ជំពូក​៤

របៀប​បង្ហាញ​ពី​ចរិតលក្ខណៈ​របស់​ព្រះជាម្ចាស់

ខ្ញុំ​សូម​សារភាព​ថា ខ្ញុំ​មិន​ពូកែ​ខាង​កិច្ចការ​នៅក្នុង​ផ្ទះ​នោះ​ទេ សូម្បីតែ​ការ​ធ្វើ​ធ្នើរ​ដាក់​សៀវភៅ ការ​ត​ខ្សែ​ធុងបាស និង​ការ​ស្វែង​យល់​ពី​ប៊ូតុង​ទូរស័ព្ទ​លើ​តុ​របស់​ខ្ញុំ​ថា​តើ វា​មាន​ដំណើរការ​យ៉ាងម៉េច​នោះ ក៏​មិន​ចេះ​ដែរ។ សូម្បីតែ​កូនសៀវភៅ​ណែនាំ​ពី​របៀប​ប្រើប្រាស់​ភាគច្រើន ក៏​ខ្ញុំ​យល់​ថា​វា​មិន​ជួយ​អ្វី​ដល់​ខ្ញុំ​ប៉ុន្មាន​នោះដែរ។ ជារឿយៗ ខ្ញុំ​ត្រូវ​សុំ​ជំនួយ​ពី​សមាជិក​គ្រួសារ​របស់​ខ្ញុំ និង​មិត្ត​ភក្តិ​ខ្ញុំ​ឲ្យ​ជួយ​ធ្វើ​កិច្ចការ​ដូច​នេះ​នៅក្នុង​ផ្ទះ​ខ្ញុំ។

ខ្ញុំ​អរគុណ​ដល់​ព្រះជាម្ចាស់​ដែល​ទោះបី​ខ្ញុំ​មិន​សូវ​ពូកែ​ក៏​វា​មិន​មែន​ជា​ឧបសគ្គ​ដល់​ខ្ញុំ​ក្នុង​ការ​ធ្វើ​តាម​សៀវភៅ​ណែនាំ​ដ៏​សំខាន់​ជាងគេ​គឺព្រះគម្ពីរ​នោះ​ទេ។ ហើយ​ព្រះគម្ពីរ​បាន​ចែង​យ៉ាង​ច្បាស់លាស់​ពី​របៀប​ដែល​ពួកជំនុំ​គួរ​បង្ហាញពី​ចរិតលក្ខណៈ​ដ៏​ឧត្តម​របស់​ព្រះជាម្ចាស់។ គោលការ​ណ៍​គ្រឹះ​នៅ​ត្រង់​នេះ​សំខាន់​ណាស់៖ យើង​ត្រូវតែ​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ហើយ​យើង​ត្រូវ​ប្រតិបត្តិ​តាម​ព្រះបន្ទូល​នោះ។ គោលការ​ណ៍​នេះ​មាន​តែ​ពីរ​ចំណុច​ប៉ុណ្ណោះ​គឺ ស្តាប់​ហើយ​ប្រតិបត្តិ​តាម។

យើង​បង្ហាញ​ឲ្យ​គេ​ឃើញ​នូវ​ចរិតលក្ខណៈ និង​សិរីល្អ​របស់​ព្រះជាម្ចាស់​តាមរយៈ​ការ​ស្តាប់ និង​ការ​ប្រតិបត្តិ​តាម​ព្រះបន្ទូល​របស់​ទ្រង់។ ការ​ដែល​យើង​ធ្វើ​បែប​នេះ គឺ​ដូច​គ្នា​ទៅ​នឹង​តួនាទី​របស់​រាជទូត​ស្តេច ក៏​ដូច​ជា​កូន​ល្អ​អញ្ចឹង​ដែរ។

សូម​ស្រមៃ​ពី​កូន​ម្នាក់​ដែល​ឪពុក​របស់​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឆ្ងាយ ហើយ​បន្ទាប់មក​ឪពុក​នោះ​បាន​សរសេរ​សំបុត្រ​បួន​ប្រាំ​ច្បាប់​ផ្ញើ​មក​ដល់​គាត់ ដោយ​បង្គាប់​កូន​គាត់​ពី​របៀប​ដែល​គាត់​ត្រូវ​បន្ត​ត្រកូល​គ្រួសារ និង​របៀប​ដែល​គាត់​ត្រូវ​ធ្វើ​មុខ​ជំនួញ​គ្រួសារ។ ប៉ុន្តែ​ឧបមា​ថា កូន​នោះ​មិន​ដែល​អាន​សំបុត្រ​ឪពុក​របស់​គាត់​សោះ។ តើ​កូន​នោះ​អាច​នឹង​ចេះ​ធ្វើ​ជា​តំណាង​ឪពុក​ និង​តំណាង​ជា​អ្នកជំនួញ​របស់​ឪពុក​បាន​យ៉ាងដូចម្ដេច? គាត់​មិន​អាច​ធ្វើ​តំណាង​បាន​ទេ។ ដូចគ្នានេះដែរ ពួកជំនុំ​តាម​តំបន់​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ក៏​នឹង​មិន​អាច​ធ្វើ​ជា​តំណាង​របស់​ទ្រង់​បាន​ដែរ។

មនុស្ស​​ពីរ​​ប្រភេទ

ចាប់តាំងពី​ព្រះជាម្ចាស់​បាន​បណ្តេញ​លោក អ័ដាម ​ចេញ​ពី​សួនច្បារ​អេដែន​ដោយ​ព្រោះ​គាត់​មិន​បាន​ប្រតិបត្តិ​តាម​ព្រះបន្ទូល​របស់​ទ្រង់​មក មនុស្ស​បាន​បែកខ្ញែក​ជា​ពីរ​ក្រុម គឺ​ក្រុម​ដែល​ប្រតិបត្តិ​តាម​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ និង​ក្រុម​ដែល​មិន​ប្រតិបត្តិ​តាម។ លោក ណូអេ បាន​ប្រតិបត្តិ​តាម ប៉ុន្តែ​ពួក​ដែល​ជា​អ្នក​សង់​ក្រុង​បាបិល​មិន​បាន​ប្រតិបត្តិ​តាម​ទេ។ លោក អ័ប្រាហាំ បាន​ប្រតិបត្តិ​តាម ប៉ុន្តែ​ស្តេច​ផារ៉ោន​មិន​បាន​ប្រតិបត្តិ​តាម​ទេ។ ស្តេច ដាវីឌ បាន​ប្រតិបត្តិ​តាម ប៉ុន្តែ​កូនៗ​របស់​ទ្រង់​ភាគច្រើន​មិន​បាន​ប្រតិបត្តិ​តាម​ទេ។ លោក សាខេ បាន​ប្រតិបត្តិ​តាម ប៉ុន្តែ​លោក ពីឡាត់ មិនបាន​ប្រតិបត្តិ​តាម​ទេ។ លោក ប៉ុល បាន​ប្រតិបត្តិ​តាម ប៉ុន្តែ​ពួក​អ្នក​ដែល​តាំង​ខ្លួន​ជា​មហា​សាវ័ក​មិន​បាន​ប្រតិបត្តិ​តាម​ទេ។

