ផ្នែកទី៣

សញ្ញាសម្គាល់​ដ៏​សំខាន់ៗ​នៃ​ពួកជំនុំ​ដែល​មាន​សុខភាពល្អ

សញ្ញាសម្គាល់​ដ៏​សំខាន់ៗ​នៃ​ពួកជំនុំ​ដែល​មាន​សុខភាពល្អ

ដរាបណា​ដែល​សញ្ញាសម្គាល់​ទាំង​ប្រាំបួន​ដែល​ខ្ញុំ​បាន​រៀបរាប់​នៅក្នុង​សៀវភៅ​នេះ​គឺ​ត្រឹមត្រូវ​តាម​ព្រះគម្ពីរ នោះ​សញ្ញាសម្គាល់​ទាំង​នេះ​នឹង​មាន​អំណាច​លើ​ពួកជំនុំ​របស់​ព្រះគ្រីស្ទ។ ប៉ុន្តែ​លក្ខណៈ​ខុសប្លែក​គ្នា​រវាង​សញ្ញាសម្គាល់​ដ៏ចាំបាច់ និង​សញ្ញាសម្គាល់​ដ៏​សំខាន់ គួរ​តែ​បាន​រំឭក​យើង​ថា ការ​ញែក​ជា​បរិសុទ្ធ​នៅក្នុង​ជីវិត​ពួកជំនុំ ក៏​ដូចជា​នៅក្នុង​ជីវិត​បុគ្គល​ម្នាក់ៗ គឺ​កើត​ឡើង​បន្តិចម្ដងៗ។ ព្រះជាម្ចាស់​ត្រាស់ហៅ​យើង​ឲ្យ​អត់ធ្មត់​ជាមួយ​នឹង​ពួកជំនុំ​របស់​យើង​ដូច​ដែល​ទ្រង់​ត្រាស់ហៅ​យើង​ឲ្យ​មាន​ការ​អត់ធ្មត់​ក្នុង​ការ​ចិញ្ចឹម​បីបាច់​កូន​របស់​យើង​ដែរ។

អ្វី​ដែល​ខ្ញុំ​រាប់​ថា​សញ្ញាសម្គាល់​សំខាន់​ គឺ​មាន​សារៈសំខាន់​មែន ជាពិសេស នៅពេល​ដែល​យើង​គិត​ពី​សញ្ញាសម្គាល់​នីមួយៗ​ដាច់​ដោយឡែក​ពី​គ្នា។ ប៉ុន្តែ បើ​ពួកជំនុំ​បាត់​សញ្ញាសម្គាល់​សំខាន់​ទាំង​នេះ នោះ​យើង​មិន​ចាំបាច់​ចាកចេញ​ពី​ពួកជំនុំ​នោះ​ទេ (ប៉ុន្តែ​ពេល​ខ្លះ ជា​ល្អ​បើ​យើង​ចេញ)។ ពួកជំនុំ​ដែល​គ្មាន​សញ្ញាសម្គាល់​ដ៏​សំខាន់​ទាំងនេះ ក៏​អាច​ជា​កន្លែង​ដែល​យើង​ត្រូវ​អធិស្ឋាន​ឲ្យ ជា​កន្លែង​ដែល​យើង​ត្រូវ​អត់ធ្មត់ និង​ជា​កន្លែង​ដែល​យើង​ត្រូវ​បង្ហាញ​នូវ​គំរូ​ល្អ​មួយ​តាមរយៈ​ជីវិត​ផ្ទាល់ខ្លួន​របស់​យើង។

