបុត្រ​នោះ លោក ចន ប្រោន បាន​សរសេរ​ថា៖

ខ្ញុំ​ស្គាល់​ពី​អំនួត​ដែល​នៅ​ក្នុង​ចិត្ត​របស់​ប្អូន ហើយ​ក៏​ដឹង​ដែរ​ថា​ប្អូន​តូចចិត្ត​ដែល​ពួកជំនុំ​របស់​ប្អូន​តូច​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ពួកជំនុំ​របស់​បង​ប្អូន​ស្ងួនភ្ងា​របស់​ប្អូន​ដែល​នៅ​ជុំវិញ។ ប៉ុន្តែ ​សូម​ជឿទុកចិត្ត​លើ​ពាក្យ​មនុស្ស​ចាស់​ម្នាក់​នេះ​ថា នៅពេល​ដែល​ប្អូន​ចូល​ទៅ​ដើម្បី​នឹង​រៀបរាប់​ពី​ទំនួលខុសត្រូវ​របស់​ប្អូន​លើ​ពួកជំនុំ​ដល់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​នៅ​ឯ​ទី​ជំនុំជម្រះ​មុខ​បល្ល័ង្ក នោះ​ប្អូន​នឹង​គិត​ថា ប្អូន​មាន​សមាជិក​ល្មម​គ្រប់​គ្រាន់​ហើយ។

នៅពេល​ដែល​ខ្ញុំ​គិត​ពី​ពួកជំនុំ​ដែល​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ​មើល​ការ​ខុស​ត្រូវ ខ្ញុំ​ដឹង​ពី​ទម្ងន់​នៅ​ថ្ងៃ​ដែល​ខ្ញុំ​ត្រូវ​រៀបរាប់​ចំពោះ​ព្រះជាម្ចាស់។ តើ​ខ្ញុំ​ចង់​ឲ្យ​មាន​សមាជិក​ច្រើន​នៅ​ក្នុង​ពួកជំនុំ​ខ្ញុំ​ដែរ​ឬទេ? តើ​ខ្ញុំ​ចង់​ឲ្យ​ពួកជំនុំ​ខ្ញុំ​មាន​ប្រជាប្រិយភាព​ដែរ​ឬទេ? តើ​ខ្ញុំ​ចង់​ឲ្យ​ពួកជំនុំ​ខ្ញុំ​ជា​ពួកជំនុំ​មួយ​ដែល​មើលទៅ​គួរ​ឲ្យ​ទាក់ទាញ​ដែរ​ឬទេ?

តើ​ខ្ញុំ​គ្រាន់តែ​អត់ទ្រាំ​ ហើយ​អត់ឱន​ឲ្យ​ពួកជំនុំ ដើម្បី​រក​ឱកាស​កែ​តម្រង់​ពួកគេ​ឲ្យ​មាន​លក្ខណៈ​ដូច​ចិត្ត​ខ្ញុំ​ឬ? នេះ​មិន​មែន​មាន​ន័យ​ថា​ ការ​ដែល​មាន​បំណង​ចិត្ត​សម្រាប់​អនាគត​ពួកជំនុំ​គឺ​ជា​ការ​អាក្រក់​នោះ​ទេ ប៉ុន្តែ យើង​ត្រូវ​សួរ​ខ្លួនឯង​ថា តើ​បំណង​ចិត្ត​របស់​ខ្ញុំ​នោះ​កំពុង​តែ​នាំ​ឲ្យ​ខ្ញុំ​មិន​អើពើ​នឹង​ពួក​បរិសុទ្ធ​ដែល​នៅ​ជុំវិញ​ខ្ញុំ នាពេល​បច្ចុប្បន្ន​នេះ​ដែរឬទេ ទោះបីជា​ពួកគេ​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង​ក៏ដោយ​នោះ?

ខ្ញុំ​គួរ​នឹង​ចងចាំ​ថា ទោះបើ​មិន​សូវ​មាន​មនុស្ស​ចូលរួម​ ហើយ​អ្នក​ចូលរួម​ភាគ​ច្រើន​​មាន​វ័យ​ចំណាស់ ក៏​ខ្ញុំ​នៅតែ​មាន​ឱកាស​នឹង​ជួយ​មនុស្ស​ដែល​អង្គុយ​នៅ​មុខ​ខ្ញុំ​រៀងរាល់​ថ្ងៃ​អាទិត្យ ប្រយោជន៍​ឲ្យ​ពួកគេ​បាន​សង្គ្រោះ​ដែរ។ ខ្ញុំ​គួរតែ​បន្ត​ស្រឡាញ់ ហើយ​បម្រើ​ពួកជំនុំ​ដ៏​តូចតាច​នេះ ទោះបើ​ពួកគេ​មិន​ត្រាប់តាម​ព្រះគម្ពីរ​ក្នុង​ការ​ចាត់តាំង​ឲ្យ​មាន​ក្រុម​ចាស់ទុំ ទោះបើ​ពួកគេ​ស្រឡាញ់​តែ​ប្រពៃណី​បុរាណ ហើយ​ជ្រើសរើស​បទចម្រៀង​មិន​ត្រូវ​តាម​ចិត្ត​របស់​ខ្ញុំ ហើយ​ទោះបើ​ចំណុច​ទាំង​បី​នេះ​ជា​រនាំង​ដល់​គោលបំណង​របស់ខ្ញុំ​ដែល​មាន​ចំពោះ​ពួកជំនុំ។ ការ​ស្រឡាញ់​ពួកជំនុំ​ជា​ការ​ពិបាក​សម្រាប់​មនុស្ស​គ្រប់ៗ​រូប មិនមែន​គ្រាន់​តែ​សម្រាប់​គ្រូ​គង្វាល​ប៉ុណ្ណោះទេ។ មនុស្ស​ជា​ច្រើន​គ្រាន់តែ​ទ្រាំ​នឹង​ពួកជំនុំ ដើម្បី​រក​ឱកាស​កែ​នូវ​អ្វី​ដែល​គេ​មិន​ចូលចិត្ត​ឲ្យ​ទៅ​​តាម​អ្វី​ដែល​គេ​ចង់បាន​វិញ។