យើង​អាច​មើល​ឧទាហរណ៍​ជាច្រើន​ទៀត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពួកជំនុំ។ លោកគ្រូ អាថានេហ្សឺស៍ (Athanasius) បាន​ប្រតិបត្តិ​តាម​ព្រះបន្ទូល ប៉ុន្តែ​លោកគ្រូ អេរីអឺស៍​ (Arius) មិន​បាន​ប្រតិបត្តិ​តាម​នោះ​ទេ។ លោកគ្រូ លូសើរ (Luther) បាន​ប្រតិបត្តិ​តាម ប៉ុន្តែ​ពួក​កាតូលិក​ទីក្រុង​រ៉ូម (Rome) មិន​បាន​ប្រតិបត្តិ​តាម​នោះ​ទេ។ លោកគ្រូ ម៉េឆិន (Machen) បាន​ប្រតិបត្តិ​តាម ប៉ុន្តែ​លោកគ្រូ​ហ្វូសឌិក (Fosdick) មិន​បាន​ប្រតិបត្តិ​តាម​នោះ​ទេ។

ខ្ញុំ​មិន​ប្រាកដ​ថា ខ្ញុំ​អាច​មើលឃើញ​ចិត្ត​របស់​អស់​លោក​ដែល​ខ្ញុំ​បាន​ដកស្រង់​ឈ្មោះ​ពួកគាត់​ចេញពី​ប្រវត្តិសាស្ត្រ​ច្បាស់​ដូចជា​ព្រះជាម្ចាស់​ទត​ឃើញ​នោះ​ទេ។ ប៉ុន្តែ​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ព្រះគម្ពីរ​ពិតជា​ បាន​បង្ហាញ​ឲ្យ​យើង​ថា អ្វី​ដែល​ញែក​រាស្ត្រ​របស់​ព្រះជាម្ចាស់​ពី​គ្រូ​ក្លែងក្លាយ​ និង​អ្នកមិនជឿ​គឺ រាស្ត្រ​របស់​ព្រះជាម្ចាស់​ស្តាប់​ព្រះបន្ទូល​ទ្រង់​ហើយ​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​នោះ។ ឯ​អ្នក​ផ្សេង​ទៀត​គេ​មិន​ធ្វើ​ដូច​នោះ​ទេ។

នេះ​ហើយ​ជា​អ្វី​ដែល​លោក ម៉ូសេ បាន​ព្យាយាម​បង្រៀន​យ៉ាង​អស់​ពីចិត្ត​ដល់​សាសន៍​អ៊ីស្រាអែល​នៅក្នុង​កណ្ឌ​ចោទិយកថា នៅ​ពេល​ដែល​លោក​ឈរ​នៅ​ក្បែរ​ទឹកដី​សន្យា​ ជាមួយ​ពួកគេ​ជា​លើក​ទី​ពីរ។ លោក​ចាប់ផ្ដើមប្រាប់​ពួកគេ​ថា លោក​បាន​ឈរ​នៅ​ក្បែរ​ទឹកដី​សន្យា​នេះ​ ជាមួយ​ឪពុកម្ដាយ​ពួកគេ​​កាល​ពី​៤០​ឆ្នាំ​មុន ប៉ុន្តែ​ឪពុកម្តាយ​របស់​ពួកគេ​មិន​បាន​ស្ដាប់បង្គាប់​នោះ​ទេ ហេតុដូច្នេះហើយ​បានជា​ព្រះជាម្ចាស់​ដាក់​បណ្តាសា​ដល់​ឪពុក​ម្ដាយ​របស់​ពួកគេ​ឲ្យ​ស្លាប់​នៅ​ក្នុង​ទី​រហោស្ថាន។ យើង​អាច​សង្ខេប​សុន្ទរកថា​បី​ដែល​លោក ​ម៉ូសេ បាន​និយាយ​ជិត​៣០​ជំពូក​យ៉ាង​សាមញ្ញ​ដូចនេះ៖ «ចូរ​ស្តាប់! ចូរ​ឮ! ចូរ​កត់​ចុះ! សូម​ចងចាំ​នូវ​អ្វី​ដែល​ព្រះជាម្ចាស់​បាន​មាន​ព្រះបន្ទូល។ ទ្រង់​ជា​អ្នក​ដែល​បាន​រំដោះ​ឯង​ចេញពី​ចំណង​នៅ​ស្រុក​អេស៊ីព្ទ! ហេតុដូច្នេះ​ហើយ ឯង​ត្រូវ​ស្ដាប់​ទ្រង់»។ នៅក្នុង​កណ្ឌ​ចោទិយកថា ៣០:១៩ លោក ម៉ូសេ បាន​សង្ខេប​នូវ​អ្វី​ដែល​គាត់​បាន​និយាយ​ដោយ​សង្កត់​ធ្ងន់​ទៅ​លើ​បញ្ញត្តិ​មួយ​នេះ៖ «ដូច្នេះ​ចូរ​រើស​យក​ជីវិត​ចុះ»។

រាស្ត្រ​របស់​ព្រះជាម្ចាស់​នឹង​រក​ឃើញ​ជីវិត​តាមរយៈ​ការ​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ និង​ការ​ប្រតិបត្តិ​តាម​ព្រះបន្ទូល​នោះ​តែ​ប៉ុណ្ណោះ។ របៀប​នៃ​ការ​រក​ជីវិត វា​សាមញ្ញ​ណាស់។

ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​សម្រាប់​ពួកជំនុំ​នៅ​សញ្ញាថ្មី មិន​ខុស​គ្នា​ពី​អ្វី​ដែល​លោក ម៉ូសេ បាន​និយាយ​ទៅ​កាន់​ពួក​អ៊ីស្រាអែល​នោះ​ទេ។ ទ្រង់​សង្គ្រោះ​យើង​ចេញពី​ចំណង​នៃ​បាប​ និង​សេចក្តី​ស្លាប់​នៅពេល​ដែល​យើង​ស្តាប់​ព្រះបន្ទូល​របស់​ទ្រង់ ហើយ​ទទួល​ជឿ​ទ្រង់ ( រ៉ូម ១០:១៧)។ ឥឡូវ យើង​ត្រូវ​ស្តាប់​ព្រះបន្ទូល​របស់​ទ្រង់ ហើយ​ប្រតិបត្តិ​តាម។ ការ​ដែល​យើង​ស្ដាប់ ហើយ​ប្រតិបត្តិ​តាម​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ នោះ​មាន​ន័យ​ថា យើង​កាន់តែ​ឆ្លុះបញ្ចាំង​ពី​ចរិតលក្ខណៈ និង​សិរីល្អ​របស់​ទ្រង់។