ប្រសិនបើ​គ្រូគង្វាល​សួរ​ខ្ញុំ​ថា តើ​គាត់​គួរតែ​អត់ធ្មត់​នឹង​រចនាសម្ព័ន្ធ​អ្នក​ដឹកនាំ​ដែល​មិន​ត្រឹមត្រូវ​តាម​ព្រះគម្ពីរ​យូរ​ប៉ុណ្ណា ឬ​ប្រសិនបើ​អ្នកជឿ​ម្នាក់​សួរ​ខ្ញុំ​ថា តើ​គាត់​គួរ​តែ​ធ្វើ​មើល​មិនឃើញ​ការ​ដែល​ពួកជំនុំ​មិន​បាន​អនុវត្ត​វិន័យ​ពួកជំនុំ​យូរ​ប៉ុណ្ណា ឬ​អ្នក​ជំនួយ​ម្នាក់​ក្នុង​ពួកជំនុំ​សួរ​ខ្ញុំ​ថា តើ​គាត់​គួរតែ​ទ្រាំទ្រ​នឹង​តួនាទី​សមាជិក​ដែល​គ្មាន​ភាពច្បាស់លាស់​យូរ​ប៉ុណ្ណា នោះ​ខ្ញុំ​ប្រហែល​ជា​នឹង​លើកទឹកចិត្ត​អ្នក​ទាំង​នោះ​ឲ្យ​អត់ធ្មត់ អធិស្ឋាន ធ្វើ​ជា​គំរូ​ល្អ ស្រឡាញ់ ហើយ​រង់ចាំ​សិន។ ការ​រីកចម្រើន​ត្រូវការ​ពេលវេលា។ ពួកជំនុំ​ជា​មនុស្ស​ដែល​ព្រះជាម្ចាស់​ត្រាស់ហៅ​យើង​ឲ្យ​អត់ទោស​ឲ្យ លើកទឹកចិត្ត បម្រើ ហើយ​ពេលខ្លះ​ដាស់តឿន​ដោយ​ចិត្តសុភាព។ លើសពីនោះទៀត ទ្រង់​ត្រាស់ហៅ​យើង​ឲ្យ​ស្រឡាញ់​ថ្នាក់ថ្នម​ដល់​ពួកគេ។

នៅ​លើ​លោក​នេះ​មិន​មាន​គ្រីស្ទបរិស័ទ​គ្រប់លក្ខណ៍​ទេ ហើយ​ក៏​មិន​មាន​ពួកជំនុំ​ដែល​គ្រប់​លក្ខណ៍​ដែរ។ សូម្បី​តែ​ពួកជំនុំ​ដែល​ល្អ​បំផុត​ក៏​មិនទាន់​គ្រប់​លក្ខណ៍​ដែរ។ ទោះបើ​ពួកជំនុំ​មាន​ការ​ចាត់ចែង​ត្រឹមត្រូវ ការ​អធិប្បាយ​ពេញ​ដោយ​ភាពក្លាហាន ការ​ថ្វាយ​ដោយ​ភាពលះបង់ ការ​បង្រៀន​ត្រឹម​ត្រូវ​តាម​គោលលទ្ធិ​ក៏​ដោយ ក៏​មិន​អាច​ធានា​បាន​ថា ពួកជំនុំ​នឹង​រីកចម្រើន​នោះ​ដែរ។ ប៉ុន្តែ ពួកជំនុំ​អាច​នឹង​មាន​សុខភាពល្អ​ជាង​ស្ថានភាព​បច្ចុប្បន្ន​នេះ។ យើង​នឹង​មិន​ដែល​ទទួល​បាន​ជ័យជម្នះ​ទាំងស្រុង​លើ​អំពើ​បាប​នៅក្នុង​ជីវិត​នេះ​នោះ​ទេ ប៉ុន្តែ​ក្នុង​នាម​ជា​កូន​ដ៏​ពិត​របស់​ព្រះជាម្ចាស់ យើង​នឹង​មិន​ឈប់​តយុទ្ធ​ប្រឆាំង​នឹង​អំពើ​បាប​នោះ​ឡើយ។ ដូចគ្នានេះដែរ ពួកជំនុំ​ក៏​មិន​ត្រូវ​ឈប់​តយុទ្ធ​ដែរ។ គ្រីស្ទបរិស័ទ​គ្រប់រូប ជា​ពិសេស​គ្រូគង្វាល​ និង​អ្នក​ដឹកនាំ​ពួកជំនុំ គួរតែ​ទន្ទឹងរង់ចាំ ហើយ​ខំប្រឹង​ធ្វើការ​ ដើម្បី​នឹង​ឃើញ​ពួកជំនុំ​កាន់តែ​មាន​សុខភាពល្អ។

 

 

 