ពួកជំនុំ​ គឺជា​រាស្ត្រ​របស់​ព្រះជាម្ចាស់ មិនមែន​ជា​ស្ថិតិ​នោះ​ទេ។ ពួកជំនុំ​គឺជា​រូបកាយ​ដែល​ជាប់​នៅ​ក្នុង​ព្រះគ្រីស្ទ​ដែល​ទ្រង់​ជា​សិរសា។ ពួកជំនុំ​គឺជា​គ្រួសារ​ដែល​ផ្សារភ្ជាប់​គ្នា​ដោយសារ​ព្រះជាម្ចាស់​ទទួល​ពួកគេ​ធ្វើ​ជា​កូន​ចិញ្ចឹម​តាមរយៈ​ព្រះគ្រីស្ទ។

ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​យើង​ដែល​ជា​គ្រូគង្វាល​កាន់តែ​ទទួល​ស្គាល់​ពី​ទំនួលខុសត្រូវ​ធំធេង​ចំពោះ​ហ្វូង​ចៀម​ដែល​ព្រះជាម្ចាស់​បាន​ដាក់​ឲ្យ​យើង​ធ្វើ​ជា​អ្នកគង្វាល​ឲ្យ​បាន​កាន់តែ​ខ្លាំង​ឡើងៗ។

ប៉ុន្តែ ខ្ញុំ​ក៏​អធិស្ឋាន​សូម​ឲ្យ​លោកអ្នក​ដែល​ជា​គ្រីស្ទបរិស័ទ មិន​ថា​ចាស់ទុំ​ ឬ​ក្មេង​ខ្ចី​ខាងឯជំនឿ​ទេ កាន់តែ​ទទួល​ស្គាល់​ពី​ទំនួលខុសត្រូវ​របស់​លោកអ្នក​ឲ្យ​ខ្លាំងឡើងៗ​ក្នុង​ការ​ស្រឡាញ់ ការ​បម្រើ ការ​លើកទឹកចិត្ត និង​ការ​ជួយ​កែតម្រង់​ដល់​សមាជិក​ពួកជំនុំ​ដែល​ធ្វើ​ខុស។ ខ្ញុំ​សង្ឃឹម​ថា ​លោកអ្នក​បានដឹង​ហើយ​ពី​កំហុស​របស់​លោក កាអ៊ីន ក្នុង​ការ​មិន​ទទួល​ខុសត្រូវ​លើ​ប្អូន​គាត់​ក្នុង​នាម​ជា​សមាជិក​គ្រួសារ​ម្នាក់ ដោយ​ឆ្លើយ​ដោះសា​ទៅ​កាន់​ព្រះជាម្ចាស់​យ៉ាង​គំរោះគំរើយ​ថា «តើ​ទូលបង្គំ​ជា​អ្នក​ឃ្វាល​ប្អូន​របស់​ទូលបង្គំ​ឬ?»។ ប៉ុន្តែ លើស​ពី​ការ​ទទួលខុសត្រូវ​បងប្អូន​ខាងសាច់ឈាម​របស់​លោកអ្នក ខ្ញុំ​សង្ឃឹម​ថា លោកអ្នក​នឹង​ទទួល​ស្គាល់​ថា លោកអ្នក​មាន​ទំនួលខុសត្រូវ​ចំពោះ​បងប្អូន​ប្រុស​ស្រី​ដែល​ជា​គ្រួសារ​ក្នុង​ពួកជំនុំ​របស់​លោកអ្នក​ខ្លាំង​ជាង។

បណ្ដា​ជន​ដែល​អង្គុយ​នៅ​ជុំវិញ​ព្រះអង្គ គេ​ទូល​ព្រះអង្គ​ថា៖ «មើល៍ ម្ដាយ និង​បងប្អូន​របស់​លោកគ្រូ មក​រក​លោកគ្រូ​នៅ​ខាងក្រៅ!»។ ព្រះអង្គ​មាន​បន្ទូល​តប​ថា៖ «តើ​អ្នកណា​ជា​ម្ដាយ និង​ជា​បងប្អូន​របស់​ខ្ញុំ?» ព្រះអង្គ​ទត​ទៅ​អស់​អ្នក​ដែល​អង្គុយ​នៅ​ជុំវិញ​ព្រះអង្គ រួច​មាន​ព្រះបន្ទូល​ថា៖ «អ្នក​ទាំង​នេះ​ហើយ​ជា​ម្ដាយ និង​បងប្អូន​របស់​ខ្ញុំ! ដ្បិត​អ្នកណា​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ អ្នក​នោះ​ជា​បងប្អូន​ប្រុសស្រី និង​ជា​ម្ដាយ​របស់​ខ្ញុំ»។ (ម៉ាកុស ៣:៣២-៣៥ គកស)

១. មកពី James Hay and Henry Belfrage, Memoir of the Rev. Alexander Waugh (Edinburgh: William Oliphant and Son, ឆ្នាំ១៨៣៩), ទំព័រ៦៤-៦៥។