ប្រហែលជា​មាន​មនុស្ស​មួយ​ចំនួន​ជំទាស់​ថា «ការ​នោះ​ស្តាប់​ទៅ​ដូចជា​យើង​គិត​តែ​ពី​ខ្លួនឯង។ តើ​ព្រះជាម្ចាស់​មិន​មែន​ត្រាស់ហៅ​ពួកជំនុំ​ឲ្យ​គិត​ពី​អ្នកដទៃ ដូចជា​ការ​ចេញ​ទៅ​ធ្វើ​បេសកកម្ម​ទេ​ឬ​អី? ឬ​ផ្ដោត​ទៅ​លើ​ការ​ផ្សាយ​ដំណឹងល្អ​ទេ​ឬអី?»។ ពិត​ប្រាកដ​ណាស់ ព្រះជាម្ចាស់​បាន​ត្រាស់ហៅ​ពួកជំនុំ​ឲ្យ​ធ្វើ​កិច្ច​ការ​ទាំង​នេះ។ នេះ​ជា​ចំណែក​មួយ​នៃ​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ ចរិតលក្ខណៈ​របស់​ព្រះជាម្ចាស់។ ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ថា «ចូរ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​អ្នក​នេសាទ​មនុស្ស​វិញ» (ម៉ាថាយ ៤:១៩ គកស)។ ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ស្រដៀង​គ្នា​នេះ​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ព្រះគម្ពីរ​ថា «ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​ព្រះវរបិតា​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ» (យ៉ូហាន ២០:២១)។ នៅពេល​ដែល​យើង​ធ្វើ​បេសកកម្ម ហើយ​ផ្សាយ​ដំណឹងល្អ ព្រមទាំង​ធ្វើ​កិច្ចការ​សម្រាប់​នគរ​ព្រះ នោះ​មាន​ន័យ​ថា យើង​កំពុង​យក​តម្រាប់​តាម​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដូច​ដែល​កណ្ឌ​ម៉ាថាយ ៤:១៩; យ៉ូហាន ២០:២១ និង​បទគម្ពីរ​ជា​ច្រើន​ទៀត​បាន​លើក​ឡើង។ យើង​មិន​មែន​ធ្វើ​បេសកកម្ម ផ្សាយ​ដំណឹងល្អ ឬ​ធ្វើ​កិច្ចការ​សម្រាប់​នគរ​ព្រះ​ដោយ​សារ​តែ​ពួក​បណ្ឌិត​ទេវវិទ្យា​មួយ​ចំនួន​បាន​គិត​ពី​ការ​ទាំង​នេះ​ឡើង​នោះ​ទេ។ ហើយ​យើង​ក៏​មិនមែន​ធ្វើ​បេសកកម្ម ផ្សាយដំណឹងល្អ ឬ​ធ្វើ​កិច្ចការ​សម្រាប់​នគរ​ព្រះ​ដោយសារ​តែ​យើង​ទាំងអស់​គ្នា​ឯកភាព​ថា ការ​ទាំង​នេះ​ជា​គំនិត​ល្អ​មួយ​នោះ​ដែរ។ ប៉ុន្តែ​ យើង​ធ្វើ​បេសកកម្មផ្សាយ​ដំណឹងល្អ​ ហើយ​ធ្វើ​កិច្ចការ​ខាង​ឯ​នគរ​ព្រះជាម្ចាស់ ដោយសារតែ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​បាន​បង្គាប់​់​ឲ្យ​យើង​ធ្វើ​កិច្ចការ​ទាំងនេះ។

តាមពិតទៅ យើង​មិន​គួរ​បែងចែក​ប្រវត្តិសាស្ត្រ​នៅ​ត្រឹម​តែ​ចន្លោះ​រវាង​អ្នក​ដែល​ផ្សាយ​ដំណឹងល្អ និង​អ្នក​ដែល​មិន​ផ្សាយ​ដំណឹងល្អ​នោះ​ទេ។ នោះ​មិនមែន​ជា​លក្ខណៈ​ចម្បង​ របស់​ពួកជំនុំ​ទេ។ យើង​បែងចែក​មនុស្ស​ជា​ពីរ​ក្រុម គឺ​អ្នក​ដែល​ស្ដាប់​ព្រះជាម្ចាស់ និង​អ្នក​មិន​ស្ដាប់​ព្រះជាម្ចាស់។

ហេតុដូច្នេះ​ហើយ​បាន​ជា​លោក ម៉ាថាយ បាន​ប្រាប់​ពី​អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ទៅ​កាន់​សាតាំង​ថា មនុស្ស​រស់​ដោយសារ «គ្រប់​ទាំង​ព្រះបន្ទូល ដែល​ចេញពី​ព្រះ​ឱស្ឋ​ព្រះ​មក​ដែរ» (ម៉ាថាយ ៤:៤)។ ហើយ​គាត់​ក៏​បាន​ប្រាប់​ពី​ព្រះបន្ទូល​ចុងក្រោយ​ដែល​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​កាន់​សិស្ស​របស់​ទ្រង់ គឺ​ឲ្យ​ពួកគេ​ទៅ​បង្កើត​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍​ដោយ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ពួកគេ​ព្រមទាំង «បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី​ ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង» (ម៉ាថាយ ២៨:២០)។

ហេតុដូច្នេះ​ហើយ​បាន​ជា​លោក ម៉ាកុស បាន​ប្រាប់​ពី​រឿង​ប្រៀបប្រដូច​របស់​ព្រះយេស៊ូវ​ស្តី​អំពី​គ្រាប់​ពូជ​ដែល​បាន​ដាំ​នៅ​លើ​ដី​បួន​ប្រភេទ​ខុសៗ​គ្នា។ នេះ​ជា​រឿង​ប្រៀបប្រដូច​មួយ​អំពី​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ (ម៉ាកុស ៤)។ អ្នក​ខ្លះ​នឹង​ទទួល​ព្រះបន្ទូល ហើយ​អ្នក​ខ្លះ​ទៀត​នឹង​មិន​ទទួល​ទេ។