ជំពូក៨

សញ្ញាសម្គាល់​ដ៏​សំខាន់ៗ​​នៃ​ពួកជំនុំ​ដែល​មាន​សុខភាពល្អ៖

ការ​យល់​ពី​ការ​ក្លាយ​ជា​គ្រីស្ទបរិស័ទ​តាម​ព្រះគម្ពីរ

នៅក្នុង​ការ​ប្រជុំលើក​ដំបូង​របស់​ពួកជំនុំ​ខ្ញុំ​នៅ​ឆ្នាំ​១៨៧៨ ពួកជំនុំ​ខ្ញុំ​បាន​សម្រេច​យក​គោលលទ្ធិ​នៃ​ជំនឿ​មួយ​សម្រាប់​ពួកជំនុំ​របស់​ពួកគេ។ ពួកគេ​បាន​យក​គោលលទ្ធិ​នៃ​ជំនឿ​របស់ ញូវហាំសៀ (New Hampshire Confession of Faith) នៅ​ឆ្នាំ​១៨៣៣ មក​កែសម្រួល​ឲ្យ​វា​កាន់តែ​រឹងមាំ​ជាង​មុន។ មាត្រា​ទី៨ នៃ​គោលលទ្ធិ​នៃ​ជំនឿ​របស់​ពួកគេ​មាន​ដូចតទៅ៖

យើង​ជឿ​ថា ការ​ប្រែចិត្ត​ និង​ជំនឿ​ គឺជា​តួនាទី​ដ៏​បរិសុទ្ធ ហើយ​ជា​ព្រះគុណ​ផង​ដែរ​ដែល​យើង​មិនអាច​បំបែកចេញពី​គ្នា​បាន។ ហើយ​ព្រះវិញ្ញាណបរិសុទ្ធ​នៃ​ព្រះជាម្ចាស់​ដែល​បាន​ធ្វើ​ឲ្យ​យើង​បាន​កើត​ជា​ថ្មី ទ្រង់​បាន​បណ្ដាល​ឲ្យ​យើង​ប្រែចិត្ត ព្រមទាំង​មាន​ជំនឿ។ នៅពេល​នោះ យើង​បាន​ទទួលស្គាល់​ទោសកំហុស ស្ថានភាព​គ្រោះថ្នាក់ និង​ភាពមិនអាច​ជួយ​ខ្លួនឯង​បាន​របស់​យើង។ ហើយ​យើង​ក៏​ទទួលស្គាល់​ថា​សេចក្តី​សង្គ្រោះ​មាន​តែ​នៅក្នុង​ព្រះគ្រីស្ទ​ប៉ុណ្ណោះ។ ដូច្នេះ យើង​បាន​បែរ​ទៅ​រក​ព្រះជាម្ចាស់​ដោយ​ការ​សោកស្តាយ​ពី​កំហុស​របស់​យើង ការ​លន់តួ និង​ការ​ទូល​អង្វរ​សុំ​ក្តី​មេត្តាករុណា​ពី​ទ្រង់ ខណៈពេល​ដែល​យើង​ទទួល​ស្គាល់​ថា ព្រះអម្ចាស់យេស៊ូវគ្រីស្ទ គឺជា​ហោរា ជា​សង្ឃ និង​ជា​សេ្តច​របស់​យើង។ ហើយ​យើង​ក៏​ពឹងផ្អែក​លើ​ទ្រង់​តែ​មួយ​គត់ ដោយ​ជឿជាក់​ថា ទ្រង់​គឺ​ជា​ព្រះសង្គ្រោះ​ដ៏​ពេញលេញ​របស់​យើង។

​ទោះបើ​គោលលទ្ធិ​នៃ​ជំនឿ​នេះ​មាន​អាយុកាល​យូរលង់​ក៏​ដោយ ក៏​សេចក្ដី​ពិត​ពី​ព្រះគម្ពីរ​ក្នុង​ឯកសារ​នេះ​នៅ​តែ​ជា​សេចក្ដី​ពិត​ដដែល។ យើង​អាច​កត់សម្គាល់​ពួកជំនុំ​មួយ​ដែល​មាន​សុខភាពល្អ​បាន តាមរយៈ​ការ​យល់​ពី​ការ​ក្លាយ​ជា​គ្រីស្ទបរិស័ទ​តាម​ព្រះគម្ពីរ។