ហេតុដូច្នេះ​ហើយ​បាន​ជា​លោក លូកា បាន​រាប់​ខ្លួន​លោក​ថា​ជា​សាក្សី​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក និង​ជា​អ្នកបម្រើ​ព្រះបន្ទូល (លូកា ១:២)។ មូលហេតុ​នេះ​ហើយ​បាន​ជា​លោក​ប្រាប់​ពី​សេចក្តី​សន្យា​របស់​ព្រះយេស៊ូវ​ថា៖ «មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្ដាប់​ព្រះបន្ទូល ហើយ​ប្រព្រឹត្តិតាម» (លូកា ១១:២៨ គកស)។

ហេតុដូច្នេះ​ហើយ​បាន​ជា​លោក យ៉ូហាន បាន​ប្រាប់​ពី​ព្រះបន្ទូល​ចុងក្រោយ​របស់​ព្រះយេស៊ូវ​ទៅកាន់​លោក ពេត្រុស ដោយ​ទ្រង់​មាន​ព្រះបន្ទូល​ដដែលៗ​បី​ដង​ថា «ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​ខ្ញុំ​ស៊ី​ផង» (យ៉ូហាន ២១:១៥-១៧)។ តើ​អ្វី​ជា​ចំណី​របស់​ពួកគេ? ចំណី​របស់​ពួកគេ​គឺជា​ព្រះបន្ទូល​នៃ​ព្រះជាម្ចាស់។

ហេតុដូច្នេះ​ហើយ​បាន​ជា នៅពេល​ដែល​ពួកជំនុំ​ដំបូង​ក្នុង​កណ្ឌ​កិច្ចការ​បាន​ប្រជុំ​គ្នា នោះ​ពួកគេ «ក៏​នៅ​តែ​ព្យាយាម​ក្នុង​សេចក្តី​បង្រៀន​របស់​ពួក​សាវ័ក ហើយ​ក្នុង​សេចក្តី​ប្រកប​គ្នា ព្រម​ទាំង​ការ​កាច់​នំបុ័ង និង​សេចក្តី​អធិស្ឋាន​ផង» (កិច្ចការ​ ២:៤២)។

ហេតុដូច្នេះ​ហើយ​បាន​ជា​លោក ប៉ុល បាន​ប្រាប់​ដល់​ពួកជំនុំ​ទីក្រុង​រ៉ូមថា៖ «ជំនឿ​កើត​ឡើង​ដោយ​សេចក្ដី​ដែល​បាន​ឮ ហើយ​សេចក្តី​ដែល​បាន​ឮ​នោះ គឺ​ដោយសារ​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ» ( រ៉ូម ១០:១៧ គកស)។

ហេតុដូច្នេះ​ហើយ​បាន​ជា​លោក​ប្រាប់​ដល់​ពួកជំនុំ​កូរិនថូស​ថា «ដំណឹង​ពី​ឈើឆ្កាង» ជា «ព្រះ​ចេស្ដា​នៃ​ព្រះ» ដល់​យើង​ដែល​កំពុងតែ​បាន​សង្គ្រោះ (១កូរិនថូស ១:១៨) ដ្បិត «ព្រះអង្គ​សព្វព្រះ​ហឫទ័យ​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ ដោយសារ​សេចក្ដី​ល្ងីល្ងើ​ដែល​យើង​ប្រកាស​នោះ​វិញ» (១កូរិនថូស ១:២១ គកស)។ ហេតុដូច្នេះហើយ​បានជា ក្រោយមក​លោក​បាន​ប្រាប់​ដល់​ពួកជំនុំ​ដដែល​នោះ​ថា លោក​មិន​បាន «រក​ចំណេញ​ពី​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ទេ» ក៏​មិន​បាន «បំភ្លៃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ឡើយ» ប៉ុន្តែ​លោក «និយាយ​ដោយ​អស់ពី​ចិត្ដ» សម្រាប់​ជា​ប្រយោជន៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​ពួកគេ (២កូរិនថូស ២:១៧; ៤:២)។

ហេតុដូច្នេះ​ហើយ​បាន​ជា​លោក​ប្រាប់​ដល់​ពួកជំនុំ​នៅ​ស្រុក​កាឡាទី​ថា «បើ​អ្នកណា​ប្រាប់​ដំណឹង​ណា ខុស​អំពី​ដំណឹងល្អ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ហើយ នោះ​ឲ្យ​គេ​ត្រូវ​បណ្ដាសា​ចុះ» (កាឡាទី ១:៩)។

ហេតុដូច្នេះ​ហើយ​បាន​ជា​លោក ប៉ុល ប្រាប់​ដល់​ពួកជំនុំ​ទីក្រុង​អេភេសូរ​ថា «នៅក្នុង​ព្រះអង្គ អ្នករាល់គ្នា​ក៏​បាន​ឮ​ព្រះបន្ទូល​នៃ​សេចក្ដី​ពិត​ដែរ គឺជា​ដំណឹងល្អ​អំពី​សេចក្ដី​សង្គ្រោះ​សម្រាប់​អ្នក​រាល់គ្នា» (អេភេសូរ ១:១៣ គគខ)។ លោក​ក៏​បាន​ប្រាប់​ពួកគេ​ផង​ដែរ​ថា​ព្រះជាម្ចាស់៖ «បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​ធ្វើ​ជា​សាវ័ក អ្នក​ខ្លះ​ជា​ហោរា អ្នក​ខ្លះ​ជា​អ្នក​ផ្សាយ​ដំណឹងល្អ អ្នក​ខ្លះ​ជា​គ្រូគង្វាល ហើយ​អ្នក​ខ្លះ​ជា​គ្រូបង្រៀន ដើម្បី​នាំ​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់លក្ខណ៍​សម្រាប់​កិច្ចការ​បម្រើ ហើយ​ស្អាង​ព្រះកាយ​របស់​ព្រះគ្រីស្ទ​ឡើង រហូត​ដល់​យើង​ទាំង​អស់​គ្នា​បាន​រួបរួម​នៅ​ក្នុង​ជំនឿ ហើយ​បាន​ស្គាល់​ព្រះរាជបុត្រា​របស់​ព្រះ ទៅ​ជា​មនុស្ស​ពេញវ័យ និង​ដល់​ខ្នាត​កម្ពស់​នៃ​សេចក្តី​ពោរពេញ​របស់​ព្រះគ្រីស្ទ» (អេភេសូរ ៤:១១-១៣ គកស)។