កិច្ចការ​របស់​យើង

គោលលទ្ធិ​នៃ​ជំនឿ​នេះ​ចាប់ផ្ដើម​ដោយ​ការ​ត្រាស់ហៅ​នៃ​ព្រះគម្ពីរ​ឲ្យ​ប្រែចិត្ត ហើយ​ជឿ។ នៅពេល​ដែល​ព្រះយេស៊ូវ​បាន​ចាប់ផ្ដើម​ព័ន្ធកិច្ច​ដំបូង​របស់​ទ្រង់ ទ្រង់​បាន​បង្គាប់​ថា «ចូរ​ប្រែ​ចិត្ត ហើយ​ជឿ​ដំណឹងល្អ​ចុះ» (ម៉ាកុស ១:១៥)។ និយាយ​ឲ្យ​សាមញ្ញ​ទៅ ការ​ក្លាយ​ជា​គ្រីស្ទបរិស័ទ​គឺ​ស្មើគ្នា​នឹង​ការ​ប្រែចិត្ត ហើយ​ជឿ។

បន្ទាប់មក គោលលទ្ធិ​នៃ​ជំនឿ​នេះ​បាន​ពណ៌នា​បន្ថែម​ទៀត​ពី​លក្ខណៈ​នៃ​ការ​ប្រែចិត្ត និង​ជំនឿ។ គោលលទ្ធិ​នៃ​ជំនឿ​នេះ​រៀបរាប់​ថា យើង «បែរ» ទៅ​រក​ព្រះជាម្ចាស់ ចេញពី​បាប​របស់​យើង យើង «ទទួល» ព្រះគ្រីស្ទ ហើយ​យើង «ពឹងផ្អែក» លើ​ទ្រង់​តែ​មួយ​អង្គ​គត់​ថា ទ្រង់​ជា​ព្រះអង្គ​សង្គ្រោះ​ដ៏​គ្រប់លក្ខណ៍។ នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី មាន​ពេញ​ទៅ​ដោយ​ការ​ពណ៌នា​ពី​មនុស្ស​មាន​បាប​ដែល​គេ​បាន​ចាកចេញ​ពី​បាប​របស់​ខ្លួន ទទួល​ព្រះគ្រីស្ទ ហើយ​ពឹងផ្អែក​លើ​ទ្រង់។ សូម​គិត​ពី​ប្រវត្តិ​លោក លេវី ដែល​ជា​អ្នកយកពន្ធ។ គាត់​បាន​លា​ចេញពី​មុខងារ​ជា​អ្នកយកពន្ធ ដើម្បី​ដើរ​តាម​ព្រះគ្រីស្ទ​វិញ។ ឬ​គិត​អំពី​រឿង​របស់​ស្ត្រី​នៅ​មាត់​អណ្ដូង។ ឬ​គិត​ពី​រឿង​របស់​មេទ័ព​នៃ​ពួក​ទីក្រុង​រ៉ូម។ ឬ​គិត​ពី​រឿង​លោក​ ពេត្រុស លោក យ៉ាកុប និង​លោក យ៉ូហាន។ ឬ​គិត​ពី​លោក សុល ដែល​ជា​អ្នក​បៀតបៀន​គ្រីស្ទបរិស័ទ ហើយ​ក្រោយ​មក​មាន​ឈ្មោះ​ថា ប៉ុល ដែល​បាន​ក្លាយ​ជា​សាវ័ក​ដល់​ពួក​សាសន៍​ដទៃ។ ព្រះគម្ពីរ​សញ្ញាថ្មី​រៀបរាប់​ពី​មនុស្ស​បែបហ្នឹង​ជា​ច្រើន​នាក់​ទៀត។ ពួកគេ​ម្នាក់ៗ​បាន​បែរ​ទៅ​រក​ព្រះយេស៊ូវ ទុកចិត្ត​ទ្រង់ ហើយ​ដើរ​តាម​ទ្រង់។ នោះ​ឯង​ជា​ការ​ក្លាយ​ជា​គ្រីស្ទបរិស័ទ។