ហេតុដូច្នេះ​ហើយ​បាន​ជា​លោក​ប្រាប់​ដល់​ពួកជំនុំ​ក្រុង​ភីលីព​ថា ដោយសារ​តែ​ចំណង​របស់​លោក៖ «បងប្អូន​ភាគច្រើន​ដែល​មាន​ការ​ជឿជាក់​ក្នុង​ព្រះអម្ចាស់​ដោយសារ​ចំណង​របស់​ខ្ញុំ គេ​ហ៊ាន​ផ្សាយ​ព្រះបន្ទូល​កាន់តែ​ខ្លាំង​ឡើង ដោយ​ឥតភ័យខ្លាច» (ភីលីព ១:១៤ គកស)។

ហេតុដូច្នេះ​ហើយ​បាន​ជា​លោក​ប្រាប់​ដល់​ពួកជំនុំ​ក្រុង​កូល៉ុស​ថា៖ «ចូរ​ឲ្យ​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ​សណ្ឋិត​នៅ​ក្នុង​អ្នករាល់គ្នា​ជា​បរិបូរ។ ចូរ​បង្រៀន ហើយ​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង» (កូល៉ុស ៣:១៦ គកស)។

ហេតុដូច្នេះ​ហើយ​ បាន​ជា​លោក​ប្រាប់​ដល់​ ពួកជំនុំ​ក្រុង​ថែស្សាឡូនីច​ថា៖ «យើង​អរព្រះគុណ​ព្រះជាម្ចាស់​ឥត​ឈប់​ឈរ ដោយ​ព្រោះ​ពេល​ដែល​អ្នករាល់គ្នា​បាន​ទទួល​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ដែល​យើង​បាន​ប្រកាស អ្នករាល់គ្នា​មិន​បាន​ទទួល​ទុកជា​ពាក្យ​របស់​មនុស្ស​ទេ ផ្ទុយទៅវិញ​ទុកជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ពិតប្រាកដ​មែន ដែល​ធ្វើការ​នៅក្នុង​អ្នករាល់គ្នា​ដែល​ជឿ» (១ថែស្សាឡូនីច ២:១៣ គគខ)។ ហេតុដូច្នេះ​ហើយ​បាន​ជា​ក្រោយមក​ទៀត លោក​បាន​ទូន្មាន​ពួកគេ​ថា៖ «ដូច្នេះ បងប្អូន​អើយ! ចូរ​ឈរ​ឲ្យ​មាំមួន ហើយ​កាន់​តាម​សេចក្ដី​ដែល​យើង​បាន​បង្រៀន​អ្នករាល់គ្នា​ចុះ ទោះបី​ដោយ​ពាក្យ​សំដី ឬ​សំបុត្រ​ក្ដី។» (២ថែស្សាឡូនីច ២:១៥ គគខ)។

ហេតុដូច្នេះ​ហើយ​បាន​ជា​លោក ប៉ុល ប្រាប់​ដល់​លោក ធីម៉ូថេ ដែល​ជា​សិស្ស​របស់​លោក​ថា អ្នក​ត្រួតត្រា (ចាស់ទុំ) ដែល​លោក​ជ្រើសរើស​សម្រាប់​ពួកជំនុំ​ត្រូវតែ «ប្រសប់​នឹង​ការ​បង្រៀន» ហើយ​ជា​មួយ​គ្នា​នោះ​ដែរ អ្នក​ជំនួយ​ដែល​បម្រើ​នៅ​ក្នុង​ពួកជំនុំ​របស់​លោក «ត្រូវ​ជា​អ្នក​កាន់​តាម​សេចក្តី​អាថ៌កំបាំង របស់​ជំនឿ ដោយ​បញ្ញា​ចិត្ត​ដ៏​ស្អាត» (១ធីម៉ូថេ ៣:២, ៩)។ នៅក្នុង​សំបុត្រ​បន្ទាប់​ទៀត​លោក ប៉ុល បាន​ប្រាប់​ដល់​លោក ធីម៉ូថេ ថា ការ​ងារ​របស់​លោក​គឺ​ត្រូវ​ផ្ដោត​លើ​ចំណុច​ស្នូល​នេះ៖

ចូរ​ប្រកាស​ព្រះបន្ទូល ហើយ​ខិតខំ​ប្រកាស​មិន​ថា ត្រូវពេល ឬ​ខុសពេល​ឡើយ ចូរ​ទូន្មាន ស្តី​បន្ទោស លើកទឹកចិត្ត និង​បង្រៀន​ដោយ​សេចក្តី​អត់ធ្មត់​គ្រប់បែបយ៉ាង ដ្បិត​នឹង​មាន​គ្រា​មួយ​ដែល​ពួកគេ​លែង​ស្ដាប់​សេចក្ដី​បង្រៀន​ត្រឹមត្រូវ​ទៀត​ហើយ ផ្ទុយទៅវិញ ពួកគេ​នឹង​ប្រមូល​គ្រូ​ជា​ច្រើន​សម្រាប់​ខ្លួនឯង​ទៅតាម​សេចក្តី​ប៉ងប្រាថ្នា ដើម្បី​ឲ្យ​និយាយ​អ្វី​ដែល​ត្រចៀក​របស់​ពួកគេ​រមាស់​ចង់​ស្ដាប់ ពួកគេ​នឹង​បែរ​ត្រចៀក​ចេញពី​សេចក្ដី​ពិត រួច​បែរ​ទៅ​ស្ដាប់​រឿងព្រេង​វិញ។ (២ធីម៉ូថេ ៤:២-៤ គគខ)

ហេតុដូច្នេះ​ហើយ​បាន​ជា​លោក​អរសប្បាយ​ជាមួយនឹង​លោក ទីតុស ដោយសារ​ព្រះជាម្ចាស់​បាន «សម្ដែង​ចេញ​ឲ្យ​ស្គាល់​ព្រះ​បន្ទូល ដោយ​ការ​ប្រកាស​ប្រាប់​ដែល​ផ្ញើទុក​នឹង​ខ្ញុំ (ប៉ុល) តាម​បង្គាប់​របស់​ព្រះ​ជា​ព្រះសង្គ្រោះ​នៃ​យើង» (ទីតុស ១:៣ គកស)។

ហេតុដូច្នេះ​ហើយ​បាន​ជា​លោក ប៉ុល លើក​ទឹកចិត្ត​លោក ភីលេម៉ូន ឲ្យ​សកម្ម​ក្នុង​ការ​ចែកចាយ «ជំនឿ» របស់​លោក។ ពាក្យ «ជំនឿ» នេះ​មិន​សំដៅ​ទៅ​លើ​ស្ថានភាព​ដែល​ប្រែប្រួល​ទៅតាម​អារម្មណ៍​នោះ​ទេ តែ​សំដៅ​លើ​សំណុំ​នៃ​គោលជំនឿ​ដ៏​ជាក់លាក់ (ភីលេម៉ូន ១:៦)។