ការ​ក្លាយ​ជា​គ្រីស្ទបរិស័ទ​ មិនមែន​ជា​ការ​សូត្រ​គោលជំនឿ ការអធិស្ឋាន ការ​សន្ទនា និង​ការ​ក្លាយ​ជា​ពួក​បស្ចិម​ប្រទេស​នោះ​ទេ។ ហើយ​ការ​ក្លាយ​ជា​គ្រីស្ទបរិស័ទ​ក៏​មិន​មែន​ជា​ការ​ឈាន​ដល់​វ័យ​កំណត់​ណា​មួយ ការ​ចូល​រៀន​នៅ​ថ្នាក់​ណាមួយ ឬ​ការ​ឆ្លងកាត់​នូវ​ពិធី​ផ្សេងៗ​ដើម្បី​ឲ្យ​ក្លាយ​ជា​មនុស្ស​ពេញវ័យ ហើយ​វា​ក៏​មិនមែន​កើត​ឡើង​បន្តិច​ម្ដងៗ​នោះ​ទេ។ ប៉ុន្តែ​ការ​ក្លាយ​ជា​គ្រីស្ទបរិស័ទ​គឺ​ជា​ការ​វិល​បែរ​ជីវិត​ទាំងស្រុង​របស់​យើង​ពី​ការ​ខំ​ប្រឹង​ឲ្យ​បាន​រាប់​ជា​សុចរិត​ដោយ​ខ្លួន​ឯង មក​ឯ​ការ​រាប់​ជា​សុចរិត​តាមរយៈ​ព្រះគ្រីស្ទ ហើយ​វិល​បែរ​ពី​ការ​ត្រួតត្រា​ខ្លួនឯង មក​ឲ្យ​ព្រះជាម្ចាស់​សោយរាជ្យ ហើយនិង​វិល​បែរ​ពី​ការ​ថ្វាយបង្គំ​រូប​ព្រះ មក​ថ្វាយ​បង្គំ​ព្រះជាម្ចាស់​វិញ។

ការ​ក្លាយ​ជា​គ្រីស្ទបរិស័ទ​គឺ​ជា​
កិច្ចការ​ដែល​ព្រះជាម្ចាស់​ធ្វើ​ក្នុង​យើង

ប៉ុន្តែ សូម​កត់សម្គាល់​ពី​ចំណុច​ផ្សេងៗ​ដែល​គោលលទ្ធិ​នៃ​ជំនឿ​នេះ​បាន​លើក​ឡើង​ផង​ដែរ​ពី​ការ​ក្លាយ​ជា​គ្រីស្ទបរិស័ទ។ យើង​បែរ​ទៅ​រក​ព្រះ​ជាម្ចាស់​ដោយ​ព្រោះ «យើង​បាន​ទទួលស្គាល់​ទោស​កំហុស ស្ថានភាព​គ្រោះថ្នាក់ និង​ភាពមិនអាច​ជួយ​ខ្លួនឯង​បាន​របស់​យើង។ ហើយ​យើង​ក៏​ទទួលស្គាល់​ថា​សេចក្តី​សង្គ្រោះ​មាន​តែ​នៅក្នុង​ព្រះគ្រីស្ទ​ប៉ុណ្ណោះ»។ តើ​ការ​នេះ​កើតឡើង​យ៉ាង​ដូចម្តេច? តើ​នរណា​ធ្វើ​ឲ្យ​យើង​ទទួលស្គាល់? គឺជា «​ព្រះវិញ្ញាណបរិសុទ្ធ​នៃ​ព្រះជាម្ចាស់​ដែល​បាន​ធ្វើ​ឲ្យ​យើង​បាន​កើត​ជា​ថ្មី ទ្រង់​បាន​បណ្ដាល​ឲ្យ​យើង​ប្រែចិត្ត ព្រមទាំង​មាន​ជំនឿ»។ គោលលទ្ធិ​នៃ​ជំនឿ​នេះ​ដកស្រង់​ចេញពី​ខ​គម្ពីរ​ពីរ ដើម្បី​គាំទ្រ​គំនិត​នេះ៖

កាល​បាន​ឮ​សេចក្ដី​នោះ​ហើយ នោះ​គេ​បាត់​មាត់ ក៏​ត្រឡប់​ជា​សរសើរ​ដល់​ព្រះ​វិញ​ថា «ដូច្នេះ ព្រះ​ទ្រង់​ក៏​ប្រោស​ប្រទាន​ការ​ប្រែ​ចិត្ត​ដល់​ពួក​សាសន៍​ដទៃ ឲ្យ​គេ​មាន​ជីវិត​ដែរ​ហ្ន៎»។ (កិច្ចការ​ ១១:១៨)

ដ្បិត​គឺ​ដោយ​ព្រះ​គុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ​ដោយ​សារ​សេចក្ដី​ជំនឿ ហើយ​សេចក្ដី​នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ។ (អេភេសូរ ២:៨)

ប្រសិនបើ​យើង​យល់​ថា យើង​ក្លាយ​ជា​គ្រីស្ទបរិស័ទ​បាន​ដោយ​ខ្លួនឯង មិនមែន​ព្រះជាម្ចាស់​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​យើង​ជា​គ្រីស្ទបរិស័ទ​នោះ​ទេ នោះ​យើង​យល់​ពី​ការ​ក្លាយ​ជា​គ្រីស្ទបរិស័ទ​ខុស​ហើយ។ ប្រាកដណាស់ ការ​ក្លាយ​ជា​គ្រីស្ទបរិស័ទ ត្រូវ​បូករួម​ជាមួយនឹង​សកម្មភាព​របស់​យើង​ក្នុង​នោះ​ដែរ ដូច​ដែល​យើង​បាន​ពិភាក្សា​រួចហើយ។ ប៉ុន្តែ ការ​ក្លាយ​ជា​គ្រីស្ទបរិស័ទ គឺ​លើស​ពី​នោះ​ទៅ​ទៀត។ ព្រះគម្ពីរ​បង្រៀន​ថា យើង​ត្រូវ​តែ​ទទួល​ចិត្ត​ថ្មី និង​គំនិត​ថ្មី​ពី​ព្រះជាម្ចាស់ ហើយ​វិញ្ញាណ​របស់​យើង​ក៏​ត្រូវ​ទទួល​ជីវិត​ពី​ទ្រង់​ផងដែរ។ យើង​មិន​អាច​ធ្វើ​ការ​ទាំង​នេះ​បាន​ដោយ​ខ្លួនឯង​នោះ​ទេ។ ការ​ផ្លាស់ប្រែ​ដែល​មនុស្ស​គ្រប់រូប​ត្រូវការ​ គឺ​ការ​ផ្លាស់​ប្រែ​ដ៏​ធំ​ក្រៃលែង​ដែល​មាន​តែ​ព្រះជាម្ចាស់​មួយ​អង្គ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​វា​បាន។ ទ្រង់​ជា​អង្គ​ដែល​បាន​បង្កើត​យើង​លើក​ដំបូង ដូច្នេះ​មាន​តែ​ទ្រង់​ទេ​ដែល​អាច​បង្កើត​យើង​ជា​ថ្មី​ម្ដងទៀត​បាន។ ទ្រង់​បាន​ប្រទាន​កំណើត​ពី​ធម្មជាតិ​ដល់​យើង ដូច្នេះ​មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ដែល​អាច​ប្រទាន​កំណើត​ថ្មី​ដល់​យើង​បាន។ យើង​ត្រូវការ​ព្រះជាម្ចាស់​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​គ្រីស្ទបរិស័ទ។

លោក​គ្រូអធិប្បាយ​ម្នាក់​នៅ​សតវត្សរ៍​ទី​១៩ ដែល​មាន​ឈ្មោះ​ថា ឆាល ស្ពើរជិន (Charles Spurgeon) បាន​និទាន​រឿង​មួយ​ពី​ការ​ដែល​គាត់​កំពុង​តែ​ដើរ​តាម​ផ្លូវ​មួយ​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ (London) ហើយ​នៅ​ពេល​នោះ​មាន​បុរស​ស្រវឹង​ស្រា​ម្នាក់​ដើរ​មក​ជិត​គាត់ ហើយ​ផ្អែក​លើ​បង្គោល​ភ្លើង​ក្បែរ​នោះ បន្ទាប់មក​គាត់​បាន​និយាយ​ថា «នែ៎! លោក ស្ពើរជិន ខ្ញុំ​ជា​ម្នាក់​ដែល​លោក​បាន​នាំ​ឲ្យ​ក្លាយ​ជា​គ្រីស្ទបរិស័ទ!»។