ហេតុដូច្នេះ​ហើយ​បាន​ជា​អ្នកនិពន្ធ​កណ្ឌ​ហេព្រើរ​បាន​ព្រមាន​ថា «ដ្បិត​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​មាន​ជីវិត មាន​អំណាច ហើយ​មុត​ជាង​ដាវ​មុខ​ពីរ​ដែល​ចាក់​ទម្លុះ​រហូត​ដល់​កាត់​ព្រលឹង និង​វិញ្ញាណ ព្រមទាំង​សន្លាក់​ឆ្អឹង និង​ខួរឆ្អឹង​ឲ្យ​ដាច់​ចេញពី​គ្នា រួច​វិនិច្ឆ័យ​ទាំង​គំនិត និង​បំណង​ចិត្ត​ទៀត​ផង» (ហេព្រើរ ៤:១២ គគខ)។

ហេតុដូច្នេះ​ហើយ​បាន​ជា​លោក យ៉ាកុប រំឭក​មិត្ត​អ្នក​អាន​របស់​លោក​ថា ព្រះជាម្ចាស់ «ទ្រង់​បាន​បង្កើត​យើង​រាល់​គ្នា​មក​តាម​ព្រះ​ហឫទ័យ​ទ្រង់ ដោយសារ​ព្រះបន្ទូល​ដ៏​ពិត» ហើយ «ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្ដាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​នោះ​ឡើយ» (យ៉ាកុប ១:១៨, ២២)។

ហេតុដូច្នេះ​ហើយ​បាន​ជា​លោក ពេត្រុស រំឭក​ដល់​ពួក​បរិសុទ្ធ​ដែល​បាន​ខ្ចាត់ខ្ចាយ​ទៅ​តាម​តំបន់​ជាច្រើន​ថា «ព្រះ​បាន​បង្កើត​អ្នករាល់គ្នា​ជា​ថ្មី មិនមែន​ពី​ពូជ​ដែល​តែងតែ​ពុករលួយ​នោះ​ទេ គឺ​ពី​ពូជ​ដែល​មិន​ចេះ​ពុករលួយ​វិញ ជា​ព្រះបន្ទូល​របស់​ព្រះ​ដែល​រស់នៅ ហើយ​ស្ថិតស្ថេរ» (១ពេត្រុស ១:២៣ គកស) ហើយ​លោក​ក៏​បាន​រំឭក​ផង​ដែរ​ថា «ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ នោះ​នៅ​ជាប់​អស់កល្ប​ជានិច្ច​វិញ» (១ពេត្រុស ១:២៥)។ អញ្ចឹង​ហើយ​បាន​ជា​លោក​និយាយ​នៅ​ក្នុង​សំបុត្រ​ទី​ពីរ​របស់​លោក​ផង​ដែរ​ថា «គ្មាន​ពាក្យ​ទំនាយ​ណា​ក្នុង​គម្ពីរ ដែល​ស្រាយ​បាន​តាម​តែ​ចិត្ត​នោះ​ឡើយ ដ្បិត​សេចក្តី​ទំនាយ​មិន​ដែល​មក ដោយ​បំណង​ចិត្ត​មនុស្ស​ទេ គឺ​ជា​មនុស្ស​បរិសុទ្ធ​របស់​ព្រះ ដែល​បាន​ទាយ ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ​ទ្រង់​បណ្តាល​វិញ» (២ពេត្រុស ១:២០-២១)។

ហេតុដូច្នេះ​ហើយ​បាន​ជា​លោក យ៉ូហាន បាន​សរសេរ​ថា «តែ​អ្នកណា​ដែល​កាន់​តាម​ព្រះបន្ទូល​ទ្រង់​វិញ នោះ​ប្រាកដ​ជា​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​បាន​ពេញ​ខ្នាត នៅ​ក្នុង​អ្នក​នោះ​ហើយ គឺ​ដោយ​សេចក្ដី​នោះ​ឯង ដែល​យើង​ដឹង​ថា យើង​នៅ​ក្នុង​ទ្រង់ អ្នក​ណា​ដែល​ថា​ខ្លួន​នៅ​ក្នុង​ទ្រង់ នោះ​ត្រូវ​តែ​ប្រព្រឹត្ត​ដូច​ជា​ទ្រង់​ដែរ» (១យ៉ូហាន ២:៥-៦)។ ហេតុដូច្នេះ​ហើយ​បាន​ជា​លោក​សរសេរ​ថា «នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់ គឺ​យើង​ត្រូវ​ប្រព្រឹត្ត​តាម​បញ្ញត្តិ​របស់​ព្រះអង្គ» (២យ៉ូហាន ១:៦ គគខ)។ ហេតុដូច្នេះ​ហើយ​បាន​ជា​លោក​ប្រកាស​ថា «គ្មាន​សេចក្ដី​ណា​ដែល​នាំ​ឲ្យ​ខ្ញុំ​អរសប្បាយ លើស​ជាង​សេចក្ដី​នេះ​ទេ គឺ​ដែល​ឮ​និយាយ​ថា ពួក​កូន​ខ្ញុំ​កំពុង​តែ​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​នោះ​ឯង» (៣យ៉ូហាន ១:៤)។

ហេតុដូច្នេះ​ហើយ​បាន​ជា​លោក យូដាស បាន​សរសេរ​ស្ទើរតែ​ពេញ​មួយ​សំបុត្រ​របស់​លោក ដើម្បី​នឹង​ដាស់តឿន​ដល់​អ្នក​អាន​សំបុត្រ​របស់​លោក​ឲ្យ​ចេះ​ប្រុងប្រយ័ត្ន ហើយ​ហ៊ាន​ទាស់​នឹង​គ្រូ​ក្លែងក្លាយ (យូដាស ១:៤-១៦)។ លោក​ថែម​ទាំង​សន្យា​ថា ព្រះ​ជាម្ចាស់​នឹង​យាង​មក «ដើម្បី​ជំនុំជម្រះ​មនុស្ស​ទាំងអស់ ហើយ​រំឭក​មនុស្ស​ទមិឡ​ល្មើស​ទាំង​ប៉ុន្មាន​ឲ្យ​ដឹង​ខ្លួន ពី​គ្រប់​ទាំង​អំពើ​ទមិឡ​ល្មើស​ដែល​គេ​បាន​ប្រព្រឹត្ត តាម​របៀប​ទមិឡ​ល្មើស និង​ពី​អស់​ទាំង​សេចក្ដី​អាក្រក់ ដែល​មនុស្ស​ទមិឡ​ល្មើស​មាន​បាប​ទាំងនោះ បាន​ពោល​ទាស់​នឹង​ព្រះអង្គ» (យូដាស ១:១៥ គកស)។