លោក ស្ពើរ​ជិន បាន​ឆ្លើយ​តប​ថា «ប្រាកដណាស់ លោក​ជា​អ្នក​ជឿ​តាម​ខ្ញុំ​មែន ពីព្រោះ​មើល​ទៅ​លោក​មិនមែន​ជា​អ្នកជឿ​តាម​ព្រះអម្ចាស់​នោះ​ទេ!»។

ផលផ្លែ​ល្អ​ និង​មិន​ល្អ

នៅពេល​ដែល​ពួកជំនុំ​យល់​ខុស​ពី​សេចក្តី​បង្រៀន​របស់​ព្រះគម្ពីរ​ ស្តី​ពី​ការ​ក្លាយ​ជា​គ្រីស្ទបរិស័ទ នោះ​ពួកជំនុំ​ងាយ​នឹង​មាន​សមាជិក​ដែល​រាប់​ខ្លួន​ថា ជា​អ្នក​ដែល​បាន​ថ្វាយខ្លួន ប៉ុន្តែ​អ្នក​ទាំងនោះ​មិន​មាន​ការ​ផ្លាស់​ប្រែ​ដ៏​ជាក់លាក់​ដូច​ដែល​ព្រះគម្ពីរ​បាន​ចែង​ពី​ការ​ក្លាយ​ជា​គ្រីស្ទបរិស័ទ​ដ៏​ពិត​នោះ​ទេ។

នៅ​ពេល​មនុស្ស​ក្លាយ​ជា​គ្រីស្ទបរិស័ទ​ពិតប្រាកដ នោះ​អ្នក​ខ្លះ​មាន​បទពិសោធន៍​ពុះកញ្ជ្រោល​ខាង​ឯ​អារម្មណ៍ ប៉ុន្តែ​អ្នក​ខ្លះ​អត់​មាន​នោះ​ទេ។ ប៉ុន្តែ អ្វី​ដែល​ចាំបាច់​នោះ​គឺ ការ​មាន​ផលផ្លែ​ជា​ភស្តុតាង។ តើ​ជីវិត​របស់​ពួកជំនុំ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភស្តុតាង​នៃ​ការ​ផ្លាស់​ប្រែ​ដែរ​ឬ​ទេ? ម្យ៉ាងទៀត តើ​ពួកគេ​កំពុងតែ​ព្យាយាម​ដោះ​និស្ស័យ​ចាស់​ចេញ ហើយ​ពាក់​និស្ស័យ​ថ្មី​មក​វិញ​ដែរ​ឬ​ទេ? តើ​សមាជិក​ពួកជំនុំ​បំណង​នឹង​ប្រឆាំង​ទាស់​នឹង​បាប​របស់​ពួកគេ​ទេ ទោះបើ​ពួកគេ​នៅតែ​ចំពប់​ដួល​ក៏​ដោយ​នោះ? តើ​ពួកគេ​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​ថ្មី​ក្នុង​ការ​ប្រកប​ជាមួយនឹង​គ្រីស្ទបរិស័ទ​ដទៃ​ទៀត​ដែរ​ឬ​ទេ? ហើយ​តើ​ពួកគេ​បង្ហាញ​នូវ​គោលបំណង​ថ្មី​ក្នុង​ការ​ចំណាយ​ពេល​ជាមួយនឹង​អ្នកមិនជឿ​ដែរ​ឬទេ? តើ​ពួកគេ​កំពុងតែ​ចាប់ផ្តើម​ឆ្លើយតប​ទៅ​នឹង​ការ​ល្បងល និង​ការ​ប្រឈមមុខ​ផ្សេងៗ​ដែល​ខុសប្លែក​ពី​របៀប​ដែល​ពួកគេ​ធ្លាប់​ធ្វើ​ កាល​ដែល​ពួកគេ​មិនទាន់​ជា​អ្នកជឿ​ដែរ​ឬ​ទេ?

នៅ​ពេល​ដែល​ពួកជំនុំ​យល់​បាន​ត្រឹមត្រូវ​ពី​ការ​ក្លាយ​ជា​គ្រីស្ទបរិស័ទ​ នោះ​ពួកគេ​នឹង​បង្ហាញ​វា​ឲ្យ​ឃើញ​មិន​គ្រាន់​តែ​នៅក្នុង​សេចក្តី​អធិប្បាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​នឹង​បង្ហាញ​វា​ឲ្យ​ឃើញ​នៅក្នុង​សេចក្តី​តម្រូវ​របស់​ពួកជំនុំ​សម្រាប់​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​លៀង​ព្រះអម្ចាស់​ទៀត​ផង។ ពួកជំនុំ​នឹង​កាន់តែ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ពិធី​ទាំង​ពីរ​នេះ។ គ្រូគង្វាល​នឹង​មិន​ទទួល​សម្ពាធ​ក្នុង​ការ​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក​ដល់​អ្នក​ដែល​ចង់​ទទួល​ពិធី​ជ្រមុជ​ទឹក​យ៉ាង​ឆាប់​រហ័ស និង​ដោយ​គ្មាន​ការ​ពិនិត្យ​ពិច័យ​នោះ​ឡើយ។

នៅ​ពេល​ដែល​ពួកជំនុំ​យល់​បាន​ត្រឹមត្រូវ​ពី​ការ​ក្លាយ​ជា​គ្រីស្ទបរិស័ទ​ នោះ​វា​នឹង​មាន​ឥទ្ធិពល​ទៅ​លើ​ក្តី​រំពឹង​របស់​ពួកគេ​ចំពោះ​សមាជិកភាព។ ពួកគេ​នឹង​មិន​អនុញ្ញាត​មនុស្ស​ថ្មីៗ​មក​ធ្វើ​ជា​សមាជិក​ភ្លាមៗ​នោះ​ទេ។ ប៉ុន្តែ​ ពួកជំនុំ​ប្រហែល​នឹង​បើក​ឲ្យ​ពួកគេ​ចូលរៀន​ថ្នាក់​សមាជិក​ថ្មី ហើយ​តម្រូវ​ឲ្យ​ពួកគេ​ចែកចាយ​ពី​ទីបន្ទាល់​របស់​ខ្លួន ព្រមទាំង​ពន្យល់​ពី​ដំណឹងល្អ​ជា​ដើម។

នៅ​ពេល​ ដែល​ពួកជំនុំ​យល់​បាន​ត្រឹមត្រូវ​ពី​ ការ​ក្លាយ​ជា​គ្រីស្ទបរិស័ទ​ នោះ​ពួកគេ​នឹង​រាប់​អំពើបាប​របស់​សមាជិក​ថា ជា​រឿង​ធ្ងន់ធ្ងរ។ ពួកគេ​ជួយ​កែ​តម្រង់​គ្នា​ពេល​នរណា​ម្នាក់​ធ្វើ​ខុស លើកទឹកចិត្ត​គ្នា និង​ស្តី​បន្ទោស​គ្នា​ម្តង​ម្កាល។ ចំពោះ​ពួកគេ​ នេះ​មិន​មាន​អ្វី​ប្លែក​នោះ​ទេ តែ​ជា​គឺជា​រឿង​ធម្មតា​វិញ។ ពួកគេ​នឹង​អនុវត្ត​វិន័យ​ពួកជំនុំ ហើយ​យើង​នឹង​ពិចារណា​លើ​ការ​នេះ​នៅ​ក្នុង​ជំពូក​១២។

ការ​យល់​ពី​អ្វី​ដែល​ព្រះគម្ពីរ​បង្រៀន​ពី​ការ​ក្លាយ​ជា​គ្រីស្ទបរិស័ទ គឺជា​សញ្ញាសម្គាល់​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​សញ្ញាសម្គាល់​ជា​ច្រើន​ទៀត​នៃ​ពួកជំនុំ​ដែល​មាន​សុខភាពល្អ។