ហេតុដូច្នេះ​ហើយ​បាន​ជា​លោក យ៉ូហាន កោតសរសើរ​ពួកជំនុំ​ទីក្រុង​ភីឡាដិលភា​នៅក្នុង​កណ្ឌ​វិវរណៈថា «អញ​ស្គាល់​ការ​ដែល​ឯង​ធ្វើ​ហើយ...​ទោះ​បើ​ឯង​មាន​អំណាច​តែ​បន្តិច​ក៏​ដោយ គង់​តែ​បាន​កាន់​តាម​ពាក្យ​អញ​ដែរ ហើយ​មិន​បាន​លះ​បង់​ឈ្មោះ​អញ​ទេ» (វិវរណៈ ៣:៨)។

* * *

មិត្ត​អើយ! ពួកជំនុំ​មាន​ជីវិត​ដោយសារ​ពួកគេ​ស្តាប់​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់។ ពួកគេ​អាច​បំពេញ​គោលបំណង​របស់​ព្រះ​ជាម្ចាស់​បាន តាមរយៈ​ការ​អនុវត្ត និង​ការ​បង្ហាញ​ពី​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​នៅក្នុង​ជីវិត​របស់​ពួកគេ។ កិច្ចការ​របស់​ពួកជំនុំ​គឺ​ស្តាប់ ហើយ​ធ្វើ​តាម​ព្រះបន្ទូល តែ​ប៉ុណ្ណឹង​ឯង។ ការ​ដែល​ពួកជំនុំ​ព្យាយាម​ស្វែង​យល់​ពី​វិធី​ដើម្បី​ឲ្យ​ «ទាន់​សម័យ» ឬ​មាន​ «យុទ្ធសាស្ត្រ​ល្អ» ឬ​ «យល់​ចិត្ត​អ្នក​ដទៃ» ឬ​ក៏​គិត​យ៉ាង​ហ្មត់ចត់ មិនមែន​ជា​ផលលំបាក​ចម្បង​ដែល​ពួកជំនុំ​បច្ចុប្បន្ន​នេះ​ប្រឈមមុខ​នោះ​ទេ។ តែ​ផលលំបាក​ចម្បង​គឺ ការ​ស្មោះត្រង់​ទៅ​នឹង​ព្រះបន្ទូល ដោយ​ត្រូវ​ស្តាប់ ទុកចិត្ត ហើយ​ប្រតិបត្តិ​តាម​ព្រះបន្ទូល​នោះ​ឯង។

នៅក្នុង​ន័យ​នេះ យើង​ប្រៀប​ដូចជា​សាសន៍​អ៊ីស្រាអែល​ដែល​កំពុង​ត្រៀម​ខ្លួន​នឹង​ចូល​ទឹកដី​សន្យា។ ព្រះជាម្ចាស់​កំពុង​តែ​មាន​ព្រះបន្ទូល​មកកាន់​យើង​ថា «ពួកជំនុំ​អើយ! ចូរ​ស្តាប់ ហើយ​ប្រព្រឹត្ត​តាម​ចុះ!» ប៉ុន្តែ​យើង​បាន​ទទួល​អ្វី​ដែល​ពិសេស​ជាង​សាសន៍​យូដា ដោយសារ​យើង​បាន​ទទួល​ការ​បើកសម្ដែង​ពី​ព្រះជាម្ចាស់​យ៉ាង​ពេញលេញ​នៅក្នុង​អង្គ​ព្រះយេស៊ូវគ្រីស្ទ ហើយ​យើង​មាន​ព្រះវិញ្ញាណ​នៃ​ព្រះរាជបុត្រា​ទ្រង់ ដែល​នេះ​គឺ​ជា​ការ​បោះត្រា និង​ជា​សេចក្តី​សន្យា​ពី​សេចក្តី​សង្គ្រោះ​សម្រាប់​យើង។

ចូរ​បន្ត​ស្តាប់

សរុបមក រឿង​ទាំង​អស់​នេះ​ជា​មូលហេតុ​ដែល​យើង​ចង់​បន្ត​ស្តាប់​នៅពេល​ដែល​យើង​បន្ត​ទៅ​ប៉ុន្មាន​ជំពូក​ចុងក្រោយ​នៃ​សៀវភៅ​នេះ។ តើ​មាន​អ្វី​ទៀត​ដែល​ព្រះជាម្ចាស់​សព្វព្រះ​ហឫទ័យ​បង្រៀន​យើង​នៅក្នុង​ព្រះបន្ទូល​ទ្រង់​ទាក់ទង​នឹង​ពួកជំនុំ​ដែល​មាន​សុខភាពល្អ? ខ្ញុំ​សង្ឃឹម​ថា សញ្ញា​សម្គាល់​ប្រាំបួន​យ៉ាង​នៃ​ពួកជំនុំ​ដែល​មាន​សុខភាពល្អ​ដែល​យើង​នឹង​ពិភាក្សា​ឥឡូវនេះ មិនមែន​គ្រាន់តែ​ខ្ញុំ​ដែល​មាន​គំនិត​ដូច​នេះ​នោះ​ទេ ប៉ុន្តែ​ជា​គំនិត​ដែល​ស្របតាម​ព្រះគម្ពីរ។ ទាំងនេះ​គឺ​គ្រាន់តែ​ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្ញុំ ដើម្បី​នឹង​ដាស់តឿន​យើង​ទាំងអស់​គ្នា​ឲ្យ​បន្ត​ស្តាប់​តទៅទៀត។ សូម​មើល​តារាង​មាតិកា​ឡើងវិញ នោះ​លោកអ្នក​នឹង​ឃើញ​ពី​គោលបំណង​ខ្ញុំ​ក្នុង​ការ​ត្រាប់តាម​ព្រះគម្ពីរ៖ សេចក្តី​អធិប្បាយ​តាម​អត្ថន័យ​ព្រះគម្ពីរ​ ទេវវិទ្យា​តាម​ព្រះគម្ពីរ ការ​យល់​ពី​ដំណឹងល្អ​តាម​ព្រះគម្ពីរ ការ​យល់​ពី​ការ​ប្រែចិត្ត​ជឿ​លើ​ព្រះយេស៊ូវ​តាម​ព្រះគម្ពីរ ការ​យល់​ពី​សមាជិកភាព​ពួកជំនុំ​តាម​ព្រះគម្ពីរ ការ​ដាក់​វិន័យ​ពួកជំនុំ​តាម​ព្រះគម្ពីរ ។ល។

ទោះបី​លោកអ្នក​មិន​ឯកភាព​នឹង​អ្វី​ដែល​ខ្ញុំ​នឹង​និយាយ​នៅក្នុង​ជំពូក​តទៅ​ទៀត​នេះ​ក៏​ដោយ ក៏​ខ្ញុំ​សង្ឃឹម​ថា មូលហេតុ​ដែល​លោកអ្នក​មិន​ឯកភាព​គឺ​ដោយសារតែ​លោកអ្នក​គិត​ថា ខ្ញុំ​និយាយ​ខុស​ពី​ព្រះគម្ពីរ។ ឬ​និយាយ​មួយ​បែប​ទៀត ខ្ញុំ​សង្ឃឹម​ថា​លោកអ្នក​នឹង​យក​គំនិត​តាម​ព្រះគម្ពីរ ក្នុង​ការ​គិត​ពី​អ្វី​ដែល​ពួកជំនុំ​ក្នុង​តំបន់​គួរ​​ធ្វើ និង​ពី​លក្ខណៈ​ដែល​ពួកជំនុំ​គួរ​មាន។

គំនិត​ជំនួយ​ខ្លះៗ៖
ប្រសិនបើ​លោកអ្នក​មាន​គំនិត​
ចង់​ផ្លាស់ប្ដូរ​ពួកជំនុំ...

មុន​ពេល​ដែល​លោកអ្នក​សម្រេច​ចិត្ត​ផ្លាស់ប្ដូរ​ពួកជំនុំ៖

១. សូម​អធិស្ឋាន។

២. សូម​អនុញ្ញាត​ឲ្យ​គ្រូគង្វាល​របស់​លោកអ្នក​ដឹង​ពី​គំនិត​របស់​លោកអ្នក មុន​ពេល​ដែល​លោកអ្នក​ផ្លាស់​ប្តូរ​ទៅ​ពួកជំនុំ​មួយ​ផ្សេង​ទៀត ឬ​មុន​ពេល​ដែល​លោកអ្នក​សម្រេច​ចិត្ត​ថា​នឹង​ផ្លាស់​ប្តូរ​ទីលំនៅ​ទៅ​ទីក្រុង ឬ​ខេត្ត​មួយ​ផ្សេង​ទៀត រួច​មក​សុំ​យោបល់​ពី​គាត់។

៣. សូម​ថ្លឹងថ្លែង​ដោយ​គិត​ពី​មូលហេតុ​ពិតប្រាកដ​របស់​លោកអ្នក។ តើ​បំណង​ចិត្ត​របស់​លោកអ្នក​ក្នុង​ការ​ផ្លាស់​ប្តូរ​នោះ​ដោយសារ​តែ មាន​ជម្លោះ​ជាមួយ​នឹង​អ្នក​ឯ​ទៀត ឬ​ដោយសារ​តែ​ការ​ខកចិត្ត​នឹង​អ្វី​មួយ? ប្រសិនបើ​លោកអ្នក​ចង់​ផ្លាស់​ប្តូរ​ដោយសារ​តែ​សេចក្តី​បង្រៀន​ក្នុង​ពួកជំនុំ​ខុស​ពី​អ្វី​ដែល​លោកអ្នក​ជឿ តើ​សេចក្តី​បង្រៀន​ទាំង​នោះ​ខុស​ខ្លាំង ឬ​ក៏​ខុស​តែ​បន្តិចបន្តួច​?

៤. សូម​ផ្សះផ្សា​ទំនាក់ទំនង​ដែល​ប្រេះស្រាំ ដោយ​ប្រើ​គ្រប់​សន្តិវិធី​ដែល​លោកអ្នក​អាច​ធ្វើ​បាន។

 

៥. សូម​ពិចារណា​ពី​របៀប​ដែល​ព្រះជាម្ចាស់​កំពុងតែ​ធ្វើ​ការ​នៅ​ក្នុង​ពួកជំនុំ​របស់​លោកអ្នក ដែល​ជា​ភស្តុតាង​នៃ​​ព្រះគុណ​​ទ្រង់។ ប្រសិនបើ​លោកអ្នក​មិន​ឃើញ​មាន​ភស្តុតាង​ពី​ព្រះគុណ​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ពួកជំនុំ​ទេ នោះ​លោកអ្នក​គួរ​ពិនិត្យ​មើល​ចិត្ត​គំនិត​របស់​លោកអ្នក​ម្តង​ទៀត (ម៉ាថាយ ៧:៣-៥)។

៦. សូម​បន្ទាប​ខ្លួន! សូម​ទទួលស្គាល់​ថា លោកអ្នក​មិន​មាន​ព័ត៌មាន​គ្រប់​ចំណុច​នោះ​ទេ ហើយ​សូម​វាយ​តម្លៃ​មនុស្ស និង​ស្ថានភាព​ដោយ​សេចក្ដី​ស្រឡាញ់ (កុំ​ស្មាន​ថា​ពួកគេ​​មាន​ចេតនា​អាក្រក់​ចំពោះ​លោកអ្នក)។

ប្រសិនបើ​លោកអ្នក​ចេញ​ទៅ

១. សូម​កុំ​បំបែក​បំបាក់​ពួកជំនុំ។

២. សូម​ប្រយ័ត្ន​ កុំ​ផ្សព្វផ្សាយ​ភាព​មិន​ពេញចិត្ត​របស់​លោកអ្នក​នោះ​ឡើយ សូម្បី​តែ​ក្នុង​ចំណោម​មិត្តភក្ដិ​ជិតស្និទ្ធ​របស់​លោកអ្នក​ក៏​ដោយ។ សូម​កុំ​បង្កើត​ឲ្យ​មាន​ឧបសគ្គ​ណា​មួយ​មក​រារាំង​ការ​រីកចម្រើន​ខាងឯវិញ្ញាណ​នៅ​ក្នុង​ពួកជំនុំ​ឡើយ។ សូម​កុំ​និយាយ​ដើម​គេ​ឲ្យ​សោះ។

៣. សូម​អធិស្ឋាន ហើយ​ឲ្យ​ពរ​ដល់​ពួកជំនុំ និង​អ្នកដឹកនាំ។ សូម​រក​ឱកាស​ជាក់លាក់ ដើម្បី​ធ្វើ​ការ​នេះ​តាម​ដែល​អាច​ធ្វើ​បាន។

៤. ប្រសិនបើ​លោកអ្នក​ទទួល​ការ​ឈឺចាប់ នោះ​ចូរ​លោកអ្នក​អត់ទោស ដូចជា​ព្រះជាម្ចាស់​បាន​អត់ទោស​ដល់​លោកអ្នក​ដែរ។